សុភវត្តី
សុភវត្តី | |||||
---|---|---|---|---|---|
ព្រះនាង | |||||
ស្វាមី/មហេសី | បទុមរាជា | ||||
បុត្រ | ពញាជ័យ ពញាសួស | ||||
| |||||
បិតា | ជេដ្ឋាជ័យ | ||||
មាតា | មាលាវត្តី | ||||
ប្រសូត | មហានគរ | ||||
សុគត | មហានគរ នគរគោកធ្លក |
ព្រះនាងសុភវត្តី ទ្រង់ជាបុត្ររបស់ព្រះបាទជេដ្ឋាជ័យ និងត្រូវជាមហេសីនៃព្រះបទុមរាជា។ ចំណែកពង្សាវតារវត្ដទឹកវិល បានសរសេរថាព្រះជេដ្ឋាជ័យ បានរៀបអភិសេកជាមួយនឹងប្អូនបង្កើតព្រះអង្គព្រះនាមតារាវត្តី ដែលព្រះអង្គបានថ្វាយឋានៈជាព្រះអគ្គមហេសី ជាមួយនឹងព្រះអគ្គមហេសីនេះ ព្រះជេដ្ឋាជ័យបានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម បទុមរាជា ដែលប្រសូតក្នុងឆ្នាំរោង ហើយជាមួយនិងព្រះម្នាងមាលាវត្ដីបានព្រះរាជបុត្រីមួយព្រះនាម សុភវត្ដី ដែលប្រសូតក្នុងឆ្នាំឆ្លូវ។
ប្រវត្តិ
[កែប្រែ]ព្រះបទុមរាជា បើតាមពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គត្រូវជាព្រះរាជបុត្រព្រះជេដ្ឋាជ័យ ព្រះមហាក្សត្រខ្មែរទី១៤។ ព្រះអង្គបានប្រសូតក្នុងឆ្នាំរោងព.ស ១០៧៦ ត្រូវជាម.ស៤៥៤ និងត្រូវជាគ.ស ៥៣៣។ ព្រះអង្គជាបងរបស់ព្រះស័ង្ខចក្រ ឬស្ដេចគំលង់ ព្រះមហាក្សត្រទី១៥ ក្នុងឆ្នាំម្សាញ់ព.ស ១០៧៧ ម.ស ៤៥៦ ត្រូវជាគ.ស ៥៣៤ ជាមួយនឹងអ្នកម្នាងមាលាវត្តី ព្រះបាទជេដ្ឋាជ័យបានបុត្រីមួយអង្គព្រះនាមសុភវត្តី។ តែបើពង្សាវតារសម្ដេចវាំងជួនវិញ ព្រះបទុមកុមារត្រូវជាបុត្រច្បងរបស់ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី១៦ ហើយត្រូវជាបងរបស់ស្ដេចពញាក្រែក ឬព្រហ្មកិល និងព្រះបាទបក្សីចាំក្រុង។ ព្រះអង្គប្រសូតក្នុងឆ្នាំឆ្លូវ។ អាយុបាន ២១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ដោយតប់ប្រមល់ មិនអាចរស់នៅក្នុងព្រះបរមរាជវាំងតទៅទៀតកើត ព្រះបទុមរាជាសុំឪពុកទៅសាងផ្នួសបួសជាសង្ឃនៅឯភ្នំគូលែន។ រីព្រះនាងសុភវត្ដីកាលបានអាយុ១៦ឆ្នាំ ថ្ងៃមួយបានសុំសេចក្ដីអនុញ្ញាតពីព្រះបិតា ដើម្បីធ្វើដំណើរទៅក្រសាលកំសាន្ដលេងតាមមាត់សមុទ្រ។ នៅពេលដែលនាងកំពុងតែដើរប្រពាតព្រៃ ចៃដន្យអ្វី ស្រាប់តែមានខ្យល់ព្យុះសង្ឃរាបក់បោក និងភ្លៀងបង្អុរមកយ៉ាងខ្លាំងក្លា ចំនួនបីថ្ងៃបីយប់ ធ្វើឲ្យព្រះនាងវង្វេងផ្លូវ ក្នុងព្រៃភ្នំរកទិសទីចេញមិនរួច។ ព្រះមហាក្សត្រជាឪពុក និងម្ដាយបានឲ្យនាម៉ឺនមន្ដ្រីសេនា ប្រជាជននាំគ្នាកាប់ឆ្ការព្រៃ ដើររុករាវរកគ្រប់ច្រកល្ហក រហូតដល់សមុទ្រ តែនៅតែរកមិនឃើញ។ កន្លែងព្រៃភ្នំដែលព្រះមហាក្សត្រនិងពលទាហានដើររកព្រះនាង សុភវត្តី បានជាប់ឈ្មោះភ្នំជ្រាវ រៀងរហូតមកដល់សព្វថ្ងៃ។ បីខែកន្លងមក ដោយរកកូនមិនឃើញ និងដោយក្ដីអស់សង្ឃឹមព្រះបាទជេដ្ឋាជ័យ ក៏ដាច់ចិត្ដនាំមុខមន្ដ្រីពលរេហ៍ត្រលប់ចូលព្រះរាជធានីវិញ។
ចំណែកព្រះនាងសុភវត្តី ព្រះនាងវង្វេងវង្វាន់ លែងដឹងទិសតំបន់អ្វីទាំងអស់ ក្នុងព្រៃជ្រៅស្ងាត់ជ្រងំភ្នំជ្រាវ។ នាងរសាត់អណ្ដែត ភ័យព្រួយកំសត់វេទនាតែម្នាក់ឯង គ្មានទិសដៅ និងគ្មានទីពឹងពំនាក់។ ដោយស្រេកឃ្លានខ្លាំងពេក ព្រះនាងបានលូកដៃទៅក្បង់ទឹកដក់ក្នុងដានជើងដំរីយកមកសោយចំអែតកាយ តែនេះជាទឹកនោមដំរីស។ មិនយូរប៉ុន្មាន អស្ចារ្យណាស់ ព្រះនាងសុភវត្តីចាប់ផ្ដើមទ្រង់គភ៌។ នាកាលសម័យនោះ ព្រះនាងបានទទួលការទំនុកបំរុងជួយយកអាសាអំពីសំណាក់អ្នកស្រុកអ្នក ភូមិភ្នំជ្រាវ ដែលបានសង់សំណាក់មួយថ្វាយទុកគ្រាន់នឹងសំរាកជ្រកកោនសំណាក់នៅ។ កន្លែងសំណាក់នោះជាប់ឈ្មោះ គោកព្រះរាជមន្ទីរ រហូតមកដល់បច្ចុប្បន្ន។ ក្នុងឆ្នាំថោះ ព្រះនាងសុភវត្តីប្រសូតបានព្រះរាជបុត្រមួយព្រះអង្គ ដែលព្រះនាងដាក់ឈ្មោះឲ្យថាពញាជ័យ។ បើតាមពង្សាវតារវត្ដទឹកវិលដដែល នៅឆ្នាំមមែ កាលនោះ ព្រះនាងបានជន្ម៦៥វស្សា ហើយពញាជ័យបានអាយុ៤៩ឆ្នាំ ទាំងពីរនាក់ម្ដាយ និងកូននាំគ្នាមករស់នៅក្នុងម្ដុំផ្សារ នាជើងភ្នំរូង ឬភ្នំប្រសិទ្ធិ។ ដើម្បីចិញ្ចឹមជីវិត ពញាជ័យបានតាក់តែងបង្កើតឲ្យមានជាល្បែងលេងសើច និងប្រគំវង់ភ្លេងតន្ដ្រី។
រី ព្រះបទុមរាជា ឬបទុមកុមារ ដែលទៅសាងផ្នួសនៅភ្នំគូលែន បើតាមពង្សាវតារសម្ដេចវាំងជួន បាននិមន្ដមកគង់នៅភ្នំខ្ជោល (ស្ថិតនៅខេត្ដកំពង់ឆ្នាំង ជិតជួរភ្នំក្រវាញ)។ ថ្ងៃមួយដែលព្រះអង្គកំពុងតែស្មឹងស្មាធិ៍ភាវនាធម៌តាំងសីល ព្រះអង្គស្ដាប់សូរសត្វនិយាយជជែកគ្នាថា “គួរឲ្យអាណិតព្រះសង្ឃអង្គនេះណាស់ ព្រះអង្គគ្មានប្រពន្ធកូន សំរាប់បន្ដពូជពង្សវង្សត្រកូលតទៅអនាគត ដូចគេឯងឯទៀតឡើយ។ សូម្បីព្រះពុទ្ធអង្គបរមគ្រូ ម៉្លេះក៏មានមហេសី និងកូនដែរ មុននឹងសាងព្រះផ្នួស” (ត្រង់កន្លែងនេះដូចជាឈុតមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលឥសីបានជប់ភរិយាដោយសារតែលឺសត្វចចារដល់ឥសីហើយដែលភរិយារបស់ឥសីកើតបានជា សុគ្រីព ពាលី ត្រូវជាកូនព្រះឥន្ទ និងព្រះព្រហ្ម ហើយ នាងស្វាហាយ ជាកូនឥសី)។ ស្ដាប់យល់ឃើញថា សត្វនិយាយត្រឹមត្រូវចំល្អ ព្រះបទុមរាជា ក៏សឹកចាកសិក្ខាបទ ហើយចាកចេញធ្វើដំណើរទៅរកគូស្រកររៀបចំយកព្រះនាងសុភវត្តីជាមហេសី (បើតាមព្រះរាជពង្សាវតារខេម្មរឡេកឱង្ការរបស់គណៈកម្មការមួយទៀត តែងតាំងដោយព្រះបាទនរោត្ដម ក្នុងគ.ស ១៩០៣ ព្រះសង្ឃដែលបានមកយកព្រះនាងសុភវត្តីធ្វើជាភរិយាត្រូវជាសិស្ស ព្រះសង្ឃធុតង្គនៅភ្នំខ្ជោល)។ ត្រង់នេះពង្សារតារវត្ដទឹកវិលបានបញ្ជាក់ថា ទេវតាបានបំបាំងខ្លួន ចុះមកនិយាយប្រាប់ឲ្យព្រះបទុមរាជាលាចាកសិក្ខាបទ ហើយត្រូវរៀបការជាមួយនឹងព្រះនាងសុភវត្តី ដើម្បីបន្ដពូជពង្សនៅអនាគត (ដូច្នេះ បើតាមពង្សាវតារវត្តទឹកវិល ព្រះបទុមរាជា និងព្រះនាងសុភវត្តី ត្រូវជាបងប្អូនបង្កើត។ បើតាមពង្សាវតារសម្ដេចវាំងជួន ព្រះនាងសុភវត្តីត្រូវជាម្ដាយមីងបង្កើតរបស់ព្រះបុទមរាជា)។ កាលណាបំពេញសកម្មភាពមានកូនចៅហើយ នោះទើបព្រះអង្គអាចយាងត្រលប់មកសាងផ្នួសវិញបាន។ ស្ដាប់ចងចាំគ្រប់អស់សេចក្ដី ព្រះបទុមរាជា មិនយឺតយ៉ាវបង្អាក់បង្អង់យូរឡើយ ព្រះអង្គក៏ហោះហើរជ្រែកទឹកជ្រែកដី មករករួមរ័ក្សមេត្រី សោយសុខសប្បាយជាមួយនឹងព្រះនាងសុភវត្តី តាមពាក្យបណ្ដាំរបស់ទេវតា។ បន្ទាប់មក កាលព្រះនាងសុភវត្តីទ្រង់គភ៌បាន៥ខែ ព្រះបទុមរាជាក៏រៀបចំខ្លួនធ្វើដំណើរចាកចោលព្រះនាង ត្រលប់ទៅសាងផ្នួសវិញ។ តែបើតាមពង្សារតារសម្ដេចវាំងជួន ព្រះបទុមរាជាបានយាងទៅសាងផ្នួសវិញ នៅពេលដែលព្រះនាងសុភវត្តីបានប្រសូតបុត្ររួចហើយ ហើយព្រះរាជបុត្រនោះក៏បានធំពេញវ័យបន្តិចហើយដែរ។ មុននឹងចេញដំណើរ ព្រះអង្គបានប្រគល់ដំបងមួយឲ្យទៅព្រះនាង ដោយមានបន្ទូលថា “កាលណាកូនធំឡើង ហើយបើវាចង់ទៅរកឪពុក ត្រូវប្រគល់ដំបងនេះឲ្យទៅកូន ដើម្បីទុកជាចំណាំ”។ ផ្ដាំផ្ញើរ រួចស្រេចបាច់ហើយកាលណា ព្រះបទុមរាជាលាព្រះនាងសុភវត្តីជាភរិយាត្រលប់ទៅបួសជាសង្ឃដូច ដើមវិញ។ ព្រះអង្គបានតាំងសីល រៀនសូត្រចេះចងចាំមន្ដអាគមគ្រប់មុខវិជ្ជាការ មានមហិទ្ធិឫទ្ធិខ្លាំងពូកែ ចេះបំបាំងខ្លួនមើលមិនឃើញ ចេះជ្រែកទឹក ជ្រែកដី ហើយចេះប្រស់មនុស្សស្លាប់ឲ្យរស់រានមានជីវិតឡើងវិញ៘ និង ៘ ឆ្នាំវក ព្រះនាងសុភវត្តីទ្រង់គ្រប់ខែគ្រប់ថ្ងៃ ប្រសូតបានរាជបុត្រមួយព្រះអង្គ ដែលព្រះនាងដាក់ឈ្មោះថាពញាសួស។ តែពង្សាវតារសម្ដេចវាំងជួន បានសរសេរថា ព្រះរាជបុត្រនេះឈ្មោះចៅតា ហើយបានប្រសូតក្នុងឆ្នាំម្សាញ់។ ពញាសួស ឬចៅតា មានរូបសម្បត្តិល្អល្អាច់ និងមានប្រាជ្ញាភ្លឺថ្លាឈ្លាសវៃណាស់។ អាយុ៧ឆ្នាំ ពញាសួស ឬចៅតាបានសាកសួរចង់ដឹងអំពីប្រវត្ដិរបស់ឪពុក។ ព្រះនាងសុភវត្តីបាននិទានរៀបរាប់ប្រាប់ប្រវត្ដិទាំងប៉ុន្មានឲ្យ កូនសណ្ដាប់។ ព្រះនាងបាននិយាយអំពីដំបងដែលព្រះបទុមរាជាជាឪពុក បានទុកជារបស់សំរាប់ចំណាំដែរ។ ស្ដាប់យល់ដឹងឮ អស់សេចក្ដី ពញាសួស ឬចៅតា និងពញាជ័យជាបងក៏សុំលាម្ដាយទៅរកឪពុក។ ព្រះអង្គបានយកដំបងសំគាល់ខ្លួនទៅជាមួយដែរ។ នៅទីបំផុត អ្នកទាំងពីរបានទៅជួបនឹងព្រះបិតាដូចក្ដីបំណង។ គ្រានោះ គឺចំពេលដែលព្រះបទុមរាជាកំពុងខឹងខ្ញាល់យ៉ាងខ្លាំងនឹងព្រះស័ង្ខចក្រ ឬស្ដេចគំលង់ ដែលបានសំលាប់សិស្សជំនិតព្រះអង្គ ដែលព្រះអង្គបានបញ្ជូនឲ្យទៅជួយព្យាបាលជំងឺឃ្លង់ភ្លើង។ ព្រះបទុមរាជាឃើញយល់ច្បាស់ថាជាកូនព្រះអង្គពិតប្រាកដហើយ ព្រះអង្គក៏រៀបរាប់ប្រាប់ប្រវត្ដិឲ្យដឹងអស់នូវពូជពង្សសែស្រឡាយ ព្រះអង្គជាក្សត្រ។ ព្រះអង្គបានប្រដែប្រដៅកូនទាំងពីរថា “កូនទាំងពីរមិនត្រូវទៅលុតក្រាប សុំបុណ្យស្ដេចពាលអង្គហ្នឹងទេ! ៤០០ ឆ្នាំទៀត កូននឹងបានឡើងគ្រងរាជសម្បត្តិប្រទេសកម្ពុជាជាមិនខាន! ដើម្បីបន្ដព្រះរាជវង្សយើងទៅអនាគត”។ ព្រះបទុមរាជា ព្រះអង្គបានប្រក់ព្រំប្រសិទ្ធិពរជ័យដល់កូនទាំងពីរឲ្យបាន សេចក្ដីសុខចំរុងចំរើន មានអាយុវែងយឺនយូរ។ ហើយជាចំណងដៃដល់កូន ព្រះអង្គបានប្រគល់ឲ្យដុំថ្មដែក និងគ្រាប់ពូជត្រសក់ ៧ គ្រាប់ម្នាក់ សំរាប់យកទៅដាំចិញ្ចឹមជីវិត (ពង្សាវតារសម្ដេចវាំងជួនសរសេរថា ព្រះបទុមរាជាបានឲ្យគ្រាប់ត្រសក់ ៣ គ្រាប់ទៅឲ្យកូនម្នាក់ៗ)។ ព្រះអង្គផ្ដាំទៀតថា ត្រូវទៅធ្វើចំការដាំត្រសក់នៅឯខេត្ដគោកសេះ។ ដូច្នេះហើយ បានជារៀងរហូតមកមានឈ្មោះ ចំការសួស ចំការជ័យ ចំការត្រសក់ផ្អែម ដែលក្លាយបន្ដិចម្ដងៗទៅជាចំការអ្នកអែម។ យូរឆ្នាំក្រោយមក ព្រះនាងសុភវត្តីបានចូលទិវង្គត ដោយជំងឺរោគាព្យាធិចាស់ជរា។ បុត្រទាំងពីរ ពញាជ័យ និងពញាសួស បានរៀបចំធ្វើបុណ្យថ្វាយព្រះមាតា តាមទំនៀមទម្លាប់ប្រពៃណីរបៀបជារាស្ដ្រសាមញ្ញ។