ជ័យជេដ្ឋ
ជ័យជេដ្ឋ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ៧៩៤-៨៥៣ | ||||
រាជ្យមុន | ព្រះបាទធនញ្ជ័យគោរពរាជ្យ រឺ ព្រះបាទបទុមសូរ្យវង្ស (ពង្សាវតារវត្តកោកកាក) | ||||
រាជ្យបន្ត | ព្រះបាទជេដ្ឋាជ័យ | ||||
ស្វាមី/មហេសី | ព្រះនាងភគវត្តី | ||||
បុត្រ | ជេដ្ឋាជ័យ ព្រះនាងតារាវត្តី | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទបទុមសូរ្យវង្ស (ពង្សាវតារវត្តកោកកាក) រឺ ព្រះបាទធនញ្ជ័យគោរពរាជ្យ | ||||
មាតា | ព្រះនាងគន្ធមាលី | ||||
ប្រសូត | គ.ស ៧៦៩ មហានគរ | ||||
សុគត | គ.ស ៨៥៣ មហានគរ នគរគោកធ្លក |
ព្រះបាទជ័យជេដ្ឋ (សំស្ក្រឹត:ជយជេ្យឞ្ឋ) (គ.ស ៧៦៩-៨៥៣) រជ្ជកាល (គ.ស ៧៩៤-៨៥៣) ថ្ងៃ ៥កើត ខែផល្គុន ឆ្នាំច ព.ស ១៣៣៨ ត្រូវជា គ.ស ៧៩៤ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់បានចុះសម្រុងគ្នាសុខចិត្ដយល់ព្រម តែងតាំងអភិសេកវិជ័យកុមារជាព្រះមហាក្សត្រ។ កាលនោះព្រះអង្គបានអាយុ២៥វស្សា ព្រះអង្គមានព្រះរាជបរមនាម ព្រះបាទសម្ដេច ព្រះស្រីជ័យជេដ្ឋនឫទ្ធិរាជារាមាធិបតីបរមបព៌ត ព្រះបាទជ័យជេដ្ឋជាមហាក្សត្រទី១៣។ ព្រះបាទស្រីជ័យជេដ្ឋសោយរាជសម្បត្ដិប្រទេសកម្ពុជាបាន ៦០ ឆ្នាំ ព្រះអង្គចូលទីវង្គតនៅឆ្នាំរការ ក្នុងព្រះជន្ម ៨៤ វស្សា។
ព្រះរាជវង្ស
[កែប្រែ]ក្នុងឆ្នាំច ចុល្លសករាជ ១៩២ ជាមួយនឹងព្រះនាងភគវត្តី (ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យកុមារព្រះ នាងភគវត្ដី (បើតាមពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋ)។ មិនតែប៉ុណ្ណោះ ជាមួយនឹងព្រះនាងភគវត្ដីដដែល ព្រះអង្គមានបុត្រីមួយព្រះអង្គទៀតព្រះនាមតារាវត្តី។ ក្នុងរាជស្ដេចអង្គនេះព្រឹត្ដិការណ៍ដែលគេអាចកត់សំគាល់បាននោះ គឺដំណើរទស្សនកិច្ចយ៉ាងយូរបស់ព្រះអង្គដែលដើរមើលត្រួតត្រាទឹកដី ខណ្ឌសីមា អស់ពេលមួយឆ្នាំ ៥ខែ កាលនោះក្នុងឱកាសដែលព្រះអង្គគ្មានវត្ដមាននៅរាជធានីមហានគរ ព្រះអង្គបានផ្ទុកផ្ដាក់កិច្ចការនគរឲ្យសម្ដេចចៅហ៊្វាទឡ្ហៈ (ជា រដ្ឋមន្ដ្រីទី១) និងនាម៉ឺន ៤ នាក់កាន់កាប់ជំនួស ក្រៅពីនេះ គេពុំឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់គួរឲ្យចាប់អារម្មណ៍ឡើយ។
ព្រះរាជបុត្រ របស់ព្រះអង្គ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ១៣៩៧ ត្រូវជាគ.ស ៨៥៣ ដោយមានព្រះរាជបរមនាមព្រះបាទសម្ដេចបរមជេដ្ឋាជ័យរាជាធិបតី កាលនោះព្រះអង្គទើបតែបានព្រះជន្ម២៤វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី១៤ (ក្នុងបញ្ហាឈ្មោះ ដើមកំណើតសែស្រឡាយ ថ្ងៃខែឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិចារណាយ៉ាងច្រើនក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះពង្សាវតារ និងឯកសារផ្សេងៗ បានកត់ត្រាខុសអំពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានសរសេរថា ព្រះស្រីជ័យជេដ្ឋ ព្រះជេដ្ឋាជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យ សុទ្ធតែត្រូវជាបងប្អូនបង្កើត និងត្រូវជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស)។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ បទុមសូរ្យវង្ស (កោកកាក) រឺ ធនញ្ជ័យគោរពរាជ្យ |
មហានគរ | តដោយ ជេដ្ឋាជ័យ |