ជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ខ្មែរ
ប្រជាជនខ្មែររស់នៅក្នុងខេត្ត នានានៃព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏ដូចគ្នានឹងប្រជាជនខ្មែរដែលរស់នៅក្នុងខេត្តសុរិន្ទ្រ ស៊ីសាកេត និងបុរីរម្យ ក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះដែរ ពួកគេនៅតែមានជំនឿថា ខ្នាយ តាន់របស់ជ្រូកព្រៃ គឺជាវត្ថុស័ក្តិសិទ្ធិដែលនាំមកនូវសិរីមង្គល និងសេចក្តីសុខចម្រុងចម្រើន ។
ជំនឿលើខ្នាយតាន់ជ្រូកព្រៃក៏កើតមានទៅដល់ប្រជាជនខ្មែរភាគតិចដែលរស់ នៅតាមច្រករបៀងនៃព្រំដែនខ្មែរ-លាវផងដែរ ។ ជនជាតិខ្មែរលើទាំងនេះមានដូចជាពួកទំពូន ព្នង និងស្ទៀងជាដើម ដែលភាគច្រើននៃពួកនេះពាក់ខ្នាយតាន់ជ្រូកព្រៃជាប្រចាំថ្ងៃទៀតផង ។
ការមានជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ប្រជាជនខ្មែរស្ទើរតែមាន លក្ខណ:ជាទូទៅក្នុងសង្គមខ្មែរ ជាពិសេសនៅតំបន់ជួរភ្នំដងរែក និងនៅតំបន់ព្រៃភ្នំដែលគេយល់ឃើញថា ជាតំបន់អាថ៌កំបាំងប្រកបដោយបារមី និងវត្ថុស័ក្តិសិទ្ធិ ឬក៏ជាកន្លែងរស់នៅដ៏សុខសាន្តរបស់សត្វជ្រូកព្រៃដោយវត្តមាននៃ មើមដំឡូងព្រៃយ៉ាងសម្បូរ ។
ការស្រាវជ្រាវរបស់យើងបានឱ្យដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងរបស់វា ហើយនៅក្នុងហ្វូងជ្រូកនីមួយៗ គេឃើញមានមេហ្វូងមួយជាជ្រូកឈ្មោលដែល មិនត្រឹមតែមានមាឌធំ ហើយខ្លាំងជាងគេទេ វាថែមទាំងកាចសាហាវទៀតផង ។ នៅក្នុងខណៈ ពេលដែលមានកូនជ្រូកព្រៃទើបនឹងកើតមក មេហ្វូងជ្រូកព្រៃដ៏កាចសាហាវខ្លាំងនេះសម្លាប់នូវកូនជ្រូកព្រៃឈ្មោល ណា ដែលវាទទួល ស្គាល់ថាមានមហិទ្ធិឫទ្ធិដូចវា ។
អ្នកស្រុករស់នៅតំបន់ជួរភ្នំដងរែកបានឱ្យដឹងថា ការបំផ្លាញកូនខ្លួនឯងដូច្នេះ បណ្តាលមកពីមេហ្វូងខ្លាចក្រែងកូនឈ្មោលនៅ ក្នុងហ្វូងនោះនឹងដណ្តើមអំណាចធ្វើជាមេហ្វូងទៅថ្ងៃក្រោយ ។
ទម្លាប់របស់ជ្រូកព្រៃនេះ ពុំមែនជារឿងចៃដន្យនៅក្នុងសង្គមសត្វដែលធ្វើឱ្យមានការរន្ធត់ចិត្ត នោះទេ តែនេះជាច្បាប់ធម្មជាតិ ។
ពេលមេហ្វូងជិតស្លាប់ ទើបវាទុកកូនឈ្មោលណាដែលប្រកបលក្ខណៈសម្បត្តិរឹងមាំមានដុះខ្នាយវែង ជាងគេបន្តិចដើម្បីទុកដឹកនាំហ្វូងជ្រូកព្រៃបន្តពីវាទៀត ។ ចំពោះមេហ្វូងជ្រូកព្រៃដល់ពេលដែលវាចាស់ជរាខ្លាំងទៅ វាដើរទៅរកកន្លែងណាស្ងាត់ និងមានដើម ឈើផង ដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាច់បំបាក់ទុកបង្កប់ចោលនៅនឹង ដើមឈើនោះ ។
មហិទ្ធិឫទ្ធិរបស់ខ្នាយតាន់នៅត្រង់ថា បារមី ឬវត្ថុស័ក្តិសិទ្ធិជាពន្លឺនៅលើថ្ងាសជ្រូកព្រៃដែលតាមថែរក្សា គាំពារជានិច្ចកាល ។ បារមីនេះឯងដែលពិបាកនឹងមាននរណាម្នាក់អាចសម្លាប់វាដោយងាយបានឡើយ ។
ហេតុដូច្នេះហើយ ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀត មានជំនឿថា អ្នកដែលរើសបានខ្នាយ តាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន ។ បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយណាមក បៀតបៀន ឬយកឈ្នេះលើខ្លួនគេបានឡើយ ។
អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនួនយ៉ាង ខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់ កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត ។
ចំពោះបងប្អូនជនជាតិខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ។ គេបានចាត់ទុកជំនឿនេះជាទំនៀមទម្លាប់ប្រពៃណីប្រចាំជនជាតិទៀតផង ។ គេយល់ថា បារមីខ្នាយតាន់ជ្រូកព្រៃសម្រាប់ជួយការពារនឹងសត្វព្រៃដ៏កាច សាហាវផ្សេងៗ ឬអាវុធដូចជាព្រួញ ស្នជាដើម ដោយហេតុថានៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើង ឬជាតិផ្ទុះឡើយ ។
សរុបសេចក្តីមក ជំនឿលើខ្នាយតាន់ជ្រូកព្រៃនៃជនជាតិខ្មែរ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ទស្សនៈរបស់មនុស្ស ជាពិសេសនៅពេលដែលប្រឈមមុខនឹងគ្រោះកំណាចអ្វីមួយមកពីខាងក្រៅ រមែងតែប្រាថ្នាសេចក្តីសុខសប្បាយ និងសុវត្ថិភាពតែប៉ុណ្ណោះ ហើយជំនឿនេះក៏ជាមែកធាងនៃខឿនវប្បធម៌អរូបីរបស់ជាតិយើងផងដែរ ។
គប្បីជម្រាបផងដែរថា ចំពោះខ្មែរសុរិន្ទ្រ បុរីរម្យសព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយ និងឈាមសត្វព្រៃមួយចំនួនមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សារោគ ឬជំងឺ ។ ឧទាហរណ៍គេយកថ្គាមដំរីទៅដុសនឹងថ្ម ហើយស្រង់ទឹកយកទៅបរិភោគដើម្បីការពារពុលថ្នាំ និងធ្វើឱ្យត្រជាក់ខ្លួនប្រាណ ។ ភ្លុកដំរី និងខ្នាយតាន់ជ្រូកព្រៃវិញ គេប្រើសម្រាប់កែក្តៅខ្លួនដែរ ។ ឆ្អឹងត្មាត និងឆ្អឹងអកសម្រាប់កែរោគគ្រុនញាក់រវើរវាយ និងកែរោគស្ត្រីដែលសម្រាលកូនមិនចេញដូចប្រក្រតី ។ ជូនកាលគេក៏យកឈាមរមាសកែក្រំ និងជាំខ្ទុះ ពេលដែលធ្លាក់ពីខ្នងដំរី ឬដើមឈើជាដើម ។ ចំពោះចង្កូមខ្លា គេយកមកដាក់ពាក់ជាបន្តោងនៅកដើម្បីការពារសត្វព្រៃ ហើយបើចង្កូមខ្លានោះមានប្រហោង វាកាន់តែមានប្រសិទ្ធភាពទៅទៀត ព្រោះព្រាយបីសាចភ័យខ្លាចខ្លាំងណាស់ ។
តើមនុស្សនៅភូមិស្នាយនាសម័យបុរេប្រវត្តិសាស្ត្រមានជំនឿដូចខាងលើ នេះដែរឬទេ ? ចំពោះចម្លើយនឹងសំណួរនេះ បើតាមការស្រាវជ្រាវសិក្សាប្រៀបធៀបរបស់យើងបានឱ្យដឹងថា អ្វីៗដែលពោលមិនខុសប្លែកពីជំនឿរបស់សហគមន៍ខ្មែរនៅភូមិស្នាយ ប៉ុន្មានឡើយ ដោយហេតុថាសំណង់វប្បធម៌វត្ថុបុរាណជាច្រើន ដូចជាឆ្អឹងចង្កូមសត្វដែលគេកប់ជាមួយសព ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែវត្ថុទាំងអស់នោះបានឆ្លើយតបតាមជំនឿប្រពៃណីរបស់មនុស្ស ខ្មែរនាសម័យដើមយ៉ាងពិតៗ (ម.ត្រាណេ) ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.