Jump to content

ខេត្តបន្ទាយមានជ័យ

ពីវិគីភីឌា

ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ខេត្តនេះមានព្រំប្រទល់ខេត្តជាប់ខេត្តឧត្តរមានជ័យនៅខាងកើតជាប់ខេត្តសៀមរាបនៅខាងត្បូងជាប់ខេត្តបាត់ដំបងនិងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសសៀមនៅខាងលិច។ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី ១៣ នៃព្រះរាជាណាចក្រកម្ពុជា។ខេត្តនេះមានក្រុងចំនួន ០២ គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅខេត្តស្រះកែវ ប្រទេសសៀមប្រវែង ១៥៣ គម។ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ០៩ ដែលជាផ្នែកនៃទុនបម្រុងជីវមណ្ឌលទន្លេសាប

ខេត្តបន្ទាយមានជ័យ
Banteay Meanchey Province
ខេត្ត
Banteay Meanchey Province
ខេត្តបន្ទាយមានជ័យ
ផែនទីខេត្តបន្ទាយមានជ័យ
ផែនទីខេត្តបន្ទាយមានជ័យ
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងសិរីសោភ័ណ និង ក្រុងប៉ោយប៉ែត
រដ្ឋបាលក្រុង ០២ និង ស្រុក ០៧
ផ្ទៃក្រឡា
 • សរុប៦៦៧៩ គម2 (២៥៧៩ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា១២
ប្រជាជន (ជំរឿនឆ្នាំ២០២៣)[]
 • សរុប៩៤៧,១៨៦ នាក់
 • ចំណាត់ថ្នាក់០៩
 • សន្ទភាព១២៩/km2 (៣៣០/sq mi)
 • ចំណាត់ថ្នាក់សន្ទភាព០៩
ល្វែងម៉ោងICT (ម.ស.ស.+០៧:០០)
លេខកូដហៅទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-1

លក្ខណៈទូទៅ

[កែប្រែ]

ឋិតនៅចម្ងាយ ៣៥៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ០៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប និង ខេត្តស្រះកែវ ប្រទេសសៀមខេត្តបន្ទាយមានជ័យកំពុងទទួលបានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករតាមរយៈកាស៊ីណូខ្នាតអន្តរជាតិមួយដែលកំពុងបើកឲ្យមានការចូលលេងកម្សាន្តទាំងយប់ទាំងថ្ងៃ។តំបន់កាស៊ីណូនេះក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ភ្ញៀវដែលទៅកម្សាន្តនៅទីនោះភាគច្រើនមកពីប្រទេសសៀមនិងប្រទេសចិនឯភ្ញៀវជនជាតិផ្សេងៗទៀតពុំសូវមាននោះទេ។បើចំពោះជនជាតិខ្មែរជាអ្នកទេសចរណ៍សាមញ្ញវិញពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះពុំសូវមានអ្នកដែលទៅដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះឡើយ។មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណៈអន្តរជាតិប៉ោយប៉ែតប៉ុណ្ណោះទេដែលភ្ញៀវទេសចរណ៍ចាប់អារម្មណ៍នោះខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀតដែលបានទាក់ទាញនិងកំពុងអភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៀតផង។

តំបន់ទេសចរណ៍សក្តានុពល

[កែប្រែ]

ប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥៦A ចម្ងាយប្រមាណ៥៩ គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួកតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ក្នុងចន្លោះសតវត្សទី ១២ និង ១៣។តំបន់នេះត្រូវបានរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឲ្យប្រាសាទមួយចំនួនធំត្រូវបាក់បែកខ្ទេចខ្ទីនៅសល់តែថ្មរាយប៉ាយពាសពេញដីមិនត្រឹមតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗពីប្រាសាទទៅលក់ឲ្យពួកឈ្មួញជនជាតិសៀមទៀតផង។ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឲ្យពីរមួយថ្ងៃទៅមួយថ្ងៃមានអ្នកទេសចរណ៍បរទេសចូលទស្សនាកាន់តែច្រើនឡើងៗដែលសក្ដានុពលនេះបានធ្វើឲ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់អារម្មណ៍ហើយបានព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឲ្យកាន់តែគួរឲ្យទាក់ទាញ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដើម្បីជាភាពងាយស្រួលដល់ទេសចរណ៍ក្នុងការទៅកម្សាន្ត។ប្រាសាទដែលខេត្តនេះមានគម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម[]

អាងទឹកកងវ៉ា

[កែប្រែ]

អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ ០៤ គីឡូម៉ែត្រពីទីរួមខេត្តកសាងឡើងក្នុងរបបប៉ុលពតសម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ភ្ញៀវទេសចរណ៍អាចសប្បាយរីករាយកម្សាន្តតាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។

ភ្នំបាក់ និង ភ្នំជញ្ជាំង

[កែប្រែ]

ភ្នំបាក់ និង ភ្នំជញ្ជាំង ជារមណីយដ្ឋានព្រៃភ្នំនិងតំបន់វប្បធម៌ឬប្រពៃណីដែលឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ ០៥ ចម្ងាយ ០៥ គីឡូម៉ែត្រពីទីរួមខេត្តខេត្តបន្ទាយមានជ័យ។ទីនេះមានភ្នំ ០២ ឈរក្បែរគ្នាដែលមានផ្ទាំងថ្មធំៗបញ្ឈរដែលមើលទៅដូចជាជញ្ជាំងអ្វីមួយ។ភ្នំនេះមានរូងមួយជម្រៅ១២ម៉ែត្រអាចឲ្យភ្ញៀវទេសចរណ៍ចុះទៅកម្សាន្តបានផងដែរ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

តំបន់នេះគឺជាផ្នែកមួយនៃអាណាចក្រខ្មែរដោយសារនៅភាគខាងជើងខេត្តគេឃើញមានប្រាសាទបន្ទាយឆ្មារដែលគេជឿថាត្រូវបានកសាងឡើងនៅរវាងសតវត្សទី ១២ និង សតវត្សរ៍ទី ១៣។ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺប្រាសាទបន្ទាយនាង និង ប្រាសាទបន្ទាយទ័ព។នៅសតវត្សទី ១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជាហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅឲ្យបារាំងដែលក្រោយមកត្រូវបានបញ្ចូលជាដែនដីខេត្តបាត់ដំបងវិញ។

នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើព្រះរាជាណាចក្រកម្ពុជាភាគខាងលិចហើយបានធ្វើឲ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅខេត្តព្រះដំបង ឬ ខេត្តបាត់ដំបង។ខេត្តនេះបានបន្តនៅក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងប្រទេសកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅខេត្តត្រាចនិងដានជ័យវិញ។នៅក្នុងឆ្នាំដដែលព្រះបាទស៊ីសុវត្ថិបានសម្រេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង(ដែលរួមមានសិរីសោភ័ណ)និងខេត្តសៀមរាប។នៅគ្រាដែលសៀមបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញនៅឆ្នាំ ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបងនិងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។

នៅចន្លោះពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៨០ ខេត្តបន្ទាយមានជ័យគឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើនហើយសង្គ្រាមបានធ្វើឲ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំង ០៣ ដែលសម្បូរគ្រាប់មីនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមជាមួយនឹងខេត្តប៉ៃលិននិងខេត្តបាត់ដំបង[]

ឈ្មោះបន្ទាយមានជ័យមកពីការសម្គាល់បន្ទាយនៃកងទ័ពអំឡុងទសវត្សរ៍ទី ៨០ បូកមានជ័យ មានន័យថា ឈ្នះឬជោគជ័យ។គឺជោគជ័យតាំងពីយុទ្ធនាការរដូវក្តៅឆ្នាំ ១៩៨៤-៨៥ មកទើបរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតខេត្តបន្ទាយមានជ័យជាខេត្តទី ២២ ក្នុងឆ្នាំ ១៩៨៧ និងសម្ពោធដំណើរការក្នុងឆ្នាំ ១៩៨៨។

នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីអតីត ០៥ ស្រុកខាងជើងខេត្តបាត់ដំបង មុនឆ្នាំ ១៩៨៨ បូករួមទាំងស្រុកបន្ទាយអម្ពិលនៃអតីតខេត្តសៀមរាប-ឧត្តរមានជ័យ។ដោយមានស្រុកដំបូងចំនួន ០៥ គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក

អាកាសធាតុ

[កែប្រែ]

សីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី ៣០ ទៅ ៣៣ អង្សា។អាកាសធាតុមានលក្ខណៈក្ដៅនិងសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។រដូវវស្សាចាប់ពីខែមិថុនាដល់ខែតុលា រដូវរងាចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ និង រដូវក្ដៅចាប់ពីខែមីនាដល់ខែឧសភា។

រដ្ឋបាល

[កែប្រែ]

ខេត្តបន្ទាយមានជ័យស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលមាន ០៧ ស្រុក​ និង​ ០២ ក្រុង÷

លេខកូដ ឈ្មោះស្រុក និង ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក និង ក្រុងជាអក្សរឡាតាំង ចំនួនឃុំ
១០២ ស្រុកមង្គលបូរី MONGKOL BOREI ១៣
១០៣ ស្រុកភ្នំស្រុក PHNOM SRUK ០៦
១០៤ ស្រុកព្រះនេត្រព្រះ PREAH NETH PREAH ០៩
១០៥ ស្រុកអូរជ្រៅ OU CHROV ០៧
១០៦ ក្រុងសិរីសោភ័ណ SEREI SAOPHOAN ០៧(សង្កាត់)
១០៧ ស្រុកថ្មពួក THMOR PUOK ០៦
១០៨ ស្រុកស្វាយចេក SVAY CHEK ០៨
១០៩ ស្រុកម៉ាឡៃ MALAI ០៦
១១០ ក្រុងប៉ោយប៉ែត POI PET ០៣(សង្កាត់)

រដ្ឋបាលខេត្តអតីតកាល

[កែប្រែ]

ខេត្តបន្ទាយមានជ័យមាន ០២ ក្រុង និង ០៧ ស្រុក÷

ប្រជាសាស្ត្រ

[កែប្រែ]

ខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥.២៤២% នៃប្រជាជនកម្ពុជាសរុប(ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩.១១%) និង ស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០.៨៩%)។អត្រាកំណើនប្រជាជនស្មើនឹង ៥.៩៣%។ប្រជាជនខេត្តបន្ទាយមានជ័យ ៩៣% ជាកសិករ ៥% ជាពាណិជ្ជករ ១.១៧% ជាអ្នកនេសាទ និង ០.៨៣% ទៀតជាមន្ត្រីរាជការ។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចខេត្ត ៩៣% ពឹងផ្អែកលើកសិកម្មនិងនៅសល់ ៧% ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសសៀមអាជីកម្មបនល្បែង(កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំងដែលកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ខេត្ត។

ឯកសារយោង

[កែប្រែ]
  1. "General Population Census of the Kingdom of Cambodia 2019 – Final Results" (PDF). National Institute of Statistics. Ministry of Planning. 26 January 2021. Retrieved 3 February 2021.
  2. ដកស្រង់ចេញ www.cen.com.kh
  3. Flooding unearths Cambodia’s landmines, IRIN, PHNOM PENH, 21 October 2013 (IRIN), http://www.irinnews.org/report/98976/flooding-unearths-cambodia-s-landmines