បរាភវសូត្រ
នៅក្នុងគម្ពីរព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅភាគ៥៤ ទំព័រទី ៣៦) (បរាភវសូត្រ) មានតំណាលអំពីសេចក្តីបង្រៀនរបស់ព្រះពុទ្ធឲ្យមនុស្សស្គាល់មូលហេតុ ១២ ប្រការដែលនាំមកនូវក្តីវិនាស ។ ជាគូនឹងបរាភវសូត្រ នៅក្នុងគម្ពីរព្រះត្រៃបិដក ផ្នែកសុត្តន្តបិដក ខុទ្ទកនិកាយ ត្រង់ ខុទ្ទកបាឋៈ (សៀវភៅភាគ៥២ ទំព័រទី ១ ដល់ ២០) មានរៀបរាប់អំពីកិច្ចការចំនួន ៣៨ ប្រការ ដែលនាំមកនូវសេចក្តីចម្រើន ឬ មង្គលសូត្រ (ទំព័រទី ៤ ដល់ទី ៦) ។ ប្រសិនបើមនុស្សទាំងឡាយអនុវត្តតាមគោលការណ៍ទាំង ៣៨ ប្រការនៅក្នុងមង្គលសូត្រ ហើយវៀរចាកអំពើគួរចៀសវាងទាំង ១២ នៅក្នុងបរាភវសូត្រ មនុស្សទាំងឡាយនឹងបានសុខស្ងប់ និង ចម្រុងចម្រើន ។
បរាភវសូត្រ ស្រង់ចេញពីព្រះត្រៃបិដក
[កែប្រែ][១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាងហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។ លុះទេវតានោះ ស្ថិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា ។
[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចម្រើន (ដោយគិតថា)យើងទាំងទ្បាយ សូមសួរអំពីបុរសបុគ្គល ដែលមានសេចក្តីវិនាសចុះអ្វីជាប្រធាននៃសេចក្តីវិនាស ។
(ព្រះមានព្រះភាគ ត្រាស់ថា) ១. បុរសដែលចម្រើន ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយបុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលអ្នកប្រាថ្នាធម៌ រមែងចម្រើន អ្នកស្អប់ធម៌ រមែងវិនាស ។
យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស ។
២. បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តីស្រឡាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៌របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ២ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៣. ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដតែខាងក្រោធក្តី នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៣ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៤. បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៤ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៥. បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូមដទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៥ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៦. បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូណ៌ភោជនបរិភោគនូវភោជនមានរសឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៦ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៧. ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយអាងគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាស ទី ៧ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៨. ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញុំាងទ្រព្យ ដែលខ្លួនបានហើយ បានហើយ ឲ្យវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៨ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៩. ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូចចំពោះពួកស្រីពេស្យា ឬខូចចំពោះប្រពន្ធនៃបុគ្គលដទៃ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៩ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១០. បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំ ដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រច័ណ្ឌចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១០ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១១. បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១២. បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារជ្ជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស ។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនុ៎ះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូវលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់ព្រះនិព្វាន តែក្នុងទីនេះ អដ្ឋកថាប្រាប់ថា បានដល់សេចក្តីសុខក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា ។] ។
ចប់ បរាភវសូត្រ ទី៦ ។
(ព្រះត្រៃបិដក ភាគ៥៤ ទំព័រទី ៣៦ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត)
ប្រមុខនៃក្តីវិនាស ១២ ប្រការ
[កែប្រែ]ទី ១ - បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌
[កែប្រែ]ពាក្យថា "ធម៌" មានអត្ថន័យច្រើនណាស់ ប៉ុន្តែនៅទីនេះ ក្នុងន័យទូលាយ ធម៌ មានន័យថា ការបង្រៀន ឬ សភាវៈពិត ។ នៅក្នុងន័យចង្អៀត ធម៌ គឺជាការបង្រៀនរបស់ព្រះពុទ្ធ ។ សូមកុំច្រឡំការបង្រៀនរបស់ព្រះពុទ្ធ និង ធម៌សម្រាប់សូត្រពេលបុណ្យទាននានា ។ ដោយសារនៅទីនេះ ធម៌ ផ្តោតជាពិសេសទៅលើសេចក្តីពិត, ច្បាប់ធម្មជាតិ ឬ វិទ្យាសាស្ត្រ ដូច្នេះមនុស្សដែលស្រឡាញ់សេចក្តីពិត អនុវត្តតាមច្បាប់វិទ្យាសាស្ត្រនឹងចេះស្វែងរកទិន្នន័យឬព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់សម័យសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតឬបញ្ញាញាណ ។ ពួកគេរស់នៅមានសេរីភាព រួចផុតពីសេចក្តីបង្រៀនក្លែងក្លាយទាំងឡាយ ដែលជាអន្ទាក់, សំណាញ់, ឬរនាំងហ៊ុំព័ទ្ធបិទបាំងពួកគេមិនឲ្យមើលឃើញការពិត ។ មនុស្សជឿលើសេចក្តីពិតតាមបែបវិទ្យាសាស្ត្រនឹងរស់នៅប្រកបដោយសេចក្តីសុខស្ងប់ គ្មានការរវល់អំពល់ទុក្ខ ឬភ័យព្រួយបង្កឡើងដោយការបន្លាច ឬការអូសទាញឲ្យជឿទៅលើសេចក្តីជំនឿឥតហេតុផល ឬអរូបិយជំនឿទាំងឡាយ ដូចជាជំនឿថាមានមនុស្ស, សត្វ ឬហេតុការណ៍អស្ចារ្យ ស្ថាននរក ស្ថានសួគ៌ ខ្មោច ប្រេត អតីតជាតិ អនាគតជាតិ ទេវតា ព្រហ្ម ឬអាទិទេពជាដើម ។ ជារួម មនុស្សជឿសេចក្តីពិត មិនងាយសម្រេចចិត្តជឿតាមសម្តីពន្យល់ឬសេចក្តីបង្រៀនណាមួយដែលមិនទាន់មានការសិក្សាស្រាវជ្រាវពិសោធន៍ល្អិតល្អន់ដោយអ្នកវិទ្យាសាស្ត្រនោះឡើយ ។
ចំណែកមនុស្សដែលមិនស្វែងយល់សេចក្តីពិត ពួកគេនឹងធ្លាក់ចូលក្នុងសេចក្តីបង្រៀនក្លែងក្លាយ ដែលនាំទៅដល់ការខាតបង់ពេលវេលា ទ្រព្យសម្បត្តិ និង ជីវិតក៏អាចមាន ។ មនុស្សនៅក្នុងក្រុមនេះនឹងធ្វើខ្លួនងាយឲ្យមនុស្សដទៃបោកបញ្ឆោត បំភ័យ ឬអូសទាញឲ្យធ្វើអំពើផ្សេងៗដែលគ្មានភាពប្រកដនិយម ដូចជាត្រូវគេបោកឲ្យជឿលើការសាក់លើខ្លួនប្រាណ ការទិញកន្សែងយ័ន្ត, ការទិញថ្នាំបុរាណធ្វើពីឫសឈើឬសត្វងាប់, ការស្រោចទឹកលើករាសី, ការទស្សន៍ទាយមើលអនាគត, ពិធីសែនព្រេន ជំនឿហោះហើរដើរលើអាកាស ឬការវិនិយោគទុនបោកប្រាសតាមបែបពីរ៉ាមីដ ។ មនុស្សក្រុមនេះនឹងងាយត្រូវគេបញ្ឆោតឲ្យចំណាយពេលវេលា ទ្រព្យសម្បត្តិ ឬជីវិតទៅលើគោលលទ្ធិមួយ ។ ពួកគេនឹងក្លាយទៅជាមនុស្សយន្តធ្លាក់ចូលក្នុងការបញ្ជារបស់ជនបោកប្រាស់ដែលរង់ចាំឱកាសកេងប្រវ័ញ្ចយកប្រយោជន៍ទៅបម្រើបុគ្គលផ្ទាល់ខ្លួនឬបក្សពួករបស់គេ ។ មនុស្សមិនស្រឡាញ់ការពិត ឬសេចក្តីបង្រៀនតាមបែបវិទ្យាសាស្ត្រនឹងសម្រេចចិត្តយ៉ាងងាយដោយមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ។
ទី ២ - សេពគប់នឹងជនជាអសប្បុរស
[កែប្រែ]ដើម្បីយល់ច្បាស់អត្ថន័យនៅក្នុងគោលការណ៍មួយនេះ យើងត្រូវសិក្សាពាក្យសប្បុរស និង អសប្បុរសឲ្យបានល្អិតល្អន់ ជាមុនសិន ។ ពាក្យថា សប្បុរស គឺបុរស (មនុស្សប្រុសក្តី ស្រីក្តី) ជាអ្នកស្ងប់ មិនធ្វើអំពើអាក្រក់ដោយកាយ វាចា ឬចិត្ត ។ សប្បុរសជន ជាមនុស្សប្រព្រឹត្តល្អ ត្រឹមត្រូវតាមច្បាប់រដ្ឋនិងច្បាប់សាសនា ។ សប្បុរសជនជាមនុស្សរស់នៅចុះសម្រុងនឹងមនុស្សដទៃនៅក្នុងសហគមន៍ ឬសង្គមជាតិទាំងមូល ។ ពួកសប្បុរសជនគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន និង មានមេត្តាករុណាដល់សត្វ និង រុក្ខជាតិនៅលើផែនដី ។ សប្បុរសជនមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនឬប្រយោជន៍របស់ក្រុមបក្សខ្លួននោះទេ ។ ពួកគេចេះជួយឧបត្ថម្ភមនុស្សដទៃដែលជាជនល្ងិតល្ងង់ឲ្យមានប្រាជ្ញា ជួយជនរងទុក្ខឲ្យមានសេរីភាព ជួយជនក្រីក្រស្រេកឃ្លានឲ្យទទួលបានអាហារបរិភោគ ជួយជនខ្វះទីជម្រកឲ្យមានគេហដ្ឋានត្រឹមត្រូវ បង្រៀនមនុស្សខ្វះទ្រព្យសម្បត្តិឲ្យចេះប្រកបអាជីពត្រឹមត្រូវសម្រាប់ជួយយឹតយោងខ្លួននិងគ្រួសារ ។ លើសពីនោះទៀត សប្បុរសជនប្រដៅបង្រៀនកូនចៅរបស់ពួកគេឲ្យចេះគោរពមនុស្សដទៃដោយគ្មានការរើសអើងវណ្ណៈ ឬសាសនា ។ ពួកគេចេះគោរពសេចក្តីសម្រេចចិត្តរបស់មនុស្សដទៃ ស្តាប់យោបល់ល្អរបស់មនុស្សផ្សេងទៀតដើម្បីកែលម្អខ្លួនគេឲ្យកាន់តែប្រសើរ ។ ការសម្រេចចិត្តរបស់សប្បុរសជន គឺធ្វើឡើងបន្ទាប់ពីពួកគេបានសិក្សាស្រាវជ្រាវរាវរកព័ត៌មានត្រឹមត្រូវ និង ប្រឹក្សាយោបល់ជាមួយមនុស្សមានបទពិសោធន៍ច្រើន ឬជនជាបណ្ឌិត ។ ការប្រតិបត្តិជីវិតតាមមាគ៌ារបស់សប្បុរសជននឹងធ្វើឲ្យមនុស្សរស់នៅយ៉ាងសុខស្ងប់ ចម្រុងចម្រើន និង សន្តិភាពនៅក្នុងសង្គម ។ ហេតុដូច្នេះហើយទើបបុរាណាចារ្យប្រដៅឲ្យមនុស្សជំនាន់ក្រោយសេពគប់រាប់រកមនុស្សជាសប្បុរសជន ។
ផ្ទុយពីសប្បុរសជន មនុស្សជាអសប្បុរសជនខ្វះខាតគុណសម្បត្តិទាំងឡាយដែលសប្បុរសជនមានដូចបានរៀបរាប់ខាងលើស្រាប់ ។ ពិនិត្យមើលពីជ្រុងជ្រោយទ្រព្យសម្បត្តិ ទោះបីអសប្បុរសជនមានទ្រព្យច្រើនសន្ធឹកយ៉ាងណា ក៏មនុស្សនៅក្នុងក្រុមនេះមិនអើពើចែករំលែកទ្រព្យរបស់ខ្លួនធ្វើជាប្រយោជន៍ដល់មនុស្សដទៃ ដូចជាការចែកទានដោយផ្ទាល់ដល់ជនក្រីក្រ ឬការបង្កើតមូលនិធិសម្រាប់ជួយសិស្សនិស្សិតក្រីក្រ កសាងសាលារៀន មន្ទីរពេទ្យ ឬផ្លូវថ្នល់ ដែលជាប្រយោជន៍ដល់សហគមន៍ទាំងមូលនោះទេ ។ កុំថាឡើយដល់ទៅការចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សដទៃ អសប្បុរសជនមិនរវល់អើពើចំណាយពេលវេលាស្ម័គ្រចិត្តជួយកិច្ចការសង្គម ដូចជាការជួយបង្ហាត់បង្រៀនជនល្ងិតល្ងង់ ការជួយកិច្ចការវត្តវ៉ាអារាម សាលារៀន ឬមន្ទីរពេទ្យជាដើម ។ អសប្បុរសជនសម្រេចចិត្តធ្វើអ្វីមួយតែងឈរលើមូលដ្ឋានទាញយកប្រយោជន៍មកដល់ខ្លួនឬបក្សពួករបស់ខ្លួនជាមុន ។ អសប្បុរសជនទាញយកគ្រប់ហេតុផលដើម្បីបន្តអំពើរើសអើងវណ្ណៈ ជំនឿសាសនា និង ពណ៌សម្បុណ៌ស្បែករបស់មនុស្សដទៃដែលមិនមែននៅក្នុងវណ្ណៈរបស់ពួកគេ ។
ដើម្បីជាភស្តុតាងសម្រាប់អះអាងចំណុចទាំងពីរខាងលើនេះ សូមយើងនាំគ្នាពិនិត្យមើលសង្គមមនុស្សនៅប្រទេសឥណ្ឌានៅសម័យព្រះពុទ្ធ ថាតើសប្បុរសជន និង អសប្បុរសជន បានគិតពិចារណា និង ធ្វើសកម្មភាពអ្វីខ្លះសម្រាប់ខ្លួនគេនិង បក្សពួករបស់គេ ។ នៅប្រទេសឥណ្ឌា មនុស្សត្រូវបានបែងចែកចេញជា ៤ វណ្ណៈធំៗ ពោលគឺ វណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវេស្សៈ និង វណ្ណៈសូទ្រៈ ។ ជាទូទៅមនុស្សវណ្ណៈព្រាហ្មណ៍ ទាញយកហេតុផលថា ពួកគេជាមនុស្សកើតមកពីមាត់មនុស្សទេពឈ្មោះ "មនុ" ឬកើតមកពីព្រះឱស្ឋរបស់ព្រះព្រហ្ម ដែលធ្វើឲ្យពួកគេជាមនុស្សខ្ពង់ខ្ពស់ជាងមនុស្សមកពីវណ្ណៈដទៃ ។ ពួកមនុស្សវណ្ណៈព្រាហ្មណ៍បានបង្កើតគម្ពីរ មនុ សស្ត្រៈ ដើម្បីបោកប្រាស់ កេងប្រវ័ញ្ច ជិះជាន់មនុស្សនៅវណ្ណៈក្រោមៗ ជាពិសេសមនុស្សចណ្ឌាល (ជនក្រៅវណ្ណៈ) ដោយគ្មានសុភវិនិច្ឆ័យឡើយ ។ ទោះបីមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាមានច្បាប់រដ្ឋធម្មនុញ្ញ ដែលការពារសិទ្ធិរបស់ជនក្រៅវណ្ណៈទាំងឡាយក៏ដោយ ក៏មនុស្សនៅវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ បន្តជិះជាន់ កេងប្រវ័ញ្ច និង រើសអើងមនុស្សវណ្ណៈវេស្សៈ សូទ្រៈ និង ជនក្រៅវណ្ណៈ (ចណ្ឌាល) ជានិច្ច ។ រឿងនិទានអំពីជីវិតរបស់តួអង្គព្រះពុទ្ធបានឆ្លុះបញ្ចាំងឲ្យឃើញការរើសអើងវណ្ណៈដ៏តឹងតែងនៅក្នុងសង្គមឥណ្ឌានាសម័យបុរាណ ។ មាតាបិតារបស់ព្រះពុទ្ធគឺជាមនុស្សនៅក្នុងវណ្ណៈក្សត្រ (ម្ចាស់ដី) ដែលតែងប្រមូលភោគផលកសិកម្មពីប្រជាកសិករនៅក្នុងវណ្ណៈសូទ្រៈ និង មនុស្សក្រៅវណ្ណៈ ។ អំពើជិះជាន់ កេងប្រវ័ញ្ច និង រើសអើងវណ្ណៈ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតដោយគ្មានការកែប្រែ ដោយសារពួកមនុស្សនៅវណ្ណៈខាងលើ (វណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ) បានចូលដៃឃុបឃិតគ្នាបង្កើតជាគម្ពីរសាសនាច្រើនរាប់មិនអស់សម្រាប់បិទបាំងគំនិតអាក្រក់របស់ពួកគេ និង សម្រាប់បំបាក់ផ្នត់គំនិតមនុស្សដទៃទៀតឲ្យទ្រាំទទួលយកគម្ពីរសាសនាទាំងនោះព្រោះជាបំណងរបស់ព្រះអាទិទេព ។ គម្ពីរសាសនា និង ពិធីសាសនាច្រើនស្អេកស្កះទាំងនោះបានក្លាយទៅជាឧបករណ៍សម្រាប់គាបសង្កត់ផ្នត់គំនិតមនុស្សនៅវណ្ណៈក្រោមៗឲ្យបន្តទ្រាំទ្រទទួលយកស្ថានភាពជីវិតរបស់ខ្លួនដោយគ្មានការពិចារណា ឬងើបប្រឆាំងនឹងអំពើអយុត្តិធម៌សោះ ។ ពួកអសប្បុរសជននៅវណ្ណៈខាងលើបន្តពន្យល់ពួកមនុស្សនៅវណ្ណៈក្រោមថា មូលហេតុដែលធ្វើឲ្យពួកខ្លួនមានទ្រព្យសម្បត្តិច្រើន រស់នៅសុខស្រួល មានបាវបម្រើច្រើននៅជាតិនេះ គឺមកពីពួកខ្លួនបានធ្វើបុណ្យច្រើនពីជាតិមុនៗ ហើយមូលហេតុដែលធ្វើឲ្យពួកមនុស្សនៅវណ្ណៈក្រោមៗក្លាយជាជនក្រីក្រដូច្នេះ គឺមកពីពួកគេបានធ្វើកម្មអាក្រក់ ឬថាមិនបានធ្វើបុណ្យច្រើនពីជាតិមុនៗ ។ ដូច្នេះពួកគេត្រូវស៊ូទ្រាំខាំមាត់សង្កត់ចិត្តទទួលយកស្ថានភាពក្រីក្រនៅក្នុងជាតិនេះ ហើយខំធ្វើបុណ្យដាក់ទានឲ្យបានច្រើន ដើម្បីអាចកើតមកម្តងទៀតនៅជាតិក្រោយ ជាសេដ្ឋីមានបាវបម្រើច្រើន ដូចពួកវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ ។ ការបកស្រាយបង្វែទិសរបៀបនេះទទួលបានផលរហូតមករាប់រយជំនាន់ មនុស្សនៅវណ្ណៈក្រោមមិនហ៊ានងើបឡើងប្រឆាំងនឹងមនុស្សនៅវណ្ណៈខាងលើដើម្បីទាមទារយកសិទ្ធិសេរីភាពរបស់ខ្លួនទេ ។ មកដល់សម័យកាលព្រះពុទ្ធ មនុស្សជាច្រើនបានជួបប្រាស្រ័យទាក់ទងគ្នាដើម្បីដោះដូរទំនិញព្រមទាំងគំនិតថ្មីៗ និង បច្ចេកវិទ្យាទំនើបៗ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមសួរដេញដោលអំពីទ្រឹស្តីទាំងឡាយដែលមានចែងនៅក្នុងគម្ពីរវេទរបស់ពួកព្រាហ្មណ៍ថាតើវាមានភាពប្រាកដនិយមក្នុងកម្រិតណា ។ ព្រះពុទ្ធក៏ជាទស្សវិទូម្នាក់ក្នុងចំណោមទស្សនវិទូទាំងឡាយដែលបានមើលឃើញអំពើអយុត្តិធម៌នៅក្នុងសង្គមឥណ្ឌានៅសម័យនោះ ។ ព្រះអង្គបានដេញដោល និង បដិសេធទ្រឹស្តីទាំងឡាយដែលបានចែងនៅក្នុងគម្ពីរវេទដែលព្រះអង្គបានរៀនសូត្រជាមួយគ្រូតាំងពីកុមារភាពមក ។ ព្រះអង្គបានតស៊ូស្វិតស្វាញប្រឆាំងនឹងការបែងចែក និង រើសអើងវណ្ណៈ ។ បិតារបស់ព្រះអង្គក៏ជាមនុស្សនៅក្នុងក្រុមរើសអើងវណ្ណៈដែរ ។ សេចក្តីបង្រៀនរបស់ព្រះពុទ្ធបានធ្វើឲ្យមនុស្សនៅក្នុងវណ្ណៈក្រោមពេញចិត្ត និង យកទៅអនុវត្តតាម ក៏ប៉ុន្តែសេចក្តីបង្រៀននោះបានធ្វើឲ្យមនុស្សនៅវណ្ណៈខាងលើខឹងសម្បាយ៉ាងខ្លាំង ។ បដិវត្តន៍ខាងគំនិតរបស់ព្រះពុទ្ធបានហុចផលយ៉ាងសម្បើមដោយមានមនុស្សជាច្រើនបានងាកទៅប្រតិបត្តិតាមសេចក្តីបង្រៀនរបស់ព្រះអង្គ ដែលធ្វើឲ្យសង្គមមានយុត្តិធម៌ មនុស្សមានសិទ្ធិសេរីភាព ។ មនុស្សចាប់ផ្តើមយល់អំពីតម្លៃនៃពាក្យថា មេត្តា ករុណា ចំពោះគ្នាទៅវិញទៅមក ។ ប្រជាជនចាប់ផ្តើមបោះបង់ពិធីខាងសាសនាដែលពួកព្រាហ្មណ៍បានបង្ខំឲ្យធ្វើរាប់ពាន់ឆ្នាំកន្លងទៅ ។ នេះគឺជាឧទាហរណ៍បញ្ជាក់អំពីផលប្រយោជន៍នៃការសេពគប់មិត្តជាសប្បុរសជន និង ផលអាក្រក់បានពីការសេពគប់មិត្តជាអសប្បុរសជន ។
ទី ៣ - កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន
[កែប្រែ]នៅក្នុងគោលការណ៍នេះ មានកិរិយាខាងរាងកាយសំខាន់ៗចំនួន ៤ ដែលយើងគួរពិចារណា និង ទាញយកភស្តុតាងមកអះអាងការពារគំនិតនីមួយៗឲ្យបានច្បាស់លាស់ ។ មនុស្ស និង សត្វគ្រប់រូបតែងមាន និង ប្រើប្រាស់កិរិយាទាំង ៤ នេះប្រចាំថ្ងៃ ដើម្បីឲ្យរាងកាយប្រព្រឹត្តទៅប្រកបដោយតុល្យភាព និង សុខភាព ។ យើងសូមផ្តោតយកតែមនុស្សហើយសុំមិនលើកជីវិតសត្វមកបរិយាយនៅទីនេះទេ ។
កិរិយាទី ១ គឺការដេក ។ ជាទូទៅ មនុស្សត្រូវចំណាយពេល ៨ ម៉ោង សម្រាប់ដេកសម្រាក ដើម្បីឲ្យខួរក្បាលត្រជាក់ផង និង ទុកពេលឲ្យរាងកាយបញ្ចេញចោលសារជាតិគីមីពុលដែលសល់នៅក្នុងខ្លួន និង ខួរក្បាល ផង ។ លើសពីនោះទៀត ក្នុងពេលដេកលង់លក់ ខួរក្បាលមនុស្សចាប់ផ្តើមរៀបចំព័ត៌មានដែលទទួលបានកាលពីពេលភ្ញាក់ដឹងខ្លួន (ព័ត៌មានទទួលបានតាមរយៈភ្នែក, ត្រចៀក, អណ្តាត, ច្រមុះ, ស្បែក, និង ចិត្ត) ឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។ ព័ត៌មានណាដែលគ្មានប្រយោជន៍ ខួរក្បាលមនុស្សនឹងបោះបង់ចោលដើម្បីទុកលំហសម្រាប់រក្សាទុកព័ត៌មានដែលមានប្រយោជន៍ ។ ចំពោះព័ត៌មានដែលមានប្រយោជន៍វិញ ជាពិសេសព័ត៌មានទាក់ទងនឹងទីកន្លែងមានម្ហូបចំណី សុវត្ថិភាព និង វិធីការពារខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់ជាដើម ត្រូវបានខួរក្បាលយកទៅតម្រៀបទុកតាមលំដាប់លំដោយសម្រាប់មនុស្សយកមកប្រើប្រាស់នៅពេលខាងមុខ ។ បន្ទាប់ពីដេកលក់បាន ៧ ឬ ៨ ម៉ោង មនុស្សម្នាក់ៗនឹងភ្ញាក់ឡើងប្រកបដោយអារម្មណ៍ភ្លឺថ្លា គិតដោះស្រាយបញ្ហាអ្វីមួយបានលឿន ព្រមទាំងមានប្រតិកម្មតបនឹងស្ថានភាពអាសន្នមួយយ៉ាងរហ័សរហួនផងដែរ ។ មនុស្សដែលដេកមិនគ្រប់គ្រាន់ច្បាស់ជាមានប្រតិកម្មយឺតៗ អាចបង្កគ្រោះថ្នាក់នៅពេលបើកបរ ឬបញ្ជាគ្រឿងយន្ត ចំណែកសិស្សានុសិស្សដែលដេកមិនគ្រប់គ្រាន់វិញក៏ពិបាកនឹងចងចាំមេរៀនដែលបានរៀនកាលពីថ្ងៃម្សិលមិញដែរ ។
ដូច្នេះ ការដេកគឺពិតជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ទោះបីមនុស្សខ្លះត្រូវការពេលវេលាត្រឹម ៣ ទៅ ៤ ម៉ោងក៏អាចដេកលក់គ្រប់គ្រាន់ក៏ដោយ ។ សេចក្តីបង្រៀននៅក្នុងគោលការណ៍ទី ៣ នេះ គឺ កុំចំណាយពេលដេកលើសពីសេចក្តីត្រូវការរបស់រាងកាយ ។ ការចំណាយពេល ៩ ឬ ១០ ម៉ោង សម្រាប់ដេកពួន គឺពិតជាបង្ហិនពេលវេលាសំខាន់លើសពី ១ ភាគ ៣ ក្នុងមួយថ្ងៃសម្រាប់ធ្វើការងារជាប្រយោជន៍ដល់ខ្លួនឯង ដល់គ្រួសារ និង សង្គម ។ បើយើងពិចារណាពីជ្រុងជ្រោយសុខភាព ការដេកច្រើនក៏នឹងបង្កឲ្យសាច់ដុំចុះខ្សោយ ឆ្អឹងងាយផុយស្រួយ តម្រងនោម និង សួតពិបាកធ្វើការ ។ ការដេកច្រើនពេកក៏នឹងបង្កឲ្យស្បែកខ្នងរលាក ហើយក្រពះក៏ពិបាករំលាយអាហារ ដែលបង្កទៅជារោគទល់លាមកក៏មាន ។ មានរោគជាច្រើនបង្កឡើងដោយសារតែការដេកច្រើនហួសសេចក្តីត្រូវការរបស់រាងកាយ ។ ដូច្នេះយើងមិនត្រូវដំអក់ទម្រន់មិនក្រោកពីគ្រែឬទីដេកនៅពេលដល់ម៉ោងត្រូវភ្ញាក់នោះទេ វៀរលែងតែករណីមានជម្ងឺ ។ ការពិសារគ្រឿងញៀនស្រវិងក៏នឹងបង្កឲ្យមនុស្សម្នាក់ៗត្រូវចំណាយពេលវេលាសម្រាប់ដេកពួនលើសពីសេចក្តីត្រូវការរបស់រាងកាយដែរ ។ ហេតុនេះយើងក៏ត្រូវជៀសវាងគ្រឿងញៀនឬស្រវឹងទាំងឡាយដែលបង្កបញ្ហាដល់សុខភាពខួរក្បាល សួត ថ្លើម និង តម្រងនោម ។
កិរិយាទី ២ គឺការនិយាយច្រើនហួសហេតុដែលមនុស្សគ្រប់រូបគួរកាត់បន្ថយ ។ ជាទូទៅ មនុស្សនិយាយប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង វិធីធ្វើការងារ និង ជួញដូរ ។ ការនិយាយគឺជាអំពើដែលរាងកាយមនុស្សប្រើសម្ពាធខ្យល់បញ្ចេញពីសួតដើម្បីបញ្ជាប្រអប់សំឡេងឲ្យមានចេញជាសំឡេងស្រែក ខ្សិប ឬនិយាយ ។ យើងឃើញថាមនុស្សម្នាក់ៗត្រូវប្រើថាមពលយ៉ាងច្រើនដើម្បីនិយាយទាក់ទងគ្នា ។ បើមនុស្សនិយាយតិច គាត់ក៏នឹងចំណាយថាមពលតិច បើគាត់និយាយច្រើន គាត់ក៏ចំណាយថាពលច្រើនដែរ ។ ពេលយើងដឹងការពិតដូច្នេះហើយ យើងត្រូវកាត់បន្ថយការនិយាយឲ្យបានតិចតាមអាចធ្វើបានដើម្បីសន្សំថាមពលទុកប្រើប្រាស់នៅក្នុងកាយវិការដទៃទៀត ។ មនុស្សមួយដែលចំនួនប្រកបអាជីពខ្លះៗដែលទាមទារការនិយាយច្រើន ដូចជាគ្រូបង្រៀន ភិក្ខុ មេធាវី ឬតំណាងរាស្ត្រ ។ ការនិយាយរបស់ពួកគាត់ភាគច្រើនជាការនាំប្រយោជន៍ដល់មនុស្សច្រើននាក់ ។ ប៉ុន្តែពួកគាត់ក៏ខាតបង់ថាមពលច្រើនណាស់ដែរនៅពេលនិយាយម្តងៗ ។ ប៉ុន្តែមនុស្សខ្លះបែរជាចង់បញ្ចេញសំដីរោយរាយព្រោកប្រាជ្ញឥតប្រយោជន៍តាមតៀមស្រា ឬវត្តវ៉ាអារ៉ាម ដោយគ្មានគោលដៅពិតប្រាកដ ព្រោះពួកនេះមានអំនួតខ្ពស់ និង ចង់ឲ្យមនុស្សដទៃកោតក្រែងខ្លួនថាជាអ្នកចេះដឹងច្រើន ។ ការនិយាយបែបនេះគឺជាការបង់ខាតថាមពលរបស់ខ្លួន ។ បើជ្រុលជានិយាយដើមអាក្រក់ឬបង្ខូចកិត្តិយសរបស់មនុស្សដទៃវិញ ជនព្រោកប្រាជ្ញឥតបានការទាំងនោះច្បាស់ជានឹងត្រូវគេជេរស្តីឬវាយប្រហារឲ្យឈឺសាច់ជាមិនខាន ។ បើនៅក្នុងវង់ជជែកវិញ មនុស្សនិយាយច្រើនមិនទុកឱកាសឲ្យដៃគូបញ្ចេញគំនិតរបស់គេទេ ។ នេះគឺពិតជាការខាតបង់ដ៏ធំមួយ ព្រោះថាមនុស្សម្នាក់ៗតែងមានគំនិតល្អរៀងៗខ្លន គ្រាន់តែគេមិនចង់បញ្ចេញឲ្យក្រុមពិភាក្សាដឹងព្រោះគាត់គ្មានឱកាស ។ ដូច្នេះមនុស្សនិយាយច្រើនគួរតែទុកឲ្យកាសស្តាប់យោបល់របស់មនុស្សដទៃ កុំគិតថាមានតែខ្លួនទេទើបមានយោបល់ល្អ ឬចេះដឹងច្រើនជាងគេ ។ ម្យ៉ាងទៀតការនិយាយច្រើននឹងនាំឲ្យបែកធ្លាយការណ៍សម្ងាត់ដែលនាំឲ្យជនបង្កប់លួចយកព័ត៌មានទៅប្រើសម្រាប់ធ្វើអំពើអាក្រក់ដល់ខ្លួនឬប្រទេសរបស់ខ្លួន ។
កិរិយាទី ៣ គឺភាពកំជិលដែលមនុស្សម្នាក់ៗត្រូវជៀសវាង ។ គ្មានជនណាម្នាក់អាចអួតអាងថាខ្លួនគេគ្មានភាពកំជិលនៅក្នុងខ្លួននោះឡើយ ។ មនុស្សម្នាក់ៗតែងមានភាពកំជិលនេះជាប់មកតាំងពីកំណើត ។ យើងខិតខំបង្កើតរបៀបធ្វើការងារ និង បង្កើតឧបករណ៍បច្ចេកវិជ្ជាផ្សេងៗ ដើម្បីធ្វើកិច្ចការមួយបានសម្រេចដោយប្រើពេលវេលាតិច ដើម្បីសន្សំពេលយកទៅសម្រាកលំហែកម្សាន្ត ពោលគឺភាពកំជិល ។ មនុស្សខ្លះបានជួលឬប្រើមនុស្សផ្សេងទៀតឲ្យធ្វើការងារជំនួសខ្លួនក៏មាន ។ ក្រុមមនុស្សមានអំណាចប្រើប្រាស់មនុស្សនៅក្រោមបង្គាប់ឲ្យធ្វើការងាររាប់ពាន់ប្រភេទជំនួសខ្លួន ។ ពួកម្ចាស់ដីប្រើកូនឈ្នួលធ្វើការងារកសិកម្មយ៉ាងលំបាកនិងផ្តល់ប្រាក់ឈ្នួលបន្តិចបន្តួចឬមិនឲ្យសោះក៏មាន ។ នោះហើយជាភាពកំជិលរបស់មនុស្ស ។ រីឯអ្នកវិទ្យាសាស្ត្រក៏បានស្វះស្វែងរកវិធីធ្វើការងារ ឬបង្កើតឧបករណ៍សម្រាប់ធ្វើការងារឲ្យបានច្រើនដោយប្រើពេលវេលានិងថាមពលតិចបំផុត ។ ឧទាហរណ៍ មនុស្សជំនាន់ដើមត្រូវធ្វើស្រែដោយប្រើសត្វជាជំនួយព្រោះខ្ជិលប្រើកម្លាំងរបស់ខ្លួន ហើយក្រោយមកមនុស្សក៏បានបង្កើតគ្រឿងយន្តជំនួសសត្វវិញព្រោះវាជួយឲ្យពួកគេសម្រេចគោលដៅឆាប់ ។ យើងលើកយកភាពកំជិលបែបទីមួយមកបង្ហាញសិនថា ភាពកំជិលមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ។ យើងឲ្យឈ្មោះភាពកំជិលប្រភេទនេះថា "ទុកពេលស្វែងរកគំនិតល្អផ្សេងទៀតដើម្បីធ្វើការងារមួយឲ្យបានឆាប់និងប្រសើរជាងមុន" ។ ភាពកំជិលបែបនេះគឺមានប្រយោជន៍ច្រើនជាងការធ្វើការងារតាមវិធីដដែលៗ តាមក្បួនចាស់ តាមទម្លាប់ ដែលចំណាយពេល ឬកម្លាំងច្រើន និង បានផលតិច ។
ចំណែកឯភាពកំជិលដែលយើងត្រូវវៀរចាកឲ្យឆ្ងាយនោះគឺជាភាពកំជិលដែលមនុស្សម្នាក់មិនអនុវត្តតាមវិធីធ្វើការងារដ៏ប្រសើរដែលគេបានណែនាំ និង មិនរវល់គិតគូររកវិធីធ្វើការងារថ្មីដើម្បីសម្រេចគម្រោងណាមួយឡើយ ។ ឧទាហរណ៍ទី ១ កសិករម្នាក់ត្រូវភ្ជួរស្រែមួយហិកតាឲ្យចប់ក្នុងរយៈពេល ១០ ថ្ងៃ ។ ប្រសិនបើគាត់មានតែគោឬក្របីមួយនឹមនិងនង្គ័លតែមួយ ជាធម្មតាគាត់ត្រូវក្រោកពីព្រលឹមដើម្បីភ្ជួស្រែឲ្យបានយូរក្នុងមួយថ្ងៃៗ ។ ប៉ុន្តែគាត់បែជាខ្ជិលក្រោកពីព្រលឹម ហើយរង់ចាំថ្ងៃរះផុតព្រៃ ឬរង់ចាំជិតថ្ងៃត្រង់ទើបចេញទៅស្រែ ។ គាត់មិនអាចនឹងសម្រេចទិសដៅរបស់គាត់បានឡើយ ។ ជម្រើសទី ២ គាត់អាចជួលមនុស្សដទៃឲ្យមកជួយការងារនោះ ពេលនោះគាត់នៅតែអាចសម្រេចទិសដៅបាន ។ ប៉ុន្តែគាត់ខ្ជិលចំណាយប្រាក់ឬគ្មានប្រាក់សម្រាប់ចំណាយ ពេលនោះគម្រោងរបស់គាត់នឹងមិនអាចសម្រេចតាមទិសដៅដាក់ចុះឡើយ ។ ឧទាហរណ៍ទី ២ និស្សិតម្នាក់ត្រូវសរសេរនិក្ខេបបទកម្រាស់ ២០០ ទំព័រ ដើម្បីការពារគំនិតរបស់គាត់សម្រាប់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ។ គាត់ត្រូវបញ្ចប់គម្រោងនោះក្នុងរយៈពេល ១២ ខែ ដោយរាប់បញ្ចូលទាំងការរៀបចំគម្រោង ការចុះស្រាវជ្រាវយកទិន្នន័យ ការវិភាគទិន្ន័យ និង ការសរសេរនិក្ខេបបទផងដែរ ។ និស្សិតម្នាក់នោះខ្ជិលធ្វើកិច្ចការទាំងនោះនិងរង់ចាំជិតដល់ឆ្នាំបញ្ចប់សឹមចាប់ផ្តើមធ្វើការងារនោះ ។ ពេលវេលាចេះតែរំកិលទៅមុខគ្មានរង់ចាំនិស្សិតកំជិលនោះទេ ។ នៅចុងឆ្នាំគាត់គ្មានទាំងគម្រោង ទាំងទិន្នន័យ សម្រាប់សរសេរ ហើយក៏គ្មានឯកសារសម្រាប់បញ្ជាក់ថាគាត់បានធ្វើកិច្ចការទាំងនោះ ។ ឧទាហរណ៍ទី ៣ ភិក្ខុមួយអង្គត្រូវរៀនគម្ពីរព្រះត្រៃបិដកទាំង ១១០ ក្បាល និងគម្ពីរផ្សេងៗរបស់ពុទ្ធសាសនា និង របស់សាសនាផ្សេងៗទៀតឲ្យចេះចាំយ៉ាងស្ទាត់សម្រាប់យកទៅការពារគំនិតនៅពេលតស៊ូមតិ (សង្គាយនា) ជាមួយនឹងភិក្ខុដទៃនៅថ្ងៃប្រគួតប្រឡងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ។ ភិក្ខុមួយអង្គនោះអានតែគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ និង ខ្ជិលអានសៀវភៅផ្សេងទៀត ។ ថ្ងៃប្រគួតបានឈានមកដល់ ការជជែកដេញដោលបានឈានឡើងដល់កម្រិតជ្រៅនិងលំបាកយ៉ាងខ្លាំង ។ ភិក្ខុជាដៃគូប្រគួតបានចោទសួរភិក្ខុកំជិលយ៉ាងចាស់ដៃ និង បានធ្វើឲ្យភិក្ខុកំជិលចាញ់ដៃអាម៉ាស់មុខ ខឹងចិត្តទៅសម្ងំសូធ្យរៀនបន្ថែមសម្រាប់ឡើងទៅប្រយុទ្ធនៅពេលក្រោយទៀត ។ ឧទាហរណ៍ទី ៤ បុរសម្នាក់ចង់ក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុន្តែគាត់ខ្ជិលទៅប្រកបអាជីវកម្មឬធ្វើការងារបម្រើក្រុមហ៊ុនដទៃ ។ គាត់គិតថាបើគាត់ទៅកាស៊ីណូ គាត់អាចនឹងឈ្នះល្បែងបានប្រាក់ច្រើនសន្ធឹកក្នុងពេលឆាប់ៗ បើមិនដូច្នោះទេ គាត់អាចនឹងទិញឆ្នោតដែលអាចឲ្យគាត់ត្រូវបានប្រាក់រាប់លានដុល្លា ។ បុរសម្នាក់នោះបន្តទៅកាស៊ីណូដើម្បីលេងល្បែងគ្មានលោះថ្ងៃ ។ ថ្ងៃខ្លះក៏ឈ្នះ ថ្ងៃខ្លះក៏ចាញ់ ។ ជាសរុបគាត់ចាញ់ល្បែងអស់ប្រាក់រាប់ម៉ឺនដុល្លា ត្រូវបញ្ចាំផ្ទះដើម្បីយកប្រាក់ទៅលេងល្បែងទៀត ។ គាត់ក៏បានចំណាយប្រាក់សន្ធឹកណាស់ដែរដើម្បីទិញលេខឆ្នោត ។ ទីបំផុត ផ្ទះក៏អស់ ការងារក៏គ្មាន ព្រមទាំងជំពាក់ប្រាក់អ្នកដទៃយ៉ាងច្រើនទៀតផង ។ នេះជាលទ្ធផលនៃភាពកំជិល ដែលមនុស្សគ្រប់រូបគួរវៀរចាកឲ្យឆ្ងាយ ។
កិរិយាទី ៤ ការខឹងសម្បារ ដែលមនុស្សត្រូវកាត់បន្ថយឲ្យបានតិចបំផុត ។ មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ខឹងស្បារ ទោះបីជាជនសាមញ្ញ ឬ អ្នកចេះដឹងខ្ពស់ក្លាយជាអរហន្តក៏ដោយ គ្រាន់តែកម្រិតនៃកំហឹងមានខុសគ្នាទៅតាមកម្រិតនៃភាពចេះដឹង និង ការចេះខន្តី ឬសណ្តោស ។ កំហឹងគឺជាអារម្មណ៍ឆេះក្តៅ ពុះកញ្ជ្រោលឡើងនៅក្នុងក្បាលរបស់បុគ្គលម្នាក់នៅពេលស្ថានភាពមួយមិនកើតឡើងតាមការរំពឹងទុក ឬ មនុស្សម្នាក់បង្កបញ្ហាឬមិនធ្វើការងារឲ្យសមនឹងចិត្តចង់បានរបស់បុគ្គលទីមួយនោះ ។ មនុស្សដែលមានខន្តី និង យល់ស្ថានការណ៍ ព្រមទាំងទុក្ខលំបាករបស់ជនដទៃ ក៏ចេះបន្ធូរអារម្មណ៍ខឹងបានឆាប់ និង មិនជះកំហឹងទៅលើជនទីពីរ ។ មនុស្សគ្មានខន្តី មិនស្វែងយល់ស្ថានការណ៍របស់ជនដទៃ នឹងបន្តរក្សាកំហឹងឲ្យឆេះងំនៅក្នុងក្បាលរបស់ខ្លួន រួចហើយជះកំហឹងនោះទៅលើជនទីពីរ និង មនុស្សនៅក្បែរខ្លួនដូចជាកូនចៅ ប្តីសី ឬ មនុស្សនៅក្រោមបង្គាប់ ។ សូម្បីរបស់មានតម្លៃ និង ជាទីស្រឡាញ់របស់ខ្លួនក៏មនុស្សមិនចេះទប់កំហឹងនោះនឹងវាយបំបែកឲ្យខ្ទេច ។ គ្មាននរណាម្នាក់ចង់រស់នៅក្បែរមនុស្សមិនចេះទប់កំហឹងសោះឡើយ ព្រោះកំហឹងរបស់បុគ្គលនោះនឹងឆ្លងដល់ខ្លួនមិនខាន ។ កំហឹងដែលមិនមានការទប់ស្កាត់ត្រឹមត្រូវគឺជាភាពចង្រៃដល់សីលធម៌ (moral hazard) ។
ការបកស្រាយខាងលើបានបង្ហាញឲ្យឃើញថា ការដេកច្រើន, ការនិយាយច្រើន, ភាពកំជិល, និង កំហឹងគ្មានការគ្រប់គ្រងគឺជាមូលហេតុនាំមកនូវក្តីវិនាសទី ៣ ។ ហេតុនេះបុគ្គលគ្រប់រូបគួរជៀសវាងឬកាត់បន្ថយការបញ្ចេញអារម្មណ៍ទាំងនោះឲ្យបានតិចបំផុតតាមអាចធ្វើបានដើម្បីអាចរស់នៅសុខចម្រើន និង ចុះសម្រុងជាមួយមនុស្សដទៃនៅក្នុងគ្រួសារ និង សហគមន៍ ។ មានវិធីប្រកបដោយប្រសិទ្ធភាពជាច្រើនដែលមនុស្សគ្រប់រូបគួររៀននិងប្រតិបត្តិតាមដើម្បីជួយខ្លួនឯងឲ្យជៀសវាងការដេកទ្រមក់ ការនិយាយច្រើន ភាពកំជិល និង កំហឹងឥតគម្របរបស់ខ្លួន ។
ទី ៤ - មិនចិញ្ចឹមមាតាបិតា
[កែប្រែ]តាមច្បាប់ធម្មជាតិ មេបាសត្វប្រភេទខ្លះបង្កើតកូនដើម្បីបន្តពូជពង្សរួចហើយក៏បន្តរកចំណីមកបញ្ចុកកូនរហូតដល់កូនធំធាត់អាចស្វែងរកចំណីដោយខ្លួនឯង ។ មេបាសត្វខ្លះថែមទាំងបង្រៀនកូនឲ្យចេះរកចំណីអាហារ និង ជួយការពារកូនឲ្យរួចផុតពីសត្វដទៃដែលអាចចាប់កូនធ្វើជាចំណី ។ នៅពេលកូនធំធាត់ដឹងក្តី ពួកគេបន្តជីវិតដោយខ្លួនឯង និង ដើរតួនាទីជាមេបាដើម្បីបន្តពូជពង្សសត្វប្រភេទនោះបន្តទៀត ។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញកូនសត្វប្រភេទណាមួយវិលត្រឡប់យកចំណីមកជួយមេបារបស់ខ្លួនទេ វៀរលែងតែមនុស្សប៉ុណ្ណោះ ។ មនុស្សក៏ជាពូជសត្វម្យ៉ាងដែរ ប៉ុន្តែមនុស្សជាសត្វមានភាសាពិសេសសម្រាប់ឆ្លើយឆ្លងគ្នា សម្រាប់បង្រៀនឬផ្ទេរចំណេះដឹង និង បច្ចេកវិជ្ជាទៅមនុស្សជំនាន់មួយទៀត ។ មនុស្សប្រើប្រាស់ភាសាពន្យល់គ្នាឲ្យចេះជួយបែងចែកចំណីអាហារ ជួយធ្វើការងារ និង ការពារគ្នាតាមលទ្ធភាពដែលពួកគេមាន ។ មនុស្សរស់នៅក្នុងកុលសម្ព័ន្ធ សហគមន៍ ឬ ប្រទេសជាមួយគ្នាបានបង្កើតច្បាប់ទម្លាប់សម្រាប់មនុស្សនៅក្នុងកុលសម្ព័ន្ធ សហគមន៍ ឬប្រទេសនោះ ។ មនុស្សបានបង្កើតច្បាប់សម្រាប់គ្រប់គ្រងកុលសម្ព័ន្ធឬរដ្ឋ និង ច្បាប់សាសនាដើម្បីឲ្យមនុស្សរស់នៅចុះសម្រុង និង ចេះជួយគ្នាដើម្បីឲ្យពូជមនុស្សអាចរស់នៅប្រកបដោយសេចក្តីសុខ ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ភាគច្រើននៃច្បាប់សាសនាបានបង្រៀនមនុស្សជាកូនចៅទទួលយកភារៈចិញ្ចឹមឪពុកម្តាយដោយស្ម័គ្រចិត្ត និង ពេញចិត្ត ។ ឧទាហរណ៍ នៅក្នុងគម្ពីរព្រះត្រៃបិដកនៃពុទ្ធសាសនានិកាយថេរវាទ មានសេចក្តីបង្រៀនថា កូនមានតួនាទីចំពោះឪពុកម្តាយស្របតាមប្រការ ៥ យ៉ាង គឺ ១- ជួយចិញ្ចឹមបីបាច់, ២- ជួយធ្វើការងារជំនួស, ៣- ជួយការពារនិងរក្សាវង្សត្រកូល, ៤- ប្រតិបត្តិខ្លួនឱ្យត្រឹមត្រូវសមជាអ្នកទទួលនិងគ្រប់គ្រងមរតកពីពួកគាត់, និង ៥- ធ្វើបុណ្យទានជូនពួកគាត់ពេលពួកគាត់លាចាកលោកនេះ ។ ប៉ុន្តែមានមនុស្សមួយចំនួនមិនអនុវត្តតាមច្បាប់សាសនាទាំងនោះទេ ពោលគឺមិនខ្វល់ជួយចិញ្ចឹមឪពុកម្តាយរបស់ខ្លួនទោះបីពួកគេមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់ក៏ដោយ ។
យើងសង្កេតឃើញថាច្បាប់សាសនាគ្មានវិធីអ្វីដើម្បីចាប់បង្ខំពួកកូនទាំងនោះឲ្យអនុវត្តតាមច្បាប់ទាំងនោះទេ ក្រៅតែវិធីពីរយ៉ាង ពោលគឺ ទី ១ ការលើកទឹកចិត្តថាវាជាកិច្ចការដែលព្រះអាទិទេពដាក់ចុះឬទេវតានឹងជួយរក្សាពួកខ្លួនឲ្យមានសុវត្ថិភាព និង វិធីទី ២ គឺការនិយាយបំភិតបំភ័យដើម្បីបន្លាចឲ្យពួកកូនទាំងនោះទទួលយកនិងធ្វើតាម ។ យើងមិនត្រូវបន្ទោសពួកកូនៗថាពួកគេមិនចិញ្ចឹមឪពុកម្តាយឲ្យបានត្រឹមត្រូវ ដោយយើងមិនបានសិក្សាមើលអំពីលទ្ធភាពរបស់ពួកកូនៗទាំងនោះក្នុងការបំពេញកិច្ចការទាំងនោះឡើយ ។ ប្រសិនបើពួកកូនទាំងនោះគ្មានលទ្ធភាពធ្វើកិច្ចការទាំងនោះទេ តើអ្នកណាជាអ្នកជួយពួកគេ ? យើងត្រូវពិនិត្យមើលឲ្យហួសពីការទទួលខុសត្រូវរបស់ពួកកូនៗ និង ត្រូវសួរថាតើសហគមន៍ទាំងមូលមានតួនាទីអ្វីខ្លះដែលអាចជួយមនុស្សចាស់នៅក្នុងភូមិ និង ជួយបានក្នុងកម្រិតណា ? តើភិក្ខុសង្ឃអាចដើរតួជាអ្នកដឹកនាំប្រជាជនជាពុទ្ធបរិស័ទចំណុះជើងវត្តឲ្យចូលរួមគ្នាជួយពួកមនុស្សចាស់ទាំងនោះបានក្នុងកម្រិតណា ? តើប្រទេសទាំងមូលអាចបង្កើតច្បាប់ការពារមនុស្សចាស់បានក្នុងកម្រិតណា រាប់ទាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិទទួលបានការឧបត្ថម្ភត្រឹមត្រូវពីរដ្ឋាភិបាលទាំងផ្នែកចំណីអាហារ ទីជម្រក ការថែទាំសុខភាព និង សុខុមាលភាព ? ប្រសិនបើសហគមន៍ វត្តអារាម និង រដ្ឋាភិបាលរួមគ្នាជួយមនុស្សចាស់ទាំងឡាយ ពេលនោះបន្ទុកក្នុងការចិញ្ចឹមបីបាច់ឪពុកម្តាយនឹងមិនសូវជាធ្ងន់ពេកសម្រាប់ពួកកូនៗដើម្បីទទួលយកនោះឡើយ ។
ទី ៥ - ភូតកុហក បោកបញ្ឆោត
[កែប្រែ]នៅក្នុងគោលការណ៍នេះយើងត្រូវបែងចែកជាពីរផ្នែកឲ្យដាច់ស្រឡះដើម្បីឲ្យយើងអាចបកស្រាយ និង រកភស្តុតាងអំណះអំណាងមកការពារចំណុចនីមួយៗឲ្យបានពេញលេញ និង ងាយយល់ ។ ផ្នែកទី ១ គឺពាក្យថា ភូតឬកុហក ។ តើសំដីកុហកផ្តល់ប្រយោជន៍ឬគុណវិបត្តិអ្វីដល់មនុស្សជាអ្នកនិយាយ និង មនុស្សជាអ្នកស្តាប់ ? ជាទូទៅ គ្មានមនុស្សណាម្នាក់អាចអួតអាងថាមិនធ្លាប់និយាយកុហកសោះក្នុងមួយជីវិត ។ មានពេលខ្លះសំដីកុហកអាចផ្តល់ប្រយោជន៍ដល់អ្នកនិយាយ និង គ្មានមនុស្សណាមកចាប់ទោសអូសដំណើរអ្វីទេប្រសិនបើគេប្រើវាសម្រាប់ដោះទាល់ឬការពារសុវត្ថិភាពរបស់ខ្លួន ឬ សុវត្ថិភាពមនុស្សដទៃ ។ ឧទាហរណ៍ មានជនចំឡែកម្នាក់មកសុំស្នាក់នៅក្នុងវត្តមួយនៅក្នុងបំណងស៊ើបអង្កេតមើលស្ថានភាពរបស់ប្រជាជនក្នុងភូមិ ដូចជាចង់ដឹងថាតើគ្រួសារណាមានទ្រព្យច្រើនជាងគេ ឬថាតើមានការយាមកាមត្រឹមត្រូវឬអត់ ។ ប្រសិនបើជនចំឡែកសួរភិក្ខុមួយអង្គនៅក្នុងវត្តនូវសំណួរទាំងឡាយប្រភេទនេះ តើភិក្ខុអង្គនោះត្រូវឆ្លើយយ៉ាងណា ? បើឆ្លើយតាមការពិត ជនចំឡែកនឹងប្រើប្រាស់ព័ត៌មាននោះក្នុងផ្លូវអាក្រក់ដូចជាការមកលួចឬប្លន់ទ្រព្យប្រជាជនជាដើម ។ បើមិនឆ្លើយតាមការពិតទេ ភិក្ខុនឹងមានកំហុសថាបានពោលពាក្យមុសា ។ ដូច្នេះភិក្ខុអង្គនោះត្រូវថ្លឹងមើលថា តើក្នុងចំណោមអំពើទាំងពីរនោះ អំពើមួយណានឹងនាំទៅដល់ផលវិបត្តិតិចជាងគេ ។ ប្រសិនបើមិនអាចគេចវេសមិនឆ្លើយតបចំពោះសំណួរទាំងនោះបានទេ ភិក្ខុអង្គនោះអាចនឹងជ្រើសយកការមិនផ្តល់ព័ត៌មានពិត ឬអាចឆ្លើយថាមិនដឹងជាការស្រេច ។ អំពើរបស់ភិក្ខុនោះជួយការពារទ្រព្យសម្បត្តិឬអាយុជីវិតរបស់ប្រជាជន ដែលជាប្រយោជន៍ប្រសើរជាងការនិយាយព័ត៌មានពិតក្នុងបំណងរក្សាសីល "មិនពោលពាក្យមុសាវាទ" ។ ប៉ុន្តែការពោលពាក្យកុហកមួយចំនួននឹងនាំផលអវិជ្ជមានដល់ខ្លួនផង និង ដល់មនុស្សដទៃផងដែរ ។ ឧទាហរណ៍ ភិក្ខុមួយអង្គពោលពាក្យអួតអាងថាអាចព្យាបាលជម្ងឺច្រើនមុខជូនអ្នកស្រុក ដោយលោកគ្រាន់តែប្រើថ្នាំឫសឈើមួយឆ្នាំងប៉ុណ្ណោះ ។ ជម្ងឺអេដស៍គឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលភិក្ខុអង្គនោះអួតថាអាចព្យាបាលឲ្យជាសះស្បើយ ។ មានគ្រួសារមួយដែលមានកូនប្រុសម្នាក់កើតជម្ងឺអេដស៍ដែលបុគ្គលិកពេទ្យគ្មានវិធីព្យាបាលឲ្យជាសះស្បើយទេ គឺមានតែការចំណាយប្រាក់សម្រាប់ទិញថ្នាំលេបដើម្បីបង្ក្រាបកុំឲ្យចំនួនវីរុសកើនឡើងច្រើនពេកដែលអាចឈានទៅដល់សម្លាប់បុរសវ័យក្មេងនោះ ។ ឪពុកម្តាយយុវជននោះមិនជឿពាក្យណែនាំរបស់ពេទ្យក៏នាំកូនទៅជួបភិក្ខុពូកែអួតអាងអង្គនោះដើម្បីសុំឲ្យលោកជួយព្យាបាល ។ ការពិតគឺគ្មានថ្នាំឫឈើណាអាចសម្លាប់មេរោគអេដស៍បានឡើយ ។ ដោយក្តីអំណួត មោទនភាព និង ខ្លាចខ្មាស់ប្រជាជនផងប្រសិនបើភិក្ខុអង្គនោះពោលពាក្យពិត "អាត្មាមិនអាចព្យាបាលរោគអេដស៍" ជាជាងការពោលពាក្យពិត ភិក្ខុអង្គនោះកុហកថាលោកអាចព្យាបាលយុវជនឲ្យជាសះស្បើយពីរោគអេដស៍ ។ ទីបំផុតឪពុកម្តាយក៏អស់ប្រាក់ យុវជននោះក៏ស្លាប់ព្រោះមិនបានទទួលថ្នាំពេទ្យត្រឹមត្រុវដើម្បីសម្លាប់មេរោគអេដស៍ ។ នេះគឺជាការពេលពាក្យកុហកដែលបង្កឲ្យមនុស្សដទៃបាត់បង់ទ្រព្យ គ្រោះថ្នាក់ និង ស្លាប់បាត់បង់ជីវិត ។
ផ្នែកទី ២ គឺការបោកបញ្ឆោត ។ ពាក្យថា បោកបញ្ឆោត គឺជាសំដីដែលមនុស្សទី ១ និយាយលួងលោមមនុស្សទី ២ ឲ្យធ្វើអំពើមួយដែលនឹងមិននាំផលល្អដល់មនុស្សទី ១ ទេ ប៉ុន្តែមនុស្សទី ២ បែរជាបានផលទៅវិញ ។ ឧទាហរណ៍ មនុស្សសាមញ្ញម្នាក់បានពោលពាក្យបញ្ឆោតប្រជាជនទូទៅថា រូបខ្លួនគឺជាព្រះសិរីអារ្យមេត្រីចុះមកចាប់ជាតិដើម្បីជួយសង្គ្រោះមនុស្សលោក ។ បុរសម្នាក់នោះមានក្រុមបក្សរបស់ខ្លួនជាច្រើនព្រមទាំងមានមនុស្សមានអំណាចជួយការពាររូបគេផងដែរ ។ ជនបោកប្រាស់នោះបានបញ្ឆោតមនុស្សជាច្រើនឲ្យជឿ និង ចំណាយប្រាក់ជាច្រើនដើម្បីទិញជ័រគ្រីស្តាល់របស់ខ្លួនដោយនិយាយថាជ័រនោះនឹងក្លាយទៅជាដុំពេជ្រនៅពេលអនាគត ។ លើសពីនោះទៀត ជនបោកប្រាស់ម្នាក់នោះនៅបានបោកប្រជាជនជាច្រើនឲ្យចំណាយប្រាក់សង់វិមានធំស្កឹមស្កៃនៅលើដីវត្តរបស់ខ្លួនព្រោះនៅពេលដល់ពេលកំណត់ជនបោកប្រាស់នោះនឹងហោះឡើងទៅស្ថានសួគ៌ ហើយមនុស្សណាដែលរស់នៅក្នុងវិមាននៅក្នុងដីវត្តនោះអាចនឹងតោងជើងជនបោកប្រាស់នោះហោះឡើងទៅស្ថានសួគ៌ជាមួយដែរ ។ ទីបំផុតអំពើបោកប្រាស់ក៏ត្រូវបានបើកបង្ហាញឲ្យដឹងជាសាធារណៈ ជនបោកប្រាស់ក៏បានសារភាពនូវអំពើបោកប្រាស់របស់ខ្លួន ។ មេបោកប្រាស់នេះសមនឹងទទួលពិន័យយ៉ាងធ្ងន់ធ្ងរស្របនឹងច្បាប់ជាធរមាន ប៉ុន្តែដោយសារតែមានខ្សែឬខ្នងបង្អែកធំ ជនបោកប្រាស់ក៏បានដោះលែងឲ្យរួចខ្លួនបន្ទាប់ពីបានពោលពាក្យសុំទោសបែបលាក់កំណួចរបស់ខ្លួន ។ ចំណែកប្រជាជានរាប់ពាន់នាក់ដែលត្រូវជនបោកប្រាស់បញ្ឆោតឲ្យចំណាយប្រាក់រាប់ម៉ឺននោះវិញបានត្រឹមតែខឹងមួម៉ៅក្តៅក្រហាយ និង ជេរប្រទេចដាក់បណ្តាសាមនុស្សគម្រក់នោះប៉ុណ្ណោះ ព្រោះមិនអាចធ្វើអ្វីកើត និង ឈឺចិត្តមិនគួរនឹងល្ងង់ខ្លៅត្រូវគេបោកប្រាស់យ៉ាងងាយដូច្នេះសោះ ។ ទីបំផុត លោភៈ និង មោហៈ បានត្រឹមនាំមកនូវទោសៈដាក់ខ្លួនប៉ុណ្ណោះ ។ ដូច្នេះសូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នខ្លួន មិនត្រូវធ្លាក់ខ្លួនចាញ់ពាក្យល្បងលួងលោមរបស់ជនពាលឡើយ ទោះជនពាលជាភិក្ខុសង្ឃ ឬ ជនសាមញ្ញក៏ដោយ ។
ទី ៦ - លាក់អាហារឆ្ងាញ់ និង ធនធាន
[កែប្រែ]នៅក្នុងគោលការណ៍នេះក៏មានពីរផ្នែកដែលយើងត្រូវបកស្រាយដាច់ដោយឡែកពីគ្នា ។ ផ្នែកទី ១ ការលាក់អាហារឆ្ងាញ់មិនចែករំលែកជាមួយនឹងមនុស្សដទៃ ។ តាមច្បាប់ធម្មជាតិ សត្វមួយចំនួនធំស្វែងរកចំណីអាហារសម្រាប់ចិញ្ចឹមជីវិតត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ព្រោះពួកគេមិនដែលខ្វល់ខ្វាយកើបប្រមូលអាហារមកទុកសម្រាប់ថ្ងៃស្អែកទេ ។ បើថ្ងៃស្អែកឡើងរកមិនបានអាហារពួកវាក៏នឹងស្វែងរកអាហារនៅថ្ងៃស្អែកទៀត ។ មានសត្វបក្សីប្រភេទខ្លះត្រូវហើរផ្លាស់ទីចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីស្វែងរកចំណី ដោយចំណាយពេលហើរច្រើនថ្ងៃទើបទៅដល់គោលដៅក៏មាន ។ សត្វខ្លះក៏រស់នៅក្នុងជីវិតក្រាំងមិនស៊ីអាហាររយៈពេលច្រើនខែ ឧទាហរណ៍ កង្កែបក្រាំងនៅខែប្រាំង ឬ សត្វខ្លាឃ្មុំនៅដំបន់ប៉ូលខាងជើង ។ ប៉ុន្តែក៏មានសត្វមួយចំនួនចេះគិតគូរយកចំណីទៅជីកកប់លាក់ទុកសម្រាប់ពេលក្រោយផងដែរ ឧទាហរណ៍ សត្វក្អែកប្រភេទខ្លះយកចំណីទៅជីកកប់នៅទីតាំងច្រើនកន្លែងដើម្បីកុំឲ្យក្អែកដទៃទៀតរកឃើញ ហើយក៏មានសត្វក្អែកខ្លះលួចតាមសង្កេតមើលសកម្មភាពជីកកប់លាក់ចំណីនោះដើម្បីទៅលួចយកចំណីនោះមកស៊ីក៏មានដែរ ។ ពួកសត្វស្វាមួយចំនួនក៏មានវិធីលួចលាក់ចំណីមិនឲ្យស្វាដទៃរកឃើញផងដែរ ។ រីឯមនុស្សក៏ជាសត្វដែលត្រូវការចំណីដើម្បីបន្តជីវិតដូចសត្វដទៃ ដូច្នេះមនុស្សក៏មានល្បិចកលជីកកប់ចំណីលាក់ទុកសម្រាប់យកមកបរិភោគនៅថ្ងៃក្រោយដែរ ។ ល្បិចនេះគឺដុះឡើងក្នុងខួរក្បាលមនុស្សចាប់តាំងពីពេលពូជមនុស្សដំបូងៗដែលដើរស្វែងរកចំណីយ៉ាងលំបាកលំបិន ។ សូម្បីមកដល់សម័យទំនើបនេះដែលងាយរកចំណីក៏ដោយ ក៏នៅមានមនុស្សមួយចំនួនបន្តកើបប្រមូលចំណីលាក់ទុកសម្រាប់ខ្លួនឯង ឬក្រុមគ្រួសាររបស់ខ្លួនដែរ ។ ឧទាហរណ៍ជាក់ស្តែង មនុស្សខ្លះទៅវត្តអារាមដើម្បីប្រមូលយកចំណីមកផ្ទះវិញដោយមិនខ្ចីខ្វល់ទុកចំណីខ្លះសម្រាប់មនុស្សដទៃឡើយ ។ បើថ្ងៃនេះយើងមានចំណីអាហារទទួលទាន ហើយយើងចែករំលែកឲ្យមនុស្សដទៃបានបរិភោគដូចយើង ពួកគេក៏សប្បាយរីករាយជាមួយនឹងយើង ។ ថ្ងៃក្រោយនៅពេលពួកគេមានចំណីឆ្ងាញ់ពួកគេនឹកឃើញអំពើល្អរបស់យើង ពេលនោះពួកគេក៏នឹងចែកចំណីឆ្ងាញ់ជាមួយយើងដែរ ។
ផ្នែកទី ២ ពាក្យថា "ធនធាន" មានអត្ថន័យទូលំទូលាយដែលអាចរាប់បញ្ចូលទាំងចំណីអាហារ ប្រាក់កាស់ ចំណេះដឹង និង បច្ចេកវិជ្ជា ។ នៅទីនេះយើងសូមលើកយកអត្ថន័យរបស់ "ធនធាន" ដែលមានន័យត្រឹមតែជាទ្រព្យសម្បត្តិដូចជាលុយកាក់ឬមាសប្រាក់ប៉ុណ្ណោះ ។ បើមនុស្សម្នាក់លាក់បំពួនចំណីអាហារមិនចែករំលែកជាមួយមនុស្សដទៃ មនុស្សម្នាក់នោះក៏មានវិធីលាក់បំពួនទ្រព្យរបស់ខ្លួនមិនចែករំលែកជាមួយអ្នកផ្សេងដែរ ។ លុយកាក់ ឬ មាសប្រាក់គឺជាវត្ថុងាយស្រួលសម្រាប់យកទៅលាក់ទុកជាងចំណីអាហារឆ្ងាយណាស់ ។ សព្វថ្ងៃមនុស្សមានទ្រព្យច្រើនបានយកទ្រព្យទាំងនោះទៅផ្ញើទុកនៅឯធនាគារ ដែលមានសុវត្ថិភាពជាងការលាក់ទុកនៅឯផ្ទះ ។ ពេលអ្នកជិតខាង ឬ មិត្តភក្តិម្នាក់មកពឹងពរសុំឬខ្ចីបុល ជនកំណាញ់នោះក៏ពោលថាគ្មានប្រាក់សេសសល់នៅផ្ទះសម្រាប់ឲ្យខ្ចីបុលទេ ។ នៅពេលចូលដល់វ័យចំណាស់ មនុស្សកំណាញ់នោះបន្តប្រើល្បិចចុងក្រោយដើម្បីជីកកប់ទ្រព្យសម្បត្តិរបស់ខ្លួនសម្រាប់បើកយកមកចាយនៅជាតិក្រោយទៀត ។ តើមានអ្នកស្លាប់ប៉ុន្មាននាក់ដែលបានចេញមុខមកអះអាងបញ្ជាក់ថាគាត់បានបើកលុយកាក់របស់គាត់យកទៅចាយរួចហើយ ។ ទ្រព្យសម្បត្តិដែលគាត់ខំសន្សំ ឬលាក់ទុកទាំងប៉ុន្មាននឹងត្រូវធ្លាក់ចូលទៅក្នុងកណ្តាប់ដៃមនុស្សដែលនៅរស់យកទៅប្រើប្រាស់បន្តទៀត ។
ទី ៧ - ប្រកាន់ជាតិ, ត្រកូល, ទ្រព្យ, ឋានៈ និង មិនរាប់សាច់ញាតិរបស់ខ្លួន
[កែប្រែ]មុននឹងអាចយល់គំនិតបង្កប់នៅក្នុងគោលការណ៍នេះ យើងត្រូវពិនិត្យមើលសង្គមឥណ្ឌានៅសម័យកាលព្រះពុទ្ធ និង សម័យបច្ចុប្បន្ននេះ ដើម្បីវាយតម្លៃមើលថាតើពួកមនុស្សទាំងនោះបន្តប្រព្រឹត្តតាមទំនៀមទម្លាប់ចាស់គំរិលរាប់ពាន់ឆ្នាំរបស់ពួកគេឬមានការកែប្រែក្នុងកម្រិតណា ។ យើងបានសិក្សា និង ដឹងរួចហើយថា សង្គមមនុស្សនៅប្រទេសឥណ្ឌាត្រូវបានបែងចែកជា ៤ ក្រុមឬវណ្ណៈដាច់ស្រឡះពីគ្នា ។ លើសពីនោះទៀត មានមនុស្សមួយក្រុមពិសេសទៀតគឺពួកចណ្ឌាល ដែលជាមនុស្សនៅក្រៅវណ្ណៈទាំង ៤ ខាងលើ ។ មានខជាច្រើននៅក្នុងគម្ពីរ មនុ ដែលពួកមនុស្សនៅក្នុងវណ្ណៈព្រាហ្មណ៍បានតាក់តែងឡើងដើម្បីគ្រប់គ្រងមនុស្សនៅក្នុងវណ្ណៈដទៃទៀត ។ ពួកព្រាហ្មណ៍អះអាងថាពួកគេជាមនុស្សពិសេសដែលព្រះអាទិទេពចាត់ឲ្យរៀនគម្ពីរវេទ និង គម្ពីរផ្សេងទៀត សម្រាប់រៀបចំពិធីយញ្ញសម្រាប់បូជាអាទិទេព ។ ពួកនេះប្រកាន់យ៉ាងតឹងរឹងថា គ្មានមនុស្សណាផ្សេងនៅក្នុងវណ្ណៈផ្សេងទៀតអាចអានឬរៀនគម្ពីរវេទឬគម្ពីរមនុបានឡើយ ហើយក៏គ្មានមនុស្សវណ្ណៈផ្សេងណាអាចរៀបចំធ្វើពិធីបូជាណាមួយបានដែរ ។ មនុស្សស្ទើរតែទូទាំងប្រទេសឥណ្ឌានៅបន្តជឿថាត្រកូលរបស់ពួកគេប្រសើរជាងត្រកូលរបស់មនុស្សនៅវណ្ណៈក្រោម ។ ការរើសអើងមនុស្សដោយអាងលើកំណើតនៅក្នុងវណ្ណៈខ្ពស់ឬត្រកូលល្អបានឆ្លុះបញ្ចាំងឲ្យឃើញអំពើអយុត្តិធម៌ដែលស៊ីចាក់ជ្រៅចូលដល់ភូមិស្រុកនៅទីកន្លែងឆ្ងាយដាច់ស្រយាល ។ មនុស្សនៅក្នុងវណ្ណៈក្រោមគ្មានទ្រព្យសម្បត្តិ ឬដីធ្លីសម្រាប់ប្រកបរបរកសិកម្ម ឬគ្មានចំណេះវិជ្ជាសម្រាប់បម្រើក្នុងសេវាសង្គមណាមួយក្រៅពីការដើររើសប្រមូលខ្មោចមនុស្ស ឬ ខ្មោចសត្វយកទៅដុតចោល ឬ កើបលាមកពីបង្គន់របស់មនុស្សនៅវណ្ណៈខាងលើយកទៅចាក់ចោលនៅទីឆ្ងាយ ដើម្បីជាការដោះដូរយកដុំបាយឬអាហារសេសសល់ ។ ទោះបីមនុស្សនៅវណ្ណៈក្រោមបានរៀនសូត្រចេះដឹងច្រើន និង មានមុខងារខ្ពស់យ៉ាងណា ក៏មនុស្សកំប៉ិកកំប៉ុកនៅក្នុងវណ្ណៈខាងលើបន្តរើសអើង មាក់ងាយ មនុស្សម្នាក់នោះគ្មានថ្ងៃបញ្ចប់សោះឡើយ ។ ឧទាហរណ៍ លោកបណ្ឌិត អាំបិដការ ដែលជាមនុស្សមកពីវណ្ណៈចណ្ឌាល ដែលបានទទួលរងការមើលងាយមើលថោកគ្រប់ពេលវេលាពីសំណាក់សិស្សឬគ្រូដែលជាមនុស្សនៅវណ្ណៈខាងលើ ។ នៅសាលារៀនលោកមិនអាចចូលអង្គុយក្នុងថ្នាក់ជាមួយសិស្សផ្សេងទៀត មិនអាចបរិភោគទឹកដោយខ្លួនឯងព្រោះត្រូវតែមានមនុស្សវណ្ណៈខាងលើម្នាក់ចាក់ទឹកចេញពីក្អមមកពីទីខ្ពស់ឲ្យ ព្រោះពួកមនុស្សទាំងនោះប្រកាន់មាំថា មនុស្សចណ្ឌាលមិនអាចប៉ះពាល់ទឹករបស់ពួកគេឡើយ ។ ការរើសអើងនេះបន្តកើតមានរហូតដល់សកលវិទ្យាល័យដែលលោកទៅបង្រៀន នៅសភាជាតិឥណ្ឌាដែលលោកគឺជាប្រធានគណៈកម្មការព្រាងច្បាប់រដ្ឋធម្មនុញ្ញហើយក៏ដោយ ។ សូម្បីច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌាដែលទទួលបានការបោះឆ្នោតអនុម័តដោយសំឡេងភាគច្រើនក៏ដោយ ក៏មនុស្សនៅវណ្ណៈខាងលើមិនទទួលយកច្បាប់នោះទៅអនុវត្តភ្លាមៗដែរព្រោះគេគិតថាមិនមែនជាច្បាប់ដែលផ្តល់ប្រយោជន៍ដល់ពួកគេ ។ នេះជាភស្តុតាងបញ្ជាក់ឲ្យឃើញអំពើរើសអើងដែលបានកើតឡើងនិងកំពុងកើតឡើងនៅក្នុងសង្គមឥណ្ឌា ។ សព្វថ្ងៃមនុស្សនៅក្នុងវណ្ណៈក្រោមបំផុតកំពុងងើបឡើងតស៊ូប្រឆាំងដោយចំហចំពោះការគ្រប់គ្រងប្រកបដោយភាពអយុត្តិធម៌ និង ការរើសអើងរបស់មន្ត្រីមកពីវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ (ម្ចាស់ដី) ។ មនុស្សចណ្ឌាលមួយចំនួនបានផ្លាស់ប្តូរជំនឿពីសាសនាព្រាហ្មណ៍ទៅកាន់សាសនាព្រះពុទ្ធវិញ ព្រោះពុទ្ធសាសនាគ្មានការរើសអើងវណ្ណៈ គ្មានការប្រកាន់ជាតិ ត្រកូល ឋានៈ ឡើយ ។ ពួកមនុស្សចណ្ឌាលមានសេរីភាពដើរហើរ និង ចូលបម្រើក្នុងក្រសួងជាច្រើនដោយគ្មានខ្លាចការរើសអើង ។ ប៉ុន្តែយើងនៅតែសង្កេតឃើញមានករណីរើសអើង ករណីមនុស្សវណ្ណៈខាងលើចាប់រំលោភស្ត្រីជាមនុស្សគ្មានវណ្ណៈ ករណីរដ្ឋាភិបាលមិនរៀបចំខ្ទង់ថវិកាសម្រាប់អភិវឌ្ឍដំបន់ដែលមានមនុស្សចណ្ឌាលរស់នៅច្រើន ។
ទោះបីនៅប្រទេសកម្ពុជាគ្មានប្រពៃណីប្រកាន់វណ្ណៈដីឆ្កួតលីលាដូចនៅប្រទេសឥណ្ឌាក៏ដោយ ក៏យើងសង្កេតឃើញក្រុមមេដឹកនាំប្រទេស និង អ្នកជំនួញដែលមានប្រាក់រាប់លានដុល្លារើសអើងប្រជាជនក្រីក្រឬបុគ្គលិកតូចតាច ។ យើងក៏ឃើញមានករណីបងប្អូនឈប់រាប់រកគ្នាដោយសារតែឋានៈមិនដូចគ្នា ឬ ទ្រព្យសម្បត្តិមិនច្រើនដូចគ្នា ឧទារហរណ៍ បងប្រុសជាមនុស្សមានប្រាក់រាប់លានដុល្លា ចំណែកប្អូនប្រុសជាជនក្រីក្ររកស៊ីរត់ម៉ូតូឌុប ។ បងប្រុសមិនហ៊ានប្រាប់ញាតិមិត្តខាងភរិយាខ្លួនថាមានប្អូនប្រុសម្នាក់ជាអ្នករត់ម៉ូតូឌុបទេព្រោះខ្លាចអាម៉ាស់មុខខ្លួន ។ នេះគឺជាអំពើរើសអើងដ៏លាមកដែលកំពុងកើតមាននៅប្រទេសកម្ពុជាសព្វថ្ងៃ ។ យើងជាជនជាតិខ្មែរមិនត្រូវបន្តទំនៀមទម្លាប់រើសអើងដ៏ថោកទាបនេះទៀតទេប្រសិនបើយើងមានមោទនភាពជាខ្មែរ ជាប្រទេសធ្លាប់មានវប្បធម៌រុងរឿង និង ជាអារ្យប្រទេស ។
ទី ៨ - ប្រព្រឹត្តល្បែង ៣ ប្រការ
[កែប្រែ]ពាក្យថាល្បែង ៣ ប្រការគឺរាប់បញ្ចូលនូវល្បែងស្រី ល្បែងស្រា និងល្បែងប៉ោបៀ ។ ពាក្យថាល្បែងស្រីគឺសំដៅការចំណាយពេលវេលាទៅលើការដើរហើរជាមួយស្រីកំណាន់ឬស្រីរកស៊ីផ្លូវភេទ នាំឲ្យបង់ខាតពេលវេលា ប្រាក់កាស់ និង ទឹកចិត្ត លើសពីនោះទៀតបុគ្គលនោះអាចនឹងឆ្លងរោគសង្គមដូចជារោគស្វាយ ប្រម៉េះ ឬអេដស៍ជាដើម ។ បើយើងស្រាវជ្រាវរកមើលគំនិតដើមរបស់គោលការណ៍នេះ យើងអាចទាញសេចក្តីសន្និដ្ឋានថា គោលគំនិតដើមគឺការប្រដៅបង្រៀនមនុស្សប្រុសជាអ្នកប្រតិបត្តិព្រហ្មចរិយធម៌ឲ្យជៀសវាងអំពើទាំងឡាងដែលនាំឲ្យពួកគេមិនអាចសម្រេចគោលដៅមោក្ខធម៌ ។ ប៉ុន្តែមនុស្សប្រុសជាអ្នកគ្រប់គ្រងផ្ទះសម្បែងក៏អាចយកគោលការណ៍នេះទៅអនុវត្តសម្រាប់ដឹកនាំជីវិតរបស់ពួកគេឲ្យបានជាប្រយោជន៍ដែរ ។ ចំណែកស្ត្រីជាអ្នកប្រតិបត្តិព្រហ្មចរិយធម៌ និង ស្ត្រីជាមេផ្ទះក៏អាចគោលការណ៍នេះសម្រាប់ដឹកនាំជីវិតបានដូចគ្នា ដោយគ្រាន់តែប្តូរពីពាក្យថា ល្បែងស្រី ទៅជា ល្បែងប្រុស ជាការស្រេច ។ សម្រាប់ស្ត្រីជាមេផ្ទះ ពួកគាត់ត្រូវមានភក្តីចំពោះស្វាមី និង គ្រួសារ ដោយមិនត្រូវបណ្តោយចិត្ត និង ខ្លួនប្រាណទៅជាឧបករណ៍បម្រើភេទរបស់បុរសដទៃឡើយ ។
ពាក្យថាល្បែងស្រា គឺការចំណាយពេលវេលា និង ប្រាក់កាស់ទៅលើគ្រឿងស្រវឹង និង គ្រឿងញៀនគ្រប់ប្រភេទ ។
ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រី រមែងជួបផលអវិជ្ជមានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើឲ្យប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចឲ្យគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។
ល្បែងភ្នាល់គ្រប់យ៉ាងក៏ធ្វើឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨ ។
ទី ៩ - បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន
[កែប្រែ]ការរួមភេទគឺជាកាតព្វកិច្ចរបស់មនុស្ស, សត្វ និង រុក្ខជាតិដើម្បីបន្តពូជពង្សមនុស្ស, សត្វ និង រុក្ខជាតិនោះនៅលើផែនដី ។ ចំពោះមនុស្ស ការរួមភេទដើរតួលើសពីការបន្តពូជពង្សទៀត ។ សត្វ និង រុក្ខជាតិមានពេលវេលារបស់ពួកគេក្នុងការរួមភេទដើម្បីបន្តពូជពង្សរបស់គេ ។ ប៉ុន្តែចំពោះមនុស្ស លើសពីតួនាទីបន្តពូជពង្ស មនុស្សរួមភេទដើម្បីជាការកម្សាន្តសប្បាយ ឬពង្រឹងចំណងមិត្តភាពរវាងស្វាមីនិងភរិយា ដើម្បីទាក់ទាញឪពុកម្តាយឲ្យចូលរួមក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់ពួកគេ ។ ជាធម្មជាតិ មនុស្សប្រុសក៏ដូចជាសត្វឈ្មោលដែរ ពួកគេរមែងចង់រួមភេទជាមួយនឹងមនុស្សស្រីច្រើនរូប ព្រោះចំណង់ក្នុងការបន្តពូជរបស់ខ្លួនផង និង ការកម្សាន្តសប្បាយផង ។ ការរស់នៅជាគូស្វាមីភរិយាមួយទល់នឹងមួយគឺជារឿងរបស់មនុស្សសម័យទំនើបនៅក្នុងវប្បធម៌របស់មនុស្សមួយភាគធំ ។ នៅក្នុងវប្បធម៌នៃជនជាតិខ្លះៗ មនុស្សប្រុសបាននិងកំពុងជ្រើសយកមនុស្សស្រីច្រើនរូបធ្វើជាភរិយា ឧទាហរណ៍នៅក្នុងវប្បធម៌របស់ជនជាតិដែលកាន់សាសនាអ៊ិស្លាម ឬពួកអ្នកកាន់សាសនាគ្រិស្តនៃនិកាយម៉័រម៉ឹន ឬនិកាយស្មបន្ទាល់ព្រះយេហូវ៉ាជាដើម ។ ចំពោះមនុស្សប្រុសដែលរស់នៅក្នុងបណ្តាប្រទេសដែលមានច្បាប់ហាមឃាត់ឲ្យមានតែប្តីឬប្រពន្ធមួយ ថ្វីត្បិតតែពួកគេមិនយកប្រពន្ធច្រើនមែន ប៉ុន្តែពួកគេបែរជាអាចទៅរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទដើម្បីកម្សាន្តសប្បាយ ។ ការធ្វើដូច្នោះនឹងនាំឲ្យមនុស្សប្រុសទាំងនោះបង់ខាតទ្រព្យសម្បត្តិ និង ពេលវេលា ថែមទាំងកើតជំងឺឆ្លងតាមផ្លូវភេទដូចជាជំងឺស្វាយ ប្រមេះ ឬអេដស៍ជាដើម ។ ដូច្នេះហើយទើបព្រះពុទ្ធទ្រង់ទូន្មានថា បុរសដែលមិនត្រេកអរនឹងប្រពន្ធខ្លួនគឺជាប្រមុខនៃក្តិវិនាសទី ៩ ។
ទី ១០ - បុរសចាស់យកស្រីក្មេងធ្វើជាភរិយា
[កែប្រែ]មនុស្សចាស់ដែលសម្រេចចិត្តជ្រើសរើសយកមនុស្ស ដែលមានអាយុក្មេងជាងខ្លួនធ្វើជាគូកំណាន់ តែងជួបប្រទះទុក្ខទោមនស្ស ។ ឧទាហរណ៍ ប្រសិនបើមនុស្សប្រុសចាស់ម្នាក់សម្រេចចិត្តជ្រើសរើសយកស្ត្រីវ័យក្មេងម្នាក់មកធ្វើជាភរិយា បុរសចាស់នោះច្បាស់ជាចំណាយពេលវេលាច្រើនដើម្បីផ្គាប់ចិត្តភរិយាក្មេង ។ នៅក្នុងបរិបទដូចគ្នា ស្ត្រីចាស់ម្នាក់ដែលសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសវ័យក្មេងម្នាក់ធ្វើជាស្វាមី ក៏នឹងជួបទុក្ខទោមនស្សច្រើនមិនខុសគ្នាដែរ ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនការសម្រេចចិត្តបែបនេះសុទ្ធតែជារឿងមិនល្អទាំងអស់នោះឡើយ ។ ប្រសិនបើគូស្នេហ៍ទាំងពីរជាមនុស្សមានចិត្តស្មោះ និង សណ្តោសចំពោះគ្នាពិតប្រាកដមែន នោះពួកគេនឹងមានសុភមង្គលអស់មួយជីវិត ។ មានឧទាហរណ៍ច្រើនណាស់សម្រាប់ឆ្លុះបញ្ចាំង និង ទូន្មានមនុស្សជំនាន់ក្រោយឲ្យចេះសម្រេចចិត្តត្រឹមត្រូវទាក់ទងនឹងការជ្រើសរើសគូកំណាន់ខុសវ័យគ្នានេះ ។ ដូច្នេះទើបមានពាក្យទូន្មានថា បុរសឬស្ត្រីវ័យចំណាស់ដែលសម្រេចចិត្តជ្រើសយកស្ត្រីឬបុរសវ័យក្មេងធ្វើជាភរិយាឬស្វាមី គឺជាប្រមុខនៃក្តីវិនាស ទី ១០ ។
ទី ១១ - ការជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូកំណាន់
[កែប្រែ]ការសម្រេចចិត្តជ្រើសរើសមនុស្សម្នាក់ធ្វើជាមិត្តភក្តិគឺជារឿងសំខាន់ ។ លើសពីនោះទៀត ការសម្រេចចិត្តជ្រើសរើសមនុស្សប្រុសឬស្រីម្នាក់ធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់យ៉ាងខ្លាំងនៅក្នុងជីវិតរបស់គ្រហស្ថ ។ ប្រសិនបើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះទុក្ខលំបាកទាំងផ្លូវចិត្ត និង ផ្លូវកាយ ។ ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់ជ្រើសគូកំណាន់ចិត្តដែលជាមនុស្សល្ងង់ខ្លៅ បុគ្គលនោះនឹងរលាយបង់ទាំងទ្រព្យសម្បត្តិ និង កិត្តិយស ។ ប្រពៃណីខ្មែរ និង ប្រពៃណីជនជាតិមួយចំនួននៅលើពិភពលោក បានបណ្តោយឲ្យឪពុកម្តាយ ឬចាស់ព្រឹទ្ធាចារ្យ ជាអ្នកសម្រេចចិត្តជំនួសយុវជនក្នុងការជ្រើសរើសគូស្រករ ។ ការធ្វើដូច្នេះមិនមែនសុទ្ធតែបានផលល្អគ្រប់ពេលនោះទេ ។ ដូច្នេះ ជនជាបណ្ឌិតគួរជៀសវាងការសម្រេចចិត្តខុសក្នុងការជ្រើសយកមនុស្សប្រុសឬមនុស្សស្រីម្នាក់មកធ្វើជាគូគាប់ ។ នេះគឺជាប្រមុខនៃក្តីវិនាសទី១១ ។
ទី ១២ - ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាចង់ធ្វើជាស្តេច
[កែប្រែ]បុគ្គលដែលកើតនៅក្នុងត្រកូលក្សត្រ (ឬអ្នកដឹកនាំ) មានចិត្តលោភលន់ ចង់បានអំណាច និង គំនរទ្រព្យសម្បត្តិ ។ ជនទាំងនោះគ្មានចំណេះវិជ្ជា គ្មានសមត្ថភាព និង ទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមានចិត្តចង់ឡើងគ្រងរាជសម្បត្តិ ។ ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ជនទាំងនោះមួយចំនួនបានបង្កើតក្រុមបក្ស និង បង្កចលនាតស៊ូបដិវត្តដើម្បីផ្តួលរំលំស្តេចកំពុងគ្រងរាជសម្បត្តិ ។ នៅពេលបានអំណាចនៅក្នុងកណ្តាប់ដៃ ជនទាំងនោះមិនគិតគូរដល់ការកសាងជាតិ កសាងសមត្ថភាព និង អប់រំកែលម្អប្រជារាស្ត្រឲ្យបានសេចក្តីសុខ-ចម្រើនទេ ។ ជាលទ្ធផលប្រទេសជាតិធ្លាក់ចូលក្នុងភាពអន្តរាយ រលាយទ្រព្យសម្បត្តិ ប្រជារាស្ត្រធ្លាក់ក្នុងទុរ្ភិក្ស ក្រីក្រ ស្រេកឃ្លាន ។ ទីបំផុត សង្គ្រាមកាប់សម្លាប់គ្នាបានកើតឡើងបន្តបន្ទាប់គ្មានទីបញ្ចប់ ។
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងថា ប្រមុខនៃក្តីវិនាស មាន ១២ ប្រការយ៉ាងនេះឯង ។
កំណត់សំគាល់
(១) សំណាង = ការសាង គឺទង្វើដែលគេធ្វើ ឬ អ្វីដែលជាសមិទ្ធផលនៃការសាង ដូច្នេះពាក្យថា ព្រេងសំណាង មិនមែនសំដៅលើបុណ្យពីជាតិមុនតែម្យ៉ាងឡើយ គឺមានន័យ ថា អ្វីទាំងឡាយណាដែលគេបានធ្វើហើយពីកាលមុន ដោយរួមទាំងពីអតីតជាតិ និង ក្នុងជាតិនេះ ដូចជាកាលពីខែមុន ឆ្នាំមុន ជាដើមផងដែរ ។ ឧទាហរណ៍ ចំណេះវិជ្ជាដែលយើងបានសិក្សាហើយ ក៏ចាត់ទុកជាព្រេងសំណាងមួយដែរ ។ បើបុគ្គលណានិយាយថា ពឹងលើសំណាង មានន័យថា ពឹងលើអ្វីដែលគេធ្វើ ។
កំណាព្យជាបាលីបែបបឋ្យាវត្ត
[កែប្រែ]១- បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ…..ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ ។
២- សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ…..ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ ។
៣- ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ…..ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
៤- អសន្តស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ…..អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ ។
៥- ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ......តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
៦- និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ…..អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ ។
៧- ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ…..ចតុត្ថំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
៨- យោ មាតរំ បិតរំ វា ជិណ្ណកំ គតយោព្វនំ…..បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ ។
៩- ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ…..បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១០- យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វកំ…..មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ ។
១១- ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ…..ឆដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១២- បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ…..ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
១៣- ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ......សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១៤- ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ…..សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។
១៥- ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ…..អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១៦- ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ......លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ ។
១៧- ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ…..នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១៨- សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ…..ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។
១៩- ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ......ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
២០- អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ......តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ ។
២១- ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ…..ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
២២- ឥត្ថី សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ…..ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។
២៣- ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ…..ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
២៤- អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ…..សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ ។
២៥- ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ…..អរិយទស្សនសម្បន្នោ ស លោកំ ភជតេ សិវំ ។
បរាភវសុត្តំ និដ្ឋិតំ
កំណាព្យជាភាសាខ្មែរ
[កែប្រែ]១- យើងខ្ញុំទាំងឡាយមកសូមទូលសួរ.....នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស.....ដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យ.....មេត្តានិមន្តសម្តែងឲ្យទាន
ធម្មជាតដូចម្តេចដែលជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២- អ្នកដែលចម្រើនតថាគតស្គាល់ងាយ.....អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត.....ហើយខំប្រព្រឹត្តនឹងបានចម្រើន ។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន.....ឥតកើនចម្រើនវិនាសទៅមុខ ។
៣- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី ១ ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ២ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
៤- អ្នកដែលស្រឡាញ់ពេញចិត្តសេ្នហា.....តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់.....នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត.....ហើយទៅគប់មិត្រអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់.....ហេតុនោះទាំងអស់នាំឲ្យវិនាស ។
៥- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៣ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
៦- អ្នកដេកច្រើន១និយាយច្រើន១.....និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូសមិនមានខ្នះខ្នែង.....ខឹងច្រើនសម្តែងឲ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណ.....នាំឲ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច.....នាំបង់ប្រយោជន៍ហើយឲ្យវិនាស ។
៧- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៣ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៤ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
៨- នរជនណាមានទ្រព្យធនធាន.....ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា.....ហេតុនោះទៅជានាំឲ្យវិនាស ។
៩- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៤ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៥ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១០- ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ.....ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ.....នោះប្រធាននៃសេចក្តីវិនាស ។
១១- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៥ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៦ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១២- បុរសអ្នកមានទ្រព្យធនធានច្រើន.....មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា.....ស៊ីម្នាក់ឯងជាប្រធានវិនាស ។
១៣- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៦ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៧ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១៤- អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល.....ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញតិខ្លួនដោយអាងខ្លួនមាន.....នោះជាប្រធានសេចក្តីវិនាស ។
១៥- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៧ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៨ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១៦- ជនអ្នកប្រព្រឹត្តល្បែងបីប្រការ.....ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឲ្យអន្តរាយ.....ការល្បែងទាំងឡាយនោះនាំវិនាស ។
១៧- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៨ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៩ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១៨- ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន.....ហើយទៅជាប់ជួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា.....ហេតុនោះទៅជានាំឲ្យវិនាស ។
១៩- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៩ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ១០ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២០- បុរសមានវ័យដែលចាស់ហួសពេក.....ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា.....ហេតុនោះទៅជានាំឲ្យវិនាស ។
២១- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី១០ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ១១ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២២- បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ.....ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ.....អំពើទាំងនោះនាំឲ្យវិនាស ។
២៣- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី១១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ១២ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២៤- ជនណាកើតក្នុងត្រកូលជាក្សត្រ.....អ្នកក្សត់សម្បតិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ.....ហេតុនោះនឹងនាំឲ្យដល់វិនាស ។
២៥- ជនជាបណ្ឌិតគំនិតប្រសើរ.....បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស.....គេចពីវិនាសគប់រកចម្រើន ។
ឯកសារយោង
[កែប្រែ]- ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត > តតិយភាគ > បរាភវសូត្រ (សៀវភៅភាគ៥៤ ទំព័រទី ៣៦)
- พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > ปราภวสูตร Archived 2017-10-18 at the វេយប៊ែខ ម៉ាស៊ីន.ที่ ๖
- Parabhava Sutta: Downfall (SN 1.6)
- ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋៈ > មង្គលសូត្រ (សៀវភៅភាគ៥២ ទំព័រទី ១ ដល់ ២០)
- พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > มงคลสูตร[តំណភ្ជាប់ខូច]ที่ ๔
- Protection (SN 2:4)
- Mangala Sutta: Blessings (Khp 5)
- សុខព្រោះហេតុ ៩ យ៉ាង