ប្រាសាទក្រចាប់
ប្រាសាទក្រចាប់ | |
---|---|
ឈ្មោះ: | ប្រាសាទក្រចាប់ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ ឆ្នាំ៩២៨ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថកោះកេរ |
ទីតាំង: | ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទក្រចាប់មានទីតាំងស្ថិតនៅក្នុងភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយ ១,៥គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកែរ និង១,២គីឡូម៉ែត្រខាងកើតប្រាសាទធំ។ ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ឧទ្ទិសថ្វាយដល់ព្រះសិវមាន ត្រីភូវនទេវ ដែលមានន័យថាម្ចាស់នៃលោកទាំងបី កសាងឆ្នាំ៩២៨[១]។ ប្រាសាទនេះបែរមុខទៅទិសខាងលិចដូចប្រាសាទនាងខ្មៅ ប្រាសាទលិង្គ ប្រាសាទបន្ទាយពីជាន់ និងប្រាសាទអង្គរវត្ត។
ស្ថាបត្យកម្ម
[កែប្រែ]ប្លង់ប្រាសាទក្រចាប់ ដំបូងបំផុតគូរដោយលោក អេជែនលុយណេដឺឡាហ៊្យុងគែ បន្តមកទៀតគូរដោយលោក ហង់រីប៉ាម៉ងជេ មានចំណុចខ្លះមិនទាន់ស្របគ្នា ពោលគឺប្លង់គូដោយលោកអេជែនលុយណេដឺឡាហ៊្យុងគែតួប៉មកណ្តាល និងកំពូលបួនទៀតមានទំហំប៉ុនគ្នា ដោយលោកមិនបានពិនិត្យឱ្យបានត្រឹមត្រូវ ឬប្រហែលមកពីលោកគូរតាមទិន្នន័យដែលគេផ្តល់ឱ្យ។ ចំពោះប្លង់ដែលគូរដោយលោក ហង់រីប៉ាម៉ងជេ ប្លង់ប្រាសាទធ្វើយ៉ាងពេញលេញដោយមានកំពែងថ្មបាយក្រៀមពីជាន់ ផ្នែកលយចេញនៃតួប៉មកណ្តាលជាចំណុចខុសប្លែកពីប្លង់មុន។ សព្វថ្ងៃរចនាសម្ព័ន្ធប្រាសាទក្រចាប់មានការខូចខាតមួយចំនួនធំដែលស្ទើតែបាត់រូបរាងដើម។ ប្លង់ប្រាសាទនេះធ្វើយ៉ាងពេញលេញដោយមានកំពែងថ្មបាយក្រៀមពីជាន់ ផ្នែកលយនៃតួប៉មកណ្តាលជាចំណុចខុសប្លែកពីប្លង់មុន។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើបែរមុខទៅទិសខាងកើតព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់៖
- កំពែងទី១ ជាកំពែងខាងក្នុងមានបណ្តោយប្រវែង ៤៩ម៉ែត្រគុណ ២៤ម៉ែត្រដោយតភ្ជាប់ដោយគោបុរៈខាងលិចទល់និងថេវរបស់ប្រាសាទ គឺខាងមុខពុំមានទំហំធំមួយនៃសសរដែលមានរាងកោងដូចភ្លក់ធ្វើឱ្យលេចចេញនូវទម្រង់គោបុរៈ។
- កំពែងទី២ ជាកំពែងខាងក្រៅបង្អស់មានបណ្តោយប្រវែង ៦០ម៉ែត្រគុណ៤០ម៉ែត្រកាត់ផ្តាច់ដោយគោបុរៈខាងលិចតែមួយគត់ ហើយបរិវេណចូលទៅកាន់កំពែងនេះមានរាងទូលាយ ដែលប្រកបដោយរុក្ខជាតិដុះដេរដាស[២]។
សម្ភារៈសំណង់
[កែប្រែ]ចំពោះសំណង់ប្រាសាទវិញ សិល្បៈខ្មែរចូលចិត្តសង់ប្រាសាទអំពីឥដ្ឋមានតួប៉មទោល(មួយ)រាងការ៉េ ឬអដ្ឋកោណ(ប្រាំបីជ្រុង)ហើយបែរមុខទៅទិសខាងកើត។ ចំពោះគ្រឹះទោលធ្វើអំពីថ្មបាយក្រៀមចាប់តាំងពីសតវត្សទី៧ រីឯថ្មភក់ប្រើសម្រាប់មេទ្វារផ្តែរប៉ុណ្ណោះ ក៏ប៉ុន្តែសម័យក្រោយមកកែស្ថាបនាតួបោះមឥដ្ឋលើខឿនតែមួយធម្មតា។ នៅចន្លោះសតវត្សទី៩ដល់សតវត្សទី១០តួប៉មប្រាសាទសង់អំពីឥដ្ឋ និងថ្មភក់នៅបន្តដូចគ្នាជាកំណត់អាយុកាលសម្ភារៈពីការវិវត្តន៍ពីឥដ្ឋទៅថ្មភក់[៣]
ផ្តែរទ្វារ
[កែប្រែ]ផ្តែរទ្វារគឺជាសមាសភាគមួយក្នុងការតុបតែងលំអនៃស្ថាបត្យកម្មមួយសម្រាប់ដាក់លើទ្វារក្នុងនៅផ្តែរនៃប្រាសាទក្រចាប់ធ្វើអំពីថ្មភក់ ដែលមានរាងចតុកោណមានតួនាទីជាទម្រហោជាង ស្ថិតនៅលើស៊ុមទ្វារនិងទ្រដោយសសរពេជ្រមួយគូ។ ផ្តែរក្រចាប់មានចម្លាក់លំអជាក្បាច់រមូស្លឹកឈើ រាងដូចដងធ្នូដេក នៅភាគកណ្តាលនៃផ្តែរមានរូបទេពឈរដោយដៃទាំងពីរបួងចុងស្លឹកឈើ។ ចំណែកផ្តែរភាគខាងក្នុងផ្នែកនៃកណ្តាលមានចម្លាក់រាហ៊ូហើយផ្នែកសងខាងលំអដោយចង្វារក្បាច់មូល និងកម្រងស្លឹកឈើ[៤]។
សសរពេជ្រ
[កែប្រែ]សសរពេជ្រក្នុងរចនាបថកោះកែរមានរាងប្រាំបីជ្រុងលំនាំប្រហាក់ប្រហែលនិងរចនាបថបាខែង។ នៅប្រាសាទក្រចាប់មានសសរពេជ្រសរុបទាំងអស់ចំនួន២២ដុំ តែនៅសប្វថ្ងៃមានសសរពេជ្រខ្លះរលំក្បាច់ខ្លះ និងខ្លះទៀតត្រូវបានបាត់បង់អស់។ តួសសរនីមួយៗចែកចេញជាប្រាំបីផ្នែក មានរាងប៉ោងបន្តិចនៅតាមជ្រុងហៅថាពេជ្រជ្រុងអមដោយទម្រង់ក្បាច់ពងត្រី និងកងតូចរាងប្រាំបីជ្រុងព័ន្ធជុំវិញសសរជាក្បាច់សន្លឹកឈើដែលមានលក្ខណៈដូចត្របកផ្កាឈូកអង្គរ ខ្លះមានកងច្រើនទៅលើសសរដូចស្លឹកឬស្សី[៥]។
សសរផ្អោប
[កែប្រែ]ក្រៅពីសសរពេជ្រឃើញមានសសរផ្អោបជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យស្ថាបត្យកម្មខ្មែរ ដែលស្ថិតនៅជាបើមេទ្វារអមសងខាងច្រកចូល។ ដោយឡែកនៅក្នុងបរិវេណប្រាសាទក្រចាប់ សសរផ្អោបភាគច្រើនពុកផុយបាក់បែកទ្រង់ទ្រាយដើម ពុំមានក្បាច់សេសសល់ឡើយគឺមិនអាចធ្វើឱ្យយើងសិក្សាបានគ្រប់គ្រាន់តែស្នាកស្នាម។
សសរហោជាង
[កែប្រែ]ហោជាងរចនាបថកោះកែរចែកជាពីរបែបគឺហោជាងមានរាងកញ្ចុំជើងឆ្មា និងហោជាងមានរាងត្រីកោណ។ ដោយឡែកប្រាសាទក្រចាប់មានហោជាងទាំងអស់ចំនួន ១២ ក៏ប៉ន្តែសព្វថ្ងៃត្រូវបាក់រលំអស់មួយនៅផ្លូវច្រកចូលខាងកើតជ្រុងខាងជើងហើយចម្លាក់ហោជាងមានរូបព្រះសិវៈជិះគោនន្ទិ។ ចំណែកដងក្តារហោជាងមានរាងសំប៉ែតលំអដោយក្បាច់ផ្កាចន្ទន៍ធំមួយនៅចុងកំពូល ហើយនៅផ្នែកម្ខាងៗមានដងក្តារមានផ្កាចន្ទន៍តូចជាចំនួនបីផ្សេងទៀត[៦]។
សិលាចារឹក
[កែប្រែ]សិលាចារឹកប្រាសាទក្រចាប់មានលក្ខណពិសេសមួយក្នុងចំណោមប្រាសាទនានានៅកោះកេរ្តិ៍ពីព្រោះមានសិលាចារឹកច្រើនជាងគេ[៧]។ សិលាចារឹកត្រូវបានចុះបញ្ជីរសារពើភណ្ឌ ស្តីពីសិលាចារឹកនៅកម្ពុជាលេខ K-១៨៣ ចែកចេញជា១៦ផ្ទាំង ហើយអាចអានបានត្រឹមតែប្រាំមួយផ្ទាំងតែប៉ុណ្ណោះ។ ដោយឡែកលោក ហ៊្យកសឺដេសពុំអាចធ្វើការបកប្រែតាមផ្ទាំងនិមួយៗនោះទេ លោកបកប្រែសរុបបញ្ចូលគ្នាព្រោះគាត់យល់ថាសិលាចារឹកទាំងនេះចារឡើងដដែលៗ ហើយក៏មានភាពស្មុគស្មាញច្រើនដោយសារសំណេរនិយាយពីឈ្មោះស្រុកនិងមនុស្ស ហើយវាជាទិន្នន័យយ៉ាងសំខាន់បំផុតសម្រាប់ធ្វើការសិក្សាវិភាគពីស្ថាននាម ឋានន្តរនាមតួអក្សរ ព្រះនាមរបស់ព្រះរាជាក៏ដូចជាអាយុកាលនៃសិលាចារឹក[៨]។ សិលាចារឹកលេខ K-១៨៣-១ សិលាចារឹកនេះស្ថិតនៅគោបុរៈខាងលិចសសរម្តុំខាងកើត មុខខាងកើត ចុះបញ្ជីដោយលោក ហ្យ៊ក សឺដេស ច្រឡំទីតាំងថានៅមុខខាងកើត សិលាចារឹកប្រាសាទក្រចាប់មាន ២៨បន្ទាត់ ចុះកាលបរិច្ឆរទឆ្នាំ៩២៨គ្រិស្តសករាជ ចារនៅលើសសរផ្នែកខាងលើត្រូវបានបាក់បែកមួយបំណែកចំផ្នែកកណ្តាលត្រូវបានប្រះធ្វើឱ្យមានស្នាមកោងនៅខាងក្រោម។ រីឯទម្រង់អក្សរលំនាំប្រហែលសិលាចារឹករាជធានីហរិហរាល័យ ផ្តើមដោយឃ្លា គ្រី សិទ្ធិ ស្វស្តិ ជយ មានន័យថា សិរីសួស្តី សេចក្តីសម្រេច ជ័យជំនះ។ នៅបន្ទាត់ទី១-២មានរំលឹកបួងសួងដល់អាទិទេពសិវៈនាម ត្រីភូវនទេព ដែកមានន័យថា ទេពជាម្ចាស់នៃលោកទាំងបី។ ចាប់ពីបន្ទាត់២-៣ បង្ហាញពីព្រះបាទធូលីជើងព្រះកម្រតេងអញស្រី ជ័យវម្ម៌ទេវ(ព្រះបាទជ័យវរ្ម័នទី៤) ថ្វាយដល់ទេពនៃដង្វាយទាសា ទាសីមកពីស្រុកចំនួន ៣ដោយស្រុក..ក្យាមាន១០៤នាក់។ ស្រុកកបាយមានចំនួន២១នាក់។ ស្រុកបម៉ាយមាន១២នាក់។ ចំនែកសិលាចារឹកបន្ថែមនិយាយអំពីទាសាទាសីនាំមកពីស្រុកចំនួន ៤ស្រុកគឺ ស្រុកភវ...មានចំនួន១២នាក់។ ស្រុក(រលុបឈ្មោះ)មានចំនួន៤នាក់។ ស្រុក វ៉ាបមាន៧នាក់។ ស្រុកលង្វែង(រលុបទិន្នន័យ)។ ស្រុកត្នោតឆ្វេង(រលុនទិន្នន័យ)[៥]។ សិលាចារឹកលេខ K-១៨៣-២ សិលាចារឹកនេះស្ថិតនៅគោបុរៈខាងលិច សសរម្តុំខាងកើត សសរខាងជើង កណ្តាលមុខខាងត្បូងនៃប្រាសាទក្រចាប់។ សសរនេះទ្រេតទៅទិសឦសានផ្នែកខាងលើសសរត្រូវបាក់ខ្ទាតចេញបាត់ ហើយបំណែកសិលាចារឹកកើតឡើងមុនពេលការផ្តាមថ្មីៗចែកជា៦បំណែក[៩]។ សិលាចារឹកនេះមាន២៩បន្ទាត់ជាភាសាខ្មែរបុរាណ រៀបរាប់ពីដង្វាយជាទាសាទាសីមកពីស្រុកចំនួនប្រាំមានដូចជា ស្រុកកភវ ស្រុកកវ៉ាប ស្រុកត្នោតឆ្វេង និងមួយទៀតមិនស្គាល់ ថ្វាយដល់ប្រាសាទក្រចាប់[១០]។
ការធ្វើកំណាយបុរាណវិទ្យា
[កែប្រែ]នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររបស់នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមធ្វើកំណាយដីចាក់បង្គរនៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់ ដើម្បីស្រាវជ្រាវរកជើងទម្ររបស់បដិមា ដែលមាននៅក្នុងតួប៉មនេះកាលពីអតីតកាល ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបដិមានានា ដែលបានរកឃើញជាបន្តបន្ទាប់ និងធ្វើការប្រមូលទិន្នន័យពាក់ព័ន្ធក៏ដូចជាទីតាំងបដិមា[១១]
ឯកសារយោង
[កែប្រែ]- ↑ George Cooedes. 1937, Nouvelles inscpriptions de Koh Ker, p.52
- ↑ និស្សិតហូត រដ្ឋា ឆ្នាំ២០០៦ ក្រចាប់ស្ថាបត្យកម្មសំខាន់នៅក្រុុមកោះកែរ ទំព័រ៤១-៤២។
- ↑ Michael S. Falser, 2000 The Pre Angkorian Temple of Preah Ko. pp.37
- ↑ និស្សិតហូត រដ្ឋា ឆ្នាំ២០០៦ ក្រចាប់ស្ថាបត្យកម្មសំខាន់នៅក្រុុមកោះកែរ ទំព័រ៤៨។
- ↑ ៥,០ ៥,១ សៀវភៅ ដែនអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកែរ ព្រះបាទជ័យវរ្ម័នទី៤ ដោយលោក ស៊ឹម សុភក្រ្តា ឆ្នាំ២០១៧ ទំព័រទី៣០៨។
- ↑ និស្សិតហូត រដ្ឋា ឆ្នាំ២០០៦ ក្រចាប់ស្ថាបត្យកម្មសំខាន់នៅក្រុុមកោះកែរ ទំព័រ៥១។
- ↑ Journal of Khmer Studies, 2009 Udaya p.35
- ↑ George Coedés, 1966, Inscription du Cambodge. p.104.
- ↑ Annual Report 2010=Zelnik, I. et al.(eds.) Annual Report 2010, Koh Ker I. p.79.
- ↑ Kunthea Chhom,2011, Inscriptions of Koh KerI. p.79.
- ↑ គេហទំព័រហ្វេសប៊ូកផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារ ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។