ប្រាសាទជ្រុង
ប្រាសាទជ្រុង | |
---|---|
ឈ្មោះ: | ប្រាសាទជ្រុង |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី ៧ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សរ៍ទី ១២ |
ឧទ្ទិសថ្វាយ: | ព្រះពោធិសត្វលោកេស្វរៈ |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | អង្គរធំ ខេត្តសៀមរាប |
ប្រវត្តិប្រាសាទជ្រុង
[កែប្រែ]ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ។ នៅខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទ យើងនឹងឃើញប្រាសាទតូចមួយ ទីនោះហើយជាប្រាសាទជ្រុង ។ ប្រាសាទជ្រុងជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិងគួរឱ្យចាប់អារម្មណ៍។ បើតាមឯកសារដែលស្រាវជ្រាវ និង ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ ។ តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ។ នៅក្នុងសម័យអង្គរ ប្រាសាទជ្រុងគឺជា ហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នា យ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ ចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ។ រហូតមកទល់ ពេលនេះ ប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និង ការបំផ្លិចបំផ្លាញរបស់មនុស្ស ។ នៅតាមខ្នងកំពែងខាងកើតប្រាសាទប្រមាណ ២០០ ម៉ែត្រ មានរន្ធទ្វារសម្ងាត់ចំនួនប្រាំដែលអ្នកស្រុកហៅថា រន្ធត្រដេវតាំងពី យូរណាស់មកហើយ ពីព្រោះមានសត្វត្រដេវធ្លាប់ធ្វើសំបុកនៅទីនោះ ទើបអ្នក ស្រុកហៅឈ្មោះនេះរហូតមក ។ តាមលក្ខណៈ ភូមិសាស្ត្ររន្ធនេះគឺជាច្រកទឹកចេញចូលរវាង ទន្លេអុំ និង បឹងតូចៗនៅភាគនិរតីនៃអង្គរធំ ហើយវាក៏ប្រាកដជាច្រកសម្ងាត់សម្រាប់ការរត់ ភៀសខ្លួនរបស់ស្តេច ឬ មន្ត្រីនៅក្នុងករណីមាន ភយន្តរាយណាមួយជាយថាហេតុផងដែរ ។ រូង ទាំងប្រាំនេះសង់ទម្លុះមហាកំពែងដ៏រឹងមាំរបស់ អង្គរធំ ដែលស្ថិតនៅជាប់ៗគ្នា ប៉ុន្តែវាមានទំហំ មិនស្មើគ្នាទេ រូងកណ្តាលធំហើយខ្ពស់ជាងគេ បន្តិច គឺទទឹងទំហំប្រមាណ ១,៥ ម៉ែត្រ និង កម្ពស់ ២ ម៉ែត្រ ។
សិលាចារឹក
[កែប្រែ]សិលាចារឹកប្រាសាទជ្រុងនៃកំពែងនៃទីក្រុងអង្គរធំ K.២៨៨ ជាតឹកតាងមួយយ៉ាងសំខាន់ បង្ហាញឲ្យយើងដឹងថា នាសម័យវប្បធម៌បាយ័ន ក្នុងរាជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ មហាឫសីវាល្មិកិ ព្រាហ្មណ៍ដែលនៅប្រទេសឥណ្ឌាតែងរឿងរាមយណៈឥណ្ឌា (រាមកេរ្តិ៍ខ្មែរ) ត្រូវបានគោរពបូជា ដោយជនជាតិខ្មែរ ហើយឈ្មោះរបស់ព្រាហ្មណ៍ដ៏មានប្រជាប្រិយភាពសំខាន់នេះ ក៏ត្រូវបានបញ្ជាក់តាមអក្សរសាស្ត្រ ឬក៏រឿងព្រេងនិទាន ដែលមានប្រភពនិទានមួយចំនួនដែលចេញពីប្រទេសក្លិង្គ បានផ្សព្វផ្សាយចូលមកទឹកដីនគរភ្នំ ឬហ្វូ-ណន តាំងពីដើមស.វទី១ម្ល៉េះ។ ដូច្នេះហើយ ទើបបានជាខ្មែរបានពេញនិយមរឿងនេះជាបន្តបន្ទាប់រហូតដល់សម័យវប្បធម៌បាយ័ន។ ដោយសារតែការពេញនិយមនេះហើយ ទើបវគ្គមួយក្នុងរឿង ពាលកណ្ឌ ត្រូវបានឆ្លាក់ឡើងនៅលើផ្ទាំងផ្តែរមួយនៅលើប្រាសាទបន្ទាយឆ្មារ។ នៅចំកណ្តាលនៃក្បាច់ផ្តែរ យើងឃើញមានវត្តមានរបស់ព្រះព្រហ្មទ្រង់ភ្នែន ដោយនៅខាងស្តាំមានព្រាហ្មណ៍ពីរនាក់ ខាងឆ្វេងមានបុរសកាន់ធ្នូ បាញ់សត្វក្រសាមួយគូរ។ ចម្លាក់នេះចង់បង្ហាញថា គឺព្រះព្រហ្មផ្ទាល់បានយាងចុះមកប្រាប់ឲ្យវាល្មិកិ តែងរឿងរាមកេរ្តិ៍ជាពាក្យការព្យ។ សូមជម្រាបថា រីឯនៅប្រទេសចម្ប៉ាវិញ គេក៏ឃើញមានការគោរពបូជាមហាឫសីវាល្មិកិ ផងដែរ នេះបើយើងលើការស្រាវជ្រាវរបស់លោក ម៉ូស [១]។ ម្យ៉ាងទៀត តាមការស្រាវជ្រាវរបស់យើងខាងបដិមាសាស្ត្រ យើងក៏បានដឹងទៀតថា ព្រះឥសីឫសីវាល្មិកិ ដែលជាអ្នកបានតែងរឿងរាមកេរ្តិ៍នេះឡើង ក៏ត្រូវបានតំណាងដោយចម្លាក់ថ្ម នាស.វទី៧ ផងដែរ។ យ៉ាងណាមិញ ជ្រុងខាងឥសាននៃផ្ទាំងសិលាចារឹកមួយទៀត គឺសិលាចារឹកថ្នាល់បារាយណ៍ ដែលមានលេខជំនឿន K.291 នាស.វទី៩ បានឲ្យដឹងថា ព្រះបាទយសោវរ្ម័នទី១ ដែលកម្លាំង និងកិត្យានុភាពរបស់ព្រះអង្គ ត្រូវបានប្រៀបផ្ទឹមទៅនឹងព្រះរាម ហើយទ្រង់ក៏ចេះចងចាំរឿងរាមកេរ្តិ៍របស់វាល្មិកិយ៉ាងស្ទាត់ជំនាញផងដែរ[២]។