Jump to content

ប្រាសាទត្រពាំងផុង

ពីវិគីភីឌា
ប្រាសាទត្រពាំងផុង

ឈ្មោះ: ប្រាសាទត្រពាំងផុង
អ្នកកសាង: ជ័យវរ្ម័នទី៣
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សរ៍ទី៩
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថគូលែន
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទត្រពាំងផុងត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ (៨៥៤-៨៧៧) ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ដ៏ខ្លាំងពូកែដែលបានបង្រួមជាតិនៅលើទឹកដីចេនឡាឲ្យមានឯកភាពឡើងវិញ។ ក្រោយពីឡើងគ្រប់គ្រងព្រះរាជាណាចក្រចេនឡា ព្រះបាទជ័យវរ្ម័នទី៣ បានសាងសង់ ឬជួសជុសប្រាសាទសម័យមុនៗ ជាពិសេសប្រាសាទត្រពាំងផុង ប្រាសាទគោកស្វាយព្រៃជាដើម នៅឃុំរលួស ខេត្តសៀមរាប។ សូមជម្រាបថា ដោយសារប្រទេសខ្មែរ មានសន្តិភាព ដ៏បរិបូរណ៍ចាប់តាំងពីរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានប្រារព្ធពិធីរាជាអភិសេកលើភ្នំគូលែននៅឆ្នាំ៨០២ មក វិស័យសិល្បៈស្ថាបត្យកម្ម មានការរីកចំរើនយ៉ាងខ្លាំងក្លាបំផុត នៅក្នុងតំបន់រលួសដែលជាវាលទំនាបស្ថិតនៅទិសអាគ្នេយ៍នៃខេត្តសៀមរាប។ គ្រងរាជ្យនៅរាជធានីហរិហរាល័យ ព្រះបាទជ័យវរ្ម័នទី៣ បានបន្សល់នូវស្នាព្រះហស្ថជាច្រើន ជាពិសេសក្រុមប្រាសាទត្រពាំងផុង ដែលជាបូជនីយដ្ឋាន ធ្វើអំពីឥដ្ឋ ប្រកបដោយក្បាច់ក្បូរយ៉ាងល្អប្រណិត ដែលបន្សល់តួប៉មតែមួយ ប្រាសាទនេះនៅឈរយ៉ាងសង្ហារនៅឡើយ។ ទិដ្ឋភាពរួមនៃតួប៉មប្រាសាទត្រពាំងផុង បើមើលពីចម្ងាយ មានលក្ខណៈមិនខុសប៉ុន្មាននឹងប្រាសាទនៃរចនាបទ កំពង់ព្រះទេ ព្រោះបានទទួលកេរ្តិ៍ដំណែលពីសម័យចេនឡា ។ ក៏ប៉ុន្តែផ្នែកសិល្បៈស្ថាបត្យកម្មនាសម័យ នោះមានទេពកោសល្យខ្ពស់ បើយើងពិនិត្យក្បាច់រចនាផ្តែរ, សរសរពេជ្រ ទ្វារបញ្ឆោតជ្រុងខាងត្បូង ធ្វើអំពីថ្មព្រមទាំងស្រីទេពអប្សរ អមទ្វារនៅជ្រុងខាងត្បូងនៃប្រាសាទនេះ ។ ម្ប៉ាងវិញទៀតរូបចម្លាក់ភាគច្រើន ជាពិសេសចម្លាក់ព្រះនារាយណ៍ នៅរក្សាលក្ខណៈពីរចនាបទ កំពង់ព្រះបង្ហាញពី ឧបនិស្ស័យព្យាយាម និងបញ្ញាញាណយ៉ាងជ្រាលជ្រៅរបស់មនុស្សខ្មែរនាជំនាន់នោះដែរ ។ ភាពប៉ិនប្រសព្វកែច្នៃប្រឌិត កាន់តែមានសោភ័ណភាពក្រៃលែង ក៏ត្រូវបានគូសបញ្ជាក់តាមរយៈការតុបតែងចម្លាក់តំណាងទេវតាភេទស្រី្ត តូចធំៗដែលធ្វើអំពីបាយអ។

ការរកឃើញ

[កែប្រែ]

នៅថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០១២ ព្រះសិរព្រះនារាយណ៍ធ្វើអំពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង។ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជុសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនាំប្រាសាទនេះ។ បំណែកព្រះសិរធ្វើអំពីថ្មភក់មានកម្ពស់៣៨សង់ទីម៉ែត្រ ទទឹង២០សង់ទីម៉ែត្រ និងកម្រាស់១៨សង់ទីម៉ែត្រមានព្រះភក្រ្តមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនេះមានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូមមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯផ្នែកខាងលើមានម្កុដរាងស៊ីឡាំង ដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ក្រោយ។ ក្រោយពីធ្វើកំណត់ហេតុប្រគល់បំណែកចម្លាក់ខាងលើដោយមានស្ថាប័ននគរបាលការពារបេតិកភណ្ឌព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់ត្រូវបានដឹកយករក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀត[]

ឯកសារយោង

[កែប្រែ]
  1. អត្តបទលោក ឈូក សុម៉ាឡា អាជ្ញាធរជាតិព្រះវិហារ ការផ្សាយថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១