ប្រាសាទនាងខ្មៅ (ខេត្តព្រះវិហារ)

ពីវិគីភីឌា
ប្រាសាទនាងខ្មៅ

ឈ្មោះ: ប្រាសាទនាងខ្មៅ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថកោះកែរ
ទីតាំង: ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ប្រវត្តិ[កែប្រែ]

ប្រាសាទនាងខ្មៅគឺជាប្រាសាទក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សូមបញ្ចាក់ផងថាឈ្មោះប្រាសាទនាងខ្មៅនេះក៏មាននៅខេត្តតាកែវផងដែរ ដែលមានទីតាំងក្នុងវត្តប្រាសាទនាងខ្មៅនៃខេត្តតាកែវផងដែរ។ ប្រាសាទនេះកសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងអំឡុងសតវត្សទី១០នៃរាជកាលរបស់ព្រះអង្គ។ ប្រាសាទនាងខ្មៅកសាងដើម្បីឧទ្ទិសដល់សាសនាព្រាហ្មណ៍ ក្នុងរចនាបថកោះកែរ។ ឈ្មោះប្រាសាទនាងខ្មៅ ផ្អែកលើសាច់រឿងព្រេងដូចគ្នានិងប្រាសាទនាងខ្មៅនៅខេត្តតាកែវផងដែរ។

ស្ថាបយ្យកម្មប្រាសាទ[កែប្រែ]

រូបភាពតូច ប្រាសាទនាងខ្មៅមានតួប៉មមួយគត់ ធ្វើអំពីថ្មបាយក្រៀម បែរមុខនិងច្រកចូលតែមួយពីទិសខាងលិចដោយស៊ុមទ្វារធ្វើអំពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងបីទៀត។ តួប៉មនេះសង់នៅលើខឿនមួយដែលពាសដោយថ្មភក់ មានដំបូលរៀបជាថ្នាក់បញ្ឆោតលំអដោយប៉មបង្រួមធ្វើអំពីថ្មបាយក្រៀម[១]។ ក្នុងតួប៉មប្រាសាទ បន្សល់ទម្រស្នានទ្រនីទទឹង១៦០ម៉ែត្រ និងកម្ពស់ ១៣០សង់ទីម៉ែត្រទ្រលិង្គធ្វើអំពីថ្មភក់តែមួយដុំបានបែកបាក់សល់តែគល់ ចំណែកបង្ហូរទឹកមន្ត សោមសូត្រ ទៅរកទិសខាងជើង។ នៅលើផ្តែរមានឆ្លាស់រូបទេវបង្កើតលោកព្រះពហ្មមានមុខបួន មានដៃបួន ដោយដៃខាងឆ្វេងខាងលើកាន់គម្ពីរវេទ ដៃខាងឆ្វេងខាងក្រោមកាន់ផ្គាំ(ខ្សែរអជ្យ) ដៃស្តាំខាងលើកាន់ស្លាបព្រា ដៃស្តាំខាងក្រោមកាន់ថូទឹកអម្រិត ព្រះកាយសម្បុរផ្កាឈូក យានជំនិះជាសត្វហង្ស ចម្លាក់មានកាយវិការឈរស្ងៀម ឬអង្គុយលើផ្កាឈូក ដែលដុះចេញពីផ្ចិតព្រះវិស្ណុ ព្រះនាងសរស្វតីជាព្រះជាយាមានបុត្រីពីព្រះអង្គគឺទក្សភឬគុ និងសំធ្យាឬាន្ធិយា[២]។ ប្រាសាទនាងខ្មៅជាសំណង់មួយដ៏ពិសេសក្នុងក្រុមប្រាសាទកោះកែរ ហើយមានកំផែងថ្មបាយក្រៀមមួួយជាន់ រាងចតុកោណកែងមានកម្ពស់២ម៉ែត្រ មានទំហំ៤៧ម៉ែត្រគុណ៤៤ម៉ែត្រ មានគោបុរៈ(ក្លោងទ្វារ)ចូលពីទិសខាងលិច។ សព្វថែ្ងកំផែងខាងមុខមួយភាគធំត្រូវរលុះថ្មអស់[៣]។ គេប្រទះឃើញថ្មបាយក្រៀមស្ថិតនៅខាងលិចស្រះទឹកមួយស្ថិតនៅខាងត្បូងប្រមាណ១០០ម៉ែត្រពីប្រាសាទ។ នៅខាងមុខប្រាសាទឃើងមានសំណល់ក្បឿងបែកបាក់ ដែលបានប្រើប្រាស់នៅក្នុងសម័យនោះ។

ឯកសារយោង[កែប្រែ]

  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស (EFEO) ឆ្នាំ២០០៨។
  2. ក្រសួងទេសចរណ៍ឆ្នាំ២០០៧ សៀវភៅ មគ្គុទេ្ទសក៍ទេសចរណ៍ ទំព័រទី១៤២-២៦៥។
  3. និស្សិត ប្រាក់ សុវណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤(៨២១-៩៤៤) ទំព័រទី១២៣។