ប្រាសាទភ្នំខ្យង

ពីវិគីភីឌា
ប្រាសាទភ្នំខ្យង

ឈ្មោះ: ប្រាសាទភ្នំខ្យង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី៦
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត

ប្រាសាទភ្នំខ្យងជាប្រាសាទតូចមួយ ដែលអ្នកភូមិតំណាល ឱ្យដឹងថាបានសាងសង់ ឡើងតាំងពីសតវត្សរ៍ទី ៦ ម៉្លេះ គឺមុនសម័យអង្គរទៅទៀត។ ប្រាសាទភ្នំខ្យងស្ថិតនៅក្នុងភ្នំងងឹតមួយកម្រគេដឹងហើយក៏គ្មានភ្ញៀវ ហ៊ានចូលមើលដែរលុះត្រាមានអ្នកស្រុកភូមិក្បែរនោះនាំចូលទស្សនា ។

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទបុរាណមួយនេះ ហៅថា ប្រាសាទភ្នំខ្យង ស្ថិតក្នុងល្អាងភ្នំខ្យង ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកចង់ទៅទស្សនាប្រាសាទនេះ ត្រូវធ្វើដំណើរ ពីផ្សារទូកមាស ឆ្ពោះទៅទិសខាងត្បូងតាមថ្នល់ជាតិលេខ៣៣ ប្រហែល ១៤ គីឡូម៉ែត្រ រួចបត់ស្តាំ ចុះ ទៅលិចចម្ងាយ ១.៥០០ ម៉ែត្រ តាមផ្លូវលំក្រួសក្រហម តាមខ្លោងទ្វារវត្ត ប្រជាសង្គម ភ្នំក្រពើ នឹងទៅដល់ តំបន់ភ្នំខ្យង ដែលមាន សាលាបឋមសិក្សានៅជាប់នឹង ជើងភ្នំស្រាប់។ ភ្នំដែលលាក់ទុកប្រាសាទបុរាណនេះ គឺជាកូនភ្នំមួយមានកម្ពស់ ទាបល្មមស្ថិតនៅដាច់ពីគេ ដែលមានស្រុកភូមិព័ទ្ធជុំវិញ។ បើតាម ប្រសាសន៍របស់អ្នក ដែលមានផ្ទះនៅជាប់នឹងជើងភ្នំនោះ បានមានប្រសាសន៍ឱ្យដឹងថា ប្រាសាទបុរាណនេះ អ្នកស្រុកភូមិនាំគ្នាហៅថា ប្រាសាទភ្នំខ្យង តាំងពីយូយារណាស់មកហើយ ដែលស្ថិតក្នុងល្អាងភ្នំងងឹតស្លុបមួយ ។

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទនេះសង់ក្នុងសតវត្សរ៍ទី៦ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ គ្រាន់តែដឹងថា សង់ឡើងក្នុង បំណងឧទ្ទិសចំពោះព្រហ្មញសាសនា ។ តួប្រាសាទមានកម្ពស់ ៤.៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ បណ្តោយ ៣ ម៉ែត្រ មានរាងបួនជ្រុង កំពូលត្រួតជាថ្នាក់ បែរមុខទៅលិច ផ្នែកខាងក្រោយ អែបនឹងផ្ទាំងថ្ម។ អ្នកស្រុកបានឱ្យដឹង ទៀតថាប្រាសាទនេះ សង់ពីដីឥដ្ឋមានរាងដូចចេតិយបញ្ចុះអដ្ឋិធាតុ ហើយផ្នែកខាងក្នុងគ្មានតម្កល់អ្វីទេ។ កាលមុនសម័យ ប៉ុល ពត ពួក អ្នកស្រុកភូមិយកអដ្ឋិធាតុ អ្នកស្លាប់តម កម្កល់ទុកក្នុងប្រាសាទនេះ ហើយលុះដល់ រដូវបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំ ខ្មែរ ពួកគាត់តែងនាំគ្នា មកជួបជុំធ្វើ បុណ្យទាន និង និមន្តព្រះសង្ឃ សូត្រមន្តឆាក បង្សុកូល ក្នុងល្អាងភ្នំនេះ ជារៀងរាល់ឆ្នាំ ។ តែ សម័យបច្ចុប្បន្ន ប្រាសាទក្នុង ល្អាងភ្នំនេះ ពុំមានតម្កល់ អដ្ឋិធាតុ ដូចសម័យមុនឡើយ ហើយទើបតែ នៅឆ្នាំ ២០០៨ មន្ទីរវប្បធម៌ ខេត្តកំពតបាន ដាក់ ប្រាសាទនេះ ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌ ខេត្តផងដែរ ។គេនិយាយ បន្តឱ្យ ដឹងទៀតថា “ ក្នុងមួយខែៗ តែងមានភ្ញៀវ ទេសចរបរទេស អ្នកនៅក្នុងស្រុកនិង ពី ៨ ទៅ ១០ នាក់ដែរ បានមកទស្សនា ប្រាសាទបាតភ្នំ នេះ” ។បើយើងចង់ចូល ក្នុងល្អាងភ្នំ ទស្សនាប្រាសាទ ត្រូវឡើងទៅលើភ្នំ កម្ពស់ប្រហែល ៣០ ម៉ែត្រ និង មានមាត់រូងមួយ ចុះទៅក្រោម តាមជណ្តើរ ឈើចំនួន ១៧ កាំ នឹងដល់ ល្អាងថ្មដ៏ធំមួយ ។ បន្ទាប់មក ត្រូវបន្តចុះទៅ មាត់រូង មួយទៀតតាម ជណ្តើរឈើ ១១ កាំ នឹងដល់ទីតាំងប្រា-សាទ ។ ល្អាងភ្នំដែលមាន ប្រាសាទបុរាណនេះ ងងឹតទាំងថ្ងៃ ទាំងយប់ មើលអ្វី ពុំឃើញទេ លុះត្រាមាន ពិលបំភ្លឺ ទើបមើលឃើញ ។ អ្នកធ្វើដំណើរមកទីឆ្ងាយៗ ដែលចង់ចូលក្នុងល្អាងភ្នំ លុះត្រាពឹងពាក់ អ្នកស្រុកភូមិ ដែលស្គាល់ ភូមិសាស្ត្រា ច្បាស់ជួយនាំ ចូលទៅ ទើបមាន សុវត្ថិភាពល្អ ។ តែទោះបីយ៉ាងណាក៏ពួកគេមិនហ៊ានចូលដែរ បើគ្មានអ្នកស្រុកភូមិជូននោះពីព្រោះម្នាក់ៗតែង មានអារម្មណ៍ ភ័យខ្លាច សត្វសាហាវ មានពស់ និង ខ្លាជាដើម ហើយការចូល ទៅនេះត្រូវមាន ភ្លើងពិលបំភ្លឺ ទើបមើលឃើញ ព្រោះទីនោះងងឹត។អ្នកចូលទៅក្នុង ល្អាងភ្នំ ត្រូវកាន់ត្រណម ពាក្យសម្តី ហាមនិយាយពាក្យ អ្វីផ្តេសផ្តាស ផ្ទុយពីសីលធម៌ បើមិនដូច្នោះទេ ច្បាស់ជាវង្វេង រកផ្លូវចេញ មិនឃើញឡើយ ព្រោះល្អាងភ្នំនេះ មានរូងថ្ម បត់បែនកន្លុកកន្លៀតច្រើន ដើរមួយថ្ងៃមួយយប់មិនទាន់ផុតផងកន្លងមកធ្លាប់មានគេចូលទៅហើយ ។ អ្នកស្រុកភូមិជុំ វិញ ភាគច្រើនមិនទាន់ ដឹងថា មានប្រាសាទបុរាណ នៅក្នុង ល្អាងភ្នំខ្យង នេះឡើយផង ៕ ប្រាសាទភ្នំខ្យង ស្ថិតក្នុងរូងជម្រៅប្រមាណជាង៦ម៉ែត្រ ពីកំពូលភ្នំ ដោយត្រូវឆ្លងកាត់មាត់ច្រកតូចៗ មានជណ្តើរឥដ្ឋជាថ្នាក់ៗ។ ប្រាសាទនេះ សាងសង់នាអំឡុងសតវត្សរ៏ទី៦ ដើមសតវត្សរ៏ទី៧ នៃគ្រិស្តសរាជ ពោលគឺស្ថិតក្នុងអន្តរកាលរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា។ ដោយបែរមុខទៅទិសខាងលិច ប្រាសាទភ្នំខ្យងមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអាស្រមមហាឥសីនៅភ្នំដាខេត្តតាកែវ និងអាស្រមមហាឥសីនៅភ្នំហាន់ជ័យខេត្តកំពង់ចាម។ នៅកណ្តាលនៃតួប្រាសាទមានសិវលិង្គធម្មជាតិមួយដុះចេញពីបាតភ្នំ។ វត្តមានរបស់លិង្គថ្មធម្មជាតិនេះ តាមជំនឿរបស់អ្នកស្រុកគឺធើ្វឱ្យប្រាសាទនេះមានភាពស័ក្តិសិទ្ធិបំផុត[១]

ឯកសារយោង[កែប្រែ]

  1. http://kleykley.sabay.com.kh/article/996011