ប្រាសាទគុកយាយហម
ឈ្មោះ: | |
---|---|
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
កាលបរិច្ឆេទកសាង: | សតវត្ស១២ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | ភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម |
ទីតាំងភូមិសាស្រ្ត
[កែប្រែ]ប្រាសាទគុកយាយហមមានទីតាំងស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រាសាទនេះចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចណ៍អាចធ្វើដំណើរទៅទស្សនាប្រាសាទនេះ ដោយចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ ៦ រហូតដល់ផ្លូវបំបែកស្គុនបត់ខាងស្តាំទៅទីរួមខេត្តកំពង់ចាមតាមផ្លូវជាតិលេខ៧រហូតដល់ខ្លោងទ្វារវត្តសុវណ្ណពិជ័យរស្មីសង្កែបត់ចូលរហូតដល់ ៤គីឡូមែ៉ត្រ បន្តមកត្រូវធ្វើដំណើរពីផ្លូវថ្នល់តាមវាលស្រែប្រហែល ៥០០ម៉ែត្រនឹងមកដល់ទីតាំងប្រាសាទបុរាណមួយនេះ។
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រវត្តិប្រាសាទគុកយាយហមមានប្រវត្តិជារឿងព្រេងនិទាន និងប្រវត្តិពិតទាក់ទងនឹងការកសាងប្រាសាទនេះផង។ រឿងព្រេងនោះ គ្រាន់តែជាការនិទានតៗគ្នា ពីដូនចាស់ម្នាក់មានឈ្មោះថាយាយហម ដែលបានបូជាជីវិតដើម្បីការពារ ថែរក្សាទ្រព្យសម្បត្តិនៅក្នុងប្រាសាទនេះ នៅក្នុងសម័យសង្គ្រាម ដូចនេះហើយក្រោយពីយាយហមស្លាប់ទៅគេក៏ដាក់ប្រាសាទនេះថា ប្រាសាទយាយហមជាប់រហូតមកដល់សព្វថ្ងៃ។ ចំណែកនៅខាងមុខប្រាសាទនៅពេលបច្ចុប្បន្នមានអាស្រមមួយដែលជាសក្ការៈ ដែលមានរូបសំណាក់យាយហមនៅខាងសម្រាប់ជាកន្លែងសក្ការៈរបស់យាយហម។ ចំណែកតាមរយៈការសិក្សាអំពីប្រវត្តិពិតប្រាសាទនេះត្រូវបានកសាងឡើងដោយ បុព្វបុរសខ្មែរនាសម័យអង្គរនៅក្រោមរជ្ជកាលព្រះបាទជ័យវរ័្មនទី៧ ប៉ុន្តែតាមរយៈសំណង់នៃសំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពីសម័យអង្គរ គឺប្រហែល នៅសតវត្សរ៍ទី៧,៨នៃគ.ស ហើយប្រហែលជា ក្រោយមកសំណងនោះត្រូវបានខូចខាតទៅ ទើបនៅសម័យអង្គរ ព្រះមហាក្សត្រខ្មែរបានស្ថាបនា ជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់តែសង់នៅលើបរិវេណនៃប្រាសាទពីមុន[១]។
ស្ថាបត្យកម្មប្រាសាទ
[កែប្រែ]សព្វថ្ងៃនេះ អ្វីដែលនៅសល់គឺតួប្រាង្គប្រាសាទមួយធ្វើពីថ្មភក់សុទ្ធសាធ ។ ប្រាសាទនេះមាន ទ្វារចូលទាំងបួនទិស តែទ្វារខាងកើតជាច្រកសំខាន់ពោលគឺជាទិសសំខាន់របស់ខ្មែរ ។ នៅជាប់ពី ខាងលិចនៃតួប្រាង្គនេះ យើង ឃើញនៅមានសល់ទួលបុរាណពីរជាតួប្រាសាទឥដ្ឋ ដែលទទួលរង នូវការជីកកកាយយ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីនេះ នៅមានសំណង់ផ្ទាំងថ្មជាមេទ្វារប្រាសាទ ផ្តែរទ្វារមាន ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និង ដងខ្លួនព្រះពុទ្ធថ្មកំពូលប្រាសាទដែលធ្លាក់ មកដី ទម្លាក់បដិមា ក្បាច់ស្លឹករកា និងអំបែងកុលាលភាជន៍ជាដើម ។ល។ នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក ត្រពាំង ទឹក ទន្លេអុំ និងអូរ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំងប្រាសាទ យាយហមប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា។
ឯកសារយោង
[កែប្រែ]- ↑ ឯកសារជាវីដេអូ Khmer Youth of the Mekong Delta