ពិស្ណុលោកឯក
ចៅពញាពិស្ណុលោកឯក (ចៅពញា ជាសក្ដិ, ពិស្ណុលោក ជាងារ, ឯក ជាឈ្មោះ) លោកជាស្ដេចត្រាញ់នៃខែត្រទ្រាំងជាខែត្រនៅចុងខាងកើត កាលណោះដែនដីទិសខាងកើតស្ថិតនៅក្រោមការកាន់កាប់របស់ព្រះស្រីជេដ្ឋាទី២។
ប្រវត្តិ និង កិច្ចការសឹក
[កែប្រែ]លើកទ័ពទៅវាយអម្រិន្ទបូរពោធិ៍សាត់
[កែប្រែ]លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋាស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខែត្រថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខែត្រអម្រិន្ទបូរពោធិ៍សាត់វិញឲ្យបាន។ សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបាន ឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខែត្រសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។ ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខែត្រលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែឲ្យឃុំពល ២០០០០នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌នៅខែត្រលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែលើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយកព្រះរាជានុកូលទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។ មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខែត្របាទី ខែត្រទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយ នាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខែត្រដូចដើមវិញ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខែត្រទ្រាំងក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខែត្រនោះ។ ដល់រដូវទ្វារទសមាសអកអំបុកនោះ អស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជា ជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រក់ស្បូវ នៅកំពង់ខែត្រលង្វែក។ លុះដល់សំរេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូក ប្រទីប ថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ និងអុជកាំជ្រួចរន្ទាថ្វាយទៅចូឡាមណីចេតិយដែលតំកល់ព្រះចង្កូមកែវនៅឋានត្រៃត្រិង្ស ៣ ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យហៅថា “ភូមិសូរវង្ស”។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្ស កំពង់ប្រាសាទរៀងមក។ លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយ គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាម ជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ៊្វាទឡ្ហៈទេព ជាកូនទី ៣ ចៅពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលាឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាមឿងមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។ សម្ដេចព្រះស្រីជេដ្ឋាម្ចាស់ផែនដីដែលឡើងខែត្រត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទីច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកងដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដងមិនគិតសងសឹកវិញឲ្យបានសោះ។
តំណែងនយោបាយ | ||
---|---|---|
មុនដោយ ពិស្ណុលោកទេន |
ចៅពញាពិស្ណុលោកឯក | តដោយ ពិស្ណុលោក (ចន្ទរាជា) |