ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងអាស៊ាន
ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប និងអាស៊ាន
[កែប្រែ]សហភាពអឺរ៉ុប និងអាស៊ាននៅតែស្វែងរកគ្នាមិនទាន់ឃើញ
[កែប្រែ]រហូតមកដល់ចុងទសវត្សរ៍ទី៩០ អាស៊ានមិនដែលត្រូវបានសហភាពអឺរ៉ុបយកចិត្តទុកដាក់ខ្លាំងឡើយ។ នយោបាយការបរទេសរួមរបស់ទីក្រុងប៊្រុចសេល(Bruxelles) បានឲ្យតម្លៃជាពិសេសទៅលើតែបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅទ្វីបអាហ្វ្រិក នៅតំបន់ការ៉ាអ៊ីប(Caraïbes) និងនៅតំបន់ប៉ាស៊ីហ្វិក(Pacifique)។ រីឯនៅអាស៊ីវិញ សហភាពអឺរ៉ុបបានត្រឹមតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយប្រទេសធំៗឬជាមួយប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដូចជាចិនឥណ្ឌា និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ នារយៈពេលជិតដប់ឆ្នាំចុងក្រោយនេះ នៅក្នុងពេលមួយដែលការផ្តោះប្តូរពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាស៊ីចេះ តែកើនឡើងជាលំដាប់ ស្រាប់តែអាស៊ានក្លាយដោយស្វ័យប្រវត្តជាដៃគូសេដ្ឋកិច្ចមួយដ៏ធំ របស់សហភាពអឺរ៉ុប។ សព្វថ្ងៃនេះ អឺរ៉ុបជាទីផ្សារសំខាន់លំដាប់ថ្នាក់ទីពីរ សំរាប់ផលិតផលរបស់អាស៊ាន នៅក្រោយសហរដ្ឋអាមេរិកដែលជាទីផ្សារធំទីមួយ ហើយអឺរ៉ុបជាដៃគូពាណិជ្ជកម្មទីបីរបស់អាស៊ាន បន្ទាប់ពីអាមេរិក និងជប៉ុន។
នៅឆ្នាំ២០០០-២០០១ ទីក្រុងប៊្រុចសេល(Bruxelles) ផ្តើមភ្ញាក់ខ្លួន ហើយផ្តើមយល់ដឹងពីសក្តានុពលសេដ្ឋកិច្ចរបស់អាស៊ាន ដោយហេតុតែឩនភាពរហូតទៅដល់ជាងបីម៉ឺនលានដុល្លារនៃជញ្ជីង ពាណិជ្ជកម្មរបស់អឺរ៉ុបនៅចំពោះមុខអាស៊ាន បានន័យថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទិញទំនិញពីបណ្តាសមាជិកអាស៊ាន ច្រើនជាងលក់ទំនិញទៅឲ្យបណ្តាប្រទេសទាំងនេះ។ អ៊ីចឹងហើយ បានជាតាំងពីពេលនោះមក ទីក្រុងប៊្រុចសេល(Bruxelles) បានផ្លាស់ប្តូរនយោបាយ ក្នុងគោលដៅពង្រឹងវត្តមានរបស់អឺរ៉ុបនៅអាស៊ីអាគ្នេយ៍។ នៅក្នុងន័យនេះ គណៈកម្មការអឺរ៉ុបបាន និងកំពុងបន្តជម្រុញឲ្យក្រុមហ៊ុនអឺរ៉ុប ទៅដាក់ទុនរកស៊ី នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ នៅក្នុងន័យដូចគ្នានេះដែរ សហភាពអឺរ៉ុបបានចុះហត្ថលេខាទទួលយកសន្ធិសញ្ញាស្តីពីមិត្រភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ហៅកាត់ថា តាក់(TAC) ហើយសហភាពអឺរ៉ុបក៏កំពុងបន្តចរចាជាមួយអាស៊ាន ដើម្បីបង្កើតតំបន់ផ្តោះប្តូរពាណិជ្ជកម្មដោយសេរីមួយដែរ។
យ៉ាងណាក៏ដោយ មកទល់សព្វថ្ងៃ សហភាពអឺរ៉ុប និងអាស៊ាន ដូចជានៅតែមិនទាន់ព្រមឲ្យតម្លៃខ្ពស់ដល់ភាពជាដៃគូនេះរបស់ ពួកគេនៅឡើយ។ ជាក់ស្តែង កិច្ចប្រជុំពីរឆ្នាំម្តងរវាងប្លុកទាំងពីរ នៅតែប្រព្រឹត្តទៅត្រឹមថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ មិនទាន់មានទេជំនួបកំពូល រវាងបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់សហភាពអឺរ៉ុប និងរបស់អាស៊ាន។ ពិបាកយល់ជាងនេះទៅទៀត គឺរដ្ឋមន្ត្រីការបរទេសប្រទេសអឺរ៉ុបខ្លះមិនទាំងទៅចូលរួមក្នុង កិច្ចប្រជុំនេះទៅទៀត ច្រើនតែបញ្ជូនរដ្ឋលេខាធិការទៅជំនួសខ្លួនទៅវិញ។
យ៉ាងណាមិញ សហភាពអឺរ៉ុបនិងអាស៊ានដូចជាមិនសូវស៊ីចង្វាក់គ្នា។ ជាទូទៅអឺរ៉ុបមានឥរិយាបថរឹងរូស ឧទាហរណ៍នៅចំពោះមុខការរំលោភសិទ្ធិមនុស្សនៅប្រទេសភូមាជាដើម។ ចំណែកអាស៊ានវិញ មិនសូវចង់ជ្រៀតជ្រែកទេក្នុងបញ្ហាផ្ទៃក្នុងនៃប្រទេសណាមួយ ចូលចិត្តសាច់ការ និងគិតតែពីប្រយោជន៍សេដ្ឋកិច្ច។
មែនទែនទៅ មានច្រើនណាស់ចំណុចរួមរវាងសហភាពអឺរ៉ុបនិងអាស៊ាន ចំណុចរួមដែលអាចជួយឲ្យប្លុកទាំងពីរខិតចូលជិតគ្នា។ មានជាបឋមប្រវត្តិសាស្ត្ររួមគ្នា។ ប្រវត្តិសាស្ត្រដែលទាក់ទងទៅនឹងសម័យអាណានិគមនិយម ពីព្រោះចូរកុំភ្លេចថា បារាំង អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គ័ល ឬក៏ហុល៉្លង់ សុទ្ធសឹងជាប្រទេសដែលបានកាន់កាប់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនធំ អស់រយៈពេលជាច្រើនសិបឆ្នាំ។ ដោយឡែក សហភាពអឺរ៉ុបជាគំរូសមាហរ័ណកម្មតំបន់មួយសំរាប់អាស៊ាន។ អាស៊ានដែលចង់ប្រែក្លាយឲ្យដូចសហភាពអឺរ៉ុបយ៉ាងយូរ នៅឆ្នាំ២០២០។
ម្យ៉ាងទៀត ការពង្រឹងភាពជាដៃគូរវាងតំបន់ទាំងពីរនឹងនាំមកនូវអត្ថប្រយោជន៍ ធំ។ អត្ថប្រយោជន៍សំរាប់សហភាពអឺរ៉ុប គឺបទពិសោធន៍នៅក្នុងទំនាក់ទំនងរវាងអង្គការតំបន់មួយ និងអង្គការតំបន់មួយទៀត។ ឯអត្ថប្រយោជន៍សំរាប់អាស៊ានវិញ គឺអឺរ៉ុបអាចជួយធ្វើឲ្យមានតុល្យភាពភូមិសាស្ត្រនយោបាយមួយល្អ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលឋិតនៅក្រោមឥទ្ធិពលខ្លាំងពេករបស់ ប្រទេសចិននិងរបស់សហរដ្ឋអាមេរិក៕
ឯកសារយោង
[កែប្រែ]ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ