មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
បុប្ផាណា (ឈ្មោះពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, អង់គ្លេស៖ Bophana Audiovisual Resource Center, បារាំង៖ Bophana Centre de resources audiovisuelles) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយធ្វើការប្រមូលទុកនូវឯកសាររូបភាព និងសំឡេងពីអតីតកាលកម្ពុជា សម្រាប់ទុកឲ្យសាធារណជនធ្វើការស្រាវជ្រាវ សិក្សា ស្វែងយល់។
ជីវប្រវត្តិមជ្ឈមណ្ឌល
[កែប្រែ]ដោយព្រួយបារម្ភពីការបាត់បង់បេតិភណ្ឌសោតទស្សន៍ លោក ប៉ាន់ រិទ្ធី និងលោក អៀវ បណ្ណាការ (កាលនោះលោកជាប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) បានស្រមៃទៅដល់ទីកន្លែងមួយដែលអាចផ្ដល់ឯកសារ និងការចងចាំអំពីបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជាពីអតីតកាល ដល់សាធារណជនអាចទស្សនាបាន។ នៅពេលនោះហើយគម្រោង មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ត្រូវបានលេចចេញជារូបរាងឡើង ហើយត្រូវបានគាំទ្រដោយអាជ្ញាធរពាក់់ព័ន្ធយ៉ាងលឿន។ កិច្ចសហប្រតិបត្តិការជាមួយនឹងភាគីបារាំង ដែលមានដូចជាផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងសិទ្ធិប្រមូលឯកសារ គឺជាជំនួយដ៏ធំធេងមួយ។[១]
ឈ្មោះ "បុប្ផាណា"
[កែប្រែ]បុប្ផាណា គឺជាយុវនារីម្នាក់ដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរស២១ ដែលពោរពេញទៅដោយការតស៊ូ សេចក្ដីក្លាហាន និងថ្លៃថ្នូរ ហើយអ្វីទាំងនេះមានបង្ហាញនៅក្នុងសារលិខិតរបស់នាងដែលបានបន្សល់ទុក។ ដូច្នេះហើយ ការប្រើឈ្មោះ បុប្ផាណា ជាឈ្មោះមជ្ឈមណ្ឌលគឺដើម្បីផ្សព្វផ្សាយអំពីការតស៊ូ សេចក្ដីក្លាហាន និងថ្លៃថ្នូររបស់យុវនារីម្នាក់នេះ និងដើម្បីបង្ហាញអំពីអតីតកាល ការចងចាំ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
បេសកកម្ម
[កែប្រែ]ជួយសង្គ្រោះ និងធ្វើឲ្យអនុស្សាវរីយទាំងចាស់ ទាំងថ្មីមានជីវិត
[កែប្រែ]មជ្ឈមណ្ឌលធ្វើការប្រមែប្រមូលរាល់ឯកសារស្ដីអំពីប្រទេសកម្ពុជា មកពីជុំវិញពិភពលោក មានដូចជារូបភាព ខ្សែភាពយន្ត សំឡេង និងឯកសារក្នុងទ្រង់ទ្រាយដទៃទៀត។ រាល់ឯកសារទាំងនោះត្រូវបានចងក្រង និងសង្គ្រោះឲ្យមានជីវិតឡើងវិញ សម្រាប់ទុកឲ្យសាធារណជន សិស្ស និស្សិត អ្នកស្រាវជ្រាវ អាចសិក្សានិងទស្សនាបានដោយឥតគិតប្រាក់។ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បាន ធ្វើការស្នើសុំពីប្រទេសបារាំងនូវឯកសារមួយចំនួនដូចជា ឯកសារភាពយន្តស្ដីអំពីកម្ពុជារបស់សមាគមហ្វ្រែលុយមីញែរ ដែលថតតាំងពីពេលកកើតភាពយន្តដំបូងម្ល៉េះ, ព្រះរាជពិធីបុណ្យអុំទូកអំឡុងទសវត្សរ៍ទី៥០ ខ្សែភាពយន្ត និងការផ្សាយសំឡេងឃោសនាតាមវិទ្យុខ្មែរក្រហម។[២] គ្រប់ឯកសារទាំងនោះមានដាក់ជូនសាធារណជនទស្សនានៅក្នុងមូលដ្ឋាន ទិន្នន័យរបស់មជ្ឈមណ្ឌល ដែលមានជាបីភាសា (ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ)។
ពង្រឹងនិងផ្ដល់ថាមពលឲ្យវិស័យសោតទស្សន៍តាមរយៈការបណ្ដុះបណ្ដាល
[កែប្រែ]ដើម្បីពង្រឹង និងលើកកម្ពស់ឲ្យវិស័យសោតទស្សន៍មានការរីកចម្រើន មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បាន បើកវគ្គបណ្ដុះបណ្ដាលមួយចំនួនដល់អ្នកដែលពេញចិត្តលើផ្នែកនេះ ជាពិសេសគឺយុវជន ដោយមានការបង្ហាត់បង្ហាញពីអ្នកជំនាញជាជនជាតិខ្មែរ និងបរទេស ហើយអនុវត្តផ្ទាល់តែម្ដង។[២]
ផលិត និងធ្វើសហប្រតិបត្តិការថតខ្សែភាពយន្តបរទេស
[កែប្រែ]មជ្ឈមណ្ឌលធនធានសោតទស្សន៍បានដំឡើងផ្នែកផ្គត់ផ្គង់មួយសម្រាប់ការថតរបស់ខ្លួន និងសម្រាប់ទទួលការថតរបស់បរទេសនៅកម្ពុជា នោះគឺមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលការថតភាពយន្តនៅកម្ពុជា(CFC)។[២] ការផលិត និងការផ្គត់ផ្គង់ថតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាល ដែលជាឱកាសសម្រាប់យុវជនដែលបានបញ្ចប់ការសិក្សា អាចបញ្ចេញសមត្ថភាពរបស់ខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។ ផ្នែកផ្គតផ្គង់នេះនឹងឆ្លើយតបតាមតម្រូវការដែលអ្នកជំនាញខាងវិស័យភាពយន្តចង់បាន ដោយផ្តល់នូវធនធានមនុស្សមានសមត្ថភាព និងសេវាកម្មប្រកប ដោយគុណភាព។ ការធ្វើបែបនេះក៏ជាគោលបំណងដើម្បីគ្រប់គ្រងប្រាក់ចំណូលដល់មជ្ឈមណ្ឌល ដើម្បីធានាឲ្យមានសកម្មភាពជានិរន្ដរ៍ដែរ។
ការផលិត
[កែប្រែ]ភាពយន្ត
[កែប្រែ]ចំណងជើង[៣] | អ្នកដឹកនាំ | រយៈពេល | ឆ្នាំផលិត |
---|---|---|---|
ព្រៃផា ជម្រកចុងក្រោយ | ហ្គីយ៉ូម សួន និង អាន់ឡរ ប៉ូរ៉េ | ១ម៉ោង ៥នាទី | ២០១៣ |
អាពាហ៍ពិពាហ៍ក្រហម | ចាន់ លីដា និង ហ្គីយ៉ូម សួន | ៥៨នាទី | ២០១២ |
ខ្ញុំទៅណា | នាង កាវ៉ិច | ៥៥នាទី | ២០១២ |
រម្លឹកពីឪពុកខ្ញុំ | ហ្គីយ៉ូម សួន | ៥២នាទី | ២០១០ |
មហាឫស្សីប្រស់ខ្លា | រឿន ណារឹទ្ធិ | ៣២នាទី | ២០១០ |
បុរសពីរនាក់នៅផ្ទះជិតគ្នា | រឿន ណារឹទ្ធិ | ២៥នាទី | ២០០៨ |
តន្ត្រី
[កែប្រែ]- កំណប់តន្ត្រីដូនតា (វ៉ុល១ និង វ៉ុល២)
- អ្នកចម្រៀងពនេចរ [៤]
រាមកេរ្តិ៍ តាគ្រុឌ
[កែប្រែ][៥]ខ្សែអាត់សំឡេង រាមកេរ្តិ៍ តាគ្រុឌ គឺជាការនិទានរឿងរាមកេរ្តិ៍របស់តាគ្រុឌ ដែលមានដើមកំណើតនៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្សែអាត់សំឡេងនេះមានរយៈពេលដប់ម៉ោងនេះ គឺជាឯកសារដ៏កម្របំផុតដែលនៅមានជីវិតមកដល់ពេលបច្ចុប្បន្ននេះ។ មួយផ្នែកនៃខ្សែអាត់សំឡេងត្រូវបាន ចងក្រងឡើងក្នុងអំឡុងឆ្នាំ១៩៦៥ ក្នុងស្ទូឌីយូវិទ្យុឃោសនាការជាតិខ្មែរ។ កាលនោះ តាគ្រុឌបានកាន់កម្មវិធីនិទានរឿងនៅទីនោះ ទើបធ្វើឲ្យលោក ហ្សាក់ ប្រ៊ុយណេ (Jacques Brunet) អាចរក្សាទុកបានមួយច្បាប់។ ផ្នែកទីពីរនៃខ្សែអាត់សំឡេងត្រូវបានចងក្រងឡើងក្នុងឆ្នាំ១៩៦៨ តាមរយៈការស្នើសុំរបស់លោក ហ្សាក់ ប្រ៊ុយណេ ដោយឱ្យតាគ្រុឌនិទានរឿងរាមកេរ្តិ៍ ដោយផ្ទាល់នៅមុខសាធារណជនក្នុងភូមិរកាកោង។ លោក ហ្សាក់ ប្រ៊ុយណេ ចង់ធ្វើការប្រៀបធៀបរបៀបនិទានទាំងពីររបស់តាគ្រុឌ។ ការប្រៀបធៀបនេះបង្ហាញឱ្យឃើញថាបរិយាកាសនៃសំឡេងនិទានមានភាពខុសគ្នាជាខ្លាំងនៅក្នុងស្ទូឌីយូ និងនៅមុខសាធារណជន។
ស៊ីឌីខ្សែអាត់នេះត្រូវបានផ្ដួចផ្ដើមគំនិតផលិតដោយលោកបណ្ឌិត អាឡាំង ដានីញ៉ែល និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ និងគណៈកម្មការជាតិយូណេស្កូ។
វិចិត្រសាល
[កែប្រែ]-
បណ្ណាល័យមជ្ឈមណ្ឌលបុប្ផាណា
-
ទីធ្លាពិគ្រោះឯកសារបណ្ណសារ
-
ដំបូលរបស់មជ្ឈមណ្ឌលបុប្ផាណា
-
បន្ទប់បញ្ចាំងកុននៃមជ្ឈមណ្ឌលបុប្ផាណា
ឯកសារយោង
[កែប្រែ]- ↑ 'បទបង្ហាញ': http://bophana.org/site/index.php?option=com_content&task=view&id=13&Itemid=57
- ↑ ២,០ ២,១ ២,២ 'បេសកកម្មរបស់យើង': http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58
- ↑ 'ភាពយន្ត': http://bophana.org/site/index.php?option=com_content&task=view&id=28&Itemid=74&lang=kh
- ↑ 'តន្ត្រី': http://bophana.org/site/index.php?option=com_content&task=view&id=40&Itemid=97&lang=kh
- ↑ 'រាមកេរ្តិ៍': http://bophana.org/site/index.php?option=com_content&task=view&id=58&Itemid=137&lang=kh