Jump to content

រាមាយណៈ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រាមកេរ្តិ៍)
ព្រះម៉ែនាង​សីតា នៃព្រហ្មញ្ញ សាសនា - ហិណ្ឌូសាសនា.

រាមាយណៈ (អង់គ្លេស: Ramayana); (ថៃ: รามายณะ) រឿងរាមកេរ្តិ៍ នៃព្រហ្មញ្ញ សាសនា - ហិណ្ឌូសាសនា.

ខ្សែ​ទី​១

[កែប្រែ]

ឥសី​ពិស្វាមិត្រ​ បាន​រៀបចម​ហោម​ពិធី​ជា​កិត្តិយស​ដល់​សិស្ស​គឺ ព្រះរាម និង​ ព្រះលក្សណ៍ ដែល​បាន​រៀប​ចេះ​ចប់​គម្ពីរវេទ។ ថ្ងៃ​មួយ​មាន​យក្ស​កាឡា​ខ្លួន​ជា​ក្អែក​យ៉ាង​ធំ ឈ្មោះ ​កាកណាសូរ មក​ឆាប​អាស្រម​ឥសី​ខ្ទេចខ្ទី​អស់ ។ ឥសី​ពិស្វាមិត្រ​ ខឹង​យ៉ាងខ្លាំង​ហើយ​ក៏​ជប់​ធ្នូសរ​ឲ្យ​ ព្រះរាម​ បាញ់​ សម្លាប់​កាកណាសូរ ។ ក្រោយ​មក​ក៏​នាំ​ព្រះរាម និង​ ព្រះលក្សណ៍ ​ចូល​រួម​ប្រឡង​លើក​ធ្នូសរ​ព្រះជនក​នៅ​នគរ​មិថិលា ដើម្បី​យក នាង​សិតា​ ធ្វើ​ជា​មហេសី ។ ក្នុង​ឱកាស​នោះ មាន​បេក្ខជន​ចូលរួម​ជាច្រើន​ដែល​មក​ពី​ភព​ទាំង​បី សូម្បី​តែ​ព្រះឥសូរ​ក៏​មក​នឹង​គេ​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​លើក​ធ្នូសរ​រួច​ឡើយ គឺ​មាន​តែ​តួអង្គ​ព្រះរាម​មួយ​គត់​បាន​ទទួល​ជោគជ័យ​ដោយ​លើក​ធ្នូសរ​នោះ​ រួច ។

ពេល​នោះ​ ព្រះជនក ​រីករាយ​ណាស់​ផ្ដល់​ព័ត៌មាន​នេះ​ថ្វាយ​ទៅ ​ព្រះបាទ​ទសរថ ដើម្បី​យាង​មក​ជា​អធិបតី​ក្នុង​ពិធី​រាជាភិសេក​រវាង​ព្រះរាម និង​ ព្រះម៉ែនាង​សីតា ។ កាលបើ​ពិធី​អភិសេក​ចប់​សព្វ​គ្រប់​ហើយ ក៏​នាំ​ព្រះរាជបុត្រ និង​ព្រះរាជធិតា​សុណិសា​វិល​ត្រឡប់​ទៅ​កាន់​ នគរ​អយុធ្យា​វិញ ។ ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ជួប​នឹង​យក្ស​កំណាច​មួយ​ឈ្មោះ រាមាសូរ ។ យក្ស​នេះ​បាន​ចោទ​ប្រកាន់​ព្រះរាម​ថា លួច​យក​ឈ្មោះ​រាមបរមសូរ​ មក​ដាក់​ធ្វើ​ជា​ឈ្មោះ​ខ្លួន ដូច្នេះ​ត្រូវ​តែ​មក​ក្រាប​បង្គំ​សុំ​ទោស​ទើប​រួច​ខ្លួន ។ ព្រះរាម​ ក៏​ផ្ចាញ់​រាមាសូរ​ប្រកប​ដោយ​ជោគជ័យ​ទៀត ។

លុះ​មក​ដល់​នគរ​ ព្រះបិតា​នាម​ទសរថ​មាន​បំណង​លើក​ព្រះរាម​ជា​រាជបុត្រ​ច្បង​ឲ្យ​ឡើង​គ្រោង​រាជ្យ​តាម​ប្រពៃណី​នៃ​ត្រកូល​ក្សត្រ តែនាង​កៃកេសី​ ជំទាស់​ដោយ​សំអាង​លើ​ពាក្យ​សច្ចៈ​ព្រះទសរថ​បាន​សន្យា​ថា​នឹង​ឲ្យ​បុត្រ​របស់​ព្រះនាង​ឈ្មោះ ភិរុត ឡើង ​គ្រង​រាជ្យ​វិញ នៅ​ពេល​ដែល​នាង​ជួយ​ព្រះអង្គ​ក្នុង​សង្គ្រាម​បាន​ឈ្នះ​ព្រះអាទិត្យ ។ ព្រះបាទ​ទសរថ​មាន​បំណង​ចែក​នគរ​ជា​២ ប៉ុន្តែ​ព្រះកៃកេសី​ពុំ​ព្រម ហើយ​ក៏​បណ្ដេញ​ព្រះរាម​ឲ្យ​ទៅ​នៅ​ព្រៃ​១៤​ឆ្នាំ​សឹម​មក​ សោយរាជ្យ​វិញ ។ ព្រះលក្សណ៍​ ក្រេវក្រោធ​ចង់​ធ្វើ​ឃាដ​នាង​កៃកេសី តែ​ព្រះរាម​ឃាត់ ហើយ​បន្ទាប់​មក​ក៏​ស្ម័គ្រ​តាម​ដង្ហែ​ព្រះរាម និង​ទេពី​សិតា​ទៅ​នៅ​ក្នុង​ព្រៃ ។ ទាំង​បី​អង្គា​នាំ​គ្នា​ចាក​ចេញ​ពី​នគរ​អយុធ្យា​ទៅ​ដល់​កណ្ដាល​ព្រៃ​បាន​ជួប ​នឹង ​កូខ័ន ជា​ស្ដេច​ព្រៃ​មាន​រូប​អាក្រក់​តែ​ចិត្ត​ល្អ​ជា ចេះ​ជួយ​រំលែក​ទុក្ខ​ពី​ព្រះរាម ហើយ​ព្រះអង្គ​ទុក​កូខ័ន​នេះ​ជា​បងប្អូន​បង្កើត តែ​មិន​ព្រម​ទទួល​យក​ការ​អារាធនា​ពី​កូខ័ន​ឲ្យ​នៅ​ទីនោះ​ជាមួយ ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ចិត្តកូត​ដើម្បី​បួស​ជា​ឥសី ។

ខ្សែ​ទី​២

[កែប្រែ]

ពេល ​ចេញ​ដំណើរ​ពី​កូខ័ន​ទៅ ព្រះរាម​បាន​ឃើញ​ព្រៃ​មួយ​កំពុង​ឆេះ​ដោយ​កម្ដៅ​ព្រះអាទិត្យ ។ ពេល​នោះ​ស្លឹក​ឈើ​ដែល​ខ្លោច ផ្កា​ឈើ​ដែ​ឆេះ​ក្រៀមក្រំ​ក៏​ស្រាប់​តែ​រីក​ស្រស់​ញញឹម​ឡើង​វិញ ចំណែក​ឯ​ព្រះអាទិត្យ​ដែល​កំពុង​តែ​បញ្ចេញ​កម្ដៅ​យ៉ាង​ខ្លាំង​ក៏​ស្រាប់​តែ​ បន្ថយ​កម្ដៅ​របស់​ខ្លួន ។ ព្រះរាម និង​ព្រះនាង​សិតា រួម​ទាំង​ព្រះលក្សណ៍​បាន​បន្ត​ទៅ​មុខ​ទៀត បាន​ជួប​នឹង​ឥសី​ពារទ្វឡ ហើយ​បាន​ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​ភ្នំ​ចិត្តកូត ។ នៅ ​ជើង​ភ្នំ​នោះ​បរិយាកាស​បាន​ប្រែប្រួល​ដែល​សត្វ​សាហាវ​ប្រែ​ជា​សត្វ​ស្លូត កូន​ខ្លា​រត់​ទៅ​បៅ​មេ​ប្រើស កូន​ប្រើស​រត់​ទៅ​បៅ​មេ​ខ្លា​វិញ ។ ព្រះលក្សណ៍​បាន​ទទួល​ភារកិច្ច​សង់​អាស្រម​សម្រាប់​ស្នាក់​នៅ​ក្នុង​ព្រៃ​ ទាំង​បី​អង្គារ​នៅ​ទី​នោះ​ទៅ ។ ឯ​ក្រុង​អយុធ្យា​ឯ​នោះ​វិញ ព្រះបាទ​ទសរថ​ទ្រង់​សោយ​ទីវង្គត ។ ឥសី​វិសិដ្ឋ​មហាឫស្សី ជា​រាជបុរោហិត​ បាន​ធ្វើ​សារ​ទៅ​យាង​ព្រះភិរុត​ចូល​មក​នគរ​ជា​ប្រញាប់​ដើម្បី​ធ្វើ​ពិធី​លើក ​សព​សំស្ការ ។ នាង​កៃកេសី​លួច​ថ្លែង​សារ​នោះ​ថា ឲ្យ​ព្រះរាជបុត្រ​ត្រឡប់​មក​កាន់​នគរ​ដើម្បី​ចូល​រួម​រាជាអភិសេក​ ព្រះរាម ។ ព្រះភិរុត​ត្រក​អរ​ខ្លាំង​ក៏​ធ្វើ​ដំណើរ​មក​កាន់​នគរ​ភ្លាម ប៉ុន្តែ​ទ្រង់​ទត​ឃើញ​ព្រះនគរ​ស្ងាត់​ជ្រងំ ប្រជារាស្ត្រ​បោះបង់​មុខ​របរ​ទាំងអស់ ។ លុះ​ទ្រង់​ជ្រាប​រឿង​ពិត ព្រះភិរុត​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មាន​បំណង​សម្លាប់​មាតា​កៃកេសី ក៏​ប៉ុន្តែ​ដោយ​សេចក្ដី​អង្វរ​របស់​ព្រះនាង និង​ព្រះនាង​កោសកល្យា អគ្គមហេសី​ព្រះបាទ​ទសរថ និយាយ​លួង​លោម​អំពី​ដំណើរ​ហេតុ​ផ្សេងៗ និង​ដំណើរ​ព្រះរាម​យាង​ទៅ​នៅ​ព្រៃ ។ បន្ទាប់​ពី​រៀប​បូជា​សព​ព្រះបាទ​ទសរថ​ហើយ ព្រះភិរុត ព្រះសុត្រុត មួយ​អន្លើ​ដោយ​ព្រះនាង​ជា​មាតា​ទាំង​បី​អង្គ កោសកល្យា កៃកេសី និង​នាង​សមុទ្រ ព្រម​ទាំង​កង​ទ័ព​បាន​លើក​តម្រង់​ទៅ​សុំ​យាង​ព្រះរាម​ចូល​មក​គ្រង​រាជ្យ​នៅ​ អយុធ្យា​វិញ ។ ក្បួន​ព្រះរាជដំណើរ​បាន​មក​ដល់​ជាយ​ដែន​ព្រៃ​របស់​កូខ័នៗ​បាន​ឃើញ​ព្រះភិរុត ​នាំ​ទ័ព​មក​សន្ធឹក​សន្ធាប់​យ៉ាង​នេះ នឹក​ស្មាន​ថា​តាម​មក​សម្លាប់​ព្រះរាម និង​ព្រះរាជ​ទេពី ក៏​ប្រុង​ជើង​ការណ៍ ចាត់​កង​សេនា​លប​ឈ្លប​យក​ព័ត៌មាន ។ បន្ទាប់​ពី​បាន​ដឹង​ការណ៍​ច្បាស់​ហើយ កូខ័ន​ក៏​ជួយ​សម្រួល​ព្រះរាជ​ដំណើរ​ឆ្ពោះ​ទៅ​ដល់​ភ្នំ​ចិត្តកូត​ដោយ​ សុវត្ថិភាព ។ ក្សត្រា​ ក្សត្រី​ទាំង​ប្រាំ​អង្គ​បាន​ជួប​ព្រះរាម ហើយ​សុំ​អង្វរ​ព្រះរាម តែ​ព្រះរាម​បដិសេធ​មិន​ព្រម ហើយ​ព្រះអង្គ​ទ្រង់​ប្រទាន​សុពណ៌​បាទ​ទុក​ឲ្យ​ព្រះភិរុត​នាំ​ត្រឡប់​ទៅ​ ក្រុង​អយុធ្យា​វិញ ។ ដោយ​ ឈ្វេង​យល់​ថា ព្រះអង្គ​គង់​នៅ​ភ្នំ​ចិត្តកូត​នេះ​នាំ​រំខាន​ពី​ព្រះរាជវង្ស ព្រះអង្គ​ក៏​សម្រេច​ព្រះទ័យ​នាំ​មហេសី និង​ព្រះអនុជ​ចូល​ទៅ​ព្រៃ​ជ្រៅ​ឆ្ងាយ​ទៅ​ទៀត ។ តាម​ផ្លូវ​ព្រះរាម​បាន​ជួប​នឹង​យក្ស​មួយ​ឈ្មោះ ពិរាធ មាន​ចិត្ត​កំណាច​ឃោរឃៅ គិត​ចូល​មក​ចាប់​ឆក់​យក​ព្រះនាង​សិតា ។

ខ្សែ​ទី​៣

[កែប្រែ]

ពិតដូច្នោះ​ហើយ ភិរាធ​ក៏​ស្ទុះ​ចូល​ទៅ​ឆក់​នាង​សិតា​យក​ទៅ ។ ព្រះលក្សណ៍​ធានា​ខ្លួន​ការពារ​យក​នាង​សិតា​មក​វិញ ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​ឃើញ​ថា ទន់​ដៃ​ជាង​យក្ស ។ ព្រះរាម​ឃើញ​ដូច្នោះ ថ្លែង​សរ​សម្លាប់​យក្ស​ក្នុង​ពេល​នោះ​ទៅ​ហោង ។ ត​ទៅ​ទៀត​ក្សត្រី​ទាំង​បី​អង្គ​បាន​បន្ត​ដំណើរ​ដល់​ភ្នំ​កណ្ឌការណ្យពន​ ក៏​បួស​ជា​តាបស ។ ព្រះលក្សណ៍​ដឹង​អនុភាព​របស់​ខ្លួន​បថុជន​ក៏​សុំ​លា​ព្រះរាម​ទៅ​តាំង​សិល្ប៍​ រម្លឹក​អាគម​គាថា​ឡើង​វិញ​នៅ​នា​ទៀប​អាយ​អាស្រម​គ្នា ។

ពេល​នោះ​មាន​យក្ខនីយ៍​មួយ​ឈ្មោះ​នាង​សូបនខា ត្រូវ​ជា​ប្អូន​យក្ស​ក្រុងរាពណ៍​បាន​ឃើញ​ក្សត្រ​ទាំង​ពីរ​មាន​រូប​ឆោមលោម​ ពណ៌​គួរ​ឲ្យ​បេតី ក៏​កាឡា​ខ្លួន​ជា​ទេពអប្សរ​យ៉ាង​ស្រស់​ប្រិបម្រិយ​ចូល​ទៅ​ប្រលោម​លួង​លោម​ សុំ​សេចក្ដី​ស្នេហា​ពី​ព្រះរាម ។ តែ​ព្រះរាម​បាន​ប្រាប់​នាង​ឲ្យ​ទៅ​សុំ​ពី​ព្រះលក្សណ៍​វិញ ។ ព្រះលក្សណ៍​ដាច់​សិល្ប៍​ខ្ញាល់​នឹង​នាង​សូបនខា​មក​រុក​គួន​ក៏​ចាប់​ផ្ដួល​កោ ​សក់​កាត់​ដៃ ស្រែក​បណ្ដេញ​ចេញ​ទៅ ។ នាង​សូបនខា​ប្រែ​កាឡា​ជា​យក្ស​វិញ ហើយ​បាន​ស្រែក​ជម្ទាល​ឮ​សូរ​រហូត​ដល់​ក្រុងខរ​ជា​បង​របស់ ​នាង ។ ក្រុងខរ​ឮ​ហើយ ក៏​ជិះ​សេះ​តម្រង់​មក​ជួយ​សង្គ្រោះ ។ ដោយ​កំហឹង​ឆាប​ឆេះ​ជា​ខ្លាំង ក្រុងខរ​បញ្ជា​មេទ័ព​ម្នាក់​ឈ្មោះ​ខុនទូសណ៍​នាំ​នាង​យក​ទៅ​ចូល​នគរ​វិញ ហើយ​ក៏​លើក​ទ័ព​ចូល​ច្បាំង​នឹង​ព្រះរាម ។

ក្រុងខរ​បាន​បញ្ជា​ឲ្យ​ខុនទូសណ៍​ចូល​ច្បាំង​មុន​គេ បន្ទាប់​មក​ត្រីស្វិរៈ ទីបំផុត​ក្រុងខរ​ខ្លួន​ឯង​ចូល​ទៅ​ទៀត​តែ​ត្រូវ​សរ​ព្រះរាម​ស្លាប់​គ្មាន​សល់ ​ឡើយ ។ នាង​សូបនខា​ឃើញ​បង​ស្លាប់​អស់​ក្នុង​ការ​ប្រយុទ្ធ​ដូច្នោះ ក៏​ហោះ​សំដៅ​ទៅ​ក្រុង​លង្កា ញុះញង់​បងប្រុស​គឺ​ក្រុងរាពណ៍​ ឲ្យ​ចេញ​មក​សងសឹក ព្រម​ទាំង​ឲ្យ​ចាប់​នាង​សិតា​យក​មក​ធ្វើ​ជា​មហេសី​ផង ។ ក្រុងរាពណ៍​កាល​បើ​បាន​ជ្រាប​ដំណឹង​ពី​ប្អូន​ស្រី​ហើយ​ មាន​ចិត្ត​ឈឺ​ចាប់​ខ្លាំង​ពន់​ប្រមាណ ក៏​ហៅ​មហារីក​ជា​សេនា​ឲ្យ​កាឡា​ខ្លួន​ជា​ប្រើស​មាស​ចេញ​មក​បង្អួត​យ៉ាង​សង្ហា​ចំពោះ​មុខ​នាង​សិតា ។

កាល ​បើ​ឃើញ​ប្រើស​មាស​ភ្លាម នាង​សិតា​ក៏​បង្ខំ​ស្វាមី​ឲ្យ​ចេញ​ទៅ​តាម​ប្រហារ​ដើម្បី​យក​ស្បែក​ទុក​លម្អ​ នៅ​ពេល​យាង​ទៅ​គ្រប់គ្រង​រាជ្យ​វិញ ។ ព្រះរាម​ចេញ​ទៅ​តាម​ប្រើស​មាស ទុក​ព្រះលក្សណ៍​នៅ​ចាំ​អាស្រម​ការពារ​រាជទេពី ។ ប្រើស​មាស​ចេះ​តែ​រត់​ទៅៗ​រហូត​ដល់​ពេល​រសៀល​ទើប​ព្រះរាម​បាញ់​ត្រូវ​ប្រើសៗ ​ក៏​កាឡា​ខ្លួន​ជា​យក្ស ស្រែក​ដង្ហើយ​ហៅ​ព្រះលក្សណ៍​ឲ្យ​ចេញ​មក​ជួយ នាង​សិតា​ឮ​ហើយ​ក៏​បង្ខំ​ព្រះលក្សណ៍​ឲ្យ​ចេញ​មក​ជួយ​ព្រះស្វាមី ព្រះលក្សណ៍​ប្រកែក​ព្រះនាង​សិតា​បង្ខំ​ព្រះលក្សណ៍ៗ​ទ្រាំ​ពុំ​បាន​ក៏​ចាក​ ចេញ​ពី​អាស្រម​ទៅ​តាម​ព្រះរាម ។ ក្រុងរាពណ៍​បាន​ឱកាស​កាឡា​ខ្លួន​ជា​ឥសី​លួងលោម​ប្រលោម​នាង​សិតា ចុង​បំផុត​ក៏​ឆក់​នាង​សិតា​បាន​ហោះ​ទៅ​តាម​អាកាស​ចេញ​ទៅ ។

ខ្សែ​ទី​៤

[កែប្រែ]

ពេល​នោះ​មាន​សត្វ​គ្រុឌ​មួយ​ឈ្មោះ ជតាយុឃើញ​ក្រុងរាពណ៍​នាំ​នាង​សិតា​ហោះ​លើ​អាកាស​ក៏​ចេញ​មុខ​មក​ពាំង​បង្អាក់​ ដំណើរ​ក្រុងរាពណ៍​ដោយ​គំរាម​កំហែង​ឲ្យ​ក្រុងរាពណ៍​ដោះ​លែង​ព្រះនាង​សិតា​មក​ វិញ ។ ក្រុងរាពណ៍​មិន​ព្រម​ស្ដាប់​ក៏​កើត​មាន​ការ​ប្រយុទ្ធ​មួយ​យ៉ាង​ខ្លាំងក្លា ក្រុងរាពណ៍​ឆក់​ឱកាស​ដោះ​ចិញ្ចៀន​ពី​នាង​សិតា​ចោល​ទៅ​បាក់​ស្លាប​ជតាយុ​ ធ្លាក់​ទៅ​ដល់​ដី ។ នាង​សិតា​បាន​ផ្ដាំ​ផ្ញើ​នឹង​សត្វ​កុក​ឲ្យ​ថ្វាយ​ដំណឹង​នេះ​ដល់​ព្រះរាម​ជា​ ស្វាមី​ផង ។ បន្ទាប់​មក​ក្រុងរាពណ៍​បាន​នាំ​នាង​សិតា​ទៅ​ទុក​ក្នុង​សួន​អសោក​នៅ​ លង្កា ។ ចំណែក​ឯ​ព្រះរាម និង​ព្រះលក្សណ៍ ក្រោយ​ពី​បាញ់​ប្រើស​រួច ត្រឡប់​មក​អាស្រម​វិញ​រក​នាង​សិតា​មិន​ឃើញ ក៏​រូត​ដំណើរ​ចេញ​តាម​រក​នាង​សិតា ទាំង​ចិត្ត​ក្ដុកក្ដួល​ស្រក់​ជលនេត្រា​អាឡោះអាល័យ ស្រីស្ងួន​ភ្ញារ ក៏​បាន​ទៅ​ជួប​នឹង​ជតាយុ​ដែល​ប្រាប់​ដំណឹង​អំពី​រាពណ៍​ឆក់​យក​នាង​ សិតា ។ ដើម្បី​អរគុណ​ជតាយុ ព្រះរាម​ក៏​អធិដ្ឋាន​ឲ្យ​អាត្ម័ន​គេ​ទៅ​កើត​នៅ​ឋាន​សួគ៌ ។ ព្រះរាម​បាន​ជួប​នឹង​សត្វ​កុក​ដែល​បាន​យក​ដំណឹង​ពី​នាង​សិតា​មក​ប្រាប់​ ព្រះរាម​ដែរ ប៉ុន្តែ​ព្រះលក្សណ៍​បាន​ត្មេះតិះដៀល​កុកៗ​ក៏​ត្មេះតិះដៀល​តម​មក​វិញ ប៉ុន្តែ​ព្រះរាម ព្រះលក្សណ៍​គំរាម​កំហែង​រក​រឿង​ប្រហារ​សត្វ​កុក ។ បន្ទាប់​មក​ព្រះអង្គ​ទាំង​ពីរ​បាន​ជួប​នឹង​កុម្ព័ន្ធ​ដែល​មាន​បំណង​ចង់​សម្លាប់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​សម្លាប់​យក្ស​ក្នុង​ពេល​នោះ​ទៅ ។ និយាយ​អំពី​ព្រៃហេមពាន្ត មាន​ស្ដេច​ក្របី​មួយ​ឈ្មោះ មហិង្សរាជ បាន​សម្លាប់​ក្របី​ឈ្មោល​ទាំង​អស់ ប្រមូល​ក្របី​ញី​ទាំង​អស់​ធ្វើ​ជា​ប្រពន្ធ ។ ម្យ៉ាងទៀត​មហិង្សរាជ​បាន​សម្លាប់​កូន​ខ្លួន​ចោល បើ​មេ​ក្របី​ណា​កើត​កូន​មក​ឈ្មោល ។ មាន​មេ​ក្របី​មួយ​ឈ្មោះ សន្តគីរី កាលបើ​មាន​គត៌​ហើយ​ក៏​គេច​ខ្លួន​ពី​ហ្វូង ហើយ​ប្រសូត​មក​បាន​កូន​ឈ្មោល​មួយ​ដាក់​ឈ្មោះ​ថាទូភី ហើយ​មាន​បំណង​រក្សា​កូន​នោះ ហើយ​ក៏​ទូន្មាន​កូន​ឲ្យ​ហាត់​ប្រាណ​ដើម្បី​ឲ្យ​មាន​កម្លាំង​បរិបូណ៌​មុន​នឹង ​ទៅ​ជួប​ឪពុក ។ ទូភី​បាន​ប្រារព្ធ​តាម​ឱវាទ​ម្ដាយ ក៏​បាន​សម្រេច​ដូច​ប្រាថ្នា​ដោយ​មាន​កម្លាំង​រហូត​ដល់​ទៅ​វ័ធ​ដើម​ឈើ​ធំៗ​ ខ្ទេចខ្ទី​អស់ ហើយ​ក៏​ទៅ​ជួប​ឪពុក​អង្វរ​ឲ្យ​ទទួល​ស្គាល់​ខ្លួន​ជា​កូន ។ ប៉ុន្តែ​មហិង្សរាជ​មិន​យល់​ព្រម ការ​ប្រយុទ្ធ​ក៏​កើត​ឡើង​រវាង​ឪពុក​និង​កូន ទី​បំផុត​ក៏​ប្រហារ​ជីវិត​ឪពុក ហើយ​បន្ត​បេសកកម្ម​ឪពុក​បន្ត​ទៅ ។ តាំង​ពី​ពេល​នោះ​មក ទូភី​តែង​តែ​ដើរ​រក​រឿង​រាតត្បាត​គេ​ឯង​ដូចជា​រក​រឿង​ឥសី​បញ្ចលិង្គនាង​ទេពធីតា​រក្សា​សមុទ្ទ ព្រៃហេមពាន្ត ព្រម​ទាំង​ទីបំផុត​ក៏​ទៅ​រក​រឿង​ពាលី​ដែល​ជា​ស្ដេច​ស្វា​សោយ​រាជ្យ​នៅ​ខាស់ខិនបូរី ។ ពាលី​ដោយ​ចៀស​វាង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ទូភី​មិន​បាន​ក៏​ហៅ​សូគ្រីព​ ជា​ប្អូន​មក​ផ្ដាំ ។ ការ​ប្រយុទ្ធ​នៅ​ខាង​ក្រៅ​៧​យប់​៧​ថ្ងៃ​មិន​ចាញ់​ឈ្នះ ហើយ​នាំ​គ្នា​ទៅ​ប្រកួត​ក្នុង​គុហារ​មួយ ។ ការ​ប្រកួត​គ្នា​នៅ​ក្នុង​គុហារ​នេះ ពាលី​ក៏​ប្រហារ​ទូភី​នឹង​ព្រះខ័ន​ឈាម​ទូភី​ហូរ​ចេញ​មក​តាម​រូង​គុហារ​លាយ​ នឹង​ទឹកភ្លៀង​ដែល​ទេព្ដា​ប្រោស​ព្រហ្ម​មក​នោះ សូគ្រីព​ដែល​យាម​នៅ​មាត់​រូង​ច្រឡំ​ស្មាន​ថា​ឈាម​បង​ក៏​សន្ធប់​ថ្ម​បិទ​រូង​ គុហារ​នោះ​ទៅ ក៏​វិល​ត្រឡប់​ទៅ​ក្នុង​នគរ​វិញ ដោយ​នាំ​យក​ដំណឹង​នេះ​ទៅ​ផង ។ មន្ត្រី​យោធា​អ្នក​នគរ​ខាស់ខិនបូរី​ក៏​លើក​សូគ្រីព​ឲ្យ​ឡើង​គ្រងរាជ្យ​ស្នង​ ក្រុងពាលី ។ ក្រោយ​មក​ ពាលី​ចេញ​ផុត​ពី​រូង រួច​ពី​ស្លាប់ ក៏​ខឹង​នឹង​សូគ្រីព​យ៉ាង​ខ្លាំង​ក៏​វាយ​ធ្វើ​បាប​ទះតប់​ក្បាល​មួយ​ដៃ សូគ្រីព​រត់​ចេញ​ពី​ទី​នោះ​ទៅ​ជ្រក​នៅ​ភ្នំ​មគង្គបព៌ត​ដែល​ឋាន​មណ្ឌល​របស់​មគង្គ​ឥសី ។ ពាលី​មិន​អាច​ចូល​ទៅ​កាន់​ទីនោះ​បាន​ទេ​ពីព្រោះ​ត្រូវ​បណ្ដាសា​តាឥសី ។ សូគ្រីព​ឈឺ​ចិត្ត​យំ​សោក​អាចម៍​ភ្នែក​គរ​ជា​ភ្នំ​ជិត​ ទឹក​ភ្នែក​ហូរ​ជា​ស្ទឹង ។

ខ្សែ​ទី​៥

[កែប្រែ]

ការ ​ធ្វើ​ដំណើរ​ត្រាច់​ចរ​ទៅ​រក​នាង​សិតា ព្រះរាម​ ព្រះលក្សណ៍​អស់​កម្លាំង​ក៏​ចូល​ទៅ​សម្រាក​ក្រោម​ដើម​ស្វាយ ។ ព្រះរាម​ផ្ទំ​នៅ​លើ​ភ្លៅ​ព្រះលក្សណ៍ ។ ពេល​នោះ​ព្រះអាទិត្យ​នៅ​នឹង​ថ្កល់ ម្លប់​ដើម​ស្វាយ និង​ព្រៃ​ឈើ​ទាំង​ឡាយ​ពុំ​មាន​ជ្រេ​សោះ ។ សូគ្រីព​សង្ស័យ​ថា មាន​អ្នក​មាន​បុណ្យ ក៏​ប្រើ​ហនុមាន​ឲ្យ​តាម​រក​មើល ។ហនុមាន​បាន​ឡើង​លើ​ដើម​ស្វាយ គយ​គន់​រក​មើល​ឃើញ​លាយ​លក្ខណ៍​កងចក្រ​ នៅ​នឹង​ព្រះហស្ថ​ទាំង​សង​ខាង​របស់​ព្រះរាម ទើប​ហនុមាន​បើក​ស្លឹក​ស្វាយ ស្លុតី​ព្រះរាម ឯ​ព្រះលក្សណ៍​ខ្លាច​ព្រះរាម​ភ្ញាក់​ក៏​ទាញ​ធ្នូ​សរ​បាញ់​ ហនុមាន​ចាប់​សរ​ព្រះលក្សណ៍​ជាប់ ឃើញ​ដូច្នោះ​ព្រះលក្សណ៍​ក៏​ឆក់​យក​ធ្នូ​សរ​ព្រះរាម​មក​បាញ់​ទៀត ទទួល​ព្រះរាម​ក៏​ភ្ញាក់​ឡើង ក៏​សួរ​រក​រឿង​ហេតុ ។ ព្រះរាម​បាន​ទត​ឃើញ​ស្វា​នោះ​ប្លែក​ពី​ស្វា​ដទៃ​ទៀត ព្រោះ​មាន​កុណ្ឌល​ពាក់​នៅ​ត្រចៀក ។ ហនុមាន​ក៏​ចុះ​ពី​លើ​ដើម​ស្វាយ​មក​ដោយ​ជឿជាក់​ថា​ជា​អ្នក​មាន​បុណ្យ​ក៏​ ថ្វាយ​បង្គំ ហើយ​បាន​ហា​មាត់​បញ្ចេញ​រស្មី​ព្រះអាទិត្យ​៧​ពណ៌​ ដែល​នៅ​ក្នុង​មាត់ ក៏​ថ្វាយ​ខ្លួន​សុំ​ធ្វើ​ជា​សេនា រួច​ក៏​និយាយ​ពី​ឈ្មោះ​របស់​ខ្លួន និង​រឿងរ៉ាវ​របស់​សូគ្រីព​ជា​មា​ដែល​ឈ្លោះ​គ្នា​ជាមួយ​ពាលី​ដែល​ជា​ឪពុក​ធំ ។ ក្រោយ​មក​ព្រះលក្សណ៍​ក៏​បាន​ចេញ ​ទៅ​រក​ដង​ទឹក​ថ្វាយ​ព្រះរាម ។ សង្ស័យ​នឹង​រស​ជាតិ​ទឹក​នោះ​ប្រៃ​ក៏​ប្រើ​ព្រះលក្សណ៍​ឲ្យ​ដើរ​រក​ប្រភព​ទឹក​ នេះ ។ ព្រះលក្សណ៍​ក៏​សំដៅ​ទៅ​កន្លែង​ដែល​ព្រះអង្គ​ដង​ទឹក និង​ឮ​សូរ​សំឡេង​យំ​មួយ​នៅ​នា​ភ្នំ ក៏​យក​ដង​ធ្នូ​សរ​ឆ្កិះ​ភ្នំ​នោះ​របើក​ឃើញ​សូគ្រីព ។ ព្រះលក្សណ៍​បាន​នាំ​សូគ្រីព​មក​ថ្វាយ​ព្រះរាម ។ ព្រះរាម​បាន​ធានា​នឹង​សូគ្រីព​ថា​នឹង​យក​នគរ​ខាស់ខិនបូរី ព្រមទាំង​ព្រះនាង​ដារាទេពី​ប្រទាន​ដល់​សូគ្រីព ។ រីឯ​សូគ្រីព​ក៏​ថ្វាយ​ខ្លួន​ធ្វើ​ជា​សេនា និង​កេណ្ឌ​ពល​ស្វា​ជួយ​ព្រះរាម​វិញ ។ សូគ្រីព​ក៏​នាំ​ព្រះរាម​ទៅ​កន្លែង​ពាលី និង​ទូភី​ច្បាំង​គ្នា ។ ព្រះរាម​ក៏​ថ្លែង​សរ​អគ្គី វាស​ឆេះ​ខ្មោច​ទូភី​ទៅ​ជា​ផេះ រួច​ព្រះអង្គ​ថ្លែង​សរ​ភិរុណ​វាស​រំលត់​ភ្លើង ហើយ​ថ្លែង​សរ​ពាយុ​វាស​ប្រមូល​ធាតុ​សេសសល់​ចោល​ទៅ​ក្នុង​មហាសាគរ ។ បន្ទាប់​មក​ព្រះរាម​ក៏​យក​សរ​ព្រហ្ម​មាស​បាញ់​កម្ទេច​ដើម​សប្តតាល​ដែល​ដុះ​ លើ​ខ្នង​នាគ​តាំង​ពី​កំណើត​ផែន​ដី​មក​ម៉្លេះ​នោះ​ចោល​ទៅ ។

ព្រះរាម​បាន​ប្រើ​សូគ្រីព​ឲ្យ​ទៅ​បញ្ឆោត​ពាលី​ចេញ​ច្បាំង​ដើម្បី​ព្រះរាម​បាញ់​ពាលី ។ លើក​ទី​១ ព្រះរាម​បាញ់​ពាលី​មិន​បាន ដោយ​ខ្លាច​ច្រឡំ​ពីព្រោះ​ស្វា​ទាំង​ពីរ​ដូច​គ្នា ។ ព្រះលក្សណ៍​ក៏​យក​កម្រង​ផ្កា​បំពាក់​ឲ្យ​សូគ្រីព ។ លុះ​ច្បាំង​លើក​ទី​២ ទើប​ព្រះរាម​លើក​ធ្នូ​សរ​បាញ់​ពាលី​បាន ក៏​ប៉ុន្តែ​មន្ត​សរ​នោះ​ត្រូវ​ដល់​ខ្លួន​ពាលីៗ​ក៏​ចាប់​សរ​នោះ​ជាប់ ហើយ​ងាក​ទៅ​ត្មេះ​តិះដៀល​ឲ្យ​ព្រះរាម​ជា​ច្រើន ។ ព្រះរាម​ឲ្យ​ពាលី​សុំ​ជីវិត តែ​ពាលី​សុខ​ចិត្ត​ស្លាប់ គ្រាន់​តែ​ផ្ដាំ​ឲ្យ​ព្រះរាម​ជួយ​យក​អាសារ​អង្គត និង​សូគ្រីព​តែ​ប៉ុណ្ណោះ រួច​ក៏​លែង​ផ្លែ​សរ​បុក​ត្រូវ​ស្លាប់​ទៅ ។ រី​ព្រះនាង​ទេពីដារា ជា​មហេសី យំសោក​បោក​ខ្លួន​ ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ​ស្វាមី លុះត្រា​តែ​ក្ដៅ​ក្រហាយ​ដល់​ព្រះឥន្ទ្រ ក៏​នាំ​អាត្ម័ន​ពាលី​ទៅ​ចាប់​កំណើត​នៅ​ឋានសួគ៌ ។

លុះ ​បាន​សម្រេច​តាម​គោលបំណង​ហើយ សូគ្រីព​កេណ្ឌ​ទ័ព​ស្វា​មិន​បាន​ទាន់​ពេល​វេលា​ទេ ។ ព្រះរាម​ក៏​ប្រើ​ព្រះលក្សណ៍​ឲ្យ​ទៅ​តឿន​សូគ្រីព​ដោយ​គំរាម​កំហែង​ថា​នឹង​ កម្ទេច​ខាស់ខិនបូរី​ចោល ។

ខ្សែ​ទី​៦

[កែប្រែ]

សូគ្រីព ​ភ័យ​ក៏​ហោះ​ទៅ​នគរ​ហនុមាន​នៅ​ឯ​កន្ទលីវ័ន​បញ្ឆោត​ឲ្យ​ហនុមាន​កាឡា​ខ្លួន​ជា ​កូន​ស្វា​តូច​ប៉ុន​ម្រាមដៃ សូគ្រីព​ដាក់​ហនុមាន​នឹង​ថង់​សំពត់​ទៅ​គាល់​ព្រះរាម ។ មុន​ដំបូង​ព្រះរាម​អស់​សង្ឃឹម​នៅ​រង់ចាំ​រហូត​ដល់​កូន​ស្វា​នោះ​ធំ ។ ហនុមាន​ក៏​សម្ដែងឫទ្ធិ​កាឡា​ខ្លួន​ជា​មហាពានរ​ហា​មាត់​ស្ងាប​បញ្ចេញ​ពន្លឺ​ ព្រះអាទិត្យ​១២​ពណ៌ ។ មិន​បង្អស់​ឲ្យ​យូរ​ការ សូគ្រីព​ត្រឡប់​ទៅ​កេណ្ឌពល​ស្វា​ថ្វាយ​ព្រះរាម តាំង​អង្គត​ឲ្យ​ជា​ខុនពល​ហ្លួង ហនុមាន​ឲ្យ​នៅ​នែបនិត​នឹង​ព្រះរាម ព្រះលក្សណ៍។

កាល​បើ​កេណ្ឌ​ទ័ព​ស្វា​ បាន​ច្រើន​មក​ជួប​ជុំ​គ្នា​ហើយ ព្រះរាម​ត្រាស់​បញ្ជា​ឲ្យ​សូគ្រីព​ជ្រើស​រើស​អ្នក​ខ្លាំង​ពូកែ​ម្នាក់​ទៅ​ ស៊ើបការ​នៅ​ក្រុង​លង្កា។ សូគ្រីព​បាន​ឆ្លើយ​ថា​ខ្លួន​ទៅ​លង្កា​បាន​តែ​ត្រឡប់​មក​វិញ​ឆាប់​រហ័ស​មិន​ បាន ពីព្រោះ​ខ្លួន​ចាស់​ហើយ។ ខុននន្ទ​ឆ្លើយ​ថា​ទៅ​ត្រឡប់​មក​វិញ​បាន​ តែ​ខ្លាច​នាង​វិតាសី ជា​ប្អូន​រាពណ៍ យាម​ទ្វារ​លង្កា​ហា​មាត់ បបេរ​មាត់​ក្រោម​ដល់​បាតាល ខាងលើ​ដល់​មេឃ អ្នក​ណា​មួយ​ទៅ​លង្កា​វង្វេង​ស្លាប់​ក្នុង​នោះ នាង​វិតា​សី ដូច្នេះ​មាន​តែ​ហនុមាន​ទេ​ដែល​ទៅ​បាន។ មុន​នឹង​ធ្វើ​ដំណើរ​ទៅ ហនុមាន​បាន​ស្នើ​សុំ​ចិញ្ចៀន​ទម្រង់​ព្រះរាម​ដើម្បី​ឲ្យ​នាង​សិតា​ជឿ​ជាក់​ ថា​ខ្លួន​ជា​សេនា​ព្រះរាម។

បន្ទាប់​ពី​បាន​ទទួល​ព្រះទម្រង់​ពី​ព្រះរាម ហនុមាន​ហោះ​ចេញ​ទៅ​ក៏​បាន​ជួប​នឹង​សិង្ហអសុរា ហើយ​ក៏​សម្លាប់​យក្ស​នោះ​ចោល​ទៅ ។សប្តតា​នាគរាជ​ចេញ ​មក​ជំទាស់​ ហនុមាន​ក៏​ចាប់​នាគ​នោះ​គ្រវាត់​ចោល​ទៅ​មហាសមុទ្រ ហើយ​ក៏​ហោះ​ទៅ​ជ្រោះ​ហួស​លង្កា​ដល់​អាស្រម​ឥសី​មួយ​អង្គ ។ ឥសី​ក៏​ប្រទាន​បាយ​បី​ពំនូត ហនុមាន​នឹក​តូច​ចិត្ត កំពុង​ឃ្លាន​ខ្លាច​ស៊ី​បាយ​មិន​ឆ្អែត ប៉ុន្តែ​បែរ​ជា​ស៊ី​បាយ​មិន​អស់​ទៅ​វិញ ក៏​មាន​កម្លាំង​ចាប់​ហោះ​ឆ្ពោះ​ទៅ​លង្កា​វិញ ។ ដល់​កំពែង​ក្រៅ​លង្កា​ហើយ ក៏​និម្មិត​ខ្លួន​ឲ្យ​តូច ធ្វើ​មិន​ឲ្យ​យក្ស​យាម​ទ្វារ​នោះ​ដឹង​ក៏​បោះ​ព្រះទម្រង់​ទៅ​លើ​អាកាស ក៏​ហោះ​ចូល​ទៅ​ក្នុង​មាត់​យក្ស​ចេញ​តាម​រន្ធ​ត្រចៀក​មក​ក្រៅ​ចាប់​យក​ ចិញ្ចៀន​នោះ​មក​វិញ ។ ត​មក​ហនុមាន​បាន​ឆ្លង​កាត់​កំពែង​ដែក ជួប​នឹង​យក្ស​ឈ្មោះ​កាមពាលីក្មួយ​រាពណ៍ កំពែង​សំរិទ្ធិ បាន​ជួប​នឹង​យក្ស​មួយ​ទៀត​ឈ្មោះ​អតិកាយ​ មេទ័ព​រាពណ៍​កំពុង​រៀប​ពលសេនា​យោធា កំពែង​ទង់ដែង​ឃើញ​យក្ស​ឈ្មោះ​មហាកាយ កំពុង​រៀប​យុទ្ធភ័ណ្ឌ នៅ​ទ្វារ​ទិស​ឧត្ដរ បាន​ឃើញ​ឥន្ទ្រជិត​ ជា​កូន​ច្បង​របស់​រាពណ៍ ទិស​ទក្សិណ បាន​ឃើញ​កុម្ភការណ៍ ទិស​បស្ចិម បាន​ឃើញ​សហស្សកុមារអ្នក​រក្សា​ឧទ្យាន ។ ហនុមាន​ចូល​ទៅ​ដល់​ឃ្លាំង​ទី​១២ កន្លង​កំពែង​មាស ចូល​ទៅ​ដល់​ប្រាសាទ​កែវ បាន​ជួប​ក្រុងទសមុខ​កំពុង​ផ្ទំ​ជាមួយ​នាង​មណ្ឌោលគីរី ។ ហនុមាន​ច្រឡំ​ស្មាន​ថា​ជា​នាង​សិតា លើក​ព្រះខ័ន​ប្រុង​ប្រុង​ប្រហារ​ទសកណ្ឌ ក៏​ប៉ុន្តែ​ដោយ​សង្កេត​យល់​ថា ជា​ប្រពន្ធ​រាពណ៍​វិញ​ទេ ហនុមាន​ក៏​ទម្លាក់​ព្រះខ័ន​ចុះ សែក​ទិព្វមន្ត​ឧប្បទេស​ចង​សក់​ក្រុងរាពណ៍​ជាប់​នឹង​នាង​មណ្ឌោលគីរី ហើយ​សរសេរ​នៅ​លើ​ទ្វារ​ថា បើ​ចង់​ស្រាយ​ចំណង​រួច​ត្រូវ​ឲ្យ​នាង​មណ្ឌោគីរី​វាយ​ក្បាល​ក្រុង​រាពណ៍​បី​ ដង ។ ហនុមាន​រក​នាង​សិតា​មិន​ឃើញ​សោះ​ក៏​ទៅ​លាក់​ខ្លួន​ក្បែរ​ពួក​ស្រីស្នំ ក៏​ឮ​ស្រីៗ​ទាំង​នោះ​និយាយ​គ្នា ទើប​ដឹង​ការណ៍​ទាំង​អស់​នោះ ។

ក្នុង ​រាត្រី​នោះ នាង​សិតា​យល់សប្ត​ឃើញ​ព្រះរាម​គង់​លើ​ដំរី​ស​យាង​ចូល​មក​កម្ទេច​កំពែង​លង្កា ​បាក់​បែក​អស់ ។ នាង​បាន​ប្រាប់​សុបិន​នេះ​ដល់​នាង​សុជាតា ជា​ប្រពន្ធ​ពិភេគហោរា ។

ត ​មក​ទើប​ហនុមាន​រក​កន្លែង​របស់​នាង​សិតា​ឃើញ ។ ហនុមាន​បាន​ចូល​ថ្វាយ​បង្គំ​ព្រះនាង​សិតា នាង​ពុំ​ជឿ ។ ហនុមាន​ក៏​បាន​ថ្វាយ​ព្រះទម្រង់​ទត​ជា​ភស្តុតាង ។ នាង​សិតា​បូត​ទម្រង់​របស់​នាង​ប្រទាន​ទៅ​ហនុមាន ហើយ​នាង​ផ្ដែផ្ដាំ​ទៅ​ព្រះស្វាមី​ថា នាង​នៅ​តែ​ស្មោះត្រង់​ជានិច្ច​នាង​រង់ចាំ​ដល់​១០​ខែ បើ​មិន​យល់​ព្រះភក្ត្រ​ព្រះរាម​ទេ​នោះ នាង​នឹង​ក្ស័យ​ជីវិត​នៅ​ក្រុង​លង្កា​នេះ ។

ក្រោយ ​ពី​លា​នាង​សិតា​ចេញ​មក ហនុមាន​ក៏​លោត​ផ្លោះ​បេះ​បំផ្លាញ​អស់​ផ្លែ​ឈើ​ទាំង​ឡាយ​ក្នុង​ឧទ្យាន ។ សេនាយក្ស​ផ្អើល ហនុមាន​ធាក់​ពល​យក្ស​ស្លាប់​ដួល​គរ​លើ​គ្នា ។ ព្រះនាង​សិតា​ចេញ​ទៅ​ឃាត់​ក៏​ពុំ​ស្ដាប់ ។

សហកុមារ ជា​កូន​រាពណ៍ ចេញ​មក​តាម​ចាប់ ប៉ុន្តែ​ហនុមាន​ទាញ​រារថ​បំបាក់​ខ្ទេច រួច​ក៏​សម្លាប់​សហកុមារ និង​ពល​យក្ស​អស់​ជាច្រើន ។

ក្រុងរាពណ៍ ​ខឹង​ណាស់​ ក៏​ចាត់​ឥន្ទ្រជិត និង​អតិកាយ​ឲ្យ​ចេញ​ទៅ​ចាប់​ទៀត អតិកាយ​ក្រឡា​ខ្លួន​យ់ាងធំ ប៉ុន្តែ​ត្រូវ​ហនុមាន​លោត​ទៅ​ធាក់​ដួល​ត្មោល​ទាំង​ជំហរ ។ ឥន្ទ្រជិត​ទ្រាំ​មិន​បាន​ក៏​ថ្លែង​សរ​ជា​នាគ​ចាប់​ហនុមាន​បាន​ដូច​ ប្រាថ្នា ។ ក្រុងរាពណ៍​ប្រើ​ឲ្យ​ពេជ្ឈឃាដ​ចាប់​យក​ហនុមាន​ទៅ​វាយ ក៏​ប៉ុន្តែ​ពុំ​ស្កៀប​ហនុមាន​សោះ ។ ហនុមាន​ប្រាប់​ថា បើ​ចង់​ឲ្យ​ខ្លួន​ស្លាប់ ត្រូវ​យក​សំពត់​ជ្រលក់​ប្រេង​មក​រុំ​ជុំវិញ​មួយ​សែន​ជុំ រួច​យក​ភ្លើង​ដុត ។ រាពណ៍​ធ្វើ​តាម​ដោយ​រុំ​ខ្លួន​ហនុមាន​ពុំ​ជិត​សោះ រាពណ៍​ខឹង​ណាស់​ក៏​ឆក់​ភើច​យក​ស្បៃ​រុំ​កាយ​នាង​មណ្ឌោលគីរី​ទាំង​កំហឹង បណ្ដាល​ឲ្យ​នាង​មណ្ឌោលគីរី​លេច​កេរ្តិ៍ខ្មាស​កណ្ដាល​វាល ។ កំណាព្យ​ស្មូត​របស់​តា​មី​ចក់ «ស្បៃ​ស្ដើង​ប៉ើង​ចេញ​ស្មា ដួង​ដោះ​នោះ​ណា​ទំនេរ​នៅ …. ហនុមាន​ទៀងទត​មើល​ទៅ​ គួរ​ឲ្យ​ចាប់​ចិត្ត​ស្និទ្ធ​ស្នេហា» ។ នៅ​ពេល​ដុត​នេះ ហនុមាន​ក៏​ស្ទុះ​ហោះ ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​មក​ឆេះ​ក្រុង​លង្កា​ខ្ទេចខ្ទី​អស់។

ខ្សែ​ទី​៧

[កែប្រែ]

ព្រះរាម ​ ព្រះលក្សណ៍​គង់​នៅ​ភ្នំ​គន្ធមាទន៍ លុះដឹង​ដំណឹង​អំពី​សកម្មភាព​ដុត​លង្កា​ឆេះ​ខ្ទេច​ខ្ទី​អស់ ទ្រង់​ត្រេក​អរ​ណាស់​បាន​ប្រទាន​រង្វាន់​ដល់​ហនុមាន ។ ពេល​នោះ​ព្រះអង្គ​បាន​ពិគ្រោះ​នឹង​សូគ្រីព​ដើម្បី​ស្វែង​រក​សម្ព័ន្ធ​មិត្ត​ មក​ជួយ​ព្រះអង្គ​ថែម​ទៀត ។ សូគ្រីព​ក៏​បាន​ទូល​ថ្វាយ​ថា​មាន​ស្ដេច​ស្វា​មួយ​ពូកែ​ណាស់​ឈ្មោះមហាជម្ពូ សោយរាជ្យ​នៅ​ហេមពាន្ត​ដែល​មាន​សេនា​២​រូប​គឺ ខុននិល ខុននល ជា​ដៃ​ឆ្វេង​ដៃ​ស្ដាំ​ដ៏​ស័ក្តិសិទ្ធិ ។

ព្រះរាម ​ក៏​បញ្ជា​ហនុមាន និង​អង្គត​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​មហាជម្ពូ ។ ហនុមាន និង​អ្គត​បាន​ទោ​ដល់​ក៏​ថ្លែង​ថា ព្រះរាម​ទ្រង់​ត្រាស់​ឲ្យ​ព្រះអង្គ​ទៅ​គាល់​ឥឡូវ​នេះ ឮ​ដូច្នេះ​ក៏​ខឹង​បញ្ជា​ឲ្យ​ពេជ្ឈ​ឃាដ​ចាប់​ចង​ហនុមាន និង​អង្គត​បញ្ចូល​ទ្រុង​ដែក ។ លុះ​ដល់​ពេល​យប់​ហនុមាន​សណ្ដំ​ទ័ព​ស្វា​ទាំងអស់​នោះ ហើយ​ក៏​កាត់​សោ​ចេញ​ពី​ទ្រុង ។ ហនុមាន​ឡើង​កាច់​កំពូល​ប្រាសាទ រួច​លើក​ស្ទួយ​ទាំង​ក្រឡា​បន្ទំ​របស់​មហាជម្ពូ​នាំ​យក​មក​ថ្វាយ​ ព្រះរាម ។

សូគ្រីព​ឃើញ​ហើយ​ក៏​ចូល​ទៅ ​ទូល​ព្រះរាម​ថា មហាជម្ពូ​មិន​ងាយ​ចុះចាញ់​ទេ ទាល់​តែ​ទៅ​សុំ​កាឡា​ព្រះ​នារាយណ៍​ពី​ព្រះឥសូរ​មក​ជំនួស ។ ព្រះលក្សណ៍​ប្រើ​ព្រះពាយ​ទៅ​សុំ​កាឡា​ព្រះនារាយណ៍​យក​មក​បាន​ដូច​ បំណង ។ ក្រុង​មហាជម្ពូ​តើន​ឡើង​ងាក​មើល​ឆ្វេង​ស្ដាំ​ទើប​កើន​កំហឹង ។ ប៉ុន្តែ​លុះ​ឮ​ត្រៃស័ង្ខ​ក៏​ងាក​ទៅ​ឃើញ​ព្រះនារាយណ៍​ មហាជម្ពូ​ក៏​ភិតភ័យ​ក៏​ថ្វាយ​បង្គំ​សុំ​ចាញ់​ព្រះរាម ។ ព្រះរាម​ត្រាស់​នឹង​មហាជម្ពូ​សុំ​ជួយ​សង់​ស្ពាន​ឆ្លង​សមុទ្រ​ទៅ​ក្រុង​ លង្កា ។ មហាជម្ពូ​ព្រម​ថ្វាយ​ខុននិល ខុននល​ជា​តំណាង ព្រោះ​ខ្លួន​ចាស់​ហើយ​សុំ​វិល​ទៅ​នគរ​វិញ ។

លុះ ​បាន​ទ័ព​ជំនួយ​ពី​មហាជម្ពូ​ហើយ ព្រះរាម​បញ្ជា​ឲ្យ​សង់​ស្ពាន​កាត់​សមុទ្រ ។ ព្រះសមុទ្រ​ខឹង​ក៏​កេណ្ឌ​ទ័ព​មច្ឆា នាគ ជញ្ជូន​យក​ថ្ម​អស់ ។ ឃើញ​ដូច្នោះ ព្រះរាម​ក៏​ត្រាស់​ប្រជុំ​អស់​ពល​សេនា​សួរ​រក​អ្នក​មាន​ថ្វី​ដៃ ។ សូគ្រីព​ធានា​កាឡា​ខ្លួន​ឲ្យ​ធំ​ប៉ុន​មហាព្រហ្ម រួច​ផ្ងា​ដៃ​ឲ្យ​អស់​សេនា​យោធា​ធ្វើ​ជា​ស្ពាន​ចម្លង​ទៅ​កោះ​លង្កា ហនុមាន​អួត​ថា​ខ្លួន​នឹង​លា​កន្ទុយ​ព័ទ្ធ​ឆ្នេរ​ឯនាយ ហើយ​យក​ដៃ​ម្ខាង​ចាប់​ឆ្នេរ​ខាង​អាយ​រួច​ឲ្យ​ចូល​ជិត​គ្នា​ដើម្បី​ចម្លង​ ទ័ព ។

អង្គត​ធានា​ថា​នឹង​ស្រូប​យក​ ទឹក​សមុទ្រ​ឲ្យ​អស់​ដើម្បី​ឲ្យ​ទ័ព​ដើរ​កាត់​ទៅ​ស្រុក​លង្កា ព្រះរាម​ពុំ​យល់​ព្រម​ក៏​លើក​ធ្នូ​សរ​អគ្គិវាស​ថ្លែង​ឆេះ​មហាសមុទ្រ ។ នាង​មេខលា​ភិតភ័យ​ឡើង​មក​សុំ​អង្វរ​ព្រះរាម​ ធានា​ជួយ​សង់​ស្ពាន​ថ្វាយ​ព្រះរាម​ឲ្យ​បាន​ស្រេច​ដូច​ប្រាថ្នា ។

លុះ​ដឹង​ថា​ព្រះរាម​លើក​ទ័ព​មក​លង្កា​ហើយ រាពណ៍​ក៏​រៀប​ចំ​ទ័ព​ដែរ ។

ខ្សែ​ទី​៨

[កែប្រែ]

ក្រុងរាពណ៍​បាន​ទូង​ស្គរ​ប្រមូល​ទ័ព ហើយ​បញ្ជា​ឲ្យ​ពិភេគ​ទាយ ​អំពី​វាសនា​នៃ​នគរ​លង្កា ពិភេគ​បាន​គន់គូរ ហើយ​ស្នើ​ក្រុងរាពណ៍​ឲ្យ​​យក​នាង​សិតា​ទៅ​ថ្វាយ​ព្រះរាម​វិញ ហើយ​បាន​ប្រៀប​ប្រដូច​រាពណ៍​ដែល​យក​នាង​សិតា​មក​ទៅ​នឹង​ក្អែក​ដែល​ពាំ​កែវ​ ពិទូរ្យ​សូរ្យកាន្ត ហើយ​កែវ​នោះ​នាំ​ឲ្យ​ឆេះ​សម្បុក ម្យ៉ាងទៀត​ប្រៀប​ទៅ​នឹង​ត្រី​ស៊ី​នុយ ។ ក្រុងរាពណ៍​ខឹង​ក៏​វាយ​ក្បាល​ពិភេគ​នឹង​ស្បែក​ជើង រួច​បណ្ដេញ​ចេញ​ពី​នគរ ។ ពិភេគ​ខឹង​ណាស់​នឹង​រស់​នៅ​ក្នុង​ព្រះនគរ​តទៅ​ទៀត​ខ្មាស់​ព្រះញាតិ​អស់​ពល​ សកល​យោធា ក៏​ភៀស​ខ្លួន​រត់​ទៅ​សុំ​ថ្វាយ​ខ្លួន​ព្រះរាម សូគ្រីព​ និង​ពល​ស្វា​ទាំង​អម្បាល​មាណ ឃើញ​ហើយ​ក៏​ចាប់​ពិភេគ​ទៅ​ថ្វាយ​ព្រះរាម ព្រះរាម​មិន​ទុក​ចិត្ត​ ក៏​ប៉ុន្តែ​ជម្ពូពាន​ជា​ហោរា​ថា ពិភេគ​ជា​ហោរា​ពូកែ​ណាស់ គាត់​មក​នេះ​គឺ​ដើម្បី​សុំ​ចុះ​ចូល​នឹង​ព្រះរាម ។ ព្រះរាម​រីករាយ​ទទួល​ពិភេគ​ឲ្យ​នៅ​ជាមួយ ថែម​ទាំង​បាន​ប្រទាន​រង្វាន់​ជាទី​គាប់​ព្រះទ័យ​ដល់​ពិភេគ​ទៀត ។ រីឯ​នាង​មណ្ឌោលគីរី ក៏​មាន​សុភវិនិច្ឆ័យ​រំលឹក​ស្វាមី​ដែរ​ពុំ​គួរ​ធ្វើ​ទណ្ឌកម្ម​ពិភេគ​បែប​នេះ ​សោះ ហើយ​ក៏​ពុំ​គួរ​លួច​យក​ព្រះនាង​សិតា​មក​មិន​សម​សោះ​ឡើយ ។

រាពណ៍​ខឹង​យ៉ាង​ខ្លាំង​ជេរ​ប្រទេច​នាង​មណ្ឌោល​គីរី​ថា​ទៅ​ធ្វើ​ប្រពន្ធ​ពិភេគ​ទៅ​ទើប​សម ។ រាពណ៍​ប្រើ​រក្ខសេន ជា​សេនា​ឲ្យ​នាំ​ពល​ទៅ​ចូល​ព្រៃ​ដើម្បី​ចាប់​ទ័ព​ស្វា​បង្អត់​អាហារ​ ព្រះរាម​ប្រើ​រុក្ខៈ​ពានរ​ឲ្យ ​នាំ​ពល​ស្វា​៥​ម៉ឺន​ទៅ​បេះ​ផល្លា ។ ទ័ព​យក្ស និង​ស្វា​ប៉ះ​គ្នា​ក៏​ច្បាំង​គ្នា​ស្លាប់​អស់​រលីង​សល់​តែ​យក្ស​មួយ​រត់​រួច ​ខ្លួន​ដែល​នាំ​ដំណឹង​បរាជ័យ​ទៅ​ប្រាប់​អតិកាយ ។

អតិកាយ ​ស្ដាប់​ច្រឡំ​ដែរ ឃើញ​រុក្ខរ​ស្លាប់​ស្មាន​ថា ហនុមាន​ក៏​ទូល​ក្រុងរាពណ៍ៗ​ត្រេក​អរ​ណាស់​ក៏​និយាយ​ចំអក​ផ្ដោះផ្ដង​ទៅ​ឲ្យ​ នាង​មណ្ឌោលគីរី ។ ទសមុខ​បញ្ជា​ឲ្យ​លើក​ឆ័ត្រ​ជ័យមង្គល បណ្ដាល​​ឲ្យ​ងងឹត​បិទ​សែង​សូរិយា​អស់ ។ ព្រះរាម​ទត​ឃើញ​ដូច្នេះ​ក៏​សួរ​ទៅ​ពិភេគ​ហោរា ហើយ​ក៏​ទាញ​ធ្នូ​សរ​បាញ់​ត្រូវ​ឆ័ត្រ​បាក់​ខ្ទេច​ខ្ទី​អស់ ។

ក្រុងរាពណ៍​ខឹង​ខ្លាំង​ពេក​ក៏​សួរ​ទៅ​ប្រហេត​ ហោរាៗ​ក៏​គន់​គូរ​ថ្វាយ​ថា ព្រះរាម​មាន​សេនា​ពូកែ​១៨​នាក់ និង​ពល​៧០​អក្ខោភិនីៈ អក្ខោភិនី ២១៨.៧០០​នាក់ និង​ទ័ព​រថ ២១.៨៧០​នាក់​ បាន​ដឹង​សេចក្ដី​ពី​ប្រហេត​ហោរា​គន់​គូរ​ថ្វាយ​រួច​មក រាពណ៍​ក៏​ប្រើ​ឧបាយ​បង្ខំ​ឲ្យ​នាង​សិតា​ជិះ​លើ​រាជរថ​បង្ហោះ​នាំ​មក​ក្បែរ​ កង​ទ័ព​ព្រះរាម​ដើម្បី​បញ្ឈឺ​ចិត្ត ។ ព្រះរាម​ថ្លែង​សរ​បំផ្លាញ​រាជរថ​រាពណ៍​បាក់​ខ្ទេចខ្ទី​អស់​តែ​រាពណ៍​បាន​ហៅ​ពិស្ណុការ​ មក​ធ្វើ​រាជរថ​ឲ្យ​បាន​ល្អ​ដូច​ដើម ហើយ​នាំ​នាង​សិតា​បញ្ជិះ​លើ​រាជរថ​ម្ដង​ទៀត ព្រះរាម​ខ្ញាល់​ខ្លាំង​ណាស់​បម្រុង​យក​សរ​ព្រហ្មមាស​បាញ់ ប៉ុន្តែ​ខ្លាច​អន្តរាយ​ដល់​ជីវិត​នាង​សិតា ។ កាលណោះ​ពិភេគ​ក៏​ប្រាប់​ការ​ពិត​ដល់​ព្រះរាម ទើប​ព្រះរាម​ទ្រង់​ស្វែង​យល់ ហើយ​ក៏​សែក​មន្ត​អាគម​គាថា​ចង្អុល​ទៅ​ត្រូវ​រាពណ៍​បណ្ដាល​ឲ្យ​ចុក​ពោះ​ដួល​ សន្លប់​លើ​ព្រះរាជរថ​ទៅ ។

ព្រះរាម​ បាន​ចាត់​ឲ្យ​អង្គត​នាំ​សារ​ទៅ​ក្រុងរាពណ៍​ដើម្បី​ធ្វើ​សង្គ្រាម ។ លុះ​ទៅ​ដល់​ក្រុង​លង្កា​ក៏​តាំង​ទាត់​ទ្វារ​របើក​សម្លាប់​ពល​យក្ស​តាំង​ពី​ ទ្វារ​ដែក​ ទ្វារ​សំរិទ្ធ ទង់ដែង រហូត​ដល់​ទ្វារ​ស្ពាន់ ហើយ​ក៏​ជួប​នឹង​យក្ស​មួយ​ឈ្មោះមឿង ឬ​យក្សា​ភក្ខនេស​ដែល​ខ្លបខ្លាច​ភៀស​ខ្លួន​រត់​ពួន​យក​សុខ ។

ក្រុងរាពណ៍ ​ឲ្យ​គេ​រៀប​ចំ​ទទួល​អង្គត​ដោយ​ប្រុង​ប្រយ័ត្ន​ជើង​ការ​ជា​មុន ដោយ​រៀប​កន្លែង​ឲ្យ​អង្គុយ​ស្មើ​នឹង​កុម្ភការណ៍ អង្គត​មិន​ព្រម​ ស្មើ​នឹង​ឥន្ទ្រជិត​ក៏​មិន​ព្រម​ទៀត ក៏​លោត​រំលង​ផុត​ក្បាល​ឥន្ទ្រជិត​ទៅ​អង្គុយ​ក្បែរ​ក្រុងរាពណ៍ ហើយ​ក៏​តាំង​ឆ្វាយ​កន្ទុយ​អង្គុយ​ស្មើ​នឹង​រាពណ៍ ។

ពេល ​នោះ​ទសមុខ​បាន​និយាយ​រំលឹក​ថា អង្គត​នេះ​ត្រូវ​ជា​កូន​បង្កើត​របស់​នាង​មណ្ឌោលគីរី និង​ពាលី​ ម្ដេច​ឃើញ​ហើយ​មិន​គោរព​ម្ដាយ ។ អង្គត​ឃើញ​មាតា​គ្រាន់​តែ​លើក​ដៃ​ម្ខាង​គោរព​ហើយ​ក៏​រំលឹក​តប​ទៅ​វិញ​ថា ពី​ដើម​ក្រុងរាពណ៍​នេះ​យោល​អង្រឹង​ថ្វាយ​ពាលី​ជា​ឪពុក​ខ្លួន ។ រាពណ៍​ខឹង​ខ្លាំង​ណាស់​ប្រុង​ស្ទុះ​ទៅ​ទះ​អង្គត​តែ​ត្រូវ​អង្គត​ទះ​កំផ្លៀង​ នៅ​ចំពោះ​មុខ​ទី​ប្រជុំ ។

ក្រុងរាពណ៍ ​ខឹង​ខ្លាំង​ពេក ប្រើ​សេនា​យក្ស​៤​នាក់​ឲ្យ​ដេញ​តាម​ចាប់​អង្គត​តែ​ត្រូវ​អង្គត​វ័ធ​ដាច់​ ក្បាល​ស្លាប់ អង្គត​យក​ដំណឹង​មក​ថ្វាយ​ព្រះរាម​វិញ ។ បន្ទាប់​មក​ទៀត​រាពណ៍​ក៏​ត្រាស់​អាមាត្យ​ឲ្យ​ទៅ​ហៅ​កុម្ភការណ៍​ជា​ប្អូន​មក​ ជួយ​ធ្វើ​សង្គ្រាម ។ កុម្ភការណ៍​និយាយ​រំលឹក​បង​អំពី​រឿង​ហេតុ​ដែល​បណ្ដាល​មក​ពី​នាង​សុបនខា​ទៅ​ ចង់​ប្រុស​ខុស​ក្រឹត្យក្រម ហើយ​ក្រុងទសមុខ​សោត​ទៀត​ក៏​ខុស​ដោយ​ល្មោភ​នឹង​តណ្ហា​ លួច​យក​នាង​សិតា​តែ​ប៉ុណ្ណោះ ។ រាពណ៍​ចោទ​កុម្ភការណ៍​ថា​កំសាក​ខ្លាច​សង្គ្រាម​ជាមួយ​សត្វ​ស្វា បន្ទាប់​មក​ក៏​ស្លុង​ចិត្ត​តាម​រាពណ៍​ចូល​ជួយ​ច្បាំង ។

ខ្សែ​ទី​៩

[កែប្រែ]

កុម្ភការណ៍ ​លើក​ទ័ព​យ៉ាង​ច្រើន​មក​តាម​អាកាស​ តាម​ថ្មើរជើង ច្បាំង​នឹង​ព្រះរាម​ក្នុង​រាត្រី​នោះ ព្រះរាម​គង់​នៅ​ព្រះពន្លា​ ហើយ​ទត​ឃើញ​ផ្កាយ​ព្រះសុខ​ពីរ​រះ​ទន្ទឹម​គ្នា ចម្លែក​ទើប​ទ្រង់​ត្រាស់​ឲ្យ​ពិភេគ​មក​គន់​គូរ​មើល ។ ពិភេគ​ក៏​ទាយ​ថា កុម្ភការណ៍​លើក​ទ័ព​ប្រុង​មក​វាយ​ឆ្មក់ ។ ព្រះរាម​​ក៏​ចាត់​ពិភេគ​ឲ្យ​​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​កុម្ភការណ៍ ។ ​ហើយ​ព្រះរាម​នឹង​ឲ្យ​រង្វាន់​ព្រម​ទាំង​បុណ្យស័ក្តិ​យ៉ាង​ធំ ។ កុម្ភការណ៍​មិន​គ្រាន់​តែ​មិន​ព្រម​ចុះ​ចូល​នឹង​ព្រះអង្គ​ទេ​ថែម​ទាំង​ពោល​ អះអាង​ថា ទោះ​ព្រះរាម​មាន​មហិទ្ធិរិទ្ធិ​យ៉ាង​ណា​ក៏​ដោយ ទោះ​ជា​ក្រុងរាពណ៍​ខុស​ដូចម្ដេច​ក៏​ដោយ​ក៏​ពុំ​ព្រម​រស់​នៅ​ក្រោម​ការ​ ត្រួតត្រា​របស់​ព្រះរាម​ជា​ដាច់​ខាត គឺ​សុខ​ចិត្ត​ស្លាប់​ក្នុង​ការ​បម្រើ​ជាតិ ។

ការ ​ចរចារ​ពុំ​បាន​សម្រេច​ ព្រះរាម​ក៏​ប្រើ​ពិភេគ​ជាមួយ​ព្រះលក្សណ៍​ព្រម​ទាំង​ពល​ស្វា​ឲ្យ​ចូល​និយាយ​ ម្ដង​ទៀត កុម្ភការណ៍​ដៀលត្មះ​ឲ្យ​ពិភេគ​យ៉ាង​ខ្លាំង និង​ដោយ​ក្រេវក្រោធ​ក៏​យក​មោង្គស័ក្តិ​ចោល​ទៅ​ត្រូវ​ព្រះល្សណ៍​ដួល​ត្មោល​ សន្លប់​បាត់​ស្មារតី ដំបៅ​ចាក់​ឫស​ដល់​បាតាល ។ ព្រះរាម​សោយ​សោក​ព្រោះ​អាណិត​ប្អូន​ ពិភេគ​ចេញ​មុខ​ធានា​ខ្លួន​ផ្សំ​ថ្នាំ ហើយ​និយាយ​បញ្ចុះ​បញ្ចូល​បញ្ជោរ​ហនុមាន​ឲ្យ​ទៅ​រក​ដើម​ថ្នាំ​នៅ​ព្រៃ​ ហេមពាន្ត ដូចជា ដើម​ឫស្សី​រី កេសរ​បូទមា សង្កណី​ ព្រម​ទាំង​ទឹក​មូត្រ​គោ​អសភរាជ ។ ហនុមាន​ទទួល​បេសកកម្ម​នោះ​ក៏​ទៅ​ប្រយុទ្ធ​ជាមួយ​គោ​អសភរាជ​យក​ទឹក​មូត្រ​បាន ​មក​ទៀត ។ តែ​ហនុមាន​មិន​ស្គាល់​ដើម​ឈើ​ផ្សេងៗ​ដទៃ​ទៀត​ក៏​លើក​ភ្នំ​ទាំង​មូល​ហោះ​យក​ មក​ឲ្យ​ពិភេគ ។ ប៉ុន្តែ​នៅ​ខ្វះ​ថ្ម​រ័តន៍​មួយ​ដុំ​ទៀត ។ ព្រះរាម​ប្រើ​ហនុមាន​ឲ្យ​ទៅ​យក​ថ្ម​នោះ​នៅ​នគរ​លង្កា​ទៀត ។ ហនុមាន​ទៅ​ដល់​នគរ​លង្កា​ទាំង​យប់​ឃើញ​ថ្ម​នោះ​ស្ថិត​នៅ​ក្រោម​ខ្នើយ​ ក្រុងរាពណ៍​ ហើយ​ក៏​ចូល​ទៅ​លួច​យក​មក​បាន​ដូច​ប្រាថ្នា ។ ហនុមាន​បាន​ចាប់​សក់​ក្រុងរាពណ៍​ចង​ជាប់​នឹង​សក់​នាង​មណ្ឌោល​គីរី រួច​ក៏​សរសេរ​អក្ខរា​ប្រាប់​ថា បើ​រាពណ៍​ចង់​ស្រាយ​ត្រូវ​ឲ្យ​នាង​មណ្ឌោលគីរី​យក​ដៃ​ឆ្វេង​វាយ​ក្បាល​រាពណ៍​ ទើប​ស្រាយ​រួច ។ លុះ​យក​ថ្ម​នោះ​បាន​មក​ហើយ ពេល​វេលា​កាន់​តែ​ខ្លី​ណាស់​ទៅ​ហើយ ។ បើសិន​ជា​ព្រះអាទិត្យ​រះ​ឡើង​ផ្សំ​ថ្នាំ​មិន​ទាន់​នោះ ព្រះលក្សណ៍​នឹង​ត្រូវ​ស្លាប់ ។ ព្រះរាម​ទោះ​ខុស​ឆ្គង​យ៉ាង​ណា​ក៏​មិន​គិត​ហើយ​បញ្ជា​ឲ្យ​ហនុមាន​ទៅ​ឃាត់​ ដំណើរ​ព្រះអាទិត្យ ។ ហនុមាន​ដោយ​ខ្លាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ព្រះលក្សណ៍​ក៏​វាយ​សេះ​ ព្រះអាទិត្យ​បាក់​ព្រះរាជរថ​រត់​ខ្ចាត់​ខ្ចាយ​អស់ ។

ជំងឺ ​ព្រះលក្សណ៍​បាន​ជា​សះ​ស្បើយ ក៏​ចេញ​ច្បាំង​ម្ដង​ទៀត​ជាមួយ​កុម្ភការណ៍ ។ ព្រះលក្សណ៍​បាន​ថ្លែង​សរ​ផ្ដាច់​ក្បាល​កុម្ភការណ៍​ស្លាប់​ទៅ ក្រុងរាពណ៍​ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង​ត្រាស់​បញ្ជា​ឥន្ទ្រជិត​ដែល​ជា​បុត្រ​ ចម្បង​ធ្លាប់​ធ្វើ​សង្គ្រាម​ឈ្នះ​ព្រះឥន្ទ្រ ហើយ​នាំ​សេនា​គម្ព័ន្ធ​ចេញ​ទៅ​ជាមួយ​ផង ។

ចំណែក ​ព្រះរាម​ក៏​ចេញ​ត​តាំង​ដោយ​ប្រើ​ហនុមាន ព្រះលក្សណ៍​ អង្គត ចេញ​ទៅ​ប្រយុទ្ធ ។ ឥន្ទ្រជិត​ថ្លែង​សរ​ជា​នាគ​ចុះ​មក​ព័ទ្ធ​ពលសេនា​ស្វា និង​ព័ទ្ធ​ជើង​ព្រះលក្សណ៍​ទាំង​ពីរ​ជាប់ ។ ក្រុងរាពណ៍​ដឹង​ដំណឹង​អំពី​ជ័យជំនះ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង ក៏​ប្រើ​ឲ្យ​គេ​នាំ​នាង​សិតា​មក​ផ្ចាញ់​ផ្ចាល ។

ព្រះរាម ​ទ្រង់​វិតក្ក​គ្រោះ​ថ្នាក់​នេះ ទើប​ទ្រង់​សោយ​សោក​ម្ដង​ទៀត ហើយ​ខ្ញាល់​ជា​ខ្លាំង​បម្រុង​នឹង​ថ្លែង​សរ​ប្រល័យ​ទេវ​លោក​ចោល​ ទុក​តែ​ស្ថាន​ព្រះឥសូរ​មួយ​ប៉ុណ្ណោះ ។ ទ្រង់​កាច់​សរ​ជា​ពីរ​កំណាត់​​មួយ​កំណាត់​ចោល​ទៅ​ប្រល័យ​ស្ថាន​មនុស្ស​លោក មួយ​កំណាត់​ទៀត​ចោល​ទៅ​ក្រុង​អយុធ្យា​ដើម្បី​ថ្វាយ​ដំណឹង​ទៅ​ ព្រះមាតា ។ ទេវតា​ទាំង​ឡាយ​នាំង​គ្នា​ភ័យ ផ្អើល​ឡើង​ទៅ​គាល់​ព្រះឥសូរ​សុំ​ឲ្យ​ព្រះអង្គ​ជួយ​ដោះ​គ្រោះ​ភ័យ ។ ព្រះឥសូរ​ប្រើ​ព្រះ​ព្រហ្ម​ឲ្យ​ទៅ​ស្ថាន​សិម្ពលី គ្រុឌ មក​ជួយ​ដោះ​ដេញ​កម្ចាត់​នាគ​ចេញ ។ បន្ទាប់​មក​ព្រះលក្សណ៍ និង​ទ័ព​ស្វា​ក៏​បាន​រស់​ជិវិត​ជា​ថ្មី​ទៀត ។

ខ្សែ​ទី​១០

[កែប្រែ]

ពេល ​ដឹង​ដំណឹង​ថា ព្រះលក្សណ៍​រស់​ឡើង​វិញ ក្រុងរាពណ៍​នាំ​អគ្គជាយា​ហោះ​ទៅ​កាន់​ភ្នំ​រក​ថ្នាំ​ពិស​ដើម្បី​សម្លាប់​ទ័ព ​ព្រះរាម ។ ប៉ុន្តែ​ពិភេគ​បាន​ទស្សន៍ទាយ​ដឹង ក៏​ព្រះរាម​ប្រើ​ហនុមាន​ឲ្យ​វាយ​ឆ្នាំង​ស្លរ​ថ្នាំ​ពិស​នោះ​ខ្ទេច​ខ្ទី​ អស់ ។ រាពណ៍​ខឹង​ណាស់​ក៏​ប្រើ​ឥន្ទ្រជិត​ចេញ​ច្បាំង​សាជាថ្មី ។ ព្រះរាម​ក៏​ប្រើ​ព្រះលក្សណ៍​ឲ្យ​ចេញ​ទៅ​ត​តាំង​នឹង​ឥន្ទ្រជិត​ម្ដង​ ទៀត ។ យក្ស​ក៏​ភៀស​ខ្លួន​បាំង​បាត់​ក្នុង​ពពក ។ ព្រះរាម​ភ័យ​ណាស់​ដោយ​មើល​ទ័ព​យក្ស​មិន​ឃើញ ហើយ​ពល​ស្វា​ក៏​ត្រូវ​យក្ស​កាប់​សម្លាប់​គរ​លើ​គ្នា ។

ព្រះអង្គ ​ក៏​បន់ស្រន់​ទេវតា​សុំ​ឲ្យ​ជួយ​មើល​ឃើញ​យក្ស ។ ការ​បន់ស្រន់​បាន​សម្រេច​ដូច​បំណង​ ព្រះរាម​ក៏​ថ្លែង​សរ​ព្រហ្ម​មាស​ប្រហារ​ឥន្ទ្រជិត​ធ្លាក់​ចុះ​ដល់​ដី​ស្លាប់ ​អាសា​បង់ ។

រាពណ៍​ខឹង​ពេក​ឲ្យ​យក​នាង​សិតា​មក​បម្រុង​នឹង​កាត់​ក​ប្រហារ​សង​សឹក ។ ប៉ុន្តែ​អាមាត្យ​ពិតរ័ក្ខស​ពន្យល់​ឃាត់​បាន ។ បន្ទាប់​មក​ក៏​ប្រើ​កូន​ទាំង​១០​ឲ្យ​ទៅ​ច្បាំង​ទៀត ហើយ​ត្រូវ​ស្លាប់​ទាំង​អស់ ។

ហាទរ ត្រូវ​អង្គត​សម្លាប់អតិកាយ ត្រូវ​ព្រះលក្សណ៍​សម្លាប់ត្រីសិរ កូន ទី​៤នរាត៍ កូន​ទី​៥ ត្រូវ​មហាក្របិន្ទ​សម្លាប់មហាកាល្ប កូន​ទី​៦ ត្រូវ​ឧសភពានរ​សម្លាប់ទូរ​មុខ កូន​ទី​៧ ត្រូវ​កេសរ​សម្លាប់មុខរក្ខ័ស កូន​ទី​៨ ត្រូវ​ខុននល​សម្លាប់កុម្ភត្រទាធរ កូន​ទី​៩ ត្រូវ​ខុននិល​សម្លាប់

កូន​ស្លាប់​អស់​ហើយ រាពណ៍​យំ​សោក ប្រើ​សេនា​ឈ្មោះ​មាសមាទ​ឲ្យ​ចេញ​ទៅ​ត​នឹង​ស័កពលី​ ហើយ​ត្រូវ​ស្លាប់​បង់ ។

អស់​សង្ឃឹម​ក៏​ប្រើ​ខុនពល និង​នាយ​ពល​ជា​សេនា​ឲ្យ​ទៅ​អញ្ជើញ​ក្រុង​មូផលីម​ នៅ​ឯ​ក្រៅ​ចក្រវាឡ​មក​ជួយ​ច្បាំង​ទៀត ។

ខ្សែ​ទី​១១ ដល់ ​ខ្សែ​ទី​៧៤

[កែប្រែ]

សាស្ត្រា​រឿង​រាមកេរ្តិ៍​ខ្មែរ ត្រង់​វគ្គ​ចាប់​ពី​ខ្សែ​ទី​១១ ដល់​ខ្សែ​ទី​៧៤ ត្រូវ​បាន​បាត់​បង់​រក​ពុំ​ឃើញ និង​ចាប់​បន្ត​ទៅ​ទៀត​ពី​ខ្សែ​ទី​៧៥​ដល់​ចប់ ។ ការ​បាត់​បង់​នេះ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​២​យ៉ាង​គឺ ៖ ដោយ​អចេតនា ដោយ​ព្រឹត្តិការណ៍​ផ្សេងៗ និង​ដោយ​ចេតនា ដោយ​មាន​អ្នក​បំផ្លាញ បំបិទ​ចោល​មិន​ឲ្យ​មាន ។ តាម​លោក​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ នៅ​គ្រប់​ទម្រង់​នៃ​សិល្បៈ​ខ្មែរ គេ​មាន​ត្រណម​មិន​ដែល​សម្ដែង ឬ​បង្ហាញ​ឲ្យ​ឃើញ​ពី​វគ្គ​ព្រះរាម​ច្បាំង​នឹង​ក្រុងរាពណ៍ និង​ត្រង់​វគ្គ​ព្រះរាម​សម្លាប់​រាពណ៍​ទេ ។ ប្រសិនបើ​គេ​ល្មើស​នឹង​ត្រណម​នេះ​នឹង​ជួប​គ្រោះថ្នាក់ ​និង​ត្រូវ​វិនាស​ជា​មិន​ខាន ។ សូម​ស្ដាប់​ការ​ពន្យល់​បន្ថែម​របស់​សាស្ត្រាចារ្យ​ កេង វ៉ាន់សាក់ នៅ​ទីនេះ ភាគ​១ និង​ ភាគ​២។

ខ្សែ​ទី​៧៥

[កែប្រែ]

ឥ សម័យថ្ងៃ​មួយ ព្រះរាម និង​ព្រះលក្សណ៍​បាន​នាំ​រេរ៍ពល​សេនា​ទាហាន​ទៅ​ប្រពាត​ព្រៃ ។ ព្រះនាង​សិតា​គង់​នៅ​ក្នុង​ប្រាសាទ​នៃ​ព្រះនគរ​អយុធ្យា មួយ​អន្លើ​ដោយ​ស្រី​ស្នំ​ក្រមការ​យ៉ាង​សប្បាយ​រីករាយ ។

កាលនោះ​មាន​យក្ខី​ម្នាក់​ឈ្មោះ​នាង​ អាតុល័យត្រូវា​ជា​សាច់​ញាតិ​របស់​ក្រុងទសមុខ​រាពណ៍​រស់​នៅ​ក្រោម​ដី​បាន​កាឡា​ខ្លួន ​ជា​ស្នំ​ចូល​មក​និយាយ​ប្រលោម​លួង​ចិត្ត​ព្រះនាង​សិតា​ឲ្យ​រៀបរាប់​អំពី​ រូបរាង​កាយ​ក្រុង​រាពណ៍​ដែល​នាង​បាន​ឃើញ​នៅ​ក្រុង​លង្កា​ដ៏​យូរ​មក​ ហើយ ។ យក្ខីនី​នោះ​សុំ​ឲ្យ​ព្រះនាង​សិតា​គូរ​រូប​ទសមុខ​រាពណ៍​លើ​ក្ដារ​ខៀន ព្រះនាង​សិតា​ក៏​យល់​ព្រម​តាម​អង្វរ​របស់​យក្ខីនី ហើយ​ក៏​គូរ​រូប​យក្ស​មុខ​១០ ដៃ​២០​ ហុច​ឲ្យ​ទៅ​នាង​យក្ស​នោះ​មើល ។

ខណៈ ​នោះ​ ព្រះរាម និង​ព្រះលក្សណ៍​យាង​វិល​ចូល​មក​ព្រះនគរ​វិញ ។ ព្រះនាង​សិតា​ទ្រង់​ជ្រាប​មាន​ការ​ភិត​ភ័យ​ក៏​ប្រញាប់​ប្រញាល់​លុប​រូប​យក្ស ​ទសមុខ​នោះ តែ​លុប​មិន​ជ្រះ​សោះ ក៏​យក​ទៅ​ញាត់​លាក់​ក្រោម​ក្រឡា​បន្ទំ ។

លុះ ​ដល់​ពេល​សន្ធិយារាត្រី ព្រះរាម​ក៏​យាង​ចូល​ទៅ​ក្នុង​ក្រឡា​បន្ទំ​ក៏​បែរ​ជា​ក្ដៅ​ក្រហល់​ក្រហាយ​ បណ្ដាល​ទៅ​ជា​ខឹង​ត​នឹង​ស្រី​ស្នំ​ផង​ទាំង​ឡាយ ។ ព្រះនាង​សិតា​ឃើញ​ដូច្នោះ ក៏​ត្រាស់​ប្រើ​ភិលៀង​ឲ្យ​ទៅ​យាង​ព្រះលក្សណ៍​មក​ជួយ​ការពារ ។ ព្រះរាម​ទ្រង់​ត្រាស់​ប្រាប់​រឿង​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ឡើង​ ហើយ​ក៏​បញ្ជា​ឲ្យ​ព្រះអនុជ​រើ​កកាយ​រក​គ្រប់​ទី​កន្លែង​ក្នុង​ក្រឡា​បន្ទំ​ ក៏​ឃើញ​ក្ដារ​ខៀន​នៅ​ក្រោម​គ្រែ​ព្រះនាង​សិតា​មាន​រូប​យក្ស​ក្រុង​ រាពណ៍ ។ ឃើញ​ដូច្នោះ​ព្រះរាម​ក៏​ទ្រង់​ខ្ញាល់​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង​នឹង​ព្រះនាង​ សិតា​ ហើយ​ក៏​ទ្រង់​ត្រាស់​បញ្ជា​ឲ្យ​ព្រះលក្សណ៍​យក​ព្រះរាជ​ទេពី​ដ៏​ជា​ទី​ ស្រឡាញ់​យក​ទៅ​ប្រហារ​ជីវិត​បង់ ។

ព្រះអនុជ ​មិន​អាច​ប្រឆាំង​នឹង​ព្រះរាជ​អាជ្ញា​នេះ​បាន ក៏​នាំ​ព្រះនាង​សិតា​ចេញ​ទៅ​ដោយ​មាន​ចិត្ត​អាណិត​ព្រះរាជ​ទេពី​ដោយ​ទ្រង់​ គភ៌​ផង ។ តែ​ព្រះនាង​សិតា​បែរ​ជា​ពោល​ព្រះសុវណ្ណី​បញ្ជោះ​បន្សោក​​ធ្វើ​ឲ្យ​ ព្រះលក្សណ៍​ខឹង​ជា​ខ្លាំង ។ ព្រះលក្សណ៍​ក៏​លើក​ព្រះខ័ន​ប្រហារ​ព្រះរាជទេពី ក៏​ប៉ុន្តែ​ព្រះខ័ន​នោះ​ក៏​ក្លាយ​ទៅ​ជា​កម្រង​ផ្កា​បំពាក់​លើ​សុរង​ព្រះនាង​ ទៅ​វិញ ។ បន្ទាប់​ពី​ភ្ញាក់​ស្មារតី​ឡើង​វិញ ព្រះលក្សណ៍​ក៏​ក្រាប​លំឱន​កាយ​ក្រោម​ព្រះបាទា​ព្រះនាង​សិតា ហើយ​សុំ​អង្វរ​ព្រះនាង​ឲ្យ​យាង​ចេញ​ទៅ ។ រីឯ​ព្រះលក្សណ៍​ក៏​យាង​ត្រឡប់​ទៅ​កាន់​ព្រះនគរ​វិញ ។ លុះ​ដល់​ពាក់កណ្ដាល​ផ្លូវ​ ព្រះអង្គ​បាន​ជួប​នឹង​សត្វ​ជ្រាយ​មួយ​តៃសាក​ដែល​ព្រះឥន្ទ្រ​ដំណែង​ ខ្លួន ។ ព្រះលក្សណ៍​ឃើញ​ហើយ​ ក៏​ចាប់​ជ្រាយ​នោះ​យក​មក​វះ​ពោះ​យក​ថ្លើម​ទៅ​ថ្វាយ​ព្រះរាមៗ​ក៏​មាន​បន្ទូល​ ថា ថ្លើម​នាង​សិតា​អាក្រក់​ដល់​ម្លឹង ។

ក្រោយ ​ពី​ព្រះលក្សណ៍​ដោះលែង​ហើយ ព្រះនាង​សិតា​ក៏​យាង​តែ​មួយ​អង្គ​ឯង​កាត់​ព្រៃព្រឹក្សា​ពរ​ពោះ​គ្រប់​ខែ​ ផង ។ ព្រះឥន្ទ្រកោសីយ៍​ទ្រង់​ទត​យល់​នូវ​ទុក្ខលំបាក​នៃ​នាង​សិតា​ក៏​និម្មិត​ជា​មហិង្សរាជ​ដើរ​តម្រង់​រក​នាង​ សាក​សួរ​អំពី​មូល​ហេតុ​ចង់​ដឹង​សព្វ​គ្រប់​ទើប​នាំ​ព្រះនាង​ឆ្ពោះ​ទៅ​កាន់​អាស្រម​ឥសី​វិជ្ជប្រិត ។ ឥសី​បាន​ជ្រាប​ព័ត៌មាន​ពី​ព្រះនាង​ហើយ​ ក៏​ជប់​ឲ្យ​កើត​ជា​អាស្រម​សម្រាប់​នាង​រក្សា​គភ៌​បន្ទាប់​មក​ក៏​បាន​ប្រសូត​ ព្រះរាជ​បុត្រ​មួយ​ព្រះអង្គ​ដ៏​ត្រកាល ។ ព្រះនាង​ទង្គិះ​ក្សឹក​ក្សួល​រំជួល​ឱរា​នឹង​វាសនា​កាល​ពី​អតីត និង​បច្ចុប្បន្ន​នៃ​រាជបុត្រ​ ហើយ​ដោះ​ចិញ្ចៀន​ព្រះ​ទម្រង់​ចង​ដៃ​ព្រះឧរស ។

ថ្ងៃ ​មួយ​ នាង​សិតា​ចុះ​ទៅ​ងូត​ទឹក​ក្នុង​ទន្លេ​ដាក់​ព្រះរាជ​ឧរស​ក្នុង​អង្រឹង​ផ្ញើ​ នឹង​លោក​តា​ឥសី ។ នាង​បាន​ឃើញ​ស្វា​មួយ​ហ្វូង​ឱប​កូន​ពី​មុខ​ពី​ក្រោយ​ក៏​គ្នេរ​នឹក​ដល់​កូន​ របស់​អាត្មា​ក៏​រលេះរលាំង​ទៅ​ឯ​អាស្រម ចូល​ទៅ​លប​លើក​កូន​ពី​ក្នុង​អង្រឹង​ពរ​យក​ទៅ​ជាមួយ ។ ខណៈ​នោះ​លោក​តា​ឥសី​កំពុង​ធ្មេច​ភ្នែក​ភាវនា​ធម៌ ។ កាល​បើ​ទ្រង់​បើក​ព្រះនេត្រ​ឡើង​ស្រាប់​តែ​ពុំ​ឃើញ​ចៅ ភិត​ភ័យ​រន្ធត់​រត់​រក​គ្រប់​ទិស​ទី​ជុំ​វិញ​អាស្រម​ក៏​ពុំ​ឃើញ ។ ដើម្បី​កុំ​ឲ្យ​ព្រះនាង​សិតា​ព្រួយចិត្ត និង​ស្ដី​បន្ទោស លោក​តា​ក៏​ជប់​បាន​កូន​ខ្ចី​មួយ​ដាក់​ក្នុង​អង្រឹង​ជំនួស ។ លុះ​ត្រឡប់​មក​ពី​ទន្លេ នាង​សិតា​ពរ​កូន​ជាប់​នៅ​ក្នុង​ដៃ ឥសី​ឃើញ​ក៏​បន្ទោស​នាង​សិតា​ដែល​មក​យក​កូន​ទៅ​ពុំ​បាន​ប្រាប់ ។

ខ្សែ​ទី​៧៦

[កែប្រែ]

លោក ​តា​ឥសី​វិជ្ជប្រិត​បម្រុង​សែក​គាថា​រំលាយ​រូប​កុមារ​ដែល​ទើប​នឹង​ជប់​នោះ​ ចោល​តែ​ព្រះនាង​សិតា​បាន​អង្វរ​សូម​ឲ្យ​ព្រះអង្គ​ទុក​ឲ្យ​មាន​ជីវិត​គង់​នៅ​ បន្ត​គ្រាន់​បាន​ជា​គ្នា​នឹង​បុត្រ​បង្កើត​នាង ។ លោក​តា​ក៏​យល់​ព្រម​ ហើយ​ក៏​ដាក់​ឈ្មោះ​ឲ្យ​បុត្រ​នាង​សិតា​ថា រាមលក្សណ៍ហើយ​បុត្រ​ដែល​ជប់​ឈ្មោះ ជប្បលក្សណ៍ ។

លុះ ​កុមារ​ទាំង​ពីរ​អង្គ​ចម្រើន​វ័យ​វឌ្ឍនាការ​គ្រប់​ទសមាសា​កាលណា​ លោកតា​ឥសី​ក៏​បាន​បង្រៀន​សិល្បសាស្ត្រ​គម្ពី​វេទ​ចេះ​ចាំ​សព្វ​មន្ត​អាគម វិជ្ជា​បាញ់​ធ្នូសរ ទាំង​ពីរ​អង្គ​ព្រម​ទាំង​ជប់​ធ្នូសរ​ថ្លា​ថ្វាយ​ទៀត ។ ព្រះនាង​សិតា​ទ្រង់​អរ​នឹង​បុត្រា​ទាំង​ទ្វេ​ដែល​បាន​ចេះ​មន្ត​វិជ្ជា​ការ​ ផ្សេងៗ ។

ថ្ងៃ​មួយ​ កុមា​ទាំង​ពីរ​បាន​សូម​លា​មាតា​ទៅ​លេង​ព្រៃ ហើយ​បាន​ឃើញ​ដើម​រាំង​កាល្យ​មួយ​ដ៏​ធំ​មាន​ស្លឹក​បាំង​ព្រះអាទិត្យ​ ជិត ។ រាមលក្សណ៍​ក៏​និយាយ​នឹង​ប្អូន​ថា នឹង​សាក​ល្បង​បាញ់​ធ្នូសរ​មើល ។ រាជកុមារ​ក៏​ថ្លែង​សរ​ធ្វើ​ឲ្យ​ដើម​រាំង​កាល្យ​នោះ​រលំ​បាក់​បែក​ខ្ចាយ​លាន់ ​សូរ​ស័ព្ទ​សន្ធឹក​ទៅ​ដល់​ស្ថាន​តុសិត​សិម្ពលី​ រហូត​ដល់​បាតាល​ ធ្វើ​ឲ្យ​ទេវតា គ្រុឌ នាគ យក្ស ខ្លប​ខ្លាច​បារមី រួច​ក៏​នាំ​បងប្អូន​បេះ​ផល្លា​ត្រឡប់​មក​កាន់​អាស្រម​វិញ ។ លោក​តា​ឥសី​ទ្រង់​សរសើរ​អំពី​តេជៈ​រាជកុមារ​ប្រទាន​ពរ​ជ័យ​ឲ្យ រីឯ​ព្រះនាង​សិតា​ក៏​មាន​ចិត្ត​ត្រេកអរ​សរសើរ​ថ្វី​ដៃ​ថា​បុត្រ​មាន​ឫទ្ធី​ ដូច​ព្រះនរាយណ៍​កាឡា​ជា​បិតា ។ រាជកុមារ​ចាប់​ពាក្យ​ម្ដាយ​បាន​ក៏​ទូល​ទទូច​សុំ​ឲ្យ​ព្រះមាតា​ប្រទាន​អំពី​ បុព្វ​ហេតុ​របស់​បិតា​ពី​អតីតកាល ។ នាង​សិតា​យល់​ព្រម​តាម​ក៏​និទាន​រឿង​ឲ្យ​រាជបុត្រ​ស្ដាប់ ។

កាលនោះ ​ ព្រះរាម​គង់​នៅ​ព្រះនគរ​អយុធ្យា​ក៏​បាន​ឮ​សូរស័ព្ទ​ចម្លែក​នេះ​ដែរ ក៏​ប្រជុំ​អស់​សព្វ​មន្ត្រី​ឲ្យ​ប្រមូល​ទាំង​ហោរា​មក​គន់​គូរ​ជា​ប្រញាប់​ អំពី​ហេតុ​ចម្លែក​នេះ ។ ហោរា​មិន​បង្អង់​គន់គូរ​ឃើញ​ថ្វាយ​ទៅ​ថា មាន​អ្នក​មាន​បុណ្យ​រស់​នៅ​ក្នុង​ព្រៃ សូម​ទ្រង់​តែង​អក្ខរា​ចង​នឹង​ក​សេះ​ហើយ​ចាត់​ហនុមាន​ជា​ពញ្ជានុជិត​ឲ្យ​ទៅ​ តាម ។ បើ​ឃើញ​នរណា​ហ៊ាន​ចាប់​សេះ​នេះ​ជិះ​នោះ​ពិត​ជា​ប្រមាថ​ព្រះ​ជេដ្ឋា​ឲ្យ​ ហនុមាន​ចាប់​យក​មក​កុំ​បីខាន ។ ព្រះរាម​ទ្រង់​ធ្វើ​តាម​សម្ដី​ហោរា ក៏​ប៉ុន្តែ​មុន​ដំបូង​ក៏​ចាត់​ឲ្យ​ហនុមាន​ទៅ​យាង​ព្រះភិរុត សុត្រុត គង់​នៅ​នគរ​កៃកយ ឲ្យ​មក​នគរ​ជា​ប្រញាប់​ត្បិត​ទ្រង់​មាន​ផែនការ​លើក​ទ័ព​ទៅ​បង្ក្រាប​ សត្រូវ ។ ព្រះអនុជ​ទាំង​ទ្វេ​មិន​បង្អង់​យូរ​ក៏​ខំ​រូត​រះ​មក​នគរ​អយុធ្យា​តាម​ តម្រាស់​ព្រះរាម ។ កាល​បើ​ជួបជុំ​គ្នា​ជា​ក្បួន​ទ័ព​ហើយ​ ព្រះរាម​ក៏​ចាត់​ឲ្យ​សុមាន់តាន់ សុមន្ត សេនា​ចាប់​សេះ​ចង​នូវ​អក្ខរា​តាម​បង្គាប់​ហោរា រួច​លែង​ដោយ​មាន​ហនុមាន​លប​ដើរ​តាម​ពី​ក្រោយ ។ សេះ​ដើរ​តម្រង់​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​ព្រះរាជកុមារ​គង់​នៅ ព្រះរាម​ក៏​ទ្រង់​ប្រារព្ធ​លើក​ទ័ព និង​ព្រះអនុជ​យាង​តាម​ពី​ក្រោយ​ដែរ ។

លុះ ​ព្រឹក​ព្រាង​ព្រះសូរិយា រាមលក្សណ៍ និង​ជប្បលក្សណ៍​ក៏​លា​មាតា​ចូល​ព្រៃ​ដូច​សព្វ​ដង ក៏​ប្រទះ​ឃើញ​សេះ​ស មុខ​ខ្មៅ មាត់​ក្រហម ក៏​ពិគ្រោះ​គ្នា​ថា សេះ​នេះ​ពិត​ជា​មាន​ម្ចាស់​គេ​ចិញ្ចឹម​ទើប​ល្អ​យ៉ាង​នេះ ។ បង​ប្អូន​ទាំង​ទ្វេ​មិន​បង្អង់​ឡើយ​ក៏​នាំ​គ្នា​បោច​វល្លិ​ធ្វើ​ខ្សែ​ទាក់​ សេះ​បាន​ដូច​បំណង ។ ទ្រង់​ទត​ឃើញ​អក្ខរា​ចង​នៅ​អសុពាហ៍​ហើយ​ក៏​ស្រាយ​ទត​ដឹង​ថា ជា​សំបុត្រ​ព្រះរាម ក៏​ប៉ុន្តែ​ពុំ​មាន​ខ្លាច​ចេស្ដា​សោះ​ឡើយ ។ រាមលក្សណ៍​ផែល​លើ​ខ្នង​ភាជី​តាំង​ជិះ​បំផាយ​លេង​ដោយ​មាន​ជប្បលក្សណ៍​ដើរ​តាម ​ក្រោយ ។

ហនុមាន​ឃើញ​ដូច្នោះ​ក៏​ ស្ទុះ​ទៅ​ចាប់​រាជកុមារ​ទាំង​កំរោល​ក៏​ត្រូវ​មួយ​ដង​ធ្នូសរ​ដួល​សន្លប់​អស់​ ជាច្រើន​ម៉ោង ។ តែ​បាហនុមាន បុត្រ​ព្រះពាយ ត្រូវ​ខ្យល់​ក៏​ដឹង​ខ្លួន​វិញ ក៏​រិះ​គិត​ឧបាយ​កាឡា​ខ្លួន​ជា​កូន​ស្វា​ព្រៃ​តូច​មួយ​ដើម្បី​ចូល​លួង​លេង​ ជាមួយ​រាជកុមារ​ជាថ្មី ប្រាថ្នា​ចាប់​កុមារ​ទាំង​ពីរ​ឲ្យ​បាន ។ រាមលក្សណ៍ ជប្បលក្សណ៍ ក៏​បាន​សំណេះ​សំណាល​នឹង​កូន​ស្វា​ព្រៃ​ដោយ​ចិត្ត​អាណិត​ភក្ដី​ពន់​ ពេក ។

ខ្សែ​ទី​៧៧

[កែប្រែ]

ហនុមាន ​និយាយ​ធ្វើ​កិច្ច​កល​រាជកុមារ​ភ្លេច​ខ្លួន​ក៏​ខំ​ប្រឹង​ស្ទុះ​ទៅ​ចាប់​ម្ដង ​ទៀត​ តែ​ត្រូវ​មួយ​ធ្នូ​វ័ធ​វាយ​ដួល​ត្មោល​ដេក​ដី ។ ជប្បលក្សណ៍​និយាយ​សុំ​បង​ឲ្យ​បោច​វល្លិ​ចាប់​ហនុមាន​ចង ហើយ​បញ្ជូន​ទៅ​ឲ្យ​ម្ចាស់ ។ ហនុមាន​ជាប់​ចំណង​ក្រញង់ ខំ​រើបម្រះ​ក៏​មិន​រួច​ ក៏​ដើរ​ទាំង​ខ្មួរ​មុខ​ត្រឡប់​ទៅ​កាន់​កង​ពល​សេនា ។ ព្រះភិរុត ព្រះសុត្រុត ទ្រង់​យល់​ដូច្នោះ​ក៏​បាន​សាកសួរ​ព័ត៌មាន​សព្វគ្រប់​ ហើយ​ក៏​ស្ទុះ​ទៅ​ជួយ​ស្រាយ​ចំណង​ប៉ុន្តែ​ឥត​ប្រយោជន៍​សោះ ។ ទ្រង់​ក៏​ទត​ឃើញ​អក្ខរា​សាក់​លើ​ថ្ងាស​ហនុមាន​ថា «ទាល់​តែ​ម្ចាស់​របស់​ស្វា​ទើប​ស្រាយ​រួច» ។ ហនុមាន​សែន​ខ្មាស់​អស់​ពួក​ពល​សេនា​ក៏​ខំ​ដើរ​អន្ត្រូ ! អន្ត្រូ ! កាត់​ព្រៃ​ទៅ​រក​ព្រះរាម​ម្ចាស់​នៅ​ក្រុង​អយុធ្យា​ឲ្យ​ជួយ ។ ព្រះរាម​ទ្រង់​ទត​ឃើញ​ហនុមាន​ជាប់​ចំណង​ព្រម​ទាំង​អក្ខរ​សាក់​លើ​ថ្ងាស​ផង​ ក៏​ខឹង​ក្រេវក្រោធ ទន្ទាំង​បាទា​ស្ទុះ​ទៅ​ស្រាយ​​ចំណង​ពី​ដៃ​រាជ​ក្របី​ភ្លាម ។ មិន​បង្អង់​ឡើយ​បាហនុមាន​ក្រាប​ពិត​ទូល​អស់​អាថ៌​សេចក្ដី​ថ្វាយ​ ម្ចាស់ ។ ព្រះរាម​រឹង​រិត​តែ​ខឹង​ឆេវឆេះ ទើប​ត្រាស់​បញ្ជា​ឲ្យ​ហនុមាន​ទៅ​ប្រាប់​ព្រះ​អនុជ​ភិរុត សុត្រុត ឲ្យ​លើក​ទ័ព​ទៅ​ឡោម​ព័ទ្ធ​កុមារ​ទាំង​ទ្វេ យក​មក​ថ្វាយ​ទ្រង់​ភ្លាម ។

បាហនុមាន ​មិន​បង្អង់​យូរ​ដើរ​មុខ​ទ័ព​នាំ​ទៅ​កាន់​សមរភូមិ ក៏​ជួប​នឹង​ព្រះរាជកុមារ​ទាំង​ពីរ​អង្គារ ។ ព្រះភិរុត ព្រះសុត្រុត ទ្រង់​សាកសួរ​ទៅ​ក្មេង​ទាំង​ពីរ​តែ​ត្រូវ​ព្រះរាជកុមារ​តប​វិញ​នូវ​ពាក្យ​ ត្មះ​តិះ​ដៀល​មក​ឲ្យ​ទ្រង់​វិញ ។ ស្ដាប់​បាន​នូវ​សម្ដី​របស់​កុមារ​ទាំង​ពីរ​ដែល​ឥត​ញញើត​កោត​ខ្លាច​ ព្រះចេស្ដា​ទ្រង់​សោះ​ ទ្រង់​ក៏​បង្ហាញ​នាម និង​មហិទ្ធិឫទ្ធិ​ព្រះរាម ប៉ុន្តែ​ត្រូវ​រាជកុមារ​ស្ដាប់​មិន​បាន មិន​ខ្លប​ខ្លាច​ដដែល អត់​ទ្រាំ​មិន​បាន​ស្ដេច​ទាំង​ពីរ​ក៏​ថ្លែង​សរ​ព្រួស​ពិស​ប្រហារ​កុមារ​ទាំង ​ពីរ ព្រះរាជកុមារ​ក៏​ថ្លែង​សរ​ជា​គ្រុឌ​សង​វិញ​ដេញ​ចាប់​អស់​សត្វ​នាគ​សិល្ប៍​ ទាំង​ប៉ុន្មាន​អស់ ។ សង្គ្រាម​កំពុង​តែ​ជាប់​ដៃ​គ្នា ហនុមាន​បាន​កាឡា​ខ្លួន​ដ៏​ធំ​មហិមា​បម្រុង​លោត​ទៅ​សង្គ្រប់​ចាប់​ ព្រះរាជកុមារ​តែ​ត្រូវ​នឹង​ដង​ធ្នូ​សន្លប់​ធំ​ជា​​លើក​ទី​៣​ទៀត ។ ឃើញ​ដូច្នោះ​ ព្រះពិរុត ព្រះសុត្រុត ក៏​ក្រោយ​ពី​ខំ​សូត្រ​សែក​មន្ត​គាថា​ស្រាយ​ចំណង​សិល្ប៍​របស់​រាមលក្សណ៍ ជប្បលក្សណ៍​រួច​មក​ថ្លែង​សរ​របូត​ចំណង​ពី​សេនា​យោធា​ទាំង​អស់ ព្រម​ទាំង​បង្កើត​ឲ្យ​មាន​វាយោ​បក់​មក​ត្រូវ​បាហនុមាន​ឲ្យ​រស់​ឡើង​វិញ​ តែ​សរ​ព្រះ​ភិរុត ក៏​ជ្រុល​ទៅ​បុក​រាមលក្សណ៍ និង​ជប្បលក្សណ៍​ដួល​លើ​ធរណី ។ ហនុមាន​ និង​ពល​សេនា​រត់​ចូល​ឈូឆរ​ទៅ​ប្រចាប់​ក៏​ចាប់​បាន​តែ​រាមលក្សណ៍ ឯ​ជប្បលក្សណ៍​រហ័ស​រត់​រួច​ខ្លួន​សំដៅ​ទៅ​អាស្រម​តា​ឥសី និង​ព្រះមាតា ។ កាល​បើ​ទ្រង់​យល់​ព្រះភ័ក្ត្រ​រាជកុមារ​ហើយ​ ព្រះរាម​ក្រេវក្រោធ​ខ្លាំង​ក៏​ត្រាស់​បង្គាប់​ឲ្យ​គេ​ធ្វើ​បាប បណ្ដើរ​អាក្រោស​ជុំ​វិញ​នគរ​អយុធ្យា ហើយ​យក​ទៅ​ដាក់​ក្នុង​ទ្រុង​ដែក​គម្រប់​៣​ថ្ងៃ​នឹង​ប្រហារ​ជីវិត ។

ព្រះនាង ​សិតា​កាល​បើ​បាន​ជ្រាប​អំពី​រាមលក្សណ៍​ត្រូវ​កងទ័ព​ចាប់​ហើយ ក៏​ព្រួយ​បារម្ភ ភ័យ​តក្កមា ។ លោកតា​ឥសី ក៏​ទ្រង់​ឈាន​ញាណ​ឃើញ​ថា រាមលក្សណ៍​ពិត​ជា​មិន​ក្ស័យ​ទេ ហើយ​គង់​នឹង​បាន​ចម្រើន​លើស​លប់​ក្សត្រ​ផង ។

ជប្បលក្សណ៍ ​សូម​ខ្លួន​ធានា​ទៅ​តាម​យក​អាសារ​បង ។ ព្រះនាង​សិតា​ឃាត់​កូន​មិន​បាន​ក៏​ប្រទាន​ព្រះទម្រង់​ដល់​ព្រះរាជបុត្រ​ ដើម្បី​ជា​ភស្តុតាង ។ ជប្បលក្សណ៍​ខំ​ស្រូត​ដំណើរ​កាត់​ព្រៃ​ទៅ​ដល់​មាត់​ទ្វារ​នគរ​ដោយ​ប្រយ័ត្ន​ ខ្លួន ហើយ​ឈ្លប​លប​ស្ដាប់​អ្នក​នគរ​គេ​នាំ​គ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នៅ​ថ្ងៃ​ស្អែក​គេ​នឹង​យក​កុមារ​រាមលក្សណ៍​ទៅ​ប្រហារ​ជីវិត​ហើយ ។ រាជកុមារ​បាន​ឮ​ហើយ​ក៏​ទ្រង់​ខ្សឹកខ្សួល​អួល​ហ្ឫទ័យ​ពន់​ប្រមាណ ។ ព្រះឥន្ទ្រ​ក៏​ទ្រង់​បើក​ទិព្វ​ចក្ខុ​យល់​ហេតុការណ៍​ដូច្នោះ​ ក៏​ប្រើ​នាង​ទេពរម្ភា​ឲ្យ​ចុះ​មក​ជួយ​យក​អាសារ ។

នាង ​ទេពរម្ភា​ធិតា​ស្រី​សួគ៌ កាឡា​ខ្លួន​ជា​ស្រី​ជំទង់​តម្រង់​មក​ជប្បលក្សណ៍ ធ្វើ​ជា​សាកសួរ​ដឹង​ដើម​ចប់​ហើយ​ប្រាប់​ថា ខ្លួន​នាង​មក​រក​ដង​ទឹក​ទៅ​ធ្វើ​បុណ្យ​ដល់​អ្នក​ទោស ។ រាជកុមារ​ឆ្លៀត​ឱកាស​នោះ​ទៅ​ដង​ទឹក​ ហើយ​ក៏​លប​បង់​ចិញ្ចៀន​ព្រះទម្រង់​ទៅ​ក្នុង​ក្អម​ទឹក​ដោយ​អធិដ្ឋាន​សូម​ឲ្យ​ បង​រួច​ពី​ទុក្ខភ័យ ពេទធិតា​កាឡា​ប្រាណ​នាំ​យក​ទឹក​ទៅ​ដល់​ទី​ឃុំឃាំង ហើយ​និយាយ​សូម​អ្នក​យាម​ទ្វារ​ចូល​ទៅ​ដល់​រាមលក្សណ៍ ។ នាង​ប្រគល់​ក្អម​ទឹក​ដល់​ដៃ​រាជ​កុមារ​ក៏​ងូត​ទឹក​ទៅ​ឃើញ​ព្រះទម្រង់​របស់​ មាតា ទ្រង់​ឈ្វេង​យល់​ថា​ជប្បលក្សណ៍​មក​ជួយ​ព្រះអង្គ ។ ដោយសារ​តេជៈ​ទឹក​មន្ត​ព្រះឥន្ទ្រ និង​គុណ​ព្រះទម្រង់​នៃ​ព្រះមាតា រាមលក្សណ៍​ក៏​រំដោះ​រួច​ពី​ទ្រុង​ដែក ហែក​ចេញ​មក​ជួប​ជប្បលក្សណ៍​ដែល​នៅ​ពួន​សម្ងំ​ក្រោម​ដើម​ជ្រៃ​ក្រៅ​ទ្វារ​ នគរ ។

ខ្សែ​ទី​៧៨

[កែប្រែ]

ព្រះរាម ​បន្ទាប់​ពី​បាន​ជ្រាប​អាថ៌​សេចក្ដី​ថា អ្នក​ទោស​ដែល​ត្រូវ​ប្រហារ​ជីវិត​នោះ​ត្រូវ​ហែក​ទ្រុង​ដែក​ចេញ​រួច​ទៅ​ ក៏​ទ្រង់​ក្រេវក្រោធ​ខ្លាំង​ណាស់​ក៏​ត្រាស់​បញ្ជា​ឲ្យ​ភ្ជុំ​ពល​មួយ​រំពេច​ ដើម្បី​ចេញ​ទៅ​ចាប់​អ្នក​ទោស​យក​មក​វិញ​ឲ្យ​ទាល់​តែ​បាន ។ ពេល​នោះ​ព្រះរាម​ចេញ​ចាក​ពី​ក្រុង​អយុធ្យា​ដោយ​ផ្ទាល់​ព្រះអង្គ​ ព្រម​ទាំង​ព្រះអនុជ​ទាំង​បី​អង្គ​ មួយ​អន្លើ​ដោយ​ពល​ពានរ​យ៉ាង​គគ្រឹក​គគ្រេង​ឆ្ពោះ​ទៅ​កាន់​ដង​ព្រៃ​ដែន​ សមរភូមិ​ក៏​ជួប​នឹង​រាជកុមារ​ទាំង​ពីរ​ឈរ​យ៉ាង​ក្លាហាន​ពារ​មុខ​ពល​ស្វា ធ្វើ​ឲ្យ​ពល​ស្វា​ទាំង​ឡាយ​ភិតភ័យ​ស្រែក​ឆោឡោ​រត់​ខ្ចាត់ខ្ចាយ ។ ព្រះភិរុត​ទត​ស្គាល់​មុខ​រាមលក្សណ៍​ដ៏​មាន​ភក្ត្រ​ដូច​ជប្បលក្សណ៍​ក៏​ថ្លែង​ សរ​សក្តិ​អន្ទាក់​យ៉ាង​ច្រើន​ដើម្បី​ចាប់​ចង​ក្មេង​ទាំង​ពីរ ។ រាមលក្សណ៍ ជប្បលក្សណ៍​ក្លាហាន​គ្មាន​តក់​ស្លុត​ភិតភ័យ​អ្វី​សោះ ក៏​ថ្លែង​តប​ដក​ព្រះខ័ន​កាប់​អន្ទាក់​ដាច់​ខ្ទេច​ខ្ទី​គ្មាន​សល់ ។ ព្រះរាម​ទត​ឃើញ​ច្បាស់​នឹង​ព្រះនេត្រ​ក៏​កើត​ទោសៈ ប្រមាថ ត្មះ​ហើយ​ថ្លែង​សរ​ជា​ភ្លើង​ឆេះ​រន្ទាល​ពេញ​អាកាស ។ រាជកុមារ​មិន​បង្អង់​ដៃ​ក៏​ថ្លែង​សរ​ជា​ព្រះភិរុណ​បង្ក្រាប​សរ​ព្រះរាម​ ត្រូវ​រលត់​អស់​ទៅ​វិញ ។ ព្រះរាម​ថ្លែង​សរ​ជា​សត្វ​គ្រុឌ​ម្ដង​វិញ ប៉ុន្តែ​ត្រូវ​ខ្យល់​ក្រិស​ផាត់​របស់​រាមលក្សណ៍​ផាត់​បាត់​វិនាស​ទៅ​អស់​ ទៀត ។ ពេល​នោះ​ព្រះរាម​កើត​សង្ស័យ និង​រិទ្ធី​ចេស្ដា​របស់​កុមារ​ណាស់​ក៏​សច្ចា​ផ្សង​ជា​ពូជពង្ស​អង្គ​អញ សូម​ឲ្យ​សរ​កើត​ជា​ភោជនាហារ​បូជា​ដូច​ប្រាថ្នា ។ រីឯ​កុមារ​ថ្លែង​តប​វិញ​កើត​ជា​ឆ័ត្រ​ភ្ញី​បាំង​ថ្វាយ​ព្រះរាម​ទៅ​វិញ ព្រះរាម​ទ្រង់​កើត​សង្ស័យ​ទើប​ត្រាស់​សម្រួល​សួរ​រក​ឈ្មោះ​មាតា បិតា របស់​ព្រះរាជកុមារ​ទាំង​ពីរ ។ ព្រះរាជកុមារ​វាយ​ឫក​ក្រអឺត មិន​ព្រម​ឆ្លើយ បែរ​ជា​សួរ​ទៅ​ព្រះរាម​វិញ ។ ដោយ​ស្ងប់​ហ្ឫទ័យ ព្រះរាម​ក៏​សម្រួល​ប្រាប់​អស់​អាថ៌​ដល់​ព្រះរាជ​កុមារ ។ រាមលក្សណ៍ ជប្បលក្សណ៍ សញ្ជឹង​គិត​ខ្លាច​គេ​ទៅ​យាយី​ដល់​ព្រះមាតា​ក៏​មិន​ព្រម​ទូល​ការណ៍​ពិត​ដល់​ ព្រះរាម​វិញ​ឡើយ គ្រាន់​តែ​ឆ្លើយ​តប​ថា នាម​របស់​ខ្លួន​ទាំង​ពីរ រីឯ​ «ព្រះបិតា មាតា យើង​ខ្ញុំ​មិន​ស្គាល់​ឡើយ» ។ ព្រះរាម​ភ្ញាក់​ខ្លួន​សួរ​ទៅ​ព្រះអនុជ​ភ្លាម​ថា «នាង​សិតា​ស្លាប់​ទៅ​ហើយ​ម្ដេច​ឡើយ​មក​មាន​កូន ?» ព្រះលក្សណ៍​ក៏​តប​ព្រះរាជ​តម្រាស់​តាម​ការ​ពិត​ដូច​បាន​ប្រព្រឹត្ត​កន្លង​មក ​ថ្វាយ​ព្រះសម្ដេច​ព្រះ​រៀម ។ ទ្រង់​ជ្រាប​អស់​ការណ៍​កន្លង​ទៅ​ហើយ​នោះ​ ព្រះរាម​ក៏​បោះ​អាវុធ​ចោល​ស្ទុះ​ទៅ​ស្រវា​ឱប​រាជកុមារ​ទាង​ពីរ​អង្វរ​សុំ​ ឲ្យ​ចូល​ទៅ​គង់​ក្នុង​នគរ​វិញ ។ តែ​ព្រះរាជ​កុមារ​ពុំ​ព្រម​ក៏​ដឹក​ដៃ​ប្អូន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ទៅ​ អស់​ពល​សេនា​មួយ​អន្លើ​ដោយ​ក្សត្រ​ទាង​បួន​អង្គា​ក៏​តាម​ព្រះរាជកុមារ​រហូត​ ដល់​អាស្រម​លោកតា​ឥសី ។ កាល​បើ​បាន​ទៅ​ដល់​អាស្រម​កាល​ណា​រាជ​កុមារ​ទាំង​ពីរ​មិទ​ទ្វារ​ជិត​ ហើយ​ថ្វាយ​ការណ៍​ជូន​ព្រះមាតា​សិតា​បាន​ទ្រង់​ជ្រាប​ ព្រះនាង​រឹងរិត​តែ​រឭក​នឹក​ឃើញ​រឿង​អតីតកាល ។ ព្រះរាម​អង្វរ​ព្រះនាង​សិតា​ពី​ក្រៅ​អាស្រម​ឲ្យ​បើក​ទ្វារ​ថ្វាយ​ក៏​ប៉ុន្តែ ​ព្រះនាង​មិន​ព្រម ហើយ​សូម​ឲ្យ​លោក​តា​ឥសី​ជួយ​អន្តរាគមន៍​ទៅ​យាង​ព្រះរាម​ជំនួស លោក​តា​ឥសី​ជួយ​ផ្សះផ្សា​ណាស់​ដែរ​តែ​មិន​សម្រេច​ផល គ្រាន់​តែ​ជួប​សម្តី​ផ្ទាល់​មាត់​នឹង​ព្រះរាម​តែ​ប៉ុណ្ណោះ ។

ខ្សែ​ទី​៧៩

[កែប្រែ]

ព្រះរាម ​ខំ​លួង​លោម​ព្រះនាង​សិតា​ឲ្យ​ត្រឡប់​ទៅ​កាន់​អយុធ្យា​ដើម្បី​មូល​មិត្ត​ មេត្រី​នឹង​គ្នា​វិញ​តែ​មិន​បាន​សម្រេច​សោះ ហើយ​រក​មធ្យោបាយ​នាំ​ព្រះរាជ​បុត្រា​ទៅ​វិញ ។ មុន​ដំបូង​ព្រះនាង​សិតា​មិន​ព្រម​ទេ ប៉ុន្តែ​ព្រះរាម​អង្វរ​រហូត​ដល់​ទ្រង់​រំជួល​ព្រះហ្ឫទ័យ​ខ្លាំង​ក្លា​ពេក ទើប​នាង​យល់​ព្រម ហើយ​ហៅ​រាមលក្សណ៍ និង​ជប្បលក្សណ៍ មក​ផ្ដែផ្ដាំ​ទូន្មាន​ឲ្យ​ប្រុងប្រយ័ត្ន​ដែល​កូន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​មាតា​ ទៅ​រស់​នៅ​ជាមួយ​ឪពុក ។ ឥសី​វិជ្ជប្រិត​ក៏​មាន​ព្រះទ័យ​អបអរ​សាទរ​ខ្លាំង​ចំពោះ​ព្រះរាជកុមារ ។ ពេល​នោះ​ ព្រះលក្សណ៍ ព្រះភិរុត សុត្រុត ក៏​បាន​យាង​មក​ជួ​ជុំ​គ្នា ហើយ​ស្ទុះ​ទៅ​ទទួល​ឱប​ក្មួយ​ដោយ​ក្ដី​ត្រេកអរ​យ៉ាង​ស្និទ្ធស្នាល ។ ចំណែក​ឯ​ហនុមាន សមន្តីន៍ មន្ត្រី​ព្រម​ទាំង​ពលសេនា​ចូល​មក​គាល់​ត្រៀបត្រា​ថ្វាយ​បង្គំ​សូម​ទោស ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ។

កាល​មក​ ដល់​ព្រះរាជ​វាំងជ័យ ក្រុងអយុធ្យា ក្សត្រ​ទាំង​៦​អង្គ ក៏​យាង​ទៅ​គាល់​ព្រះនាង​កោសកល្យា ព្រះនាង​កៃកេសី និង​ព្រះនាង​សមុទទេវី ជា​រាជ​មាតា និង​ជា​រាជ​អយ្យកា ។ ក្សត្រី​ទាំង​បី​អង្គ​សព្វ​រាជហ្ឫទ័យ​អបអរ និង​ទទួល​ព្រះរាជកុមារ​ដែល​បាន​វិល​ចូល​មក​ដល់​ព្រះរាជ​នគរ​វិញ ព្រម​ទាំង​ដឹង​អំពី​ដំណើរ​សុខទុក្ខ​ពី​ព្រះនាង​សិតា​នៅ​អាស្រម​ឥសី​ ផង ។

ព្រះរាម​បាន​ចាត់​ហនុមាន​ឲ្យ​ ជ្រើសរើស​ក្សត្រី​១៤៨​នាក់​ដ៏​មាន​រូប​ល្អ រើស​សាវឡឹក​១០០០​ ដ៏​មាន​សោភ័ណ​ថ្លៃថ្លា និង​សាវឡឹក​ដ៏​មាន​សក្ដា​១៥០០០ ដែល​មាន​អាយុ​១០​ឆ្នាំ​ស្មើ​គ្នា​នឹង​រាជកុមារ​ឲ្យ​មក​ចាំ​គាល់​បម្រើ​បាន​ សេចក្ដី​សុខ​ត​រៀង​ទៅ ។

ខ្សែ​ទី​៨០

[កែប្រែ]

ដោយ ​នឹក​រឭក​ព្រះមាតា​សិតា​រស់​នៅ​ក្នុង​ព្រៃ​ជាមួយ​លោក​តា​ឥសី​ខ្លាំង​ពេក ទើប​រាមលក្សណ៍ ជប្បលក្សណ៍ បង្គំ​លា​ព្រះរាម​ជា​បិតា និង​អយ្យកា យាង​ទៅ​លេង​នឹង​ព្រះមាតា កាល​បើ​បាន​ឱកាស​ល្អ​ហើយ​ព្រះរាម​ក៏​ទ្រង់​អនុញ្ញាត​ព្រម​ទាំង​ផ្ដែផ្ដាំ​ ឲ្យ​រាជបុត្រ​ទាំង​ពីរ​ជួយ​សម្រុះសម្រួល​ព្រះទ័យ​នាង​សិតា ។

លុះ ​ក្បួន​ដំណើរ​របស់​រាមលក្សណ៍ ជប្បលក្សណ៍ បាន​ទៅ​ដល់​អាស្រម​លោក​តា​ឥសី​ហើយ​ព្រះនាង​សិតា​យាង​មក​ទទួល​រាជបុត្រ​ដោយ​ សោមនសន្ស ។ រាជកុមារ​បាន​ជួប​នឹង​មាតា​ហើយ​ក៏​ថ្វាយ​បង្គំ អង្វរ​ព្រះមាតា​តាម​ពាក្យ​បណ្ដាំ​របស់​ព្រះរាម​ជា​បិតា ។ ព្រះនាង​សិតា​រំលឹក​នឹក​ឃើញ​រឿង​ដើម ក៏​រឹង​រិត​តែ​ខ្ញាល់ ហើយ​ទ្រង់​មាន​សុវណ្ណី​​ថា នាង​នឹង​វិល​ត្រឡប់​ចូល​នគរ​ លុះ​ណា​តែ​ព្រះរាម​ចូល​សុវណ្ណគត ។

ព្រះរាម ​កាល​បើ​បាន​ជ្រាប​អស់​អាថ៌​សេចក្ដី​ដែល​ព្រះរាជ​កុមារ​នាំ​ពាក្យ​ពី​ ព្រះមាតា​មក​ពី​អាស្រម​វិញ​នោះ ព្រះអង្គ​ក៏​ទ្រង់​វតក្ក​សោយ​សោកា និង​អាឡោះ​អាល័យ​ស្ដាយ​រាជទេពី​ដែល​មាន​ចិត្ត​ប្រពៃ​បរិសុទ្ធ ហើយ​កើត​ក្ដី​ឈឺ​ចាប់​ចំពោះ​កំហុស​របស់​ព្រះអង្គ​ទៅ​លើ​ព្រះមហេសី ។ ទ្រង់​ក៏​ពិគ្រោះ​ជាមួយ​ព្រះអនុជ​ទាំង​បី មួយ​អន្លើ​ដោយ​ហនុមាន សុម័ន្ត មន្ត្រី​ថា នឹង​ធ្វើ​ឧបាយ​ចូល​កោដិ​បញ្ឆោត​នាង​សិតា​ឲ្យ​ចូល​នគរ ។

ព្រះរាជ ​ឧបាយកល​នេះ​បាន​ចាត់​ចែង​ឡើង​យ៉ាង​គគ្រឹក​គគ្រេង ។ ព្រះនាង​សិតា​ស្មាន​ថា​ព្រះរាម​ចូល​សុវណ្ណគត​មែន ទ្រង់​សោយ​សោក​យ៉ាង​ខ្លាំង​ហើយ​ក៏​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះស្វាមី​នៅ​ ក្នុង​រាជធានី ។ ព្រះនាង​យំ​សោក​រៀបរាប់​បោក​ខ្លួន​ជិត​ព្រះមេរុ​រហូត​ដល់​សន្លប់​បាត់​ ស្មារតី ព្រះរាម​គង់​លាក់​ខ្លួន​ជិត​នោះ​ក៏​ស្ទុះ​រត់​ស្រវា​ឱប ត្រកង​ក្នុង​ហត្ថា​ ភ័យ​ខ្លាច​នាង​ចូល​ទីវង្គត ។ លុះ​ព្រះ​នាង​ភ្ញាក់​ស្មារតី​ឡើង​ឃើញ​ព្រះភ័ក្ត្រ​ស្វាមី​ក៏​ស្ទុះ​រត់​ហើយ​ ត្មះតិះដៀល​ឲ្យ​ស្វាមី ។ ព្រះរាម​តាម​អង្វរ​ពុំ​បាន​ដូច​បំណង​ ក៏​រត់​ដេញ​ចាប់​ព្រះនាង​សិតា​ជុំ​វិញ​មេរុ រីឯ​ព្រះអនុជ​ទាំង​បី​ព្រម​ទាំង​ហនុមាន​ក៏​ជួយ​ដេញ​ចាប់​ដែរ​នៅ​តែ​ចាប់​មិន ​បាន​ដោយ​ព្រះនាង​ប្រកាន់​ពាក្យ​សត្យ និង​អធិដ្ឋាន​អំពាវនាវ​រក​ព្រះធរណី ព្រះធរណី​ក៏​បើក​ទ្វារ​ឲ្យ​នាង​ចុះ​ទៅ​ពួន​រហូត​ដល់​ពិភព​នាគ​ឯ​បាតាល​ រី​ឯ​ស្ដេច​នាគ​ក៏​ទទួល​យក​អាសារ​ព្រះនាង​ដោយ​សមរម្យ​ប្រណិត​ផង ។ ព្រះរាម​មិន​អស់​ចិត្ត​ក៏​ចាត់​ហនុមាន​ឲ្យ​ជ្រែក​ដី​តាម​រក​តែ​មិន​ឃើញ ពី​ព្រោះ​តែ​ព្រះនាង​នៅ​តែ​ក្ដី​អស់​សង្ឃឹម និង​បរាជ័យ ទើប​ព្រះតម្រិះ​ថា​មាន​តែ​ពិភេគ​ទើប​ជួយ​ព្រះអង្គ​បាន ក៏​សរសេរ​អក្ខរា​ថ្លែង​សរ​ទៅ​ក្រុង​លង្កា​មួយ​រំពេច​នោះ ៕

តួអង្គសំខាន់នៃរាមកេរ្តិ៍

[កែប្រែ]
  • តួងអង្គដែលមានរៀបរាប់ក្នុងតារាងខាងក្រោមនេះ គឺជាការពណ៌នា ពីលោកសាស្ត្រាចារ្យផ្នែកគំនូរបុរាណរាមកេរ្តិ៍ លោក ជេតចន ឆ្នាំ 2002 []
ឈ្មោះតួអង្គ ឈ្មោះជាភាសាអង់គ្លេស ប្រភេទតួអង្គ ពណ៌សំគាល់តួអង្គ
​​ ព្រះរាម Rama ជាកូនក្សត្រ     
​​ ​ព្រះ​លក្សណ៍្ម Lakshmana ជាកូនក្សត្រ     
​​ នាងសីតា ឬ នាងសីដា Sita ជាកូនក្សត្រ     
​​ ក្រុងរាពណ៍ Ravana ជាក្សត្រក្រុងលង្កា     
​​ ហនុមាន Hanuman ជាមេទ័ពកំពូល ទ័ពស្វា     

តួអង្គមេទ័ពស្វាទាំង ១៩

[កែប្រែ]
  • តួងអង្គដែលមានរៀបរាប់ក្នុងតារាងខាងក្រោមនេះ គឺជាការពណ៌នា ពីលោកសាស្ត្រាចារ្យផ្នែកគំនូរបុរាណរាមកេរ្តិ៍ លោក ជេតចន ឆ្នាំ 2002
លេខរៀង ឈ្មោះតួអង្គ ឈ្មោះជាភាសាអង់គ្លេស ប្រភេទតួអង្គ ពណ៌សំគាល់តួអង្គ
​​ ១ ​​ ហនុមាន Hanuman ជាមេទ័ពរបស់ព្រះរាម     
​​ ២ ​​ មហាជម្ពូ Moha Jompu ស្ដេចស្វាអគ្គីនេត្រ នៅភ្នំហេមពាន     
​​ ៣ ​​ សុគ្រីព So Krip ស្ដេច​ស្វា ត្រូវ​ជា​ប្អូន​ពាលី     
​​ ៤ ​​ អង្គត់ AngKut (ស្វាមាត់វែង) កូន​របស់​ពាលី និង​នាង​មណ្ឌោគិរី     
​​ ៥ ​​ និលឯក Nil Eik (ស្វាខ្មៅ) អ្នក​នាំសារ​របស់​ព្រះរាម     
​​ ៦ ​​ ខុននិល Kun Nil មេទ័ពប្រមុខ​របស់ ​មហាជម្ពូរាជ     
​​ ៧ ​​ ទសកៈហនុមាន Touskak Hanuman (ស្វាចាស់ជរា) មិន​ហ៊ាន​ទៅ​ស៊ើប​យក​ការណ៍​នៅ​លង្កា​ពី​ព្រោះ​ខ្លួន​ចាស់     
​​ ៨ ​​ និលផាត់ Nil Phat (ស្វាប្រផេះ) អ្នក​នាំសារ​របស់​ព្រះរាម     
​​ ៩ ​​ ទសភ័ក្រ Tous Pheak ជាមេទ័ពពលស្វា (ស្វាមុខ១០) ជាក្បាលត្រួតគ្នា     
​​ ១០ ​​ ជម្ពូពាន Jompu Pean ជាហោរា​របស់​ព្រះរាម     
​​ ១១ ​​ និលពេជ្រ Nil Pich ជាមេទ័ពពលស្វា     
​​ ១២ ​​ សត្ថពាលី Satha Peali (ស្វាកន្ទុយវែង) សេនា​របស់​ព្រះរាម ប្រយុទ្ធ​ជាមួយ យក្ស​មាលមាថ     
​​ ១៣ ​​ អាសូរផាត Ar Sophat ជាមេទ័ពពលស្វា     
​​ ១៤ ​​ ខុនជីប Kun Jip មិន​ហ៊ាន​ទៅ​ស៊ើប​យក​ការណ៍​នៅ​លង្កា​ពី​ព្រោះ​ខ្លួន​ចាស់     
​​ ១៥ ​​ និលខាត់ Nil Kat ជាមេទ័ពពលស្វា     
​​ ១៦ ​​ កេសរ Ke Sor ជាមេទ័ពពលស្វា     
​​ ១៧ ​​ ខុនណុល Kun Nol ​មិន​ហ៊ាន​ទៅ​លង្កា​ពីព្រោះ​ខ្លាច​នាង​វិតាសី​ជា​ឆ្មាំ​នៅ​នគរ​លង្កា     
​​ ១៨ ​​ និលនន់ Nil Nun ជាមេទ័ពពលស្វា     
​​ ១៩ ​​ រុក្ខៈពានរ Rokhak Peanor ​ព្រះរាម​ប្រើ​ឲ្យ​នាំ​ទ័ព​ស្វា​៥​ម៉ឺន​នាក់​ទៅ​បេះ​ផល្លា     

តួអង្គយក្ស ឬ ពួកអាសុរៈ

[កែប្រែ]
  • តួងអង្គដែលមានរៀបរាប់ក្នុងតារាងខាងក្រោមនេះ គឺជាការពណ៌នា ពីលោកសាស្ត្រាចារ្យផ្នែកគំនូរបុរាណរាមកេរ្តិ៍ លោក ជេតចន ឆ្នាំ 2002
ឈ្មោះតួអង្គ ឈ្មោះជាភាសាអង់គ្លេស ប្រភេទតួអង្គ ពណ៌សំគាល់តួអង្គ
​​ ក្រុងរាពណ៍ Ravana ជាក្សត្រក្រុងលង្កា     
​​ នាង​មណ្ឌោលគីរី អគ្គមហេសី​របស់ក្រុងរាពណ៍ ជា​មាតា​ឥន្ទ្រជិត
​​ នាងកាមអគ្គីនាគ អគ្គមហេសី​ទី២ ក្រុងរាពណ៍
​​ ឥន្ទ្រជិត បុត្រ​ទី១ របស់​ក្រុងរាពណ៍ និង​នាង​មណ្ឌោលគីរី
​​ ហាទរ បុត្រ​ទី២ របស់​ក្រុងរាពណ៍ ច្បាំង​ជាមួយ​នឹង​អង្គត់
​​ តិសិរ បុត្រ​ទី៣ របស់​ក្រុងរាពណ៍
​​ នរាគ័ត បុត្រ​ទី៤ របស់​ក្រុងរាពណ៍
​​ មាហាក្បាល បុត្រ​ទី៥ របស់​ក្រុងរាពណ៍
​​ ទូរមុខ បុត្រ​ទី៦ របស់​ក្រុងរាពណ៍
​​ មុខក្ខ័ស បុត្រ​ទី៧ របស់​ក្រុងរាពណ៍
​​ កុម្ភក្រធា បុត្រ​ទី៨ របស់​ក្រុងរាពណ៍
​​ នាង​សុវណ្ណកាន់មយូរ៉ា ជាមហេសី​របស់​ឥន្ទ្រជិត
​​ ពិភេគ ប្អូន​ប្រុសទី១ ​ក្រុងរាពណ៍
​​ នាង​បញ្ញកាយ ស្នំថ្មីពិភេគ ក្រុងរាពណ៍​ប្រើ​ឲ្យ​កាឡា​ខ្លួន​ជា​នាង​សីតា​ស្លាប់​អណ្ដែត​ទឹក
​​ នាង​សុជាតា មហេសី​ ពិភេគ
​​ ក្រុងខរ ប្អូន​ប្រុសទី២ ​ក្រុងរាពណ៍
​​ នាង​សុបនខា ប្អូនស្រីទី១ ​ក្រុងរាពណ៍​ ដែល​ទៅ​ចែ​ចង់​ព្រះរាម ព្រះលក្សណ៍្ម
​​ នាង​វិតាសី ប្អូនស្រីទី២ ​ក្រុងរាពណ៍ យាម​ទ្វារ​ក្រុង​លង្កា ហារ​មាត់ បរបេមាត់​ខាងក្រោម​ដល់​បាតាល ខាងលើ​ជាប់​មេឃ
​​ នាង​អាតុល័យ ប្អូនស្រីទី៣ ​ក្រុងរាពណ៍ កាឡា​ខ្លួន​ធ្វើ​ជា​នាង​សិតា បញ្ចុះបញ្ចូល​នាង​សិតា​ឲ្យ​គូរ​រូប​ក្រុងរាពណ៍
​​ កុំប៉ាន់ ក្មួយ​ក្រុងរាពណ៍ ស្លាប់​ក្នុង​សមរភូមិ​ច្បាំង​ជាមួយ​ហនុមាន
​​ វរុលកុមារ ក្មួយ​ក្រុងរាពណ៍
​​ កាមពាលី ក្មួយ​ក្រុងរាពណ៍
​​ អតិកាយ មេទ័ព​ក្រុងរាពណ៍
​​ ត្រីមុខរ ឬ​ តីស្វីរៈ ជា​កូន​របស់​ក្រុងខរ ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​ព្រះរាម ព្រះលក្សណ៍្ម

ឯកសារយោង

[កែប្រែ]
រឿងរាមកេរ្តិ៍ សិល្បៈឥណ្ឌា.

កំណត់

[កែប្រែ]
  1. ​ តួងអង្គគំនូរបុរាណរាមកេរ្តិ៍ គូរដោយលោកសាស្ត្រាចារណ៍ គំនូរបុរាណ ជេតចន រៀបរៀងចេញផ្សាយដោយ វិទ្យាស្ថានរៃយំ ឆ្នាំ 2002

មើលផងដែរ

[កែប្រែ]