Jump to content

ម៉ាត្សឹស៊ីតា ខូណុស្កិ

ពីវិគីភីឌា
ឯកសារ:Konosuke Matsushita's Statues.jpg
រូបចំលាក់ ម៉ាត្សឹស៊ីតា ខូណុស្កិ

ម៉ាត្សឹស៊ីតា ខូណុស្កិ(松下 幸之助 Matsushita Kōnosuke) (២៧ វិច្ឆិកា ១៨៩៤ – ២៧​ មេសា ១៩៨៩) ជាឧស្សាហករជនជាតិជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនប៉ាណាសូនិច ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីមួយនៅលើពិភពលោក។ សំរាប់ជនជាតិជប៉ុនភាគច្រើន គេច្រើនហៅលោកជា «ព្រះចាត់ចែងគ្រប់គ្រងក្រុមហ៊ុន»។

ជីវិតបឋមវ័យ

[កែប្រែ]

ម៉ាត្សឹស៊ីតា ខូណុស្កិ ចាប់កំនើតនៅ​ថ្ងៃទី២៧ វិច្ឆិកា ១៨៩៤ នៅភូមិវ៉ាសា ក្នុងខេត្តវ៉ាកាយ៉ាម៉ា។ ឪពុករបស់លោក​ជាម្ចាស់ដី​តូចមួយ​និងជាសមាជិក​សំខាន់ម្នាក់​របស់​សហគមន៍។ ខូណុស្កិ ជាកូនពៅ​ក្នុងចំនោម​បងប្អូន៨នាក់។ កុមារភាព​របស់លោក​ប្រកបដោយភាពស្រនុក​សុខស្រួល។ ប៉ុន្តែជីវិតរបស់​លោក​បានផ្លាស់ប្ដូរ ដោយសារឪពុករបស់លោក​រកស៊ីខាត​និងបាត់បង់ទ្រព្យសម្បត្តិ​ទាំងអស់ ហើយគ្រួសាររបស់លោក​ទាំងមូល បានចាកចោលស្រែចំការ​របស់ខ្លួនរួចរើទៅនៅ​ផ្ទះតូចមួយក្នុង​ទីក្រុង។ ដើម្បីជួយទ្រទ្រង់គ្រួសារ ខូណុស្កិ​បានទៅធ្វើការជាកូនជាងនៅ​ក្នុងហាងលក់ហ៊ីបាជី(ចង្ក្រានធ្បូង)មួយនៅអូសាកា ក្រោយពីលោករៀនចប់​បឋមសិក្សាបានប៉ុន្មានខែ។ កុមារ​ខូណុស្កិ​ដែលទើបតែ​មានអាយុ​ត្រឹម៩ឆ្នាំ បានលាម្ដាយ​នៅស្ថានីយ៍​រថភ្លើង ហើយធ្វើដំនើរ​តែម្នាក់ឯង​ទៅកាន់ទីក្រុងធំ។

ធ្វើការមិនដល់១ឆ្នាំផង ហាងលក់ហ៊ីបាជីនេះបានដួលរលំ។ ខូណុស្កិ​បានទៅធ្វើការជា​កូនជាង​នៅក្នុង​ហាងលក់​កង់ (នៅសម័យនោះ កង់​ជាសំភារៈប្រណិត​នាំចូល​ពីអង់គ្លេស)។ ហាងលក់កង់​នេះ​ក៏ធ្វើការងារ​លើលោហៈផងដែរ ជាហេតុធ្វើអោយ​លោកអាច​រៀនពីរបៀបប្រើ​ម៉ាស៊ីនក្រឡឹង​និង​ឧបករណ៍ផ្សេងៗ​បានយ៉ាង​ឆាប់រហ័ស។ លោកបានចំនាយ​ពេល៥ឆ្នាំ​នៅទីនោះ ដោយធ្វើការ​ដូចជាសមាជិកម្នាក់​របស់គ្រួសារ​ម្ចាស់ហាង​​អញ្ចឹង។ ខូណុស្កិ​ចង់ឈប់ពីការងារ​ជាកូនជាង​នេះ ទៅរកការងារផ្សេង​ដែលអាចអោយលោក​ឆ្លៀតពេល​ទៅរៀនសូត្រពេលយប់ ប៉ុន្តែត្រូវបាន​ឪពុកលោក​ហាមឃាត់​អោយនៅធ្វើការ​នៅហាងកង់​បន្តទៀត។ ឪពុកលោក​បានពន្យល់លោកថា «ជំនាញដែលឯង​កំពុងរៀនអាច​ធានាអនាគត​ល្អអោយឯង។ ពេលដែល​ឯងរកស៊ីក្លាយជា​សហគ្រិន ឯងអាចជួលអ្នកដែលរៀនសូត្រ​ជ្រៅជ្រះ​អោយធ្វើការអោយឯងបាន។»

នាសម័យនោះ រថភ្លើងលើថ្នល់ (Streetcar) ចាប់ផ្ដើមចេញមុខ​នៅតាម​ដងវិថីសំខាន់ៗនៅអូសាកា។ ខូណុស្កិ​បានសំលឹងឃើញថា អគ្គីសនីនឹងជាវត្ថុមិនអាចខ្វះបាន​នាពេលអនាគត។ លោកបានចាកចេញពីហាងលក់កង់នៅអាយុ​១៥ឆ្នាំ ហើយទៅសុំធ្វើការនៅក្រុមហ៊ុន Osaka Electric Light Company។ ការងាររបស់​លោក​គឺរៀបចំបណ្ដាញភ្លើង​នៅក្នុង​រោង​មហោស្រពធំមួយ។ គំរោងស្មុគស្មាញនេះ​ចំនាយពេលអស់៦ខែ ដោយខូណុស្កិ​ជាអ្នកដឹកនាំក្រុមការងារ​អោយធ្វើការស្ទើរ២៤ម៉ោងក្នុង​មួយថ្ងៃ​ដើម្បីអោយគំរោងសំរេច​ទាន់ពេលវេលា។ ទោះជាគំរោងនោះ​បានទទួលជោគជ័យយ៉ាង​ត្រចះត្រចង់​ក៏ដោយ ខូណុស្កិ​បានកើតជំងឺរលាកសួត​បណ្ដាលមកពីការធ្វើការ​យូរម៉ោងក្នុង​រោងមហោស្រពដែលគ្មានម៉ាស៊ីនកំដៅនារដូវធ្លាក់ទឹកកក។

ក្នុងសង្គមជប៉ុននៅមុនសង្គ្រាម ការរៀបការ​ដោយមាន​ការរៀបចំពី​ចាស់ទុំ ជារឿងធម្មតា។ សំរាប់ខូណុស្កិ​ក៏មិនខុសគ្នាដែរ។ នៅរដូវផ្ការីក​ឆ្នាំ១៩១៥(ពេលអាយុ២០ឆ្នាំ) បងស្រីរបស់​ខូណុស្កិ​បានណែនាំ​នារីម្នាក់ឈ្មោះ មុមិណុ អោយលោក ហើយប៉ុន្មានខែក្រោយមកគេទាំង២​ក៏រៀបការកសាងគ្រួសារ។ គាត់បន្តធ្វើការងារនៅក្រុមហ៊ុន Osaka Electric Light Company ហើយឡើងដំនែង​ជាមេការត្រួតពិនិត្យ (តំណែងខ្ពស់ជាង​គេក្នុងឋានៈជា​អ្នកបច្ចេកទេស) នៅអាយុ២២ឆ្នាំ។ ក្រោយពី​មិនមានការ​ទទួលស្គាល់ពីចៅហ្វាយ​របស់លោក អំពីsocketចង្កៀងរង្គុំដែល​លោកបានរចនា​ឡើង​នា​​ពេលទំនេរ គាត់បានសំរេចចិត្ត​ចាកចោល​ការងារ​ប្រាក់ខែ​ខ្ពស់នេះ នៅថ្ងៃទី១៥ មិថុនា ១៩១៧ ហើយ​បង្កើតក្រុមហ៊ុន​ផលិតកម្ម​ផ្ទាល់ខ្លួនតូចមួយ។ ប្រាក់សន្សំរបស់​ខូណុស្កិនៅពេលនោះ​មានមិនដល់ ១០០យ៉េនផង ដែលល្មមសំរាប់​តែទិញសំភារៈ​សំខាន់ៗមួយចំនួន​ប៉ុណ្ណោះ។ ទោះជាយ៉ាងនោះក៏ដោយ លោកមិនបានចុះចាញ់ទេ។ លោកបាន​បើកហាងមួយក្នុងផ្ទះតូចចង្អៀត​និងកខ្វក់ ដោយមានបុគ្គលិកជា​មិត្តរួមការងារនៅOsaka Electric Light Company ២នាក់និងប្អូនថ្លៃរបស់លោកឈ្មោះថូស៊ីអុ។ ការលក់socket​របស់លោកមិនបានល្អទេ ហេតុនេះនៅចុងឆ្នាំ១៩១៧ អតីតមិត្តរួមការងារ​លោកទាំង២នាក់នោះ​បានចាកចោលលោកទៅ។ ប្រាក់ចំនូលរបស់លោកនៅពេលនោះ​សំរាប់​ត្រឹមតែ​មួយចំអែតក្រពះប៉ុណ្ណោះ។ ពេលដែលក្រុមហ៊ុនជិតក្ស័យធុនទៅហើយនោះ សំនាងល្អ​ស្រាប់តែមានការបញ្ជាទិញ​បន្ទះអ៊ីសូឡង់​សំរាប់កង្ហាល់អគ្គីសនីចំនួន១ពាន់ ហើយក្រុមហ៊ុនក៏រស់ឡើងវិញ។

ការចាប់កំនើតរបស់ក្រុមហ៊ុនអេឡិចត្រូនិចដ៏មហិមា

[កែប្រែ]

ខូណុស្កិ​ក៏មានលុយបោះទុន ហើយលោកបានជួលផ្ទះ២ជាន់មួយខ្នង​ដើម្បីធ្វើជាទីតាំងក្រុមហ៊ុន Matsushita Electric Devices Manufacturing Works (ក្រុមហ៊ុនផលិតបរិក្ខារអគ្គីសនីម៉ាត្សឹស៊ីតា) ដែលក្រោយមក​ក្លាយជាក្រុមហ៊ុនប៉ាណាសូនិក។ ជាន់ក្រោម​ទូលាយ លោកយកធ្វើជា​រោងជាងដើម្បី​ពង្រីកផលិតផលថ្មីៗ រួមទាំង socketភ្លោះ ដែលលោកឌីហ្សាញ​ដោយខ្លួនឯង។ ផលិតផលថ្មីៗ​របស់ក្រុមហ៊ុន ទទួលបានការពេញនិយម​យ៉ាងខ្លាំងក្លា ដែលជួយលើកតំកើង​កិត្តិយសក្រុមហ៊ុន​ថាជាក្រុមហ៊ុន​ផលិតរបស់​មានគុណភាពខ្ពស់​ក្នុងតំលៃថោក។ នៅឆ្នាំ១៩២២ ខូណុស្កិ​ត្រូវសាងសង់​ការិយាល័យ​និង​រោងចក្រ​ថ្មីមួយ​សំរបតាម​ការរីកចំរើនរបស់​ក្រុមហ៊ុន។ នៅឆ្នាំ១៩២៣ ខូណុស្កិ​បានសំលឹងឃើញ​ទីផ្សាដ៏ធំ​សំរាប់អំពូលដើរដោយថ្មពិលសំរាប់បំពាក់អោយកង់។ នាសម័យនោះ ទោះបីជាមានអំពូលបែបនេះជាច្រើនក្ដី ក៏វានៅមិនទាន់មានការទុកចិត្តពីអ្នកប្រើប្រាស់ ដោយវាច្រើនតែអស់ថ្មពេលប្រើ​ប្រាស់​បានត្រឹមតែ៣ម៉ោង​ប៉ុណ្ណោះ។ ខូណុស្កិ​បានចំណាយ​ពេល៦ខែ​ដើម្បីរចនា​អំពូលមានរាងដូចគ្រាប់កាំភ្លើង​ដែលអាចប្រើប្រាស់​បានដល់ទៅ៤០ម៉ោង​ដោយមិនបាច់​ដូរថ្ម។ ជាអកុសល អ្នកលក់ដុំនានា​បានបដិសេធ​មិនយកផលិតផល​របស់លោកនេះទៅលក់។ ខូណុស្កិក៏សម្រេច​ចិត្តធ្វើការដោយមិនបាច់ឆ្លងកាត់​អ្នកបោះដុំទាំងនោះ​ ដោយលោកបាន​ផ្ញើផលិតផល​គំរូ​ទៅអោយម្ចាស់ហាងកង់​នានា​ដោយផ្ទាល់ ដើម្បីអោយពួកគេ​សាកមើលគុណភាព​អំពូលរបស់គាត់​ដោយខ្ឡនគេផ្ទាល់។ ជាលទ្ធផល​ក្រុមហ៊ុន​បានទទួលការបញ្ជាទិញ​ដូចព្យុះ ហើយអ្នកបោះដុំដែលធ្លាប់​បដិសេដនឹងលោក បានងាកមកចរចារ​សុំចែកចាយផលិតផល​របស់លោកវិញ។

នៅឆ្នាំ១៩២៣ ខូណុស្កិ​បានសំលឹងឃើញ​ទីផ្សាដ៏ធំ​សំរាប់អំពូលដើរដោយថ្មពិលសំរាប់បំពាក់អោយកង់។ នាសម័យនោះ ទោះបីជាមានអំពូលបែបនេះជាច្រើនក្ដី ក៏វានៅមិនទាន់មានការទុកចិត្តពីអ្នកប្រើប្រាស់ ដោយវាច្រើនតែអស់ថ្មពេលប្រើ​ប្រាស់​បានត្រឹមតែ៣ម៉ោង​ប៉ុណ្ណោះ។ ខូណុស្កិ​បានចំនាយ​ពេល៦ខែ​ដើម្បីឌីហ្សាញអំពូលមានរាងដូចគ្រាប់កាំភ្លើង​ដែលអាចប្រើប្រាស់​បានដល់ទៅ៤០ម៉ោង​ដោយមិនបាច់​ដូរថ្ម។ ជាអកុសល អ្នកលក់ដុំនានា​បានបដិសេដ​មិនយកផលិតផល​របស់លោកនេះទៅលក់។ ខូណុស្កិក៏សំរេច​ចិត្តធ្វើការដោយមិនបាច់ឆ្លងកាត់​អ្នកបោះដុំទាំងនោះ​ ដោយលោកបាន​ផ្ញើផលិតផល​គំរូ​ទៅអោយម្ចាស់ហាងកង់​នានា​ដោយផ្ទាល់ ដើម្បីអោយពួកគេ​សាកមើលគុណភាព​អំពូលរបស់គាត់​ដោយខ្ឡនគេផ្ទាល់។ ជាលទ្ធផល​ក្រុមហ៊ុន​បានទទួលការបញ្ជាទិញ​ដូចព្យុះ ហើយអ្នកបោះដុំដែលធ្លាប់​បដិសេដនឹងលោក បានងាកមកចរចារ​សុំចែកចាយផលិតផល​របស់លោកវិញ។

ខូណុស្កិបាន​ចាប់ផ្ដើមអភិវឌ្ឍអំពូលដើរដោយថ្ម​សំរាប់ដាក់កង់ ជំនាន់ទី២ ដោយបានប្ដូររាង​ជាការ៉េវិញ។ ពេលដែលលោកព្យាយាម​រកនឹកឈ្មោះដាក់អោយផលិតផលថ្មីនេះ លោកបានប្រទះភ្នែក​នឹងពាក្យអង់គ្លេស «international» នៅលើទំព័រកាសែត។ លោកបានឆែកមើលនិយមន័យរបស់​ពាក្យនេះក្នុង​វចនានុក្រម ហើយបានឃើញក្នុងពាក្យ «international» មានពាក្យ «national» ដែលមានន័យថា «ជារបស់ជាតិ, ជាតិ»។ ពាក្យនេះ​សក្ដិសមឥតខ្ចោះ​ជាមួយផលិតផល​របស់លោក ដែលលោកជឿថា​ថ្ងៃណាមួយ​គ្រប់ផ្ទះសម្បែងក្នុងប្រទេស​​នឹង​ប្រើប្រាស់​ផលិតផលរបស់លោក។ នៅឆ្នាំ១៩២៧ ម៉ាក National(ណាស្យូណាល់) បានចាប់បដិសន្ធិ។

នៅសម័យនោះ ផលិតផលអគ្គីសនីភាគច្រើនត្រូវគេ​ចាត់ទុកថាជា​របស់ប្រណិត និងមានតម្លៃថ្លៃសំរាប់អ្នកប្រើប្រាស់​ទូទៅ។ ខូណុស្កិ​មានទស្សនវិស័យ​ផលិតបរិក្ខារអគ្គីសនី​ដែលអាចអោយ​អ្នកអតិថិជន​មានជីវភាពមធ្យម​មានលទ្ធភាពទិញ​ប្រើដែរ។ លោកបានបង្កើត​ផ្នែកថ្មីដើម្បីរចនា​ផលិតផល​ឧណ្ហអគ្គីសនី (thermoelectric) និងអភិវឌ្ឍឆ្នាំងអ៊ុតអគ្គីសនី។ ៣ខែក្រោយមក «Super-Iron» (ឆ្នាំងអ៊ុតស៊ុបពែរ) ម៉ាកណាស្សូណាល់​បានលេចរូបឡើង។ ទោះជាផ្នែកទីផ្សាបាន​ប៉ាន់ប្រមាណលក់បានតែ ១០ម៉ឺនគ្រឿង​ក្នុងមួយឆ្នាំក៏ដោយ ក៏ខូណុស្កិបាន​បញ្ជាអោយផលិត ១ម៉ឺនគ្រឿង​ក្នុងមួយខែ។ លោកបានប្រមើលមើលថា ការផលិតក្នុងបរិមាណច្រើន​នឹងកាត់បន្ថយតំលៃឯកតា ហើយអ្នកប្រើប្រាស់​ប្រាកដជាទិញផលិតផល​របស់លោក ពេលដែលតំលៃ​មិនថ្លៃពេកសំរាប់គេ។ ឆ្នាំងអ៊ុត​របស់លោក​បើកឆាក​ក្នុងតំលៃ ៣,២យ៉េន ថោកជាងឆ្នាំងអ៊ុត​របស់គូប្រជែង​ដែលមាន​តំលៃ៥យ៉េន។ ភ្លាមៗនោះ ឆ្នាំងអ៊ុតនេះបាន​ក្លាយជាផលិតផល​លក់ដាច់ជាង​គេមួយទៀត​របស់​ក្រុមហ៊ុន។

នៅឆ្នាំ១៩២៩ ខូណុស្កិ​បានបង្កើតគោលដៅគ្រប់គ្រងជាមូលដ្ឋាន​និងគោលការណ៍ក្រុមហ៊ុន ដើម្បីដឹកនាំ​ការរីកលូតលាស់​របស់​ប៉ាណាសូនិក។ លោកបានមាន​ប្រសាសន៍​ពីអនាគតរបស់​ក្រុមហ៊ុនថា «ការរកស៊ីរបស់យើង​ពឹងផ្អែកលើការជឿទុកចិត្តរបស់​សង្គម​មកលើយើង។ ហេតុនេះ​យើងមាន​កាតព្វកិច្ច​គ្រប់គ្រង​និងអភិវឌ្ឍ​ក្រុមហ៊ុនតាមរបៀបស្មោះត្រង់​និងទទួលខុសត្រូវ ដើម្បីជួយអភិវឌ្ឍសង្គម​និងលើកស្ទួយជីវភាពរស់នៅ​របស់​មនុស្សជាតិ»។

នៅឆ្នាំ១៩៣១ វិទ្យុមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ប៉ុន្តែនាពេលនោះ វិទ្យុមានតំលៃខ្ពស់​និងគុណភាព​មិនអាចទុកចិត្តបាន។ ខូណុស្កិបានបង្កើតវិទ្យុ​មានរចនាបទ​បំពង់សុញ្ញកាស៣ ក្នុងរយៈពេល៣ខែ ហើយភ្លាមៗ​បានឈ្នះរង្វាន់លេខ១ ក្នុងការប្រកួតរៀបចំដោយ ស្ថានីយ៍ផ្យព្វផ្សាយសាធារណតូក្យួ (Tokyo Public Broadcasting Station)។ ដើម្បីជំរុញអោយមាន​ការរីកចំរើន​បន្ថែមទៀត លោកបានទិញអាជ្ញាបណ្ណ​សំរាប់វិទ្យុ២រចនា​បទ ហើយបើកសិទ្ធអោយផលិត​ជាសាធារណៈ។

ខូណុស្កិ​មិនមានចំណាប់អារម្មណ៍ជាពិសេស​ណាមួយ​ខាងផ្នែកសាសនា​ឬលទ្ធិអ្វីទេ។ ប៉ុន្ទែលោកតែងតែ​បើកចិត្តទទួលយក​រាល់គំនិត​និងយោបល់នានា។ នៅខែមិនា ១៩៣២ ខូណុស្កិត្រូវបានមិត្តម្នាក់អញ្ជើញទៅ​កាន់​វិហារស៊ីនតូល្បីមួយ។ ពេលនោះ​លោក​ចាប់ផ្តើមគិតឃើញ​ពីភាពស្រដៀងគ្នា​រវាងសាសនា​និង​ការគ្រប់គ្រងការរកស៊ី។ លោកបាននិយាយថា«មនុស្សលោកត្រូវការវិបុលភាព​ទាំងផ្នែកផ្លូវចិត្តនិងសំភារៈ។ សាសនា​ដឹកនាំ​មនុស្សអោយចៀស​ផុតពី​ការរងទុកវេទនា ទៅកាន់សុភមង្គល​និងសន្ដិភាពក្នុងចិត្ត។ ចំនែកឯការរកស៊ី​ក៏ដូចគ្នាដែរ។ ការរកស៊ីអាច​ផ្ដល់អោយនូវវត្ថុចាំបាច់នានា សំរាប់សុភមង្គល។ នេះគួរតែជា​បេសកកម្មចម្បង»។ ក្រោយមក​លោកបានបើកអង្គប្រជុំ​បុគ្គលិកក្រុមហ៊ុនទាំងអស់​របស់លោក ហើយបានធ្វើការប្រកាសក្នុងអ្វីដែលគេហៅថា ទស្សនៈម៉ាត្សឹស៊ីតាខូណុស្កិ សំរាប់ដឹកនាំក្រុមហ៊ុននេះ​រាប់ទស្សវត្សរ៍ក្រោយមក។ លោកបានមានប្រសាសន៍ថា«បេសកកម្មរបស់​អ្នកផលិត​គឺយកឈ្នះលើភាពក្រីក្រតាមរយៈការផលិត​ទំនិញអោយបានច្រើនបរិបូរ។ ទោះជាទឹកអាចចាត់ទុកជាផលិតផល​មួយមុខក្ដី ក៏គ្មាននរណាម្នាក់​ហាមមិនអោយអ្នកដំណើររឆ្លងកាត់មិនអោយ​ផឹកទឹកពីរ៉ុប៊ីនេរបស់គេដែរ។ នេះមកពីទឹកមានបរិបូរ​និងមានតំលៃថោក។ បេសកកម្មរបស់យើង​ក្នុងនាមជាផលិតករ​គឺបង្កើត​របស់អោយបានបរិបូរនិងថោក​ដូចទឹកអញ្ចឹង។ នេះជាវិធីដែលយើង​អាចលុបបំបាត់​ភាពក្រីក្រ និងផ្ដល់សុភមង្គល​ដល់​មនុស្សគ្រប់គ្នា និងធ្វើអោយពិភពលោក​កាន់តែជាកន្លែងល្អសំរាប់រស់នៅ។»

ខូណុស្កិ​បានលើកឡើង​និងចងក្រង​ប្រព័ន្ធគ្រប់គ្រងជាស្វ័យភាព ដោយបានចែកក្រុមហ៊ុនជា៣ផ្នែកគឺ ផ្នែកទី១ខាងផលិតវិទ្យុ ផ្នែកទី២ខាងបរិក្ខារបំភ្លឺ​និងថ្មពិលស្ងួត និងផ្នែកទី៣ខាងឧបករណ៍ប្រើខ្សែ ប្លាស្ទិចសំយោគ និងផលិតផលឧណ្ហអគ្គីសនី។ ផ្នែកនីមួយៗ​មានរដ្ឋបាលគ្រប់គ្រង​ដោយឡែកពីគ្នា និងទទួលបន្ទុកតែក្នុងអគារផលិតកម្មផ្ទាល់ខ្លួន។ ការធ្វើបែបនេះជួយអោយ​ខូណុស្កិសម្រាលទំទួលខុសត្រូវ​របស់​ខ្លួន និងផ្ដល់ឱកាសអោយ​អ្នកគ្រប់គ្រងក្រោមៗបាន​រៀនសូត្រពីយុទ្ធសាស្ត្រជំនួញរបស់ពួកគេ គិតតាំងពីការអភិវឌ្ឍ​ស្រាវជ្រាវផលិតផល​រហូតដល់ការលក់។

មកទល់ពេលនេះ​ក្រុមហ៊ុនមានផលិតផលជាង២០០ប្រភេទ ហើយការរកស៊ីរបស់ពួកគេ​កាន់តែរីកចំរើន ហើយខូណុស្កិគិតថាដល់ពេលដែលលោកពង្រីកក្រុមហ៊ុនម្ដងទៀតហើយ។ ហេតុនេះនៅខែមិថុនា ១៩៣៣ ក្រុមហ៊ុនបានប្ដូរទីតាំង​ទៅកាន់រោងចក្រថ្មីនិង​ការិយាល័យកណ្ដាលនៅ កូដាម៉ា ខណ្ឌភាគឥសានក្រុងអូសាកា។

«ពាណិជ្ជកម្មគឺមនុស្ស» ជាពាក្យស្លោកសំណព្វចិត្ត​របស់ខូណុស្កិ។ កាត់ជឿជាក់លើការបណ្ដុះបណ្ដាលសមត្ថភាព​របស់បុគ្គលិករបស់លោក។ ហេតុនេះទើបនៅឆ្នាំ១៩៣៤ លោកបានបង្កើតវិទ្យាស្ថានហ្វឹកហ្វឺនបុគ្គលិក នៅរោងចក្រកូដាម៉ាដែលផ្ដល់​ការអប់រំរយៈពេល៣ឆ្នាំ​ផ្នែកវិស្វកម្មនិងពាណិជ្ជកម្មដល់​បុគ្គលិកដែលរៀនចប់ត្រឹម​បឋមសិក្សា។ នៅឆ្នាំ១៩៣២ ខូណុស្កិ​បានបង្កើតគ្រឹះ​ស្ថានជំនួញសម្រាប់​ស្រាវជ្រាវ​និងអភិវឌ្ឍ​សក្ដានុពលភាពនៃ​ការលក់​លើទីផ្សាអន្តរជាតិ។ ដោយមានការកើនឡើងផ្នែកនាំចេញ ខុណុស្កិបានធ្វើសហគ្រាសកម្មគ្រឹះ​ស្ថាន​នេះអោយក្លាយជា Matsushita Electric Trading Company (ក្រុមហ៊ុនជំនួញអគ្គីសនីម៉ាត្សឹស៊ីតា) នៅខែសីហា ១៩៣៥។ នៅថ្ងៃទី១៥ ធ្នូ ឆ្នាំដដែល ខូណុស្កិ​បានធ្វើសហគ្រាសកម្ម​ក្រុមហ៊ុន និងប្ដូរឈ្មោះមកជា Matsushita Electric Industrial Company limited (ក្រុមហ៊ុនឧស្សាហកម្មអគ្គីសនីម៉ាត្សឹស៊ីតាចំកាត់)។ ខូណុស្កិបានថ្លែងទៅកាន់បុគ្គលិក​ថា «ក្រុមហ៊ុនរបស់យើង​បានពង្រីកខ្លួនទាំងផ្នែកលក់​និងចំនួនបុគ្គលិក។ វាបានក្លាយជាក្រុមហ៊ុនផលិតកម្មដ៏ធំ​ដែលមានឋានៈខ្ពស់ក្នុងសង្គម។» ពេលដែលសង្គ្រាមជប៉ុននិងចិន​ផ្ទុះឡើងក្នុងឆ្នាំ១៩៣៧ ការធ្វើយោធាកម្ម​សេដ្ឋកិច្ចជប៉ុនកាន់តែបង្កើនកម្លាំងឡើង។ ដោយមានការភ័យខ្លាចការណ៍នេះធ្វើអោយមានការកែប្រែគោលការណ៍ក្រុមហ៊ុន ខូណុស្កិបានចេញផ្សាយសេចក្ដីណែនាំ​មួយចំនួនដើម្បីអះអាង​ពីទស្សនវិជ្ជាគ្រប់គ្រងរបស់លោក។ បន្ទាប់មក​​នៅខែមករាឆ្នាំ១៩៤០ លោកបានផ្ដាំទៅកាន់បុគ្គលិកក្រុមហ៊ុនទាំងអស់​អោយប្រឹងប្រែង​រក្សាគុណភាព​ផលិតផលទោះបីជាមានកង្វះ​ខាតវត្ថុធាតុដើម ដោយសារតែសង្ក្រាមក៏ដោយ។

កំឡុងសង្គ្រាមប៉ាស៊ីហ្វិកឆ្នាំ១៩៤១ (ផ្នែកមួយនៃសង្គ្រាមលោកលើកទី២) ក្រុមហ៊ុនត្រូវបានបង្ខំអោយ ទទួលកុងត្រាយោធា ដែលតំរូវអោយស្ថាបនា Matsushita Shipbuilding Company (ក្រុមហ៊ុនសំនង់នាវាម៉ាត្សឹស៊ីតា) និង Matsushita Airplane Company (ក្រុមហ៊ុនសំនង់យន្ដហោះម៉ាត្សឹស៊ីតា) នៅឆ្នាំ១៩៤៣។ នៅទីបំផុត​សង្គ្រាមដែលធ្វើអោយជប៉ុនចំនាយ​ធនធានជាតិ១ភាគ៤​បានបញ្ចប់។ ក្រុមហ៊ុនប៉ាណាសូនិកបាន​បាត់បង់​រោងចក្រនិងការិយាល័យ៣២កន្លែង ទាំងនៅតូក្យូនិងអូសាកា។ ការិយាល័យកណ្ដាល​និងរោងចក្រចំបងត្រូវជួសជុលឡើងវិញ ប៉ុន្តែ​ក្រុមហ៊ុនត្រូវចាប់ផ្ដើមពីសូន្យឡើងវិញម្ដងទៀត។

ពីចប់សង្គ្រាមដល់សម័យផុសផុលខាងបរិក្ខារអគ្គីសនី

[កែប្រែ]

នៅថ្ងៃទី១៦ សីហា ១៩៤៥ មួយថ្ងៃបន្ទាប់ពីជប៉ុន​ចុះចាញ់សង្គ្រាម​ដោយឥតលក្ខខណ្ឌ ខូណុស្កិ​បានកោះប្រជុំ​អ្នកគ្រប់គ្រង​កំពូលៗក្នុង​ក្រុមហ៊ុនរបស់លោក​ហើ់យប្រកាសផែនការ​រៀបចំអោយមាន​ដំនើរការផលិតកម្ម​ឡើងវិញ។ ៤ថ្ងៃក្រោយ​លោកបានថ្លែងទៅកាន់បុគ្គលិកថា «ការផលិត​ជាវីធីចំបងជាងគេ​របស់យើង ដើម្បីក្រោកឈរឡើងវិញ។ ចូររំលឹកឡើងវិញ​ពីស្មារតីជា​ប្រពៃណីរបស់​ក្រុមហ៊ុនម៉ាត្សឹស៊ីតា​ និងសូមធ្វើការកសាងប្រទេស​ជាតិនិងបង្កើនជីវភាព​រស់នៅ​របស់​ប្រជាជន។» ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ម៉ាកអាធួ (MacArthur) កងកំលាំងយោធាអាមេរិច​ដែលកាន់កាប់ជប៉ុន​បានជំរុញកំនែទំរង់ប្រជាធិបតេយ្យជាបន្ទាន់នៅជប៉ុន ដោយរួមបញ្ចូលទាំងការបង្កើតសហព័ន្ធការងារ។

ពេលដែលខូណុស្កិ​ចេញមុខ​នៅក្នុង​អង្គប្រជុំសហព័ន្ធការងារ​លើកទី១របស់​ក្រុមហ៊ុន ដែលធ្វើនៅ​សាលសាធារណកណ្ដាល​​ណាកាណុស៊ីម៉ា លោកបានទទួលបានសំលេងគាំទ្រ​ភ្លាមៗ​ពីបុគ្គលិក ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា​លោក​អោយអតិភាពខ្ពស់​ទៅលើផលប្រយោជន៍​របស់អ្នករាល់គ្នា ហើយថាគោលនយោបាយ​ប្រសើរបំផុត​សម្រាប់ការងារនិងការ​គ្រប់គ្រងរួមនឹងសម្រេចបាន។ ប៉ុន្តែការក្រោកឈរ​ឡើងវិញរបស់ក្រុមហ៊ុន​បានប្រឈមមុខនឹង​ឧបសគ្គ​មួយរំពេច។ កងកំលាំងយោធាអាមេរិច​ដែលកាន់កាប់ជប៉ុន​បានចេញ​នួវបទបញ្ជាយ៉ាងច្រើន​ដែលបានរារាំងដល់ប្រតិបត្តិការ​ក្រុមហ៊ុន​និងគំរាមគំហែង​ដល់អត្ថិភាព​របស់វា។ ច្បាប់ទាំងនោះ​មានបំណងលុបបំបាត់អ្វីដែលគេ​ហៅថា «ហ្សៃបាត្សឹ» (សហគ្រាសក្រុមហ៊ុន​ឧស្សាហកម្មនិង​ហិរញ្ញវត្ថុ​ដែលគ្រប់គ្រង​ដោយគ្រួសារ ដែលជាប្រពៃណីមាន​រាប់ជំនាន់មកហើយនៅជប៉ុន)។ ដោយដឹងថា​ច្បាប់នេះ​ធ្វើឡើង​សំដៅមករក​ក្រុមហ៊ុនខ្លួន ខូណូស្កិ​ក្នុងនាមជាសហគ្រិនឯករាជ្យ​វ័យ៣០ឆ្នាំ បានចូលទៅការិយាល័យកណ្ដាលទូទៅរបស់កងសម្ព័ន្ធមិត្ត ច្រើនជាង៥០ដង ហើយលោកនាយកប្រតិបត្តិឈ្មោះ អារ៉ាថារ៉ូ ថាកាហាស៊ី​បានចេញទៅចរចារជាមួយមេដឹកនាំ​ការកាន់កាប់នៅជប៉ុន ជិត១០០ដង។

ដោយសារតែ​ក្រុមហ៊ុនបានផលិត​សំភារៈយោធា​ក្នុងសម័យសង្គ្រាម ខូណុស្កិ​ត្រូវគេបញ្ជាអោយ​ចុះចេញពីតំណែង​ជា​ប្រធានក្រុមហ៊ុន។ ប៉ុន្តែ​សហព័ន្ធការងារ​ ហាងលក់រាយ និងសាខានានារបស់ក្រុមហ៊ុន​បានធ្វើការគាំទ្រ​លោក តាមរយៈញត្តិអោយធ្វើនិរាករណ៍​បទបញ្ជាលាលែងតំណែងនោះ ដោយពួកគេនិយាយថា​ខូណុស្កិ​ពិតជាចាំបាច់ខ្លាំងណាស់​សំរាប់កសាង​ក្រុមហ៊ុនឡើងវិញ។ នេះជាចលនាមួយដែល​មិនធ្លាប់មានពីមុនទេ។ នៅក្នុង​ការធ្វើត្រឡប់​គោលនយោបាយ​ដ៏កម្រមួយ នៅខែឧសភា ១៩៤៧ អគ្គមេបញ្ជាការ​ជាន់ខ្ពស់​នៃកងកម្លាំងសម្ព័ន្ធមិត្ត​បានធ្វើការអនុញ្ញាតិអោយ​ខូណុស្កិ​និងនាយកផ្នែកទាំងអស់​របស់ក្រុមហ៊ុន​នៅបន្តតំណែងនៅទីនោះ​តទៅទៀត។ សង្គមជប៉ុនក្រោយសង្គ្រាម ជាសង្គមប្រកបដោយ​អតិផរណា កង្វះស្បៀងអាហារ និងការរកស៊ីទុច្ចរិត។ នៅខែវិច្ឆិកា១៩៤៦ ខូណុស្កិ​បានបង្កើត​អោយមានអង្គការចោទ​សំនួរ​មូលដ្ឋានសំខាន់ៗ​ទាក់ទិននឹង​លក្ខខណ្ឌ​រស់នៅរបស់​មនុស្ស។ ដោយឈរលើគំនិត “Peace and Happiness through Prosperity” (សន្តិភាព​និង​សុភមង្គល​តាមរយៈវិបុលភាព) គាត់បានដាក់ឈ្មោះអោយ​អង្គការនោះថា​ PHP Institute (វិទ្យាស្ថានPHP) និងចាប់ផ្ដើម​បោះពុម្ភផ្សាយ​ទស្សនាវដ្ដីPHPចាប់ពីឆ្នាំបន្ទាប់។

ប៉ាណាសូនិក​ត្រូវបានដកចេញពី​ការកំហិតក្រោយសង្គ្រាម​នៅឆ្នាំ១៩៥០។ នៅក្នុងសុន្ទរកថា​ប្រចាំឆ្នាំ​ស្ថីពីនយោបាយគ្រប់គ្រង​នៅឆ្នាំ១៩៥១ ខូណុស្កិបាន​ថ្លែងថាដល់ពេលហើយ​ដែលក្រុមហ៊ុនស្វែងរកកន្លែងខ្លួន​ក្នុងសហគមន៍អន្តរជាតិ។ លោកបានដាស់តឿនអោយ​បុគ្គលិករបស់លោក​គោរពរក្សា​បេតិកភណ្ឌវប្បធម៌​របស់ខ្លួន​ពេលដែលពួកគេប្រលូកចូល​ក្នុងឆាកអន្តរជាតិ។ ពេលដែលខូណុស្កិ​ទទៅទស្សនកិច្ច​សហរដ្ឋអាមេរិក ដើម្បីមើលពីដំណើរការ​ឧស្សាហកម្មអាមេរិក​ដោយផ្ទាល់ភ្នែក លោកបានសំគាល់ឃើញ​ពីគំលាតដ៏មហិមា​រវាង​អាមេរិកដ៏ស្ដុកស្ដម្ភ​និងជប៉ុន​ដ៏ក្រីក្រ​តោកយ៉ាក។ លោកបានសង្កេតឃើញថា «តម្រូវការចាំបាច់​ដើម្បីអោយមានវិបុលភាព គឺរចនាសំព័ន្ធសង្គម​ដែល​ផ្ដល់លទ្ធភាពអោយប្រជាពលរដ្ឋធ្វើការអោយអស់​សមត្ថភាពនិងទេពកោសល្យផ្ទាល់​ខ្លួនគេ»។ ដើម្បីធ្វើការ​ប្រកួតប្រជែង​ជាមួយលោកខាងលិច លោកដឹងថា​ក្រុមហ៊ុនរបស់លោក​ត្រូវការចំណេះដឹង​ខាង​អេឡិចត្រូនិច​ (ឬ​អគ្គីស្យាណូ) និងវិធីសាស្ត្រឯកទេសក្នុងការ​អភិវឌ្ឍផលិតផល​បន្ថែមទៀត។ ដោយជឿជាក់ថា​ការនាំចូលនូវបច្ចេកទេសបស្ចិមប្រទេស​ពិតជាចាំបាច់ខានមិនបាន​សំរាប់ការកសាងជប៉ុន​ក្រោយសង្ក្រាម ខូណុស្កិចាប់ផ្ដើមសំលឹង​រកមើលដៃគូពាណិជ្ជកម្មបរទេស។ នៅឆ្នាំ១៩៥២ បន្ទាប់ពីការចរចារ​ដ៏តានតឹង​មក ប៉ាណាសូនិកបានបង្កើតកិច្ច​ព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេស​ជាមួយក្រុមហ៊ុនហ្វីលីព(Philips) របស់ហុល្លង់ ដោយបានបង្កើតសាជីវកម្មអេឡិចត្រូនិចម៉ាត្សឹស៊ីតា (Matsushita Electronics Corporation)ដែលក្រុមហ៊ុនទាំង២​រកស៊ីហ៊ុនគ្នា។ ទោះបីជា​ដំបូងឡើយ​អ្នកចរចារខាង​ក្រុមហ៊ុនហ្វីលីព​បានទាមទារ​ចំណែកពីការលក់របស់ក្រុមហ៊ុនថ្មីនេះខ្ពស់ជាងជាថ្នូនឹងការដឹកនាំបច្ចេកទេសក៏ដោយ ក៏ខូណុស្កិ​បានជំទាស់​តបទៅវិញថា​ប៉ាណាសូនិកផ្ដល់ជំនាញផ្នែកគ្រប់គ្រង​ដែលមានតំលៃ​ស្មើគ្នា​នឹង​បច្ចេកទេសដែរ​ហើយថែមទាំងទទួល​ខុសត្រូវលើថ្លៃចំណាយ​ក្នុងការដឹកនាំផ្នែកគ្រប់គ្រងទៀតផង។ ទីបញ្ចប់​ភាគគីទាំង២​បានសម្រុះសម្រួលលើកិច្ចព្រមព្រង​សមរម្យ​មួយសម្រាប់ទាំងសងខាង។

នៅឆ្នាំ១៩៥៦ (ខូណុស្កិអាយុ៦១ឆ្នាំ) រដ្ឋាភិបាលបានប្រកាស​ពីការសម្រេចជោគជ័យជាស្ថាពរ​ក្នុង​ការកសាង​សេដ្ឋកិច្ច​ប្រទេសជប៉ុនឡើងវិញ (គេប្រើពេលមិនដល់១០ឆ្នាំផង ចំណែកខ្មែរវិញជិត៣០ឆ្នាំហើយ…….)។ ពេលនោះ​ខូណុស្កិ​បានធ្វើអោយ​បុគ្គលិក​និង​ឧស្សាហកម្មទាំងមួលភ្ញាក់ផ្អើល ដោយប្រកាសនូវ​មហិច្ចតាពង្រីក​សាជីវកម្មប៉ាណាសូនិក​ក្នុងរយៈពេល៥ឆ្នាំ។ គម្រោងការណ៍នេះ​ស្នើអោយ​បង្កើនការលក់ប្រចាំឆ្នាំអោយបាន៤ដង បង្កើតចំនួនបុគ្គលិក៦០% និងបង្កើនមូលធនក្រុមហ៊ុនពី ៣ពាន់លានយ៉េនទៅ១០ម៉ឺនលានយ៉េន។ ខូណុស្កិ​បាននិយាយថា «ខ្ញុំធានាថា​ប្រកដជាជោគជ័យ។ ព្រោះថា​តួលេខនេះ​តំណាងអោយ​តំរូវការ​របស់ប្រជាជន ដែលពួកគេទាំងនោះ​ចុះកិច្ចសន្យា​មើលមិនឃើញនឹងភ្នែកមួយ​ជាមួយយើង»។ ខូណុស្កិ​បានសម្រេចគោលដៅ​ដែលមើលទៅមិនគួរអោយទៅរួចនេះ​ ក្នុងរយៈពេលតែ៤ឆ្នាំជាង​ប៉ុណ្ណោះ។ នៅទសវត្សរ៍ឆ្នាំ៥០ សេដ្ឋកិច្ចជប៉ុន​ដែលរីកលូតលាស់​ជាលំដាប់​បាននាំមក​នូវ​សម័យការផុសផុល​(ប៊ូម Boom) ក្នុងការលក់​បរិក្ខារអគ្គីសនី​ប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុនផលិត​ឧបករណ៍អគ្គីសនីធុនធ្ងន់​ចាប់ផ្ដើមប្រលូកក្នុងវិស័យនេះដែរ ដែលធ្វើអោយមានការប្រកួតប្រជែងតម្លៃ​យ៉ាងស្វិតស្វាញ។ បរិក្ខារ​តាមផ្ទះ​ថ្មីៗ​ចេញជាបន្ដបន្ទាប់ ដែលធ្វើអោយ​ផ្ទះកាន់តែមានផាសុកភាព​និងស្រួលរស់នៅ។ អ្នកគ្រប់គ្នាចង់បានអ្វីដែលគេអោយឈ្មោះថា «វត្ថុទិព្វទាំង៣»គឺ ទូរទស្សន៍ ម៉ាស៊ីន(ឬ​យន្ត)បោកខោអាវ និង ទូរទឹកកក។ ខូណុស្កិ​បានប្រមើលឃើញ​សយន្តសម័យនៃយុគ​អគ្គីសនីកម្ម ហើយបានពង្រឹង​បណ្ដាញលក់​និងធ្វើអោយមានស្ថេរភាពទីផ្សារ​របស់ខ្លួន​តាមរយៈការបង្កើតចំណងស្អិតរមួត​ជាមួយអ្នកលក់រាយ។ នៅខែមិថុនា ១៩៥៨ (អាយុ៦៣ឆ្នាំ) ក្នុងពិធីរៀបចំឡើង​នៅស្ថានទូតហុល្លង់នៅតូក្យូ ខូណុស្កិ​បានទទួលមេដៃកិត្តិយសជា Commander in the Order of Orange-Nassau ពីម្ចាស់ក្សត្រីនៃប្រទេសហុល្លង់ សម្រាប់ «ការរួមចំណែក​ដ៏បវរ ក្នុងការបំរើការដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងការជំរុញចំណងមិត្តភាព»។ រង្វាន់នេះ​ជារង្វាន់ឧត្តមជាងគេ​របស់ប្រទេសហុល្លង់​សម្រាប់ជនបរទេស។ រង្វាន់នេះត្រូវបានផ្ដល់ដល់ខូណុស្កិ​ដោយសារតែ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការបច្ចេកទេស​និងកិច្ចសហការ​ជាមួយក្រុមហ៊ុនហ្វីលីព​ដែលបានរួមចំនែក​ក្នុង​ការរឹតចំណង​មិត្តភាពរវាង​ប្រទេសទាំង២។ លោកបន្តធ្វើការរឹងចំណង​មិត្តភាពនេះ ដោយបង្កើតនិងធ្វើជាប្រធាន​សហគមន៍ជប៉ុន-ហុល្លង់នៅតំបន់ខាន់សៃ (Japan-Netherlands Society of the Kansai) ក្នុងឆ្នាំ១៩៥៩។

ជាបន្តបន្ទាប់មកទៀត ខូណុស្កិ​បានទទួលមេដាយកិត្តិយសជាច្រើនទៀត​ក្នុងកិច្ចរួមចំនែក​រឹត​ចំនង​មិត្តភាពជាមួយប្រទេសដទៃទៀតដូចជា Medalie De Honra Ao Merito Cultural Award ពីប្រទេសប្រេស៊ីលក្នុងខែមេសាឆ្នាំ១៩៦៨, Commandeur de L’Ordre de la Couronne Award ពីព្រះរាជាបែលហ្ស៊ិក ក្នុងខែតុលាឆ្នាំ១៩៧២ និង Panglima Mangku Negara និងងារជាTan Sri ពីព្រះចៅម៉ាឡេស៊ី​ក្នុងខែកុម្ភៈឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៥៩ (អាយុ៦៤ឆ្នាំ) ដោយត្រៀមខ្លួនរួចរាល់ក្នុងការពង្រីក​ពាណិជ្ជកម្មទៅក្រៅប្រទេស ខូណុស្កិបានស្ថាបនា សាជីវកម្មអគ្គីសនីម៉ាត្សឹស៊ីតាប្រចាំអាមេរិក (Matsushita Electric Corporation of America ហៅកាត់ថា MECA) នាទៅក្រុងញូយ៉ក។ នេះជាក្រុមហ៊ុនលក់ក្រៅប្រទេសទី១ហើយ​របស់ប៉ាណាសូនិក​នៅក្រោយសង្គ្រាម។ លោកបាន​ទទូចអោយ​អ្នកគ្រប់គ្រងទាំងអស់​របស់លោក​នៅទីនោះ អោយសម្រាប់ខ្លួនតាមប្រទេសថ្មីនេះ នឹងផ្ដល់អោយនូវផលិតផល​ទាំងឡាយណា​ដែលប្រជាជន​អាមេរិក​កោត​សរសើរ។ ក្នុងកំឡុង​ពេលដដែលនេះ លោកក៏បានស្ថាបនារោងចក្រនៅបរទេស រួមមាន ក្រុមហ៊ុនNational Thai (ថៃ) (ក្រុមហ៊ុនផលិតដំបូងគេនៅបរទេស)នៅឆ្នាំ១៩៦១ និង ក្រុមហ៊ុនMatsushita Electric (តៃវ៉ាន់)នៅឆ្នាំ១៩៦២។

សុបិន្តគ្មានព្រំដែន

[កែប្រែ]

នៅក្នុងអង្គប្រជុំ​ប្រចាំឆ្នាំស្ដីពីគោលនយោបាយគ្រប់គ្រង​នៅឆ្នាំ១៩៦១ (អាយុ៦៥ឆ្នាំ) ខូណុស្កិ​បានថ្លែងសុន្ទរកថា​ក្រើនរំលឹក​និង​បានប្រកាសថាក្រុមហ៊ុន​បានសម្រេចគោលដៅ​របស់គម្រោងផែនការ៥ឆ្នាំ​របស់ខ្លួន ហើយកំពុងតែឈានជើងចូល​ក្នុងដំណាក់កាលលូតលាស់ថ្មីមួយ។ ជាចុងបញ្ចប់ លោកបានធ្វើអោយគេអង្គមីទិញ​ភ្ញាក់ផ្អើល ដោយប្រកាស​ពីការលាលែងដំណែងរបស់លោក។ លោកមានប្រសាសន៍ថា «ខ្ញុំទើបតែធ្វើពិធីអបអរខួប​គម្រប់៦៥ឆ្នាំ​របស់ខ្ញុំ។ ខ្ញុំបានគិតជាយូរមកហើយពីពេលវេលា​សមគួរសម្រាប់ខ្ញុំចុះចេញីតំណែង ហើយពេលវេលានោះ​វាបានមកដល់ហើយ។ ខ្ញុំនឹងបន្តជួយទ្រទ្រង់​ក្រុមហ៊ុន​ពីខាងក្រោយឆាក​ក្នុងឋានៈជាប្រធានកិត្តិយស។» នៅឆ្នាំ១៩៦៣ ខូណូស្កិ​លេចមុខលើកញ្ចាក់ទូរទស្សន៍ NHK (ទូរទស្សន៍សាធារណៈរបស់ជប៉ុន) ដោយនិយាយជាមួយនាយករដ្ឋមន្ត្រី​ អ៊ីកិដា ហាយ៉ាតុ។ ខូណូស្កិ​បានទំនុកបម្រុង​ការអប់រំផ្នែកស្មារតី​និងការអភិវឌ្ឍ​ធនធានមនុស្ស ដែលលោកពោលថា​ការធ្វើបែបនេះ​ជាបញ្ហាអាយុជីវិតរបស់ជាតិ​នាពេលអនាគត។ វិចារ​របស់លោក​ទទួលបានប្រជាប្រិយភាព​យ៉ាងសន្ធឹកសន្ធាប់​ពីសាធារណជន។

ពេលដែល​ជោគជ័យរបស់​ក្រុមហ៊ុនម៉ាត្សឹស៊ីតាអគ្គីសនី (Matsushita Electric)​ចាប់ផ្ដើម​សាយភាយទៅបរទេស «ម៉ាត្សឹស៊ីតា ខូណុស្កិ» ចាប់ផ្ដើមទទួលបានការទទួលស្គាល់ថាជា​សហគ្រិនឆ្នើមម្នាក់របស់ពិភពលោក។ បុគ្គលសំខាន់ៗ​ពីបរទេស​ជាច្រើននាក់​មកទស្សនាក្រុមហ៊ុននេះ រួមមាន អគ្គមេធាវីអាមេរិក រូបឺត ខេនណឺឌី (Robert Kennedy), នាយករដ្ឋមន្ត្រីឥណ្ឌា ឥណ្ឌីរ៉ា គន្ធី (Indira Gandhi) និង​ប្រធានាធិបតីយូហ្គោស្លាវី ទីតូ (Tito)។ ខូណុស្កិ​ជូនពួកគេដើរ​ទស្សនា​អាគារ​ក្រុមហ៊ុនដោយខ្លួនលោកផ្ទាល់ និងតែង​និយាយផ្លាស់ប្ចូរយោបល់​ជាមួយពួកគេ។

បណ្ដាញព័ត៌មានបរទេស​រំពេចនោះ​បានបង្វែរ​ចំណាប់អារម្មណ៍​មកលើ​ក្រុមហ៊ុនប៉ាណាសូនិក​និង​ស្ថាបនិករបស់វា។ នៅខែកុម្ភៈ ១៩៦២ រូបថត​ខូណុស្កិ​ត្រូវបានបោះផ្សាយលើក្របមុខរបស់​ទស្សនាវដ្ដីថាម (TIME) ដែលជាទស្សវដ្ដី​ពត៌មានប្រចាំសប្ដាហ៍ដ៏ល្បីនៅអាមេរិក។ ខូណុស្កិ​និងភរិយាមុមិណុ ត្រូបានគេអញ្ជើញទៅចូលរួម «ពិធីជប់លៀងប្រចាំសតវត្សរ៍» ដើម្បីអបអរសាទរខូបគំរប់​៤០ឆ្នាំ​របស់ទស្សនាវដ្ដីថាមនៅញូវយ៉ក ជាមួយមនុស្សល្បីៗ​ដទៃទៀត។ ជាងនេះទៅទៀត​នៅខែកញ្ញា ១៩៦៤ ខូណុស្កិត្រូវបានគេលើក​ឡើង​ក្នុងទស្សនាវដ្ដីឡៃហ្វ (LIFE) និងត្រូវបានពណ៌នាជា «ឧស្សហករកំពូល» «អ្នករកលុយបានច្រើនជាងគេ» «ទស្សនវិទូ» «អ្នកបោះផ្សាយទស្សនាវដ្ដី» និង «អ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេ»ជាដើម។ ទស្សនាវដ្ដីនេះ​លើកតម្កើង​ម៉ាត្សឹស៊ីតា ខូណុស្កិ និងបាននាំកិត្តិស័ព្ទដល់ក្រុមហ៊ុន​ម៉ាត្សឹស៊ីតាអគ្គីសនី។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៦៣ ខូណុស្កិ​បានទៅចូលរួម​ក្នុង​សន្និសិទគ្រប់គ្រងអន្តរជាតិលើកទី១៣ (13th International Management Conference) ឧបត្ថម្ភដោយ​ក្រុមប្រឹក្សា​អង្គការអន្តរជាតិ​និង​វិទ្យាសាស្ត្រ​នៅទីក្រុងញូវយ៉ក។ នៅក្នុង​ការបង្ហាញជូន​ពីទស្សនវិជ្ជាគ្រប់គ្រង​របស់លោក លោកបានសង្កត់ធ្ងន់​លើ​គោលគំនិតគ្រប់គ្រង ការប្រកួតប្រជែងដោយយុត្តិធម៌ សហត្តិភាព (រួមរស់ជាមួយគ្នា) និងវិបុលភាពទៅវិញទៅមក។

ពេលដែលចំនូលរបស់​ក្រុមហ៊ុនប៉ាណាសូនិក​ដាំក្បាលចុះ​ជាលើកដំបូងនៅឆ្នាំ១៩៥០ ខូណុស្កិ​បានអញ្ជើញ​ប្រធាន​ក្រុមហ៊ុនលក់និងចែកចាយទាំងអស់របស់ប៉ាណាសូនិក​នៅទូទាំង​ប្រទេសជប៉ុន​អោយចូលរួម​សន្និសិទរយៈពេល៣ថ្ងៃ​នៅរមណីយដ្ឋានអុនសេនអាតាមី ខាងត្រូង​ក្រុងតូក្យូ។ ក្រុមហ៊ុនលក់និងចែកចាយ​ទាំងនោះ​បន្ទោស​ដល់សាជីវកម្ម​អំពី​វិបត្តិសេដ្ឋកិច្ចរបស់​ពួកគេ។ ប៉ុន្តែ នាយកប្រតិបត្តិ​របស់ប៉ាណាសូនិក​បានច្រានចោលទំនួលខុសត្រូវ ដោយបានចោទទៅវិញថា​បញ្ហាមកពីក្រុមហ៊ុនលក់ទាំងនោះ​ចាត់ចែងមិនបានល្អ។ ដើម្បីបញ្ចៀស​ការបែកបាក់គ្នា នៅថ្ងៃចុងក្រោយ​ខូណុស្កិ​បានថ្លែងទៅកាន់អ្នកទាំងនោះថា៖ «ខ្ញុំយល់ពីស្ថានភាពអ្នកទាំងអស់គ្នា។ យើងកុំឈ្លោះគ្នាទៀតអី។ ក្រុមហ៊ុនរបស់យើងគួរតែត្រូវបានស្ដីបន្ទោស​មែន។ ខ្ញុំនឹងព្យាយាម​អោយអស់ពីសមត្ថភាព​ក្នុងការកែខៃ​ស្ថានការណ៍ឡើងវិញ ដោយមានជំនួយការពីអ្នកទាំងអស់គ្នា»។ សេចក្ដីអង្វរក​ដ៏រញ្ជួលចិត្តនេះ​ធ្វើអោយអ្នកទាំងនោះ​ស្ងាត់មាត់ឈឺង ហើយបានសច្ចា​ថានឹងធ្វើការជាមួយគ្នាឡើងវិញជាភក្ដីភាព​ចំពោះ​ខូណុស្កិ។ នៅចុងបញ្ចប់នៃ​សន្និសិទនេះ ខូណុស្កិ​បានលើកបដាដោយខ្លួនឯង​បង្ហាញទៅ​ប្រធានក្រុមហ៊ុនទាំងនោះ ដោយមានពាក្យស្លោក «សហត្ថិភាពនិងវិបុលភាពទៅវិញទៅមក»។ បន្ទាប់ពីនោះ​ខូណុស្កិបានត្រឡប់​ពីការចូលនិវត្តន៍ មកធ្វើជានាយកផ្នែកលក់របស់សាជីវកម្ម ជាបណ្ដោះអាសន្ន និងបានស្ដារឡើងវិញនូវប្រព័ន្ធលក់និងចែកចាយ​បានជាស្ថាពរ។ លោកបានរៀបចំក្រុមហ៊ុនលក់ឡើងវិញ និងបានបើកលទ្ធភាព​អោយមានការទិញលក់ដោយផ្ទាល់​រវាង​ក្រុមហ៊ុនលក់​និងផ្នែកផលិតកម្ម និងបានបង្កើតអោយមាន​ផែនការក្រេឌីត​សំរាប់អតិថិជន។ ដោយមាន​វិធានការណ៍ទាំងនេះ ការលក់របស់ក្រុមហ៊ុន​ចាប់ផ្ដើមរីកចំរើន​ឡើងវិញ​ជាបណ្ដើរៗ។

នៅឆ្នាំ១៩៦១ (អាយុ៧០ឆ្នាំ) ខូណុស្កិ​បានព្រមានថា​សេដ្ឋកិច្ចជប៉ុន​រីកចំរើនលឿនពេកហើយ ហើយលោកយល់ឃើញពីសារសំខាន់​ក្នុងការកសាង​រចនាសម្ព័ន្ធខាងក្នុង​ដ៏រឹងមាំមួយ​ដែល​អាចជួយអោយ​ក្រុមហ៊ុន​រួចរានមានជីវីត​បន្ទាប់ពី​វិបត្តិសេដ្ឋកិច្ច​ដែលនៅរង់ចាំនៅខាងមុខ។ ដូចដែរអ្វី​ដែល​លោក​បានបារម្ភ សេដ្ឋកិច្ចជប៉ុន​បានដើរថយក្រោយវិញ​នៅឆ្នាំ១៩៦៤ បន្ទាប់ពីតូក្យូអូឡាំពិច​បានបញ្ចប់ទៅ។ ខូណុស្កិគាំទ្រ​គំនិតអំពី «ទំនប់ប្រព័ន្ធគ្រប់គ្រង» ពេលដែលសេដ្ឋកិច្ចជប៉ុន​មកដល់ចំនុចរបត់។ គំនិតរបស់ខូណុស្កិ​នេះបង្ហាញពី​វិធីរក្សា​សហគ្រាសអោយនៅដដែល​ទៅជាមានបំរែបំរួលលក្ខខណ្ឌ​ពាណិជ្ជកម្មឥតព្រាងទុក​ និងបាន​បង្ហាញបច្ចេកទេស​មានប្រយោជន៍​ដើម្បីសម្រេចគោលដៅតាមផែនការក្នុងការរក្សា​អោយមានការរីកលូតលាស់​គ្រប់កាលៈទេសៈនោះ។ ពាណិជ្ជកម្មមួយ​អាចរក្សា​ការរីកលូតលាស់​ជាប់ និងអាចការពារខ្លួនទល់នឹង​បម្រែបម្រួលបរិស្ថានជុំវិញ ដោយសាងសង់ទំនប់​និងអាងស្តុកនៅគ្រប់ផ្នែកទាំង​អស់​របស់ប្រព័ន្ធគ្រប់គ្រង​ខ្លួន ដូចជា «ទំនប់បរិក្ខារ» «ទំនប់មូលធន» ដែលអាចធានាអោយពួកគេ​រីកចំរើនស្ថិតស្ថេរ។ នៅខែកក្កដា១៩៧៣(អាយុ៧៩ឆ្នាំ) ពេលដែលក្រុមហ៊ុន​ប្រារព្ធខួបកំនើតទី៥៥ ខូណុស្កិចូលនិវត្តន៍​ពីសកម្មភាពសកម្មៗ និងកាន់តំណែងជាទីប្រឹក្សាប្រតិបត្តិ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមានអាយុជិត៨០ឆ្នាំ​ហើយ។ ក្នុងកំឡុងពេល៥៥ឆ្នាំនេះ ខ្ញុំបានសំរេច​នូវការងារដែលខ្ញុំគួរតែធ្វើ ហើយខ្ញុំចូល​ចិត្ត​អង្អែលខ្នង(សរសើរ)ខ្លួនឯង​ថាបានធ្វើការបានល្អណាស់»។ បន្ទាប់មក​លោកបាន​ថ្លែងអំណរគុណដល់​បុគ្គលិកទាំងអស់ដែលបានទ្រទ្រង់​ក្រុមហ៊ុន និងបានលើកទឹកចិត្ត​អោយពួកគេ​ជំនះ​ការលំបាក​នាពេលអនាគតទៀត។ ខូណុស្កិ​ចាប់ផ្ដើម​ចំណាយពេលវេលា​អភិវឌ្ឍទ្រឹស្ដីទស្សនវិជ្ជា​របស់លោក​និងសរសេរសៀវភៅ។ លោកបាន​បោះពុម្ភសៀវភៅ​ដ៏មានប្រជាប្រិយចំនងជើងថា «人間を考える» (អង្គគ្លេស៖Thoughts on Man, ខ្មែរ៖ គំនិត​អំពីមនុស្ស)។ សៀវភៅនេះនិយាយពីការក្រឡេកមើល​ធម្មជាតិនិងចរិតលក្ខណៈប្រែប្រួលរបស់មនុស្ស។ បន្ទាប់មកនៅឆ្នាំ១៩៧៤ លោកបានបោះពុម្ភសៀវភៅ «崩れゆく日本をどう救うか» (Japan at the Brink តើជួយប្រទេស​ជប៉ុន​ដែលកំពុង​ដួលរលំដោយរបៀបណា) ដែលនិយាយពីវិស័យអប់រំល្អ​និងនយោបាយពង្រីក​សេដ្ឋកិច្ចនាំជប៉ុន​អោយរួចផុត​ពីការដើរថយក្រោយនៃ​សេដ្ឋកិច្ច​និងវិបត្តិប្រេងកាតឆ្នាំ១៩៧៣។ សៀវភៅនេះលក់ដាច់យ៉ាងខ្លាំង បានចំនួនជាង២សែនច្បាប់។

ខូណុស្កិជឿថា​នៅសតវត្សរ៍ទី២១ ជប៉ុននិងប្រទេស​នៅអាស៊ីដទៃទៀត​នឹងគ្រប់គ្រង​ធនធាន​ពិភពលោកភាគច្រើន។ លោកបានបណ្ឌុះនូវគំនិត​ពីសេដ្ឋកិច្ច​និងនយោបាយថ្មី​ដូចជា រដ្ឋដែលគ្មានពន្ធនិងប្រព័ន្ធ​ផ្សេងៗទៀត​ដែលនឹង​រៀបចំជប៉ុនអោយដើរតួនាទី​ដែលខ្លួនគួរធ្វើ។ លោកបានទៅទស្សនកិច្ច​សាធារណរដ្ឋ​ប្រជាមានិត​ចិនដោយមានការ​អញ្ជើញ​ពី​សមាគមមិត្តភាពជប៉ុន-ចិន (Japan-China Friendship Association) ដែលនៅទីនោះ​លោកបានជួបនិយាយ​ជាមួយមន្ត្រី​រដ្ឋាភិបាល​នានា អំពីចំនាប់អារម្មណ៍របស់​លោក​ចំពោះការរីកចំរើន​របស់​ប្រទេសនេះ ហើយបានប្រាប់ពួកគេថា​សតវត្សរ៍​ទី២១​ជាយុគប្រកបដោយ​វិបុលភាព​សម្រាប់អាស៊ី និយមថាជប៉ុន​មានកាតព្វកិច្ចជួយធ្វើទំនើបកម្ម​របស់ចិន។ ជាលទ្ធផល​នៃទស្សនកិច្ចនេះ ក្រុមហ៊ុនប៉ាណាសូនិក​បានឧបត្ថម្ភ​សន្និសិទផ្លាស់ប្ដូរបច្ចេកវិទ្យា​អេឡិចត្រូនិចដែលធ្វើឡើង​នៅទីក្រុង​ប៉េកាំង។

នៅឆ្នាំ១៩៧៨ (អាយុ៨៥ឆ្នាំ) ខូណុស្កិបាន​ថ្លែងថា «បើសិនជាយើង​បានដាក់គោលដៅ​របស់យើង​លើ​ភាពសំបូរហូរហៀរ​ខាងសំភារៈនិងស្មារតីសំរាប់​ពលរដ្ឋ​របស់យើង យើងត្រូវតែហ្វឹកហាត់​គ្រូបង្រៀន​អំពីភារកិច្ច​នេះដែរ»។ លោកបាន​ចំនាយប្រាក់ ៧ពាន់លានយ៉េន​ពីមូលនិធិ​ផ្ទាល់ខ្លួនលោក​ដើម្បី​ស្ថាបនា​វិទ្យាស្ថានម៉ាត្សឹស៊ីតា​សំរាប់រដ្ឋបាល​និងគ្រប់គ្រង (Matsushita Institute of Government and Management) ដែលបាន​បើកទ្វារនៅ​ខែមេសាឆ្នាំ១៩៨០។ គោលបំណង​របស់វិទ្យាស្ថាននេះ​គឺ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពីគំនិតគ្រឹះនានា​ដែលនឹង​ជួយ​ជំរុញនិង​អភិវឌ្ឍ​ជប៉ុន​នៅសតវត្សរ៍ទី២១ និងអភិវឌ្ឍអ្នកដឹកនាំ​ដែលមានសមត្ថភាពធ្វើអោយ​គំនិត​ទាំងនេះ​លេចជារូបរាង។

នៅឆ្នាំ១៩៨៥ (អាយុ៩០ឆ្នាំ) ខូណុស្កិ​ត្រូវបាន​អញ្ជើញទៅធ្វើជា​អ្នកប្រគល់រង្វាន់ Japan Prize គឺរង្វាន់ដែល​ខ្លួនលោកផ្ទាល់​ផ្ដួចផ្ដើមគំនិត​និងបង្កើត។ Japan Prize ផ្ដល់រង្វាន់​ជាកិត្តិយស​ដល់អំពើ​ដែល​ជំរុញការរីកចំរើន​វិស័យវិទ្យាសាស្ត្រ​បច្ចេកវិទ្យា សន្តិភាព​និងវិបុលភាព។

នៅថ្ងៃទី២៧ មេសា ១៩៨៩ ម៉ាត្សឹស៊ីតា ខូណុស្កិ ស្ថាបនិកក្រុមហ៊ុនប៉ាណាសូនិក​បានលាចាកពិភពលោក​ដែលលោកបានកែខៃ​យ៉ាងច្រើនឥតគណនា នៅជន្មាយុ៩៤ឆ្នាំ។

ពាក្យពេជន៍មានតំលៃរបស់​ម៉ាត្សឹស៊ីតា​ ខូណុស្កិ

[កែប្រែ]
  • មនុស្ស​រាល់គ្នា​មានផ្លូវមួយសំរាប់​ខ្លួនដើរ។ ផ្លូវនោះ​អាចរីកធំ រួមតូច ឡើងចុះ។ មានពេលខ្លះ​យើងដើរ​វង្វេង​ទិសដៅ​ទាំងប្រថុយប្រថាន។ ប៉ុន្ដែ​ជាមួយនឹង​ការតាំងចិត្តពុះពារ​និង​ការជឿជាក់លើខ្លួនឯង យើងប្រាកដ​ជាជ្រើសរើស​​ផ្លូវត្រឹមត្រូវដើរបាន។ នោះហើយទើប​ជា​សេចក្ដីសប្បាយរីករាយ​យ៉ាងពិតប្រាកដ។
  • យុវភាពជា​ចិត្តគំនិត។ ប្រសិនបើ​ក្នុងចិត្តយើង​ពោរពេញដោយ​ស្វាមីភក្ដិ សេចក្ដីសង្ឃឹម និង​វីរភាព ហើយយើងប្រឹងប្រែង​អោយអស់ពីសមត្ថភាព​ក្នុងជីវភាព​ប្រចាំថ្ងៃ​របស់យើង នោះ​យុវភាពនោះ​នឹងនៅ​ជាមួយ​អ្នកជារៀងរហូត។


ជ័យលាភី និងរង្វាន់កិត្តិយស

[កែប្រែ]

អានបន្ថែម

[កែប្រែ]
  • The Matsushita Perspective, A Business Philosophy Handbook, Published by PHP Institute, Inc. First edition 1997.
  • Michi wo hiraku

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]