Jump to content

របាំព្លយសួយ

ពីវិគីភីឌា

របាំ​ព្លយសួយ​ គឺ​ជា​របាំ​ប្រពៃណី​ដ៏​ចំណាស់​តែ​ក៏​ជា​របាំ​ដែល​មាន​​ភាព​រស់​រវើក​​មួយ​ របស់​បងប្អូន​ជនជាតិ​​ភាគ​តិច​សួយ​ ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​នា​​ទឹក​ដី​ខេត្តកំពង់ស្ពឺ។ របាំ​នេះ​​មាន​កំណើត​ចេញ​ពី​ជនជាតិ​ភាគតិច​សួយ​ ដែល​រស់នៅ​ក្នុង​ស្រុកឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ។ ជនជាតិ​ភាគ​តិច​សួយ​បាន​បង្កើត​ជា​តន្ត្រី​​ និង​របាំ​ជា​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ទៅ​តាម​តំបន់​ដែល​គេ​រស់នៅ ដូច​ជា​របាំ​ស្គរ របាំ​​តប់​អំបក់ (ភាសាខ្មែរ​ថា របាំ​បុក​អំបុក) របាំ​សែន​ព្លយ របាំ​ហែរ​សង្ឃឹក​ជា​ដើម។ របាំ​ទាំង​នេះ គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ក្នុង​ខែ​ពិសាខ និង​ខេ​ជេស្ឋ ត្រូវ​នឹង​ខែ​មេសា-ឧសភា។

របាំ​ព្លយ​សួយ សិល្បករ-សិល្ប​ការិនី​ទាំង​អស់​មុន​នឹង​សំដែង​ត្រូវ​ក្រាប​សំពះ​បួងសួង​ជា​ មុន​សិន ហើយ​ក៏​ចាប់​ច្រៀង​បទ​ឃាំង ឯ​មេកន្ទ្រាញ​ចេញ​សំដែង​នោះ​គេ​ច្រៀង​បទ ព្រើត​ចំណែក​ឯ​តួសំដែង​ឲ្យ​នាង​ឃ្លីន​វិញ ក៏​ច្រៀង​បទ​ព្រើត​ដែរ។ ចំណែក​ឯ​សិល្បករ-សិល្ប​ការិនី​ដទៃ​ទៀត​ក្នុង​របាំ​នេះ​ក៏​ចេញ​សំដែង​ដោយ​ ច្រៀង​បទ​ម៉ញ។ បទ​ចម្រៀង​ទាំងអស់​គឺ​ជា​សំនៀង​ប្រកប​ដោយ​សម្លេង​យ៉ាង​ក្រអៅ​ក្រអួន​ឮ​ គ្រលួច​អុស​បន្លាយ​ពីរោះ​គួរ​អោយ​ស្រណោះ​ស្រណោក​ពេក​ក្រៃ ធ្វើ​អោយ​អ្នក​ស្ដាប់​ងាយ​ចាំ ហើយ​ដក់​ជាប់​ក្នុង​ចិត្ត​ជា​និច្ច។ សិល្បៈ​របាំ​ព្លយ​នេះ បង​ប្អូន​ជនជាតិ​ភាគតិច​សួយ ក៏​តែងតែ​យក​មក​សំដែង​ក្នុង​ពិធី​ឡើង​សំណំ (ពាក្យ​ខ្មែរ​ថា ឡើង​អ្នកតា) សម្រាប់​ឧទ្ទិស​ដល់​ព្រលឹង​បុព្វការី​ជន​របស់​គេ​ និង​អ្នក​តា​ម្ចាស់​ស្រុក​ភូម​របស់​គេ ដើម្បី​សុំ​សេចក្ដី​ចំរើន​ដល់​មនុស្ស​ម្នា​ក្នុង​ភូមិឋាន សត្វ​ចិញ្ចឹម​របស់​គេ និង​ដំណាំ​ដាំដុះ​របស់​ពួកគេ​ផង​ដែរ។

រឿងនិទានទាក់ទិននិងប្រវត្តិ

[កែប្រែ]

ទម្រង់​សិល្បៈ​របាំ​ព្លយសួយទាំង​នោះ ត្រូវ​បាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ស្ពឺ​កត់ត្រា​ចងក្រង​ប្រមូលផ្ដុំ​របាំ​ទាំងអស់​ នោះ​ឡើង ជា​របាំ​ព្លយ​ធំ​តែ​មួយ ឲ្យ​ស្រប​តាម​រឿង​ព្រេង​និទាន​របស់​បងប្អូន​ជនជាតិ​ភាគតិច​សួយ ដែល​តំណាល​ថា : កាល​ពី​ព្រេងនាយ​មាន​មេកន្ទ្រាញ​ម្នាក់​កាំម៉ាក់ គាត់​មាន​ប្រពន្ធ​បី​នាក់។ ប្រពន្ធ​ទី​១ ឈ្មោះ​នាង​ឃ្លីន ទី​២ ឈ្មោះ​នាង​តី និង​ទី​៣ ឈ្មោះ​នាង​ម៉ី។ ថ្ងៃ​មួយ​មេកន្ទ្រាញ​បាន​នាំ​សេនា​របស់​ខ្លួន​ចេញ​ទៅ​បរបាញ់​សត្វ​ក្នុង​ ព្រៃ រីឯ​ប្រពន្ធៗ​នៅ​ផ្ទះ​ក៏​នាំ​គ្នា​ជជែក​លេង​ពីនេះពីនោះ រហូត​ដល់​ភ្នាល់​គ្នា​ថា នៅ​ពេល​ប្ដី​ត្រឡប់​មក​វិញ តើ​គាត់​សម្រាន្ត​ជាមួយ​អ្នក​ណា? ម្នាក់ៗ​សុទ្ធ​តែ​អះអាង​យក​ប្រៀប​រៀងៗ​ខ្លួន​ថា "ពិត​ជា​នៅ​ជាមួយ​ខ្លួន"។ នាង​ឃ្លីន ដែល​ជា​ប្រពន្ធ​ទី​១ បាន​អះអាង​ថា បើ​ប្ដី​វិល​វិញ​ហើយ​មិន​នៅ​ជា​មួយ​ខ្លួន​ទេ​នោះ​ខ្លួន​នឹង​ចាកចេញ​ពី​ផ្ទះ​ ទាំង​យប់​ហើយ​ទៅ​រស់នៅ​ក្នុង​ល្អាង​ភ្នំ​ជា​រៀង​រហូត។

លុះ​មេកន្ទ្រាញ​ជា​ស្វាមី វិល​ត្រឡប់​មក​ដល់​ផ្ទះ គាត់​ក៏បាន​ចូល​ទៅ​សម្រាន្ត​ជា​មួយ​ប្រពន្ធ​ទី​៣ ព្រោះ​នាង​ប៉ិន​ប្រសប់​លួងលោម​ថ្នាក់ថ្នម​យក​ចិត្ត​ប្ដី​ជាពិសេស។ ចំណែក​នាង​ឃ្លីន ជា​ប្រពន្ធ​ទី​១ បាន​ដឹង​រឿង​នេះ​ហើយ​ក៏​ម្នីម្នា​រៀបចំ​ខ្លួន មាន​បង្វេច​ខោអាវ​សាវ​ស្បៃ ហើយ​លួច​គេច​ចេញពី​​ផ្ទះ​​ទៅ​ល្អាង​ភ្នំ​ដែល​ខ្លួន​បាន​ភ្នាល់​ក្នុង​គ្រា​ យប់​នោះ​ទៅ។

លុះ​ព្រឹក​ឡើង​មេកន្ទ្រាញ​បាត់​ប្រពន្ធ​ទី​១ ពុំ​ឃើញ គាត់​ក៏​សាកសួរ​គេ​ឯង​ដឹង​ពី​រឿងរ៉ាវ​នោះ រួចហើយ​ក៏​អោយ​គ្រូ​ហោរា​ទស្សន៍ទាយ ឈ្មោះ​ឃាំង ទស្សន៍ទាយ​គន់​គូ​មើល។ បន្ទាប់​មក​មេ​កន្ទ្រាញ​ក៏​បាន​ចាត់​សេនា​ជំនិត​ម្នាក់​ឈ្មោះ​នាយ ម៉ញ អោយ​ទៅ​តាម​រក​ប្រពន្ធ​តាម​ទំនាយ​របស់​លោក​គ្រូ​ឃាំង។

នាយ​ម៉ញ បាន​ដើរ​តាម​​រក​អស់​រយៈពេល​ ៧​យប់ ៧​ថ្ងៃ ពុំ​ឃើញ លុះ​មក​ដល់​ល្អាង​ភ្នំ​មួយ គាត់​ក៏​ឈប់​សម្រាក​នៅ​ទី​នោះ។ បរិយាកាស​នៅ​ជុំវិញ​បរិវេណ​មាត់​ល្អាង​ភ្នំ​នោះ​មាន​ទេសភាព​ល្អ​ណាស់ មាន​ទឹក​ហូរ​រឹមៗ ឮសូរ​ពីរោះ​រណ្ដំ​ផ្សំ​ទៅ​នឹង​ជំនោរ​ខ្យល់​បក់​មក​រហៀកៗ​ដែល​នាំ​មក​ជា​មួយ​ នូវ​គន្ធ​ពិដោរ​ផ្កា​ព្រៃ និង​សំឡេង​សត្វ​រៃ​យំ​កណ្ដឹង​ សត្វ​កន្លង់​យំ​រងំ​ លាយ​ឡំ​ដោយ​សម្រែក​បក្សាបក្សី​ ម្រឹគីម្រឹគា​យំ​ឆ្លើយ​ឆ្លង​គ្នា​​កង​រំពង​ពេញ​ព្រៃ។ រំពេចនោះ​សត្វ​ក្ងោក​ក៏​ចេញ​មក​ពត់​ពេន​ប្រឡែង​គ្នា​រេរាំ​លេង​យ៉ាង​សប្បាយ​ រីករាយ សត្វ​ក្ដាន់ ប្រើស រមាំង ទន្សាយ ក៏​ចេញ​មក​លោត​កញ្ឆេង​ប្រឡែង​ប្រដេញ​គាគង​រេរាំ​ទន្ទាំង​ផ្អៀងផ្អង​ដាក់​ គ្នា​យ៉ាង​សប្បាយ​សុខដុមរមនា​តាម​បែប​ធម្មជាតិ មើល​ទៅ​ហាក់​ដូច​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​យ៉ាង​ល្អ​ឧបក្ដិក​ពី​ស្ថាន​ សួគ៌ាល័យ​មក​ពិតៗ។ នាយ ម៉ញ កំពុង​តែ​ជក់​ចិត្ត​ផ្ដិត​អារម្មណ៍​គយគន់​វិកាល​ភាព​នេះ​ ស្រាប់​តែ​ឃើញ​នាង​ឃ្លីន ចេញ​ពី​ក្នុង​ល្អាង​មក​ប្រឡែង​លេង​ជា​មួយ​សត្វ និង​ធម្មជាតិ​នៅ​ពេល​នោះ​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ។ នាយ​ម៉ញ​ក៏​រត់​ទៅ​ជួប​នាង ហើយ​ខំ​និយាយ​អង្វរករ​យ៉ាង​ណា​ក្ដី​ក៏​នាង​ឃ្លីន​បាន​ប្រកែក​យ៉ាង​ដាច់​ អហង្ការ ថា​ពុំ​ព្រម​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ឡើយ ហើយ​នា​ក៏​គេច​ខ្លួន​រត់​ចូល​ទៅ​ល្អាង​ភ្នំ​នោះ​បាត់​ទៅ។

នាយ​ម៉ញ ក៏​ត្រូវ​នាំ​យក​ដំណឹង​នេះ​មក​ប្រាប់​មេកន្ទ្រាញ​តាម​ដំណើររឿង​ដែល​ខ្លួន​ បាន​ជួប​ប្រទះ។ មេកន្ទ្រាញ​កាំម៉ាក់​ក៏​ចាត់​គេ​បង្កើត​ឧបករណ៍​ភ្លេង​ព្លយ ដើម្បី​លេង​អោយ​ឲ្យ​ឮ​ពីរោះ​ដូច​សម្លេង​សត្វ និង​ធម្មជាតិ និង​ឲ្យ​គេ​រៀបចំ​ក្រុម​របាំ​ត្រាប់​តាម​សត្វ​ក្ងោក រមាំង ទន្សាយ ប្រើស ក្ដាន់ ប្រឡែង​លេង​នឹង​គ្នា​ដូច​ដែល​នាយ ម៉ញ ពោល​ប្រាប់ ដើម្បី​ទៅ​សំដែង​នៅ​មាត់​ល្អាង​ភ្នំ​នោះ​ដូច​លើក​មុន។ នាង​ឃ្លីន បាន​ឮ​សម្លេង​តន្ត្រី​ប្រគំ​ហើយ​ក៏​សប្បាយ​រីករាយ​ចិត្ត ហើយ​ចេញ​មក​លេង​ប្រឡែង​ដូច​គ្រា​មុនៗ​ជា​ធម្មតា​ទៀត។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​នាង​ដឹង​ថា ពុំ​មែន​ជា​សម្លេង​សត្វ​ក្នុង​ធម្មជាតិ​ពិតៗ​ទេ នាង​ក៏​ចង់​គេច​ខ្លួន។

ប៉ុន្តែ​ទាំង​មេកន្ទ្រាញ និង​អ្នក​ភូមិ​ទាំងអស់​គ្នា​បាន​អង្វរករ​អោយ​នាង​ឃ្លីន​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ឃ្លីន​ក៏​នៅ​តែ​ពុំ​សុខ​ចិត្ត ខណៈ​នោះ​ម្ចាស់​ល្អាង​ភ្នំ ឬ​ជា​អ្នក​តា​ភ្នំ ដែល​ថែរក្សា​តំបន់​នោះ​ក៏​​ចេញ​មក​សួរ​កាំម៉ាក់​ជា​ប្ដី​ថា បើ​នាង​ព្រម​វិល​ត្រឡប់​ទៅ​វិញ តើ​អោយ​អ្វី​ដល់​គាត់? កាំម៉ាក់​ឆ្លើយ​ថា អោយ​អ្វី​ក៏​បាន​ដែរ អោយ​តែ​បាន​នាង​ឃ្លីន ជា​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ក្រោយ​ពេល​បាន​នាង​ឃ្លីន ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​មាន​សេចក្ដី​សុខសាន្ត​ហើយ ពួក​គេ​ក៏​ភ្លេច​ពាក្យសន្យា​ជាមួយ​នឹង​ម្ចាស់​ល្អាង​ភ្នំ។ ថ្ងៃ​មួយ​ពេល​មេកន្ទ្រាញ​កំពុង​រៀបចំ​ពិធី​បង្កក់​កូន​ជា​មួយ​នាង​ឃ្លីន ស្រាប់​តែ​ម្ចាស់​ល្អាង​ភ្នំ​ចេញ​មុខ​បង្ហាញ​ខ្លួន​ក្នុង​ពិធី​នោះ​ហើយ​ធ្វើ ​ជា​ខឹង​នឹង​កាំម៉ាក់ ដោយ​ពោល​ថា "យើង​មក​យក​នាង​ឃ្លីន​ត្រឡប់​ទៅ​វិញ"។ កាំម៉ាក់​សូម​អង្វរករ​ថា នឹង​បូជា​យញ្ញ​ស្រី​ក្រមុំ​ថ្វាយ​ជា​រៀងរាល់​ឆ្នាំ។ ម្ចាស់​ល្អាង​ភ្នំ​នៅ​តែ​ពុំ​ព្រម កាំម៉ាក់​សុំ​អង្វរ​ទៀត​ថា នឹង​ថ្វាយ​កូន​កំពុង​បង្កក់​នោះ​តែ​ម្ដង។ ម្ចាស់​ល្អាង​ភ្នំ​បាន​ឆ្លើយ​ថា "បាន​ហើយ​យើង​ពុំ​ចង់​បាន​អ្វី​ពី​ឯង​ទេ គឺ​ចង់​អោយ​តែ​អ្នក​ឯង​គ្រប់ៗ​គ្នា​​និយាយ​ពិត ធ្វើ​ពិត​បាន​ហើយ"។ អ្នក​ទាំង​អស់​គ្នា​ក៏​សំដែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ ម្ចាស់​ល្អាង​ភ្នំ ហើយ​ក៏​នាំ​គ្នា​គោរព​បូជា​ពិធី​នោះ​ជា​រៀងរាល់​ឆ្នាំ ដោយ​បូជា​យញ្ញ​ស្រី​ក្រមុំ​មួយ​ឆ្នាំ​មួយ​នាក់ៗ តែ​លុះ​ចំណេរ​កាល​ក្រោយមក ដោយ​ពិបាក​រក​ស្រី​ក្រមុំ​មក​បូ​ជា​យញ្ញ អ្នក​ស្រុក​ក៏​ប្ដូរ​ដង្វាយ​ជា​ក្របី​ឃ្លៀច​វិញ​ម្ដង ហើយ​លុះ​យូរ​ឆ្នាំ​ក្រោយ​មក​ការ​បូជា​នោះ​នៅ​ត្រឹម​តែ​មាន់​ឆ្កាង និង​សម្ភារៈ​​​​​​​​​​​​សក្ការ​បន្តិចបន្តួច​ប៉ុណ្ណោះ​ជា​ទម្លាប់​រហូត​មក​ ដល់​បច្ចុប្បន្ន​នេះ។

ដោយ​សារ​ការ​គោរព​បូជា​នោះ​ធ្វើ​ប្រចាំ​រៀង​មក ទើប​ជន​ជាតិ​ភាគ​តិច​សួយ បាន​ប្រែ​ក្លាយ​ពិធី​នោះ​ឲ្យទៅ​ជា​ទំនៀមទម្លាប់​របស់​ជនជាតិ​​ខ្លួន​ជា​រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ហើយ​នៅ​ពេល​ដែល​គេ​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ​​គេ​ក៏​ពុំ​ដែល​អាក់ខាន​នាំ​យក​របាំ​ព្លយ សំដែង​ជូន​ព្រលឹង​វិញ្ញាណ​ដូន​តា​​តាម​ប្រពៃណី​របស់​គេ​ផង​ដែរ។​ ឯ​ឧបករណ៍​ភ្លេង​ព្លយ​ ក៏​ចាប់​ផ្ដើម​មាន​កំណើត​តាំង​ពី​ពេល​បុរាណ​នោះ​មក។ ចំណែក​របាំ​ឬ​ចម្រៀង​ក៏​ត្រូវ​បាន​គេ​រៀបរាប់​ឲ្យ​មាន​ឈ្មោះ​តួអង្គ និង​សកម្មភាព​ត្រាប់​តាម​ក្នុង​សាច់​រឿង​ព្រេង​នោះ​ផង​ដែរ។

តំណភ្ជាប់

[កែប្រែ]