របាំព្រះរាជទ្រព្យ

ពីវិគីភីឌា

របាំព្រះរាជទ្រព្យ

Royal Ballet Camboda Apsara Mera.jpg
Cambodia Royal Dance (1930) Image by © W. Robert Moore/National Geographic Society US Corbis Image.
ឈ្មោះ​ផ្លូវការណ៍ របាំព្រះរាជទ្រព្យ
ស្ថិតក្នុងល្ខោនហ្លួង កម្រិតនៃល្ខោនថ្នាក់ខ្ពស់
ឈ្មោះសម្គាល់ របាំក្បាច់បុរាណខ្មែរ
ស្នាព្រះហស្ថ ម្ចាស់ក្សត្រីយានី

សុីសុវត្ថិ កុសមៈ

ឆ្នាំប្រកាស UNESCO ជាប់ជាសម្បត្តិ បេតិភណ្ឌ ពិភពលោក

ថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣

ជាប់ជាមរតកវប្បធម៌អរូបីយ តំណាងឱ្យមនុស្សជាតិ Intangible Cultural Heritage of Humanity.
Link

Unesco Cultural Heritage logo.svg

Royal Ballet of Cambodia-Inscribed in 2008 (3.COM)

របាំ​ព្រះ​រាជ​ទ្រព្យ​ (អង់គ្លេស: Royal Ballet of Cambodia) គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។[១] ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា (Dance of Royal Wealth) ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។[២]

ប្រវត្តិ នៃរបាំព្រះរាជទ្រព្យ[កែប្រែ]

History of Royal Ballet of Cambodia

Cambodia Classical Dance (1918-1921) photography by Léon Busy, Photo set up by banker and philanthropist Albert Kahn.

របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យកាល អាណាចក្រនគរភ្នំ ដែលកម្ពុជា បានទទួលអរិយធម៌ពី ប្រទេសឥណ្ឌា សំណង់ទីសក្ការៈជាច្រើនបានរីកដុះដាលពេញផ្ទៃប្រទេស ដែលសាងសង់ សម្រាប់ឧទ្ទិសថ្វាយដល់ ពួកទេវៈ ឬ ពួកទេវតា ការហូរចូលនូវអរិយធម៌ឥណ្ឌា មិនត្រឹមតែជាការជ្រួតជ្រាប ផ្នែក ភាសា សាសនា បដិមា សំណង់ និង ស្ថាប័ត្យកម្ម នោះទេ ថែមទាំងបញ្ជ្រាប ផ្នែកសិល្បៈរបាំផងដែរ ភស្តុតាង ដែលគេបានលើកឡើងថា របាំក្បាច់បុរាណខ្មែរ មានដើមកំណើតនៅ ស.វទី៣ នោះ គឺការកឃើញ នៅរូបចម្លាក់ស្រីរបាំ ធ្វើអំពីដីដុត ក្នុងបរិវេណ វត្តគំនូរស្ថិតនៅ ស្ថានីយ៍អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ[៣]


យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី K.557, K.600 ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នា អំពីការថ្វាយដង្វាយ នូវនាដការរបាំ ៧ នាក់ ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។[៤] ភាពដូចគ្នា ទៅនិងការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណ របស់កម្ពុជាទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក មានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។[៥]

យោងតាមកំណត់ត្រាសិលាចារឹក ប្រាសាទព្រះខ័ន ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ត្រូវនិង គ.សករាជ ១១៩១ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំ ក្រុងអង្គរធំ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ដែលសបញ្ចាក់ឱ្យឃើញថា ចក្រភពអង្គរមានភាពរីកចម្រើនយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈរបាំ ។[៦] ក្នុងនោះផងដែរ មានចម្លាក់អប្សារាជាង ១៥០០ចម្លាក់ សុទ្ធតែបានឆ្លាក់នូវក្បាច់ខុសគ្នា ដែលបង្ហាញជាអប្សរា​ច្រៀង និង​រាំ​យ៉ាង​ល្អិតល្អន់​ នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ដ៏ល្អប្រណិតក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលត្រូវបានគេជឿជាក់ថា ក្រុមរបាំអប្សារា ក្នុងរាជរបស់ព្រះអង្គអាចមានការសម្ដែង របាំអប្សរា ប្រមាណជា ៣០០០ នាក់ ។[៧]

ចម្លាក់អទិទេពរាំ[កែប្រែ]

Dance Goddess Sculpture

Dance Goddess Sculpture of Cambodia 10th century gilt bronze, Honolulu Academy of Arts

យោងតាមរូបចម្លាក់អទិទេពរាំ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ គ.សករាជ (១០០២ - ១០៥០) បានឆ្លាក់អំពី ព្រះឥសូរ (ភាសាឥណ្ឌា៖ ព្រះសិវៈ) ទ្រង់សម្ដែងកិរិយារាំ ប្រដាប់ដោយអវុធ ត្រូវបានគេឱ្យឈ្មោះថា "នាដកេស្វរៈ" (Natakesvara) ចំណែកឯប្រជាជនឥណ្ឌា បានហៅទ្រង់ថា "ស្ដេចរបាំ" (នាដតៈរាជ), (អង់គ្លេស: Nataraja), (សំស្ក្រឹត: नटराज) ភស្តុតាងទាំងអស់នេះបានសបញ្ជាក់ថា របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជ្យទ្រព្យ របស់កម្ពុជា គឺជាប្រភេទរបាំបែបសក្ការៈ ដូចនេះមិនគួរយកទៅសម្ដែងក្នុងពិធីមិនត្រឹមត្រូវឡើយ និងរឹតតែ មិនគួរយកទៅសម្ដែងនៅទីកន្លែងមិនសមរម្យនោះទេ ។[៨]

អត្ថន័យកាយវិការ នៃរបាំក្បាច់បុរាណខ្មែរ[កែប្រែ]

Gesture meaning of Khmer classical dance


របាំក្បាច់បុរាណខ្មែរ មានក្បាច់មូលដ្ឋានចំនួន ៤៥០០ ក្បាច់ ក្នុងនោះគ្រឹះនៃកាយវិការ គឺបង្កើតចេញពីធម្មជាតិ ដែលបានដកស្រង់ចេញពីច្បាប់ធម្មជាតិ នោះគឺ "វដ្តនៃជីវិត" (Life Cycle) គឺ​ជា​ដំណាក់កាល​បន្តបន្ទាប់​គ្នា​ដែល​ភាវៈរស់​ឆ្លងកាត់​ក្នុង​អំឡុង​ពេល​ជីវិត​របស់​វា មិនថា មនុស្ស រុក្ខជាតិ និងសត្វទាំងអស់ ត្រូវឆ្លងកាត់វដ្តជីវិត ដែលកើតឡើងម្ដងហើយម្ដងទៀត ។[៩] កាយវិការ នៃការរាំរបស់អ្នករបាំកម្ពុជា មិនត្រឹមតែផ្សារភ្ជាប់និងច្បាប់ធម្មជាតិនោះទេ ចិត្តវិញាណ របស់អ្នករាំក៏បានឧទ្ទិសចំពោះព្រះ (Gods) ឬ ទេវៈ (Deva) ផងដែរ ដែលការរាំរបស់ពួកគេ ជារូបភាពតំណាងនៃការបង្ហាញគោលការណ៍នៃថាមពលអស់កល្បជានិច្ច ការបង្កើត, ការវិវត្តន៍, ការអភិរក្ស, ការគាំទ្រ, ការបំភ័ន, ការដោះលែង និង សិទ្ធិ ដែលជានិមិត្តសញ្ញានៃ របាំលោហធាតុរបស់ ព្រះសិវៈ តំណាងឱ្យអន្តរកម្មនៃលំហូរថាមពលរបាំទេវភាព ។[១០]

របាំទេវភាព ទាំង៧របស់ព្រះឥសូរ[កែប្រែ]

The 7 Divine Dance of God Eyso (Shiva)

  • 1- ព្រះឥសូររាំក្នុងទម្រង់បង្កើតលោក ដោយគេឱ្យឈ្មោះថា៖ ស្រីសៈតិ (Shrishti) ដែលព្រះឥសូរបានបែងភាគជា អវតារ ទេវី ហើយរាំអបអរពេលដែរ ព្រះព្រហ្ម បានបង្កើតលោក (Dance of Creation World) ។
  • 2- ព្រះឥសូររាំក្នុងទម្រង់វិវត្តន៍លោក ដោយគេឱ្យឈ្មោះថា៖ សិវៈទណ្តវា (អានថា៖ តន់-តៈ-វា) (Shiva Tandava) ដែលព្រះឥសូរបានរាំដោយអំណាចថាមពល ធ្វើឱ្យមេឃាប្រែប្រួល នៅពេលដែល យក្ស ក្រុងរាពណ៍ (Ravana) បានច្រៀងលើកតម្កើងថ្វាយចំពោះ ព្រះសិវៈ (Dance of Evolution World) ។
  • 3- ព្រះឥសូររាំក្នុងទម្រង់អភិរក្សលោក ដោយគេឱ្យឈ្មោះថា៖ អណន្តាទណ្តវា (អានថា៖ អៈ-ណន់-តា, តន់-តៈ-វា) (Ananda Tandava) ដែលព្រះឥសូរបានរាំ ប្រកបដោយសុភមង្គល នៃកិច្ចការពារ ក្នុងចម្បាំងមហាភារតៈ របស់ពួកទេវៈ (Dance of Conservation World) ។
  • 4- ព្រះឥសូររាំក្នុងទម្រង់គាំទ្រលោក ដោយគេឱ្យឈ្មោះថា៖ គោរីទណ្តវា (Gauri Tandava) ដែលព្រះឥសូរ បានរាំជាមួយ ព្រះមហេសី របស់ខ្លួនគឺព្រះម៉ែ "ភារៈវត្តី" (Parvati) ឬ ព្រះម៉ែឧម៉ា ដើម្បីគាំទ្រលោក នូវសេចក្ដីស្នេហារបស់ទ្រង់ (Dance of Support World) ។
  • 5- ព្រះឥសូររាំក្នុងទម្រង់បំភ័នលោក ដោយគេឱ្យឈ្មោះថា៖ កល្លិកាទណ្តវា (Kalika Tandava) ដែលព្រះឥសូរ បានរាំដើម្បីបំផ្លាញអំពើអាក្រក់ និងអំពើទុច្ចរិត ដោយព្រះឥសូរបានបែងភាគជា អវតារ "កលភ័ក្រវា" (Kala Bhairava) (Dance of illusion World) ។
  • 6- ព្រះឥសូររាំក្នុងទម្រង់ដោះលែងលោក ដោយគេឱ្យឈ្មោះថា៖ សន្ធយ៉ាទណ្តវា (Sandhya Tandava) ដែលព្រះឥសូរ បានរាំដើម្បីកាន់ទុក្ខ មរណភាពមហេសីរបស់ទ្រង់គឺព្រះម៉ែ "សាទី" (Sati) ដើម្បីដោះលែងវិញាណរបស់មហេសីទ្រង់ឱ្យមានសេរីភាព (Dance of Freedom World) ។
  • 7- ព្រះឥសូររាំក្នុងទម្រង់ផ្ដល់សិទ្ធិលោក ដោយគេឱ្យឈ្មោះថា៖ សាមហារៈទណ្តវា (Samhara Tandava) ដែលព្រះឥសូរ បានរាំពេល ដែលមហេសីរបស់ទ្រង់គឺ ព្រះម៉ែសាទី (Sati) បានដុតខ្លួនឯង ហើយព្រះឥសូរ ទ្រង់ព្រះពិរោធ រាំយ៉ាងស្វាហាប់ ធ្វើឱ្យអំណាចភ្លើងឆេះឡើង ដោយខ្លាចការបំផ្លិចបំផ្លាញ នៃពិភពទាំងបី ទេវៈជាច្រើន ​បាន​អង្វរ​ព្រះអង្គ ទើប​ទ្រង់​វិល​មក​រក​ភាព​ប្រក្រតី​វិញ ដែលបានផ្ដល់សិទ្ធិរស់រានឱ្យអ្នកដ៏ទៃ (Dance of Rights World) ។

ដំណើរអ្នករបាំបុរាណខ្មែរទៅកាន់ប្រទេសបារាំង[កែប្រែ]

Journey of Cambodian Classical dancers to France

Cambodia Classical Dance painting by Auguste Rodin 1906, Photo © The Israel Museum, Jerusalem​ ​2010

ដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់ ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះបាទសម្ដេច ព្រះសុីសុវត្ថិ ក្នុងឆ្នាំ ១៩០៦ ដែលបាននាំយកអ្នករបាំបុរាណកម្ពុជា ៤២នាក់ ទៅជាមួយផងដែរ ដើម្បីសម្ដែងជូនក្រុមទេសាភិបាលបារាំង ស្របពេលដែរវិចិត្រករបារាំងម្នាក់គឺលោក "អ៊កហ្គីសតេ រូដាំង" (Auguste Rodin) បានជួបក្រុមអ្នករបាំកម្ពុជា នាទីក្រុងប៉ារីស (Paris) ដោយភាពចង់ដឹងនៃកាយវិការបាំ របស់ក្រុមរបាំកម្ពុជា លោកបានបន្តជិះរថភ្លើងទៅតាមដល់ទីក្រុងម៉ាកសី (Marseille) ដើម្បីសុំក្រុមរបាំកម្ពុជាបង្ហាញកាយវិការាំ ដើម្បីឱ្យលោកបានគូរផ្ដិតយកនូវទស្សនីយភាព កាយវិការរបាំនេះ រហូតដល់ក្រុមរបាំកម្ពុជាបានចាកចេញត្រឡប់ទៅកាន់មាតុប្រទេស នាទីក្រុងភ្នំពេញវិញ ។ ក្រោយមកលោក (Rodin) បានគូរគំនូរពណ៌ទឹកអំពីកាយវិការ អ្នករបាំបុរាណកម្ពុជាយ៉ាងតិចណាស់ ដែលមានចំនួន ១៥០ ផ្ទាំង ដោយគំនូររបស់លោក បានបន្សល់ទុកជាស្នាដៃនៃគំនូរបែបបុរាណ ដែលមានអាយុកាល ជាង ១០០ ឆ្នាំ ដែលមួយផ្ទាំងអាចមានតម្លៃជាង ១សែនដុល្លារ អាមេរិក ហើយគំនូររបស់លោក ត្រូវបានអ្នកជំនាញដាក់ដេញថ្លៃ ដើម្បីយកទៅតាំងពិពណ៌ ក្នុងសារៈមន្ទីរនាប្រទេសមួយចំនួនផងដែរ ។[១១] [១២]

ពិធីសំពះគ្រូ[កែប្រែ]

Dance Teacher Offering


ពិធីសំពះគ្រូ គឺជាពិធីសែនព្រេនដើម្បីរំលឹកដឹងគុណដល់ (ដួងព្រលឹង) របស់លោកគ្រូអ្នកគ្រូ ដែលបានមរណៈភាពកន្លងទៅ និងជាកិច្ចឧទ្ទិសចំពោះបារមីដែលឃុំគ្រងនូវចិត្តវិញាណ ក្នុងតួអង្គរបាំនីមួយៗ ដើម្បីឱ្យពួកគេសម្ដែងប្រកបដោយភាពរលូន ជឿជាក់ និង គ្មាន ឧបសគ្គរារាំង គេតែងធ្វើពិធីនេះនា ថ្ងៃព្រហស្បតិ៍ (Thursday) ដែលជាគណៈរាជគ្រូ នៃទេវៈ តំណាងឱ្យ ភពព្រហស្បតិ៍ (Jupiter) ដែលភាសាឥណ្ឌា (ហិណ្ឌី/Hindi) ហៅថា (ព្រហស្បាទី/Brihaspati) ជាអទិទេពនៃសម្លេងពិសិដ្ឋ នៅក្នុងទេវកថាគម្ពីរ (Vedic) ត្រូវបានគេចាត់ទុកថា ជាគ្រូរបស់ទេវៈជាម្ចាស់នៃប្រាជ្ញាដ៏ពិសិដ្ឋ ទេពនៃមន្តស្នេហ៍ទំនុកច្រៀងនិងជាទីប្រឹក្សាដ៏ឈ្លាសវៃរបស់ព្រះឥន្ទ្រក្នុងសង្គ្រាមប្រឆាំងនិងពួក អាសុរាផងដែរ ការប្រកាន់ជំនឿនៃការជ្រើសរើសយកថ្ងៃព្រហស្បតិ៍នេះ គេជឿថា ទេវៈនៃគណៈគ្រូ និងជួយជម្រុញចិត្តវិញាណដល់សិស្សរបាំជំនាន់ក្រោយ ឱ្យរៀនរបាំឆាប់ចេះ ឆាប់ចាំ ប្រកបដោយជំនាញច្បាស់លាស់ ។[១៣] [១៤]

គ្រឿងសក្ការៈ និង តង្វាយ[កែប្រែ]

Sacrifices and offerings

រណ្ដាប់បាយសី

  • មានបាយសី ២១ថ្នាក់, ១២ថ្នាក់, ៩ថ្នាក់, ៧ថ្នាក់, ៥ថ្នាក់, និង ៣ថ្នាក់ ប៉ាក់ឆា មួយគូ រៀបតាមលទ្ធភាព និងធនធានដែលមាន ។
  • នៅពីលើកំពូលបាយសី មានដោតពងមាន់ឆ្អិនជំនួន១គ្រាប់ និង ទានពណ៌លឿងមួយដើម ទៅតាមគ្រប់កំពូលបាយសី ដែលមានន័យបញ្ចាក់ថា កំណើតដែលកកើតឡើងជាបន្តបន្ទាប់ ប្រៀបប្រដូចនិងសិស្សរបាំ ដែលកើតមានមួយជំនាន់ហើយ មួយជំនាន់ទៀតបន្តគ្នាឥតដាច់ ។ ពេលធ្វើពិធីសំពះគ្រូចប់ តំណាំងគ្រូ និងដកយកពងមាន់ឆ្អិននោះ ឱ្យទៅសិស្សទទួលទាន ដោយគេមានជំនឿថា សិស្សរបាំ និង មានបញ្ញាឈ្លាសវៃរៀនពូកែផងដែរ ។

ការថ្វាយគ្រឿងតង្វាយ[កែប្រែ]

  • ស្លាធម៌ ១គូ, ជើងពានមានដាក់ ស្លា៥ ម្លូ៥ បារី៥
  • ទឹកឃ្មុំ ដាក់ពែង ១គូ
  • ផ្កាលាជ ដាក់ចាន ១គូ
  • ដូងខ្ចីឡៅ ១គូ
  • សំពត់អាវ អ្នករបាំ ឆ្វេងស្ដាំ
  • ទឹកអប់ ប្រេងម្សៅ គ្រឿងតែងកាយអ្នករបាំ ឆ្វេងស្ដាំ
  • ផ្លែឈើ ៧មុខ ដាក់កូនថាស ១គូ
  • បង្អែមនិងចង្អាប ដាក់កូនថាស ១គូ
  • ក្បាលជ្រូក ១គូ, មាន់១គូ, ទា១គូ, ត្រីរ៉ស់១គូ ដាក់តាមលទ្ធភាពដែលមាន ។

(ហាមដាច់ខាតការដាក់កញ្ចក់)

ការរៀបចំកិច្ចពិធី[កែប្រែ]

ការរៀបឋានៈតួអង្គ (មុខខ្មុក)

  • ខ្មុកព្រះមុនីឥសី (ថ្នាក់គ្រូធំ) គឺសម្ដេចព្រះឥសីអគ្គីនេត្រ "ភ្នែកបី" ឬ រាល់ខ្មុកដែលជាឥសី ថ្នាក់គ្រូ ត្រូវដាក់ចំកណ្ដាល ។
  • មកុដតួនាយរោង, មកុដតួនាង ត្រូវដាក់នៅខាងស្ដាំ ព្រះមុនីឥសី ។
  • ខ្មុកតួអង្គអាសុរា ត្រូវដាក់នៅខាងឆ្វេង ព្រះមុនីឥសី ។
  • មេទ័ពស្វា ហនុមាន និង ពលស្វា ត្រូវដាក់ខាងស្ដាំ ផ្នែកខាងក្រោយ ហាមដាច់ខាត ខ្មុកយក្ស និង ស្វាដាក់ជិតគ្នា ។
  • អាចារ្យជាអធិបតីក្នុងពិធីសំពះគ្រូ មាននាមជា "គ្រូហ្ម" ជាអ្នកបើកកិច្ចពិធីដោយហៅ ទេពរបាំមករាំថ្វាយ អាសនៈ ។
  • ទេពរបាំ ដែលរាំថ្វាយ អាសនៈ គឺជានាដរបាំ ដែលស្លៀកពាក់ពណ៌ស មករាំជាតំណាងឱ្យទេពរបាំ ។

បទភ្លេងសម្រាប់ថ្វាយគ្រូ[កែប្រែ]

Orchestra for royal dances Cambodia (1907) by Pierre Dieulefils postcard.
  • បទភ្លេងពិណពាទ្យដែលប្រគំសម្រាប់ថ្វាយគ្រូ មាន ៣៤បទ បទនីមួយៗប្រគំតាមកាលៈទេសៈ តាមដំណើរតួអង្គ តាមដំណើរថ្វាយ (យាងមក, យាងសោយ, យាងចាក) ។ មុនពេលថ្វាយបទនីមួយៗ តំណាងទេពរបាំ តែងប្រកាសបទ និង សូមអញ្ជើញតាមដំណាក់កាល ទើបហៅបទភ្លេងមកប្រគំថ្វាយម្ដងមួយៗ ។
  • ១.សាធុការ, ២.ប្រក់ព្រំ អញ្ជើញជាអធិបតី, ៣.ស្លឹកឈើលាស់ ៤.ពញ្ញាដើរ ឬ ស្ដេចយាង, ៥.ហក់ ឬ ឡូត, ៦.ដំណើរសត្វត្លុំ, ៧.ដំបងកល្ប, ៨.ក្អែកខ្មៅ ឬ គូរភ្ជាប់ពាក្យ, ៩.មហារិទ្ធី, ១០.រោទ៍កម្រងមាលា ៣ជាន់, ១១.ដំណើរឆ្លងសមុទ្រ, ១២.ឈានដើរ, ១៣.សន្ធឹកក្នុង, ១៤.ដំណើរសេះ, ១៥.បងអ្នករ៉ាប់រង, ១៦.ជ្វាឆ្លងប្រទេស, ១៧.ដំណើរជើត, ១៨.ជើតឈឹង ដំណើរជោគជ័យ, ១៩.បឋមវ័យ, ២០.រុករក, ២១.ជើតចាប់ ឬ ស្វាប្រចាប់, ២២.មហាជោគជ័យ, ២៣.ពរសព្ទសាធុការ, ២៤.សំពៅថយ, ២៥.លោហ៍អណ្ដែតទឹក, ២៦.ដាំដើមឈើ, ២៧.ប្រោះប្រេងម៉្សៅ, ២៨.ព្រាហ្មណ៍រើសចិញ្ចៀន, ២៩.ស្រង់ព្រះគង្គា, ៣០.សែនព្រេន, ៣១.ជ្វាបាចលាជ, ៣២.ជ័យយន្តោ ឬ នាងនាគ, ៣៣.ជើតចូលគ្រូ, ៣៤.ជើតសុង គ្រារាំ ។

ការសម្ដែងរបាំមិត្តភាព[កែប្រែ]

Friendship Dance Performance

Princess Norodom Buppha Devi dancing the Royal Ballet of Cambodia in HRH (1959) The U.S. National Archives also has a clip and mentions it was created by the United States Information Agency.

ហេតុអ្វីរបាំក្បាច់បុរាណរបស់កម្ពុជា ដាក់ឈ្មោះថា Royal Ballet of Cambodia ដែលមានន័យថា រាជរបាំបាឡេរបស់កម្ពុជា នោះដោយសារតែ ដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ទៅកាន់ សហរដ្ឋអាមេរិក ក្នុងការនាំយក របាំក្បាច់បុរាណខ្មែរ ចូលរួមក្នុងការសម្ដែងវប្បធម៌ប្រជាជាតិនៃរបាំ ទំនាក់ទំនង មិត្តភាពខ្មែរ-អាមេរិក ក្នុងឆ្នាំ 1959 ដោយគេបានប្រើឈ្មោះ របាំបាឡេរបស់កម្ពុជាមកជាតំណាង "The Ballet of Khmer-American Friendship" ដោយបែបនេះហើយទើបមានការហៅឈ្មោះបែបនេះមកដល់សព្វថ្ងៃ ។ [១៥] ១ឆ្នាំក្រោយមក ក្នុងឆ្នាំ 1960 របាំក្បាច់បុរាណខ្មែរ ក៏បន្តទៅសម្ដែងនា ប្រទេសចិន ចូលរួមវប្បធម៌ទំនាក់ទំនង មិត្តភាពខ្មែរ-ចិន ដោយប្រើឈ្មោះដដែលថា "The Ballet of Khmer-Chinese Friendship" ដូចនេះហើយទើបគេងាយស្រួលក្នុងការសម្គាល់របាំរបស់កម្ពុជា ។[១៦] នៅក្នុងអំឡុងឆ្នាំ ទស្សវតន៍ទី៦០ ដដែល ភាពល្បីល្បាញនៃរបាំព្រះរាជទរព្យ កាន់តែរីកសុះសាយទៅកាន់ ពិភពលោក ក៏ដូចជាតំបន់ក្នុងសហគមន៍ទ្វីបអុឺរ៉ុប ឬ សហភាពអឺរ៉ុប (European Union) តាមរយៈទ្រង់ នរោត្តម បុប្ផាទេវី ដែលត្រូវជាចៅរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ និង ត្រូវជាព្រះរាជបុត្រី របស់ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និងត្រូវជាព្រះរៀម របស់ព្រះបាទ នរោត្តម សីហមុនី ក្នុងការចូលខ្លួនសម្ដែងជានាដការបាំ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរផងដែរ ។ របាំព្រះរាជទ្រព្យ កាលដើមឡើយមិនមានមនុស្សប្រុសនោះទេ ព្រោះភាពល្វត់ល្វន់ទន់ភ្លន់នៃរបាំ មនុស្សប្រុសមិនអាចរាំដល់គម្រិតរបស់មុស្សស្រីនោះទេ ដែលបុរសរាំមានលក្ខណៈរឹងៗ រហូតមកដល់ជំនាន់ព្រះមហាក្សត្រីយានី កុសមៈ បានប្រែសម្រួលបន្ថែមនូវតួអង្គបុរសមួយចំនួន ដើម្បីបង្កើនអត្ថរស់ ដូចជាបញ្ចូលតួនាយរោង តួយក្ស តួស្វា និង តួព្រះមុនីឥសី...។[១៧]

គ្រឿងអលង្ការ និង សំលៀកបំពាក់អ្នករបាំ[កែប្រែ]

Dancer Jewelry & Costume


នៅក្នុងសិល្បៈគ្រឿងលំអកាយ នៃរបាំព្រះរាជទ្រព្យកម្ពុជា មាននូវការបំេពាក់នៅគ្រឿងអលង្ការ ជាច្រើនទៅតាមចរិតលក្ខណៈរបស់តួអង្គ ដែលសាងឡើងអំពីគ្រឿងមាស គ្រឿងប្រាក់ និងប្រដាប់ដោយត្បូងយ៉ាងល្អប្រណិត គ្រឿងអលង្ការដែលពាក់លំអកាយទៅលើអ្នករបាំមិនត្រឹមតែជាគ្រឿងពាក់ដើម្បីតែភាពស្រស់ស្អាតនោះទេ វាថែមទាំងមានបង្កប់នូវអត្ថន័យជាតំណាងផងដែរ ។ នៅក្នុងកំណត់ត្រាលោក Malcolm MacDonald លោកបានសរសរក្នុងសៀវភៅកំហេតុរបស់លោក ដែលលោកបានភ្ញាក់ផ្ញើយ៉ាងខ្លាំង ពេលដែលលោកបានទស្សនា របាំក្បាច់បុរាណកម្ពុជា ក្នុងឆ្នាំ 1948 ក្នុងរាជព្រះបាទ នរោត្ដម សីហនុ សិល្បៈករកម្ពុជារាំជាមួយនិង គ្រឿងអលង្ការ មាសនិងប្រាក់យ៉ាងល្អប្រណិត ដែលមើលទៅប្រកបដោយភាពទាក់ទាញនិងមានមន្តស្នេហ៍ ហើយវាធ្វើឱ្យខ្ញុំមានពន្លឺគិតដល់ចន្លោះពេល ពីអតីតកាល និងបច្ចុប្បន្ន ដែលថ្នក់ចិត្តនៃប្រវត្តិសាស្ត្រជនជាតិខ្មែរ ដែលផ្សារភ្ជាប់ភាពទំនើបបច្ចុប្បន្ន ដែលមកពីភាពបុរាណកាលនាសម័យអង្គរ ។[១៨]

ហេតុអ្វីអ្នករបាំត្រូវពាក់មកុដ? តើមកុដគឺជាអ្វី?[កែប្រែ]

Why do dancers wear a crown? What is a crown?

បានជាអ្នករបាំត្រូវពាក់មកុដ ព្រោះមកុដគឺជានិមិត្តសញ្ញាបង្ហាញពីឋានៈនិងភាពស្ដុកស្ដម្ភរបស់តួអង្គ ដើម្បីឱ្យគេងាយស្រួលក្នុងការសម្គាល់តួអង្គ ថាតើជាតួអង្គតំណាងឱ្យ ស្ដេច ព្រះនាង ឬ ទេវតា ។ តើមកុដគឺជាអ្វី ? ៖ មកុដគឺជា ព្រះមាលា (មួក/Hat) ដែលមានរាង្គជារាងកោណធ្វើពីគ្រឿងមាស និង គ្រឿងប្រាក់ ហើយមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែលមានឋនៈខ្ពង់ខ្ពស់ ប្រកបដោយភាពស្ដុកស្ដម្ភ ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ (Mount Meru) ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬ ពួកទេវតា ដែលមានតាំងពីបុរាណកាល ចារជាចំណារតរៀងមក ។[១៩]

ឯកសារយោង[កែប្រែ]

  1. Krum Juṃnuṃ Daṃniam Damlâp Khmaer (1964) Rapāṃ prajāpriy khmaer, Publisher: Buddhasāsana Paṇḍity, Original from the University of Michigan p.155
  2. Valdimar Tr Hafstein (2004) The Making of Intangible Cultural Heritage: Tradition and Authenticity, Community and Humanity, Publisher: University of California, Berkeley, Original from the University of California. p.520
  3. Bhnaṃ Beñ (1964) Rapāṃ prajāpriy khmaer, Publisher: Khmer Tradition Church, Buddhist Academy of Cambodia, Notes: In Khmer. Added t.p. in French: Danses populaires au cambodge / d'après les travaux d'ʹetudes et de recherches de la Commission des Moeurs et Coutumes, Description: v, 155, x pages : illustrations ; 24 cm, OCLC Number: 54233456
  4. Dr. Vong Sotheara (2003) Inscriptions of Cambodia: Pre-Angkorian period Archived 2021-06-06 at the វេយប៊ែខ ម៉ាស៊ីន., Publisher: Royal University of Phnom Penh p.216 ISBN: 9789996328244
  5. Martin Banham, James R. Brandon (1995) The Cambridge Guide to Theatre, Publisher: Cambridge University Press p.1233 ISBN: 0521434378
  6. Ly Davavuth (2001) Cultures of independence : an introduction to Cambodian fine arts and culture in the 1950s and 1960s, Publisher: Reyum Institute of Arts and Culture p.358 ISBN: 158886037X
  7. Beverley Palmer, Rough Guides (Firm) (2002) The Rough Guide to Cambodia, Publisher: Rough Guides p.354 ISBN: 1858288371
  8. Bijan Raj Chatterjee (1970) Studies in Asian History and Culture: Presented to Dr. B. R. Chatterji on His Eightieth Birthday, Publisher: Meenakshi Prakashan, Original from the University of Michigan p.215
  9. William H. Durham (1998) Annual Review of Anthropology, Publisher: Annual Reviews, Incorporated p.577 ISBN: 0824319273
  10. Denise Heywood (2008) Cambodian Dance: Celebration of the Gods, Publisher: River, Original from the University of Michigan p.144 ISBN: 9749863402
  11. Auguste Rodin, Ernst-Gerhard Guse (1985) Auguste Rodin, Drawings and Watercolors, Contributor: Westfälisches Landesmuseum für Kunst und Kulturgeschichte Münster, Publisher: Rizzoli, Original from the University of Michigan p.357 ISBN: 0847806251
  12. Auguste Rodin, Jacques Vilain (2006) Rodin and the Cambodian Dancers: His Final Passion, Publisher: Editions du Musée Rodin p.179 ISBN: 2901428959
  13. Xenia Zarina (1967) Classic Dances of the Orient, Publisher: Crown Publishers p.232
  14. Astrological Magazine (1973) Astrological Magazine, Volume 62, Issues 7-12, Publisher: Original from the University of California.
  15. Paul Cravath (2007) Earth in Flower: The Divine Mystery of the Cambodian Dance Drama, Publisher: DatAsia, Original from the University of Michigan p.514 ISBN: 1934431281
  16. Toni Shapiro (1994) Dance and the Spirit of Cambodia, Publisher: Cornell University, and the University of Michigan p.470 ISBN: 978-0804845168
  17. Toni Samantha Phim, Ashley Thompson (1999) Dance in Cambodia, Publisher: Oxford University Press, Original from the University of Michigan p.91 ISBN: 9835600597
  18. John Hoskin (1992) Cambodia: A Portrait, Publisher: Asia Books, Original from the University of Michigan p.200 ISBN: 9748303063
  19. Julio A. Jeldres (1999) The Royal Palace of Phnom Penh and Cambodian Royal Life, Publisher: Post Books, Original from the University of Michigan p.132 ISBN: 9742020477