រីម គីន
រីម គីន | |
---|---|
កើត | បាក់ទូក ក្នុងសង្កាត់ទី៥ នៃaក្រុងភ្នំពេញ កម្ពុជា | 8 វិច្ឆិកា 1911
អាជីព | អ្នកនិពន្ធរឿងប្រលោមលោក |
សញ្ជាតិ | ខ្មែរ |
សាលាចាស់ | សាលាភូមិន្ទរដ្ឋបាល |
ស្នាដៃចំបងៗ | រឿងសូផាត |
ពន្ធភាព | នាងសិន ហៅ ស៊ីមន |
ជីវប្រវត្តិ
[កែប្រែ]រីមគីន កើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩១១ នៅបាក់ទូក ក្ក្នុងសង្កាត់ទី៥ នៃក្រុងភ្នំពេញ។ បិតាមានតួនាទីចុងក្រោយមុនចូលនិវត្តន៍ជា ចៅហ្វាយខេត្តកំពង់ស្ពឺ នាមគីម, មាតានាម សោ។ កាលលោកនៅជាកុមារ មានឈ្មោះហៅថា «ពន្លក»។ លោកបានរៀបការជាមួយកូនស្រីលោកចៅក្រមស្រីនាមនាងសិន ហៅ ស៊ីមន នៅថ្ងៃពុធទី១៦ ខែមករា ឆ្នាំ១៩៣៥។
កាលនៅពីក្មេង
[កែប្រែ]កុមារពន្លក បានរៀនសូត្រដំបូងនៅវត្តស្វាយដង្គុំ ក្នុងសំណាក់លោកគ្រូ សាំងជាមា។ កុមារពន្លកបានរៀនអានសត្រាច្បាប់និងសត្រារឿងជាច្រើន។ ក្នុងជីវភាពនៅវត្ត កុមារពន្លកបានក្រេបរសជាតិពុទ្ធសាសនា និងស្គាល់ជីវភាពនៅវត្តបានច្បាស់លាស់។ ដល់អាយុ១០ឆ្នាំ បានទៅចុះឈ្មោះរៀននៅសាលាដែលបារាំងបានបង្កើត។ កុមារពន្លកបានផ្លាស់ឈ្មោះថា កាំង បានចូលរៀនថ្នាក់កុមារដ្ឋាននៅសាលា ឌូដាដឺឡាគ្រេ។ តែដល់ក្រោយមកដោយមេឃុំសរសេរឈ្មោះខុស គិមកាំង ប្រែក្លាយទៅជា រីម គីន វិញ។ រីម គីន បានរៀនចប់នៅសាលា ឌូដាដឺឡាគ្រេ ហើយប្រលងចូលរៀននៅអនុវិទ្យល័យស៊ីសុវត្ថិ នៅឆ្នាំ១៩២៩។
ជីវិតការងារ
[កែប្រែ]កាលបើបញ្ចប់ការសិក្សានៅថ្នាក់ទី៤ ហើយលោក រីម គីន ចូលធ្វើការជាគ្រូបង្រៀនជាដំបូងនៅខេត្តបាត់ដំបង។ មួយឆ្នាំក្រោយមកបានផ្លាស់មកភ្នំពេញវិញ។
ក្នុងខែកញ្ញាឆ្នាំ១៩៣៤ លោកមានតួនាទីជាអនុរក្សនៅអនុវិទ្យាល័យស៊ីសុវត្ថិ។ បន្ទាប់មកបានទៅបង្រៀននៅសាលាចាក់អង្រែ។ ក្នុងឆ្នាំ១៩៤៦ រាជការបានផ្លាស់លោកឲ្យទៅបង្រៀននៅសាលាមុនីវង្ស រហូតដល់ឆ្នាំ១៩៤៧បានផ្លាស់មកភ្នំពេញហើយបានបង្រៀននៅសាលាគរុវិជ្ជា ហើយលោកធ្លាប់បានបង្រៀនភាសាខ្មែរនៅ សាលានាយទាហាន, សាលាដេកាត (១៩៥៥-១៩៥៦) ហើយនិង សាលាភូមិន្ទរដ្ឋបាល (១៩៥៧)។
ជីវភាពជាអ្នកនិពន្ធ
[កែប្រែ]សដោយបានរៀនមើល រៀនស្ដាប់ រៀនសង្កេត រៀនពិចារណា រៀនជ្រើសរើស រៀនសរសេរផង លោករីម គីន បានបណ្ដុះចំណេះលោកជាមួយសៀវភៅបរទេស ជាពិសេសសៀវភៅបារាំង។ លោកមាននិស្ស័យក្នុងសំណេរតាំងពីអាយុជិត១៨ឆ្នាំ គឺពេលចូលរៀនក្នុងអនុវិទ្យាល័យស៊ីសុវត្ថ ក្នុងឆ្នាំ ១៩២៩-១៩៣០។ អនុវិទ្យាល័យស៊ីសុវត្ថិ ជា«អនុវិទ្យាល័យឥណ្ឌូចិន» ហើយសម្បូណ៌សិស្សយួនមិនចាញ់សិស្សខ្មែរទេ។ ពិតមែនតែពេលនោះប្រទេសយួនឋិតក្នុងនឹមអាណានិគមបារាំងក៏ដោយ ក៏ប្រទេសគេមានអ្នកនិពន្ធច្រើន ហើយសៀវភៅបោះពុម្ពផ្សាយទៀតក៏មានមិនតិចដែរ។ នៅតាមផ្លូវប្រជុំជនក្នុងរាជធានី សៀវភៅចិនយួនមានលក់ពាសពេញ។ ដោយពុំអាចទ្រាំខ្មាស់ជាតិគេតទៅទៀតបាន យុវសិស្សរីម គីន ក៏ហាត់សរសេរបន្តិចម្ដងៗ ពីទេសភាពខ្លះ ពីមនោសញ្ចេតនាខ្លះ ជាពាក្យកាព្យ ហើយតែងយកមកអានធ្វើបទនៅពេលចេញលេងឬនៅពេលយប់។ ជំនក់ចិត្តក្នុងសំណេរបណ្ដាលឲ្យការសិក្សាទូទៅថយល្បឿន។ មិត្តភក្តិលោកតែងចំអកឡកឡឺយដាក់លោកហើយឲ្យងារជា «ប៉ូអែត»។ លោកមានគំនិតចង់ប្រែរឿងរបស់ «ម៉ូលីយែរ»។ ទោះបីគេចំអកយ៉ាងណាក៏ដោយ ក៏លោកពុំខឹងនឹងគេដែរ។ ផ្ទុយទៅវិញចិត្តជំនក់ក្នុងសំណេរបានដុតរោលលោកយ៉ាងខ្លាំង។ លោកសាក់ល្បងយក«រឿងចៅក្ដាំងបាយ» មករចនាសរសេរជាថ្មីនៅពេលដែលលោករៀននៅឆ្នាំទី៣។ រួចលោកយកស្នាដៃនេះទៅបង្ហាញសាស្ត្រាចារ្យខាងខ្មែររបស់លោក ព្រមទាំងទទួលសេចក្ដីសរសើរដ៏រំភើបទៀតផង។
មុនពេលចេញធ្វើការជាក្រុមប្រឹក្សា សុខភាពបានតម្រូវឲ្យលោកចូលព្យាបាលក្នុងមន្ទីរពេទ្យ។ ពេលនោះលោកចាប់ផ្ដើមសរសេរ «រឿងសេនាកំសត់» បានមួយផ្នែក លុះដល់ឆ្នាំ១៩៥១ ទើបសរសេរបញ្ចប់ដោយមានការកែប្រែឆ្ងាយពីគំនិតដើម។ នៅបាត់ដំបងលោក «បាននឹកចង់បង្កើត-ឡាវ៉ា-ឬ-មនុស្សកំណាញ់របៀបខ្មែរ» ហើយក៏បានសម្រេច។ នៅភ្នំពេញក្រោយពី «រឿងខ្ញុំ» មក លោកបានសរសេររឿង «ឲ្យស្គាល់...» ជាពាក្យកាព្យទៀត។
ស្នាដៃ
[កែប្រែ]នៅដំណាច់ឆ្នាំសិក្សា ១៩៣៣-១៩៣៤ សិស្សសាលាចេះរៀបចំលេងល្ខោនជាលើកដំបូងបំផុត ដើម្បីទុកជាអនុស្សាវរីយ៍មុនពេលលាចាកអនុវិទ្យាល័យ។ លោកក៏បានសរសេរ «រឿងកូនអ្នកកាប់ឱស» ជាពាក្យកាព្យដើម្បីយកទៅស្ដែង។
ក្រោយពីពិភាក្សាជាមួយមិត្តភក្តិខ្លះៗមក និងដោយយល់អត្ថប្រយោជន៍របស់ភាសាសំរាយ លោកក៏បានសរសេររឿងខ្លីៗ ដែលក្រោយមកបានជួបមហាជនតាមរយៈសម្លេង «វិទ្យុកម្ពុជា» និងតាមទស្សនាវដ្ដី «រាត្រីថ្ងៃសៅរ៍»។
នៅគ.ស. ១៩៣៧ លោកបានសរសេររឿងល្ខោនមួយឈ្មោះ «មនុស្សគមទាំង៤» ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ «សមាគមសិស្សចាស់និងមិត្តនៃអនុវិទ្យាល័យនិងវិទ្យាល័យស៊ីវុត្ថិ» សម្រាប់យកទៅលេងល្ខោន។
នៅគ.ស. ១៩៣៨ លោកបានចាប់សរសេរ «រឿងសូផាត»។ តាមសេចក្ដីស្នើសុំរបស់អ្នកនិពន្ធ, គណៈរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យបោះពុម្ព។ ដោយខ្វះប្រាក់ ក្នុងឋានៈលោកជាសមាជិកម្នាក់នៃ «សមាគមសិស្សចាស់និងមិត្តនៃអនុវិទ្យាល័យនិងវិទ្យាល័យស៊ីវុត្ថិ», លោកបានខ្ចីប្រាក់ពីហិបសមាគមចំនួន ៣០០រៀល ដើម្បីយកទៅបោះពុម្ពរឿងសូផាត។ ខែមករា ឆ្នាំ១៩៤២ បាននាំរឿងសូផាតពីរោងពុម្ព «មាន់សាន់» នៅ ច្រើឡឺង (ប្រទេសវៀតណាមខាងត្បូង) ចំនួន ២.០០០ក្បាល មកដល់ប្រទេសកម្ពុជា។ ប្រលោមលោកទី១របស់ខ្មែរបានអង្រួនស្មារតីអ្នកអានពេញទាំងផ្ទៃប្រទេសនិងក្រៅប្រទេស។ សេចក្ដីសរសើរមកពីគ្រប់ទិសទី បានធ្វើដំណើរជោគជ័យដ៏ត្រចះត្រចង់មកស្រោបដួងព្រលឹងអ្នកនិពន្ធ រីម គីន។ សៀវភៅចំនួនពីរពាន់ក្បាលបានត្រូវមហាជនស្រូបអស់ពីបណ្ណាគារ តែក្នុងរយៈ៦ខែប៉ុណ្ណោះ។ អ្នកនិពន្ធរីម គីន បានយកប្រាក់ទៅសងសមាគមវិញ ហើយចំណេញបានកង់មួយ។ ពេលនោះរាជការបានប្រគល់គ្រឿងឥស្សរយសមុនីសារភណ្ឌដល់អ្នកនិពន្ធ។ តមកទៀតលោកបាននិពន្ធ «រឿងនាងសមាភាវី» ក្នុងឆ្នាំ១៩៤៣។ ក្រៅពីនេះលោកបានប្រែរឿងមួយឈ្មោះ «អ្នកត្រកូលខ្ពស់ម្នាក់ជាអ្នកក្រ»។ ក្នុងឆ្នាំ ១៩៤៤-១៩៤៥ លោកបានតែងរឿងល្ខោនមួយតាមលំនាំលោក «មូលីយែរ» គឺ «រឿងអ្នកកុដុម្ពីកមន្ត្រីកិត្តិយស» ដែលសិស្សសាលាគរុវិជ្ជាបានយកទៅស្ដែងក្នុងឱកាសបុណ្យកថិនម្ដង និងក្នុងរាត្រីសមោសរម្ដង។ រឿងល្ខោនឯទៀតដែលលោកនិពន្ធគឺ៖ «ថ្លាងធ្លុះធ្លាយ, ក្បាលគ្នាទំពែកទេ, កម្លោះអាយុ៥០ឆ្នាំ»។ ក្នុងឆ្នាំ១៩៤៦ នៅឱកាសបោះឆ្នោតតំណាងរាស្ត្រ ដើម្បីរដ្ឋសភាពទី១ លោកបានសរសេររឿងមួយទៀតយកទៅស្ដែងក្នុងការឃោសនាគណបក្សប្រជាធិបតេយ្យ គឺ «រឿងគុន វុឌ្ឍី»។ រឿងមួយទៀតគឺ «រឿងវិស្សមកាល» បានសរសេរនិងស្ដែងឡើងនៅក្នុងរាត្រីសមោសរជួយសង្គហនិស្សិតខ្មែរ។
ក្នុងឆ្នាំ១៩៤៧ «រឿងចិត្តចងចាំ» បានត្រូវសរសេរនិងយកទីស្ដែងក្នុងរាត្រីសមោសរមួយ ហើយបានយកទៅប្រលងជាប់លេខមួយ។ «រឿងប្លង់តុងងោក» របស់លោក ញឹក នូ ជាប់លេខ២។ រឿងវិស្សមកាលរបស់លោក ជាប់លេខ៣។ ក្នុងឆ្នាំ១៩៤៨ លោកបានសរសេររឿងល្ខោនមួយទៀតមានចំណងជើងថា «លួចស្រលាញ់លួចកើតទុក្ខ» បានត្រូវសិស្សសាលាគរុវិជ្ជាយកទៅសម្ដែងម្ដងហើយ នៅឆ្នាំ១៩៥៦សមាគមអ្នកនិពន្ធខ្មែរបានយកទៅសម្ដែងនៅក្បាលថ្នល់ នៅតាខ្មៅ និងនៅភ្នំពេញ។
ក្នុងឆ្នាំ១៩៤៩ លោកបានសរសេររួចស្រេចនូវ «រឿងក្លាហាន» បោះពុម្ពផ្សាយនៅឆ្នាំ១៩៥៣។ «ស្ត្រីកំព្រា» បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៥១។ ក្នុងឆ្នាំ១៩៥០ទៀត «ទឹងមមឹង» បានសរសេរហើយ រួចបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៥៣ «រឿងរាជកុមារ» ក៏បានសរសេរដែរ តែឥតបានបោះពុម្ព។
ឆ្នាំ១៩៥១ បានកន្លងទៅលោកបាននិពន្ធ «រឿងនាងរតននារី» ឆ្នាំ១៩៥២ រឿងមើលព្រះចន្ទ, រឿងសមាភាវី និង រឿងពលហង្ស។ ឆ្នាំ១៩៥៣ ក៏ពុំអាចបំភ្លេច «រឿងឈាមរកឈាម» និង «រឿងសេនាកំសត់» ដែរ។ ក្រៅពីនេះលោកបានសរសេររឿងជាច្រើនទៀតដែលបាត់បង់ទៅ។ ផ្នែករឿងប្រែ លោកបានបកប្រែ «រឿងឡឺស៊ិត» (Le Cid) និង «គ្មានគ្រួសារ» (Sans famille) របស់លោក គរណី (Corneille) និង ហិចទ័រ ម៉ាឡូ (Hector Malot)។ លោកបានប្រែរឿង «សមាភាវី» ជាបារាំងដែល «បារេ» សន្យាថាយកទៅបោះពុម្ពនៅប្រទេស តែរហូតមកដល់សព្វថ្ងៃរឿងនេះមិនទាន់បានបោះផ្សាយនៅឡើយទេ។
មិនត្រឹមតែយកចិត្តទុកដាក់លើសំណេរទេ សមាគមណាក៏ដោយឲ្យតែទាក់ទងទៅនឹងសកម្មភាពពង្រីកអក្សរសាស្ត្រជាតិ លោករីម គីន ចូលជួយជានិច្ចដូចជាសមាគមមិត្តសាលាបាលី, សមាគមអ្នកនិពន្ធខ្មែរ ជាដើម។
ស្នាដៃរបស់លោក
[កែប្រែ]- រឿងសូផាត (បោះពុម្ពនៅឆ្នាំ ១៩៣៨)
- រឿង ចិត្តចងចាំ (បោះពុម្ពនៅឆ្នាំ ១៩៤៨)
- រឿង ស្ត្រីកំព្រា (បោះពុម្ពនៅឆ្នាំ ១៩៥១)
- រឿង មើលព្រះចន្ទ (បោះពុម្ពនៅឆ្នាំ ១៩៥២)
- រឿង នាងសមាភាវី (បោះពុម្ពនៅឆ្នាំ ១៩៥២)
- រឿង ពលវង្សា (បោះពុម្ពនៅឆ្នាំ ១៩៥៣)
- រឿង ក្លាហាន (បោះពុម្ពនៅឆ្នាំ ១៩៥៣)
- រឿង នាង រតននារី (ពាក្យកាព្យឆ្នាំ ១៩៣៨)
- រឿង ឈាមរកឈាម(ពាក្យកាព្យឆ្នាំ ១៩៣៨)
- រឿង រៀនមិនពន្យល់(ពាក្យកាព្យឆ្នាំ ១៩៣៨)
រឿង ជុំទាវយូ
អនិច្ចកម្ម
[កែប្រែ]លោករីម គីន បានទទួលអនិច្ចកម្មនៅថ្ងៃទី២៨[១] ខែមករា ឆ្នាំ១៩៥៩ ដោយរោគរលាកស្រោមខួរ ហើយពិធីឈាបនកិច្ចសពបានប្រព្រឹត្តិទៅយ៉ាងឧឡារឹកនៅថ្ងៃ៣១ ខែមេសា នៅឈាបនដ្ឋានឧណ្ណាលោម ក្រោមអធិបតីលោក ចៅ សេង រដ្ឋលេខាធិការក្រសួងអប់រំជាតិ និងលោក ហែល ស៊ុំផា ប្រធានសមាគមអ្នកនិពន្ធខ្មែរ។
ឯកសារយោង
[កែប្រែ]- សៀវភៅអ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី, លោកលីធាមតេង, ឆ្នាំ១៩៧២
- សៀវភៅ អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ ដោយលោក ឃីង ហុកឌី
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- ជីវប្រវត្តិលោក រីម គីន លើគេហទំព័រ ឆន្ទះខ្មែរ