Jump to content

សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ នៃសហរាជាណាចក្រ

ពីវិគីភីឌា
សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២
រជ្ជកាល៦ កុម្ភៈ ១៩៥២ – ​៨ កញ្ញា ២០២២
រាជាភិសេក២ មិថុនា ១៩៥២
មុនព្រះម្ចាស់ចចទី ៦
អ្នកស្នងរាជសម្បត្តិឆាលស៍ទី៣
នាយករដ្ឋមន្ត្រីមើលបញ្ជី
ប្រសូត២១ មេសា ១៩២៦
ផ្ទះលេខ ១៧, ផ្លូវប៊្រូតុន, មេយ៍ហ៊្វែរ
ទីក្រុងឡុងដ៍ សហរាជាណាចក្រ
សុគត៨ កញ្ញា ២០២២ (ព្រះជន្មាយុ ៩៦ វស្សា)
វិមានបាលម៉ូរ៉ាល, អាប៊ែរឌីនស្យារ, ស្កុតឡិន
ព្រះរាជស្វាមីព្រះអង្គម្ចាស់ភីលីព ឌុកនៃអេឌីនបឺក
(អភិ. ២០ វិច្ឆិកា ១៩៤៧; ទិវង្គត ៩ មេសា ២០២១)
ព្រះរាជឱរស-ធីតា
ព្រះនាម
អេលីហ្សាប៊ែត អាឡិចសាន់ដ្រា ម៉ារី វីនដ៍ស័រ
(Elizabeth Alexandra Mary Windsor) []
រាជវង្សវិនដ៍ស័រ
បិតាសម្តេចព្រះម្ចាស់ចចទី ៦ នៃសហរាជាណាចក្រ
មាតាសម្តេចព្រះរាជិនីអេលីហ្សាបិត ព្រះរាជជននី
ព្រះហត្ថលេខាសម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២'s signature

សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ នៃសហរាជាណាចក្រ (ភាសាអង់គ្លេស៖ Elizabeth II, ២១ មេសា ១៩២៦ – ៨ កញ្ញា ២០២២) ជាព្រះមហាក្សត្រិយានីនៃសហរាជាណាចក្រពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រជ្ជកាលរយៈពេល ៧០ ឆ្នាំ និង ២១៤ ថ្ងៃរបស់ទ្រង់ត្រូវបានគេចាត់ទុកថាជារជ្ជកាលដ៏វែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសអង់គ្លេស និងយូរបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្ររាជានិយមពិភពលោក។ នៅក្នុងថ្ងៃចូលទិវង្គត សម្តេចអេលីហ្សាប៊ែតគឺជាព្រះមហាក្សត្រិយានីនៃសហធនរដ្ឋចំនួន ១៤ ផ្សេងទៀតបន្ថែមពីលើសហរាជាណាចក្រ។

អេលីហ្សាប៊ែតទ្រង់ព្រះរាជប្រសូតនៅមេយ៍ហ្វ៊ែរ រាជធានីឡុងដ៍ ប្រទេសអង់គ្លេស ហើយត្រូវជាបុត្រដំបូងរបស់សម្តេចចៅពញានៃយ៉ក (ដែលក្រោយមកឡើងសោយរាជ្យមាននាមថា ចចទី៦ និងមហាក្សត្រីអេលីហ្សាប៊ែត)។ ព្រះរាជបិតា​របស់​ព្រះអង្គបានឡើងសោយរាជ្យបន្តពីបងប្រុសរបស់ទ្រង់ព្រះនាមអេដវើដទី៨ នៅក្នុងឆ្នាំ១៩៣៦ ហើយចាប់ពីពេលនោះមកព្រះអង្គក៏បានជាក្លាយអ្នកស្នងរាជសម្បត្តិបន្តពីព្រះបិតាទ្រង់។ ទ្រង់ត្រូវបានទទួលការអប់រំឯកជននៅក្នុងព្រះរាជដំណាក់ និងបានចាប់ផ្តើមបំពេញភារកិច្ចរដ្ឋក្នុងអំឡុងសង្គ្រាមលោកលើកទី២។ នៅឆ្នាំ១៩៤៧ ទ្រង់បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ហ្វីលីព អតីតព្រះអង្គម្ចាស់នៃប្រទេសក្រិក និងដាណឺម៉ាក ហើយទ្រង់ទាំងពីរប្រសូតបានបុត្រចំនួនបួនអង្គ៖ ព្រះអង្គម្ចាស់ឆាលស៍ អង្គម្ចាស់នៃវេលស៍, ព្រះនាងអែន ព្រះរាជកុមារី, ព្រះអង្គម្ចាស់អេនឌ្រូ សម្តេចចៅពញានៃយ៉ក និង ព្រះអង្គម្ចាស់អេដវើដ អឺលនៃវ៉េសសេក្ស

ពេលព្រះរាជបិតារបស់ព្រះអង្គបានចូលព្រះទិវង្គតនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥២ អង្គម្ចាស់អេលីហ្សាប៊ែត (កាលនុះជន្មាយុ ២៥ ព្រះវស្សា) ក៏បានក្លាយជាប្រមុខនៃចក្រភព និងសម្តេចព្រះរាជិនីនាថនៃសហធនរដ្ឋឯករាជ្យចំនួន ៧ រួមមាន៖ សហរាជាណាចក្រ កាណាដា នូវែលសេឡង់ អា​ហ្វ្រិកខាងត្បូង ប៉ាគីស្ថាន និងស៊ីឡង់។ អេលីហ្សាប៊ែតបានសោយរាជ្យជាព្រះមហាក្សត្រិយានីក្នុងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយទ្រង់បានជួប និងឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនដូចជា៖ វិបត្តិនៅអៀរឡង់ខាងជើង ការដកអាណានិគមកិច្ចពីទ្វីបអាហ្វ្រិក ពិធីទទួលសហរាជាណាចក្រជាសមាជិកនៃសហគមន៍អឺរ៉ុប និងការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប។ល។ ចំនួនដែនដីដែលស្ថិតនៅក្រោមរជ្ជកាលព្រះអង្គតែងតែមានការប្រែប្រួលព្រោះដែនដីទាំងអស់នោះមានខ្លះបានទទួលឯករាជ្យ និងខ្លះបានប្តូរមកកាន់របបសាធារណរដ្ឋ។ ដំណើរទស្សនកិច្ច និងកិច្ចប្រជុំសំខាន់ៗនៅក្រៅប្រទេសរបស់ព្រះអង្គមានដូចជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅឆ្នាំ១៩៨៦ រុស្ស៊ីក្នុងឆ្នាំ១៩៩៤ សាធារណរដ្ឋអៀរឡង់ក្នុងឆ្នាំ២០១១ និងជំនួបជាមួយសម្ដេចប៉ាបប្រាំអង្គ។

ព្រឹត្តិការណ៍សំខាន់ផ្សេងៗនៅក្នុងដំណើរជីវិតទ្រង់រួមមាន៖ ពិធីរាជាភិសេកនៅក្នុងឆ្នាំ១៩៥៣ និងការប្រារព្ធខួបប្រាក់ មាស និងពេជ្រ និងប្លាទីន (ជូប៊ីលីស) នៅក្នុងឆ្នាំ១៩៧៧ ២០០២ ២០១២ និងឆ្នាំ២០២២ រៀងៗគ្នា។ នៅឆ្នាំ២០២១ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៧៣ ឆ្នាំ ព្រះអង្គម្ចាស់ហ្វីលីពដែលជាព្រះរាជស្វាមីរបស់ទ្រង់បានចូលទិវង្គតក្នុងព្រះជន្មាយុ ៩៩ វស្សា។

សម្តេចព្រះរាជិនីអេលីហ្សាប៊ែតគឺជាព្រះមហាក្សត្រអង់គ្លេសដែលមានព្រះជន្មាយុយូរជាងគេ ប្រមុខរដ្ឋស្ត្រីដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ព្រះមហាក្សត្រដែលមានព្រះជន្មចាស់ជាងគេនៅលើពិភពលោក ព្រះមហាក្សត្របច្ចុប្បន្នដែលសោយរាជ្យយូរជាងគេ និង ប្រមុខរដ្ឋបច្ចុប្បន្នដែលចំណាស់ជាងគេនិងមានអាយុកាលវែងជាងគេ។ ព្រះរាជិនីអេលីហ្សាប៊ែតធ្លាប់បានប្រឈមមុខ និងរិះគន់ដោយអ្នកសាធារណរដ្ឋនិយម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសបន្ទាប់ពីការបែកបាក់អាពាហ៍ពិពាហ៍របស់ព្រះរាជឱរសនិងព្រះរាជធីតារបស់ព្រះអង្គ តែទោះយ៉ាងណាក្តី ការគាំទ្ររបបរាជានិយមនៅចក្រភពអង់គ្លេសនៅមានកម្រិតខ្ពស់ជានិច្ច ក៏ដូចជាប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់ទ្រង់។

ឯកសារយោង

[កែប្រែ]
  1. Her full name can be seen on her marriage certificate, which is signed by both her and her father.