សង្គ្រាមលោកលើកទី២
សង្គ្រាមលោកលើកទីII ជាសង្គ្រាមសាកល ដែលគេសន្មតថា កើតឡើងពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥ បើទោះជាជម្លោះប្រដាប់អាវុធជាច្រើនបានកើតមានមុននេះ។ វាជាសង្គ្រាមប្រឆាំងគ្នា រវាងក្រុមសម្ព័ន្ធមិត្ត (Allies) និងមហាអំណាចអ័ក្ស (Axis)។ វាជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមនុស្សជាង១០០លាននាក់បានចូលរួមដោយផ្ទាល់ មកពីជាង៣០ប្រទេស និងបណ្ដាលឲ្យមនុស្សស្លាប់ប្រហែល៥០ – ៨៥លាននាក់ ជាជម្លោះយោធាដ៏ប្រល័យបំផុតក្នុងប្រវត្តិមនុស្សជាតិ។
ចក្រភពជប៉ុនមានគោលបំណងចង់គ្របតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងបានផ្ដើមសង្គ្រាមរួចទៅហើយជាមួយនឹងសាធារណរដ្ឋចិនក្នុងឆ្នាំ១៩៣៧ ប៉ុន្តែសង្គ្រាមលោកត្រូវបានគេនិយាយជាទូទៅថា បានចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ក្រោយពីអាល្លឺម៉ង់បានឈ្លានពានប៉ូឡូញ និងមានការប្រកាសសង្គ្រាមប្រឆាំងនឹងអាល្លឺម៉ង់ជាបន្តបន្ទាប់ ដោយបារាំង និងចក្រភពអង់គ្លេស។
ចុងឆ្នាំ១៩៣៩ និងដើមឆ្នាំ១៩៤១ មានយុទ្ធនាការនិងសន្ធិសញ្ញាជាបន្តបន្ទាប់ ដើម្បីបែងចែកដែនអំណាចគ្នា ដោយអាល្លឺម៉ង់គ្រប់គ្រងភាគច្រើននៅទ្វីបអឺរ៉ុប និងបង្កើតជាសម្ពន្ធភាពអ័ក្ស ជាមួយអ៊ីតាលី និងជប៉ុន។ ក្រោមកតិកាសញ្ញា Mototov-Ribbentrop សីហា ឆ្នាំ១៩៣៩ គឺអាល្លឺម៉ង់ និងរុស្សីបានពុះចែក និងបញ្ចូលដែនដីប្រទេសជិតខាងអឺរ៉ុបជាផ្នែកមួយនៃប្រទេសខ្លួន។ សង្គ្រាមបានបន្តជាបឋម រវាងមហាអំណាចអ័ក្ស និងក្រុមសម្ព័ន្ធមិត្ត (អង់គ្លេស បារាំង និងប៉ូឡូញ) និងប្រទេសនិយាយភាសាអង់គ្លេស (អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលហ្សេឡង់ និងអាហ្វ្រិកខាងត្បូង)។
នៅខែមិថុនា ឆ្នាំ១៩៤១ មហាអំណាចអ័ក្សអឺរ៉ុបផ្ដើមឈ្លានពានសូវៀត ដែលបានបើកឲ្យមានលេណដ្ឋានសង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ និងបានទាញកងកម្លាំងយោធារបស់អ័ក្ស ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមរ៉ាំរ៉ៃមួយ។ នៅខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានវាយប្រហារសហរដ្ឋអាមេរិក និងទឹកដីអឺរ៉ុប នៅមហាសមុទ្រប៉ាស៊ីហ្វិក និងបានកាន់កាប់តំបន់ប៉ាស៊ីហ្វិកខាងលិចភាគច្រើនយ៉ាងឆាប់រហ័ស។
ការរុលចូលរបស់ក្រុមអ័ក្សត្រូវបានបញ្ឈប់ ក្រោយជប៉ុនចាញ់ក្នុងសមរភូមិមីតវ៉េ និងក្រោយអាល្លឺម៉ង់បានចាញ់សង្គ្រាមនៅអាមេរិកខាងត្បូង និងបន្ទាប់មកនៅ Stalingrad ក្នុងសូវៀត។ ក្នុងឆ្នាំ១៩៤៣ ជាមួយនឹងការចាញ់របស់អាល្លឺម៉ង់ជាបន្តបន្ទាប់នៅខ្សែត្រៀមមុខខាងកើត ការវាយលុយរបស់ក្រុមសម្ពន្ធមិត្តលើអ៊ីតាលីនាំឲ្យអ៊ីតាលីចុះចាញ់ ហើយក្រុមសម្ព័ន្ធមិត្តបានទទួលជ័យជម្នះនៅប៉ាស៊ីហ្វិក រីឯក្រុមអ័ក្សដែលចាញ់ បានបាត់បង់ទីតាំងយុទ្ធសាស្ត្រសំខាន់ ហើយបានដក់ថយខ្សែត្រៀមមុខទាំងអស់។
ក្នុងឆ្នាំ១៩៤៤ ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបបានវាយលុកចូលប្រទេសបារាំងដែលកាន់កាប់ដោយអាល្លឺម៉ង់ ខណៈសូវៀតដណ្ដើមបានមកវិញនូវដែនដីរបស់ខ្លួនដែលបានបាត់បង់ ហើយបានវាយលុកអាល្លឺម៉ង់ និងប្រទេសជាសម្ព័ន្ធអាល្លឺម៉ង់។ ក្នុងអំឡុងឆ្នាំ១៩៤៤ និង១៩៤៥ ជប៉ុនបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅដីគោកអាស៊ី ក្នុងចិនកណ្ដាលភាគខាងត្បូង និងភូមា ខណៈក្រុមសម្ព័ន្ធមិត្តបានវាយពន្លិចកងនាវាជប៉ុន និងរឹបអូសកោះប៉ាស៊ីហ្វិកអឺរ៉ុបសំខាន់ៗ។
សង្គ្រាមអឺរ៉ុប បានបញ្ចប់ក្រោយពីការវាយលុយលើអាល្លឺម៉ង់ ដោយក្រុមសម្ព័ន្ធមិត្តអឺរ៉ុប និងសូវៀត ដែលចុងក្រោយសូវៀតបានរឹបអូសក្រុងប៊ែរឡាំង និងកងកម្លាំងប៉ូឡូញបានព័ទ្ធអាល្លឺម៉ង់ឲ្យចុះចាញ់ថ្ងៃទី៨ ឧសភា ១៩៤៥។ ជប៉ុនបានបដិសេធមិនចុះចាញ់ ដែលនាំឲ្យសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហីរូសហ្សីម៉ា ថ្ងៃទី៦ ខែសីហា និងលើទីក្រុងណាហ្គាគី ថ្ងៃទី៩ សីហា។ ការលុកលុយលើប្រជុំកោះជប៉ុន បន្ថែមជាមួយនឹងទទួលរងគ្រាប់បែកបរមាណូ និងការប្រកាសរបស់សង្គ្រាមរបស់សហភាពសូវៀតប្រឆាំងជប៉ុន និងការវាយប្រហាររបស់សូវៀតមកលើប្រតិបត្តិការយុទ្ធសាស្ត្រវាយលុកម៉ាន់ជូរី ជប៉ុនក៏បានចុះចាញ់នៅថ្ងៃទី១៥ សីហា ១៩៤៥ ដូច្នេះសង្គ្រាមនៅអាស៊ីត្រូវបានបញ្ចប់ ផ្ដើមចេញពីជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត។
សង្គ្រាមលោកលើកទីII បានផ្លាស់ប្ដូរក្រឹត្យក្រមនយោបាយ និងហេដ្ឋារចនាសម្ពន្ធសង្គម។ អង្គការសហប្រជាជាតិ (UN) ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទប់ស្កាត់ជម្លោះនាពេលអនាគត។ មហាអំណាចធំដែលទទួលជ័យជម្នះ មានសហរដ្ឋអាមេរិក សហភាពសូវៀត ចិន ចក្រភពអង់គ្លេស និងបារាំង បានក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សូវៀត និងអាមេរិកបានប្រជែងមហាអំណាចគ្នា ដែលទាញឲ្យពិភពលោកធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ អស់រយៈពេល៤៦ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ឥទ្ធិពលនៃមហាអំណាចអឺរ៉ុប ក៏បានប្រែជាអាប់ប្រឡាក់វិញ ដោយសារផ្ដើមធ្វើអាណានិគមនៅអាស៊ី និងអាហ្វ្រិក។ ភាគច្រើនឧស្សាហកម្មនៃប្រទេសទាំងនោះដែលបានខ្ទេចខ្ទាំ បានឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។ សមាហរណកម្មនយោបាយ ជាពិសេសនៅតំបន់អឺរ៉ុប បានញាំងឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការស្អប់ខ្ពើមគ្នាកាលមុនសង្គ្រាម និងបង្កើតជាអត្តសញ្ញាណរួមមួយ។