Jump to content

ស្រីសុវត្ថិ

ពីវិគីភីឌា
ស្រីសុវត្ថិ
ព្រះ
រជ្ជកាលរាមាធិបតី
ព្រះនាមពេញ
​​​
វង្សរាមាធិបតី
សន្តតិវង្សឧទង
បិតារាមេសូរ
ប្រសូតមហានគរ
សុគតមហានគរ

ព្រះស្រីសុវត្ថិ ទ្រង់ត្រូវជាបុត្រព្រះរាមេសូរ និងត្រូវជាព្រះនត្តារបស់ព្រះបាទឧទង ក្នុងរាជវង្សឧទង។

ព្រះរាជជីវប្រវត្តិ

[កែប្រែ]

កាលនោះ​នៅ​ឆ្នាំថោះ​ ​ព.ស​ ១៨៩៥, ម.ស​ ១២៧៣, ច.ស ​៧១៣, គ.ស​ ១៣៥១​ ​ស្ដេច​សៀម​ឧទង ​(ឧទង​ ​ជា​រាជធានី​យ៉ាង​ចំណាស់​មួយ​របស់​ប្រទេស​សៀម​ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សុពណ៌បុរី។​ ​នៅ​គ.ស​ ១៣៤៧ ដោយ​មាន​ជំងឺ​អាសន្នរោគ​រាលដាល​ក្នុងនគរ ស្ដេច​សៀម​អង្គ​នេះ​ក៏​រើ​ព្រះរាជធានី​ ​ហើយ​មក​បង្កើត​ទីក្រុង​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា​ ​ស្រីអយុធ្យា។​ ​ស្ដេច​ឧទង​ ​ឬ​ព្រះ​រាមាធិបតី​បាន​ចូល​ទិវង្គត​ក្នុង​គ.ស ​១៣៦៩) ដែល​មាន​គោរម​នាម​ ​ព្រះរាមាធិបតី​ ​បាន​លើកទ័ព​យ៉ាង​ធំ​សំបើមអស្ចារ្យ​ ​ចេញ​មក​ចូល​វាយប្រហារ​ប្រទេស​ខ្មែរ។​ ​ស្ដេច​សៀម​បាន​តែងតាំង​ព្រះ​រាមេសូរ​ដែល​ជា​កូន​ ​ឲ្យធ្វើ​ជា​មេទ័ព​ធំ។​ ​ចៅ​របស់​ព្រះ​អង្គ​ ​ឈ្មោះ​ព្រះស្រីសុវត្ថិ​ ​ដែល​ជា​បុត្រ​ព្រះ​រាមេសូរ​បាន​ទទួល​តំណែង​ជា​មេទ័ព​ស្រួច។​ ​ព្រះ​រាមេសូរ​បាន​នាំ​កងពល​សេនា​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ​កាត់​ចុះ​ មក​តាម​នគររាជសីមា។​ ​ចៅហ្វាយខេត្ដខ្មែរ​នៅ​ទីនោះ​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ដឹងខ្លួន​ជា​មុន​ ​ហើយ​ដែល​មិន​បាន​ប្រុងប្រៀប​ប្រមូល​កងទ័ព​ទប់ទល់​សត្រូវ​ឲ្យទាន់​ពេលវេលា​ឡើយ​ ​ក៏​ត្រូវ​បង្ខំចិត្ដ​នាំ​ក្រុម​គ្រួសារ​ខ្មែរ​ និង​នាម៉ឺន​មន្ដ្រីរាជការ​ ​រត់​ចាកចោល​ទីកន្លែង​ដែន​សីមា។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​គេ​ក៏​បាន​ធ្វើ​ចុតហ្មាយ​មួយ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ​រៀបរាប់​គ្រប់​ព្រឹត្ដិការណ៍​ ​និង​កិច្ចការ​ទាំងឡាយ​ដែល​កំពុង​តែ​កើត​មាន​ឡើង។​ ក្រោយដែល​បាន​ទទួល​សារ​ ​ដឹង​ស្គាល់​អស់​គ្រប់​ហេតុការណ៍​ ​ព្រះ​ស្រីសុរិយោទ័យ​ព្រះមហាក្សត្រ​ខ្មែរ​ ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​ប្រមែប្រមូល​កេណ្ឌ​កងទ័ព​ ​ពល​សេនា​តាម​ខេត្ដ​ខណ្ឌ​នានា​ក្នុង​ព្រះ​នគរ។​ ​ឧកញ៉ាចក្រីវង្ស ​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​មេទ័ព​ ​ទទួល​បេសកកម្ម​ ​ត្រូវ​លើក​កងពល​យោធា​ចេញ​ទៅ​ទប់ទល់​នឹង​ទ័ព​សៀម​នៅ​ក្នុង​ខេត្ដ​បស្ចិមបុរី។​ ​តែបើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​និង​ពង្សាវតារ​គណៈកម្មការ​សម្ដេច​សង្ឃនាយក​ទៀង​ ​មេទ័ព​ធំ​ ​ដែល​ព្រះមហាក្សត្រ​បាន​តែងតាំង​នោះ​ ​មាន​ឋានៈ​ជា​ឧបរាជ​ ​ហើយ​ត្រូវ​ជាប់​ជា​ព្រះ​ញាតិវង្ស​ទៀត​ផង។​ កងទ័ព​សៀម​ដែល​មើលងាយ​ទ័ព​ខ្មែរ​ ​បាន​ធ្វេសប្រហែស​ ​មិនសូវ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ឡើយ។​ ​ឆ្លៀតឱកាស​ដ៏​ល្អ​នេះ​ ​ព្រះ​ឧបរាជ​មេទ័ព​ខ្មែរ​ ​ក៏​បញ្ជា​កងពល​រេហ៍​ឲ្យ​វាយឆ្មក់​សន្ធប់​សំរុកបុក​យ៉ាង​ខ្លាំង​ទៅ​លើ​សៀម ​ ​បំបែក​បំបាក់​ធ្វើ​ឲ្យ​អស់​របៀបរៀបរយ​ ​ភ័យ​ស្លន់ស្លោ​រត់​ប្រសេកប្រសាច​ទៅ​គ្រប់​ទិសទី។​ ​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​មាន​សភាព​យ៉ាង​សាហាវ​ខ្លាំងក្លា​គួរ​ឲ្យ​ រន្ធត់​តក់ស្លុត​ក្រៃ​លែង។​ ​គ្រានោះ​ឧបរាជ​ខ្លួនឯង​បាន​បំបោល​ដំរី​ ​រុលចូល​លុក​ទៅ​ច្បាំង​កាប់​ចាក់​តទល់​ផ្ទាល់​នឹង​ព្រះ​ស្រីសុវត្ថិ​ ​ព្រះចៅ​ស្ដេច​សៀម។​ ​នៅ​ទីបំផុត​ ​ព្រះ​ឧបរាជ​ក៏​បាន​កាប់​ចំ​ក​ព្រះ​ស្រីសុវត្ថិ​ មេទ័ព​សៀម​ ​ដាច់​ត្មិល​ធ្លាក់​ពីលើ​ខ្នង​ដំរី។​ ​ដោយ​កំពុង​តែ​បាន​ទទួល​ជោគជ័យ​ ​ព្រះ​ឧបរាជ​ខ្មែរ​ក៏​បញ្ជា​កង​យោធា​ឲ្យ​លុក​រុល​សម្រុក​តទៅ​មុខ​ដេញ​តាម​ កងទ័ព​សៀម។​ ​ដេញ​ទៅៗ​កងទ័ព​ខ្មែរ​បាន​ទៅ​ជួប​ប៉ះទង្គិច​គ្នា​ ​ជាមួយនឹង​កងទ័ព​ធំ​សៀម​ ​ដែល​ដឹកនាំ​ដោយ​ព្រះ​រាមេសូរ។​ ​ព្រះ​រាមេសូរ​រៀបចំ​ពល​សេនា​ទប់ទល់​មិន​ទាន់​ ​ក៏​បញ្ជា​ឲ្យ​វាយ​ដកថយ​រត់​យករួចខ្លួន​សិន។​ ​កងទ័ព​សៀម​ត្រូវ​ទទួល​បរាជ័យ​បាក់បែក​រត់​ខ្ចាត់ខ្ចាយ​អស់​ ​ហើយ​ត្រូវ​ដកឃ្លា​ត្រលប់​ចូល​នគរ​វិញ។​ ពលសេនា​សៀម​ជាច្រើន ត្រូវ​កងទ័ព​ខ្មែរ​ចាប់​បាន​យក​មក​ធ្វើ​ជា​ឈ្លើយ​ ​ហើយ​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​ត្រូវ​រឹបអូស​យក​បាន។ កូនស្ដេច​សៀម​ ​ព្រះ​រាមេសូរ​ ​កាលបើ​រត់​បាន​ឆ្ងាយ​ចេញ​ផុត​ពី​ទឹកដី​ខ្មែរ​ហើយ​ ​ហើយដោយ​ពុំ​ឃើញ​មាន​ទ័ព​ខ្មែរ​ដេញ​តាម​ប្រកិត​ពីក្រោយ​ ​ក៏​បញ្ជា​ឲ្យ​ទ័ព​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ឈប់​សម្រាក​នៅ​នឹង​មួយ​កន្លែង។​ ​បន្ទាប់​មក​ព្រះ​អង្គ​បាន​រៀបចំ​ចុតហ្មាយ​មួយ​ ​ផ្ញើ​ថ្វាយ​ទៅ​ព្រះ​បិតា​ព្រះ​ឧទង​រាមាធិបតី​ ​ដែល​គង់នៅ​ទីក្រុង​ស្រីអយុធ្យា។​ ​ព្រះ​រាមាធិបតី​ឈឺ​ចុកចាប់​ខ្លាំង​ណាស់​ ​ក្រោយ​ដែល​ដឹង​ថា​ចៅ​ព្រះ​អង្គ​ ​ព្រះ​ស្រីសុវត្ថិ​ ​ត្រូវ​មេទ័ព​ខ្មែរ​ប្រហារជីវិត​កាត់​ក្បាល​លើ​សមរភូមិ។​ ​មិន​បង្អង់​យូរ​ ​ព្រះ​អង្គ​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ប្រមែប្រមូល​ ​បង្ហាត់បង្រៀន​កងពល​យោធា​ឲ្យ​បាន​ចំនួន​ច្រើន​កុះករ​ជាទី​បំផុត។​ ​ព្រះ​អង្គ​បាន​តែងតាំង​បងថ្លៃ​ព្រះ​អង្គ​ ​ព្រះ​នាម​ព្រះ​បរមរាជា​ ​ជា​ប្រមុខ​ទ័ព​ធំ​ដោយ​មានកូន​ប្រុស​ទាំង​បី​របស់​ព្រះ​អង្គ​ ​នៅ​អម​ធ្វើ​ជា​ជំនួយ​ផង។​ ​ស្ដេច​សៀម​ទាំង​បី​អង្គ​ ​ដែល​ត្រូវជា​ប្អូន​របស់​ព្រះ​រាមេសូរ​ ​មាន​ចៅប៉ាសាត​ ចៅប៉ាអាត​ ​និង​ចៅដំបងពិសី។​