ចក្រីវង្ស
ចក្រីវង្ស | |
---|---|
ឧកញ៉ាចក្រីនៃកម្វុជទេឝ | |
ព្រះមហាក្សត្រ | ស្រីសុរិយោទ័យទី១ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | វង្ស ខែត្រមហានគរ |
ឧកញ៉ាចក្រីវង្ស លោកមាននាទីកាន់ការណ៍ខាងកងទ័ពជើងគោក ក្នុងរាជព្រះបាទស្រីសុរិយោទ័យទី១។ លោកបានទទួលអនិច្ចកម្មក្នុងសង្គ្រាមជាមួយសៀម។ ប្រវត្តិពិស្ដារនិយាយអំពីបឋមវ័យរបស់លោកត្រូវបានគេស្គាល់ទេ គេត្រឹមតែក្នុងពេលលោកចូលបំរើរាជការស្ដេចស្រីសុរិយោទ័យប៉ុណ្ណោះ។
ប្រវត្តិក្នុងសង្គ្រាមការពារជាតិ
[កែប្រែ]បើតាមពង្សាវតាររបស់សម្ដេចវាំងជួន គឺនៅក្នុងរាជ្យស្ដេចអង្គនេះហើយដែលសៀមលើកទ័ពគគ្រឹកគគ្រេងមក វាយប្រហារលុកលុយយកមហានគរ។ កាលនោះនៅឆ្នាំថោះ ព.ស ១៨៩៥, ម.ស ១២៧៣, ច.ស ៧១៣, គ.ស ១៣៥១ ស្ដេចសៀមឧទង (ឧទង ជារាជធានីយ៉ាងចំណាស់មួយរបស់ប្រទេសសៀម ដែលស្ថិតនៅក្នុងតំបន់សុពណ៌បុរី។ នៅគ.ស ១៣៤៧ ដោយមានជំងឺអាសន្នរោគរាលដាលក្នុងនគរ ស្ដេចសៀមអង្គនេះក៏រើព្រះរាជធានី ហើយមកបង្កើតទីក្រុងថ្មីមួយទៀតដែលមានឈ្មោះថា ស្រីអយុធ្យា។ ស្ដេចឧទង ឬព្រះរាមាធិបតីបានចូលទិវង្គតក្នុងគ.ស ១៣៦៩) ដែលមានគោរមនាម ព្រះរាមាធិបតី បានលើកទ័ពយ៉ាងធំសម្បើមអស្ចារ្យ ចេញមកចូលវាយប្រហារប្រទេសខ្មែរ។ ស្ដេចសៀមបានតែងតាំងព្រះរាមេសូរដែលជាកូន ឲ្យធ្វើជាមេទ័ពធំ។ ចៅរបស់ព្រះអង្គ ឈ្មោះព្រះស្រីសុវត្ថិ ដែលជាកូនព្រះរាមេសូរ (រាមេឝ្វរ) បានទទួលតំណែងជាមេទ័ពស្រួច។ ព្រះរាមេសូរបាននាំកងពលសេនាធ្វើដំណើរទាំងយប់ទាំងថ្ងៃកាត់ចុះ មកតាមនគររាជសីមា។ ចៅហ្វាយខេត្ដខ្មែរនៅទីនោះដែលមិនបានប្រុងប្រយ័ត្នដឹងខ្លួនជាមុន ហើយដែលមិនបានប្រុងប្រៀបប្រមូលកងទ័ពទប់ទល់សត្រូវឲ្យទាន់ពេលវេលាឡើយ ក៏ត្រូវបង្ខំចិត្ដនាំក្រុមគ្រួសារខ្មែរ និងនាម៉ឺនមន្ដ្រីរាជការ រត់ចាកចោលទីកន្លែងដែនសីមា។ ជាមួយគ្នានោះដែរ គេក៏បានធ្វើចុតហ្មាយមួយថ្វាយទៅព្រះមហាក្សត្រ រៀបរាប់គ្រប់ព្រឹត្ដិការណ៍ និងកិច្ចការទាំងឡាយដែលកំពុងតែកើតមានឡើង។ ក្រោយដែលបានទទួលសារ ដឹងស្គាល់អស់គ្រប់ហេតុការណ៍ ព្រះស្រីសុរិយោទ័យព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែងចេញបញ្ជាឲ្យប្រមែប្រមូលកេណ្ឌកងទ័ព ពលសេនាតាមខេត្ដខណ្ឌនានាក្នុងព្រះនគរ។ ឧកញ៉ាចក្រីវង្ស ត្រូវបានព្រះរាជាតែងតាំងជាមេទ័ព ទទួលបេសកកម្ម ត្រូវលើកកងពលយោធាចេញទៅទប់ទល់នឹងទ័ពសៀមនៅក្នុងខេត្ដបស្ចិមបុរី។
ក្រោយដែលបានទទួលសារ ដឹងស្គាល់អស់គ្រប់ហេតុការណ៍ ព្រះស្រីសុរិយោទ័យព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែងចេញបញ្ជាឲ្យប្រមែប្រមូលកេណ្ឌកងទ័ព ពលសេនាតាមខេត្ដខណ្ឌនានាក្នុងព្រះនគរ។ ឧកញ៉ាចក្រីវង្ស ត្រូវបានព្រះរាជាតែងតាំងជាមេទ័ព ទទួលបេសកកម្ម ត្រូវលើកកងពលយោធាចេញទៅទប់ទល់នឹងទ័ពសៀមនៅក្នុងខេត្ដបស្ចិមបុរី។ តែបើតាមពង្សាវតារវត្ដទឹកវិល និងពង្សាវតារគណៈកម្មការសម្ដេចសង្ឃនាយកទៀង មេទ័ពធំ ដែលព្រះមហាក្សត្របានតែងតាំងនោះ មានឋានៈជាឧបរាជ ហើយត្រូវជាប់ជាព្រះញាតិវង្សទៀតផង។ កងទ័ពសៀមដែលមើលងាយទ័ពខ្មែរ បានធ្វេសប្រហែស មិនសូវយកចិត្ដទុកដាក់ប្រុងប្រយ័ត្នឡើយ។ ឆ្លៀតឱកាសដ៏ល្អនេះ ព្រះឧបរាជមេទ័ពខ្មែរ ក៏បញ្ជាកងពលរេហ៍ឲ្យវាយឆ្មក់សន្ធប់សម្រុកបុកយ៉ាងខ្លាំងទៅលើសៀម បំបែកបំបាក់ធ្វើឲ្យអស់របៀបរៀបរយ ភ័យស្លន់ស្លោរត់ប្រសេកប្រសាចទៅគ្រប់ទិសទី។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពយ៉ាងសាហាវខ្លាំងក្លាគួរឲ្យ រន្ធត់តក់ស្លុតក្រៃលែង។ គ្រានោះឧបរាជខ្លួនឯងបានបំបោលដំរី រុលចូលលុកទៅច្បាំងកាប់ចាក់តទល់ផ្ទាល់នឹងព្រះស្រីសុវត្ថិ ព្រះចៅស្ដេចសៀម។ នៅទីបំផុត ព្រះឧបរាជក៏បានកាប់ចំកព្រះស្រីសុវត្ថិ មេទ័ពសៀម ដាច់ត្មិលធ្លាក់ពីលើខ្នងដំរី។ ដោយកំពុងតែបានទទួលជោគជ័យ ព្រះឧបរាជខ្មែរក៏បញ្ជាកងយោធាឲ្យលុករុលសម្រុកតទៅមុខដេញតាម កងទ័ពសៀម។ ដេញទៅៗកងទ័ពខ្មែរបានទៅជួបប៉ះទង្គិចគ្នា ជាមួយនឹងកងទ័ពធំសៀម ដែលដឹកនាំដោយព្រះរាមេសូរ។ ព្រះរាមេសូររៀបចំពលសេនាទប់ទល់មិនទាន់ ក៏បញ្ជាឲ្យវាយដកថយរត់យករួចខ្លួនសិន។ កងទ័ពសៀមត្រូវទទួលបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយអស់ ហើយត្រូវដកឃ្លាត្រលប់ចូលនគរវិញ។ ពលសេនាសៀមជាច្រើន ត្រូវកងទ័ពខ្មែរចាប់បានយកមកធ្វើជាឈ្លើយ ហើយគ្រឿងអាវុធយុទ្ធភណ្ឌជាច្រើនត្រូវរឹបអូសយកបាន។ កូនស្ដេចសៀម ព្រះរាមេសូរ កាលបើរត់បានឆ្ងាយចេញផុតពីទឹកដីខ្មែរហើយ ហើយដោយពុំឃើញមានទ័ពខ្មែរដេញតាមប្រកិតពីក្រោយ ក៏បញ្ជាឲ្យទ័ពដែលនៅសេសសល់ទាំងប៉ុន្មានឈប់សំរាកនៅនឹងមួយកន្លែង។ បន្ទាប់មកព្រះអង្គបានរៀបចំចុតហ្មាយមួយ ផ្ញើថ្វាយទៅព្រះបិតាព្រះឧទងរាមាធិបតី ដែលគង់នៅទីក្រុងស្រីអយុធ្យា។ ព្រះរាមាធិបតីឈឺចុកចាប់ខ្លាំងណាស់ ក្រោយដែលដឹងថាចៅព្រះអង្គ ព្រះស្រីសុវត្ថិ ត្រូវមេទ័ពខ្មែរប្រហារជីវិតកាត់ក្បាលលើសមរភូមិ។ មិនបង្អង់យូរ ព្រះអង្គចេញបញ្ជាឲ្យរៀបចំប្រមែប្រមូល បង្ហាត់បង្រៀនកងពលយោធាឲ្យបានចំនួនច្រើនកុះករជាទីបំផុត។ ព្រះអង្គបានតែងតាំងបងថ្លៃព្រះអង្គ ព្រះនាមព្រះបរមរាជា ជាប្រមុខទ័ពធំដោយមានកូនប្រុសទាំងបីរបស់ព្រះអង្គ នៅអមធ្វើជាជំនួយផង។ ស្ដេចសៀមទាំងបីអង្គ ដែលត្រូវជាប្អូនរបស់ព្រះរាមេសូរ មានចៅប៉ាសាត ចៅប៉ាអាត និងចៅដំបងពិសី។ រៀបចំកងពលសេនាបានល្អិតល្អន់ សព្វគ្រប់កាលណា ស្ដេចសៀមចេញបញ្ជាឲ្យលើកទ័ពចេញទៅវាយប្រហារស្រុកខ្មែរម្ដងទៀតជា លើកទីពីរ។ គឺនៅក្នុងឆ្នាំរោង មួយឆ្នាំក្រោយការវាយប្រហារលើកទី១។ នាសម័យនោះ ព្រះមហាក្សត្រខ្មែរមិនបានទទួលដំណឹង ដឹងអ្វីជាមុនសោះឡើយ។ កាលបើកងទ័ពសៀម បានវាយសម្រុកចូលមកដល់ខេត្ដបស្ចិមបូរី ទើបព្រះអង្គចេញបញ្ជាឲ្យព្រះមហាឧបរាជលើកទ័ពចេញទៅទប់ទល់នឹងខ្មាំង។ ការប្រយុទ្ធគ្នាមានសន្ទុះយ៉ាងខ្លាំងក្លា មានមនុស្សស្លាប់ និងរបួសជាច្រើន ដេកដួលរនាលពាសពេញដី តែម្ខាងៗពុំទាន់មានប្រៀបឈ្នះ ចាញ់ស៊ីសងលើគ្នាឡើយ។ ជួនចំជារដូវវស្សា បានចូលមកដល់។ កងទ័ពសៀមបានបោះជំរំការពារនៅខេត្ដបស្ចិមបុរី។ ចំណែកខាងខ្មែរវិញ កងទ័ពទាំងអស់ត្រូវវិលត្រលប់ចូលក្នុងនគរវិញ។ ពលរេហ៍ទាំងប៉ុន្មាន ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅតាមគ្រួសារ ផ្ទះសម្បែងភូមិស្ថានរៀងៗខ្លួន ដើម្បីប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ចិញ្ចឹមជីវិតដូចប្រក្រតី។ ឯកសារពង្សាវតារខ្មែរបានបញ្ជាក់ថា កាយវិការនេះជាការធ្វេសប្រហែស និងជាកំហុសមួយយ៉ាងធំរបស់ខ្មែរអ្នកដឹកនាំប្រទេសជាតិ។ ថ្ងៃ ៥កើត ខែមិគសិរ ឆ្នាំរោង ដដែល មេទ័ពសៀមព្រះបរមរាជា បានលើកទ័ពយ៉ាងច្រើនមហិមា ចូលមកស្រុកខ្មែរម្ដងទៀត។ កងទ័ពឈ្លានពានសៀម បានបោះជំហានជិតមកដល់មហានគរហើយ ទើបដំណឹងនេះត្រូវបានគេយកមកទូលព្រះមហាក្សត្រ។ ព្រះស្រីសុរិយោទ័យ ក្សត្រខ្មែរមានការភ្ញាក់ផ្អើល ភ័យព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ និងព្រឹត្ដិការណ៍ដែលមិនបានព្រាងទុកមុខនេះ។ ពីព្រោះចំជារដូវវស្សា ប្រជានុរាស្ដ្រកំពុងតែជាប់ដៃធ្វើស្រែចំការ ព្រះអង្គពុំមានលទ្ធភាពអាចនឹងប្រមូលកេណ្ឌទ័ពបានច្រើនដូចបំណង ឡើយ។ ទ័ពដែលប្រមែប្រមូលរៀបចំបានប៉ុន្មាន ព្រះរាជាដាក់ឲ្យស្ថិតនៅក្រោមបញ្ជាការបស់ព្រះមហាឧបរាជ ដោយមានឧកញ៉ាចក្រីវង្ស និងឧកញ៉ាមហាសេនាសួស ជាមេទ័ពរង។ បេសកកម្មធំដំបូង គឺត្រូវទៅទប់ទល់កងទ័ពសៀមនៅក្នុងខេត្ដនគររាជសីមា។ នៅលើសមរភូមិ កងទ័ពខ្មែរដែលហ្វឹកហ្វឺនមិនបានមាំមួន ពិតប្រាកដពីដើមទី ហើយដោយមានចំនួនតិចជាងសត្រូវ ត្រូវទទួលបរាជ័យយ៉ាងដំណំ បាក់ទ័ពដកឃ្លារត់មកបោះជំរំនៅខេត្ដនាងរោង។ តែកងទ័ពសៀមបានដេញប្រកិតជាប់ពីក្រោយ។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពសាហាវឃោរឃៅអស្ចារ្យ។ មនុស្សស្លាប់ និងរបួសមានច្រើនឥតគណនា។ ទ័ពខ្មែរមួយចំនួន ដោយដឹងខ្លួនថាមិនអាចឈ្នះសត្រូវ បាននាំគ្នារត់ចាកចោលជួរ យកឲ្យរួចតែជីវិត។ ទោះបីជាដូច្នេះក៏ដោយ ក៏ទ័ពខ្មែរនៅតែគ្មានតក់ស្លុត ខំតស៊ូប្រយុទ្ធដោយអង់អាចក្លាហានដដែល។ មេទ័ពខ្មែរពីរនាក់ ព្រះមហាឧបរាជ និងឧកញ៉ាចក្រីវង្ស ត្រូវបានបូជាជីវិតនៅលើសមរភូមិ។ ចំណែកលោកមេទ័ពឧកញ៉ាមហាសេនាសួស នៅតែខំប្រឹងតស៊ូ ច្បាំងទប់ទល់នឹងខ្មាំងដោយឥតសំចៃដៃដដែល។ ដោយទ្រាំទ្រទប់ទល់បច្ចាមិត្ដតទៅទៀតមិនបាន លោកឧកញ៉ាមហាសួស ក៏ប្រមូលផ្ដុំទ័ព ដែលនៅសេសសល់ទាំងប៉ុន្មាន វាយប្រយុទ្ធសម្រុកដកឃ្លានាំសាកសពព្រះមហាឧបរាជ និងលោកឧកញ៉ាចក្រីវង្សចូលមហានគរវិញ។ ទ័ពសៀមនៅតែវាយប្រហារកាប់សំលាប់យ៉ាងសាហាវ ហើយដេញតាមជាប់ប្រកិតពីក្រោយខ្នងជាដរាប។ ទ័ពខ្មែរចេះតែវាយដកថយចូលមហានគរជាលំដាប់។ នៅទីបំផុត ទ័ពសៀមបានលើកចូលមកដល់ប្រឈមមុខទល់នឹងមហានគរ។ មេទ័ពសៀមបរមរាជាបានបញ្ជាឲ្យកងទ័ពទាំងអស់បញ្ឈប់ដំណើរ ហើយបោះជំរំព័ទ្ធជិតជុំវិញព្រះមហានគរ។ ក្រោយដែលបានពិនិត្យស្ថានការណ៍សឹកអស់បីថ្ងៃមក ស្ដេចសៀមបរមរាជាក៏ចេញបញ្ជាឲ្យទ័ពសៀមតូចធំ រៀបចំខ្លួនដើម្បីចូលវាយសម្រុក លុកលុយដណ្ដើមយកព្រះរាជធានីខ្មែរ។ កូនស្ដេចសៀម ព្រះរាមេសូរទទួលបេសកកម្មវាយប្រហារពីទិសខាងជើង ចៅប៉ាសាតវាយពីទិសខាងកើត ចៅប៉ាអាតពីទិសខាងត្បូង និងចៅដំបងពិសីពីទិសខាងលិច។ ការប្រយុទ្ធកាប់ចាក់គ្នា មានសភាពសាហាវខ្លាំងក្លាជារៀងរាល់ថ្ងៃ។ ពលទាហានទាំងសងខាងមានរបួស និងស្លាប់ច្រើនពាសពេញ ដេករនាលរណែលតាមជើងកំពែងមហានគរ។ តែសៀមនៅតែដណ្ដើមយកមហានគរមិនទាន់បាន។
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ឧកញ៉ាចក្រីនៃកម្វុជទេឝ ?-ប្រ.១៣៦៩ |
តដោយ មិនស្គាល់ |