Jump to content

ស្រែន្យាធិបតីភឹម

ពីវិគីភីឌា
ស្រែន្យាធិបតីភឹម
ចៅពញាស្រែន្យាធិបតីនៃក្រុងកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស ១៥៤៩ – ?
ព្រះមហាក្សត្រចន្ទរាជា
មុនចៅពញាស្រែន្យាធិបតីសោម
បន្ទាប់មិនស្គាល់
ហ្លួងរាជានៃក្រុងមានជ័យ
ក្នុងការិយាល័យ
? – គ.ស ១៥៤៩
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ភឹម

ចៅពញាស្រែន្យាធិបតីភឹម លោកជាមន្ត្រីបំរើសម្ដេចព្រះចន្ទរាជា តំណែងជាចៅហ្វាយស្រុកខែត្ររលាប្អៀរ។ ដំបូងលោកមានងារជាហ្លួងរាជាភឹម។ ប្រហែលជាក្នុងឆ្នាំ ១៥៤៩ លោកបានកាន់តំណែងជាចៅហ្វាយស្រុកខែត្ររលាប្អៀរ មានគោរម្យងារថា ស្រែន្យាធិបតី

ប្រវត្តិ

[កែប្រែ]

ក្នុងរាជពង្សាវតារ

[កែប្រែ]

ក្រោយពីបង្ក្រាបសង្គ្រាមជ័យនៅក្រុងបន្ទាយមានជ័យមកហើយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំង ខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោងដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ពចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាង ច្បាំងគ្នាជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខ ពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។

ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជាឃើញដូច្នោះ ក៏តាមដេញទ័ពសម្ដេចចៅហ្វាកៅទៅទៀត។ លុះកងទ័ពនេះទាន់ ឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ្វាកៅក៏រា-តនឹងសេនាទាហានសម្ដេចចៅពញាចន្ទរាជា។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ្វាកៅ។ លុះប្រយុទ្ធគ្នាមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ្វាកៅមួយអន្លើ ចៅហ្វាកៅមានពិការជាទំងន់។ សេនាទាហានខាងសម្ដេចចៅហ្វាកៅជួយការពារនាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលសម្ដេចចៅហ្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែ គោ ក្របី ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរក្នុងខែត្ររលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃនេះ)។

ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀរខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុងសម្ដេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកកូនជញ្ជូនចៅរត់តាមសម្ដេចចៅហ្វាកៅ។ លុះរត់ទៅពុំទាន់ចៅហ្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញហើយស្លាប់ក្នុងទីនោះ។

សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា: "ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀររត់ទៅហើយ" ទ្រង់ក៏បានជ្រើសរើសយកហ្លួងរាជាភឹមឱ្យធ្វើជាចៅហ្វាយស្រុកឡើង។ ទ្រង់ឱ្យប្រមូលរាស្ត្រប្រជា ស្បៀងអាហារសស្ត្រាវុធទុកជាកំលាំងសឹកសង្គ្រាមសំរាប់ស្រុកនោះ។

ចៅពញាស្រែន្យាសេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែកកាលដឹងដើមទងថា "សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗ ទ្រង់បានទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់បានសំលាប់ចក្រីកែវដេញទាំងទ័ពចៅហ្វាកៅទៀត" ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការយកទៅថ្វាយសម្ដេចចៅពញាចន្ទរាជាថ្វាយទាំងខ្លួនចូលទៅធ្វើរាជការជាច្រើននាក់។

សមរភូមិលង្វែក និង ភ្នំពេញ

[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំងស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ទ្រង់​ឲ្យ​ចៅហ្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខេត្ត​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​ពេជ្រឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​ពេជ្រ (មឿង) ឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតីភឹម ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុទត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខេត្ត​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោកសុខ ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​សូរដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​ ១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខេត្ត​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។

លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែកហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​សទ្រង់ ​ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខេត្ត​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

ឯកសារយោង

[កែប្រែ]
  • ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ
មុនដោយ
ស្រែន្យាធិបតីសោម
ចៅពញាស្រែន្យាធិបតីនៃកម្ពុជាធិបតី
គ.ស ១៥៤៩-?
តដោយ
មិនស្គាល់
មុនដោយ
មិនស្គាល់
ហ្លួងរាជានៃក្រុងមានជ័យ
?-គ.ស ១៥៤៩
តដោយ
មិនស្គាល់