ស្រីជេដ្ឋា
ស្រីជេដ្ឋា | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
![]() រូបសំណាកព្រះស្ដេចកននៅសាលារចនា | |||||
រជ្ជកាល | គ.ស ១៥១២-១៥២៥ | ||||
រាជ្យមុន | ឝ្រីឝៅគន្ធបទ | ||||
រាជ្យបន្ត | ចន្ទរាជា | ||||
ស្វាមី/មហេសី | អ្នកព្រះម្នាងជាលែង | ||||
| |||||
វង្ស | ស្រីជេដ្ឋា | ||||
សន្តតិវង្ស | ស្រីជេដ្ឋា | ||||
បិតា | ពិជ័យនាគគឹម | ||||
មាតា | អ្នកព្រះមាតាបាន | ||||
ប្រសូត | ១៤៨៣ ខែត្របាសាន (ស្រីសន្ធរ) | ||||
សុគត | ១៥២៩ ព្រៃជើងគួរ ក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ខែត្រត្បូងឃ្មុំ |
ស្រីជេដ្ឋា | |
---|---|
គុណហ្លួងព្រះស្ដេចសមុហសេនាបតីនៃក្រុងស្រីសឈរ | |
ក្នុងការិយាល័យ សតវត្សទី១៥–១៥១២ | |
ព្រះមហាក្សត្រ | ឝ្រីឝៅគន្ធបទ |
ឧកម៉ឺនស្នេហាចមចិត្តនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ សតវត្សទី១៥ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | កន រឺ កៅ ១៤៨៣ ខែត្របាសាន |
ស្លាប់ | ១៥២៩ ខែត្រត្បូងឃ្មុំ |
ប្តីប្រពន្ធ | អ្នកម្នាងជាលែង |
ឪពុកម្តាយ(s) | ពិជ័យនាគគឹម អ្នកព្រះមាតាបាន |
ព្រះបាទស្រីជេដ្ឋា (គ.ស ១៤៨៣-១៥២៥) រជ្ជកាល (គ.ស ១៥១២-១៥២៥) ព្រះនាមសំរាប់រាជ្យ ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។ ព្រះអង្គត្រូវជាកូនអ្នកព្រះបិតាពិជ័យនាគគឹម និង អ្នកព្រះមាតាបាន មានអ្នកម្នាងកេសរបុប្ផាជា ម្ចាស់បង ក្មួយចៅពញាយសរាជា និងព្រះរៀមថ្លៃ ឝ្រីឝៅគន្ធបទ សុគតក្នុងពេលភៀសខ្លួននៅម្ដុំខែត្រត្បូងឃ្មុំសព្វថ្ងៃនេះ។
ប្រវត្តិ[កែប្រែ]
លោកគឹម ដែលធ្វើការជាមន្រ្តីរាជការមានងារជា ហ្លួងមន្រ្តីស្នេហា នៅស្រុកបាសាន មានភរិយាម្នាក់ឈ្មោះនាងបានដែលជាពលព្រះក៏បាន ផ្តល់កំណើតឲ្យកូនប្រុសស្រី ២ នាក់ ដោយកូនស្រីច្បងឈ្មោះ ស និងកូនប្រុសប្អូនឈ្មោះ កន ចំពោះកនទៀបនឹងប្រសូត្រ។ ថ្ងៃមួយ នាងបានចុះទៅដោះទុក្ខសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុង ទឹកទៅ។ គ្រានោះមានហេតុជាអស្ចារ្យ នាំឲ្យឃើញថាទារកនោះមានបុណ្យមែនគឺថាវេលានោះ ស្រាប់តែត្រីពោធំមួយ មកទទួលលេបទារកនោះទៅក្នុងពោះបាត់ទៅ។ បន្ទាប់ពីនោះមក ព្រានប្រមង់ម្នាក់ទៅបង់សំណាញ់ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសលទារកនឹងមានបុណ្យ មិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យសម្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កប់ទៅយល់សប្តិឃើញថា: ដូចជាមានទេវតាតាមមកទូលថា: ព្រឹកនោះឲ្យស្ដេចយាងទៅកំពង់ទឹកដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ជាអ្នកមានបុណ្យមានវាសនាផង។ លុះតើនឡើង សម្ដេចក៏ទ្រង់នូវត្រៃចីវរចុះគង់ក្នុងទូកឲ្យសិស្សានុសិស្សអុំចេញទៅ។ លោកបិណ្ឌបាត្រ តាមសព្វដង តែព្រះនេត្រតែងគន់រំពៃមើល ក្រែងមានហេតុអ្វីជាចំលែកដ្បិតមានិមិត្តពីយប់មិញនោះដូចជាច្បាស់ពេកណាស់។ លុះសិស្សអុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្ដេចព្រះសង្ឃរាជ ស្ដេចឃើញត្រីពោក្នុងទូកព្រានប្រមង់នោះធំប្លែក ស្ដេចប្រឹងសង្កេតទតឲ្យច្បាស់។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះក៏បង្កើតឲ្យមានសទ្ធាលើកត្រីពោនោះថ្វាយដល់ព្រះអង្គ។ ព្រះអង្គទ្រង់ទទួលហើយ ក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត។ លុះបិណ្ឌអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្សត្រឡប់មកអារាមវិញ។ ខណៈនោះសម្ដេចព្រះសង្ឃរាជ ស្ដេចមានព្រះថេរវាចាថា ត្រីពោនេះជាពោធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វីក្នុងពោះត្រីនេះជាពុំខានឡើយ។ អស់ពួកសិស្សានុសិស្ស ឮពុទ្ធដីកាហើយ ក៏នាំគ្នាយកកាំបិត ទៅវះត្រីនោះវះទៅឃើញទារកមួយនៅរស់។ ទើបសម្ដេចឲ្យកូននោះទៅអាបានមេទាគឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទានេះជាប្ដីប្រពន្ធនឹងគ្នា (សម័យពីដើម មនុស្សដែលឥតមានបណ្ដាសក្ដិ ឥតបានបួសរៀន បើប្រុសគេហៅ អា បើស្រីគេហៅមេ ជាខ្ញុំរបស់សម្ដេចព្រះសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា។ ដោយប្រមើលឃើញពី និស្ស័យរបស់ទារកនេះជាអ្នកមានបុណ្យធំឡើង នឹងក្លាយជាស្តេចផែនដីនោះ លោកគ្រូចៅ អធិការក៏ទទួលយក និងបានដាក់ឈ្មោះឱ្យថា “កន” ដោយបានបង្ហាត់បង្រៀនតាំងពីអក្សរ លេខព្វន្ត ក្បាច់គុន ក្បួនត្រៃវេទ ត្រៃល័ក្ខ ចេះចាំគ្មានចន្លោះ។ ព្រះពិជ័យនាគ និង ភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថាឲ្យនៅនឹងសម្ដេចព្រះសង្ឃរាជចុះ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះ អា កៅ តែឪពុកម្ដាយហៅថា អាកន រៀងមក។ ក្រោយពេលដែលនាងពៅ រឺ នាងស បានក្លាយជាស្នំឯករបស់ ស្តេចឝ្រីឝៅគន្ធបទ និងមានងារជាអ្នកម្នាងហើយ ស្តេចឝ្រីឝៅគន្ធបទ ក៏បានតំឡើងងារលោក គឹម ពីហ្លួងមន្រ្តីស្នេហាទៅជាព្រះពិជ័យនាគវិញ។ [១]
អ្នកឧកម៉ឺនស្នេហាចមចិត្ត ដែលត្រូវជាប្អូនអ្នកព្រះស្នំឯកនេះ ព្រះបរមពិត្រ ចង់តាំងឲ្យជាមន្ត្រីធំ ស្ដីរាជការថ្វាយ ប៉ុន្តែព្រះអង្គទើសទាស់នឹងមាតានៃឧកម៉ឺនស្នេហាចមចិត្តនោះ ជាប់ជាពលព្រះ ក្រែងខ្ញុំរាជការផងទាំងពួង គេនឹងនិន្ទាព្រះអង្គ ព្រះអង្គនឹងខូចកិត្តិយសជាមិនខាន។ ដូច្នេះ ព្រះបរមបពិត្រ ស្ដេចទ្រង់ប្រទានងារ ដល់អ្នកឧកម៉ឺនស្នេហាចមចិត្ត ជាឃុនហ្លួងព្រះស្ដេចសមុហសេនាបតីវិញ។ ក្នុងមុខងារនេះ ឃុនហ្លួងព្រះស្ដេច ត្រូវមានជំទប់ ៤ នាក់ ដែលមានងារគឺ ឃុននរេន្ទ្ររាជបញ្ញោ១ ឃុនមនោរាជបញ្ញា១ ឃុនធម្មធារា១ ឃុនបញ្ញាធិរាជ១។ ឃុនហ្លួងព្រះស្ដេច ក្នុងមុខងារថ្មីនេះ មានអំណាចឲ្យស្រដីត្រួតត្រា មើលពលបំរើព្រះស្រីរតនត្រ័យទាំងអស់ តែព្រះបរមបពិត្រ ស្ដេចពុំទាន់បានប្រទានសក្ដិ ដូចមន្ត្រីទាំងពួងឡើយ។ ឃុនហ្លួងព្រះស្ដេច មានព្រះរាជអាជ្ញា ឲ្យផ្ដន្ទាយកទោសមនុស្សពាលាពាលោមោហ៍បិទ ចិត្តអកតញ្ញូ និង បង្ខូចបង្ខុសព្រះស្រីរតនត្រ័យ ល្មើសបុរាណរាជប្រវេណី ចាស់ព្រឹទ្ធាចារ្យផងទាំងពួង។ កាលនោះ ព្រះរាជសីមា អាណាចក្រ នៅជាសុខក្សេមក្សាន្ត ឥតមានភ័យអន្តរាយអ្វីមកបៀតបៀនឡើយ។ អស់មន្ត្រី សេដ្ឋី ពាណិជកុះករប្រកបមុខរបររៀងមក ជាសុខគ្រប់ៗគ្នា។ ឃុនហ្លួងព្រះស្ដេច ក៏មានកេរ្តិ៍ឈ្មោះ អស់ខ្ញុំរាជការក៏កោតក្រែងណាស់ ម៉្លោះហើយឃុនហ្លួងព្រះស្ដេច ក៏កំរើកចិត្តព្រហើន អាងខ្លួនជាប្អូនព្រះស្នំឯក ជាមាព្រះរាជឱរសាធិរាជផង ពុំកោតក្រែងមន្ត្រីចាស់ទុំឡើយ។ហេតុអ្វីបានជាមានច្បាប់រវាងស្រីជេដ្ធាព្រះច័ន្ទរាជា?
ុុ[កែប្រែ]
លុះដល់មកឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២០៥២, គ.ស. ១៥០៨, ម.ស.១៤៣០, ច.ស.៨៧០ ក្នុងខែចែត្រចូលមហាសង្ក្រាន្ត នៅថ្ងៃនក្ខត្តឫក្សនោះ អស់មហាជន សឹងជួបជុំធ្វើបុណ្យ សក្ការៈបូជាទាំងទេពនិករអមរមេឃ សូមមង្គលសួស្ដី ចូលឆ្នាំថ្មីតទៅ។ ខណៈនោះ ទ្រង់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការៈបូជា ថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិសទសស្រេចហើយ ស្ដេចចូលក្រឡាព្រះបន្ទំ បរមសេយ្យាសន៍ (ឬសយ្យាសន៍ប្រែជាទីដេក ឬទីងងុយ) ជាសុខស្កល់។ កាលដែលនឹងកើតជាហេតុធំក្នុងព្រះនគរនោះ ទ្រង់ព្រះសុបិននិមិត្តឃើញថា: មាននាគមួយធំមានឫទ្ធិមហិមា មកដេញព្រះអង្គ និង មនុស្សម្នា ឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះ ក្ដៅពន់ប្រមាណណាស់ឃើញហាក់ដូចជានាគនោះ ស្ទុះចូលមកខាំពាំស្វេតច្ឆ័ត្រនាំទៅកាន់ទិសបូព៌។ លុះល្មមព្រឹកឡើង ព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្ដេចព្រួយព្រះទ័យ នឹងព្រះសុបិនប្លែកនោះ ពន់ប្រមាណណាស់។ លុះស្ដេចស្រង់ ទ្រង់គ្រឿងស្រេច ស្ដេចចេញព្រះរាជរោងរម្យ គង់លើព្រះសុវណ្ណទែនទិព្វអាសនៈ។ សម្ដេចព្រះអនុជចន្ទរាជាធិរាជ និង សម្ដេចឱរសាធិរាជព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូបមាលាជាទីតបស្នងឆ្លងព្រះតេជគុណ តាមព្រះរាជប្រវេណី។ ក្នុងវេលានោះ គ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុង ទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូបមាលា ពុំមានសេសសល់ដល់ម្នាក់ឡើយ។ ព្រះបាទបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលសូរសីហនាថព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្ដេចទតព្រះនេត្រទៅ អស់ព្រះបរមវង្សា និង ខ្ញុំរាជការ រៀងទៅដល់ឃុនហ្លួងព្រះស្ដេចធិបតី។ ខណៈនោះ ស្ដេចទតឃើញ មានតួនាគពីរ ព័ទ្ធព័ន្ធលើឃុនហ្លួងព្រះស្ដេចហើយងើបក្បាលឆ្វេងស្ដាំ ទន្ទឹមគ្នានឹងសិរសាឃុនហ្លួងព្រះស្ដេចកន។ រូននាគនោះ ដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិននិមិត្ត។ កិរិយានាគនោះ ហាក់ដូចជានឹងស្ទុះទៅខាំព្រះអង្គ ព្រះអង្គទ្រង់ភ្ញាក់ព្រះទ័យត្រាស់ឲ្យមន្ត្រីមើល មន្ត្រីមើលពុំឃើញ តាមព្រះរាជបញ្ជាសោះ។ ដូច្នោះហើយ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់។
ហេតុភេទ និង ឧបាយកល[កែប្រែ]
ក្នុងពេលទ្រង់ធ្វើសវនការ ចៅពញាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបង បានបកសំបុត្រប្ដឹងមកថា: ស្រះទឹកសំរាប់ព្រះមហាក្សត្រ ដែលនៅក្នុងគុហាភ្នំបាណន់នោះ ចេញជាឈាមដាលក្រហមដូចទឹកល័ខ។ ព្រះចៅអធិការ វត្តព្រះវិហារសួគ៌ ក៏មានសង្ឃដីកាបកចូលមកថា: ព្រះជ្រែប្រផ្នូលនោះ បាក់មែកចេញជាឈាម។ ថាព្រះឥសូរ ព្រះនរាយណ៍ ប្រេះព្រះឱរាចេញជាឈាមដែរ។ ព្រះរាជគ្រូបុរោហិត ក៏ថ្វាយសេចក្ដីថា: ព្រះខឌ្ដជ័យមង្គលនោះមានស្នឹមច្រាលក្រហមពីត្រីសូល៍ដល់គល់។ ចៅហ្វាយស្រុកពោធិ៍សាត់ បកសំបុត្រប្ដឹងមកថា: ព្រះកាំបិតស្ដាំរង្គោះផ្លែពីដង។ ថាមានផែះនៅក្នុងស្រោមកាំបិតនោះ។ ចៅហ្វាយស្រុកបាភ្នំ បកសំបុត្រចូលមកថា ព្រះពុទ្ធរូបក្នុងទីបាភ្នំហូរទឹកនេត្រមកជាឈាម ក្រហមដូចល័ខ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រួយព្រះទ័យណាស់។ លុះផុតវេលា ក្រាបបង្គំគាល់ហើយ ព្រះអនុជអង្គចន្ទរាជាធិបតី ស្ដេចយាងត្រឡប់ទៅភ្នំពេញវិញ។ ខ្ញុំរាជការទាំងពួង ក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗរៀងខ្លួន។ ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្លង្ក តាំងប្រថាប់នៅមុខស្វេត្រច្ឆ័ត្រទើបត្រាស់ព្រះឥសីភ័ទ្ទ មហារាជគ្រូ និង រាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងទីស្ងាត់។ ខណៈនោះ ទ្រង់ប្រឹក្សាការណ៍ថា: ការផែនដីពេលនេះ មានហេតុគ្រប់ប្រការ ដូច្នេះអស់អ្នកយល់ថាដូចម្ដេច? សម្ដេចព្រះឥសីភ័ទ្ទ យកសេចក្ដីក្រាបបង្គំទូលថា: ព្រះខ័នជ័យមង្គល ដែលមានហេតុស្នឹមដល់គល់យ៉ាងនេះ តាមសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ទំនាយទុកនោះថា មុខជានឹងកើតហេតុធំពុំខានឡើយ។ ព្រះរាជហោរាធិបតី យកសេចក្ដីក្រាបបង្គំទូលថា: តាមហេតុនេះ ផែនដី កើតកោលាហលដល់អស្ចារ្យ។ ផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់។ លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា: "រាជសត្រូវនោះ មកពីក្នុង ឬ ក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល?" ហោរា តាំងលេខតំរា គន់គូបូកហត្ថទៅទៀត ដឹងច្បាស់ក្នុងតំរាហើយក្រាបទូលថា: " រាជសត្រូវនោះ នៅក្នុងព្រះនគរ"។ វាកើតឆ្នាំរោង ពង្សនាគ។ ទំនាយនេះ ឃើញចំពោះ ត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់។ ទំនាយថា បើកើតកលិយុគម្ដងនេះ គឺកើតមកពីឃុនហ្លួនព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំនាគ។ នាគដើមឆ្នាំនេះ កំពុងក្លាហានណាស់ សូមទ្រង់ជ្រាប។ សូមព្រះអង្គ ស្ដេចកុំប្រហែសព្រះអង្គឡើយ។ ព្រះបរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិមិត្ត ដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយ ទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា: អញក៏ឃើញពិត ដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះ មុខជានឹងមានពាក្យគេនិន្ទាជាមិនខាន។ មួយវិញទៀតបងវាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង។ បើបងវាដឹងក្រែងនឹងញុះញង់កូនវាឲ្យចេញជាសត្រូវនឹងអញ។ អញនឹងកើតសត្រូវចំបាំងព្រោះកូនឯងនាំឲ្យលំបាករាស្ត្រ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះ គឺថា ដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឲ្យជាប់ទាំងដៃទាំងជើង វានឹងឡើងក៏មិនរួច ហែលក៏មិនបាន។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅសេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ។ តើអ្នករាល់គ្នាយល់ដូចម្ដេច? ព្រះឥសីភ័ទ្ទ និង រាជហោរាឆ្លើយថាយល់តាមព្រះរាជបរិហារគ្រប់គ្នា។ ឯព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ត្រីប្រឹក្សាការផែនដីនោះលបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំច្បាស់។ អ្នកព្រះម្នាង ឮ តែចុងពាក្យថា: ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់ តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្ដាប់បានប៉ុណ្ណេះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ។ ឯមុខមន្ត្រី ដែលចូលជំនុំរាជការនោះ លុះទៅដល់មុខព្រះលានក្រៅហើយ ក៏បង្គាប់ឲ្យត្រៀមព្រះរាជយាន និង ព្រះទីនាំងនាវា សំរាប់គង់ប្រពាតមច្ឆា។ អស់ខ្ញុំរាជការទាំងពួង តំរូវឲ្យមានសំណាញ់មួយ ទូកមួយ។ សំណាញ់មួយម្នាក់ប្រចាំហែស្ដេចទៅប្រពាតមច្ឆាក្នុងបឹង ថ្ងៃព្រឹកស្អែកនោះ។ មន្ត្រីគ្រប់ក្រុមខ្ញុំព្រះរាជការក៏ទទួលតាមបង្គាប់ ព្រៀងព្រមស្ដេចរង់ចាំនៅតាមតំណែងព្រះរាជការ។ លុះព្រឹកព្រាងស្វាងស្រេច ស្ដេចគង់ព្រះរាជយាន នាំអស់រាជការខាងក្នុងក្រៅ ហែចុះព្រះទីនាំងតូច សំរាប់ទ្រង់សំណាញ់នោះ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកង ឆ្លងទៅដល់ទំនាបមានម្លប់ព្រឹក្សាទើបស្ដេចត្រាស់ឲ្យឈប់តាំងគ្រឿងសោយ ហើយឲ្យរៀបលៀងភោជនាហារ អស់ខ្ញុំព្រះរាជការទាំងក្នុងទាំងក្រៅពុំរើសមុខជាសុខសប្បាយរាល់គ្នា។ តែអ្នកព្រះស្នំឯកដែលបានដឹងសេចក្ដីនៃការជំនុំប្រឹក្សារាជការនោះមានចិត្តថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្តសោះ។ កាលព្រះបរមបពិត្រ ស្ដេចឲ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះព្រះស្នំឯកបង្គាប់ថា ឲ្យថយទូកទៅទីស្ងាត់រួច សឹមបរិភោគគ្រប់គ្នា។ លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯក ក៏តាំងសរសេរជាអក្សររាយសេចក្ដីតាមហេតុស្រេចដាក់ក្នុងកញ្ចប់បាយ ហើយឲ្យទាសីម្នាក់យកទៅឲ្យឃុនហ្លួងព្រះស្ដេចជាប្អូន។ ឃុនហ្លួងព្រះស្ដេចធិបតី កាលឃើញកញ្ចប់បាយនោះហើយ ក៏គិតថា: បងអញពុំដែលឲ្យបាយកញ្ចប់ដូច្នេះសោះ។ បងធ្លាប់ឲ្យតែនឹងតុនឹងថាស។ ម្ដងនេះបងឲ្យយ៉ាងដូច្នេះ គួរឲ្យសង្ស័យណាស់។ លុះគិតដូច្នេះ ក៏កាន់បាយកញ្ចប់នោះទៅជ្រកក្នុងព្រៃស៊ុំទ្រុំ។ លុះយល់ថាស្ងាត់ហើយឃុនហ្លួងព្រះស្ដេច ក៏លាកញ្ចប់បាយនោះមើល ហើយឃើញកំណត់មួយច្បាប់មានសេចក្ដីថា "ឲ្យប្អូនប្រយ័ត្នឲ្យមែនទែន គេនឹងសំលាប់ហើយ។ បើហ្លួងប្រើឲ្យមុជទឹក ឲ្យប្អូនចេញរត់ទៅឲ្យឆ្ងាយ កុំត្រឡប់មកវិញឡើយ" ឃុនហ្លួងព្រះស្ដេចធិបតី ដឹងជាក់សេចក្ដីហើយ ធ្លាក់ថ្លើមក្ដុកភ័យណាស់ ចាប់ដីដាក់លើក្បាលប្រណម្យដៃទាំងពីរ ហើយតាំងសច្ចាថា: "ខ្លួនខ្ញុំនេះ សុចរិតពិតត្រង់ណាស់ ឥតមានបើទាស់ខុសនឹងអ្នកណាសោះឡើយ។ ដូច្នេះ សូមគុណបុណ្យលោកជួយខ្ញុំ ឲ្យខ្ញុំបានគង់ជីវិតក្នុងគ្រានេះ ខ្ញុំតាំងទីថ្ងៃនេះទៅប្រាកដជាអស់ទីពឹងហើយ។ លុះសច្ចាចប់ហើយ ក៏ត្រឡប់មកទីប្រជុំមន្ត្រីវិញ។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលសោយស្រេចហើយ ស្ដេចចុះគង់ព្រះទីនាំងសំរាប់បង់សំណាញ់ អស់ខ្ញុំរាជការ ក៏ចាប់បង់សំណាញ់លយតាមជលធីហែទៅ។ តែឃុនហ្លួងព្រះស្ដេចធិបតី ក៏ចុះទូកតូច តាមហែទៅជិតព្រះទីនាំងដែរ អ្នកខាងក្នុង និង ជំទាវនាងឃុននាង ចាស់ទុំប្រជុំគ្នានៅលើគោក មើលហ្លួងទ្រង់សំណាញ់ និង អស់ខ្ញុំរាជការធំតូចបង់សំណាញ់។ អ្នកទាំងអស់ បង់ទំនងល្អអាក្រក់ផ្សេងៗគ្នា ខ្លះបានត្រីធំ ខ្លះបានត្រីតូច ខ្លះបានមែកឈើ ខ្លះពានទៅលើត្រឹប ចឿនចក អស់អ្នកអស់នាងជំទាវឃុននាង ដែលនៅលើគោកនោះ ក៏ស្ដីចំអន់ចំអក សើចឡើងតែសព្វខ្លួន។ ចំណែកឯ ព្រះបរមបពិត្រជាអម្ចាស់ជីវិត ព្រះអង្គទ្រង់បង់សំណាញ់ពាក់ត្រូវមច្ឆាតរៀងៗទៅ។ លុះដល់អន្លង់មួយអន្លើ ជ្រៅក្រៃលែងជាងអន្លង់ទាំងពួង មានឫសឈើក៏ច្រើន ទើបមន្ត្រីម្នាក់បង់សំណាញ់ចុះទៅក្នុងទីនោះ ហើយក្លែងថា: ជាប់សំណាញ់ហើយ។ ហើយក្រាបទូលថា: ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញលើកឡើងពុំរួចសោះ។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ទ្រង់ជ្រាបកលឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ឲ្យប្រមូលទូកសំណាញ់ មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សំរាប់ព្រះហត្ថាចុះទៅក្នុងព្រះគង្គាជាមួយនិងមន្ត្រីដែលបង់មុននោះ។ ខណៈនោះទ្រង់បង្គាប់ថា: អាកនឯង លោតចុះទៅដោះសំណាញ់ឲ្យអញមួយរំពេច។ ឃុនហ្លួងព្រះស្ដេចធិបតីថ្វាយបង្គំលោតចុះទៅក្នុងទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ។ ទូកមន្ត្រីជាងពីររយចូលព្រួតប្រឹង បង់គ្របប្រកិត ច្រើនត្រួតច្រើនជាន់ ដោយគិតថាឲ្យស្លាប់កុំឲ្យហែលរត់ចេញអំពីទីនោះរួច។ ឃុនហ្លួងព្រះស្ដេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះ ភ័យណាស់គិតអ្វីក៏ពុំឃើញ លុះដល់បាតដីហើយ ឃុនហ្លួងឮសព្ទសូរសំណាញ់ បង់គ្រាំគ្រេងខ្វែងខ្វាត់ គឹកកងរំពង ទឹកពីលើខ្លាំងណាស់ ក៏ដកដង្ហើមធំថប់គិតថា: អញមុខជានឹងស្លាប់ប្រាកដណាស់ម្ដងនេះ។ សំណាញ់ទាំងពួង ក៏កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថា ជាតេជៈ កុសលដែលគាត់បានសាង ក៏បណ្ដាលឲ្យមាននាគរាជមួយមកព័ទ្ធកណ្ដាលខ្លួន នាំហែលរត់យ៉ាងរហ័សផុតពីសំណាញ់រួចអំពីចំណោម ហើយហែលបណ្ដោយបឹងទៅទិសខាងជើង រួចហើយនាគនោះក៏ភៀសកាយបាត់ទៅ។ ឃុនហ្លួងព្រះស្ដេចធិបតី ក៏ផុសលោតឡើង ដើរបន្លុយក្នុងទឹកទៅ។ ហេតុតែជាបុណ្យឲ្យបានសោយរាជ្យ ពេលនោះទើបមានសត្វទាព្រៃ ហើរពីលើខ្មួលខ្មៅ ហើយចុះទៅទុំលើក្បាលឃុនហ្លួងព្រះស្ដេច ប្រមាណជាងពីរឱបមើលពីឆ្ងាយទៅដូចជាគល់ឈើ បាំងបាត់ខ្លួនព្រះស្ដេច។ ព្រះស្ដេចខំបន្លុយខ្លួនក្នុងទឹករត់ដោះទៅជ្រកពួនក្នុងត្រឹបច្រើនមួយអន្លើទំរាំយប់នឹងរត់តទៅទៀត។ អាស្រ័យហេតុនេះហើយ បានជាបឹងនោះ មានឈ្មោះហៅថា: បឹងទា យូរមកហៅថា បឹងទទាវិញ ទីបំផុតប្រែក្លាយជាបឹងទទង លុះដល់សព្វថ្ងៃនេះ។ សម្ដេចព្រះបរមបពិត្រ លុះបាត់ព្រះស្ដេចកនយូរពេក ទ្រង់ឲ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំឃើញខ្លួនព្រះស្ដេចកនសោះ។ ស្ដេចឲ្យយកច្បូក សម ចាក់រកគ្រប់រាម ក៏ពុំឃើញទៀត។ ទ្រង់មិនអស់ព្រះទ័យសោះ ទើបទ្រង់ឲ្យមនុស្សពូកែមុជទឹកឲ្យមុជចុះរកទៀតក៏ពុំឃើញ។ ស្ដេចរឹងព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា:"អានេះរត់រួចទៅ ដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសងសឹកវិញពុំខានឡើយ"។ ចៅពញាយមរាជ ចៅពញាវង្សាអគ្គរាជក្រាបទូលថា: ចំពោះស្ថានការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ។ ទូលព្រះបង្គំទាំងពីរនាក់នឹងតាក់តែងទាហានឲ្យចាប់ខ្លួនឃុនហ្លួងព្រះស្ដេចថ្វាយ ស្នងព្រះតេជគុណឲ្យបាន ថាហើយ ក៏ថ្វាយបង្គំលា ចេញទៅចាត់ទាហានស្រាលឲ្យទៅល្បាតក្រវែលចាំរកចាប់ខ្លួនឃុនហ្លួងព្រះស្ដេចកនជុំវិញបឹង។ សម្ដេចព្រះបរមបពិត្រ ទ្រង់គិតមកនេះ ពុំបានសំរេចដូចព្រះចិន្តា ទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្ដេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្ដេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅទៀត។ ចំណែកឯឃុនហ្លួងព្រះស្ដេចធិបតីកនវិញ កាលខំរត់ឡើងអំពីបឹងហើយ ក៏ខំដើរទាំងយប់ទាំងអធ្រាត្រឥតឈប់ឈរ។ លុះដើរមកបានបន្តិច ក៏ជួបនឹងមនុស្សល្បាត។ មនុស្សល្បាត ឃើញឃុនហ្លួងព្រះស្ដេចកន ហើយក៏ដេញភ្លាមឥតបង្អង់។ ឃុនហ្លួងព្រះស្ដេចកនរត់ជ្រកពួនតាមគុម្ពព្រៃចេញផុតពីចំណោមទៅ ក៏ទៅប្រទះនឹងមនុស្សម្នាក់ទៀតកាន់ដាវវែង។ មនុស្សនេះឃើញហើយ ក៏ស្រែកថា: នែ លោកព្រះស្ដេចទៅណាហ្លួងត្រាស់ឲ្យចូលទៅគាល់។ ព្រះស្ដេចកន ឮហើយភ័យស្លុត រត់ទៅជល់នឹងដង្គត់ឫស្សីក៏ដួលចុះ។ នាយល្បាតម្នាក់នោះដេញទៅទាន់ ងាដាវទៅកាប់ត្រឡប់ជាឃើញនាគមួយធំ បើកពពាដេញមក។ នាយភ័យណាស់ធ្លាក់ដាវពីដៃ ដួលចុះទៅនៅទីនោះ។ ព្រះស្ដេចកនយល់បានការណ៍ហើយក៏ស្ទុះកន្ត្រាក់យកដាវបានហើយកាប់ចៅនោះ ស្លាប់នៅនឹងកន្លែង។
ការបះបោរ[កែប្រែ]
ព្រះស្ដេចកនបានដាវនោះរត់ទៅដល់វត្តសម្ដេចព្រះសង្ឃរាជ "សង្ឃសត្ថា" តាមដំណើរ។ សម្ដេចមានថេរវាចាថា: បាកុំនៅក្នុងទីនេះឡើយបានឹងមានរាជភ័យជាមិនខាន។ បើបាឯងចង់ឲ្យរួចភ័យ ចូរបារត់ទៅទិសបូព៌ចុះតែ ៣ ឆ្នាំបានឹងបានជាធំពុំខានឡើយ។ ព្រះស្ដេចកនបាន ឮទំនាយគ្រូហើយត្រេកអរណាស់ ក៏ថ្វាយបង្គំលាទៅដល់ក្រៅវត្ត។ នៅទីនោះ ព្រះស្ដេចកនបានប្រទះនឹងទាសកម្មកររបស់ខ្លួន ដែលបិតាមាតាឲ្យមករកលោកចាប់យាមឲ្យ។ ព្រះស្ដេចកន ត្រេកអរណាស់ ក៏ប្រើឲ្យទៅយកធ្នូព្រួញសំរាប់ខ្លួននៅឯផ្ទះនោះ ហើយប្រមូលបាវព្រាវសន្មតឲ្យមកជួបជុំនៅព្រៃថ្មដា។ ឯខ្លួនក៏រត់ទៅពួននៅប្របភូមិថ្មដានោះ ចាំអស់បាវព្រាវនិងស្ម័គ្របក្សពួក។ ទាសកម្មករនោះ លុះទៅដល់ផ្ទះវិញហើយក៏ជំរាបអ្នកបិតាពិជ័យនាគ និង អ្នកព្រះមាតាបានថាទៅជួបនឹងលោកព្រះស្ដេចហើយ។ លោសុខសប្បាយទេ។ លោកប្រើខ្ញុំបាទឲ្យត្រឡប់មកយកធ្នូ សំរាប់កាន់នោះទៅជូនលោកវិញ។ មាតាបិតាទាំងពីរនាក់បានកូននៅរស់ទេ ក៏មានចិត្តត្រេកអរណាស់ យកធ្នូនោះប្រគល់ឲ្យទៅទាសកម្មករជាបំរើ។ បំរើទាំងនោះ ក៏ប្រមូលបាវព្រាវស្ម័គ្របក្សពួកបានប្រមាណ ៥០ នាក់ហើយក៏រត់ត្រឡប់មកជួបនឹងព្រះស្ដេចកនវិញ។
ឧបាយបណ្ដេញចន្ទរាជា[កែប្រែ]
ព្រះស្ដេចកននាំស្ម័គ្របក្សពួកទាំងនោះរត់ទៅដល់ស្រុកបាភ្នំ។ វេលាព្រលប់ហើយទាំងអស់គ្នាក៏នាំគ្នាឡើងទៅលើផ្ទះចៅហ្វាយស្រុក។ ព្រះស្ដេចកនឃើញចៅហ្វាយស្រុកកំពុងស្ដីការរាជការយល់ប្រហែលខ្លួន ទើបស្ដេចកនក្លែងស្រែកថា: មានព្រះរាជឱង្ការឲ្យអញមកប្រហារជីវិតឯង ដ្បិតឯងក្បត់ចូលនឹងចៅពញាចន្ទរាជា។ ថាហើយ កនក៏ស្ទុះទៅកាប់ចៅហ្វាយស្រុកដល់អនិច្ចកម្មទៅ។ អស់ក្រមការ រាស្ត្រប្រជា ក៏ភ្ញាក់ផ្អើលឆោឡោអឺងកង ទើបព្រះស្ដេចកនឧបាយស្រដីថា: "ហ្លួងទ្រង់ជ្រាបថា" ចៅហ្វាយស្រុកនេះក្បត់ចូលនឹងចៅពញាចន្ទរាជាដើម្បីនឹងដណ្ដើមរាជ្យ។ ហេតុនោះហើយ បានជាទ្រង់ត្រាស់បង្គាប់ឲ្យអញចេញមកសំលាប់។ បើអញសំលាប់បានហើយឲ្យកេណ្ឌទ័ពនាំចូលទៅលើកចៅពញាយសរាជាជាព្រះរាជឱរស ដែលត្រូវជាក្មួយអញឲ្យឡើងសោយរាជ្យ។ អស់អ្នករាល់គ្នាដែលឥតទោសកុំគិតវឹកវរបារម្ភឡើយ។ ចូលអ្នកនាំគ្នាយកអាសាថ្វាយព្រះករុណាវិញទើបជា។ បើបានសំរេចការណ៍ថ្ងៃណា នោះពល (គឺពូជមនុស្សដែលទុកជាវណ្ណៈថោកទាបជាងគេបំផុត បណ្ដាវណ្ណៈទាំងបួនគឺ ព្រាហ្មណ៍ ក្សត្រិយ៍ វៃស្ស សូទ្រ ពលព្រះរតនត្រៃ) នឹងឲ្យរួចជាព្រៃងារ (ព្រៃងារ គឺមនុស្សអ្នកជាធម្មតាជាមនុស្សយកភាគទី៣។ មនុស្សពួកនេះ មានសេរីភាពអាចធ្វើអ្វីបានគ្រប់យ៉ាង)។ ព្រៃងារនឹងឲ្យឡើងជាមន្ត្រី ហើយមន្ត្រីនឹងឲ្យជានាម៉ឺនធំ តាមមានគុណបំណាច់តិចច្រើន។ ឯអស់ក្រមការ ប្រជារាស្ត្របានឮ ឃុនហ្លួងព្រះស្ដេចកននិយាយបោកប្រាស់ដូច្នោះ ក៏ជឿចិត្តចុះចូលទាំងអស់។ ព្រះស្ដេចកនចែកចាត់ជា មេកង មេទ័ព ទៅកេណ្ឌពលហើយឲ្យចេញទៅសង្កត់ស្រុកតូចធំរៀងមកដល់ខែត្រព្រៃវែងជាមុន បណ្ដាលឲ្យចៅហ្វាយស្រុកទាំងនោះ ជឿស្ដាប់ទៅទើបបានខែត្រព្រៃវែងនោះ និង ខែត្រឯទៀតជាច្រើនជាចំណុះ។ ឯកងល្បាតរបស់ពញាយមរាជ និង វង្សាអគ្គរាជយល់មនុស្សម្នាក់ស្លាប់ ក៏ដឹងថា ព្រះស្ដេចកនសំលាប់ តែពុំដឹងជារត់ទៅទិសណា។ លុះស៊ើបតាមរាស្ត្រប្រជាទៅ ទើបដឹងជាក់ជារត់ទៅតាំងខ្លួនឯស្រុកបាភ្នំ។ ទាហានរបស់ពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថានឹងលើកទ័ពតាមទៅចាប់ព្រះស្ដេចកន តែរាស្ត្រទាំងនោះឃាត់ថានឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះស្ដេចកនសង្កត់បានតាំងពីខែត្រតូចធំ ចុះចូលជាច្រើនមានកងទ័ពរាប់ម៉ឺនរាប់ពាន់ទៅហើយ។ ឯនាយកងល្បាតស្ដាប់បានដំណឹងជាក់ហើយ ក៏នាំគ្នាយកសេចក្ដីនោះចូលទៅប្ដឹងចៅពញាយមរាជ និង ចៅពញាវង្សាអគ្គរាជជាសេនាបតី។ សេនាបតីទាំងពីរនេះយកសេចក្ដីនោះនាំឡើងក្រាបបង្គំទូលថា: សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគឲ្យធ្វើសំបុត្រប្រាប់ប្រាមទៅកូនឲ្យចូលមកគាល់។ បើកូនពុំចូលមកទេ សឹមយើងលើកទ័ពធំទៅចាប់ព្រះស្ដេចកន ព្រះស្ដេចកនគង់រត់មិនរួចឡើយ។ សម្ដេចព្រះបរមបពិត្រទ្រង់ព្រះសណ្ដាប់ហើយទ្រង់ត្រូវព្រះទ័យណាស់ ទើបត្រាស់បង្គាប់ព្រះពិជ័យនាគជាបិតា និង ព្រះស្នំឯកជាបងឲ្យធ្វើសំបុត្រប្រាប់ទៅព្រះស្ដេចកនឲ្យចូលមកគាល់ចុះ ទ្រង់នឹងលើកទោសលែងឲ្យមានទោសតទៅទៀតហើយ។ ព្រះពិជ័យនាគ និង ព្រះស្នំឯកក៏បានធ្វើតាមទ្រង់ត្រាស់បង្គាប់។ លុះបំរើនោះទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា: ខ្ញុំជារាជបំរើហ្លួង។ ហ្លួងឲ្យខ្ញុំនាំសំបុត្រព្រះពិជ័យបិតា មកជូនឃុនហ្លួងព្រះស្ដេច។ ឃុនហ្លួងព្រះស្ដេចដឹងកលនេះយល់ប្រាកដជាបិតាឲ្យមកយកខ្លួនហើយ ក៏គិតថា: អញបានចំណាប់ហើយ អញត្រូវនិយាយឲ្យរាស្ត្រដឹងឮច្បាស់ថា ហ្លួងឲ្យមកតឿនការសង្គ្រាមវិញ។ លុះគិតដូច្នេះហើយ ឃុនហ្លួងព្រះស្ដេចកន ក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា: ព្រះរាជឱង្ការនេះឲ្យមកតឿនការសំងាត់ហើយ។ ថាយើង ក៏រៀបចំមិនទាន់ស្រេចដោយក្រមការធ្វើការធ្វេសប្រហែសពេកបានជាយឺតយូរ។ ឥឡូវព្រះរាជឱង្ការ ឲ្យអញ្ជើញមកដល់ហើយ ដូច្នេះចូរអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញព្រះរាជឱង្ការនោះចូលមក។ ក្រមការឮដូច្នោះហើយរឹងឃើញថាកលរបស់ឃុនហ្លួងព្រះស្ដេចកននេះជាការណ៍ពិតណាស់ក៏តែងខ្លួនតាមយសសក្ដិ ហើយមានសេនាទាហានកាន់គ្រឿងអាវុធ និង គ្រែមួយ ព្រមទាំងតោក ៥ ជាន់ចេញទៅតំកល់សំបុត្រនោះចូលមកតំកល់ក្នុងបន្ទាយ។ ព្រះស្ដេចកនក៏ក្លែងធ្វើជាក្រាបថ្វាយបង្គំ ៣ ដង ហើយបណ្ដេញក្រមការទាំងអស់ឲ្យចេញទៅឆ្ងាយសិនដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះសំងាត់។ ក្រមការទាំងអស់ ក៏ជឿពិតថាសេចក្ដីព្រះរាជឱង្ការនោះជាសំងាត់ ឲ្យមកតឿនការសំងាត់គឺការសង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ។ ខណៈនោះ ព្រះស្ដេចកន មើលដឹងសេចក្ដីថា ព្រះពិជ័យបិតា និង ព្រះស្នំឯកប្រាប់មកឲ្យខ្លួនចូលទៅគាល់ហ្លួង ហ្លួងនឹងលើកទោសហើយ។ ព្រះស្ដេចកន មើលចប់ដឹងសេចក្ដីហើយ ក៏ឆ្លើយប្រាប់ក្លែងទៅនឹងបំរើវិញថា: ឲ្យជំរាបលោកឪពុក និង អ្នកបងថា! ទ្រង់ព្រះមេត្តាប្រោស លើកលែងទោសដូច្នោះ នោះព្រះគុណធំឥតស្មើជាទីបំផុត។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការតាមដើមវិញ តែសូមបង្អង់ចាំចាត់ឲ្យរាស្ត្រប្រជាដែលតាមមកផងនោះត្រឡប់ទៅទីលំនៅវិញសិន។ ខ្ញុំចាត់ការនេះស្រេចកាលណា ខ្ញុំនឹងចូលទៅជាក្រោយកុំឲ្យលោកឪពុកអ្នកបងព្រួយចិត្តឡើយ។ លុះប្រាប់ចប់ហើយ នាយកនក៏ឲ្យរាជបំរើនោះត្រឡប់មកវិញ។ រាជបំរើនោះចេញផុតទៅ ព្រះស្ដេចកនធ្វើជារត់តាមទៅស្រែកផ្ដាំថា: ឲ្យលោកឪពុក និង អ្នកបងក្រាបទូលការណ៍នោះថាជិតបានសំរេចហើយ ខ្ញុំនឹងលើកទៅឆាប់ហើយឲ្យទ្រង់ទុកព្រះរាជហឫទ័យចុះ។ អ្នកឯងមក ឃើញមនុស្សម្នាមកកកកុំនឹងភ្នែកហើយ។ ខណៈដែលព្រះស្ដេចកនស្រែកផ្ដាំដូច្នោះ បំរើចូលចិត្តថាប្រាកដជានឹងលើកលែងក្បត់ហើយ ហើយឲ្យកងទ័ពត្រឡប់ទៅស្រុកវិញមែន។ ចំណែកក្រមការ និង កំណែនទាំងប៉ុន្មាន កាលបានស្ដាប់សំដីថ្លែងរបស់ព្រះស្ដេចកននេះហើយក៏ជឿចូលចិត្តថាហ្លួងឲ្យមកតឿនកងទ័ពឲ្យប្រញាប់ទៅមែន។ ក្រោយនោះមក ព្រះស្ដេចកនឲ្យធ្វើសំបុត្រប្រកាសប្រាប់ ក្រមការ និងរាស្ត្រ ឲ្យដឹងគ្រប់គ្នាថា: ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើង ឲ្យយើងចេញមកជាមេកង ធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជាបំរើឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសំលាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយ ពុំដឹងឧបាយ ក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។ ព្រះរាជបំរើនោះត្រឡប់វិញទៅដល់ហើយ ក៏ចូលទៅក្រាបបង្គំទូលដំណើរ តាមសេចក្ដីព្រះស្ដេចកនផ្ដាំមក។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការ ក៏ស្មានថាជាការពិតមែន ទ្រង់ពុំបានឲ្យកេណ្ឌកងទ័ពរក្សាព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា: ឲ្យចាត់បំរើស្រីៗ ឲ្យស្ដីលួងលោមព្រះស្ដេចកនឲ្យចូលមកឲ្យឆាប់កុំឲ្យបង្អង់ឲ្យយឺតយូរឡើយ។ អ្នកព្រះស្នំឯកពុំហ៊ានទូលទាស់ ក៏ចាត់បំរើស្រីស្រដីថាឲ្យទៅស្រដីលួងលោមបញ្ចុះបញ្ចូលតាមត្រាស់បង្គាប់។ លុះបំរើទៅដល់ជំរាបថា: អ្នកជាម្ចាស់បានក្រាបបង្គំទូលសុំព្រះរាជទានលើកទោសអ្នកព្រះស្ដេចអស់ហើយ។ បើអ្នកព្រះស្ដេចមិនចូលទៅគាល់ក្នុងវេលានេះទេ ព្រះបរមបពិត្រស្ដេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឲ្យយូរទៅ ការណ៍នេះនឹងកើតជាសឹកសង្គ្រាមជ័យ ហើយអ្នកជាម្ចាស់នឹងជួយលោកពុំរួចទេ។ ព្រះស្ដេចកន ស្ដាប់ហើយក៏នឹកថាស្ដេចនេះល្ងង់ណាស់។ បើល្ងង់យ៉ាងនេះគង់នឹងបានរាជសម្បត្តិមកអញហើយ។ លុះគិតដូច្នេះហើយព្រះស្ដេចកន ក៏តបជាឧបាយថា: ឲ្យអ្នកបងបង្អង់ទំរាំតែរាស្ត្រត្រឡប់ទៅស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះនឹងចូលទៅក្រាបបង្គំគាល់ ព្រះបរមនាថបរមបពិត្រហើយ សូមកុំឲ្យទ្រង់ព្រួយព្រះទ័យឡើយ។ កុំភ័យនឹងខ្ញុំៗមិនក្បត់ទេ។ ស្រីបំរើទាំងនោះ ត្រឡប់វិលមក យកសេចក្ដីក្រាបបង្គំទូល តាមដំណើរវិញគ្រប់ប្រការ។ ព្រះបរមបពិត្រ ស្ដេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យបង្អង់ស្ដាប់ការណ៍តទៅទៀត។ ព្រះស្ដេចកន កាលបើពួកស្រីបំរើទាំងនោះ ត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ពចេញទៅសង្កត់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្របង្ហាត់សេនាទាហានបានជាច្រើន កើនចំនួនឡើងតែរាល់ថ្ងៃ។ អស់ប្រជានុរាស្ត្រដែលជាខ្ញុំរាជការឃើញមានព្រះរាជបំរើឲ្យទៅមករកគ្នារឿយៗហើយឮពាក្យប្រកាសរបស់ព្រះស្ដេចកនថា: ព្រះបាទអ្នកជាអម្ចាស់ ត្រាស់ប្រើឲ្យចេញទៅគិតការណ៍ សំលាប់ចៅពញាចន្ទរាជា ដូច្នេះក៏យល់ថាមែន។ រាស្ត្រទាំងនោះស្រដីតៗគ្នាថា: ហ្លួងព្រះស្ដេចកន ទៅបង្កើតទ័ពលើកទៅលុកសម្ដេចព្រះអនុជនេះឃើញថាពិតមែនហើយ ព្រោះមានបំរើទៅមកតឿនការរាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំមមី ឯកស័កត្រូវបានព្រះជន្មវស្សា ២៤ ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយ ទើបទ្រង់ព្រះចិន្តាថា: ពាក្យដែលឮនេះប្រហែលជាមែន បានជាសម្ដេចព្រះជេដ្ឋាធិរាជធ្វើព្រងើយកន្តើយឲ្យបំរើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះបើព្រោះតែយើងមួយ យើងនឹងនៅឲ្យគេទើសទាល់រវល់ថ្វី ទើបស្ដេចនាំអស់បណ្ដាជាខ្ញុំ ៥០ នាក់ដោះរត់ជើងគោកទាំងរាត្រីនោះពីក្រុងចតុម្មុខស្រូតរូតចូលទៅក្រុងទេពបុរីទៅ។
ការវាយដណ្ដើមទឹកដី[កែប្រែ]
ស្ដេចកនដែលចាត់មេកងទ័ពឲ្យចេញសង្កត់ខែត្រតូចធំកេណ្ឌរេហ៍ពលបានមកជួបជុំល្មមជាមាំមួនហើយលុះបានដឹងថាចៅពញាចន្ទរាជារត់ទៅស្រុកសៀមដូចឧបាយដែលខ្លួនគិតដូច្នោះហើយក៏អរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា: ពីដើមអញញញើតតែ ចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះអញពុំឃើញនរណានឹងក្លាហានចេញតនឹងអញបានឡើយ។ ឥឡូវចៅពញាចន្ទរាជា រត់ទៅស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះ គង់នឹងបានសំរេច ដោយងាយជាមិនខាន។ ព្រះស្ដេចកនថាហើយ ក៏ប្រជុំរេហ៍ពលចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្ដាំ ទ័ពស្រួចលើកទៅបោះនៅចុងខែត្រស្រីសឈរ ដែនព្រះនគរហ្លួង។ ចំណែកឯព្រះបរមបពិត្រ ដែលស្ដេចរង់ចាំព្រះស្ដេចកន នឹងចូលមកគាល់នោះ លុះយល់បាត់យូរពេក ក៏ត្រាស់សួរអ្នកព្រះស្នំឯកថា: ប្អូនឯង ម្ដេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្ដេចដែរ? ព្រះម្នាងកេសរបុប្ផា ក្រាបទូលថា: ខ្ញុំម្ចាស់ឲ្យបំរើទៅតឿនវា វាថាកុំឲ្យភ័យនឹងវា វាមិនក្បត់ទេ។ ថាកាលណា វាជូនរាស្ត្រទៅស្រុករួចហើយ វានឹងចូលមកក្រាបបង្គំគាល់។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះ ខ្ញុំម្ចាស់នឹងចាត់បំរើឲ្យទៅតឿនវាទៀត។
សមរភូមិស្រីសឈរ គ.ស. ១៥០៨ គ្រាទីមួយ[កែប្រែ]
កងល្បាតព្រះនគរ កាលឃើញថាព្រះស្ដេចកនលើកកងទ័ពធំមកបោះនៅចុងខែត្រស្រីសឈរដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្ដីនេះទៅប្ដឹងចៅពញាយមរាជ សេនាបតីនេះក៏នាំឡើងក្រាបបង្គំទូលថា: ឥឡូវនេះ ព្រះស្ដេចលើកកងទ័ពមកបោះនៅចុងខែត្រស្រីសឈរគឺចុងដែនក្រុងហើយ។ កងល្បាតទប់ពុំជាប់ក៏រត់ចូលមកប្ដឹង។ សម្ដេចព្រះបរមពិត្រ លុះបានទ្រង់ជ្រាបហើយទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា: "អញស្មានថាវានឹងចូលមកគាល់បំរើនៅជាខ្ញុំរាជការតទៅទៀតមិនដឹងជាវាមានគំនិតចិត្តធំដល់ម៉្លេះឡើយ"។ ទ្រង់ត្រាស់តែប៉ុណ្ណេះហើយ ក៏ត្រាស់បង្គាប់ឲ្យកេណ្ឌកងទ័ពបានចំនួនជាងប្រាំពាន់ប្លាយនាក់ទើបទ្រង់ចាត់ហើយឲ្យនៅចាំរក្សាព្រះនគរពីរពាន់ចាត់ឲ្យចៅពញាយោធាសង្គ្រាមលើកទៅជាទ័ពមុខ ១០០០ នាក់ចៅពញាចក្រីលើកទៅជាទ័ពធំ ២០០០ នាក់។ លុះបានឫក្សពារពិលាល្អហើយ ចៅពញាយោធាសង្គ្រាមក៏លើកទ័ពទៅជាមុន ចៅពញាចក្រីលើកទ័ពធំទៅជាក្រោយ ដោយក្បួនពិជ័យសង្គ្រាម។ ព្រះបាទបរមបពិត្រ ទ្រង់យល់ទ័ពមុខទ័ពធំលើកចេញហើយ ទ្រង់ត្រាស់បង្គាប់មន្ត្រីក្រុមរក្សាព្រះអង្គឲ្យទៅអញ្ជើញសម្ដេចព្រះអនុជចន្ទរាជានឹងឲ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត។ ខណៈនោះមន្ត្រីមហាផ្ទៃ (ថៃ ត្រូវនឹង ផ្ទៃ រឺ ទៃ សព្វថ្ងៃហៅក្រសួងមហាផ្ទៃ) ក្រាបទូលថា: សម្ដេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើព្រះស្ដេចកនឲ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះអង្គ។ ព្រះអង្គភ័យណាស់ក៏ប្រមូលតែបណ្ដាជាខ្ញុំ ៥០ នាក់ រត់ទៅក្រុងទេពទាំងយប់នោះទៅហើយ។ ព្រះបាទបរមនាថបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្ដាយណាស់ ទ្រង់ត្រាស់ថា: មិនគួរជាប្អូនមិនសួរបងសិន មិនគួររត់ចោលឲ្យបងព្រួយដល់ម៉្លេះទេ។ ត្រាស់ហើយព្រះអង្គយាងចូលទៅខាងក្នុងទៅ។ ចៅពញាយោធាសង្គ្រាម កាលជិះដំរីចេញទៅជាមេទ័ពមុខនោះបានជួបនឹងទ័ពព្រះស្ដេចកន។ ព្រះស្ដេចកន ក៏បរដំរីចេញចំមុខកងទ័ពនោះទើបចៅពញាយោធាសង្គ្រាមស្រែកថា: " យើអ្នកព្រះស្ដេច ម្ដេចក៏អ្នកឯងមិនកោតក្រែងព្រះចេស្ដាសោះ។ បំណាច់ទ្រង់ ព្រះមេត្តាប្រោសអ្នកឯងដល់ម៉្លេះម្ដេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្តអកតញ្ញូនឹងព្រះមហាករុណាទិគុណយ៉ាងនេះ"? ព្រះស្ដេចកន ឮហើយគិតថា: បើអញនឹងបើកឲ្យចៅពញាយោធាសង្គ្រាមនិយាយវែងទៅទៀតក្រែងកងទ័ពយល់ថាខ្លួនជាមនុស្សក្បត់ពុំមែនជាត្រាស់ប្រើទេទើបឆ្លើយថា: អ្នកឯងកុំនិយាយការអ្វីជាជ្រៅខាងក្នុងនោះឲ្យសោះ ទ្រង់ព្រះបណ្ដាំនឹងខ្លួនខ្ញុំសព្វគ្រប់ហើយ។ ព្រះស្ដេចកន ថាហើយក៏យឹតធ្នូបាញ់ទៅត្រូវដើរមកចៅពញាយោធាសង្គ្រាម ចៅពញាយោធាសង្គ្រាមក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច។ កងទ័ពឃើញនាយបរាជ័យហើយ ក៏បែកទ័ពរត់ទៅរកកងទ័ពធំ។ ចៅពញាចក្រី កាលឃើញទ័ពមុខបែកមកហើយក៏កាល់ពលឲ្យចូលតយុទ្ធនឹងព្រះស្ដេចកន តែចៅពញាចក្រីទប់ពុំឈ្នះ ទើបថយទ័ពមកជិតព្រះនគរ ហើយបញ្ឈប់កងទ័ពនៅទីនោះដើម្បីរាំងទ័ពព្រះស្ដេចកនកុំឲ្យដេញចូលមកទៀត។ ខណៈនោះ ចៅពញាចក្រីក៏បកសំបុត្រចាត់បំរើឲ្យចូលមកសុំកងទ័ពថែមទៅទៀត។ ព្រះបរមបពិត្រ ព្រះបាទសម្ដេចព្រះឝ្រីឝៅគន្ធបទជាម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យប្រជុំសេនាបតី មន្ត្រីបុរោហិតព្រឹទ្ធាចារ្យ អាមាត្យទាំងឡាយមកជួបជុំត្រាស់ប្រឹក្សាកិច្ចការរាជការសង្គ្រាម។ ខណៈនោះ ចៅពញាយមរាជយកសេចក្ដីក្រាបទូលថា: ទ័ពអាព្រះស្ដេចកនលើកមកឥឡូវនេះប្រកិតជិតព្រះរាជវាំងណាស់ហើយថាបើយើងឲ្យទៅកេណ្ឌកងទ័ពត្រើយខាងលិចមក ក៏មុខជាយូរហើយមកមិនទាន់ការណ៍ផង។ ថាពលកងល្បាតយើងមានតែ ១០០០០ នាក់ប៉ុណ្ណោះទូលព្រះបង្គំយល់ថាមិនសួនការណ៍នឹងទទួលតនឹងទ័ពធំ អាព្រះស្ដេចកនបានឡើយ។ ហេតុដូច្នេះហើយ ទូលព្រះបង្គំសូមអញ្ជើញព្រះអង្គថយទាំងគ្រប់គ្រួ ទៅឯក្រុងចតុម្មុខសិន។ លុះបានទ័ពគ្រប់សព្វហើយសឹមលើកត្រឡប់មកកាត់ក្បាលអាក្បត់ផែនដីនេះ ដោតទុកជាបំរាមតទៅ។ ឯខ្លួនទូលព្រះបង្គំជាខ្ញុំនឹងចៅពញាចក្រីពីរនាក់នេះ នឹងយកអាសាការ (គឺការពារ ឬ កាល់) គ្រប់គ្រួមិនឲ្យអាព្រះស្ដេចកន វាមកធ្វើអុកឡុកឲ្យអន្តរាយបានឡើយ។ លុះធ្វើការរួចសព្វគ្រប់ហើយ ទូលព្រះបង្គំនឹងលើកទ័ពតាមដង្ហែទ្រង់ព្រះករុណាទៅជាក្រោយ។
សមរភូមិស្រីសឈរ គ.ស. ១៥០៨ គ្រាទីពីរ[កែប្រែ]
ព្រះពិជ័យនាគនឹកខឹងព្រះស្ដេចកនណាស់ថា ដ្បិតវាទទឹងរឹងនឹងសំបុត្របង្គាប់របស់ខ្លួនដែលឲ្យចូលមកមិនចូលមកនេះមួយ ថាទ្រង់ប្រោសប្រាណម៉្លេះហើយនៅតែប្រែចិត្តជាគិតក្បត់វិញនេះមួយទើបព្រះពិជ័យយកសេចក្ដីក្រាបបង្គំទូលថា: កូនប្រពន្ធញាតិសន្តានរបស់ទូលព្រះបង្គំជាខ្ញុំទាំងប៉ុន្មាននោះសុំឲ្យនៅតាមហែព្រះករុណាជាអម្ចាស់ទៅជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជទានពល ១០០០ នាក់ចេញទៅតដៃនឹងអាកនដែលក្បត់នោះយកថ្វីដៃថ្វាយ។ ថាបើទូលបង្គំជាខ្ញុំ ប្រែចិត្តក្បត់ជាមួយនឹងអាកនវិញ សូមឲ្យទូលព្រះបង្គំស្លាប់តែនឹងត្រូវគ្រឿងសស្ត្រាវុធ ហើយសូមឲ្យសំលាប់បុត្រភរិយាញាតិសន្តានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ។ ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយទ្រង់ឲ្យបុរោហិតអញ្ជើញគ្រឿងអាវុធមកពិធីសុំទឹកពិភទ្ទសច្ចា ឲ្យព្រះពិជ័យនាគផឹក។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រ ស្ដេចព្រះរាជទានពល ១០០០ នាក់ឲ្យទៅព្រះពិជ័យនាគឲ្យលើកជាក្បួនទ័ពចេញទៅ។
ថ្ងៃ ៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព្រះបរមបពិត្រ ព្រះអង្គទ្រង់នាំគ្រប់គ្រួហ្លួង និង គ្រប់គ្រួខ្ញុំរាជការ ចុះព្រះទីនាំង និងទូកទាំងពួងឆ្លងទៅតាំងទ័ពនៅចតុម្មុខ ស្រុកភ្នំពេញ។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួ ទាំងក្នុងទាំងក្រៅទៅឈប់នៅបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឲ្យរកកេណ្ឌកងទ័ព ថែមបានរេហ៍ពលមកដល់ ២៥០០ នាក់។ ខែត្រណាដែលនៅឆ្ងាយ ក៏ពុំទាន់មកដល់។ ឯពញាយមរាជ លុះឃើញទ័ពហ្លួងចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្ដេចកន លើកទ័ពចូលមកសោះក៏ថយទ័ពតាមហែឆ្លងមកចតុម្មុខស្រុកភ្នំពេញដែរ។ ព្រះស្ដេចកនលុះដឹងថាទ័ពហ្លួងថយចោលក្រុងហើយ ក៏លើកកងទ័ពរេហ៍ពល ៥០០០០ នាក់ចូលទៅវាយទ័ពចៅពញាចក្រី។ ចៅពញាចក្រីបែកទ័ពស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត។ ព្រះស្ដេចកនលើកទ័ពទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា។ នាយកនគិតថា: បិតាខ្លួនមកនេះប្រាកដជាមកហាមប្រាមបញ្ចុះបញ្ចូលខ្លួន។ ថាបើដូច្នេះខ្លួននឹងនៅស្ងៀមឲ្យបិតានិយាយទៅក្រែងបែកការណ៍ថាខ្លួនជាមនុស្សក្បត់។ លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏ស្រែកឲ្យកងទ័ពចូលប្រកាប់នឹងបិតាខ្លួន តែឯបិតានេះ ព្រះស្ដេចកនឲ្យពលចូលចាប់នឹងដៃកុំបីធ្វើឲ្យសៅហ្មងដល់រូបកាយឡើយ។ នាយកងទ័ព និង រេហ៍ពលឮហើយក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ។ ខាងព្រះស្ដេចកនមានពលច្រើនខាងបិតាមានពលតិច។ ពលខាងព្រះស្ដេចកនសំលាប់ពលខាងបិតាស្លាប់ជាច្រើន។ ព្រះពិជ័យនាគឃើញដូច្នេះក៏ទាល់ប្រាជ្ញានឹងហាមាត់ស្ដីហាមប្រាមពុំបាន។ មួយរំពេចនោះពិជ័យនាគ នាំរេហ៍ពលដែលសល់ពីស្លាប់នោះរត់តាមថ្នល់ព្រះនគរចេញទៅ។ អស់រាស្ត្រដែលសល់នៅក្នុងព្រះនគរផ្អើលវឹកវរកោលាហល។ កងទ័ពព្រះស្ដេចកន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សំលាប់រាស្ត្រ ដែលសល់នៅនោះ ហើយដេញព្រះពិជ័យនាគទៀត។ ព្រះពិជ័យនាគ សល់ពលតែ ៥០០ នាក់នាំរត់ទៅជ្រកកោនក្នុងព្រះអារាម សម្ដេចព្រះសុគន្ធាធិបតី ឈ្មោះ ហៅ វត្តស្ដីធំជាគ្រូព្រះស្ដេចកន ហើយឲ្យពលបិទទ្វារកំពែងជាន់ក្នុងចាំទទួលច្បាំង។ កងទ័ពព្រះស្ដេចកន ដែលដេញទៅទាន់ ក៏តាំងចោមព្រះអារាមនោះជាមាំមួនព័ទ្ធច្រើនជាន់ច្រើនសង្កាត់។ វេលានោះ មានចលាចលជាខ្លាំង រេហ៍ពលក៏ស្លាប់ជាច្រើនណាស់ ទើបសម្ដេចព្រះសុគន្ធាធិបតី ទ្រង់ឮអ៊ឹកធឹកហើយទ្រង់ចេញមកទូត។ ឃើញហើយទ្រង់វេទនានឹងមនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្ដេចព្រះសុគន្ធាចេញមកឲ្យកងទ័ពឈប់ ហើយហៅព្រះស្ដេចកនឲ្យចូលទៅសំពះសុំទោសបិតា។ លំដាប់តមក ព្រះសុគន្ធាធិបតីប្រាប់ពិជ័យនាគថា: កូនអ្នកឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រក្នុងកម្ពុជានេះហើយ។ ព្រះពិជ័យនាគកាលបានស្ដាប់ថេរវាចាហើយក៏ក្រាបទូលថា: បើសម្ដេចមានបន្ទូលដូច្នោះ បុត្រភរិយាញាតិសន្តានរបស់ខ្ញុំព្រះករុណាមិនស្លាប់អស់ហើយឬ? ថាហើយព្រះពិជ័យនាគ ក៏ហូតដាវស្ទុះទៅនឹងកាប់ព្រះស្ដេចកន។ តែពេលនោះអស់សេនាទាហាន រេហ៍ពលខាងព្រះស្ដេចកនព្រួតគ្នាចូលទៅដណ្ដើមចាប់យកដាវនោះ។ សម្ដេចព្រះសុគន្ធាធិបតីនាំព្រះពិជ័យនាគយកទៅទុកក្នុងព្រះវិហារ។ ក្រោយនោះ សម្ដេចព្រះសុគន្ធាធិបតី ស្ដេចមានថេរវាចាឲ្យបិតា និងបុត្រសះជានឹងគ្នាទៅ។ លុះផ្សះផ្សាស្រេចហើយ សម្ដេចឲ្យកងទ័ពយកគ្រឿងអាវុធមកប្រគងប្រកល់ដល់កំពស់ស្មើក្បាល ហើយស្ដេចឲ្យពិជ័យនាគ និងព្រះស្ដេចកនឡើងលើគំនរអាវុធទាំងពីរនាក់ឲ្យបិតា និងបុត្រសត្យសញា (សម័យពីដើមបូរាណាចារ្យច្រើនយកនាមនាមមកធ្វើជាកិរិយាសព្ទ)។ សម្ដេចព្រះសុគន្ធាធិបតីធ្វើជាអាចារ្យស្រោចទឹក ចំរើនជ័យមង្គលសិរីសួស្ដីឲ្យទាំងពីរនាក់។ ស្រេចហើយ ព្រះស្ដេចកនឲ្យរេហ៍ពលយកគ្រឿងអាវុធនោះទៅធ្វើជាចបជីកដីលើកជាថ្នល់ (សាស្ត្រាខ្លះថាយកអាវុធនោះទៅកប់ហើយយកដីលុបពីលើធ្វើជាថ្នល់) ថ្វាយសម្ដេចព្រះសុគន្ធាធិបតី ត្រង់ផ្លូវចេញពីព្រះវិហារ ពីអារាមរៀងទៅ ហើយប្រែឈ្មោះវត្តស្ដីធំនោះ ឲ្យឈ្មោះវត្តព្រះថ្នល់រៀងមកដល់ឥឡូវនេះ។
សមរភូមិភ្នំពេញ គ.ស. ១៥០៨[កែប្រែ]
លុះសុរេចការហើយ ព្រះស្ដេចកនចាត់ចែងនាយកងទ័ពឲ្យចេញកេណ្ឌសង្កត់ខែត្រធំតូចត្រើយខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំលើកទ័ពជើងគោកជើងទឹកសន្ធឹកមហិមាឆ្លងទៅវាយបន្ទាយភ្នំពេញទៀត។ ព្រះបរមបពិត្រកាលបានទ្រង់ជ្រាបថា: ព្រះស្ដេចកនលើកទ័ពមកហើយ ក៏ស្ដេចចាត់រេហ៍ពល សកលយោធាលើកចេញទៅទទួលច្បាំងនឹងស្ដេចកន ៣ ថ្ងៃតែពុំទាន់ឈ្នះចាញ់សោះ។ ព្រះស្ដេចកនយល់ថា: ទ័ពខាងព្រះបរមបពិត្រ របឹងរឹងរូសណាស់នឹងវាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ ក៏ឱ្យកងទ័ព ៥០០០០ នាក់ឆ្លងទៅព័ទ្ធបន្ទាយភ្នំពេញពីទិសខាងលិចឲ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង។ កងទ័ពព្រះបរមបពិត្រតែ ៣០០០០ នាក់កងទ័ពខាងព្រះស្ដេចកន នាយកងនាយទ័ពចេះតែកេណ្ឌបញ្ចូលមកបានជួបជុំទាំងមុនទាំងក្រោយ ១២០០០០ នាក់លើកចោមបន្ទាយភ្នំពេញជាបីផ្លូវ ព្រមដោយនៅកាំភ្លើងធំតូច ធ្នូស្នាឧបមាបីដូចជាម្រោមចោមសំបុក ជាសន្ធឹកគឹកកងពន់ប្រមាណ។ ព្រះបាទបរមពិត្រ ស្ដេចចេញកងទ័ពទៅក៏ឃើញថា: កងទ័ពព្រះស្ដេចកនច្រើនក្ដាត់ចោមព័ទ្ធជាបីផ្លូវដូច្នេះហើយកងទ័ពខាងព្រះអង្គក៏ចេះតែរត់រាមិនទទួលច្បាំងសោះ។ ខណៈនោះ ព្រះអង្គថយទ័ពទៅតាំងនៅខែត្រលង្វែកបន្ថយគ្រប់គ្រួឲ្យទៅឈប់នៅសំរោងសែន ដែនខែត្រអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង)។ ស្ដេចចាត់នាយកងនាយទ័ពឲ្យទៅកេណ្ឌកងទ័ពពីខែត្រខាងជើងថែមទៀត។ ស្ដេចកន កាលបានវាយបន្ទាយភ្នំពេញបែកហើយក៏ដេញកងទ័ពចូលបន្ទាយចាប់អស់រាស្ត្រប្រជារឹបយកស្បៀងអាហារសស្ត្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ត្រីចៅហ្វាយស្រុកធំតូចឲ្យចេញទៅសង្កត់ខែត្រខាងត្បូង ខាងលិច គឺខែត្របាទី ព្រៃក្របាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខែត្របាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួនស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀ ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូលព្រះស្ដេចកនទាំងអស់ព្រោះក្នុងវេលានោះបណ្ដារាស្ត្រចូលចិត្តថា: ព្រះស្ដេចកននេះជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ត្រ នាំគ្នាមកថ្វាយបង្គំចុះចូលជាច្រើន។
សោយរាជ្យជាប្រាប្ដាភិសេក[កែប្រែ]
មហាឧបរាជ ភូសំរេចការរាជការ (ភូ មានន័យថា អ្នក ឧទាហរណ៍ ភូឈួយ មានន័យថា អ្នកជួយ រឺ ជំនួយការ) មហាក្រស័ត្រសឹក បានដឹងថា អាណាខែត្ររាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ ទើបឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ្វាកៅជាមាឲ្យជាធំសំរេចរាជការខាងទាហាន។ ក្រៅពីនោះ តាំងឲ្យជាសេនាបតីមន្ត្រីធំតូចតាមមានគុណបំណាច់រាល់រូប។ លុះរៀបចំសេនាបតីរួចស្រេចហើយមហាឧបរាជកនក៏ប្រកាសថា: បើអ្នកណារកព្រះខឌ្ដរាជ្យមកថ្វាយបាន មហាឧបរាជនឹងឲ្យរង្វាន់ ជាមាស ៥០០ តម្លឹង តែរកពុំឃើញសោះ។ ស្ដេចកនឲ្យធ្វើព្រះខឌ្ដថ្មី វិចិត្រ រចនាដោយសុវណ្ណរតន៍ រួចស្រេចហើយ។ ព្រះមហាឧបរាជ ភូសំរេចរាជការ មហាក្រស័ត្រសឹក (កន) បានឡើងប្រាប្ដាភិសេក សោយរាជសម្បត្តិ ក្នុងឆ្នាំវក ចត្វាស័ក ព.ស. ២០៥៦, គ.ស. ១៥១២, ម.ស. ១៤៣៤, ច.ស. ៨៧៤ ក្នុងព្រះជន្មាយុ ២៩ ឆ្នាំក្នុងវាំងបាសាន ខែត្រស្រីសឈរ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។ ស្ដេចលើកព្រះរាជវង្សានុវង្ស និង ពលព្រះស្រីរតនត្រ័យទាំងអស់ ឲ្យឡើង សម្ដេចចៅហ្វាកៅ ដ្បិតសម្ដេចចៅហ្វាមានគុណបំណាច់ បានជួយច្បាំងមានជ័យហើយបានដើរសង្កត់រាបទាំងអាណាខែត្រ។ ស្ដេចលើកលែងឲ្យយកសួយសារអាករមួយរដូវ តាមបុរាណរាជប្រវេណី ដែលផ្លាស់ផែនដីថ្មី។ ផែនដីព្រះមហាឧបរាជកន ក៏សុខសប្បាយរៀងមក។
ប្ដូររាជធានី[កែប្រែ]
លុះដល់មកឆ្នាំច ឆស័ក ព.ស. ២០៥៨-គ.ស. ១៥១៤-ម.ស. ១៤៣៦-ច.ស. ៨៧៦ សម្ដេចព្រះស្រីជេដ្ឋា បរមបពិត្រ ទ្រង់ព្រះតំរិះថា: យើងជាស្ដេចផ្លាស់វង្សថ្មី គប្បីគិតឲ្យមានជាប់នៅព្រះកេរ្តិ៍ទីដំណែលព្រះរាជធានីថ្មីតទៅ ទើបមានសេចក្ដីល្បីឮនាមច្បាស់ប្រាកដទៅក្នុងអនាគត។ លុះទ្រង់ព្រះតំរិះ យល់ដូច្នេះហើយ ទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យកេណ្ឌប្រមូលរាស្ត្រប្រជាគ្រប់គ្រួលើកពីក្រុងបាសានទៅទិសខាងកើត។ លុះដល់ទៅភូមិចន្លក់ដូនតី ព្រះស្រីជេដ្ឋា ស្ដេចឲ្យសាងក្រុងហើយគង់នៅទីនោះបាន ៥ ខែ។ ថ្ងៃមួយនោះ ព្រះអង្គទៅពលីការ ទេវតានៅដើមព្រះពោធិ៍ រួចហើយ ស្ដេចត្រឡប់មកដំណាក់វិញ។ យប់នោះ ទ្រង់ផ្ទំលក់ទៅ ទ្រង់ព្រះសុបិននិមិត្តឃើញថា: ទ្រង់បានឮសន្ធឹកអ្វី ពីទិសខាងលិច ថាទ្រង់ឈរទតព្រះនេត្រគ្រប់ ៥ ម៉ោង ឃើញខែរះប៉ប្រះមាត់ព្រៃ ហើយឃើញតាចាស់ម្នាក់ឈរនៅទីនោះ ស្រែកប្រាប់មកព្រះអង្គថា: "ស្ដេចពុំត្រូវនៅទីនេះទេ ត្រូវតែនៅឯភូមិស្រឡប់ទើបបានសុខ ថាទៅមុខគង់តែនឹងដឹងទៀត"។ លុះចប់ព្រះសុបិននិមិត្តហើយ ស្ដេចតើនឡើង ក៏យល់ថា ព្រះអាទិត្យរៀងរះប្រពៃណាស់។ ពេលនោះ ទ្រង់ចោលទីចន្លក ហើយលើកគ្រប់គ្រួ ទៅនៅភូមិស្រឡប់ ចុងខែត្រត្បូងឃ្មុំទល់ដែនខែត្របាភ្នំ សមគួរជាទីពិជ័យភូមិល្អ។ នៅទីនោះ ទ្រង់ចាត់ការលើកដីដុតឥដ្ឋ ដុតកំបោរ ដុតក្បឿង និងស្បូវអំបែង តាក់តែងលើកកំពែង ជីកគូ ជីកអូរ តាំងបន្ទាយធំខ្ពស់ ក្រាស់ក្រួនមាំមួនធំទូលាយណាស់ ល្មមធ្វើសឹកកាន់ឆ្នាំបាន។ លុះធ្វើការស្រេចហើយ ស្ដេចឲ្យសាងប្រាសាទ ព្រះរាជមន្ទីរ ត្រឡែងកែងចុងរោង រោងជួង រោងទង រោងទីនាំង រោងឃ្លាំង និង សួនឧទ្យាន មានគ្រប់ប្រការ។ ស្ដេចចាប់ធ្វើការតែពីរឆ្នាំបានរួចជាស្រេច។ តែទីនោះ ឥតទឹកទេ ទើបទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវៀងមួយ ឧកញ៉ាវាំងមួយ ឧកញ៉ាលំពាំងមួយ ឧកញ៉ាស្រាលមួយ ឲ្យជីកស្រះធំ កណ្ដាលកំពែងព្រះនគរមានជ្រុង ៤។ លុះជីកបានទឹកស្រេច ស្ដេចសន្មតជ្រុងមួយៗ ឲ្យហៅថា កំពង់វៀង ជ្រុងមួយទៀតហៅថា កំពង់វាំង កំពង់ទី៣ ហៅថា កំពង់លំពាំង កំពង់ទី៤ ហៅថា កំពង់ស្រាល គ្រប់ចតុស្ដម្ភ (សេនាបតី) ទាំង៤។ អាស្រ័យហេតុទាំងនេះហើយ ទើបបានជាកំពង់ទាំង៤នោះ មានជាប់ឈ្មោះ ឧកញ៉ាទាំង៤នោះ រហូតមកដល់សព្វថ្ងៃនេះ។
ស្ដេចកនសាងនគរនេះធំមាំមួនជាងនគរចាស់ ហើយបានរួចរហ័សឆាប់ទៀតផង ព្រោះរាស្ត្រស្រុះស្រួលណាស់ កេណ្ឌតែម្នាក់ចូលជួយជាពីរបីនាក់។ លុះស្ថាបនារួចស្រេចហើយ ស្ដេចតាំងព្រះនគរនោះ យកនាមភូមិដើមមកផ្សំនឹងពាក្យថ្មីហៅថា ក្រុងសន្លប់ដូនតី ព្រៃនគរ បវររាជធានី។ ទ្រង់ឲ្យឧកញ៉ាស្រាល ចាប់ត្រីធំ តូច យកទៅលែងក្នុងស្រះ ក្នុងគូ ស្នាមភ្លោះជាច្រើន ឲ្យឧកញ៉ាលំពាំងតាំងក្លោងព្នៀតដំរី (ធ្វើក្រោលដំរី)។ ស្ដេចឲ្យឈ្មោះវាល ដែលស្ដេចទៅប្រពាត ដេញសត្វនោះថាវាលបានធំ (ខ្លះថាវាលចន្ទំ) ព្រោះវាលដែលស្ដេចដេញសត្វជាច្រើនឲ្យឈ្មោះបឹងមួយ ដែលស្ដេចទៅប្រពាតមច្ឆាពុំបាននោះឲ្យហៅថាបឹងស្មូរជន។ ព្រះអង្គឲ្យសាងព្រះវិហារសីមាជាច្រើន។ ទ្រង់ឲ្យតាំងទ្រទូងរដ្ឋទាំង៧ គឺ៖
- ព្រះសង្ឃបរិនាយកមួយ
- ព្រះអរិយកស្សបមួយ
- ព្រះឯកសត្ថាមួយ
- ព្រះពុទ្ធឃោសាមួយ
- ព្រះធម្មឃោសាមួយ
- ព្រះវិបស្សនាមួយ
- ព្រះបវរសត្ថាមួយ ទ្រទូងរដ្ឋទាំង៧នេះ ព្រះអង្គឲ្យនៅគង់ចាំព្រះវស្សាក្នុងអាវាសមួយៗ រាល់ព្រះអង្គ។
ព្រះស្រីជេដ្ឋា ដែលយាងមកគង់នៅ ក្រុងសន្លប់ដូនតី ព្រៃនគរនោះ បានតែបីឆ្នាំ រាស្ត្រប្រជាអ្នកបរទេសចូលមកនៅកុះកុំជុំជិតប្រកិតគ្នាច្រើនក្រៃ គណនាពុំបានឡើយ លើសពីផែនដីមុនពីរភាគ។ ព្រះនគរ ក៏សុខសប្បាយសំបូរណ៍គ្រប់។ ព្រះអង្គឲ្យបោះប្រាក់ស្លឹង មានស្លឹង ត្រារូបនាគឲ្យរាស្ត្រចាយ ហើយព្រះអង្គសព្វព្រះហឫទ័យល្បែងស្រីទតរាំ របាំ មហោស្រព តូរ្យតន្ត្រីណាស់។
(តាមពង្សាវតារផ្សេងទៀត) និយាយអំពីព្រះស្ដេចកន កាលតាំងខ្លួនសោយរាជ្យជាសម្ដេចព្រះស្រីជេដ្ឋាក្នុងក្រុងស្រីសឈររួចហើយ ទ្រង់ព្រះតំរិះថា៖ គួរគិតរកជ័យភូមិសាងនគរជាថ្មី ដ្បិតផ្លាស់វង្សថ្មី។ ទ្រង់ព្រះតំរិះតែម្ល៉ោះហើយ ក៏លើកពួករាជសេវកាមហាយោធាតាមមាគ៌ារង្គាត់គន់រកទីជ័យភូមិពុំត្រូវព្រះរាជហឫទ័យក្នុងខែត្រស្រីសឈរសោះ។ ស្ដេចទៅឯខេត្ដព្រៃវែង ក៏ពុំត្រូវព្រះរាជហឫទ័យ លុះប្រាំបីថ្ងៃដល់ស្ទឹងពាមមេត្រេក ខេត្ដបាភ្នំទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឲ្យតាំងបន្ទាយវាំងនៅទីនោះបានជាជាប់ឈ្មោះនៅទីកន្លែងបឹងកំពង់ចៅហ៊្វា១ កំពង់យមរាជ១ កំពង់ក្រឡាហោម១ កំពង់ចក្រី១ នៅទីនោះឯអ្នកស្រុកអំពីស្រុកកណ្ដាលជ្រុំ១ ជើងបាក់ដែង១ រោងដំរី១ ព្រៃនគរ១ គ្រប់ទិសតែងត្រេកមេត្រី មកចុះចូលទៅថ្វាយបណ្ដាការច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះទីភូមិនោះថា មេត្រេកវិញ។ ទ្រង់សាងព្រះនគរបាន ៨ ខែពុំទាន់សំរេច ស្ដេចទ្រង់ព្រះតំរិះយល់ជាថ្មីថា៖ តាំងព្រះនគរនេះជិតដែនយួនណាស់ បើយួនលើកមកនឹងពិបាកកេណ្ឌពលតច្បាំងឲ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រះសេនាបតីហើយ ព្រមទាំងរាជសេវកាមាត្យ មុខមន្ដ្រី ព្រះស្នំក្រមការសេនាយោធាទៅរកទីទៃភូមិក្នុងខែត្រត្បូងឃ្មុំ។ លុះដល់ទីមួយអន្លើវាយគងហៅគ្នាវាស់នាទីជីកដីជាស្នាមភ្លោះកបន្ទាយតែ ៥ សិនបួនជ្រុង (៤០០០០ មាត្រ២ ១ សិន = ៤០ មាត្រ)។ កន្លែងនោះមានខ្លះមិនពេញចិត្ដថា ដ្បិតតូចខ្លះថាទីនោះមិនមានជ័យភូមិល្អទេតែវាយគងហៅប្រជុំគ្នាកាលណាស្ដីដោលគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះកើតជាជំលោះឈ្លោះចេញដោលគ្នាវឹកវរ។ លុះមានរាស្ដ្រទៅនៅជាប់ឈ្មោះហៅភូមិអាដោលគងជ័យ បន្ទាយវរតាមហេតុដែលជេរដោលគ្នា និងវាយគងរៀងមក។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថាត្រូវទៅរកទីកន្លែងមួយទៀតឲ្យជីកដីធ្វើបន្ទាយ ៤ សិនបួនជ្រុងតែមិនទាន់ហើយទេ ទ្រង់ឲ្យឈ្មោះហៅបន្ទាយស្រឡប់ពិជ័យនគរធ្វើជិតនឹងរួចហើយពិគ្រោះទៅយល់ថាតូចទាបណាស់មិនសមជាក្រុងធំមិនល្មមនឹងពលប្រាំពីរប្រាំបីស្បែកនៅបានឡើយ ហើយទីនោះទឹកក៏ពុំសូវបរិបូណ៌ឃើញមានទីខាងត្បូងទីនោះមានចំងាយប្រមាណប្រាំមួយ ប្រាំពីរសិនមានដីទំនាបជ្រាបមានទឹកមានទួលល្អ ជំនុំព្រមទើបរើពិធីនោះទៅតាំងបន្ទាយនៅទីនោះបណ្ដោយ ២៥ សិន, ទទឹង ១៥ សិន, កំពស់ ១៥ ហត្ថ (១ ហត្ថ = ០,៥ មាត្រ) ជាបន្ទាយស្ដេចគង់។ ទ្រង់ឲ្យធ្វើបន្ទាយមួយទៀតនៅខាងលិចបន្ទាយស្ដេចគង់នោះចំងាយ ២ សិន បន្ទាយសំរាប់ចំបាំង ទទឹង ៤ សិន, បណ្ដោយ ៦ សិន បន្ទាយទាំងពីរនោះកំពស់ខាងលើ ៣ ព្យាម, កំរាស់ជើងទេ ៦ ព្យាម (១ ព្យាម = ២ មាត្រ) កំពស់ម្ភៃហត្ថ ស្នាមភ្លោះអមបន្ទាយដែលស្ដេចគង់នោះទទឹងពីរសិនជុំវិញ។ ស្នាមភ្លោះបន្ទាយចំបាំងនោះ ទទឹងមួយសិន បីជ្រុងគិតតែជ្រុងខាងជើងត្បូង ឯក្នុងបន្ទាយស្ដេចគង់ទិសខាងលិច ទិសខាងកើតបន្ទាយចំបាំងនេះដាក់រោងដំរី រោងសេះ រោងព្រះរាជយានក្នុងបន្ទាយចំបាំងនោះមានរោងទាហាន ២២ ខ្នងព័ទ្ធជុំវិញក្នុងបន្ទាយដែលស្ដេចគង់នោះ មានកំពែងកែវបីព័ទ្ធជុំវិញ ហើយឲ្យសាងប្រាសាទពីរ សាងព្រះចន្ទឆាយា ១ ដំណាក់ព្រះស្នំ ២២ ក្នុងព្រះរាជមន្ទីរធំនោះមានក្រឡាព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច ៧ សំរាប់តែងព្រះអង្គទ្រង់គ្រឿងតាមថ្លៃទាំង ៧។ ប្រាសាទដំណាក់ទាំងប៉ុន្មានសឹងតែឲ្យលាបម្រ័ក្សណ៍ជាតិហិង្គលបិទមាសឆ្លុះរន្ទាលច្រាលឆ្អៅ។ ទ្រង់ឲ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុងសំរាប់ស្រង់ និងសំរាប់ព្រះស្នំក្រមការងូតទឹកខាងមុខកំពែងកែវនោះ។ ទ្រង់ឲ្យជីកស្រះធំមួយឲ្យចៅពញាវៀងជីកខាងត្បូង ចៅពញាវាំងជីកខាងជើង ចៅពញាស្រាលជីកខាងកើត ចៅពញាលំពាំងជីកខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាមបួនជ្រុង ហើយទ្រង់ត្រាស់បង្គាប់ចៅពញាស្រាលគឺទីក្រឡាហោមឲ្យចាប់ត្រីព្រួល រ៉ស់ ឆ្ដោរទៅលែងក្នុងស្រះខាងក្នុងខាងក្រៅតាមស្នាមភ្លោះបន្ទាយនោះ។ ស្រុកនោះសម្បូណ៌ត្រីមិនឲ្យខ្ញុំរាជការអត់ឃ្លាន ហើយក្នុងព្រះរាជវាំងនោះ ទ្រង់ឲ្យធ្វើថែវជុំវិញ និងរោងផ្លូវដើរទៅមកមិនឲ្យត្រូវថ្ងៃត្រូវភ្លៀងទេ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឲ្យធ្វើបន្ទាយទាំង ៨ ទិសសំរាប់ចំបាំង ហើយធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ ១៥ ខ្នងសំរាប់ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ និងភោជនាហារសំរាប់ចែកចាយសេនាទាហាន រេហ៍ពលមិនឲ្យអត់ឃ្លាន។ សម្ដេចព្រះស្រីជេដ្ឋាអង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គមានព្រះនាងជាលែងជាកូនសម្ដេចចៅពញាហែងលើកឡើងជាស្នំឯក។ ទ្រង់សព្វព្រះទ័យនឹងព្រះស្នំឯកណាស់ ហើយតាំងប្អូនព្រះស្នំឯកជាស្នងធ្នឹមព្រះនគរ។ ឯបន្ទាយនោះមានទ្វារធំ ៤ ទ្វារតូចតាមជ្រុងបន្ទាយ ៤។ ទ្វារធំខាងកើតឲ្យឈ្មោះ ហៅថា ទ្វាចក្រឲ្យពញាឆ្លូករាជការនៅរក្សាជាទ្វារសំរាប់ស្ដេចឡើងគង់ព្រះបញ្ជាទតទិសនានា។ ទ្វារធំខាងត្បូងឲ្យឈ្មោះហៅថា ទ្វារស្នងទ្រង់ ស្ដេចឲ្យស្នងធ្នឹមព្រះនគរជាប្អូនថ្លៃនៅរក្សាត្រួតត្រា ហើយជាសំរាប់ស្ដេចចេញទតសេនាទាហានសមថ្វីដៃ។ ទ្វារធំខាងលិចឲ្យឈ្មោះហៅថា ទ្វាររោង ស្ដេចឲ្យពញារោងរាជភក្ដីនៅត្រួតត្រាសំរាប់ស្ដេចចេញទតដំរីសេះ ព្រះរាជយាន។ ទ្វារធំខាងជើងឲ្យឈ្មោះហៅថា ទ្វារត្រាច់ឲ្យពញាត្រាច់សារវន្ដនៅត្រួតត្រាសំរាប់ស្ដេចនាំព្រះស្នំក្រុមការចេញទៅប្រពាតព្រឹក្សាទាំងឡាយជាទីកំសាន្ដព្រះរាជហឫទ័យ។ ក្នុងកំពែងព្រះវិហារ ស្ដេចសាងវត្ដសាងប្រាសាទមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយព្រះអង្គមានព្រះភ្នែន ១២ ធ្នាប់, កំពស់ ២០ ធ្នាប់ (១ ធ្នាប់ = ០,០២១ មាត្រ) តំកល់ក្នុងប្រាសាទនោះ។ ទ្រង់តាំងនាមហៅព្រះអង្គខ្មៅ ទ្រង់តាំងនាមចៅអធិការវត្ដនោះថា ព្រះអរិយញាណសាគរអាប៉ោរួចប្រគេនរេហ៍ពល ៥០០ នាក់ជាសំរាប់វត្ដ។ ទ្រង់តាំងនាមវត្ដនោះហៅថា វត្ដប្រាសាទ ខ្លះហៅថាវត្ដខ្មៅ។ ឯអ្នកព្រះម្នាងជាលែងនោះសាងវត្ដអារាមមួយខាងជើងបន្ទាយពិជ័យព្រៃនគរ។ លុះសាងរួចហើយ នាងឲ្យជញ្ជូនសព្វទ្រព្យទាំងពួងទៅគរថ្វាយព្រះរតនត្រ័យនៅទីនោះបានជាប់ឈ្មោះមកហៅវត្ដគរសព្វថ្ងៃនេះ។ ឯក្រុងពិជ័យព្រៃនគរនោះទ្រង់ឲ្យសាងថ្នល់មួយតំរង់ទៅខេត្ដរោងដំរីដើម្បីជាសំរាប់ព្រះអង្គយាងទៅក្រសាលសមុទ្រថ្នល់មួយ ទៅវត្ដព្រះធាតុដើម្បីជាសំរាប់ស្ដេចព្រះរាជដំណើរថ្វាយបង្គំគោរពព្រះបរមធាតុព្រះអរហន្ដថេរ។
សមរភូមិលង្វែក និង សមរភូមិកំពង់សៀមស្ទឹងត្រង់ គ.ស. ១៥១៥[កែប្រែ]
លុះដល់មកឆ្នាំកុរ សប្តស័ក ព.ស. ២០៥៩, គ.ស. ១៥១៥, ម.ស. ១៤៣៧, ច.ស. ៨៧៧ ព្រះស្ដេចកនចាត់ចែងកងទ័ពជា ៤ កង ឲ្យលើកទៅវាយបន្ទាយលង្វែកមួយកង មានរេហ៍ពល ៤០០០០ នាក់ឲ្យលើកទៅនៅបន្ទាយភ្នំពេញមួយកងមានរេហ៍ពល ៥០០០០ នាក់ឲ្យលើកទៅខាងផ្លូវទន្លេធំមួយកងមានពល ៣០០០០ នាក់។ តែខ្លួនព្រះស្ដេចកន ឯងមានកងពល ៤០០០០ នាក់ត្រឡប់ទៅនៅខែត្រស្រីសន្ធរវិញ។
មេទ័ពដែលព្រះស្ដេចកនឲ្យទៅវាយបន្ទាយលង្វែកនោះបានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ជាបានការយ៉ាងណានៅឡើយ។
ឯមេទ័ពដែលទៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខែត្រកំពង់សៀមហើយ ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខែត្រកំពង់សៀម ស្ទឹងត្រង់ដឹងថាមេទ័ពខាងព្រះស្ដេចកនលើកទ័ពចូលមកដល់ខែត្ររបស់ខ្លួនហើយ ក៏កេណ្ឌទ័ពបំរុងទុកចាំទទួលច្បាំងហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ។ សេនាបតីយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ត្រាស់ថា: ខាងនេះមានកងទ័ពចូលមកចោមរោមខាងនោះក៏មានកងទ័ពទៅចោមដែរ។ បើដូច្នេះយើងនឹងចែកកងទ័ពឲ្យទៅជួយខ្លះកាលណាឡើយទ័ពយើងនឹងទ្រាំនឹងទ័ពសត្រូវបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា: ពីដើមឡើយសង្ឃឹមសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលសត្រូវរត់ទៅក្រុងទេពបាត់ទៅហើយ។ នៅឡើយសង្ឃឹមតែចៅពញាយសរាជា ដែលឧកញ៉ាយមរាជយកទៅរក្សាតែបុត្រាក៏ទើបតែនឹងបានព្រះជន្មបួនប្រាំខួបប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបានទើបទ្រង់ត្រាស់ប្រើ ចៅពញាក្រឡាហោមឲ្យឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០០០០ នាក់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើត។ ចៅពញាក្រឡាហោមបានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំឃុំពល ១០០០០ នាក់នោះលើកឆ្លងទៅតាមព្រះរាជបញ្ជា។
ព្រះបរមបពិត្រស្ដេចទុកទាហានឲ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥០០០ នាក់ប៉ុណ្ណោះ។ មេទ័ពដែលព្រះស្ដេចកនឲ្យលើកទៅចោមទ័ពហ្លួងនៅបន្ទាយលង្វែកនោះ កាលដឹងថាបន្ទាយនោះធ្វើមាំមួនណាស់ ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ ២៥០០០ នាក់ទេក៏មានសំបុត្របកមកសុំកងទ័ពពីបន្ទាយចតុម្មុខបាន ១០០០០ នាក់ទៀតជា ៥០០០០ នាក់ព្រមដោយគ្រឿងសស្ត្រាវុធផង។ កាលបានទ័ពហើយមេទ័ពខាងព្រះស្ដេចកន ក៏លើកទៅចោមបន្ទាយលង្វែកច្បាំងបាញ់គ្នាអស់ ៤ យប់ ៤ ថ្ងៃ ពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួង ដែលមានរេហ៍ពលតិចក្រឡេកមើលទៅខាងកងទ័ពសត្រូវដែលផ្លាស់គ្នាដូចជាគេមានកងទ័ពថែមមកទៀតព្រះអង្គក៏យល់ថានឹងទ្រាំទៅទៀតពុំបានឡើយទើបទ្រង់ថយទ័ពទៅតាំងនៅខែត្រអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ)។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួទៅនៅសំរោងសែន ក្នុងខែត្រសន្ទុកអស់។ មេទ័ពព្រះស្ដេចកន ក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួងដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវ ដឹងថាទ័ពហ្លួង បែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ។ ឯសត្រូវ ក៏រាយទ័ពវាយត្រឡប់មកប្រកាប់គ្នាយ៉ាងក្លាហាននឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយអន្តរាយបែកទ័ពរត់ត្រឡប់ចូលមកភ្នំពេញវិញ។
សមរភូមិបារាយណ៍ជើងព្រៃកំពង់សៀមស្ទឹងត្រង់ គ.ស. ១៥១៥[កែប្រែ]
ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខែត្រពោធិ៍សាត់) ជាមេទ័ពឃុំពល ១០០០០ នាក់ទៅឈររក្សាខែត្ររលាប្អៀរ ឲ្យចៅពញាយមរាជជាបិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជានាំពល ៥០០០ នាក់ ទៅវាយយកខែត្រខាងកើតឲ្យបានមកវិញ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រលើកទ័ពទៅប្រជុំនៅខែត្រអាសន្ទុក។ ចៅពញាយមរាជបានទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយប៉ែកឆ្វេងប៉ែកស្ដាំហើយលើកទ័ពចេញទៅ។ លុះទៅដល់ខែត្របារាយណ៍ ចៅពញាយមរាជ ក៏បានជួបនឹងទ័ពខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នាជាច្រើនយប់ច្រើនថ្ងៃមក ទ័ពខាងចៅពញាយមរាជមានកំលាំងជាងខាងមេទ័ពព្រះស្ដេចកន ដូច្នេះចៅពញាយមរាជក៏បញ្ជាឲ្យទ័ពដេញមេទ័ពស្ដេចកនរហូតទៅ ហើយយកបានខែត្របារាយណ៍ ជើងព្រៃ កំពង់សៀម ស្ទឹងត្រង់រួចចាត់មន្ត្រីឲ្យនៅរក្សាខែត្រទាំងនោះយ៉ាងមាំមួន។ តមក ចៅពញាយមរាជក៏លើកទ័ពទៅក្រាបបង្គំទូលព្រះបរមបពិត្រនៅខែត្រអាសន្ទុកថាបានវាយឈ្នះ ហើយយកបានខែត្រទាំងនេះតាមកិច្ចរាជការហើយដើម្បីសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រ ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់។
ស្ដេចកន តាំងតែពីវាយយកបានបន្ទាយភ្នំពេញមកក៏ចាត់មេទ័ពឲ្យនៅរក្សាបន្ទាយនោះ យ៉ាងមាំមួន តែខ្លួនព្រះស្ដេចកនត្រឡប់ទៅគ្រងស្រុកបាសានវិញ។ តមក ព្រះស្ដេចកន ក៏តាំងតែឲ្យកេណ្ឌទ័ពមកថែមទៀតបានទ័ពទាំងថ្មីទាំងចាស់ចំនួនទាំងអស់ដប់ម៉ឺននាក់ ហើយឲ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសំរេចរាជការមហាក្រស័ត្រសឹក។ ស្ដេចកនឲ្យធ្វើទង់ពណ៌ក្រហមប៉ាក់រូបនាគក្បាល៨សំរាប់ទ័ព។ ខ្លួនស្ដេចកនបាំងក្លស់ដូចស្ដេច។ ហេតុនេះហើយបានជាមានពាក្យរាស្ត្រប្រជាហៅថា ស្ដេចកនតាមឈ្មោះពីឪពុកឲ្យខ្លះ តាមឈ្មោះដែលហ្លួងប្រទានឲ្យខ្លះគឺហៅតាមឈ្មោះដែលគ្រូឲ្យខ្លះ។ មហាឧបរាជ កន តែងតាំងមន្ត្រីក្រៅ និង ក្នុងក្រុងជាស្រេចហើយ ទើបឲ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ។ ឯខ្លួនឯងលើកទ័ពឆ្លងទៅបោះនៅខែត្រកំពង់សៀម។ អស់មុខមន្ត្រី ដែលចៅពញាយមរាជឲ្យនៅរក្សាខែត្រទាំងឡាយ ដែលដណ្ដើមយកបានពីមេទ័ពស្ដេចកន កាលបើឃើញទ័ពរបស់សត្រូវ ច្រើនលប់លើសកំលាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅក្រាបបង្គំទូលព្រះបរមបពិត្រគ្រប់ៗគ្នា។ មហាឧបរាជកន លុះចូលតាំងបន្ទាយរាយទ័ពខ្ជាប់ខ្ជួនហើយ ទើបគិតឧបាយកលចាត់បំរើឲ្យទៅក្រាបទូល ព្រះបរមបពិត្រ។
កិច្ចចរចាមិនបានសំរេច[កែប្រែ]
លុះបំរើទៅដល់ ក៏ចូលប្ដឹងសេនាបតីសេនាបតីនាំឡើងគាល់ ព្រះបរមបពិត្រជាអម្ចាស់។ ខណៈនោះ ព្រះបាទឝ្រីឝៅគន្ធបទ ស្ដេចកំពុងចេញជួបជុំរាជសេវកាមាត្យជានាយកងខាងទ័ពហ្លួងកាលបើទ្រង់បានជ្រាបថាបំរើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឲ្យដាក់ក្ដីម្ចាស់ និង ញាតិសន្តានវា ៥ ប្រការធ្វើហាក់ដូចជានឹងប្រហារជីវិត ហើយឲ្យចេញមកទទួលបំរើដែលចូលមកក្រាបបង្គំពេលនោះ។ លុះបំរើចូលដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្ដេចត្រាស់បង្គាប់ឲ្យអាល័ក្សទទួលសំបុត្រពីបំរើនោះមកសូត្រថ្វាយ។ សំបុត្រនោះមានសេចក្ដីថា: "សូមទ្រង់ព្រះមេត្តាប្រោស ឃុនហ្លួងព្រះស្ដេចធិបតីទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោសសូមក្រាបថ្វាយបង្គំក្រោមល្អងធូលីព្រះបាទសូមទ្រង់ជ្រាប។ ដ្បិតទូលព្រះបង្គំ ដែលបានធ្វើការមកទាំងម៉្លេះ មិនបានមានចិត្តប្រទូសរ៉ាយ ដល់ល្អងធូលីព្រះបាទក៏ទេគឺធ្វើនេះដោយខ្លាចព្រះរាជអាជ្ញាដោយពិតណាស់ ទើបបានជាទូលព្រះបង្គំគិតធ្វើការនោះឲ្យគង់តែជីវិតតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទូលព្រះបង្គំមានចិត្តចង់មកនៅជាខ្ញុំល្អងធូលីព្រះបាទ ដូចកាលអំពីដើមរៀងមក ប៉ុន្តែក្រែងទ្រង់ជាអម្ចាស់ពុំប្រោសព្រះរាជទាន។ សេចក្ដីនេះ បើទ្រង់ជាអម្ចាស់ ទ្រង់ព្រះមេត្តាប្រោសអភ័យទោសនោះសូមព្រះបរមបពិត្រស្ដេចព្រះរាជទានម្ដាយ និងញាតិកា បងប្អូនទៅទូលព្រះបង្គំជាមុនចុះដើម្បីឲ្យទូលព្រះបង្គំបានឃើញមុខនឹងបំបាត់ទុក្ខដោយសារព្រះរាជហឫទ័យ ទ្រង់ព្រះករុណាប្រោស។ ថាបើព្រះបរមបពិត្រទ្រង់នៅព្រះរាជករុណាមែនទូលព្រះបង្គំនឹងរំលាយកងទ័ពទាំងដប់ម៉ឺនឲ្យត្រឡប់ទៅកាន់ទីលំនៅតាមស្រុកទេសរៀងៗខ្លួនវិញជាពុំខាន។ គួរពុំគួរ សូមទ្រង់ព្រះករុណាប្រោស"។ សម្ដេចព្រះឝ្រីឝៅគន្ធបទ ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះពិរោធណាស់ ស្ដេចត្រាស់ឲ្យចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកអាសន្ទុកធ្វើសំបុត្រតបហើយប្រគល់ឲ្យបំរើវិញ។ បំរើបានសំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះដល់សម្ដេចមហាឧបរាជកន។ សម្ដេចមហាឧបរាជកន បើកស្រោមសំបុត្រមើលមានសេចក្ដីថា: អ្នកចៅពញាឧទ័យធិរាជអគ្គមហាសេនា សេនាធិបតី ចៅហ្វាយខែត្រអាសន្ទុក ខាងក្រុមមហានគរ។
"ឲ្យមកដល់ ឃុនហ្លួងព្រះស្ដេចធិបតី" ឲ្យបានដឹង។ ដ្បិតក្នុងសំបុត្រឃុន ក្រាបទូលទៅព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងនោះ មានសេចក្ដីថាសូមឲ្យទ្រង់ព្រះរាជទានគ្រប់គ្រួ និងម្ដាយមកឲ្យឃុនជាមុននោះពុំត្រឹមត្រូវតាមទំនៀមទេ។ បើឃុនមានចិត្តស្លូតត្រង់មែនគួរឃុនរៀបខ្លួនរំលាយកងទ័ពចូលតែខ្លួនទៅក្រាបបង្គំទូលគាល់ព្រះបាទអ្នកជាអម្ចាស់ទើបត្រូវតាមសណ្ដាប់អម្ចាស់និងខ្ញុំ។ បើឃុនប្រែចិត្តលែងក្បត់ មកប្រកាន់ចិត្តកតញ្ញូហើយរំលាយទ័ពចោលទៅនោះ យើងនឹងជួយបង្គំទូលសុំទោសឲ្យឃុន។ បើឃុនប្រឹងរឹងទទឹងមិនចូលទៅ គាល់ទេ យើងនឹងឲ្យសំលាប់ម្ដាយឃុន និង គ្រប់គ្រួទាំងអស់ឲ្យស្លាប់ពុំត្រាប្រណីឡើយ"។ ស្ដេចកន មហាឧបរាជភូសំរេចរាជការមហាក្រស័ត្រសឹក លុះអានចប់សេចក្ដីហើយ យល់ពុំដូចគំនិតរបស់ខ្លួន ក៏ឲ្យបំរើនាំសំបុត្រនោះទៅជូនព្រះពិជ័យនាគជាបិតាឲ្យបានដឹងផង។
បិតាទទួលអនិច្ចកម្ម[កែប្រែ]
ព្រះពិជ័យនាគ កាលបើបានដំណឹងថាមានសំបុត្រពីចៅពញាឧទ័យធិរាជមកដូច្នេះ ក៏ស្ទុះរត់ទៅប្រុងនឹងទទួលសំបុត្រនោះហើយនឹងដើម្បីសុំមហាឧបរាជកនកុំឲ្យធ្វើទ័ពតទៅទៀត។ លុះរត់ទៅដល់ទន្ទឹមនឹងទ្វារក៏ភ្លាត់ជើងដួលទៅត្រូវនឹងចុងដាវដែលដាក់នឹងដៃកែវចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះសន្លប់បាត់ស្មារតីក្នុងទីនោះទៅ។ បាវព្រាវដែលនៅក្នុងទីនោះឃើញហើយក៏គ្រាហ៍ព្រះពិជ័យនាគទៅដាក់ឲ្យដេកនៅលើគ្រែ ហើយឲ្យបំរើទៅថ្វាយដំណឹងដល់មហាឧបរាជកនតាមដំណើរគ្រប់ប្រការ។
មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹកបានជ្រាបថាបិតាត្រូវអាវុធមានរបួសជាទំងន់ណាស់ ក៏ថយកងទ័ពស្រូតរូតចូលមក។ លុះដល់មកបន្ទាយក្នុងព្រះនគរក៏ល្មមនឹងពេលដែលព្រះពិជ័យនាគអនិច្ចកម្មទៅដែរ។ មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក ដឹងថាបិតាក្ស័យហើយ ក៏ទ្រង់វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការសង្គ្រាមដើម្បីធ្វើបុណ្យសពបិតាឲ្យបានជាឧឡារិក។
សមរភូមិភ្នំពេញ-លង្វែក-កំពង់សៀម គ.ស. ១៥១៦[កែប្រែ]
ចំណែកឯសម្ដេចព្រះឝ្រីឝៅគន្ធបទកាលទ្រង់ជ្រាបថា ព្រះពិជ័យនាគក្ស័យជីវិតហើយ ហើយព្រះស្ដេចកនថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះ ទ្រង់ក៏ត្រាស់បង្គាប់ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុកឲ្យលើកកងទ័ពទៅវាយយកបន្ទាយលង្វែក ខែត្រកំពង់សៀមឲ្យបានហើយឲ្យលើកទៅវាយយកខែត្រត្បូងឃ្មុំទៀត។ ទ្រង់ឲ្យចៅពញាក្រឡាហោមលើកទ័ពទៅវាយយកបន្ទាយភ្នំពេញ។ ចៅពញាឧទ័យធិរាជ ចៅហ្វាយខែត្រអាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ាលោកជាមេទ័ពហ្លួងទាំង ៣ នាក់នោះបានទទួលព្រះរាជបញ្ជាហើយ ក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនាទាហានរេហ៍ពល ១០០០០ នាក់ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ។ ក្នុងគ្រានោះមេទ័ពខាងមហាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឲ្យឡើងច្បាំងរក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្ដឹងទៅដល់មហាឧបរាជកន។ មហាឧបរាជភូសម្រេចរាជការ មហាក្រស័ក្រសឹកកាលបានដឹងថា ព្រះបរមបពិត្រស្ដេចចាត់មេទ័ពហ្លួងឲ្យមកវាយទ័ពខ្លួនដូច្នោះ ក៏ស្រើបស្រួលជាសេចក្ដីក្សេមក្សាន្ត ទើបចាត់ភោជឲ្យលៀងសេនាទាហានយ៉ាងធំ។ វេលាកំពុងស៊ីលៀងនោះ សេនាទាហានទាំងអស់និយាយគ្នាថា: មហាឧបរាជយើង លោកធ្វើបុណ្យបិតានោះ បើមើលមុខលោកទៅឃើញថាលោកមានទុក្ខជាទំងន់ណាស់។ លោកធ្វើបុណ្យមិនទាន់ហើយផងគឺទើបតែនឹងមកសង្គាយនាហើយមានសំបុត្រប្ដឹងមកថា មានទ័ពចោមបន្ទាយនោះ លោកត្រឡប់ជាស្រើបស្រួលសប្បាយទៅវិញ។ ដូច្នេះ តើមានហេតុដូចម្ដេច ទើបបានជាមហាឧបរាជ លោកស្រើបស្រួលសប្បាយយ៉ាងនេះ? មហាឧបរាជកន ឮហើយឆ្លើយថា: អ្នកចាំពុំច្បាស់ទំនៀមព្រះនគរនេះទេឬអ្វី? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះមួយ ពេលគេធ្វើបុណ្យសពបិតាគេនេះមួយ ទោះបីម្ដេចម្ដាក៏គេតែងតែឈប់ធ្វើសង្គ្រាមកំណត់មួយរយថ្ងៃសិនដែរ ឥឡូវនេះស្ដេចនេះធ្វើល្មើសនឹងបទព្រះអយ្យការយ៉ាងនេះហើយ នោះយើងយល់ថា ស្ដេចនឹងអស់បុណ្យជាពិត ហើយផែនដីនឹងបានមកយើងដូចទំនាយលោកគ្រូទាយឲ្យយើងមិនខាន។ នាយកនថាតែប៉ុណ្ណេះហើយ ហេតុតែជាបុណ្យក៏បណ្ដាលឲ្យឃើញអស្ចារ្យជានាគមួយហោះព័ទ្ធរោងបុណ្យនោះ ៣ ជុំ។ ខណៈនោះមន្ត្រីសេនាទាហានទាំងអស់ ក៏ទះដៃតាំងហ៊ោថា: បន្ទូលព្រះមហាឧបរាជនោះ ពិតដូចទំនាយហើយ។ ចាប់តាំងពីនោះមកមន្ត្រីសេនាទាហាន ក៏ព្រមព្រៀងគ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ។
ពេលនោះ សេនាទាហានដែលជាមេកំណែន កេណ្ឌរេហ៍ពលបានពីខែត្រខាងកើត ១២០០០០ នាក់ហើយនាំមកថ្វាយស្ដេចកន។ មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹកយល់ថាពលជួបជុំហើយទើបតាំងនាយកៅជាប្អូនម៉ែបានដែលត្រូវជាមាខ្លួនបង្កើតឲ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈ ហើយឲ្យឃុំពលមួយម៉ឺនប្រាំពាន់លើកទៅជួយមេទ័ពរបស់ខ្លួន ដែលតាំងបន្ទាយនៅភ្នំពេញតនឹងទ័ពចៅពញាក្រឡាហោមដែលជាមេទ័ពហ្លួង តាំងពីឧកម៉ឺនកែវជាចៅពញាក្រឡាហោមឲ្យឃុំពល ១៥០០០ នាក់ឲ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកតនឹងទ័ពចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង។ ឯខ្លួនមហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក ឯងវិញឃុំពល ៤០០០០ នាក់លើកទៅជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅខែត្រកំពង់សៀមតនឹងទ័ពចៅពញាឧទ័យធិរាជ។ ខណៈនោះ មេទ័ព និងខ្លួនមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក លើកទៅដល់បន្ទាយទាំង ៣ ហើយក៏ចូលតនឹងមេទ័ពហ្លួងទាំង ៣ ផ្លូវបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែងរហូតដល់អាវុធខ្លីចូលប្រកាប់គ្នា កងទ័ពពីក្នុងបន្ទាយក៏បើកទ្វារបន្ទាយវាយផ្ទប់មកកងទ័ពហ្លួងនៅកណ្ដាលចំណោម។ កងទ័ពហ្លួងត្រូវនឹងអាវុធវែងខ្លី ស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំង៣ ផ្លូវ ក៏បែកទ័ពរត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្ដេចព្រះបរមបពិត្រទ្រង់ប្រោសប្រណីដល់មេទ័ពទាំង ៣ នាក់មិនឲ្យមានទោសឡើយទ្រង់ប្រោសឲ្យធ្វើរាជការរៀងរាល់ខ្លួនតទៅទៀត។
សមរភូមិអាសន្ទុក គ.ស. ១៥១៦ និង ក្បួនសឹក[កែប្រែ]
សម្ដេចព្រះឝ្រីឝៅគន្ធបទ ទ្រង់អាណិតលើកទោសមេទ័ពទាំង ៣ ហើយទ្រង់ត្រាស់បង្គាប់ឲ្យមន្ត្រីចេញទៅកេណ្ឌកងទ័ពពីខែត្រស្ទឹងត្រង់មួយ គោកខាន់មួយ សូរិន្ទមួយ ខ្លងសិញមួយ រិមជួសមួយ ជាំក្សាន្ត ចុងកាល់មួយ បាក្រង់មួយ ទង់តែមួយ ទំនប់មួយ មង្គលបុរីមួយ ឫស្សីសាញមួយ ទឹកជោរមួយ បាត់ដំបងមួយ ពោធិសាត់មួយ ក្រគរមួយ ខ្លុងក្រងមួយ អម្រាគគិរិន្តបូណ៌មួយ រលាប្អៀរមួយ ទាំង១៥ ខែត្រនេះ បានពលតែ ៥០០០០ នាក់ព្រោះរាស្ត្រខ្លាចចំបាំងរត់ចូលព្រៃអស់ជាង ១០០០០០០ នាក់ បានតែ ១០០០០០ នាក់រួមទាំងទ័ពហ្លួងដែលកេណ្ឌនៅខែត្រជិតៗនោះផង។
មហាឧបរាជកន យល់ឃើញថាបានការហើយ ក៏លើកទ័ពទាំងពីរផ្លូវត្រូវជាបីផ្លូវនឹងទ័ពខ្លួនឯងផង ចេញទៅដល់ចុងខែត្រអាសន្ទុក ហើយឲ្យឈប់ទ័ពតាំងបន្ទាយប្រជុំនាយកងទ័ពមកប្រឹក្សាការសង្គ្រាមថា: ទ័ពយើងដែលលើកទៅនេះបានពិជ័យឫក្សល្អណាស់។ បើយើងនឹងលើកទៅវាយយកជ័យជំនះកាលណាប្រាកដជាយើងនឹងបានដោយងាយក្នុងកាលនោះ តែស្លាប់រេហ៍ពលទាំងសងខាងខ្លះពុំខានឡើយ។ បើយើងមានជ័យជំនះកាលណាប្រាកដជាហ្លួងឲ្យសំលាប់ម្ដាយយើង និង ញាតិសន្តានយើង ស្លាប់អស់ឥតប្រយោជន៍។ ដូច្នេះ យើងយល់ថាយើងត្រូវគិតឧបាយកល យកម្ដាយ និង ញាតិសន្តានយើងឲ្យបាន ហើយឲ្យមានជ័យជំនះផង។ ដូច្នេះតើអស់កងសេនាទាហានយើងនេះ នរណានឹងអាចទទួលអាសាយើងយកកេរ្តិ៍ឈ្មោះទុកតទៅ។ អស់នាយកងទ័ពសួរថា: ឧបាយកល មហាឧបរាជនោះ ដូចម្ដេច? មហាឧបរាជ ថ្លែងប្រាប់ថា: កាលផែនដី សម្ដេចព្រះបរមរាជាពញាយ៉ាតនោះ ព្រះអង្គតែងប្រើឧបាយ មនុស្សដប់ពីរនាក់ ឲ្យចូលទៅលុកព្រះឥន្ទកុមាររាជា (ស្ដេចសៀម)។ ឧបាយនោះ ក៏នៅជាពុំសូវជ្រៅជ្រះណាស់នៅឡើយដែរ។ ថាបើនរណាទទួលអាសាយើង យើងនឹងឲ្យរង្វាន់ឲ្យយសសក្ដិឲ្យពេញចិត្ត ហើយយើងនឹងចិញ្ចឹមកូនចៅ ផៅសន្តានតទៅ ៧ ជួរគោត្រ (សណ្ដាន)។ ខណៈនោះ មានម្នាក់ឈ្មោះ ឱកម៉ឺនសូរិន្ទកែវជាកូនរបស់ចៅពញាយោធាសង្គ្រាម ដែលមានចិត្តឃោរឃៅខឹងនឹងសម្ដេចព្រះឝ្រីឝៅគន្ធបទថា ទ្រង់ប្រើចៅពញាយោធាសង្គ្រាម ជាបិតាខ្លួនទៅឲ្យមហាឧបរាជកន កាលនៅជាឃុនហ្លួងព្រះស្ដេចធិបតីបាញ់សំលាប់ ហើយមិនបានតាំងចិញ្ចឹមកូនចៅឲ្យកាន់នាទីបិតាតទៅ ក៏រត់ពីសម្ដេចព្រះឝ្រីឝៅគន្ធបទទៅនៅពឹងបុណ្យមហាឧបរាជកន បំណងប៉ងតែនឹងសងសឹកឈាមបិតាវិញតែប៉ុណ្ណោះ។ លុះឮប្រកាស មហាឧបរាជដូច្នោះហើយ ឱកម៉ឺនកែវ ក៏វារចូលទៅសំពះហើយនិយាយថា: ខ្ញុំប្របាទម្ចាស់ទទួលអាសាមហាឧបរាជឲ្យបានសំរេច។ មហាឧបរាជកន កាលបានស្ដាប់ឱកម៉ឺនកែវសុំខ្លួនហើយ ក៏យល់ថាបានការទើបហៅឱកម៉ឺសូរិន្ទកែវឲ្យទៅទីស្ងាត់រួចខ្សឹបប្រាប់ឧបាយកលគ្រប់ប្រការ។ ឱកម៉ឺនសូរិន្ទកែវសំពះគំនាប់ហើយថាឧបាយរបស់មហាឧបរាជនេះខ្ញុំប្របាទម្ចាស់នឹងធ្វើឲ្យបានសំរេចតែទាហានពីររយនាក់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំប្របាទម្ចាស់ សុំយកខ្លួន ចៈម៉ឺនចៃចុងរ័ក្សសោមជាក្រុមរបស់ខ្ញុំប្របាទម្ចាស់ ឲ្យឃុំទាហានក្រុមខ្ញុំប្របាទនោះទៅផងដ្បិតមនុស្សនេះជាទំនុកទុកចិត្តរបស់ខ្ញុំប្របាទម្ចាស់។ មួយរំពេចនោះ មហាឧបរាជកន ក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ ៤០ ជញ្ជីង ប្រគល់ឲ្យទៅឱកម៉ឺនសូរិន្ទកែវឲ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឱកម៉ឺនសូរិន្ទកែវឲ្យគ្រងទីយមរាជ។ ស្ដេចកនប្រាប់ថែមទៀតថា: បើឱកម៉ឺនសូរិន្ទកែវទៅហើយធ្វើបានដូចប្រាថ្នានោះ ខ្លួនឧបរាជកននឹងឲ្យឱកម៉ឺនសូរិន្ទកែវឡើងស៊ប់ក្នុងទីយមរាជ ហើយនឹងឲ្យរង្វាន់ឲ្យពេញចិត្តទៀតកុំឲ្យថប់បារម្ភអ្វីថាឯទាហានពីររយនាក់ដែលឯងបានរើសព្រមទាំង ចៈម៉ឺនចៃចុងរ័ក្ស ជាទាហានរួមចិត្តរបស់ឯងទៅនោះ ក៏ឲ្យយកតាមចិត្តចុះ។ ស្ដេចកននិយាយចប់ត្រឹមនេះហើយ ក៏ស្ទុះទៅយកមាស ២០០ ជញ្ជីង និងប្រាក់ ៤០០ ជញ្ជីង ឲ្យទៅឱកម៉ឺនសូរិន្ទកែវទៀត។ ហើយផ្ដាំថា ឲ្យយកមាស និងប្រាក់នោះ ទៅចែកម៉ឺនចៃចុងរ័ក្សសោមជាសំឡាញ់ឯង និង កូនទាហានពីររយនាក់នោះ ទុកជាស្បៀងតាមផ្លូវចុះ។ ឱកម៉ឺនសូរិន្ទកែវទទួលរង្វាន់ និងបណ្ដាំសព្វគ្រប់ហើយក៏សំពះលាថយទៅទីសំចតរបស់ខ្លួនរួចហើយឱកម៉ឺនសូរិន្ទកែវ ក៏ហៅចៈម៉ឺនចៃចុងរ័ក្ស និងកូនទាហានរួមចិត្តចូលទៅក្នុងព្រៃស្ងាត់ ចែកមាស ចែកប្រាក់នោះ រួចទើបប្រាប់ឧបាយតាមមហាឧបរាជកនផ្ដាំមកគ្រប់ប្រការ។ ចៈម៉ឺនចែចុងរ៉ាក់ និង ទាហានទាំងពីររយនាក់ បានទទួលរង្វាន់ហើយ ក៏និយាយថា : យើងតាំងចិត្តថា នឹងធ្វើរាជការ ពុំស្ដាយជីវិតទាំងម៉្លេះ ក៏ព្រោះតែប្រយោជន៍ និង គុណ ទុកតកេរ្តិ៍ ឲ្យកូនចៅ។ គ្រានោះ យើងបានដូចប្រាថ្នា ហើយត្រូវយើងប្រុងប្រៀបខ្លួន រាល់ខ្លួនធ្វើការឲ្យបានសម្រេចការតាមបង្គាប់របស់លោកមហាឧបរាជ។ ចៈម៉ឺនចៃចុងរ័ក្ស និង ប័ក្សពួកយល់ព្រមគ្នាទាំងអស់ហើយ ក៏ចូលទៅដេកដំណាក់តាមនាទីរបស់ខ្លួន។ ព្រឹកឡើងមហាឧបរាជកន ធ្វើជាដើរត្រួតកងទាហានគ្រប់នាទីទាំងអស់។ លុះដល់ទៅនាទីឱកម៉ឺនសូរិន្ទកែវ មហាឧបរាជកន ឃើញឈ្មោះនេះដេករាល់ថ្ងៃចោលនាទីបន្ទាយរបស់ខ្លួនពុំបានត្រួតត្រាឲ្យបានដិតដល់។ ខណៈនោះ មហាឧបរាជកន បង្គាប់ឲ្យភូឃុំចាប់យកខ្លួនឧកម៉ឺនសូរិន្ទកែវគ្រងងារយមរាជនោះ ដាក់ក្ដីវាយខ្នង ៣០ ខ្វាប់ឲ្យបណ្ដើរអាក្រោសឲ្យគ្រប់ ៣ ថ្ងៃ ហើយឲ្យសំលាប់ចោលក្នុងពេលនោះ។ ក្នុងគ្រានោះ មហាឧបរាជកន និង ចៅពញាឧទ័យធិរាជបោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា។ លុះភូឃុំ បណ្ដើរអាក្រោសឱកម៉ឺនសូរិន្ទកែវទៅមុខបន្ទាយចៅពញាឧទ័យធិរាជហើយ ក៏បោះឈើបំណងនឹងសំលាប់ឱកម៉ឺនសូរិន្ទកែវហើយបង្គាប់ឲ្យឱកម៉ឺនសូរិន្ទកែវភាវនា។ ខណៈនោះ ចៈម៉ឺនចៃចុងរ័ក្សសោម និងទាហានរួមចិត្តពីររយនាក់ឃើញថាដល់សន្មតហើយក៏តាំងហ៊ោចេញពីក្នុងព្រៃមក ដេញពួកភូឃុំដែលបណ្ដើរឱកម៉ឺនសូរិន្ទកែវនោះ ហើយដោះក្ដីឱកម៉ឺនសូរិន្ទកែវចេញពីបង្គោលរួចនាំគ្នារត់ទៅរកបន្ទាយចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជក្រឡេកឃើញហើយសាកសួរទៅឱកម៉ឺន សូរិន្ទកែវ និង ចៈម៉ឺនចៃចុងរ័ក្សសោមព្រមទាំងទាហានទាំងពីររយនាក់ដោយចង់ដឹង។ មនុស្សទាំងនេះ ក៏ឆ្លើយត្រូវសេចក្ដីគ្នាថាខ្លួនដើរយាមល្បាតរាល់ថ្ងៃរាល់យប់។ ថាយប់ម្សិលមិញនេះ ឱកម៉ឺនសូរិន្ទកែវ ទទួលទានដំណេកទាល់ថ្ងៃ ក៏ព្រះស្ដេចកនដែលតាំងខ្លួនជាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹកនោះចេញមកដើរត្រួតត្រាបន្ទាយឃើញក៏ចាប់ទោសឲ្យយកមកសំលាប់ ហេតុនេះហើយបានជា ពួកខ្ញុំប្របាទម្ចាស់ទាំងពីររយនាក់នេះអាណិតអាសូរវេទនាដល់ជាតិត្រកូលឱកម៉ឺនសូរិន្ទកែវដែលជាកូនចៅពញាយោធាសង្គ្រាមស្លាប់ដោយមានគុណបំណាច់នឹងផែនដីនោះផង។ ខ្ញុំប្របាទទាំងអស់គ្នាខំដណ្ដើមយកខ្លួនឱកម៉ឺនសូរិន្ទកែវមកសុំជ្រកបុណ្យអំណាចព្រះតេជគុណសូមធ្វើរាជការសងសឹកបិតាក្នុងបុណ្យព្រះតេជគុណតទៅ។ ចៅពញាឧទ័យធិរាជសួរថា: ចៅពញាយោធាសង្គ្រាម ដែលអាព្រះស្ដេចកនបាញ់ធ្លាក់ពីក្បាលដំរីនោះ ឬ ជាបិតារបស់ឯង។ ឱកម៉ឺនឆ្លើយថា: បាទនុះឯងហើយ វាបាញ់បិតាខ្ញុំប្របាទស្លាប់ហើយវាចាប់យកខ្លួនខ្ញុំប្របាទយកទៅរាប់អានបញ្ចុះបញ្ចូល រួចក៏ឲ្យចូលទៅធ្វើរាជការនឹងវា។ ឥឡូវនេះខ្ញុំប្របាទម្ចាស់បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះ សូមផ្ញើរអាយុជីវិតធ្វើរាជការក្នុងព្រះតេជគុណដើម្បីគិតសំលាប់ ព្រះស្ដេចកនសងឈាមបិតាខ្ញុំប្របាទឲ្យបានវិញ។ ចៅពញាឧទ័យធិរាជបានស្ដាប់ចំលើយអស់ទាំងពីររយនាក់នោះហើយ ឃើញថាឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនានឹងទៅដល់ចៅពញាយោធាសង្គ្រាម ដ្បិតជាភ្នាក់ងារខ្ញុំព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្តថា: សំដីបោកប្រាស់នេះជាសំដីពិតប្រាកដណាស់ទើបមានប្រសាសន៍ថា: ការណ៍នេះ បើអ្នកស្លូតត្រង់ស្មោះចំពោះនឹងព្រះបរមបពិត្រជាម្ចាស់មែន យើងនឹងជួយទំនុកបំរុងក្រាបបង្គំទូលព្រះអង្គឲ្យបានសេចក្ដីគាប់ទៅជាខាងក្រោយ ប៉ុន្តែជាន់នេះតាមច្បាប់អាជ្ញាសឹកនឹងខានដាក់ក្ដី នាំខ្លួនឯងទាំងអស់គ្នាទៅថ្វាយព្រះអង្គពុំបានឡើយ។ ចៅពញាឧទ័យធិរាជថាហើយក៏បង្គាប់នាយកងនាយទ័ពឲ្យដាក់ឈ្មោះទាំង ២០២ នាក់ហើយចាត់បំរើឲ្យនាំខ្លួនទាំង ២០២ នាក់នោះទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រដែលស្ដេចគង់នៅក្នុងបន្ទាយស្ទឹងសែន។ ទាហានទាំង ២០២ នាក់ បានទៅដល់ព្រះអង្គហើយក៏ក្លែងធ្វើជាក្រាបយំអណ្ដឺតអណ្ដករអាក់រអួលពន់ប្រមាណ។ សម្ដេចព្រះឝ្រីឝៅគន្ធបទរាជា ពេលនោះព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យជួបជុំអស់នាម៉ឺនសេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការ នៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបំរើ ចៅពញាឧទ័យធិរាជ ថ្វាយសំបុត្រចំលើយទាហានទាំង ២០២ នាក់នោះទ្រង់ក៏ត្រាស់បង្គាប់មន្ត្រីខាងទាហានក្រុមមឿង ទាហានរក្សាព្រះអង្គ និង ក្រុមមហាផ្ទៃឲ្យពិចារណាសួរកត់យកចំលើយ ហើយឲ្យយកទៅសូត្ររាយការណ៍ថ្វាយទ្រង់ព្រះសណ្ដាប់។ មន្ត្រីទាំង ៣ ក្រុមក៏ធ្វើតាមព្រះរាជបង្គាប់។ លុះឃើញថាចំលើយរបស់ទាហានទាំង ២០២ នាក់នោះត្រូវដូចចំលើយក្នុងសំបុត្រ ចៅពញាឧទ័យធិរាជហើយទ្រង់ព្រះអាសូរដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏ឲ្យលើកទោសដោះក្ដី ទាហានទាំង ២០២ នាក់នោះចេញ។ ទ្រង់ទុកអ្នកទាំងនោះជាមន្ត្រីក្នុងទាហានរក្សាព្រះអង្គតទៅ។ បន្ទាប់មក ទ្រង់ព្រះរាជទានប្រាក់ ឱកម៉ឺនសូរិន្ទកែវ ៥ ជញ្ជីង ឲ្យចៈម៉ឺនចៃចុងរ័ក្សសោម ៤ ជញ្ជីង ឲ្យទាហានទាំង ២០០ នាក់ ៥ តម្លឹងៗម្នាក់។ មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលឱកម៉ឺនសូរិន្ទកែវគ្រងងារជាយមរាជរត់ចេញទៅហើយនោះ ក៏លើកកងទ័ពទៅចោមវាយបន្ទាយចៅពញាឧទ័យធិរាជយ៉ាងសាហាវ។ ចៅពញា ឧទ័យធិរាជ ក៏ឲ្យកងទ័ពទទួលតតាំងច្បាំងតាំងពីព្រឹកលុះដល់ថ្ងៃរសៀលជិតព្រលប់ទើបឈប់។ កងទ័ពខាងចៅពញាឧទ័យធិរាជស្លាប់អស់ជាច្រើន។ ចៅពញាឧទ័យធិរាជយល់ថានឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ ក៏នាំកងទ័ពដោះថយទៅស្ទឹងសែនហើយឲ្យរៀបព្រះទីនាំងនាវា ទូកចំណុះ និង ទូកចំលងត្រៀមទុកដើម្បីនឹងអញ្ជើញព្រះបរមបពិត្រឲ្យស្ដេចនាំគ្រប់គ្រួទៅគង់ទៅនៅឯខែត្រពោធិ៍សាត់វិញ។
សុបិននិមិត្តរបស់ព្រះឝ្រីឝៅគន្ធបទ[កែប្រែ]
នៅវេលាយប់នោះ សម្ដេចព្រះឝ្រីឝៅគន្ធបទ ជាអម្ចាស់ផែនដី ស្ដេចចូលក្រឡាព្រះបន្ទំ ទ្រង់សុបិននិមិត្តឃើញថា: ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយមកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា ឥតមានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះស្ដេចឃើញ ដូចជាសម្ដេចព្រះវររាជបិតាមកដាស់ហៅព្រះអង្គថាឯងទៅនៅនឹងអញថាស្ដេចនាគរាជ (ស្ដេចកនកើតឆ្នាំរោង) នោះកុំឲ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទ (ចន្ទរាជាកើតថ្ងៃចន្ទគ្រាស) រះមកពីទិសខាងលិចកាលណា វាក៏រលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណោះហើយ ក៏តើនចាកក្រឡាបព្រះបន្ទំ។ លុះដឹងព្រះអង្គស្រេច ស្ដេចចេញទៅខាងក្រៅ ត្រាស់ហៅព្រះបុរោហិត និង ហោរាមកថ្វាយព្យាករណ៍។ ព្រះហោរាធិបតី ថ្វាយព្យាករណ៍ថា: ការណ៍ដែលព្រះអង្គនិមិត្តឃើញនាគខាំពាំព្រះអង្គនាំទៅក្នុងទឹកស្ទឹងសែននោះត្រូវត្រង់ស្ដេចកននាំអ្នកជាមកប្រមាថព្រះអង្គបាន។ ថាត្រង់ដែលឃើញសម្ដេច ព្រះវររាជបិតា មកស្រែកហៅព្រះអង្គនោះទំនាយថា ព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើចៅពញាឧទ័យធិរាជឲ្យរៀបព្រះទីនាំងឲ្យថយទៅខែត្រពោធិ៍សាត់នោះ ឃើញថាត្រូវណាស់សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែលព្រះចន្ទរះមកពីទិសខាងលិចនឹងរលាយរូបនាគនោះទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូលនឹងចេញមកពីទិសបស្ចិមមកប្រាមប្រាបឲ្យរលាយព្រះស្ដេចកននេះពុំខានឡើយ។ កាលដែលហោរាទំនាយថ្វាយនោះ ត្រូវជាថ្ងៃ ១៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស.២០៥៦ គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤។ បើគិតពីត្រឹមកាលដែលព្រះអង្គ ព្រះឝ្រីឝៅគន្ធបទស្ដេចសោយរាជ្យជាសុខនោះបាន ៥ ឆ្នាំ ស្ដេចធ្វើសង្គ្រាមបាន៤ ឆ្នាំបូករួមទៅត្រូវជា ៩ ឆ្នាំ ព្រះជន្មវស្សា ៣៤ ឆ្នាំ។ ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកម៉ឺនសូរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ័ក្សសោមមួយនាំទាហានទាំងពីររយនាក់ចូលទៅស្រែកថាមានការណ៍ធំណាស់សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គទាហានទាំងពីរកាយនេះកាប់ត្រូវព្រះអង្គជាទំងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅកូនទាហានទាំងពីររយនាក់នោះទទួលកាប់ចាក់គ្នាជាឧឡារិក ឮសូរសន្ធឹកនេះដល់ទៅចៅពញាយមរាជ ដែលជាបិតាលៀងនៃចៅពញាយសរាជាជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់៣០នាក់ស្លាប់ខាងទ័ពហ្លួងជាង ១០០ នាក់។
បែកបន្ទាយស្ទឹងសែន[កែប្រែ]
ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា: ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវរត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាស្រូវកន តែច្បាំងពុំបាន ក៏នាំចៅពញាយសរាជាចុះទូកចែវរត់ទៅ។ លុះដល់ខែត្រមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជលុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញ ចៅពញាយសរាជាចូលទៅក្រុងទេព។ នេះនឹងស្រដីអំពី សម្ដេចព្រះឥសីភ័ទ្ទសួសថា: កាលដែលបន្ទាយស្ទឹងសែន បែកទ័ពនោះសម្ដេចព្រះឥសីភ័ទ្ទ ព្រមគ្នានឹងស្ម័គ្របក្សពួក អញ្ជើញយកព្រះខឌ្ដរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ។ នៅទីនោះ គាត់គិតថា: បើអញទ្រាំទៅឲ្យដល់ទៅស្រុកសៀមទៅ មុខជាសៀមមិនឲ្យអញត្រលប់មកវិញទេ។ លុះគិតដូច្នេះហើយសម្ដេចឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅបន្ទោបង់ឧច្ចារៈ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅសម្ដេចព្រះឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះ ចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅយកតែព្រះខឌ្ដរាជ្យ និង លំពែងជ័យ ព្រះកៅទណ្ឌសរនោះឲ្យអាសូរជាខ្ញុំវេចស្ពាយរត់ទៅដល់ចុងខែត្របាទី។ (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើម ស្រុកកណ្ដាលស្ទឹង ស្អាង សំរោង ភ្នំស្រួច ភ្នំស្រង់ គងពិសី ទាំងអស់នេះ នៅក្នុងខែត្របាទីដែរ)។ នៅទីនោះ សម្ដេចឥសីភ័ទ្ទ ក៏នាំគ្នានឹងអាសូរជាខ្ញុំពួនពាក់លាក់ខ្លួនមិនឲ្យអ្នកណាដឹងឡើយ។ ឯព្រះខឌ្ដរាជ្យ នឹងព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រនោះ សម្ដេចឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ។ ចំណែកឯចៅពញាយសរាជាជាព្រះរាជបុត្រព្រះឝ្រីឝៅគន្ធបទនោះព្រមទាំងបណ្ដាជាខ្ញុំក្រុមមហាតលិកនាំព្រះអង្គរត់ទៅដល់ស្រុកសៀមហើយក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា ជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយ ក្លែងឧបាយក្បត់ផែនដី។ ទ្រង់ថ្លែងសេចក្ដីពីសម្ដេចព្រះវររាជបិតាក្ស័យព្រះជន្ម នៅស្ទឹងសែន សព្វគ្រប់ប្រការ។ សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានសេចក្ដីអាល័យសម្ដេចព្រះជេដ្ឋាណាស់។ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេច ដែលវាចេញក្បត់ផែនដីទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ស្ដេចទ្រង់ព្រះកន្សែងទាំងពីរអង្គ ទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា។ លុះបន្ទោសោកស្រេច សម្ដេចព្រះបរមរាជាមហាឧបរាជ ស្ដេចនាំចៅពញាយសរាជចូលគាល់សម្ដេចព្រះមហាចក្រពត្តិ "ស្ដេចសៀម" ទូលរឿងសព្វគ្រប់ហើយទូលពីសម្ដេចព្រះរៀម សុគតគ្រប់ប្រការរួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្ដេច ប្រហារជីវិតឲ្យបាន។ ព្រះមហាចក្រពត្តិទ្រង់ប្រារព្ធនឹងក្រស័ត្រទាំងពីរព្រះអង្គហាក់ដូចជាឈឺឆ្អាលណាស់ថាចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។ រីឯ មហាឧបរាជកនភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ៊្វាកៅត្រូវជាមានិងនាយកង នាយទ័ព លើកទៅសង្កត់ខែត្រឲ្យរាបទាបទាំងអស់គឺខាងជើងទល់នឹងនគរលាវ ខាងលិចទល់នឹងនគរចាមខាងត្បូងទល់នឹងសមុទ្រ។ លុះសង្កត់ខែត្របានរាបទាបហើយចៅហ៊្វាកៅ ក៏តាំងចៅហ្វាយស្រុក ឲ្យនៅរក្សាខែត្រយ៉ាងមាំមួនរួចទើបត្រឡប់មករកមហាឧបរាជកនវិញ។
បាត់បង់ខែត្រពោធិ៍សាត់[កែប្រែ]
បើគិតពីត្រឹមតែ ស្ដេចចៅពញាចន្ទរាជា ទៅគង់នៅស្រុកសៀម ពីឆ្នាំម្សាញ់ ឯកស័ក ព.ស.២០៥៣-គ.ស. ១៥០៩-ម.ស. ១៤៣១-ច.ស. ៨៧១ ឆ្នាំជូត នព្វស័ក មកដល់ ព.ស.២០៥៩-គ.ស.១៥១៦-ម.ស. ១៤៣៧-ច.ស. ៨៧៧ ឆ្នាំកុរ សប្តស័កនេះ ត្រូវជា ៧ ឆ្នាំហើយ។ ឆ្នាំនោះ មានដំរីមួយ កំពស់ ៤ ហត្ថ នៅស្រុកកញ្ចនបុរី។ មានហ្មសៀមម្នាក់ឈ្មោះពាម នាំស្ម័គ្របក្សពួក ទៅចោមទាក់ដំរីនោះតែទាក់ពុំបាន។ ដំណឹងនេះជ្រាបដល់ព្រះចៅចក្រពត្តិ (ស្ដេចសៀម) ទ្រង់ចង់បានដំរីសនោះណាស់ តែនឹងរកអ្នកណាជាទំនុកទុកព្រះទ័យឲ្យចេញទៅធ្វើការនេះថ្វាយពុំបាន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជាក្រាបទូលសុំអាសាទៅទាក់ដំរីនោះយកមកថ្វាយ។ ព្រះចៅចក្រពត្តិមានព្រះទ័យត្រេកអរណាស់ ទ្រង់ត្រាស់បង្គាប់ឲ្យកេណ្ឌយកធ្នាក់យកហ្មទៅទាក់ដំរីសនោះឲ្យបាន។ សម្ដេចចៅពញាចន្ទរាជាទាក់បានដំរីនោះនាំមកថ្វាយព្រះចៅចក្រពត្តិ ព្រះអង្គទ្រង់ព្រះអំណរណាស់ទ្រង់ត្រាស់សរសើរឫទ្ធីចំណេះផ្សេងៗ ហើយទ្រង់ព្រះរាជទានរង្វាន់ជាច្រើនដល់សម្ដេចចៅពញាចន្ទរាជា ទើបទ្រង់ប្រទាននាមដំរីសនោះជាព្រះគជេន្ទ្រនរោត្តម។
សម្ដេចព្រះមហាឧបរាជចៅពញាចន្ទរាជា កាលទាក់ដំរីបាននោះយល់ថា បានឱកាសហើយក៏ក្រាបទូលថា សូមបង្គំលា សម្ដេចព្រះចៅចក្រពត្តិទៅបង្ក្រាបអាស្ដេចកន ដែលក្បត់ញាំញីព្រះពុទ្ធសាសនានូវព្រះបរមរាជវង្សានុវង្សបណ្ដាលឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់ ថាបើនឹងបង្អង់យូរទៅឃើញថាពុំបានឡើយ។ សម្ដេចព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយទ្រង់ត្រាស់ថា: កុំឲ្យក្មួយរួសរាន់ពេក ចាំដល់ឆ្នាំក្រោយៗមាននឹងឲ្យជូនទៅជាមិនខាន។ ទ្រង់ត្រាស់តែម៉្លោះ ហើយព្រះចៅចក្រពត្តិស្ដេចក៏ចូលទៅខាងក្នុងព្រះក្រឡាបន្ទុំទៅ។
ចៅពញាចន្ទរាជាបានឮព្រះក្រសែដូច្នោះកាលណាក៏យល់ថា: ព្រះចៅចក្រពត្តិមិនព្រមបើកឲ្យព្រះអង្គទៅឆាប់ឡើយ។ លុះទ្រង់ត្រឡប់ពីគាល់ដល់ទៅដំណាក់វិញ ស្ដេចទ្រង់ព្រះចិន្តាថា: បើអញនឹងចាំលាដោយស្រួលនោះ មុខជាស្ដេចសៀមមិនបើកឲ្យអញទៅទេ។ ដូច្នេះ មានតែអញគិតឧបាយកលយ៉ាងណាមួយ ទើបអញបានទៅស្រុកវិញឆាប់។ ទ្រង់ព្រះចិន្តាយល់ដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ បណ្ដាពួកក្រុមជាខ្ញុំ ១៥ នាក់ (ច្បាប់ខ្លះថា ១៤ នាក់) ឲ្យយកឈើឆ្លាក់ធ្វើជាជើងដំរីយ៉ាងធំៗ ៤ ហើយយកទៅលបសង្កត់ដីឲ្យមានជាស្នាមដូចជាជើងដំរីមែនទែន រួចឲ្យយកលាមកដំរីញាត់ក្នុងជាល យកទៅរលាក់ចេញពីជាលច្រើនដុំ ហើយយកទៅទំលាក់រាយចោល ឲ្យប្រកបនឹងដានជើងធំនោះ ឲ្យដូចជាដំរីទាំងពួងជុះ។ ទ្រង់ផ្ដាំថា បើដល់ដើមឈើណាណាល្មមជាដំរីឈរស្រប់បាន (ពាក្យសំរាប់និយាយថា ដំរីឈរជ្រកម្លប់ឈើ) ឲ្យពួកបណ្ដាជាខ្ញុំទាំងនោះយកដីភក់ទៅលាប ហើយឲ្យយករោមចៀមពីរបីសរសៃសៀតនឹងសំបកឈើធ្វើឲ្យដូចជារោមដំរីត្រដុសនឹងដើមឈើមែនៗ។ ទ្រង់បញ្ជាថា បើធ្វើដូច្នេះរួចហើយ ឲ្យពួកក្រុមបណ្ដាជាខ្ញុំទាំងនោះ ដើរបង្ហួស កន្លងដានទៅទិសឦសាន ដល់ទៅខែត្រនាងរង ស្រុកនគររាជ ហើយខ្លួនឯងទាំង១៥នាក់ ស្រូតរូតទៅបញ្ចុះបញ្ចូលប្រជារាស្ត្រនៅស្រុកនាងរង នាងផ្អែក ចុងកាល់ ស្រុកទំនប់ ទុងកែ ទឹកជោរ មង្គលបូរី នគររាជសីមា (ត្រង់នេះសាស្ត្រាខ្លះថាសៀមរាប) បាត់ដំបងឲ្យបានមកជួបជុំចាំអញនៅទីបន្ទាយ។ ទ្រង់ផ្ដាំទៀតថា: បើកាលណាដើរតាមផ្លូវនោះទៅ ហើយមានគេសួរឯង អំពីដំណើរនោះ ឯងត្រូវប្រាប់គេថា ឯងបានឃើញដំរីសមួយ ដូចសំឡី កំពស់ប្រហែលជាង ១០ ហត្ថបានជាដើរតាមរកមើលឲ្យច្បាស់ទីលំនៅវា។ អស់បណ្ដាជាខ្ញុំទាំង ១៥ នាក់ក៏ចេញទៅធ្វើការតាមត្រាប់បង្គាប់គ្រប់ប្រការ។ លុះកន្លងមកគ្រប់មួយខែ អស់ចៅមឿង (ចៅហ្វាយស្រុក ឬ មេឃុំ) ចៅបាន (ម្ចាស់ស្រុក) ក្នុងដែនសៀមទិសខាងកើតបានដំណឹងថា មានដំរីសក៏អរណាស់ ទើបនាំគ្នាចូលព្រៃទៅពិនិត្យមើល តែមើលឃើញតែដានជើង និង លាមកវាធំក្រៃលែងនឹងដំរីទាំងពួង មើលទៅលើដើមឈើខ្លះ ក៏ឃើញមានរោមសសុទ្ធសដូចជាសំឡី ជាប់នៅលើដើមឈើនោះច្រើនអន្លើមែន។ ចៅមឿង ចៅបាន ទាំងអស់នោះ ក៏ប្រញាប់ប្រញាល់ ធ្វើសំបុត្របកប្ដឹងចូលទៅ សេនាបតី សេនាបតីយកសេចក្ដីក្រាបទូល ព្រះចៅចក្រពត្តិ ព្រះចៅចក្រពត្តិ ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់។ ថ្ងៃមួយ ស្ដេចចេញគង់ព្រះរាជរោងរម្យ ជួបជុំព្រះរាជបុត្រាធម៌ គឺចៅពញាអុង ដែលត្រូវជាព្រះរាជបុត្រានៃព្រះស្រីរាជា (ខ្មែរ) និងព្រះវង្សា សេនាបតី មន្ត្រីទាំងពួង ក្រាបបង្គំគាល់ត្រៀបត្រា ទើបស្ដេចត្រាស់សួរថាឈ្មោះណានឹងទទួលអាសា ទៅតាមទាក់ដំរីប្លែកនោះបាន?
អស់រាជសេវកាមាត្យសៀមក្រាបទូលថា: ទូលព្រះបង្គំយើងខ្ញុំទាំងឡាយ ឃើញតែ ចៅពញាចន្ទរាជា មួយប៉ុណ្ណោះ ដែលជាអ្នកក្លាហានមានតំរិះខាងទាក់ដំរីនោះជាងគេ។ ម្យ៉ាងវិញទៀត ចៅពញាចន្ទរាជានេះ ក៏បានធ្វើការទាក់ដំរីថ្វាយរៀងមកហើយផង។
សម្ដេច ចៅពញាចន្ទរាជា ឮទីប្រជុំឆ្លើយដូច្នោះ ក៏យល់ថា បានដូចគំនិតព្រះអង្គហើយ ទើបក្រាបទូលថា : តាមសំបុត្រច្រើនច្បាប់ ដែលចៅហ្វាយស្រុកច្រើនស្រុក ប្ដឹងចូលមកនោះថា : ដំរីនោះ ធំខ្ពស់ទៅ ១០ ហត្ថ ហើយបើតាមដំណឹងក្រៅសំបុត្រទៀតថា: ដំរីនោះមានបរិវារ គោត ស្ដ (គោត គឺដំរីឥតភ្លុកឥតចែ, ស្ដ = ដំរីឈ្មោលឥតភ្លុកមានតែចែ) នៅថែរក្សាជាច្រើន លើសដំរីទាំងពួង ទាំងសំបុរ និង កំពស់ទៀត ក៏ល្អគួរឲ្យចេតនា គួរតែទូលព្រះបង្គំ យកចិត្តទុកដាក់ គិតយកដំរីនោះ មកទុកជាមង្គលព្រះនគរថ្វាយឲ្យបាន។ ការណ៍ដែលខ្ញុំព្រះរាជការទាំងឡាយ ជំនុំយល់ព្រមថាយកទូលព្រះបង្គំជាខ្ញុំ ឲ្យទទួលអាសា នឹងទៅទាក់យកដំរីនោះ មកថ្វាយឲ្យបានទៀត ក៏ជាការគួរសមណាស់ហើយ ក៏ប៉ុន្តែដំរីសនោះមានបរិវារធំច្រើនលើសដំរីមុនណាស់ ហេតុដូច្នេះ សូមសម្ដេច ស្ដេចព្រះរាជទានពល ៥០០០ នាក់ ដំរី ១០០ និង កាំភ្លើង ធ្នូ ស្នា សស្ត្រាវុធក សំរាប់បាញ់បង្អើលដំរីកាចៗ ដែលនៅរក្សាដំរីសនោះ ច្រើនណាស់ឲ្យវាខ្លាចហើយចៀសចេញទៅ ៖
ម្យ៉ាងវិញទៀត ដោយឃើញថា ការទាក់ដំរីនោះ មុខជាធ្វើអស់ពេលវេលាជាច្រើនផង ក្រែងរេហ៍ពលពុំគ្រប់គ្រាន់ស្បៀងអាហារនឹងកើតចលាចល ការណ៍ក៏ពុំបានសំរេច ហេតុដូច្នេះ ទូលព្រះបង្គំ សូមព្រះរាជទាន ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ផង សូមព្រះរាជទាន ព្រះរាជអាជ្ញា ឲ្យបានមាំមួនទៀត ទើបទៅធ្វើការណ៍នោះបានសំរេច។
ព្រះចៅចក្រពត្តិ បានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់ ទើបព្រះរាជទាន ព្រះសែង (គឺដាវស្រោមមាស អ្នកកាន់ដាវនេះ មានអំណាចកាប់សំលាប់បានតាមចិត្ត) ហើយត្រាស់បង្គាប់ឲ្យចៅពញាចក្រី កេណ្ឌពលពាហនៈថ្វាយតាមសុំកុំបីខាន។ ឧកញ៉ាចក្រី ក៏ចាត់ការថ្វាយ ព្រះចៅចន្ទរាជា តាមព្រះរាជបង្គាប់នៃព្រះពុទ្ធចៅមហាចក្រពត្តិគ្រប់ប្រការ។
ចៅពញាចន្ទរាជា កាលបានពល និង ស្បៀងអាហារព្រមទាំងព្រះរាជអាជ្ញា ព្រះសែងអាជ្ញាសឹកគ្រប់អស់ហើយ ក៏ថ្វាយបង្គំលាចេញមកក្រៅ។ ក្នុងគ្រានោះ ព្រះអង្គសួគ៌ាលោក ស្ដេចចូលទៅក្នុងក្រុងស្រីអយុធ្យានោះ ទើបសម្ដេចចៅពញាចន្ទរាជា ស្ដេចយាងទៅថ្វាយបង្គំ ព្រះអង្គសួគ៌ាលោក គឺពញាអុងរាជា ដែលត្រូវជាព្រះរៀម ព្រះអយ្យកោមួយនឹងព្រះអង្គ (សូមជ្រាបថា ពញានេះត្រូវជាព្រះរាជបុត្រ នៃ ព្រះស្រីរាជា ដែលសៀមនាំយកទៅស្រុកវា ទាំងព្រះស្រីរាជា ទាំងពញាអុង ហើយព្រះស្រីរាជា សុគតនៅខែត្របាត់ដំបង។ ព្រះស្រីរាជាត្រូវជាសម្ដេចព្រះជេដ្ឋានៃព្រះធម្មរាជាដែលត្រូវជាបិតានៃសម្ដេចចៅពញាចន្ទរាជា។ ដូច្នេះ ពញាអុង និង សម្ដេចចៅពញាចន្ទរាជា ត្រូវជាព្រះរៀមព្រះអនុជ មានព្រះអយ្យកោមួយជាមួយគ្នា)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចក្រាបទូលសួរថា: អ្នកបងលែងគិតស្រុកហើយឬ ក៏បានជាគង់នៅព្រងើយ មិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូច្នេះ? ទ្រង់ពុំស្ដាយវង្សព្រះមហាក្សត្រ និងគ្រងព្រះមហានគរទេឬ?
លុះមកដល់ថ្ងៃ ១០ រោច ខែផល្គុន ឆ្នាំជូត ព.ស. ២០៦០-គ.ស. ១៥១៦-ម.ស. ១៤៣៨-ច.ស.៨៧៨ នោះចៅពញាចន្ទរាជា មានព្រះជន្មវស្សា៣៦ឆ្នាំ ទ្រង់រៀបចំចាត់ចែង ព្រះរាជដំណើរស្រេច ស្ដេចនាំចៅពញាយសរាជា និង បណ្ដាជាខ្ញុំ លើកពលសៀមស្រូតរូតតាមស្នាមជើងដំរី ទាំងយប់ទាំងថ្ងៃ ពុំមានឈប់ឈរសោះ។ លុះលើកទៅបាន ៧ ថ្ងៃជិតដែនស្រុកខ្មែរហើយ ទ្រង់ព្រះរាជចិន្តាថា: អញមកដល់នេះហើយ បើទុកជាព្រះចៅចក្រពត្តិបានដឹងថា អញរត់ហើយលើកទ័ពតាមមកក៏ពុំទាន់ដែរ។ ទើបទ្រង់ឲ្យធ្វើសំបុត្របកដាក់ទាំងរោមចៀមដាក់ទាំងរោមចោមរឹស ដែលជាប់នៅដើមឈើគូរទាំងស្នាមជើង លាមក និង កំពស់ដំរីនោះឲ្យបំរើសៀមនាំវិលទៅថ្វាយព្រះចៅ រួចហើយព្រះអង្គក៏លើកទ័ពចេញមកទៀត។
ព្រះចៅចក្រពត្រាធិរាជ (ស្ដេចសៀម) កំពុងទ្រង់បារម្ភ ពីរឿងទាក់ដំរីនោះ លុះបំរើនាំសំបុត្រទៅដល់ហើយទ្រង់ត្រាស់សួរថា: ឥឡូវទៅដល់ណាហើយ?
បំរើក្រាបទូលថា: ទៅជិតដែនកម្ពុជាហើយ។
កាលទ្រង់ព្រះសណ្ដាប់ចំលើយ ដែលបំរើក្រាបទូលឆ្លងហើយ ព្រះចៅចក្រពត្តិនឹងគ្នាន់ក្នុងព្រះទ័យណាស់ ទើបត្រាស់សួរព្រះអង្គសួគ៌ាលោកថា : ចៅពញាចន្ទរាជាទៅទាក់ដំរីសនេះ ហេតុអ្វីក៏ស្រូតរូតម៉្លេះ អញសង្ស័យណាស់។
ព្រះអង្គសួគ៌ាលោកក្រាបទូលថា:
ចៅពញាចន្ទរាជានេះ មានចិត្តមានះណាស់មានស្មារតីរឹងប៉ឹង ហើយចិត្តក៏រឹងរូសកាន់វង្សត្រកូលណាស់ទៀត។ តាំងពីចៅពញាយសរាជាមកប្រាប់ថា: អាព្រះស្ដេចកន សំលាប់បិតាយកព្រះនគរហើយនោះ ទូលព្រះបង្គំឃើញកិរិយារបស់ចៅពញាចន្ទរាជា ខឹងក្ដៅនឹងអាកនខ្លាំងណាស់។ ការដែលទៅហើយស្រូតរូតយ៉ាងនេះ ទូលព្រះបង្គំក៏យល់ឃើញថា ចៅពញាចន្ទរាជាលើកទ័ពទៅវាយអាព្រះស្ដេចកនពុំខានឡើយ។
ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់ប្រើ ម៉ឺនពេជ្រដាវិចិត្រ ឲ្យនាំទាហាន សេះ ៣០ នាក់លើកទៅតាម សម្ដេចចៅពញាចន្ទរាជា ហើយទ្រង់ផ្ដាំថា : បើចៅពញាចន្ទរាជាពុំព្រមត្រឡប់មកទេ ឲ្យឯងប្រាប់ពលទាំង ៥០០០ នាក់នោះ ឲ្យខាងតែបានមក។
ម៉ឺនពេជ្រដាវិចិត្រ បានទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំទាហានសេះទាំង ៣០ នាក់លើកតាមទៅ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្រូតរូតមកដល់ដែនខែត្រ ប្រទេសខ្មែរហើយក៏ទ្រង់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ តាំងពីប្រទល់ដែនរៀងមក បានពល ១៨០០ នាក់ ហើយលើកមកដល់ខែត្រទឹកជោរ ដូចជាបណ្ដាជាខ្ញុំ ដែលប្រើមុនគេនោះ។ បណ្ដាជាខ្ញុំទាំងនោះ បានរេហ៍ពល២០០នាក់ ផ្សំគ្នាជា ២០០០ នាក់ ហើយស្ដេចលើកកងទ័ពខ្មែរសៀម ចូលវាយបន្ទាយបានខែត្រនគរសៀមរាប បានរេហ៍ពលថែមទៀត រួមទាំងទ័ព ៨០០០ នាក់ផងត្រូវជា ១០០០០ នាក់ហើយលើកចូលទៅក្នុងបន្ទាយមហានគរ។ ក្រោយទាហានសេះត្រឡប់ទៅវិញ សម្ដេចចៅពញាចន្ទរាជា ទ្រង់លើកកងទ័ពទៅដល់ស្រុកបាត់ដំបងហើយ ទ្រង់ក៏ចាត់ឲ្យនាយកងទ័ពដើរបញ្ចុះបញ្ចូលរាស្ត្រក្នុងខែត្រ។ ខណៈនោះ ពញាមនោមេត្រីចៅហ្វាយស្រុកបាត់ដំបង បានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្ដេចខ្មែរ ត្រឡប់មកដល់ហើយ ក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល ១០០០០ នាក់ និង ស្បៀងអាហារ ១០០០ រទេះទៀត។ សម្ដេចចៅពញាចន្ទរាជាស្ដេចទ្រង់ព្រះអំណរណាស់ ស្ដេចគង់សំរាកកំលាំងរេហ៍ពល នៅក្នុងខែត្រនោះបីថ្ងៃ ហើយក៏លើកឆ្លងទៅតាំងបន្ទាយនៅខែត្រពោធិ៍សាត់។
ចំណែកឯសម្ដេចចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្ដេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះហើយ ក៏កេណ្ឌពលបាន ៤០០០០ នាក់ឲ្យរក្សានាទីភាគបន្ទាយ រាយល្បាតតាមច្រកផ្លូវស្រេច ទើបបកសំបុត្រ ប្ដឹងចូលមកសេនាបតីក្នុងក្រុងសន្លប់ពិជ័យព្រៃនគរ។
រីឯ ចៅពញាមឿងវិញ លុះបានដឹងថា ចៅពញាចន្ទរាជា ស្ដេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ អ្នកក៏ដើរបញ្ចុះបញ្ចូល បានស្ម័គ្រប័ក្សពួក ចូលក្នុងកងទ័ពចៅពញាសួគ៌ាលោកជាច្រើននាក់។ កាលឃើញថាចៅពញាសួគ៌ាលោក ជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្ដេចចៅពញាចន្ទរាជាទេ ពញាមឿង លុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្រប័ក្សពួក ចូលលុក (គឺចូលទៅប្រហារមិនឲ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ាលោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រមការបណ្ដារាស្ត្រថា : សម្ដេចចៅ ពញាចន្ទរាជានេះ ពេញជាព្រះរាជត្រកូលនៃសម្ដេចព្រះធម្មរាជា ដែលជាស្ដេចទ្រង់ធម៌ហើយ។ ឯស្ដេចកន ជាចៅហ្វាយ ចៅពញាសួគ៌ាលោកនេះខាងម្ដាយជាពលព្រះស្រីរតនត្រ័យសុទ្ធ។ អស់អ្នករាល់គ្នានឹងសំពះព្រះ ក៏ចង់ថ្វាយបង្គំបាយ៉ាប (បាយ៉ាប គឺអារ័ក្សទឹក សំរាប់ពួកនេសាទមច្ឆជាតិគោរព)។ ថាបើអស់អ្នកពេញចិត្តថ្វាយបង្គំ ព្រះស្រីរតនត្រ័យនោះ ចូរអ្នកថ្វាយបង្គំចៅពញាចន្ទរាជា ដ្បិតស្ដេចយាងមកដល់ហើយត្រូវយើងចេញទៅថ្វាយបង្គំ ទទួលព្រះអង្គចុះ។ ថាបើអស់អ្នកចូលចិត្ត ចង់សំពះបាយ៉ាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយា ទៅថ្វាយបង្គំព្រះស្ដេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅវណ្ណៈច្រើននៅឡើយ វណ្ណៈពលជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យ ឯបន្ទាយស្រឡប់ពិជ័យព្រៃនគរឲ្យឆាប់ចុះ។
អស់ក្រមការបណ្ដារាស្ត្រក្នុងកងទ័ពទាំង ៤០០០ នាក់ប្លាយ លុះឮពញាមឿងប្រកាសចេញព្រះនាម សម្ដេចចៅពញាចន្ទរាជា ដូច្នោះហើយ ហេតុតែជាបុណ្យបារមីនៃព្រះអង្គ ក៏បណ្ដាលចិត្តគ្រប់កងទ័ពទាំងអស់ ឲ្យនឹកស្រឡាញ់អាល័យ ដល់សម្ដេចចៅពញាចន្ទរាជា ពន់ប្រមាណ ហើយក៏ស្រែកតបប្រកាសថា : យើងរាល់គ្នាចូលចិត្តទៅថ្វាយបង្គំព្រះ មិនព្រមទៅថ្វាយបង្គំបាយ៉ាបទេ។ ហេតុនេះហើយ បានជាមានពាក្យថា : មិនចង់សំពះព្រះ មិនចង់ថ្វាយបង្គំព្រះ ទៅសំពះឯបាយ៉ាបទៅវិញ តាំងពីថ្ងៃនោះមក។ ចៅពញាមឿង (ឈ្មោះតាពេជ្រ) លុះឮរាស្ត្រ ប្រកាសវាយបកដូច្នោះ ល្មមពេលព្រឹកស្រាងៗ ហើយក៏នាំអស់ក្រមការ និង អស់អ្នកមុខអ្នកការ បណ្ដារាស្ត្រចេញទៅ អញ្ជើញស្ដេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ ក្នុងបន្ទាយស្រុក។ សម្ដេចចៅពញាចន្ទរាជា ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់សួរសេចក្ដីដើមទង គ្រប់ប្រការ។ លុះទ្រង់ជ្រាបហើយ ស្ដេចឲ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្ដេចហាមកងទ័ពទាំងខ្មែរ ទាំងសៀម មិនឲ្យទៅកំហែងកំហល់រាស្ត្រប្រជា ក្នុងស្រុកឲ្យសោះ ដើម្បីកុំឲ្យរាស្ត្រប្រជាមានសេចក្ដីក្ដៅក្រហាយ។ ទ្រង់ដាក់អាយ័តថា "បើឈ្មោះណាពុំស្ដាប់ ព្រះរាជឱង្ការនេះទេ ស្ដេចនឹងយកទោសដល់ប្រហារជីវិត"។ ខណៈនេះ អស់រាស្ត្រប្រជា ក៏បានសេចក្ដីសុខសាន្ត ឥតមានទុក្ខភ័យ អំពីពួកពលទាហាន សរសើរព្រះបារមី ព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា។
សម្ដេចចៅពញាចន្ទរាជា កាលដែលទ្រង់ហាមប្រាមសេនាទាហានមិនឲ្យរំលោភជិះជាន់រាស្ត្រនាំឲ្យរាស្ត្របានសេចក្ដីសុខកាយសុខចិត្ត ឥតក្ដៅក្រហាយយ៉ាងនេះហើយទ្រង់ឲ្យរឹបយកទ្រព្យសម្បត្តិរបស់ចៅហ្វាយស្រុក ដែលចៅពញាមឿងចូលលុកសំលាប់នោះ មកព្រះរាជទានជារង្វាន់ ដល់អស់នាយកងនាយទ័ព ហើយទ្រង់តាំងចៅពញាមឿងជា "ចៅពញាសួគ៌ាលោក" ចៅហ្វាយស្រុក ខែត្រពោធិ៍សាត់ ទាំងតាំងឲ្យធ្វើជាមេទ័ពសំរេចរាជការគ្រប់ប្រការ។ រួចទ្រង់តាំងកូនតាមឿងទាំង ៤ នាក់ឲ្យមានឋានន្តរសក្ដិខ្ពង់ខ្ពស់គឺ៖
- កូនទី១ ឈ្មោះកែវ ឲ្យធ្វើជា "ចៅពញាវង្សាអគ្គរាជ"
- កូនទី២ ឈ្មោះអង់ ឲ្យធ្វើជា "ចៅពញាបរទេសរាជ"
- កូនទី៣ ឈ្មោះទេព ឲ្យធ្វើជា "ចៅពញាវិបុលរាជ"
- កូនទី៤ ឈ្មោះសុខ ឲ្យធ្វើជា "ចៅពញារាជតេជៈ" ជាមេទ័ពមុខក្រោយ ឆ្វេងស្ដាំ។
ទើបទ្រង់ចាត់ទាំង៤នាយ ឲ្យលើកពល ៨០០ នាក់ចេញទៅវាយខែត្រក្រគរ ខ្លុង ក្រង ជាមុន។
សុបិននិមិត្ត[កែប្រែ]
ព្រះស្រីជេដ្ឋា (ស្ដេចកន) កាលខូចខែត្រពោធិ៍សាត់ហើយ នៅពេលថ្ងៃត្រង់ម៉ោង ១១ ស្ដេចនាំព្រះស្នំ ក្រុមបរិពារចុះស្រង់ទឹកក្នុងស្រះ រួចហើយនាំទៅប្រពាតសួនឧទ្យានកំសាន្តព្រះហឫទ័យ។ ស្ដេចនាំព្រះស្នំក្រុមបរិពារ យាងរហូតដល់ទីក្រឡាបន្ទំ ដែលមានក្នុងសួនឧទ្យាននោះ។ នៅទីនោះទ្រង់ព្រះសណ្ដាប់ ក្រុមភ្លេងមហោរី ក្រុមចំរៀងច្រៀងផ្លុំប៉ីកែវ ពីរោះពេក បណ្ដាលឲ្យភ្លើតភ្លើនព្រះរាជហឫទ័យ ហើយក៏ទ្រង់ទំរេតព្រះអង្គ ទៅលើព្រះស្នំជាតិលាវម្នាក់។ លុះទ្រង់ផ្ទំស្កប់ស្កល់ទៅទ្រង់ព្រះសុបិននិមិត្តឃើញថា: "ព្រះចន្ទរះពីទិសខាងលិចលឿនគ្រឿនមកលើប្រាសាទ ហើយក៏បណ្ដាលឲ្យកើតជាភ្លើងឆេះសន្ធោរសន្ធៅលើប្រាសាទ អណ្ដាតភ្លើងរាលដាល ទូទៅពេញទាំងព្រះនគរ ព្រមទាំងរាលក្ដៅដល់ព្រះអង្គផង ព្រះអង្គរត់ទៅទិសឦសាន ភ្លើងក៏រាលឆេះរោលក្ដៅក្រហាយសព្វព្រះសារពាង្គកាយខ្លាំងណាស់"។
ទ្រង់បំរះដឹងព្រះស្មារតីឡើង ក៏ល្មមពេលរសៀលម៉ោង ៣ ទ្រង់ក៏តើនចាកព្រះសុបិនឡើងពីក្រឡាបន្ទំ ទ្រង់ក៏ព្រួយព្រះទ័យណាស់ ទើបទ្រង់បញ្ជាឱ្យហៅព្រាហ្មណ៍បុរោហិត និងពិជ័យហោរាមកប្រាប់នូវនិមិត្តនោះគ្រប់ប្រការ។ ពិជ័យហោរាទូលថ្វាយព្យាករណ៍ថា:
"ទ្រង់និមិត្តក្នុងថ្ងៃសៅរ៍នេះ ក្បួនទំនាយថា ត្រូវលើព្រះអង្គហើយគឺព្រះអង្គនឹងត្រូវទទួលគ្រោះកាច។ តាមព្រះសុបិននេះ ព្រះអង្គនឹងដឹងការណ៍ឆាប់។ ឯព្រះចន្ទដែលរះហើយបង្កើតជាផ្កាភ្លើងឆេះរាលពាសពេញទាំងនគរនោះ ទំនាយថាទ្រង់នឹងមានសត្រូវមកបៀតបៀនព្រះអង្គឲ្យនាំព្រះអង្គថ្លោះការណ៍ធំណាស់"។
ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ខ្ញាល់ណាស់ ចំពោះពិជ័យហោរា ដែលមិនចេះប្រចុបឲ្យស្របនឹងព្រះទ័យ។ ព្រះភក្ដ្រទុំទែងពន់ប្រមាណ ទើបទ្រង់ត្រាស់ថាហោរាទាយនេះ ដូចជាក្រៅក្បួនតំរាហើយ ដូច្នេះ ចូរបុរោហិតពិនិត្យទាយមើលវិញ តើខាងណាទាយខុស ខាងណាទាយត្រូវ។ ព្រះបុរោហិត ក្នុងព្រះរាជត្រកូល យល់ថា "ទំនាយហោរានេះ ពុំសព្វព្រះទ័យនៃព្រះស្រីជេដ្ឋាទេ" ទើបក្រាបទូលប្រចុបប្រចែង រកផ្លូវឲ្យស្របព្រះរាជហឫទ័យ ហើយក្រាបបង្គំទូលថ្វាយថា :
"សូមទ្រង់ព្រះមេត្តាប្រោស! សុបិននិមិត្តនៃព្រះអង្គនេះ បើតាមក្បួនហោថា ទេវតាមកប្រាប់ហេតុឲ្យទ្រង់ជ្រាប ទាំងអស់៥ប្រការគឺ
ប្រការទី១: ត្រង់ទ្រង់ឃើញព្រះចន្ទរះពីទិសខាងលិចនោះ ទំនាយថា ព្រះអង្គនឹងបានសុខក្សេមក្សាន្ត ត្រជាក់ត្រជុំ ទាំងអាណាប្រជានុរាស្ត្រ ក៏បានសេចក្ដីរុងរឿងប្រៀបបាន នឹងពន្លឺព្រះចន្ទ។
ប្រការទី២: ត្រង់ព្រះចន្ទចេញជាភ្លើង ឆេះពាសពេញព្រះនគរនោះ ទំនាយថា ព្រះអង្គនឹងមានអំណាច អាចផ្សាយពេញទាំងប្រទេស ដូចភ្លើងឆេះទូទៅទាំង៨ទិស។
ប្រការទី៣: ត្រង់ថា ចំហាយក្ដៅដល់ព្រះអង្គនោះ ទំនាយថា: នឹងមានសត្រូវមកប្រមាថព្រះនគរ។
ប្រការទី៤: ត្រង់ទ្រង់ឃើញថា ព្រះចន្ទពេញបូរមីនោះ ទំនាយថា សត្រូវនោះនៅក្នុងព្រះរាជត្រកូល បង្កើតហេតុចេញមកពីទិសបស្ចិម។
ប្រការទី៥: ត្រង់ឃើញថា ព្រះអង្គរត់ទៅទិសឦសាន ហើយភ្លើងនៅតែតាមរាលក្ដៅដល់ព្រះអង្គនោះទំនាយថា បើកើតមានសត្រូវហើយ សូមព្រះអង្គស្ដេចទៅតាំងទ័ពទប់សត្រូវពីទិសឦសានទើបនឹងមានជ័យជំនះ។ សូមទ្រង់ព្រះមេត្តាប្រោស! ព្រះសុបិននេះល្អទេ កុំព្រួយព្រះទ័យឡើយ"។
សម្ដេចព្រះស្រីជេដ្ឋា ស្ដាប់បុរោហិតព្យាករណ៍ថ្វាយហើយ មានព្រះទ័យត្រេកអរខ្លាំងណាស់ តែដើម្បីនឹងរំដោះព្រះគ្រោះខ្លះ ព្រះអង្គក៏ឲ្យបុរោហិតផ្លុំ ប្រគុំត្រែ ស័ង្ខ ថ្វាយទឹកស័ង្ខ ស្លឹកព្នៅ សៀតព្រះកាណ៌ព្រះអង្គ ព្រមទាំងព្រះរាជទានស្លឹកព្នៅមួយសន្លឹក ទៅព្រះរាជបុត្រព្រះជន្ម ៥ ឆ្នាំ ឲ្យសៀតព្រះកាណ៌ដែរ ព្រោះព្រះអង្គកំពុងជាប់ព្រះទ័យនឹងព្រះរាជបុត្រនេះ ហើយព្រះរាជទានរង្វាន់ ឲ្យបុរោហិតដែលទាយត្រូវព្រះទ័យនោះតាមសព្វព្រះទ័យ។ លំដាប់តមក ទ្រង់ត្រាស់ថា:
"អាហោរចង្រៃនេះ វាស្អប់អញ ទើបវាក្លែងទាយឲ្យអញខូចចិត្តទាំងខូចទ្រព្យសម្បត្តិ ដោយវាមានគោលគំនិតសំងាត់ ប្រការណាមួយ ក្នុងខ្លួនវា " តមកទ្រង់ដៀលត្មះ ហោរានោះ ដោយប្រការផ្សេងៗ។
ពិជ័យហោរា ខំក្រាបទូលដោយជំនះថា: "សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គកុំអាលទ្រង់អរតាមទំនាយបុរោហិតក្រាបទូលនេះឲ្យសោះ ព្រោះការណ៍ម្ដងនេះ ប្រាកដជាមានដូចទូលថ្វាយមិនមែន ដូចទំនាយបុរោហិតនេះទេ"។
សម្ដេចព្រះស្រីជេដ្ឋា ទ្រង់ខ្ញាល់នឹងសំដីទូលតបរបស់ហោរានោះណាស់ ទើបទ្រង់ស្ទុះទៅចាប់ព្រះសែង (ដាវ) មកកាប់ហោរា បណ្ដាលឲ្យហោរស្លាប់នៅទីនោះមួយរំពេច។ ក្រោយពីនោះមកចំនួន ១០ ថ្ងៃ ព្រះស្រីជេដ្ឋា ស្ដេចចេញចងព្រះរាជរោងរម្យ ជួបជុំចៅពញាលំពាំងធិបតី សេនាបតី និង មន្ត្រីទាំងពួង ដែលក្រាបបង្គំជាយសបរិវារ។ ខណៈនោះចៅពញាលំពាំងធិបតី ក្រាបបង្គំទូលថា :
"សូមទ្រង់ព្រះមេត្តាប្រោស ព្រះចន្ទរាជា បានត្រឡប់មកពីស្រុកសៀមវិញហើយ ឥឡូវស្ដេចសង្កត់បានខែត្របាត់ដំបង ហើយឆ្លងមកសង្កត់ បានខែត្រពោធិ៍សាត់ថែមទៀត ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ បានប្ដឹងដោយសំបុត្រ ចូលមកសុំកងទ័ព អំពីទូលព្រះបង្គំ ឲ្យទៅជួយជាឆាប់"។
ចំបាំងនឹងចន្ទរាជា[កែប្រែ]
សមរភូមិក្រគរ គ.ស.១៥១៦[កែប្រែ]
ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាមឿងទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា (ស្ដេចកន) ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា : បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ព ទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយ ជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូង តាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ៊្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជាចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយ កុំឲ្យចៅពញាចន្ទរាជា រត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ព នៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន៥៥០០នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទង លើកទ័ព១០០០០នាក់ ជាទ័ពមុខ ឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល១០០០០នាក់ជាប៉ែកស្ដាំ ឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួន ចៅពញាចក្រីឯង កាន់ពល១៥០០០នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង។ ចៅពញសួគ៌ាលោកមឿងយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេព ជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ ជាប៉ែកឆ្វេង ចាត់ចៅពញារាជតេជៈសុខ ជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯង កាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។
ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោ វាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោ ពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជ ឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទី ជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជ និង ចៅពញាវិបុលរាជ ដែលបង្កប់តាមសងខាងផ្លូវនោះ។
កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកមឿងកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាមឿង ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាមឿងទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។
ចំណែកឯ ចៅពញាសួគ៌ាលោក មឿង ចៅពញារាជតេជៈសុខ កូនទី៤ របស់តាមឿង កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកមឿង បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។
ខណៈនោះ ពញាសួគ៌ាលោកមឿង យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។
ចៅពញាសួគ៌ាលោក មឿង និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាមឿងផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។
សមរភូមិពោធិ៍សាត់ គ.ស. ១៥១៦[កែប្រែ]
លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ព តាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖
១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០ នាក់ជាមេទ័ពមុខ (ទ័ពស្រួច)។
២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញឃុំពល ២០០០០ នាក់ជាមេកងទ័ព ប៉ែកឆ្វេង។
៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១៥០០នាក់ជាប៉ែកស្ដាំ។
៤. ឲ្យចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ។ ឬអម្រិន្ទបូរ គឺស្រុកបរិបូណ៌ឃុំពល ១៦០០០ នាក់ជាទ័ពក្រោយ។
៥. ឯខ្លួនសម្ដេចចៅហ៊្វាកៅ ឯងឃុំពល ៤០០០០ នាក់ជាមេទ័ពធំ។
សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកមឿងបានចូលទៅក្នុងបន្ទាយអស់ទៅហើយ។
សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ"ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញា ចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។
សម្ដេចចៅហ៊្វាកៅ ចៅហ្វាពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។
សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។
ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា:
"បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេ មានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។
សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។
ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកមឿង ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។
ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។
រឿងពញាមឿង នេះមានក្នុងព្រះរបាក្សត្រថា: ពញាមឿងនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១ កែ ១(៣) ទេព ១ សុខ ១។ ពញាមឿង មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌៧ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។
សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាមឿងនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។
សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។
ពញាពេជ្រកេណ្ឌទ័ពខ្មោច[កែប្រែ]
ខណៈនោះ ពញាមឿង កាលឲ្យពលជីករណ្ដៅជំរៅ ៨ ហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។ មុននឹងទៅកេណ្ឌបិសាចនោះពញាមឿងបានផ្ដាំនឹងពញាចន្ទជាសំឡាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយមួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។
ឯអ្នកម្នាងខៀវ កាលឮថា "ពញាមឿងសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។ កាលឃើញពញាមឿងចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកមឿង ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។ ព្រះបរមបពិត្រ និង បណ្ដាជាខ្ញុំ ក្រុមរាជការជួយឃាត់ផង ក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាមឿង ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង៤នាក់ រួចហើយនោះគឺ៖
១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។
កូនទាំង ៤ នាក់នោះកាលឃើញបិតា លោតសំឡាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។ តែខណៈនោះ ខ្ញុំរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីនាក់មកវិញ គឺចៅពញាវិបុលរាជ ទេព១ ចៅពញារាជតេជៈសុខ ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅ រួមជា ៤ នាក់។ (ខ្មោចទាំង ៤ នាក់នោះបានកើតឡើងជាដំបូកឃ្លាំងមឿង ដល់សព្វថ្ងៃនេះ)។
លុះដល់ ព្រះចន្ទចរត្រង់ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និង នៅក្នុងដី នាំឲ្យភិតភ័យតក្កមាក្រៃលែង ហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។ ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូល សម្ដេចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកមឿងដែលបានផ្ដាំនោះ។ សម្ដេចចៅពញា ចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារលើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ដូច្នោះក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិត តែសព្វខ្លួន។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារសេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា : "ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នងទីដែលមានដំបូកទាំង ៣។
អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាមឿងកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកមឿង នោះកើតជាដំបូកមួយនៅខាងលិច។ ដំបូកទាំង៣ដុះជាប់គ្នាជា ៣ មុំទៅជាដំបូកផ្នូកផ្នូល នៃព្រះនគរ ដូចដែលនឹងនិយាយក្នុងទំនាយខាងដើមនេះ៖
១. ដំបូកខាងជើង គឺដំបូកអ្នកម្នាងខៀវ ជាដំបូកផ្នូកផ្នូល ខាងម្ចាស់ផែនដី។
២. ដំបូកខាងត្បូង គឺដំបូកពញាមឿង ជាដំបូកផ្នូកផ្នូលខាងចៅហ្វាយស្រុក។
៣. ដំបូកខាងលិច គឺដំបូកកូនពញាមឿង ទាំងពីរនាក់ ជាដំបូកផ្នូកផ្នូល ខាងក្រវាញ។
៤. កោះមួយនៅក្នុងស្ទឹងនៃខែត្រពោធិ៍សាត់នោះនៅផ្សារក្រោម ជាកោះនាងពេញ។ កោះនេះ ជាផ្នូកផ្នូល ខាងចៅហ្វាយស្រុកដែរ។
កាលពញាមឿង ពញាវង្សាអគ្គរាជកែវ ពញាបរទេសរាជកែ អ្នកម្នាងខៀវលោតចុះទៅក្នុងរណ្ដៅ ហើយអស់ពួកតូរ្យតន្ត្រី តាំងប្រគុំរងំខ្ទរខ្ទារ ទាំង ៨ ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា។ ព្រះបរមបពិត្រ ទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សកូលធ្វើបុណ្យសង្គាយនា ៣ ថ្ងៃ ៣ យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជាទេព ជា "ចៅពញាសួគ៌ាលោក" ជាជំនួសពញាមឿង។ ចៅពញាតេជៈសុខ ជាកូនពញាមឿង ទ្រង់ឱ្យគ្រងងារជា "ចៅពញាសង្គ្រាម" ជាចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ (ឬអម្រិន្ទបូរ) សក្ដិ ១០ ហ៊ូពាន់ដូចគ្នា។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាមសុខចាត់ពលនឹងលើកទៅតាមកំចាត់សឹកសត្រូវ។
ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាមឿង នោះក្នុងពេលព្រឹក មានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ ៦ ហត្ថ ១២ ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរី សេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥ សេះ ៣០។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទាន រង្វាន់ជាមាសប្រាក់ និង យសសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។
ឯសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។
ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេចរត់រួច។
ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមកទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាមឿងឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាមឿងធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ។
សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ព កំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវ ទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពី ដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាមឿង កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។
ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវ ឃើញដូច្នោះក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយនិងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹង បណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើ ភ្លុកដំរី ជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់ក ស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវ ឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។
ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាល ចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើង កងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរី សេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឱ្យទៅឈរប្រមូលស្បៀងអាហារអំពីរាស្ត្រប្រជាទុកនៅក្នុងខែត្រក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនកងទ័ពមកដល់ខែត្រក្រងទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះ ទ្រង់ត្រាស់ឱ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកឱ្យបានច្រើនសំរាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្របភូមិប្រាសាទ កាលសម្ដេចដែលទ្រង់បកព្រះសុភ័គពីព្រះអង្គយកទៅឃ្លុំបូជាព្រះពុទ្ធរូបរួចទ្រង់អធិស្ថានបន់ឱ្យបានឈ្នះសឹកសង្គ្រាម។ ហេតុនេះហើយ បានជាជាប់មានពាក្យរាស្ត្រហៅវត្តនោះថា "វត្តព្រះជីវលួងបន់" នៅខែត្រខ្លុងរៀងមកដល់សព្វថ្ងៃនេះ។
លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខែត្រខ្លុងលើកសំដៅទៅខែត្រអម្រិន្ទបូរ (ឬ អមរគិរិន្ទបូរ) ទៀត។
កាលនោះ អស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរពុំព្រមកំណែនចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងដង្វាយនាំទៅថ្វាយ សម្ដេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ ឃើញរាស្ត្រតំអឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ខ្លួនហើយទៅក្រាបទូលស្ដេចដូច្នោះក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនោះចំនួន ៣ ថ្ងៃ។ ក្រោយពីនោះមក ព្រះអង្គឡើងគង់ព្រះទីនាំង អស្សតរព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីមួយអន្លើ ជាឯត្បូងចុងខែត្រអម្រិន្ទបូរ។
កាលស្ដេចយាងដល់ទីនោះ ទ្រង់ទតឃើញស្ថានដីមួយអន្លើដែលមានទីរាបទាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឱ្យលើកបោះបង់ចោលបន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដីដែលមានជ័យភូមិវិញព្រោះនៅទីនោះជាទីឧត្តមធំទូលាយមាំមួន។ លុះទ្រង់ធ្វើបន្ទាយនោះហើយ ព្រះអង្គលើកយោធាទៅប្រថាប់ ក្នុងបន្ទាយថ្មីនោះ។ ហេតុនេះ បានជាមានពាក្យអ្នកស្រុក ហៅបន្ទាយដែលបោះបង់នោះថា "បន្ទាយចាស់" រៀងមក។
ក្នុងពេល ដែលសម្ដេចចៅពញាចន្ទរាជា យាងទៅគង់នៅបន្ទាយថ្មី ក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះ នាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា:
សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយ ឆ្ងាយពីព្រៃចំងាយ ៦ សិន ប្លាយ។ ដល់ខែប្រាំងរាំងរឹះ ត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃ ទៅបោចសារាយ ត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅ អាចក្ដីក៏នាំសិស្សានុសិស្ស ទៅកាប់ចាំងឈើនោះ ធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅ អាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរអាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួង ជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ។
សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុន ឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។
លំដាប់នោះសម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤ នាក់អុំទៅមហានគរវត្តល្បងមើល។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនោះនៅក្ដៅហុយៗ នៅឡើយ ដូចព្រះថេរដីកានៃចៅអធិការនោះ ថ្វាយព្រះពរមែន។
សមរភូមិវាលសាបអង្កាម[កែប្រែ]
សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំង ខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោង ដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ព ចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាង ច្បាំងគ្នា ជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ៊្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខ ពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។
ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជា ឃើញដូច្នោះ ក៏តាមដេញទ័ពសម្ដេចចៅហ៊្វាកៅទៅទៀត។ លុះកងទ័ពនេះទាន់ ឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ៊្វាកៅក៏រា-តនឹងសេនាទាហានសម្ដេចចៅពញាចន្ទរាជា។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ៊្វាកៅ។ លុះប្រយុទ្ធគ្នាមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ៊្វាកៅមួយអន្លើ ចៅហ៊្វាកៅមានពិការជាទំងន់។ សេនាទាហានខាងសម្ដេចចៅហ៊្វាកៅជួយការពារនាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលសម្ដេចចៅហ៊្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែ គោ ក្របី ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ ក្នុងខែត្ររលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃនេះ)។
ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀរខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុងសម្ដេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកកូនជញ្ជូនចៅរត់តាម សម្ដេចហ៊្វាកៅ។ លុះរត់ទៅពុំទាន់ចៅហ៊្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញហើយស្លាប់ក្នុងទីនោះ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា: "ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀររត់ទៅហើយ" ទ្រង់ក៏បានជ្រើសរើសយកហ្លួងរាជាភឹមឱ្យធ្វើជាចៅហ្វាយស្រុកឡើង។ ទ្រង់ឱ្យប្រមូលរាស្ត្រប្រជា ស្បៀងអាហារសស្ត្រាវុធទុកជាកំលាំងសឹកសង្គ្រាមសំរាប់ស្រុកនោះ។
ចៅពញាស្រែន្យាសេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែកកាលដឹងដើមទងថា "សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗ ទ្រង់បានទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់បានសំលាប់ចក្រីកែវដេញទាំងទ័ពចៅហ៊្វាកៅទៀត" ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការយកទៅថ្វាយសម្ដេចចៅពញាចន្ទរាជាថ្វាយទាំងខ្លួនចូលទៅធ្វើរាជការជាច្រើននាក់។
កេណ្ឌទ័ពរំដោះអាណាខែត្រខាងលិច[កែប្រែ]
សមរភូមិលង្វែក គ.ស. ១៥១៦[កែប្រែ]
នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់ មុខមន្ត្រី ឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។
ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖
១. ផ្លូវទី១
- ក) ទ្រង់ចាត់ចៅពញាយមរាជព្រាបឃុំពល ១ ម៉ឺននាក់ជាទ័ពមុខ។
- ខ) ឱ្យចៅពញាវង្សាអគ្គរាជស្រីឃុំពល ១ ម៉ឺននាក់ជាប៉ែកឆ្វេង។
- គ) ឱ្យចៅពញាពិស្ណុលោកទេនចៅហ្វាយស្រុកទ្រាំង ឃុំពល ១ ម៉ឺននាក់ជាប៉ែកខាងស្ដាំ។
- ឃ) ឱ្យចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកទ្រាំង ឃុំរេហ៍ពល ១ ម៉ឺននាក់ជាប៉ែកខាងក្រោយ។
- ង) ទ្រង់ឱ្យយក ឧកហ្លួងសូរត្រូវជាមាម៉ែបានតាំងឡើងជា "ចៅពញាចក្រីធិបតីកុញ្ចរ" សំរេចរាជការមហាក្រស័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។
២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖
- ក) ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០០០០ នាក់ ជាទ័ពមុខ។
- ខ) ឧកហ្លួងនៅ តាំងជា ឧកញ៉ាវាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពឆ្វេង។
- គ) ឧកហ្លួងទេព តាំងជា ឧកញ៉ាលំពាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពស្ដាំ។
- ឃ) ឧកហ្លួងមាន់ តាំងជា ឧកញ៉ាស្រាល ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពក្រោយ។
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។
ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។
សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។
លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខេត្តកំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំនៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ចៅពញាយមរាជព្រាបជាមេទ័ពមុខឲ្យឃុំពល ៤៥០០០ នាក់លើកទៅចោមវាយបន្ទាយខែត្រលង្វែក។ ចៅហ្វាយស្រុកខែត្រលង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គក៏ប្រើទ័ពសេះឲ្យទៅប្រាប់ចៅហ្វាយខែត្រលង្វែកថា “ឲ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវទៅទិសខាងជើង” ។ ក្រោយបំរើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព ៤៥០០០ នាក់ស្រូតរូតទៅជួយចៅស្រុកខែត្រលង្វែក។ លុះស្ដេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយបំរើសេះ ហើយក៏ឲ្យកងទ័ពទាំងនោះថយតាមព្រះរាជបញ្ជា។ ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ ៥ កងខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះហើយ” ក៏មានចិត្ដកំរើកកងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្ដេចចៅពញាចន្ទរាជា ស្ដេចបរព្រះទីនាំងគជេន្ទ្រពិជ័យនាំសេនាទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សំលាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន។ កងទ័ពត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធវែងខ្លីស្លាប់អស់ជាង ៣០០០ នាក់ឈាមក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង ១០ នាក់ទៀត។
ផ្អាកសង្គ្រាមលើកទី១[កែប្រែ]
សម្ដេចចៅពញាចន្ទរាជា ស្ដេចត្រាស់បង្គាប់ឲ្យកាត់ក្បាលចៅពញាយមរាជ និងមេទ័ព ១០ នាក់ ហើយឲ្យចៀរស្លឹកត្រចៀកមេកងដែលចាប់បានទាំងរស់ ១០ នាក់ទៀត។ ទ្រង់មានព្រះបន្ទូលថា “អាឯងទាំង ១០ នាក់នេះចូលនាំក្បាលគូកនឯងទាំង១១នាក់នេះទៅឲ្យអាព្រះស្ដេចកនចុះ ហើយឲ្យប្រាប់អាកនថា បើវាអាងពលច្រើនឲ្យលើកមកទៀត ឬបើយល់ថាភ្លៀងធ្លាក់មក ហើយជិតដល់ល្មមនឹងឲ្យរាស្ដ្រធ្វើស្រែចំការ ហើយនឹងចង់ឈប់ច្បាំងឲ្យរាស្ដ្រធ្វើស្រែចំការសិនក៏តាមចិត្តចុះ”។ ទ្រង់ត្រាស់ផ្ដាំរួចស្រេចហើយ ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខែត្ររលាប្អៀរវិញ។ ទ្រង់បំរើចេញទៅស៊ើបការណ៍ក្នុងកងទ័ពសត្រូវ។ បំរើដឹងការណ៍ហើយក៏វិលត្រឡប់មកក្រាបបង្គំទូលសព្វគ្រប់ពុំមាន ហ៊ានធ្វេសប្រហែសឡើយ។
នេះនឹងស្រដីអំពីបំរើ ១០ នាក់ដែលរែកយួរក្បាល ១១ នាក់នោះទៅដល់ ស្ទឹងក្រាំងពន្លៃ ហើយក៏ចូលទៅថ្វាយបង្គំយំក្រាបម្ចាស់របស់ខ្លួនសព្វគ្រប់តាមដំណើរ។ ព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យព្រៃនគរ ទ្រង់បានជ្រាបហើយ ទ្រង់ញ័រភ័យខ្លាចព្រះបារមី ថ្វីព្រះហស្ថនៃសម្ដេចចៅពញាចន្ទរាជា។ លុះដល់ភ្ញាក់ស្មារតីយ៉ាងនេះ ព្រះស្រីជេដ្ឋាត្រាស់ថា “យើងនឹងខ្លាចអ្វីថ្វីដៃចៅពញាចន្ទរាជានោះ ប៉ុន្ដែឥឡូវនេះ គេសុំយើងឲ្យកងទ័ពយើងធ្វើស្រែសិន យើងក៏គួរឈប់តាមសណ្ដាប់ព្រះនគរ បើយើងនឹងរឹងទទឹងទៅ ក៏ឃើញថាការណ៍នេះមិនត្រឹមត្រូវដែរ យើងត្រូវតែព្រមតាមគេចុះ”។ ទើបទ្រង់ត្រាស់ឲ្យតែងព្រះរាជសារបោះត្រាសំរាប់ផែនដីទៅឲ្យពញាមហាមន្ដ្រីជារាជទូតឲ្យពញាមន្ដ្រីជារាជទូតឲ្យពញាឫទ្ធាធិបតី ជាឧបទូតឲ្យឧកញ៉ាជុំជិតជំនិតទឡ្ហៈជាត្រីទូត នាំពានមាសមួយតំកល់ព្រះរាជសារនោះ និងព្រែផ្កាមាស ១០ កី ព្រែញ័រ ១០ ព្រំយ៉ាងធំ ២ ក្បាលជាគ្រឿងបណ្ណាការ។ លុះរាជទូត ឧបទូត ត្រីទូត នាំទៅដល់ខែត្ររលាប្អៀរ ហើយអស់នាយកងទាហានខាងសម្ដេចចៅពញាចន្ទរាជាក៏ឃុំខ្លួននាំទៅក្រាបថ្វាយបង្គំគាល់សម្ដេចចៅពញាចន្ទរាជា។ ខណៈនោះស្ដេចចេញជួបមុខមន្ដ្រី សេនាយោធាកងទ័ពក្រាបបង្គំគាល់តាមបណ្ដាស័ក្ដិធំតូច ហើយស្ដេចឲ្យអាល័ក្សថ្លែងព្រះរាជសារថ្វាយ។ ឯព្រះរាជសារនោះមានសេចក្ដីដូចខាងក្រោមនេះ៖
«ព្រះរាជសារ សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតីសិរីយសោធរបវរឥន្ទកុរុរដ្ឋរាជធានី ដែលរាស្ដ្រ និងព្រះរាជវង្សានុវង្សស្រឡាញ់ស្ម័គ្រចិត្ដលើកឡើងឲ្យសោយរាជសម្បត្ដិ ក្នុងមហាស្រឡប់ពិជ័យព្រៃនគរបវរបូព៌ាទិសា។ សូមចំរើន ព្រះរាជមេត្រីមកសម្ដេចព្រះអនុជាធិរាជ គឺសម្ដេចចៅពញាចន្ទរាជាបានទ្រង់ជ្រាប។ ដ្បិតអ្នកអូនលើកចតុរង្គសេនាទាហានរេហ៍ពលមកធ្វើសង្គ្រាមនេះ យើងមានចិត្ដអំណរណាស់ដោយហេតុថាយើងនឹងបានទតនូវសេនាទាហានច្បាំងប្រកាប់គ្នាដោយអាវុធវែងខ្លី លើខ្នងសេះ ដំរី ជាសិរីសួស្ដីនៃចក្ខុទាំងសងខាង។
ប៉ុន្ដែឥឡូវនេះ ជិតដល់វស្សារដូវហើយ រាស្ដ្រត្រូវធ្វើស្រែ ដូច្នេះយើងសូមឲ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុងមួយរដូវនេះចុះ តែសុំឲ្យចាំពាក្យដែលសន្មតសញ្ញាកុំឲ្យលបលួចវាយយកខែត្រគ្នាដូចជាកងទ័ពចោរនោះឡើយ។ បើដល់រាស្ដ្រធ្វើស្រែចំការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឲ្យមានរាជសារចារជាព្រះរាជកំណត់ទៅមកទើបគួរសមជាឧត្ដមមហាក្សត្រធិរាជ»។ លុះអាល័ក្សថ្លែងព្រះរាជសារចប់ហើយ សម្ដេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថាអារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថាអញព្រមសំរាកឲ្យរាស្ដ្រធ្វើស្រែហើយ តែថាអញសុំកុំឲ្យម្ចាស់ឯងហៅអញថាជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះមានជាតិត្រកូលឆ្ងាយពីគ្នាណាស់”។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះរាជទានមាសដួងមួយជញ្ជីងសៀម ប្រាក់ដួងពីរជញ្ជីងដែលបានមកពីក្រុងស្រីអយុធ្យានោះ ហើយប្រទានឲ្យជារង្វាន់រាជទូតជាគ្រឿងឧបរាជបណ្ណាការរួចទ្រង់បណ្ដេញឲ្យទៅជាប្រញាប់។ លុះរាជទូតចេញផុតទៅនោះ អស់នាយកងទ័ពយកសេចក្ដីក្រាបបង្គំទូលថា៖
យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឲ្យឈប់សង្គ្រាមដូច្នេះ មួយទៀត ខែត្រខាងសត្រូវនៅច្រើនជាងយើងដែរ គឺថាបានទៅគេនោះជាង ១០ សួន បានមកយើងមិនទាន់បាន ១ សួនទេ។ បើខាងសត្រូវឲ្យកេណ្ឌបណ្ដារាស្ដ្រតាំងពីខែត្រខាងជើងទល់នឹងស្រុកលាវខាងត្បូងទល់នឹងសមុទ្រខាងកើតទល់នឹងនគរចាមបានមកទាំងអស់ប្រហែលជាង ១០០០០០០ (ដប់សែននាក់) ទៅហើយ។ ឯខាងយើងទើបតែវាយបាន ៦-៧ ខែត្រ គឺខែត្រមហានគរដែលសម្ដេចព្រះបរមរាជពញាយ៉ាតវាយដណ្ដើមបានពីសៀមមកវិញ ហើយឲ្យឈ្មោះថា សៀមរាបនេះមួយ ខែត្របាត់ដំបងមួយ និងខែត្រតូចៗ១២ ឬ១៣នេះមួយ។ ម្យ៉ាងទៀតខេត្ដនេះ កាលបើបែកព្រះមហានគរកម្ពុជាហើយ សៀមកៀរគ្រួយកទៅអស់ នៅតែពីរឬបីពាន់នាក់ប៉ុណ្ណោះ បើដូច្នេះ តើយើងធ្វើដូចម្ដេចនឹងទទួលជ័យពីសត្រូវបាន បើសត្រូវកេណ្ឌពលពីក្រុងខែត្រទាំងអស់លើកមកយើងនឹងមិនបង់ការណ៍ ទេឬអ្វី ? ។
ឯមន្ត្រី ខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មានបានថ្លែងកោតសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា។ សម្ដេចចៅពញា ចន្ទរាជាជាអម្ចាស់ កាលទ្រង់បានយល់ចិត្តនៃមន្ត្រី ខ្ញុំរាជការ ដែលទុកចិត្តជឿ ចំពោះព្រះតម្រិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំង ចៅពញាសួគ៌ាលោកទេព ជាកូនទី៣របស់ពញាមឿង ឱ្យសម្រេចរាជការ លើចៅហ្វាយស្រុកខែត្ររលាប្អៀរ ខែត្រលង្វែក ហើយព្រះអង្គលើកទ័ពទៅប្រថាប់ នៅបន្ទាយអមរិន្ទបូរវិញ។
ឯព្រះស្រីជេដ្ឋា អម្ចាស់ផែនដីខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រ ជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ ទៅក្រុងស្រឡប់ពិជ័យព្រៃនគរ ទិសខាងកើតវិញ។
សមរភូមិទន្លេសាប[កែប្រែ]
នេះនឹងនិយាយអំពីចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកវិញ។ ចៅហ្វាយស្រុកខែត្រអាសន្ទុកលុះដឹងថា “សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខែត្ររលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខែត្រដែលឡើងខែត្រអាសន្ទុកនោះគឺ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿងទាំង ២៥ នេះកេណ្ឌបានពល ៨០០០០នាក់ ហើយឲ្យកេណ្ឌទូករាស្ដ្រសំរាប់ចំលងកងទ័ពឆ្លងទៅខែត្រក្រគរ ដើម្បីវាយកងទ័ពសត្រូវផ្ទប់ពីខាងក្រោយកុំឲ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនបាន។ ឯសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកអមរគីរីន្ទបូរ (អម្រិន្ទបូរី)។ ក្នុងមួយថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជកំពុងឲ្យកងទ័ពឆ្លងទន្លេសាបមកខែត្រក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បំរើសេះឲ្យទៅទូលចៅពញាយសរាជាដែលនៅរក្សាខែត្រពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំនៅកំពង់ដៃទន្លេសាបកុំឲ្យកងទ័ពសត្រូវឡើងគោករួច។ ឯចៅពញាយសរាជាជាស្ដេចព្រះភាគិនេយ្យ (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយទ្រង់ឲ្យនាយកងទ័ពនាំរេហ៍ពល ១០០០០ នាក់កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃទន្លេសាបពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន។ ទ្រង់ត្រាស់កំណត់ថាបើកងទ័ពសត្រូវវាថយរត់ទៅត្រូវឲ្យតាមបាញ់តាមចាប់យកជ័យជំនះឲ្យបាន។ សម្ដេចចៅពញាចន្ទរាជា កាលឲ្យបំរើទៅទូលសម្ដេចព្រះភាគិនេយ្យោចៅពញាយសរាជារួចហើយ ស្ដេចត្រាស់បង្គាប់ចៅពញាធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅឲ្យនាំរេហ៍ពល ២០០០០ នាក់ទៅបង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្ដាំថា “បើឮកាំភ្លើងសន្យាទ័ពហើយឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសំរេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់លើព្រះទីនាំងចក្រពត្ដិគឺទូក-ងសារាយអណ្ដែតនោះ ព្រមដោយទូកងផ្សេងៗ ២៥ ទៀតចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាបចាំទ័ពសត្រូវ។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុក (ខាងស្ដេចកន) កាលបានទូក និងទ័ពមកជួបជុំហើយក៏ដេញពលឲ្យចុះទូកទៅដល់ជិតព្រៃត្រើយ ខាងលិច។ ខណៈនោះកងទ័ពចៅពញាយសរាជាដែលបង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើងធំតូចរំពងឡើង។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខែត្រអម្រិន្ទបូរ។ នៅទីនោះកងទ័ពចៅពញាឧទ័យធិរាជទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម។ ខាងកងទ័ពចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយធ្វើឲ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លងទៅត្រើយខាងកើតវិញ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរ ឬ បីពាន់នាក់។ ឯសម្ដេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជរារង់ថយមកនោះ ទ្រង់ក៏ឲ្យទូកងទាំង ២៥ និងទូកព្រះទីនាំងព្រះចក្រពត្ដិអុំសំរុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជ និងចៅមឿង ១០ នាក់ទៀត។ ឯចៅមឿង ១១ នាក់ទៀតលោតរត់ដោះខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន។ ឯចៅពញាធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង ១១ នាក់រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការទំរាំស្ដេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្ដេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជដំណើរទៅដល់ព្រះពន្លានៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅនាំចៅហ្វាយស្រុកចៅមឿងទាំង ២២ នាក់ និងឈ្លើយទាំង ៦០០០០ នាក់ដែលចាប់បាននោះនាំមកក្រាបបង្គំទូលថ្វាយ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល ៦០០០០ នាក់ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្ដេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុមព្រះបុរោហិតនៅឡើយនឹងឲ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឲ្យក្រុមទាំងនេះទទួលថាតាមព្រះអង្គ ៣ ដងម្នាក់ៗ ហើយឲ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជាការស្រេច។
បាត់បង់អាណាខែត្រខាងលិច និង ខាងជើងឆៀងខាងលិចបន្ថែមទៀត[កែប្រែ]
លុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្ទុកដែលទើបនឹងសុំចុះចូលឲ្យនាំមឿងទាំង ២២ ស្រុក និងរេហ៍ពល ៦០០០០ នាក់ដែលសល់ពីស្លាប់នោះឲ្យលើកទ័ពទៅវាយបន្ទាយខែត្រកំពង់សៀម បន្ទាយខែត្រជើងព្រៃ និងស្ទឹងត្រង់ ទាំង ៣ ខែត្រនេះឲ្យបាន។ ចៅហ្វាយស្រុកទាំង ៣ ខែត្រនេះធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់លុះឃើញកងទ័ពពញាឧទ័យធិរាជចាត់សេនាទាហានឲ្យនៅរក្សាខែត្រទាំង ៣ នោះហើយក៏លើកទ័ពមកក្រាបបង្គំទូលស្ដេចចៅពញាចន្ទរាជាអំពីជ័យជំនះ ដែលខ្លួនយកបានគ្រប់ប្រការ។ ស្ដេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទានមាស ប្រាក់ យសស័ក្ដិដល់សេនាទាហានទាំងនោះឲ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្ដាំនឹងចៅពញាឧទ័យធិរាជឲ្យការពារសឹកសង្គ្រាមត្រើយខាងកើត ទិសខាងជើងនេះឲ្យជាប់នៅនឹងបាឯងឲ្យបាឯងខំរក្សាអាណាខេត្ដ ព្រមទាំងបញ្ចុះបញ្ចូលចៅហ្វាយស្រុក ចៅមឿងទីទៃៗឲ្យបានមកជាចំណែកខាងយើងទាំងអស់។ ចៅពញាឧទ័យធិរាជ និងចៅមឿង ២១ ខែត្រក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខែត្រទីទៃៗរៀងខ្លួន។ ចៅពញាឧទ័យធិរាជទៅដល់ខែត្រហើយ ក៏ឲ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីមានថ្វីមាត់ចេញទៅនិយាយបញ្ចុះបញ្ចូល ចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើត ប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីថ្វីមាត់ទាំងនោះទៅបញ្ចុះបញ្ចូលបាន ចៅហ្វាយស្រុកមហានគរ ចៅមឿងសូទ្រនិគម ចៅមឿងពួក ចៅមឿងក្រឡាញ់ ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិចជាស្រេចដាច់ខាតមកខាងស្ដេចពញាចន្ទរាជាទាំងអស់។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជាជាម្ចាស់តាមដំណើរ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ពត្រឡប់មកខេត្ដអម្រិន្ទបូរវិញ។ ក្នុងឆ្នាំជូត អដ្ឋស័កនោះ ព្រះសង្ឃរាជរាជាគណៈ ឋានានុក្រម និងព្រះបុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជវង្សានុវង្សដែលរត់ខ្ចាត់ភ្លាត់ចេញពីក្រុងភ្នំពេញ និងពីក្រុងបាសាននោះដឹងថា “សម្ដេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ” ក៏ចេញពីព្រៃដែលពួនជ្រកនោះមកជួបជុំនាយកងនាយទ័ពសុំឲ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា “ទ្រង់ព្រះករុណាពិសេសជាអម្ចាស់យើងនេះពេញជាព្រះរាជបុត្រាបង្កើតនៃព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះធម្មរាជាដែលជាព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ប្រាថ្នាជាពុទ្ធភូមិ វិរិយោធិក ព្រះអង្គម្ចាស់យើងនេះពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភ័ក្ដ្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះបាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់ និងព្រះរាជានុភាពបានឡើយ។
លើកទ័ពទៅវាយខែត្របរិបូរណ៍-ពោធិ៍សាត់[កែប្រែ]
នេះនឹងនិយាយអំពីព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ។ លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋាស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខែត្រថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខែត្រអម្រិន្ទបូរពោធិ៍សាត់វិញឲ្យបាន។
សមរភូមិសំរោងទង[កែប្រែ]
សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបាន ឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខេត្ដសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។ ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខេត្ដលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែឲ្យឃុំពល ២០០០០នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យាយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌នៅខេត្ដលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែលើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយកព្រះរាជានុកូលទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។
សមរភូមិបាទី-ទ្រាំង[កែប្រែ]
មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខេត្ដបាទី ខែត្រទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយ នាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខែត្រដូចដើមវិញ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្ដទ្រាំងក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្ដនោះ។ ដល់រដូវទ្វារទសមាសអកអំបុកនោះ អស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជា ជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រក់ស្បូវ នៅកំពង់ខែត្រលង្វែក។ លុះដល់សំរេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូក ប្រទីប ថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ និងអុជកាំជ្រួចរន្ទាថ្វាយទៅចូឡាមណីចេតិយដែលតំកល់ព្រះចង្កូមកែវនៅឋានត្រៃត្រិង្ស ៣ ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យហៅថា “ភូមិសូរវង្ស”។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្ស កំពង់ប្រាសាទរៀងមក។
សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨[កែប្រែ]
លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខេត្ដភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ ជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយ គ្មានស្រូវ វេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។
លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។
ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាម ជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ៊្វាទឡ្ហៈទេព ជាកូនទី ៣ ចៅពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលាឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាមឿងមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
ឧបាយធ្វើគតចន្ទរាជា[កែប្រែ]
សម្ដេចព្រះស្រីជេដ្ឋាម្ចាស់ផែនដីដែលឡើងខែត្រត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទីច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកងដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដងមិនគិតសងសឹកវិញឲ្យបានសោះ។ ទើបទ្រង់គិតឧបាយកលរើសសេនាទាហានដែលមានទំនុកចិត្ដទុកព្រះទ័យបាន ១០០ នាក់ ហើយត្រាស់បង្គាប់ថា “ឲ្យក្លែងរត់ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា កាលបើល្បងឲ្យទុកព្រះទ័យបានកាលណាហើយឲ្យទាហានទាំងនោះនាំគ្នាលុក សំលាប់ឲ្យបាន បើអ្នកទាំងឡាយធ្វើបានយើងនឹងឲ្យអ្នកឡើងយសស័ក្ដិឲ្យទ្រព្យសម្បត្ដិឲ្យពេញចិត្ដ”។ សេនាទាំង ១០០នាក់នោះថ្វាយបង្គំសុំទទួលអាសាថា “ទូលព្រះបង្គំទាំងឡាយនឹងធ្វើឲ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ឮថាសេនាទាហានព្រមព្រៀងហើយទ្រង់ ព្រះអំណរណាស់ ទើបទ្រង់តាំងឲ្យធ្វើហ្លួងជ័យជាក្មួយមេបាន (ម្ដាយព្រះស្ដេចកន) ឲ្យធ្វើជាចៅពញាមន្ដ្រីតេជៈ (មេទ័ព) ឃុំពលទាហានទាំង ១០០ នាក់នោះឲ្យទៅចាត់ការឲ្យបានសំរេច។
លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង ១០១ នាក់នោះក៏ចូលទៅរកសេនាបតីឲ្យនាំចូលទៅថ្វាយខ្លួន នៅជាខ្ញុំរាជការទ្រង់ព្រះករុណាពិសេស។ លុះដល់ខ្នើត ខែពិសាខ ព.ស ២០៦៣, គ.ស ១៥១៩, ម.ស ១៤៤១, ច.ស ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះចន្ទរាជាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខែត្របរិបូណ៌នោះ ព្រមទាំងសេនាទាហានស្និទព្រះអង្គជាច្រើនសុទ្ធតែដៃទទេគ្មាន សាស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឲ្យក្រុមទាំងនោះផ្លាស់សំលៀកបំពាក់ឲ្យចុះងូតទឹកគ្រប់គ្នា។ មន្ដ្រីសេនាទាហានស្និទព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ។ ឯពញាមន្ដ្រីតេជៈ និងទាហាន ១០០ នាក់ដែលព្រះស្រីជេដ្ឋាប្រើទៅនោះ ងូតទឹកទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅ នោះ ។ សម្ដេចបរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់មានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឲ្យផ្លាស់សំលៀកបំពាក់ឲ្យអស់គ្រប់គ្នា។ ពួកក្បត់ទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ថោះទឹកមុខគ្រប់ៗគ្នា។ ទ្រង់យល់ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី ទ្រង់រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ។ ទ្រង់ចាប់បានព្រះស្ដែងដាវទាំងស្រោម ឯពួកក្បត់ទាំងនោះគិតថា ការណ៍ម្ដងនេះបើមិនធ្វើឲ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសំងាត់នឹងត្រូវក្រាបទូល។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ហើយព្រះអង្គក៏ក្លានៅគុណអាវុធផង។ លុះពួកក្បត់ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវអាមន្ដ្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់ ១០០ នាក់ទៀត។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន។ ខ្ញុំរាជការខ្លះទៀតស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកអាក្បត់ យ៉ាងអង់អាច។ ពួកអាក្បត់ស្លាប់ និងចាប់បាន ៣៥ នាក់ក្រៅពីនោះរត់រួចទាំងអស់ ឯពួកអាក្បត់ដែលស្លាប់ និងត្រូវចាប់បាននោះ ទ្រង់ត្រាស់សុំឲ្យកាត់ក្បាលដោតជាបំរាម ហើយស្ដេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។ ក្រោយពីនោះមកទ្រង់ព្រះតំរិះយល់ថា ការធ្វើសឹកសង្គ្រាមនៅវែងឆ្ងាយណាស់ទៅទៀត ឯមុខដំរីសឹកក៏នៅតិច ទូកចំបាំង គ្រឿងសាស្ដ្រាវុធក៏នៅមិនទាន់គ្រប់គ្រាន់ ទើបទ្រង់ត្រាស់បង្គាប់ក្រុមហ្មថៅ ហ្មទាំងពួងឲ្យចេញទៅទាក់ដំរី ទ្រង់បង្គាប់ជាងទូក ឲ្យរកមកធ្វើទូកចំបាំងឲ្យច្រើន ទ្រង់បង្គាប់ជាងដែកឲ្យសិតកាំភ្លើង និងលំពែង ដាវ ផ្គាក់ឲ្យបានច្រើន ទ្រង់បង្គាប់ក្រុមសេះឲ្យទិញសេះមកបន្ថែមទៀត។ ទ្រង់បង្គាប់ភ្នាក់ងារដំរីថា ការណ៍ដែលរង់ចាំឲ្យហ្មទៅទាក់ដំរីនោះឃើញថា យឺតយូរពុំទាន់ការណ៍ទេ យើងត្រូវតែឲ្យទិញដំរីពីស្រុកលាវយកមកបង្ហាត់ឲ្យបានជាដំរីសឹកឲ្យស្ទាត់ទាំងព្រេចទាំងជាន់ទាំងជល់ឲ្យបានជាច្រើន។ លុះចូលដល់រដូវភ្លៀង ទ្រង់បើកកងទ័ពឲ្យទៅធ្វើស្រែចំការដាក់ឲ្យមាននាយត្រួតត្រាធ្វើឲ្យបានច្រើន។ ស្រូវក្នុងឆ្នាំនោះបង្កើតផលចំរើនឡើងបាន ១ ជា ៥ ជា ៦ ភាគ កាត់យកជាពន្ធដាក់ឃ្លាំងសំរាប់សេនា ទាហាន មិនឲ្យអត់ឃ្លាន។ លុះចេញវស្សារដូវរួចដល់ខែមិគសិរ ឆ្នាំថោះនោះ ព្រះអង្គយកព្រះក្សត្រី ព្រះវង្សធំ លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមសម្ដេចព្រះភគវតីសិរីចក្រពត្ដិ ហើយព្រះអង្គតែងតាំងឲ្យមានព្រះស្នំឯក ទោ ត្រី ចត្វាឲ្យមានយសស័ក្ដិធំតូចតាមលំដាប់។
លើកទៅវាយបន្ទាយកំពង់សៀម[កែប្រែ]
ឯសម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំង ឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រីឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតីឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខែត្រកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខែត្រកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខេត្ដកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្ដធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរាមកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួង ខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។
ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះ ព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបំរើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជជាសេនាបតីសំរាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខែត្រកំពង់សៀម។ ខណៈនោះ កងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចំបាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល ៥ ឬ ៦ នាក់នៅរក្សា។ ក្នុង ១៥០ ទូកនោះមានរេហ៍ពលតែ ១៥០០ នាក់ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចំបាំងងទាំងអស់មកក្រាបបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចំបាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជចាប់បានសត្រូវចំនួន ៨០០ នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជរាយការណ៍តាមដំណើរ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់។
ឯកងទ័ព សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវប្រមាណ ៥០០ នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចំបាំង ១៥០ នោះហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។
សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចំបាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា ៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជជាទ័ពអម្ចាស់ត្រើយខាងលិច។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយឲ្យឃុំពល ២០០០០ នាក់ទៅចោមបន្ទាយខែត្រកំពង់សៀមទៀត។ មេកងធំទាំង ៣ នាក់ទទួលព្រះរាជតំរាស់ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង នឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រាម្ដងចាញ់ម្ដងឈ្នះ ពុំបានសំរេចជ័យជំនះទៅខាងណាៗឡើយ។
ផ្អាកសឹកសង្គ្រាមលើកទី២[កែប្រែ]
លុះដល់ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង។ លុះទ្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀមប៉ងនឹងឡើងគោកដើម្បីយកព្រះរាជសារទៅថ្វាយព្រះបរមខត្តិយាមហា ចន្ទរាជាធិរាជ ខណៈនោះម៉ឺនជំនិតសទ្រង់សួរជាព្រះញាតិដែលនាំរេហ៍ពល ៣០០ នាក់ដើរល្បាតដូចសព្វដង កាលឃើញរាជទូតទាំង ៣ ដែលយកព្រះរាជសារមកហើយក៏ស្រែកឲ្យពលចូលចាប់។ រាជទូតទាំង ៣ នាក់ក៏ប្រយុទ្ធគ្នានឹងទ័ពល្បាតធ្វើឲ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល ១០០ នាក់ ចំណុះទូកទាំង ៣ នោះនាំទៅក្រាបទូលថ្វាយរាយសេចក្ដីគ្រប់ប្រការ។ សម្ដេចព្រះបរមក្សត្រមហាចន្ទរាជា ទ្រង់ព្រះវិនិច្ឆ័យទោសឧកញ៉ាម៉ឺនជំនិតស ទ្រង់សួរថា “ដែលឧកញ៉ាម៉ឺនចាប់បំរើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សំរាប់ស្រុកអំពីបុរាណរាជប្រវេណីហើយត្រូវតែមានទោស ទើបទ្រង់ប្រោសឲ្យចុះព្រះរាជអាជ្ញា (ឲ្យវាយខ្នង) ២៤ ខ្វាត់ម្នាក់ឲ្យដាក់ឃ្នាងបណ្ដើរអាក្រោសឧកញ៉ាម៉ឺនជំនិត “ស” ទ្រង់ “សួ” ៣ ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយស្ដេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង ៣ ថា ឯងមកនេះតើដោយប្រការម្ដេច? រាជទូតយកសេចក្ដីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបំរើព្រះករុណាត្រើយខាងកើតស្ដេចឲ្យនាំព្រះរាជសារមកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្ដែឥឡូវនេះព្រះរាជសារនោះធ្លាក់ទឹកបាត់ក្នុងគ្រាដែលចោមចាប់នោះអស់ទៅហើយ តែនៅចាំសេចក្ដីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្ដីនោះពុំសព្វគ្រប់។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស។ សម្ដេចព្រះចន្ទរាជាស្ដេចទ្រង់ប្រោសឲ្យទូតទាំងនោះទូលព្រះអង្គតាមចាំរៀងខ្លួនចុះ។ រាជទូតត្រើយខាងកើត ក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូង ទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណីរាស្ដ្រដែលវិនាសស្លាប់បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំនោះ។ ឥឡូវនេះ ហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះ ហឫទ័យចង់បញ្ឈប់សង្គ្រាមសុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ត្រើយខាងលិចឲ្យស្មើគ្នា។ បើទ្រង់ព្រះករុណាវិសេសជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រមល្មមផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ដ្រនឹងបានសុខក្សេមក្សាន្ដតទៅដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គបំរុងរាស្ដ្រឲ្យសុខជាព្រះកិត្ដិយសប្រសើរ។ សម្ដេចព្រះបរមរាជបរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្ដិអំពីព្រះបរមរាជអយ្យកោ អយ្យិកាយើងរៀងមក។ ឯព្រះស្ដេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរមកលួចផែនដីយើង ហើយមកសុំចែកសម្បត្ដិនឹងម្ចាស់ទ្រព្យនេះ តើឯងឃើញថាគប្បីហើយ ឬ? ប៉ុន្ដែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាមក៏ឈប់តាមចិត្ដចុះ។ តែថាឲ្យម្ចាស់ឯងថយទៅជាមុនចុះចាំអញថយទៅជាក្រោយ។ មានព្រះបន្ទូលចប់ហើយ ស្ដេចព្រះរាជទានពានមួយជាជំនួស ព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូតទាំង ៣ នាក់វិញ។ រាជទូតត្រើយខាងកើតទាំង ៣ នាក់ក្រាបបង្គំលាចេញទៅចុះទូកងឲ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វ សេចក្ដី។ សម្ដេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្ដេចកន) ទ្រង់ជ្រាបហើយឃើញថាពុំសមប្រកបតាមព្រះហឫទ័យដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់តែក្លែងធ្វើជាទ្រង់ព្រះសំរួលហើយត្រាស់ថា ចៅពញាចន្ទរាជាដែលលួចមកវាយស្រុកខែត្រខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ? ព្រះរាជទូតទាំង ៣ ក្រាបបង្គំទូលថាទូលព្រះបង្គំទាំងឡាយនឹកឃើញថានឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្ដីទៅវិញ ដូច្នេះពុំហ៊ានដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមីសម្ដេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួចមកនេះ។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និងកងទ័ពឲ្យនៅរក្សាបន្ទាយមាត់ឃ្មុង បន្ទាយស្រីសឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ។ សម្ដេចព្រះបរមបពិត្រជាម្ចាស់ផែនដីប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្ដេចកនលើកទ័ពត្រឡប់ទៅមុន ហើយទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឲ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្ដេចលើកទ័ពត្រឡប់មកបន្ទាយខែត្របរិបូណ៌វិញ។ ព្រះអង្គលើកហួសទៅខែត្រពោធិ៍សាត់ទៀត ហើយត្រាស់ឲ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹកមានសន្ធិយាចុងរោងទីក្រៅក្នុង។
លបធ្វើគតស្ដេចកនលើកទី១[កែប្រែ]
និយាយអំពីឧកញ៉ាមន្ដ្រីកែវ សេនាបតីភូសំរេចរាជការផ្នែកកងទ័ពជើងគោកខាងព្រះចៅក្រុងកម្ពុជាទិសខាងលិចនោះ កាលជិតដល់ចូលឆ្នាំម្សាញ់ ត្រីស័ក ឧកញ៉ាក៏គិតថាពីមុនព្រះស្ដេចកនបានឲ្យពល ១០០ នាក់មកក្លែងកលប៉ងនឹងធ្វើអន្ដរាយអម្ចាស់យើង យើងពុំទាន់បានសងកលវាម្ដងនៅឡើយទេ។ ឥឡូវនេះជិតចូលឆ្នាំថ្មី ហើយព្រះស្ដេចកនមុខជានឹងប្រមូលសេនាទាហានឲ្យល្បងថ្វីដៃជាមិនខាន។ ដូច្នោះ នរណាហ្ន៎! បណ្ដាអ្នកអាចនឹងទទួលអាសាទៅប្លមធ្វើជាពួករបស់ពួកវា ហើយបាញ់វាសំលាប់ចេញបានសោះនឹងនឿយព្រួយរវល់ច្បាំងតទៅទៀតថា បើឯងរាល់គ្នាសំរេចការនេះឲ្យបានដូចប្រាថ្នា យើងនឹងក្រាបទូលសុំឲ្យឡើងយសស័ក្ដិឲ្យបានជាធំ។ ខណៈនោះសេនា៤ នាក់ដែលមានថ្វីដៃត្រង់ខាងបាញ់កាំភ្លើងគឺឈ្មោះប្រាច នៅខែត្រទ្រាំង ឈ្មោះ ក្ដាន់ នៅខែត្រកំពត ឈ្មោះតោ នៅខែត្របន្ទាយមាស ឈ្មោះជ័យ នៅខែត្រសំរោងទង បានចូលមកនៅជាខ្ញុំរាជការ ហើយចងជាសំឡាញ់នឹងគ្នាគិតគ្នាថា យើងចូលមកនៅជាខ្ញុំរាជការនេះប្រាថ្នាស្វែងរកគុណបំណាច់ បើបានកលហើយត្រូវទទួលយកអាសាអម្ចាស់ផែនដី។ លុះយល់ព្រមគ្នាហើយសេនាទាំង ៤ នាក់ក៏ឆ្លើយថា យើងខ្ញុំប្របាទទាំង ៤ នាក់នេះសុំទទួលយកអាសាធ្វើការថ្វាយព្រះបរមបពិត្រថា ហើយសេនាទាំង ៤ នាក់នោះក៏សំពះជំរាបលាចេញទៅ។ លុះមកដល់កំពង់ហ្លួងក្នុងខែត្រសំរោងទងទាំង ៤ នាក់ ក៏សុំដោយសារទូកគេឆ្លងកាត់ទៅដល់ខែត្របាសាន ហើយកាត់ទៅដល់ក្រុងស្រឡប់ពិជ័យនគរ។ ពេលទៅដល់ក្រុងនេះពីរថ្ងៃ សេនាទាំងនោះបានសំគាល់ឃើញថា មានមនុស្សម្នាកាន់កាំភ្លើងគ្រឿងអាវុធចូលទៅទីរាំងព្រ័ត្រនៅវាល មុខព្រះពន្លាជាច្រើន ឃើញរាស្ដ្រប្រជានាំគ្នាមើលពិធីនោះរាប់ម៉ឺននាក់។ លុះដល់ថ្ងៃរសៀលម៉ោង ២ សេនាទាំង ៤ នាក់ក៏ចូលទៅបន្លំអែបនឹងអ្នកស្រុកដែលឈរមើលនោះ។ ក្នុងវេលានោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យនគរស្ដេចតើនចាកក្រឡាព្រះបន្ទំ ហើយចូលស្រង់ ទ្រង់គ្រឿងសំរាប់ព្រះមហាក្សត្រ រួច ទ្រង់នាំអស់ស្នំធំតូចចេញទៅគង់នៅព្រះពន្លាខ្ពស់ចំពោះមុខ សេនាទាហានធំតូចដែលមកជួបជុំ រួចទ្រង់ផ្គូមនុស្សជិះសេះ ជិះដំរីចូលប្រកាប់គ្នា។ អស់ភ្នាក់ងារក៏វាយស្គរជ្វាតាមទំនងចូលសង្គ្រាម។ ការប្រឡងយកថ្វីដៃលុះបានឈ្នះចាញ់ហើយ ចៅពញាមហាសេនាយោធាសង្គ្រាមក៏នាំមនុស្សដែលខាងឈ្នះនោះចូលទៅថ្វាយបង្គំ ទើបសម្ដេចព្រះស្រីជេដ្ឋាប្រទានប្រាក់មួយជញ្ជីង ហើយឲ្យជានាយពលរេហ៍ រួចទ្រង់ឲ្យលើកវង់ចងឲ្យខ្ពស់ស្មើក្បាល។ វង់នោះគូសខ្សែក្រៅពណ៌ខ្មៅ ខ្សែបន្ទាត់ពណ៌ក្រហម ចំណុចខាងក្នុងវង់នោះ លាបពណ៌សរួចឲ្យមនុស្សបាញ់ម្នាក់ម្ដងគ្រប់ៗគ្នា។ មនុស្សដែលបានបាញ់ពេលនោះដល់ទៅ ២៣ នាក់តែបាញ់ពុំត្រូវក្នុងវង់ ៣ ជាន់នោះឡើយ។ អស់អ្នកកាន់ធ្នូខ្លះបាញ់ដល់ ខ្លះបាញ់ពុំដល់។ អ្នកកាន់ស្នាបាញ់ពុំដល់សោះ។ អ្នកកាន់កាំភ្លើងបាញ់ដល់តែមិនត្រូវ។ ទើបព្រះអង្គបែរព្រះភ័ក្ដ្រទៅត្រាស់នឹងស្នំឯក ទោ ត្រី ចត្វា ថា អាចោលម្សៀតទាំងអស់នេះមានថ្វីដៃយ៉ាងនេះ ស្រីណានឹងដោយកើត។ ខណៈនោះ ពួកព្រះស្នំក្រមការឮហើយក៏សើចទ្រហឹងអឺងកង។ ខ្លះទូលថា ក្រែងវង់នោះនៅឆ្ងាយណាស់ដឹងឬ? ទើបព្រះអង្គថា ឆ្ងាយប៉ុណ្ណឹងក៏អញបាញ់ត្រូវដែរ បើអញបាញ់ត្រូវឲ្យអញធ្វើម្ដេច? ពួកព្រះស្នំថា បើទ្រង់បាញ់ត្រូវនឹងក្រងផ្កាថ្វាយ។ ខ្លះថាបើទ្រង់បាញ់ត្រូវនឹងថ្វាយព្រះស្នំយ៉ាងក្រអូប ៥ ។ ខ្លះថា ឲ្យដករោមភ្នែក។ ខ្លះថា បើទ្រង់បាញ់ត្រូវខ្ញុំម្ចាស់ទទួលកោត។ លុះអស់អ្នកព្រះស្នំទូលថ្វាយកំសាន្ដចប់ហើយ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ហើយត្រូវព្រះទ័យណាស់ ទើបទ្រង់ស្ទុះចេញមកក្រៅកន្ត្រាក់យកព្រះកៅទណ្ឌចុះទៅរានហាល ហើយព្រះអង្គឡើងឈរលើព្រះកើយ ព្រះហស្ថស្ដាំចាប់ព្រួញទាំង ៥ គងឡើងហើយទ្រង់ត្រាស់ប្រាប់នាម៉ឺនមុខមន្ដ្រី ស្រីស្នំ ក្រមការដែលជួបជុំក្នុងទីនោះទាំងប៉ុន្មានថាឲ្យចាំមើលយើងៗនឹងបាញ់ឲ្យត្រូវវង់ស។ ទ្រង់ថ្លែងកៅទណ្ឌនោះទៅសរក៏ត្រូវវង់សមែន។ លុះទ្រង់ថ្លែងព្រួញមួយទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ។ លុះបាញ់ព្រួញជាប់គំរប់ ៣ ទៀត ព្រួញគំរប់ ៣ នេះទៅត្រូវព្រួញគំរប់ ២ រហូតទៅត្រូវជាប់នឹងព្រួញគំរប់មួយ។ កាលនោះ អស់ព្រះស្នំក្រុមការ និងសេនាបតីមន្ដ្រីធំតូចឃើញដូច្នោះក៏ស្រែកហ៊ោគឹកកង។ ភ្នាក់ងារតូរ្យតន្ដ្រីក៏តាំងវាយស្គរថ្វាយសព្ទសាធុការពរខ្ទរខ្ទារនៅ ទីនោះ។ ឯបំរើទាំង ៤ នាក់ដែលឧកញ៉ាចក្រីកែវប្រើទៅទីនោះ ឃើញវឹកវរដូច្នោះហើយក៏លើកកាំភ្លើងឡើងតំរង់ចំទៅឆ្អឹងជំនីរ ព្រះស្ដេចកនខាងឆ្វេង។ តែដោយតេជៈព្រះស្ដេចកនពុំទាន់អស់បុណ្យ គ្រាប់នោះបាញ់ខុសមួយទះដៃ និងបាញ់ថែមទៀតក៏ពុំទាន់។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីស្រឡប់ពិជ័យនគរស្ដេចកំពុងឈរមាននៅជាប់ព្រួញពីរនៅព្រះហស្ថនោះ លុះឮសូរកាំភ្លើងបាញ់ខាងឆ្វេងហើយ ក៏ក្រលេកប្រែព្រះភក្ដ្របាញ់តាមផ្សែងរំសេវនោះទៅ ព្រួញក៏ត្រូវប្រជុំចិញ្ចើមអ្នកបាញ់ព្រះអង្គស្លាប់នៅទីនោះមួយរំពេច។
ទ្រង់ទតទៅឃើញម្នាក់លូកដៃទៅគ្រាហ៍គ្នាវានោះក៏បាញ់មួយព្រួញទៅទៀត ត្រូវត្រង់សៀតផ្កាអ្នកដែលលូកដៃទៅគ្រាហ៍នោះស្លាប់មួយរំពេចទៀត។ អស់សេនាបតី មន្ដ្រី នាយកងទ័ព និងប្រជានុរាស្ដ្រ ក៏ភ្ញាក់ផ្អើលវឹកវរជាកោលាហលរចល់រកចាប់ពួកអាក្បត់ តែពួកក្បត់ក៏រត់រួច។ ព្រះស្ដេចកនក៏បញ្ជាឲ្យកាត់ក្បាលអ្នកដែលស្លាប់ទាំងពីរនាក់នោះដោតជាបំរាមរួចស្ដេចត្រឡប់ចូលព្រះរាជវាំងវិញ។
ប្រឡងរើសអ្នកមានសមត្ថភាព[កែប្រែ]
ក្រោយមកសម្ដេចព្រះស្រីជេដ្ឋាក្រុងស្រឡប់ពិជ័យនគរ ទ្រង់ព្រះចិន្ដាថាពញាចន្ទរាជាបានទទួលជោគជ័យជាច្រើន ដោយហេតុឲ្យរង្វាន់សេនាទាហាន ហើយឲ្យតែត្រឹមខ្លួនដែលចូលមកធ្វើខ្ញុំរាជការ ដូច្នេះគួរយើងគិតឲ្យរង្វាន់ឲ្យបានច្រើនជាងចៅពញាចន្ទរាជា។ គិតហើយស្រេចស្ដេចចេញទៅជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់បង្គាប់ឲ្យធ្វើបទប្បញ្ញត្ដិជាច្រើនច្បាប់ប្រាប់ទៅទូទាំងព្រះនគរថាឲ្យបណ្ដារាស្ដ្រចូលមកប្រឡងថ្វីដៃគ្រប់ៗគ្នា បើឈ្មោះណាជាសេនាទាហាននោះ ឈ្មោះនោះត្រូវបានយសស័ក្ដិទ្រព្យសម្បត្ដិដូចបញ្ញត្ដិមុន ហើយត្រូវបានរង្វាន់ដល់ឪពុកម្ដាយ បុត្រ ភរិយា ដែលនៅរក្សាផ្ទះសំបែងនោះថែមទៀតផង។ អស់បណ្ដារាស្ដ្របានដឹងក្នុងសេចក្ដីបញ្ញតិដូច្នោះហើយ ក៏ឲ្យកូនចៅនិងប្ដីខំរៀនសិល្ប៍សាស្ដ្រមន្ដវិជ្ជាការចូលមកថ្វាយខ្លួននៅជាខ្ញុំរាជការជាច្រើនចំរើនឡើងជាងអម្ចាស់ផែនដីទិសខាងលិចមួយភាគជាបី។ ឯបំរើឧកញ៉ាចក្រីដែលទៅលុកនោះ នៅរស់ពីរនាក់ លុះត្រឡប់ឆ្លងទន្លេដើរទៅដល់ខែត្រពោធិ៍សាត់ហើយ ក៏ចូលទៅប្រណិប័តន៍ប្ដឹងអ្នកឧកញ៉ាចក្រីតាមដំណើរសេចក្ដីគ្រប់ប្រការ។ ឧកញ៉ាចក្រីក៏នាំហេតុដំណើរនោះឡើងក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទតាមដំណើរសេចក្ដី ទើបព្រះបរមចក្រមហាចន្ទរាជាធិរាជបរមរាមាជាអម្ចាស់ទ្រង់ត្រាស់ នឹងអស់ខ្ញុំព្រះរាជការសេនាទាំងឡាយថា ឧកញ៉ាចក្រីគិតធ្វើដូច្នេះពុំគួរទេ ដ្បិតដើមនោះអាស្ដេចកនវាជាស្ដេចព្រៃ វាឲ្យមនុស្សមកលុកយើងមុន វាខុសច្បាប់ខុសទំនៀមទ័ពទៅហើយ។ កាលដែលឧកញ៉ាចក្រីឲ្យមនុស្សទៅលបលុកវាវិញនឹងនាំឲ្យខូចព្រះកិត្ដិយសដែរ។ ប៉ុន្ដែគ្រានោះ យើងអភ័យទោសឲ្យម្ដងចុះ ហើយទ្រង់ត្រាស់ប្រដៅថា វិស័យសឹកក្រស័ត្រ បើថានឹងគិតជាឧបាយកលបែបណាៗនោះ លុះត្រាតែកុំប្រទល់ប្រទះទ័ពគ្នា។ ឥឡូវនេះគេនឹងយើងវិលមកលំនៅរាល់ខ្លួនហើយ ហើយយើងប្រើមនុស្សឲ្យទៅលបលុកគេនោះ ពាក្យបុរាណលោកហៅថា ចោរសង្គ្រាមពុំប្រសើរឡើយ។ ទ្រង់ត្រាស់ហើយ ស្ដេចយាងចូលទៅទីខាងក្នុងព្រះរាជរោងរមវិញទៅ។ តាំងតែពីខែនោះរៀងមក ស្ដេចទាំងពីរព្រះអង្គទ្រង់សំរាកឈប់ធ្វើសង្គ្រាមនឹងគ្នារាស្ដ្រប្រជាក៏បានសុខបន្ដិច។ តែបើអ្នកឈ្មួញ លក់រទេះ ទូកនោះ ស្ដេចឲ្យមានកងទ័ពនៅត្រួតត្រាមើល។ បើឃើញរទេះណា ទូកណាមានគ្រឿងសាស្ដ្រាវុធត្រូវដកហូតចេញពុំឲ្យមានឡើយ។ ពេលនោះឈ្មួញទៅមកជួបទាំងនគរខាងកើត ខាងលិចលក់ដូរទំនិញជាសុខទាំងសងខាង។ កងទ័ពរបស់សម្ដេចត្រើយខាងលិចខាងកើតប្រកាន់ច្បាប់តែសព្វខ្លួនឥតខុសឆ្គងឡើយ។
បញ្ញត្តិច្បាប់ និង វិនិច្ឆ័យក្ដី[កែប្រែ]
និយាយអំពីសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីនគរខាងកើតនោះឃើញការសង្គ្រាមស្ងាត់ហើយ ក៏ធ្វេសប្រហែសពុំសូវយកព្រះទ័យទុកដាក់នឹងរាជការផែនដី។ ទ្រង់សំរាន្តព្រះរាជហឫទ័យតែនឹងអស់អ្នកស្នំក្រមការ ព្រះចិន្ដាភ្លើតភ្លើនទៅដោយនូវល្ខោន ចំរៀង តូរ្យតន្ដ្រីជានិច្ចកាលជាអលជ្ជី។ ក្នុងឆ្នាំមមីនោះក្នុងព្រះរាជនគរខាងកើត អស់រាស្ដ្រប្រជារកស៊ីពុំសូវសុខសាន្ដទាំងជំនួញជួញដូរលក់ ក៏ពុំសូវចំរើនដូចសព្វឆ្នាំ។ ក្នុងវេលាយប់មួយនោះ ទ្រង់ព្រះតំរិះយល់ថា អញសោយរាជ្យនេះមកយូរហើយនៅឡើយតែចិត្ដរាស្ដ្រពុំដឹងស្រឡាញ់អញ ឬប្រែចិត្ដគិតទៅចូលនឹងពញាចន្ទរាជាវិញទេដឹង។ លុះយប់ស្ងាត់ស្ដេចយាងទៅតែមួយអង្គឯងលបស្ដាប់រាស្ដ្រ។ ខណៈនោះទ្រង់ឮរាស្ដ្រជុំគ្នានិយាយថា អម្ចាស់ផែនដីយើងសព្វថ្ងៃនេះមានបុណ្យអស្ចារ្យណាស់ ទ្រង់ព្រះរាជហឫទ័យក៏ធូរទូលាយ យើងសុខសប្បាយមករាល់ឆ្នាំ តែក្នុងឆ្នាំនេះហេតុអ្វីក៏ខាតពុំបានចំរើនផលប្រយោជន៍សោះ។ ហេតុដូចម្ដេចក៏ព្រះបាទអស់ជុំនុំពុំឃើញជុំនុំដោះទុក្ខសុខរាស្ដ្រឲ្យបានរកស៊ីធូរទូលាយឡើងវិញ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់បានជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រឡប់ទៅដំណាក់វិញ។ លុះព្រឹកឡើងទ្រង់បង្គាប់ព្រះអាល័ក្ស និងក្រុមព្រះសុភាធិបតីឲ្យត្រាទុកថាព្រះរាជបញ្ញត្តិឲ្យតុលាការធ្វើទោសអ្នកទោសដែលចាញ់ក្ដីគេឲ្យបែងជាភាគ៣ ឲ្យប្រណីចោលភាគ១ ឲ្យយកតែភាគ២ ជាទីសំរាលជាងពីបុរាណច្បាប់មុន។
សេចក្ដីដែលព្រះស្រីជេដ្ឋាបន្ធូរបន្ថយច្បាប់ឲ្យស្រាលមកនោះ ក៏ជ្រាបដល់សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា អគ្គមហាបុរសរដ្ឋនគរខាងលិច ទើបទ្រង់មានព្រះរាជបរិយាយត្រាស់សួរអស់មន្ដ្រីកវីរាជបុរោហិតថា តើនគរខាងកើតធ្វើច្បាប់បង្គាប់ឲ្យយកទោសស្រាលនេះត្រូវឬខុស? អស់សេវកាមហាមាត្យយកសេចក្ដីក្រាបទូលព្រះករុណាក្រោមល្អងធូលីព្រះបាទថារាស្ដ្រសព្វថ្ងៃក្រីក្រណាស់ ព្រះករុណាគេគិតប្រណីនេះត្រឹមត្រូវហើយ។ ទើបព្រះបរមបពិត្រត្រាស់តបថា អាព្រះស្ដេចកននេះវាជាមនុស្សខូចបានជាវាប្រណីទោសអាពួកដែលធ្វើខុសនោះ។ បើដូច្នេះយើងឲ្យតាំងច្បាប់បង្គាប់ឲ្យលក់អាមនុស្សខូចកាចនោះក្នុងរឿងនីមួយៗឲ្យតាំងក្រយាពិន័យជា៤ភាគ ចោល១ភាគ យកភាគ៣ ដើម្បីឲ្យអាមនុស្សនោះរាងចាលលែងខូចកាចតទៅទៀត។ សេចក្ដីប្រណីរាស្ដ្រដែលព្រះស្ដេចកនវាបន្ធូរច្បាប់ដូច្នេះនេះគឺធ្វើដើម្បីឲ្យញាតិត្រកូលវាដែលខូចកាចនោះកំរើកចិត្ដលួចប្លន់ តាមជាតិត្រកូលឲ្យបានច្រើនឡើង ហើយយើងនឹងយកតាមវាមិនបានទេ។ ឧកញ៉ាសុភាធិបតី និងឧកញ៉ាមន្ដ្រីធិរាជ ក៏ក្រាបបង្គំទទួលព្រះរាជតំរាស់តំកល់លើត្បូង ហើយកត់ត្រាទុកជាព្រះរាជបញ្ញត្តិប្រតិបត្ដិតាមតរៀងមក។ នេះនឹងនិយាយថាមានរាស្ដ្រម្នាក់ឈ្មោះ ចៅហ្លួង ប្រពន្ធឈ្មោះឥន្ទ មានក្មួយស្រីម្នាក់ឈ្មោះនាងខ្មា បាវស្រីនាងខ្មាឈ្មោះនាងគាំ។ នៅភូមិជិតនោះមានប្រុសម្នាក់ទៀតឈ្មោះ ចៅពេជ បានជាមានពាក្យរាស្ដ្រទាំងផ្ដាសហៅរួមសេចក្ដីថា ចៅហ្លួងឥន្ធខ្មាគាំពេជ។ ខណៈនោះចៅពេជទៅដណ្ដឹងនាងខ្មាយកមកធ្វើប្រពន្ធ លុះនៅយូរបន្ដិចចៅពេជទៅសហាយ និងនាងគាំជាខ្ញុំនាងខ្មា។ ដោយខ្លាចចិត្ដចៅហ្លួង នាងឥន្ធ ជាមាជាមីង នាងខ្មាជាប្រពន្ធចៅពេជ ក៏គិតនឹងចៅទន់ នាងទានជាខ្ញុំរបស់ខ្លួនឲ្យជួយធុរៈ។ ចៅទន់ នាងទាន ក៏យល់ព្រមនាំពង្រត់នាងគាំចុះទូករត់ពីខែត្រស្រីសឈរទៅនគរខាងលិច ដើម្បីមិនឲ្យចៅក្រមនគរខាងកើតជំនុំជំរះយកទោសបាន។ ឯចៅហ្លួង នាងឥន្ធលុះព្រឹកឡើងដឹងហេតុហើយក៏នាំបក្សពួក៦នាក់ចុះទូកចេញពីខេត្ដស្រីសឈរតាមទៅទាន់ចៅពេជនាងគាំនៅកំពង់លង្វែក។ ទទួលជាពេលនោះ មេគយកំពង់លង្វែកដឹងហេតុការណ៍ទាន់ក៏ចាប់បញ្ជូនចៅពេជនាងគាំទៅឲ្យមេគយធំនៅកំពង់ឆ្នាំង។ មេគយនៅកំពង់ឆ្នាំងក៏ជូនខ្លួនទៅឲ្យចៅហ្វាយស្រុកដែលរក្សាបន្ទាយខែត្ររលាប្អៀរ។ ចៅហ្វាយស្រុកសួរកត់យកចំលើយចៅពេជ ហើយចៅពេជឆ្លើយដោះសាខ្លួនថា ខ្លួនប្រាថ្នានឹងមកថ្វាយខ្លួនជាអម្ចាស់ត្រើយខាងលិច តែចៅហ្លួងជាមាមិនព្រមឲ្យមកទើបបានជាខ្ញុំនាំប្ដីប្រពន្ធរត់មកនេះ។ តែដោយដំណើររបស់ខ្ញុំមិនបានស្ងប់ស្ងាត់ទើបបានជាចៅហ្លួងជាមាតាមមកទាន់ចាប់ខ្លួនខ្ញុំយ៉ាងនេះ។ ចំលើយចៅហ្លួងឆ្លើយថា ចៅពេជជាប្ដីនាងខ្មាដែលត្រូវជាក្មួយប្រសាខ្ញុំបាទ។ វាផិតនាងខ្មា ទៅសហាយនាងគាំជាបាវនាងខ្មា ហើយនាំពង្រត់នាងគាំ ព្រមទាំងយកទ្រព្យរបស់មកជាមួយផង។ ចៅក្រមបាឡាត់ខែត្រវិនិច្ឆ័យសេចក្ដីថា បើលួចពង្រត់ខ្ញុំគេមកមានក្នុងមាត្រា១ ច្បាប់ក្រមទាសកម្មករត្រូវមានទោស។ តែក្នុងរឿងនេះលួចខ្ញុំប្រពន្ធឯងនេះ គ្មានមាត្រាច្បាប់ឲ្យចៅពេជមានទោសឡើយ។ ចៅក្រមកាត់សេចក្ដីដូច្នេះ ចៅហ្លួងមិនសុខចិត្ដ ក៏សុំឲ្យសាលាខែត្របញ្ជូនទៅតុលាការក្នុងខែត្របរិបូណ៌។ ឧកញ៉ាសុភាធិបតី មន្ដ្រីកុត្ដរាជកាត់សេចក្ដីតាមច្បាប់ត្រូវនឹងសាលាខែត្រ។ គូក្ដីមិនសុខចិត្ដនាំក្រាបបង្គំទូលព្រះករុណាមហាចន្ទរាជាធិរាជ ព្រះករុណាទ្រង់កាត់សេចក្ដីថា ប្រពន្ធជាអ្នកទំនុកបំរុង ហើយខ្លួនលួចនាំពង្រត់ខ្ញុំប្រពន្ធឯងនេះ ត្រូវមានទោសធ្ងន់ជាងលួចខ្ញុំអ្នកដទៃ ដូច្នោះអ្នកប្រព្រឹត្ដខុសនេះ ត្រូវឲ្យបណ្ដើរអាក្រោស៣ថ្ងៃ ហើយវាយខ្នង១០០ខ្វាប់ និងព្រ័ត្រលួស ហើយហូតនាងគាំជាខ្ញុំនាងខ្មា និងចៅទន់ ចៅទាន ជាខ្ញុំចៅពេជនាំទៅប្រគល់ឲ្យនាងខ្មាវិញ ឲ្យនាងខ្មាដាក់មេត្រីក៏បានជាប់មេត្រីវិញក៏បាន។ ក្រោយនោះព្រះបរមបពិត្រត្រាស់ឲ្យតែងច្បាប់គ្រប់ក្រម។ ឧកញ៉ាសុភាធិបតី មន្ដ្រីកុត្ដរាជ ក៏ប្រជុំគ្នាតែងច្បាប់តាមព្រះត្រាស់បង្គាប់ ហើយព្រះករុណាក៏ចេញត្រួតត្រារាល់ពេលវេលា។ លុះរួចជាស្រេចហើយ ទើបទ្រង់ឲ្យកិត្ដិយសដល់លោកជំទាវបែរ៉ាជាព្រះមាតាចិញ្ចឹមត្រាស់ព្រះរាជបញ្ញត្តិថា តាំងពីថ្ងៃនេះទៅនឹងធ្វើហត្ថ ធ្វើព្យាយាមជាអ្វីៗឲ្យយកហត្ថលោកជំទាវបែរ៉ាជាកំណត់។ ហេតុនេះហើយបានជារៀងមក មនុស្សទាំងពួងក៏យកតាមហត្ថបែរ៉ានោះ។ លុះដល់ចេញវស្សា ឆ្នាំមមែ បញ្ចស័ក វស្សានោះ ព្រះបរមរាជមហាចន្ទរាជាទ្រង់មានព្រះរាជឱង្កាថា កាលមុនយើងមានធ្វើព្រះរាជពិធីចេញព្រះវស្សាម្ដងហើយនៅកំពង់ប្រាសាទ ខែត្រលង្វែក។ ក្រោយនោះយើងរវល់តែការសង្គ្រាមមិនទាន់បានធ្វើទេ។ ដូច្នេះតាំងពីថ្ងៃនេះទៅ យើងត្រូវធ្វើព្រះរាជពិធីអុំទូកលយកន្ទោងផ្ដាច់ព្រះវស្សាម្ដង ៣ រដូវ អកអំបុក សំពះព្រះខែម្ដង ៣ ថ្ងៃ ជាសណ្ដាប់ព្រះមហាក្សត្រតទៅតាមព្រះរាជពិធីកុំឲ្យខានឡើយ។ នោះនាម៉ឺនសព្វមុខមន្ដ្រីក៏បានរៀបព្រះរាជពិធីតាមព្រះរាជបញ្ញត្ដិ តាំងពីពេលនោះរៀងមក។ ព្រះរាជពិធីអុំទូកលយកន្ទោងនោះរួចមកហើយ ទ្រង់ត្រាស់ឲ្យបើកព្រះរាជទ្រព្យចំណាយជួលសេនាទាហានរេហ៍ពលឲ្យលើកដីខឿនព្រះវិហារខ្លះ កាប់ឈើធ្វើគ្រឿងព្រះវិហារខ្លះធ្វើវត្ដអារាមនៅទីដែលតាំងព្រះពន្លាជ័យឯជើងផ្សារបរិបូណ៌។ ព្រះអង្គតែងឡើងទតព្រះនេត្រត្រួតត្រាការនោះរឿយៗ។ ខណៈនោះមានពួកល្ខោនម្នាក់ជាតួព្រះលក្សណ៍ប្រកបដោយលោមឆោមពណ៌ល្អ ថ្វីដៃរាំនោះក៏ឯកណាស់ទ្រង់ប្រោសឲ្យហៅឈ្មោះនេះថានាយកំលោះរូបល្អ។ ស្ដេចតែងអញ្ជើញគ្រឿងជិតព្រះអង្គ។ លុះដល់ខែបុស្សថ្ងៃចន្ទនោះ កំលោះរូបនោះក៏កាត់សក់តែងខ្លួនចូលទៅក្នុងវាំងអស់ជនទាំងឡាយសរសើររាល់មាត់ថា នាយកំលោះរូបល្អនេះកាត់សក់ម្ដងនេះសមនឹងរូបកាយណាស់ ទាំងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក៏ពេញព្រះរាជហឫទ័យដែរ ទ្រង់នាំខ្លួនទៅបង្ហាញព្រះអគ្គទេពី និងព្រះស្នំក្រមការ។ ព្រះអគ្គមហេសីក៏ក្រាបទូលសរសើរគ្រប់មាត់។ តែនៅពេលនោះទ្រង់ទតព្រះនេត្រទៅឃើញសក់នៅជាប់នឹងកៀនត្រចៀក និងកចៅនោះនៅឡើយ ទើបទ្រង់ត្រាស់ថាឲ្យចៅនោះទៅលាងកនោះចេញ។ នាយកំលោះរូបល្អនោះក្រាបថ្វាយបង្គំលាចេញទៅ។ សម្ដេចព្រះបរមបពិត្រទ្រង់ក្រែងយឺតយូរក៏ក្រឡេកព្រះនេត្រទៅឃើញទាហានក្រុមវាំងពីរនាក់ ទ្រង់ត្រាស់ថាឲ្យទៅជួយលាងកវាឲ្យឆាប់ផង។ ទាហានក្រុមវាំងពីរនាក់នោះឮពុំច្បាស់ស្មានថា ទ្រង់ត្រាស់បង្គាប់ឲ្យយកទៅកាត់ក ក៏ចេញទៅទាន់ឃើញហើយ ក៏ចាប់ចៅនោះចងចំណងប្រាំប្រការឲ្យអង្គុយភាវនានៅវាលខាងត្បូងបន្ទាយហើយប្រហារជីវិត។ ខណៈនោះមានតួល្ខោនម្នាក់ទៀតជាគូនឹងចៅនេះ ហើយជាមិត្ដផង លុះបានដឹងហេតុអស់ហើយក៏ចូលទៅក្រាបបង្គំទូលអម្ចាស់ផែនដីត្រើយខាងលិចឲ្យជ្រាប។ ក្រោយមកទ្រង់យល់ថា បំរើដែលទៅឃាត់នោះមិនទាន់ក៏ឲ្យយួរក្បាលទៅចោលឲ្យដាក់នឹងតោក ឬតុតំកល់ក្បាលនោះកុំឲ្យខូច ហើយឲ្យចូលមកនឹងបានមើលសក់ មើលមុខផ្លាស់ប្ដូរដូចម្ដេច ឬនៅល្អដូចដើម។ ព្រះរាជបំរើចេញទៅឃើញទាហានក្រុមនោះយួរក្បាលចូលមក ក៏ស្រែកហៅថាស្ដាប់មិនជាក់ទៅកាប់ក្បាលកំលោះ ទ្រង់ប្រោសគេម្ល៉េះហើយទៅកាប់ចោលអាសារឥតការ តែបើបានជាកាប់ហើយកុំឲ្យយួរ ហេតុនេះហើយបានជាជាប់ឈ្មោះហៅស្រែវាលភូមិកំលោះរហូតរៀងមក។ ឯទាហានក្រុមវាំងទាំងពីរនាក់នោះឮហើយភិតភ័យណាស់ គិតថាខ្លួនមុខជាអស់ជីវិតហើយ រួចក៏ប្រគល់ក្បាលនោះឲ្យទៅព្រះរាជបំរើនាំទៅថ្វាយ ឯខ្លួនក៏រត់គេចពួនព្រៃទៅ។
ទាហានទាំងនោះគិតថា បើខ្លួនខំតែនៅនគរខាងលិចនេះមុខជាហ្លួងឲ្យគេយកទៅសំលាប់មិនខាន ដូច្នោះមានតែរត់ទៅពឹងបារមីហ្លួងខាងកើតវិញទើបជា។ គិតព្រមគ្នាហើយ ទាហាននោះក៏នាំគ្នារត់ទៅ លុះរត់ទៅដល់វាលស្រាបអង្កាម ទាហានទាំងនោះគិតថាទៅទាំងខ្លួនប្រឡាក់ឈាម ប្រឡាក់ដាវយ៉ាងនេះ តែជួបនឹងកងល្បាតមុខជាគេចាប់យកទៅថ្វាយវិញជាមិនខាន។ គិតដូច្នោះហើយក៏នាំគ្នាចូលទៅងូតទឹកលាងដាវក្នុងត្រពាំងវាលស្រាបអង្កាមនោះ “បានជាជាប់ឈ្មោះហៅត្រពាំងលាងដាវរៀងមក” ។ ឯព្រះរាជបំរើនាំក្បាលនាយកំលោះរូបល្អនោះទៅថ្វាយព្រះបរមបពិត្រ ទ្រង់ត្រាស់សួររកទាហានក្រុមវាំងទាំងពីរនាក់នោះ។ ព្រះរាជបំរើក្រាបទូលថា ទាហានទាំងពីរនាក់នោះមុខជារត់ទៅពឹងអាព្រះស្ដេចកនពុំខានឡើយ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាដ៏រុងសេនា ចាងហ្វាងទាហាននោះ ឲ្យចាត់ទាហានសេះ ២០ នាក់ឲ្យទៅតាមចាប់យកខ្លួនទាហានក្រុមវាំងទាំងពីរនាក់នោះឲ្យបាន។ ទាំង ២០ នាក់ក៏ស្រូតតាមទៅបានឃើញទាហានក្រុមវាំងទាំងពីរនាក់កំពុងងូតទឹកលាងដាវក៏ចាប់នាំខ្លួនមកក្រាបបង្គំថ្វាយ។ ព្រះបរមបពិត្រទ្រង់ឲ្យតុលាការពិចារណាសួរកត់ចំលើយតាមច្បាប់។ ទាហានទាំងពីរនាក់នោះឆ្លើយថាខ្លួនស្ដាប់ឮថាទ្រង់ត្រាស់ឲ្យកាត់ក ទើបបានជាកាប់ លុះកាប់ហើយទើបភិតភ័យទើបបានជានាំគ្នារត់ចូលហ្លួងខាងកើតប្រាថ្នាឲ្យរួចជីវិត។ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងជ្រាបហើយ ទ្រង់ព្រះពិរោធណាស់ ទ្រង់ត្រាស់ឲ្យសេនាបតីចេញសំបុត្របញ្ញត្ដិឲ្យលើកលែងហៅហ្លួងខាងកើតឲ្យហៅតែព្រះស្ដេចកន ថាបើនរណាមិនស្ដាប់ និងយកទោសដល់ជីវិត។ បន្ទាប់មកព្រះបាទអ្នកម្ចាស់ទ្រង់ត្រាស់បង្គាប់ឲ្យយកក្បាលនាយកំលោះរូបល្អនោះទៅធ្វើបុណ្យតាមសមគួរ។ ក្នុងខណៈនោះទ្រង់ត្រាស់ឲ្យយកទាហានក្រុមវាំងទាំងពីរនាក់ទៅប្រហារជីវិតទុកជាបំរាម។
គ្រឿងសស្ត្រាវុធ[កែប្រែ]
ក្រោយមកក្នុងឆ្នាំដដែល (១៥២៣) ព្រះបរមខត្តិយាចន្ទរាជា ព្រះអង្គឲ្យតែងសំពៅពីរផ្ទុកទំនិញទៅស្រុកជ្វាម៉ាឡាយូ ហើយទិញបានកាំភ្លើងធំ ១០០ កាំភ្លើងតូច ១០០០ ដើមថែមលើកាំភ្លើងចាស់ទុករក្សាព្រះនគរ។ ឯសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើតកាលជ្រាបថា សម្ដេចចៅពញាចន្ទរាជាទិញកាំភ្លើងបានជាច្រើនមកទុកសំរាប់ព្រះនគរ ហើយព្រះអង្គក៏ឲ្យធ្វើសំពៅពីរផ្ទុកទំនិញទៅលក់ឯស្រុកម៉ាឡាយូដែរ ហើយទិញបានកាំភ្លើងធំ ១៥០ កាំភ្លើងតូច ៣០០ ដើម។ លុះសំពៅនោះវិលមកវិញខ្យល់ផាត់សំពៅមួយទៅជាប់ពាម “ប្រហែលជាពាមមាត់ជ្រូក” សំពៅមួយទៀតជាប់នៅស្រុកកំពត។ ពេលនោះនាយកងស្រុកពាម ស្រុកកំពត ចាប់បានសំពៅមួយយកបានកាំភ្លើងធំ១៥០ កាំភ្លើងតូច ៣០០ ដាក់ទុកក្នុងរទេះឲ្យមេឃុំនាំទៅថ្វាយព្រះបាទ អ្នកអម្ចាស់នៅខែត្របរិបូណ៌។ ព្រះបាទជាអម្ចាស់ត្រើយខាងលិច កាលទ្រង់ទតឃើញបំរើនាំគ្រប់សព្វសាស្ត្រាវុធមកក្រាបបង្គំទូល ថ្វាយហើយទ្រង់ព្រះអំណរណាស់។ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់មេទ័ពមេកងនោះជាច្រើន។
សមរភូមិលង្វែក គ.ស. ១៥២៣[កែប្រែ]
សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខែត្របរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភិគនេយ្យយសរាជាឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿងឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿងឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្លឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុខត្ដ ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខែត្រលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែក ហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតស ទ្រង់ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខែត្ររលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
ព្រះស្រីជេដ្ឋាអស់បុណ្យ[កែប្រែ]
នេះនឹងនិយាយអំពីសម្ដេចចៅហ៊្វាកៅដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុននេះ ៣ ថ្ងៃយល់សប្តឃើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្ដេចព្រះស្រីជេដ្ឋាជាភ្លើងឆេះអណ្ដែតកណ្ដាលអាកាស ហើយធ្លាក់នៅកំពង់ចាម។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្ដនោះឲ្យសម្ដេចចៅពញាហែង ជាបិតាក្មេកសម្ដេចព្រះស្រីជេដ្ឋាស្ដាប់ ហើយហៅហោរាមកប្រាប់ហេតុឲ្យទាយ។ ហោរាពិនិត្យទៅឃើញថា យល់សប្ដិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថាទ័ពហ្លួងបរាជ័យហើយត្រង់ដល់ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្ដាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតានាំឲ្យរួចពីចំណោមត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនឹងរត់ទៅដល់ទីនោះ។ សម្ដេចចៅហ៊្វាកៅឮហើយភ័យណាស់ ក៏ឲ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយ រួចផ្ដាំថាឲ្យខិតខំកេណ្ឌរេហ៍ពលទុកបំរុងឲ្យបានច្រើន។ ឯខ្លួនសម្ដេចចៅហ៊្វាកៅនាំខ្មាន់ធ្នូ និងទាហានកាំភ្លើង ១០០០ នាក់ និងព្រះទីនាំងគជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត។ លុះឃើញសម្ដេចព្រះស្រីជេដ្ឋាគង់លើសេះនាំទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅចៅហ៊្វាកៅក៏ស្ទុះទៅទទួលយករួចតែសម្ដេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ដ ២០ នាក់នោះដល់ទៅមាត់ច្រាំងល្មមព្រះទីនាំងចក្រពត្ដិនោះត្រឡប់មកដល់សម្ដេចចៅហ៊្វាកៅឲ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឲ្យព្រះភាគិនេយ្យយសរាជាឡើងតាមមកទាន់។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូកដែលតាមមកពីក្រោយនោះ វិញ លុះជួបហើយស្ដេចឲ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្ដេចត្រាស់ឲ្យយកអាវុធសឹកទុកសិន ហើយចូលទូកចំបាំងទៅឈប់ក្នុងបឹងមួយអន្លើ។ ទ្រង់ឲ្យសាងវត្ដមួយនៅទីនោះទុកជាព្រះកេរ្ដិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្ដព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ។ ឯសម្ដេចចៅហ៊្វាកៅកាលបានទទួលសម្ដេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ក៏យាងស្ដេចផ្ទុំសំរាកកំលាំងនៅក្នុងព្រៃដូនម៉ៅ នោះទៅតែទីនោះមានមូសខ្លាំងណាស់ទ្រាំពុំបាន ទើបសម្ដេចព្រះស្រីជេដ្ឋាទ្រង់ផ្សងមិនឲ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្ដេចចៅហ៊្វាកៅយាងសម្ដេចព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធនាំរេហ៍ពលទាំង ១០២០ នាក់ស្រូតរូតទៅដល់ភូមិដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុតនៅទីនោះទៅព្រះស្ដេចកនទ្រង់ធ្វើបុណ្យហើយឲ្យកប់ដំរីនៅទីនោះបានជាជាប់ហៅ ទួលកប់ព្រះដំរីរៀងមក។ សម្ដេចស្រីជេដ្ឋាទ្រង់ពិនិត្យពីព្រះទីនាំងពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណា ទ្រង់សង្ស័យនឹងបុណ្យបារមីជាពន់ពេក ទ្រង់នឹកថា កាលណាខ្លួនអញនឹងមានបុណ្យត្រូវបានព្រះទីនាំងពិជ័យគជយុទ្ធនោះគឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរដែលកាលនោះមានហ្មម្នាក់ឈ្មោះផៃនាំយកដំរីមកថ្វាយមានកំពស់ ១០ ហត្ថ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់មិនដឹងជានៅស្រុកណា ភូមិណាទេ រកតែខ្លួននឹងឲ្យរង្វាន់ពេញចិត្ដក៏រកពុំឃើញ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញលើកទ័ពដេញព្រះឝ្រីឝៅគន្ធបទដល់ទៅក្បាលកោះសូទិនទាំងយប់នោះ ក៏មានឈ្មោះចៅឥន្ទយកសេះនោះមកថ្វាយមានកំពស់ ១០ ហត្ថ ៤ ធ្នាប់ មានកំលាំងហែលទឹកសន្ធឹកដូចរន្ទះនឹងឲ្យរង្វាន់ក៏រកពុំឃើញដែរ។ ព្រះទីនាំងទាំងពីរនេះដូចជាទេវតានិម្មិតថ្វាយ ឥឡូវវិនាសអស់ទាំងពីរទៅហើយដូច្នេះឃើញថាបុណ្យបារមីអញមិនយឺនយូរប៉ុន្មានឡើយ។ គិតហើយព្រះស្ដេចកនក៏ទ្រង់ព្រះកន្សែងសោកជារ៉ាំរ៉ៃក្រៃពេក ណាស់។ សម្ដេចព្រះចៅហ៊្វាកៅយល់សម្ដេចព្រះស្រីជេដ្ឋាជាក្មួយយំសោកស្ដាយ ព្រះទីនាំងខ្លាំងពេកដូច្នោះ ក៏គិតថា បើអញមិនក្លែងនិយាយឲ្យមានតំរេកទេ ឃើញថាសម្ដេចព្រះស្រីជេដ្ឋានឹងដល់អស់ព្រះជន្មក្នុងគ្រានេះមិនខាន។ គិតហើយចៅហ៊្វាកៅក៏ក្រាបទូលថា សូមទ្រង់កំសាន្ដព្រះរាជហឫទ័យខ្លះទៅកុំអាល័យព្រះទីនាំងទាំងពីរនោះខ្លាំងពេក ព្រះទីនាំងនោះវាស្រុតស្នងព្រះអង្គដែលទ្រង់មានព្រះគ្រោះជា ទំងន់នោះ។ ឯបុណ្យបារមីព្រះអង្គនៅមានទៅមុខជាច្រើន ពីព្រោះថាក្រោយព្រះអង្គលើកទ័ពទៅធ្វើសង្គ្រាមនឹងព្រះចន្ទរាជានោះ ចៅហ្វាយស្រុកជើងបាក់ដែងនាំដំរី ២ សេះ ២ មកចាំក្រាបទូលថ្វាយ ទំហំ និងកំពស់ប្រហែលៗគ្នា និងព្រះទីនាំងមុននេះ ហេតុនេះសូមទ្រង់កុំព្រួយព្រះទ័យស្ដាយអ្វីសេះ ១ ដំរី ១ នោះ។ វាបាត់ទៅទាំងពីរ យើងបានដល់ទៅ ៤ ឡើងវិញហើយ។ ព្រះស្រីជេដ្ឋាទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ព្រឺព្រួចក្នុងព្រះរាជហឫទ័យណាស់ ទ្រង់តំរង់ព្រះស្មារតីបាន ទ្រង់ក៏ត្រាស់នឹងសម្ដេចចៅហ៊្វាកៅថា យើងនឹងទៅក្រុងស្រឡប់ពិជ័យ ឬនៅក្រុងស្រីសឈរ។ ដ្បិតក្នុងស្រុកស្រីសឈរនោះយើងមានគ្រប់គ្រួនៅទីនោះច្រើន។ ទើបសម្ដេចចៅហ៊្វាកៅទូលថា យើងធ្វើសង្គ្រាមមានជ័យជាច្រើនដង យើងបានជាស្ដេចជាចៅហ្វាយនេះតាំងពីនៅតតាំងច្បាំងគ្នានៅស្រីសឈរ ដូច្នោះគួរយើងយកក្រុងស្រីសឈរនោះជាទីចំបាំង។ បើពុំឈ្នះនៅទីនោះទេ ចាំយើងទៅតាំងតនៅក្រុងស្រឡប់ពិជ័យព្រៃនគរ ហើយត្រាស់ផ្ដាំនឹងសម្ដេចចៅហ៊្វាកៅថាឲ្យកេណ្ឌរេហ៍ពលឲ្យបានច្រើននៅរក្សាបន្ទាយនោះ។ សម្ដេចចៅហ៊្វាកៅក៏ទទួលធ្វើតាមព្រះរាជបញ្ជាការ។ ឯសម្ដេចព្រះភាគិនេយ្យយសរាជា កែវនាយក ព្រះអង្គចាំបាត់ពុំឃើញទ័ពជើងគោកលើកមក ព្រះអង្គក៏ថយទ័ពទូកមកភ្នំពេញវិញដើម្បីនឹងស្ដាប់ព្រះរាជាសម្ដេចព្រះបិតុលារាជាធិរាជ។
សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤[កែប្រែ]
សម្ដេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទងជាមេទ័ពមុខកាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ឲ្យឧកញ៉ាមនោមេត្រីកាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេងកាន់ពល ១០០០០ នាក់។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” កូនចៅពញាមឿង កាន់ពល៣០០០០ នាក់ជាទ័ពមុខ។
- ឲ្យសម្ដេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លួងឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកជាមេទ័ពមុខ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង។
- ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្ដាំ។
- ចៅពញាមន្ដ្រីភក្ដីជាកងទ័ពក្រោយ។
ទាំង ៤ កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅ ខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែងជាឪពុកក្មេក ព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ឧកញ៉ាចក្រី“ទេព” កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
ឧកញ៉ាមហាមន្ដ្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។ ព.ស ២០៦៨, គ.ស ១៥២៤, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿងកកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយានព្រមដោយនូវស្វេតច្ឆត្រស ៩ ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ សព្រាតឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត។ ឯអស់មន្ដ្រីសេនារេហ៍ពលសឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខនៅពីក្រោយតាមអណ្ដាប់អណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ។
រីឯសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើតដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ“ផាលង់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួប