Jump to content

ឧត្តរា

ពីវិគីភីឌា

នាង​ឧត្តរា ជា​កូន​ស្រី​របស់​បុណ្ណកសេដ្ឋី លុះដល់វ័យចម្រើន​ឡើង លោកសុមនៈសេដ្ឋី ដែល​ជា​មនុស្ស​មិច្ឆាទិដ្ឋិ​បាន​មក​ស្តី​ដណ្តឹង​នាងឧត្តរា​អោយ​ទៅ​កូន​ប្រុស​របស់​គាត់​ដែល​ជា​អ្នក​មិច្ឆាទិដ្ឋិដែរ។ នាងឧត្តរា ក្រោយ​ពេល​រៀប​អាពាហ៍​ពិពាហ៍​រួច​មក នាង​មិន​ដែល​បាន​ធ្វើបុណ្យទាន​ជា​មួយ​នឹង​ភិក្ខុសង្ឃឡើយ ដោយ​ហេតុ​តែ​ស្វាមី​របស់​នាង​ជា​មនុស្ស​មិច្ឆាទិដ្ឋិ មិន​អនុញ្ញាតិ​អោយ​នាងបាន​ធ្វើបុណ្យ។ ដោយ​មាន​ការ​តូច​ចិត្តជា​ខ្លាំង នាង​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​ឪពុក​នាង ក្នុងអត្ថន័យ​អោយ​ទម្លាក់​នាង​ជា​ទាសី​ទៅ​រៀប​ការ​ជាមួយ​អ្នក​ក្រី​ក្រ​ណា​ក៏​បាន អោយ​តែ​នាង​អាច​ឃើញ​ភិក្ខុសង្ឃ​ និង​អាច​មាន​សេរីភាពក្នុង​ការ​ធ្វើបុណ្យបាន។ លោក​បុណ្ណកសេដ្ឋី ក៏​បាន​បញ្ជូន​ប្រាក់ ១៥ពាន់​កហាបនៈ អោយ​កូន​ស្រី​ក្នុង​បំណង​អោយ​កូន​ជួល​អ្នក​ណា​មួយ​មក​អោយ​បម្រើ​ស្វាមី​របស់​ខ្លួន​ជំនួស ហើយ​ខ្លួន​ឯង​នឹង​មាន​ឱកាស​ធ្វើបុណ្យ។ នាង​ឧត្តរា ក៏​បាន​ជួល​នាង​សិរិមា ដែល​ជា​ស្រី​ផ្កាមាស​ប្រចាំ​នគរ អោយ​មកនៅ​បម្រើស្វាមីរបស់​នាង​ជំនួសក្នុង​រយៈពេល​១៥​ថ្ងៃ (ក្នុង១ថ្ងៃ នាង​សិរិមាយក​ថ្លៃ​១ពាន់​កហាបនៈ)។ នាងឧត្តរា​បាន​ផ្តល់​សិទ្ធិ​គ្រប់​យ៉ាង​អោយ​ទៅ​នាង​សិរិមា ដូចជា​ភរិយាដែរ អោយ​នៅ​គាប់​បម្រើ​ស្វាមី។ ដោយ​ការ​នៅ​បម្រើ​ សោយ​សុខ​ជា​មួយ​នឹង​ស្វាមី​របស់​នាងឧត្តរា នាង​សិរិមា​ក៏​ភ្លេច​ខ្លួន​ថា នាង​ជា​ស្រីសោភិនី​ដែល​នាង​ឧត្តរា​ជួល​មក ក៏​ចាត់​ទុក​ខ្លួនឯង​ដូច​ជា​ភរិយា​គេ​ពិត​ៗ នៅ​ក្នុង​ថ្ងៃ​ទី​១៤ ដែល​នាង​ឧត្តរា​កំពុង​ចាត់​ចែង​ភត្ត​ថ្វាយ​សង្ឃ នាង​សិរិមាបានឃើញ​ស្វាមី​ឈរ​សំលឹង​មើល​នាង​ឧត្តរា ហើយ​សើច​ញឹមៗ នាង​ក៏​មាន​ចិត្ត​ប្រច័ន្ទ ហើយ​ស្ទុះ​ទៅ​យក​បបរ​ក្តៅ​មក​ជះ​លើ​មុខ​នាង​ឧត្តរា។ ដោយ​អានុភាព​នៃ​ខន្តី​ចិត្ត​របស់​នាង​ឧត្តរា (ព្រោះ​នាង​គិត​ថា បើ​នាង​សិរិមា​មិន​មក​ជួយ​បម្រើ​ស្វាមី​ជំនួស​ទេ នាង​នឹង​មិន​បាន​ធ្វើបុណ្យ​ឡើយ នាង​ក៏​ដឹង​គុណរបស់​នាង​សិរិមា ហើយ​ក៏​មិន​អាច​មាន​ចិត្ត​ខឹង​នឹង​នាង​សិរិមា​នោះ​បាន​ឡើយ។) ទឹក​បបរនោះ​ក៏​បែរ​ជា​ត្រជាក់​មិន​អាច​ធ្វើ​អោយ​រលាក​ដល់​នាង​ឧត្តរា​បាន​ឡើយ។ នាង​សិរិមា​ក៏​បាន​ដឹង​ខ្លួន​ខុស សូម​ទោស​ចំពោះ​នាង​ឧត្តរា។ នាង​ឧត្តរា​បាន​អោយ​ទៅសូម​ទោស​ដល់​ព្រះសម្មាសម្ពុទ្ធ​ដែល​ជា​បិតាវិវដ្ត​របស់​នាង។ លុះ​បាន​ទៅ​ជួបនឹង​ព្រះ​ហើយ នាង​សិរិមា​ក៏​ដល់​នូវ​ព្រះ​រតនត្រ័យ​ដូច​ជា​នាង​ឧត្តរាដែ។