បេណាហ្សៀរ ប៊ូតូ
| |||||
កើតនៅ |
ថ្ងៃទី ២១ មិថុនា ១៩៥៣ ទីក្រុងការ៉ាជី ខេត្តស៊ីន ប៉ាគីស្ថាន | ||||
ស្លាប់នៅ |
ថ្ងៃទី ២៧ ធ្នូ ២០០៧ ទីក្រុងរ៉ាវ៉ាលពីនឌី ខេត្តប៉ានចាប ប៉ាគីស្ថាន | ||||
គណបក្ស | គណបក្សប្រជាជនប៉ាគីស្ថាន | ||||
ស្វាមី | អាស៊ីហ្វ អាលី ហ្សាដារី | ||||
កូន | ប៊ីឡាវ៉ាល់, Bakhtwar និង Aseefa | ||||
សាសនា | សាសនាឥស្លាម (ស៊ីអា) | ||||
គេហទំព័រ | benazirbhutto.co.uk Archived 2014-02-19 at the វេយប៊ែខ ម៉ាស៊ីន. |
លោកស្រី បេណាហ្សៀរ ប៊ូតូ (ជាភាសាអង់គ្លេស Benazir Bhutto, ភាសាស៊ីន៖ بينظير ڀٽو, ភាសាអ៊ូរឌូ៖ بینظیر بھٹو, IPA: [beːnəziːɾ bɦʊʈːoː]) (២១ មិថុនា ១៩៥៣ – ២៧ ធ្នូ ២០០៧) គឺជាអតីតអ្នកនយោបាយប៉ាគីស្ថាន និងជាប្រធានគណបក្សប្រជាជនប៉ាគីស្ថាន (Pakistan People Party) ដែលជាគណបក្សនយោបាយកណ្ដាលនិយមលំអៀងទៅខាងឆ្វេង នៅប្រទេសប៉ាគីស្ថាន។ លោកស្រី ប៊ូតូ គឺជាស្ត្រីទីមួយ ដែលបានជាប់ឆ្នោតជាអ្នកដឹកនាំប្រទេសក្នុងពិភពឥស្លាម ហើយបានក្លាយជានាយករដ្ឋមន្ត្រីប៉ាគីស្ថានចំនួនពីរលើក (១៩៨៨-១៩៩០ និង ១៩៩៣-១៩៩៦)។ គិតមកដល់សព្វថ្ងៃនេះ គាត់គឺជានាយករដ្ឋមន្ត្រីស្ត្រីទីមួយ និងតែម្នាក់គត់របស់ប៉ាគីស្ថាន។
លោកស្រី ប៊ូតូ គឺជាបុត្រច្បងរបស់លោកអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Zulfikar Ali Bhutto ដែលជាជនជាតិប៉ាគីស្ថាននៃអម្បូរ Sindhi ជាអ្នកប្រកាន់សាសនាឥស្លាម និកាយស៊ីអា (Shia Muslim) យ៉ាងខ្ជាប់ខ្ជួន និង អ្នកស្រី Nursrat Bhutto ដែលជាជនជាតិប៉ាគីស្ថាននៃអម្បូរ ឃើដ-អ៊ីរ៉ង់ ក៏ជាអ្នកប្រកាន់សាសនាឥស្លាម និកាយស៊ីអា (Shia Muslim) យ៉ាងខ្ជាប់ខ្ជួនដូចគ្នា។ ជីតាខាងឪពុករបស់លោកស្រី គឺលោក Sir Shah Nawaz Bhutto បានចូលមករស់នៅស្រុក Larkana នៃខេត្ត Sindh ដោយរត់ចេញពីស្រុកកំណើតរបស់គាត់នៅក្រុង Bhatto Kalan ដែលត្រូវបានទៅឥណ្ឌាដែលស្ថិតនៅក្នុងរដ្ឋ Haryana មុនពេលទទួលឯករាជ្យពីអង់គ្លេស។
លោកស្រី ប៊ូតូ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ជាលើកដំបូងរបស់គាត់នៅឆ្នាំ ១៩៨៨ នៅអាយុ ៣៥ ឆ្នាំ ប៉ុន្តែគាត់ត្រូវបានបណ្ដេញចេញពីតំណែងក្នុងរយៈពេល ២០ ខែក្រោយមក ដោយលោកប្រធានាធិបតី Ghulam Ishaq Khan ពីបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ។ នៅឆ្នាំ ១៩៩៣ គាត់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីសាជាថ្មី ប៉ុន្តែគាត់ត្រូវបានបណ្ដេញពីតំណែងម្ដងទៀត ស្ដីពីបទចោទប្រកាន់ដូចមុនដែរ តែម្ដងនេះដោយប្រធានាធិបតី Farooq Leghai ។ គាត់បានធ្វើនិរទេសដោយខ្លួនឯងទៅទីក្រុង Dubai នៅឆ្នាំ ១៩៩៨។
លោកស្រី បេណាហ្សៀរ ប៊ូតូ បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០០៧ ក្រោយពីមានការយល់ព្រមពីលោកប្រធានាធិបតី Pervez Musharraf ដោយគាត់បានទាមទារមានការលើកលែងទោស និងដកចេញនូវរាល់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោកស្រី។ គាត់ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ ក្រោយពីការចាកចេញពីទីកន្លែងប្រជុំរបស់គណបក្សប្រជាជនប៉ាគីស្ថាន នៅក្នុងយុទ្ធនាការឃោសនាស្វែងរកបោះឆ្នោត នៅទីក្រុងរ៉ាវ៉ាលពីនឌី (Rawalpindi) តែពីរសប្ដាហ៍ប៉ុណ្ណោះមុនពេលការបោះឆ្នោតសកលឈានចូលមកដល់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៨ មករា ២០០៨ ហើយរូបគាត់គឺជាបេក្ខជននៃគណបក្សប្រឆាំងដែលនាំមុខ។
ការសិក្សា និងជីវិតឯកជន
[កែប្រែ]លោកស្រីបេណាហ្សៀរ ប៊ូតូ កើតនៅទីក្រុងការ៉ាជី រដ្ឋដូមីណូនប៉ាគីស្ថាន នៅថ្ងៃទី ២១ មិថុនា ១៩៥៣ ជាបុត្រីរបស់លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ និងអ្នកស្រី Nursrat Ispahari (Nursrat Bhutto) នៃគ្រួសារដែលប្រកាន់សាសនាឥស្លាម (ស៊ីអា) និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយនៅក្នុងស្រុក Larkana ។ គាត់បានចូលរៀននៅសាលា Lady Jennings Nursey school និងក្រោយមកចូលរៀននៅ Convent of Jesus and Mary ក្រុងការ៉ាជី។ ក្រោយពីការសិក្សារយៈពេល ២ ឆ្នាំ នៅ Rawalpindi Presentation Convent គាត់ត្រូវបានគេបញ្ជូនទៅសាលា Jesus and Mary Convent នៅក្រុង Murree ។ គាត់បានប្រលងជាប់ដោយទទួលបាន O-level (Ordinary Level) នៅអាយុ ១៥ ឆ្នាំ។ បន្ទាប់មកទៀត គាត់បានបញ្ចប់ការសិក្សានៅសាលា Karachi Grammar School ដោយទទួលបាន A-Level (Advance Level) ។
ក្រោយពីបញ្ចប់ការសិក្សានៅក្នុងប្រទេសប៉ាគីស្ថាន លោកស្រីបានបន្តការការសិក្សានៅសហរដ្ឋអាមេរិក។ ពីឆ្នាំ ១៩៦៩ ដល់ ១៩៧៣ គាត់បានសិក្សានៅ Radcliff College នៃសាកលវិទ្យាល័យ Harvard ជាកន្លែងដែលគាត់បានទទួលបរិញ្ញាបត្រ ដោយមានការសរសើរពីរដ្ឋាភិបាលផង។ លោកស្រីធ្លាប់បានហៅ រយៈពេល ៤ ឆ្នាំនៅសាកលវិទ្យាល័យ Harvard ជាពេលវេលារីករាយបំផុតក្នុងជីវិតរបស់គាត់ ហើយនិយាយថា វាបានបង្កើតមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសម្រាប់ខ្លួនគាត់។ ក្រោយមកក្នុងឋានៈជានាយករដ្ឋមន្ត្រី គាត់បានរៀបចំជាអំណោយពីរដ្ឋាភិបាលប៉ាគីស្ថានជូនដល់សាលាច្បាប់នៃសាកលវិទ្យាល័យ Harvard ។
បន្ទាប់មកទៀត គាត់បានបន្តការសិក្សានៅប្រទេសអង់គ្លេស។ ចន្លោះឆ្នាំ ១៩៧៣ និង ១៩៧៧ លោកស្រីប៊ូតូ បានសិក្សាផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Oxford លើសពីនេះទៀត លោកស្រីក៏បានសិក្សាពីច្បាប់អន្តរជាតិ និងការទូតប្រកបដោយជោគជ័យ នៅសាកលវិទ្យាល័យ Oxford ផងដែរ។ នៅខែ ធ្នូ ១៩៧៦ គាត់ត្រូវបានជ្រើសតាំងជាប្រធាន Oxford Union ជាស្ត្រីអាស៊ីទីមួយដែលនាំមុខនៅក្នុងសង្គមប្រកបដោយកិត្តិយស។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៨៧ គាត់បានរៀបការជាមួយលោក អាស៊ីហ្វ អាលី ហ្សាដារី នៅក្រុងការ៉ាជី។ គូរស្វាមីភរិយានេះមានកូនបីនាក់ជាចំណងដៃគឺ Bilawal, Bakhtwar និងAseefa ។
គ្រួសារ
[កែប្រែ]ឪពុករបស់លោកស្រី បេណាហ្សៀរ ប៊ូតូ គឺជាអតីតនាយករដ្ឋមន្ត្រី ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ដែលត្រូវបានបណ្ដេញចេញពីអំណាចតាមរយៈរដ្ឋប្រហារយោធានៅឆ្នាំ ១៩៧៩ ដឹកនាំរបស់ប្រមុខកងទ័ព គឺលោកឧត្ដមសេនីយ៍ Muhammad Zia-ul-Haq ដែលបានប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ប៉ុន្តែបានសន្យាបង្កើតឲ្យមានការបោះឆ្នោតក្នុងរយៈពេលបីខែ។ យ៉ាងណាក៏ដោយ ជំនួសឱ្យការសន្យាឱ្យមានការបោះឆ្នោតសកល ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq បានចោទប្រកាន់លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ថាមានជាប់ពាក់ព័ន្ធជាមួយនឹងការធ្វើឃាតឪពុករបស់អ្នកនយោបាយប្រឆាំងម្នាក់គឺលោក Ahmed Raza Kasuri ។ លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការសឹក។
ទោះជាការចោទប្រកាន់ខាងលើនេះ បានបង្កើតឱ្យមានមន្ទិលជាច្រើនពីសាធារណៈ ហើយក៏មានផងដែរការសុំឱ្យមានការលើកលែងទោសពីបណ្ដាមេដឹកនាំប្រទេសជាច្រើននៅលើពិភពលោក។ លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ត្រូវបានគេព្យួរកនៅថ្ងៃទី ០៤ មេសា ១៩៧៩។ ការអំពាវនាវឲ្យមានការលើកលែងទោសត្រូវបានច្រានចោលដោយប្រធានាធិបតីស្ដីទី ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq ។ លោកស្រីប៊ូតូ និងម្ដាយរបស់គាត់ ត្រូវបានឃាត់ខ្លួននៅក្នុងជំរំរបស់ប៉ូលិសរបស់ដល់ដំណាច់ខែ ឧសភា ក្រោយការប្រហារជីវិតឪពុករបស់គាត់។
នៅឆ្នាំ ១៩៨៥ ប្អូនប្រុសម្នាក់របស់លោកស្រីឈ្មោះ Shahnawaz ត្រូវបានគេសម្លាប់នៅក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យសង្ស័យមួយនៅប្រទេសបារាំង។ ក្រោយមកប្អូនប្រុសម្នាក់ទៀតរបស់គាត់ឈ្មោះ Mir Murtaza ត្រូវបានគេធ្វើឃាតទៀត ជាហេតុធ្វើឲ្យមានការផ្លាស់ប្ដូរស្ថានភាពនយោបាយនាំឲ្យលោកស្រីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីមួយលើកទៀតនៅឆ្នាំ ១៩៩៦។
តំណែងនាយករដ្ឋមន្ត្រី
[កែប្រែ]ក្រោយពីបានបញ្ចប់ការសិក្សា លោកស្រីប៊ូតូ បានវិលចូលប្រទេសប៉ាគីស្ថានវិញនៅខែ មិថុនា ១៩៧៧ ដែលគ្រោងនឹងកាន់តំណែងក្នុងមុខងារការបរទេស ខណៈដែលឪពុករបស់គាត់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។ ប៉ុន្តែពីរសប្ដាហ៍ក្រោយមក ពួកយោធាដែលដឹកនាំដោយឧត្ដមសេនីយ៍ Muhammad Zia-ul-Haq បានធ្វើរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ ទម្លាក់លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ចេញពីតំណែង ហើយរូបគាត់ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ឯឪពុករបស់គាត់ត្រូវបានឃុំខ្លួននៅក្នុងគុក ដែលក្រោយត្រូវបានគេប្រហារជីវិត។ លោកស្រីបានចំណាយពេល ១៨ ខែទាំងនៅក្នុង និងនៅក្រៅការឃុំខ្លួនក្នុងផ្ទះ ដើម្បីប្រមូលការគាំទ្រផ្នែកនយោបាយប្រឆាំងនឹងការកាត់ទោសប្រហារជីវិតឪពុករបស់គាត់ ប៉ុន្តែមេដឹកនាំផ្ដាច់ការយោធាពុំបានអើពើចំពោះការអំពាវនាវទាំងនោះឡើយ។
លោកស្រី ត្រូវបានរដ្ឋអំណាចចាប់ខ្លួនជាច្រើនដង និងត្រូវបានជាប់ឃុំរយៈពេល ៣ ឆ្នាំមុនពេលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីប្រទេសកំណើតរបស់ខ្លួននៅឆ្នាំ ១៩៨៤។ គាត់បានចេញទៅរស់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសមួយរយៈ ហើយត្រឡប់មកកាន់ប្រទេសប៉ាគីស្ថានវិញនៅពេលដែលប្អូនប្រុសរបស់គាត់បានស្លាប់នៅឆ្នាំ ១៩៨៥ ហើយគាត់ត្រូវបានចាប់ខ្លួនម្ដងទៀតពីបទចូលរួមប្រឆាំងរដ្ឋាភិបាលយោធា។ គាត់បានចេញទៅប្រទេសអង់គ្លេស ក្រោយពីការដោះលែងឲ្យមានសេរីភាព ហើយច្បាប់អាជ្ញាសឹកត្រូវបានដកចេញពីប្រទេសប៉ាគីស្ថាននៅដំណាច់ឆ្នាំនោះ។ បាតុកម្មប្រឆាំងនឹងឧត្ដមសេនីយ៍ Muhammad Zia-ul-Haq នៅតែបន្ត ហើយលោកស្រីប៊ូតូ បានវិលចូលមាតុប្រទេសវិញនៅខែ មេសា ១៩៨៦។ ដើម្បីជាការឆ្លើយតបទៅនឹងភាពចលាចលនេះ លោកស្រីបានទាមទារឲ្យរដ្ឋាភិបាលលោកឧត្ដមសេនីយ៍ Muhammad Zia-ul-Haq ដែលបានសម្លាប់ឪពុករបស់គាត់ លាឈប់ពីមុខតំណែង។
លោកស្រីប៊ូតូ ត្រូវបានជ្រើសតាំងជាសហប្រធាន នៃគណបក្សប្រជាជនប៉ាគីស្ថានជាមួយម្ដាយរបស់លោកស្រីនៅឆ្នាំ ១៩៨៦។ នៅក្នុងការបោះឆ្នោតដោយសេរីនៅថ្ងៃទី ១៦ វិច្ឆិកា ១៩៨៨ ដែលជាការបោះឆ្នោតលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ គណបក្សប្រជាជនប៉ាគីស្ថានរបស់គាត់ បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភាជាតិ។ លោកស្រីប៊ូតូ ក្លាយទៅជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៨ ដែលទើបតែមានអាយុ ៣៥ ឆ្នាំប៉ុណ្ណោះ ដែលមេដឹកនាំដ៏ក្មេងជាងគេបំផុត និងជាស្ត្រីទី១ដែលបានក្លាយជាមេដឹកនាំនៃពិភពឥស្លាមនាសម័យទំនើបនេះ។ នៅឆ្នាំ ១៩៨៩ លោកស្រីបានទទួលពានរង្វាន់សេរីភាព ពីអង្គការពលកម្មអន្តរជាតិ។ ស្នាដៃរបស់លោកស្រីនៅក្នុងកំលុងពេលនេះគឺគំនិតផ្ដួចផ្ដើមឲ្យមានកំណែទម្រង់ថ្នាក់ជាតិ និងការធ្វើទំនើបកម្ម មានដូចជាពីលក្ខណៈអភិរក្សនិយមខ្លះទៅជាលក្ខណៈទំនើបតាមបែបលោកខាងលិច។ រដ្ឋាភិបាលរបស់លោកស្រីប៊ូតូ ត្រូវបានបណ្ដេញចេញពីអំណាចនៅឆ្នាំ ១៩៩០ ដោយប្រធានាធិបតី Ghulam Ishaq Khan ក្រោមការជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ ហើយស្វាមីលោកស្រីលោកអាស៊ីហ្វ អាលី ហ្សាដារីត្រូវបានចាប់ខ្លួន និងជាប់គុករយៈពេលពីរឆ្នាំស្ដីពីបទប្រព្រឹត្តអំពើពុករលួយ។ លោកណាវ៉ា សារីហ្វ បានឡើងកាន់អំណាចក្រោយការបោះឆ្នោត ខែ តុលា ១៩៩០។ លោកស្រីបានក្លាយជាមេបក្សប្រឆាំង នៅពេលដែលលោក ណាវ៉ា សារីហ្វ កាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៣ ឆ្នាំបន្ទាប់។
ការបោះឆ្នោត បានធ្វើឡើងម្ដងទៀតនៅខែ តុលា ១៩៩៣ ហើយសម្ពន្ធភាពនៃគណបក្សប្រជាជនប៉ាគីស្ថាន បានទទួលសំឡេងឈ្នះដាច់ខាត បាននាំលោកស្រីប៊ូតូឲ្យត្រឡប់មកកាន់អំណាចសាជាថ្មី ដែលអនុញ្ញាតឲ្យគាត់បន្តអនុវត្តគំនិតធ្វើកំណែទម្រង់តទៅទៀត។ នៅឆ្នាំ ១៩៩៦ ដោយសាររឿងអាស្រូវនៃអំពើពុករលួយផ្សេងៗជាច្រើន លោកស្រីប៊ូតូ ត្រូវបានបណ្ដេញចេញពីអំណាចម្ដងទៀត ដោយប្រធានាធិបតី Farooq Leghari ដែលបានប្រើមាត្រា៨ ស្ដីពីអំណាចនៃការសម្រេចចិត្ត ដើម្បីរំលាយរដ្ឋាភិបាល។
គោលនយោបាយសម្រាប់ស្ត្រី
[កែប្រែ]ក្នុងកំលុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត រដ្ឋាភិបាលលោកស្រីប៊ូតូ បានលើកឡើងពីកង្វល់អំពីបញ្ហាសង្គម និងសុខុមាលភាពរបស់ស្ត្រី ដោយរួមបញ្ចូលទាំងការរើសអើងប្រឆាំងស្ត្រីផងដែរ។ លោកស្រីប៊ូតូ បានប្រកាសនូវគម្រោងបង្កើតឲ្យមាន ស្ថានីយប៉ូលិស តុលាការ និងធនាគារអភិវឌ្ឍន៍សម្រាប់ស្ត្រី។ បើទោះជា ផែនការទាំងបីនេះ លោកស្រីប៊ូតូ មិនបានដាក់សំណើទៅសភាណាមួយ ដើម្បីលើកកម្ពស់សេវាសុខុមាលភាពសម្រាប់ស្ត្រីក៏ដោយ។ ក្នុងកំលុងពេលនៃយុទ្ធនាការឃោសនារបស់គាត់ លោកស្រីបានសន្យាថានឹងលុបចោលច្បាប់វាទប្បដិវាទ (ដូចជាបទបញ្ញត្តិ Hudood និង Zina) ដែលបានរឹតត្បិតសិទ្ធសេរីភាពស្ត្រីនៅប្រទេសប៉ាគីស្ថាន។ លោកស្រីបាននិយាយបរិហារយ៉ាងខ្លាំងប្រឆាំងនឹងការពន្លូតកូន ដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺនៅឯសន្និសីទអន្តរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍនៅក្រុង Cairo ដែលលោកស្រីបានចោទប្រកាន់លោកខាងលិចថាបានបង្កើតឲ្យមាន ការផិតក្បត់ ការពន្លូតកូន ការអប់រំអំពីការរួមសង្វាស និងកត្តាផ្សេងទៀតដូចជា លក្ខណៈបុគ្គល សង្គម សាសនា ដែលបង្កប់នូវលក្ខណៈសង្គមផ្ទាល់របស់ពួកគេ។
បទបញ្ញត្តិ Zina ត្រូវបានលុបចោលជាស្ថាពរដោយលោកប្រធានាធិបតី ពែរវេ មូសារ៉ាហ្វ នៅខែ កក្កដា ២០០៦។
គោលនយោបាយស្ដីពីពួកតាលីបាន
[កែប្រែ]ពួកតាលីបាន បានឡើងកាន់អំណាចនៅក្រុងកាប៊ុល នៅខែ កញ្ញា ១៩៩៦។ ក្នុងកំលុងពេលដែល លោកស្រីប៊ូតូកំពុងតែគ្រប់គ្រងអំណាច ពួកតាលីបានបានពង្រីកអំណាចនៅពាសពេញប្រទេសអាហ្វហ្គានីស្ថានទាំងមូល។ តាមរយៈអ្នកនិពន្ធ Stephen Coll សរសេរថា លោកស្រីប៊ូតូ ក៏ដូចជាមេដឹកនាំជាច្រើននៅពេលនោះដែរ បានសម្លឹងឃើញថាពួកតាលីបានគឺជាក្រុមមួយ ដែលអាចនាំស្ថិរភាពឲ្យប្រទេសអាហ្វហ្គានីស្ថាន និងអាចធ្វើការដោះដូរពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ីកណ្ដាលបាន។ គាត់បានអះអាងទៀតថា ដូចជាសហរដ្ឋអាមេរិកដែរ រដ្ឋាភិបាលលោកស្រីប៊ូតូ បានផ្ដល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ពួកតាលីបាន បើទោះជាមានការបញ្ជូននូវកងទ័ពប៉ាគីស្ថានមួយចំនួនតូចទៅអាហ្វហ្គានីស្ថានក៏ដោយ។
ថ្មីៗនេះទៀត លោកស្រីមានជំហរប្រឆាំងពួកតាលីបាន ហើយបានថ្កោលទោសដល់សកម្មភាពវាយប្រហារភេរវកម្មជាច្រើន ថាបានរៀបចំឡើងដោយពួកតាលីបាន និងអ្នកគាំទ្ររបស់ពួកនេះ។
បទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ
[កែប្រែ]ឯកសារបារាំង ប៉ូឡូញ អេស្ប៉ាញ និងស្វីស បានផ្ដល់ទហនវត្ថុពីបទចោទប្រកាន់ស្ដីពីការប្រព្រឹត្តអំពើពុករលួយប្រឆាំងលោកស្រីប៊ូតូ និងស្វាមីរបស់គាត់។ ពួកគាត់ត្រូវប្រឈមមុខនឹងពាក្យបណ្ដឹង ដោយរួមបញ្ចូលទាំងបទចោទប្រកាន់ពីការបង្វិលប្រាក់នៅធនាគារស្វីសផងដែរ។ ថ្វីបើពុំដែលមានការកាត់ទោសក៏ដោយ ស្វាមីរបស់លោកស្រី លោក អាស៊ីហ្វ អាលី ហ្សាដារី បានជាប់ឃុំនៅក្នុងគុករយៈពេល ៨ ឆ្នាំ ស្ដីពីបទចោទប្រកាន់ការប្រព្រឹត្តអំពើពុករលួយស្រដៀងគ្នានេះដែរ។ ក្រោយពីការដោះលែងឲ្យមានសេរីភាពដោយបង់ប្រាក់ធានានៅឆ្នាំ ២០០៤ លោកហ្សាដារី បានសន្មតថា ពេលនៅការរយៈពេលនៅក្នុងគុករបស់គាត់មានជាប់ពាក់ព័ន្ធការធ្វើទារុណកម្ម។ ក្រុមសិទ្ធិមនុស្ស ដែលគាំទ្រការអះអាងរបស់គាត់ថា សិទ្ធរបស់គាត់ត្រូវបានគេរំលោភ។
តាមរបាយស៊ើបអង្កេតមួយរបស់កាសែត ញូវយ៉ក ថែមស៍ (New York Times) នៅឆ្នាំ ១៩៩៨ បានអះអាងថា ក្រុមអ្នកស៊ើបអង្កេតប៉ាគីស្ថានមានឯកសារ ដែលលាតត្រដាងពីបណ្ដាញនៃគណនីធនាគារ ដោយមានទំនាក់ទំនងទៅនឹងមេធាវីទាំងអស់របស់គ្រួសារលោកស្រីប៊ូតូ ជាមួយលោក អាស៊ីហ្វ អាលី ហ្សាដារី ជាម្ចាស់ភាគហ៊ុនធំ។ ដោយផ្អែកតាមអត្ថបទនេះ ឯកសារដែលចេញផ្សាយដោយអាជ្ញាធរបារាំង បានបញ្ជាក់ថាលោក ហ្សាដារី បានផ្ដល់សិទ្ធិផ្ដាច់មុខ ឲ្យទៅក្រុមហ៊ុន Dassault ដែលជាសហគ្រាសផលិតយន្តហោះចម្បាំងរបស់បារាំង ជំនួសក្រុមហ៊ុនផលិតយន្តហោះចម្បាំង fighter jets ដោយមានកម្រៃជើងសា ៥% ទៅឲ្យសាជីវកម្មស្វីសដែលគ្រប់គ្រងដោយលោកហ្សាដារី សម្រាប់ការផ្លាស់ប្ដូរនេះ។ អត្ថបទនេះ ក៏បាននិយាយដែរថា ក្រុមហ៊ុនឌូបៃ (Dubai Company) បានទទួលអាជ្ញាប័ណ្ណផ្ដាច់មុខក្នុងការនាំមាសចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដែលលោកហ្សាដារីទទួលបានប្រាក់ជាង ១០ លានដុល្លារ ទៅក្នុងគណនីរបស់គាត់នៅធនាគារ Citibank សាខាក្រុងឌូបៃ។ ម្ចាស់ក្រុមហ៊ុនបានបដិសេធថាគាត់ពុំបានផ្ដល់ប្រាក់ទៅឲ្យលោកហ្សាដារីទេ ហើយបានអះអាងថាឯកសារទាំងនោះត្រូវបានគេប្រឌិតឡើង។
លោកស្រីបានការពារចំពោះការចោទប្រកាន់ទាំងនោះថាអំពើរបស់លោកស្រី និងស្វាមី គឺជានយោបាយដ៏បរិសុទ្ធ។ របាយការណ៍របស់ AGP (Auditor General of Pakistan) បានគាំទ្រដល់អះអាងរបស់លោកស្រីប៊ូតូ។ វាបានផ្ដល់ព័ត៌មានដល់ការសម្រេចចិត្តក្នុងការបណ្ដេញលោកស្រីប៊ូតូ ចេញពីអំណាចនៅឆ្នាំ ១៩៩០ ដោយលោកប្រធានាធិបតី Ghulam Ishaq Khan ។ របាយការណ៍របស់ AGP បាននិយាយថា លោកប្រធានាធិបតី Ghulam Ishaq Khan បានចំណាយប្រាក់ ២៨ លានរូពី ដោយខុសច្បាប់ឲ្យទៅពួកអ្នកច្បាប់ជាច្រើននៅក្នុងសំណុំរឿងអំពើពុករលួយចំនួន ១៩ ករណីប្រឆាំងលោកស្រីប៊ូតូ និងស្វាមីលោកស្រី នៅឆ្នាំ ១៩៩០ ដល់ ឆ្នាំ ១៩៩២។
ការធ្វើនិរទេសដើមទសវត្សឆ្នាំ ២០០០
[កែប្រែ]នៅឆ្នាំ ២០០២ ប្រធានាធិបតីប៉ាគីស្ថាន ពែរវេ មូសារាហ្វ បានធ្វើការកែរដ្ឋធម្មនុញ្ញ ដែលពុំអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីកាន់តំណែងលើសពី ២ អាណត្តិទេ។ ច្បាប់នេះបានបិទផ្លូវមិនឲ្យលោកស្រីប៊ូតូ សម្រាប់ការប្រកួតប្រជែងដណ្ដើមតំណែងនាយករដ្ឋមន្ត្រីជាថ្មីបានឡើយ។ ការកែប្រែនេះត្រូវបានគេសន្មតថាជាការប្រឆាំងដោយផ្ទាល់ទៅលើលោកស្រីប៊ូតូ និងអតីតីនាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ។ នៅថ្ងៃទី ០៣ សីហា ២០០៣ លោកស្រីប៊ូតូបានក្លាយជាសមាជិកនៃ Minhaj ul Quran International (ដែលជាអង្គការអន្តរជាតិមួយសម្រាប់អប់រំ និងលើកកម្ពស់សាសនាឥស្លាម)។
នៅពេលរស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអ៊ិមីរ៉េត លោកស្រីបានមើលថែកូនបីនាក់ និងម្ដាយរបស់លោកស្រី ដែលបានយាយីដោយជំងឺ Alzheimer's disease ដែលបានធ្វើដំណើរទៅឲ្យដំបូន្មាន និងរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រគណបក្សប្រជាជនប៉ាគីស្ថានរបស់គាត់។ ពួកគេបានជួបជុំជាមួយស្វាមីរបស់លោកស្រីវិញនៅខែ ធ្នូ ២០០៤ ក្រោយពីការបែកគ្នាអស់រយៈពេល ៥ ឆ្នាំមក។ នៅឆ្នាំ ២០០៦ ប៉ូលិសអាំងទែរប៉ូល បានស្វែងរកចាប់ខ្លួនលោកស្រីប៊ូតូ និងស្វាមីរបស់គាត់ពីបទប្រព្រឹត្តអំពើពុករលួយ ដែលស្នើឡើងដោយរដ្ឋាភិបាលប៉ាគីស្ថាន។ លោកស្រីក៏បានចោទសួរអំពីនីតិក្រមនៃលិខិតស្វែងរកចាប់ខ្លួននៃប៉ូលិសអាំងទែរប៉ូលផងដែរ។ នៅថ្ងៃទី ២៧ មករា ២០០៧ លោកស្រីត្រូវបានអញ្ជើញដោយសហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី ចច ដាប៊ិលយូ ប៊ូស។ លោកស្រីប៊ូតូ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ BBC នៅក្នុងកម្មវិធីនាទីចោទសួរ (Question Time) នៅប្រទេសអង់គ្លេស នៅខែ មីនា ២០០៧។ លោកស្រីក៏បានបង្ហាញមុខជាច្រើនលើកផងដែរនៅក្នុងកម្មវិធី ព័ត៌មានពេលរាត្រី (Newsnight) នៅកញ្ចក់ទូរទស្សន៍ BBC ។
លោកស្រីប៊ូតូ បានប្រកាសពីចេតនារបស់គាត់ក្នុងការត្រឡប់ចូលប្រទេសប៉ាគីស្ថានវិញនៅក្នុងឆ្នាំ ២០០៧ ដូចដែលគាត់បានសន្យាមែន បើទោះជាមានសេចក្ដីថ្លែងការរបស់លោកមូសារ៉ាហ្វ នៅខែ ឧសភា ឆ្នាំ ២០០៧ ថានឹងមិនអនុញ្ញាតឲ្យលោកស្រីវិលត្រឡប់មកដឹកនាំការបោះឆ្នោតសកល ដែលបម្រុងធ្វើនៅចុងឆ្នាំ ២០០៧ ឬ ដើមឆ្នាំ ២០០៨ នោះឡើយ។ លោកស្រីប៊ូតូ ត្រូវបានគេរំពឹងថាអាចនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត។
អ្នកប្រវត្តិសាស្ត្រអាមេរិក Arthur Herman នៅក្នុងបញ្ញត្តិហាមឃាត់ ដែលបានចេញផ្សាយនៅ សារព័ត៌មាន Wall Street នៅថ្ងៃទី ១៤ មិថុនា ២០០៧ ដែលជាការឆ្លើយតបចំពោះលោកស្រីប៊ូតូ ដែលអាចកំណត់នូវអនាគតនៃតំណែងប្រធានាធិបតី និងជីវិតនយោបាយរបស់គាត់ ដោយនិយាយថា លោកស្រីគឺជាមេដឹកនាំអសមត្ថភាពបំផុតនៅអាស៊ីខាងត្បូង ហើយបានពោលអះអាងថា លោកស្រីប៊ូតូ និងវរជនដទៃទៀតនៅប៉ាគីស្ថាន បានស្អប់លោកមូសារ៉ាហ្វ ព្រោះតែ លោកជា muhajir ដែលជាកូនប្រុសនៃជនមូស្លីមឥណ្ឌារាប់លាននាក់ ដែលបានចូលមកប៉ាគីស្ថានក្នុងពេលទទួលឯករាជ្យនៅឆ្នាំ ១៩៤៧ ។
ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្ដាលឆ្នាំ ២០០៧ សហរដ្ឋអាមេរិកហាក់ដូចជាជំរុញឲ្យលោកមូសារ៉ាហ្វ ធ្វើការចរចាចែករំលែកអំណាចជាមួយលោកស្រីប៊ូតូ ដោយទុកឲ្យលោកមូសារ៉ាហ្វខ្លួនឯងនៅរក្សាតំណែងជាប្រធានាធិបតីដដែល ដោយបោះបង់តំណែងមេបញ្ជាការកងទ័ព ហើយលោកស្រីប៊ូតូ ត្រូវឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
- ការបោះឆ្នោតឆ្នាំ ២០០២
គណបក្សប្រជាជនប៉ាគីស្ថានដែលដឹកនាំដោយលោកស្រីប៊ូតូ បានទទួលសំឡេងគាំទ្រច្រើនជាងគេ (២៨.៤២%) និងអាសនៈចំនួន ៨០ (២៣.១៦%) នៅក្នុងសភាជាតិ នៅក្នុងបោះឆ្នោតសកល ខែ តុលា ២០០២។ គណបក្ស PML-N ដែលដឹកនាំដោយលោកណាវ៉ា សារីហ្វ បានទទួលអាសនៈតែ ១៨ ប៉ុណ្ណោះ។ បេក្ខជនជាប់ឆ្នោតខ្លះនៃគណបក្សប្រជាជនប៉ាគីស្ថាន (PPP) បានបង្កើតបក្សពួកខ្លួនផ្ទាល់ ដែលហៅថា PPP-Patriots (អ្នកស្នេហាជាតិនៃគណបក្សប្រជាជនប៉ាគីស្ថាន) ដឹកនាំដោយលោក Makhdoom Faisal Saleh Hayat ដែលជាអតីតអ្នកដឹកនាំនៃ គណបក្សប្រជាជនប៉ាគីស្ថានរបស់លោកស្រីប៊ូតូ។ ក្រោយមកពួកគេបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស PML-Q របស់លោកមូសារ៉ាហ្វ។
ការធ្វើមាតុភូមិនិវត្តន៍ និងការប៉ុនប៉ងធ្វើឃាត
[កែប្រែ]លទ្ធភាពចែករំលែកអំណាចជាមួយលោកមូសារ៉ាហ្វ
[កែប្រែ]នៅពាក់កណ្ដាលឆ្នាំ ២០០២ លោកប្រធានាធិបតី មូសារ៉ាហ្វ បានកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែពីរអាណត្តិប៉ុណ្ណោះ។ ទាំងលោកស្រីប៊ូតូ និងសត្រូវរបស់លោកមូសារ៉ាហ្វ គឺលោក ណាវ៉ា សារីហ្វ សុទ្ធតែបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរលើករួចមកហើយ។ សម្ពន្ធភាពរបស់លោកមូសារ៉ាហ្វ នៅក្នុងសភា ជាពិសេសគណបក្ស PML-Q មិនដូចគ្នាឡើយគឺអាចមានឱកាសកាន់តំណែងជានាយករដ្ឋមន្ត្រីជាលើកទីបីបាន លើកលែងតែករណីលោកស្រីប៊ូតូ និងលោកណាវ៉ា សារីហ្វ។
នៅខែ កក្កដា ឆ្នាំ ២០០៧ ការផ្អឹបទុកប្រាក់មួយចំនួនរបស់លោកស្រីប៊ូតូ ត្រូវបានបញ្ចប់ តែលោកស្រីនៅតែប្រឈមមុខនឹងបទចោទប្រកាន់សំខាន់ៗមួយចំនួនដដែល។ កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០០៧ នៅក្នុងបទសម្ភាសជាមួយ Canadian Broadcasting Corporation លោកស្រីបានប្រាប់ឲ្យដឹងពីជំនួបស្ដីពីបំណងត្រឡប់ចូលប្រទេស ប៉ាគីស្ថានវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០០៨ ដែលលោកមូសារ៉ាហ្វ នៅរក្សាតំណែងប្រធានាធិបតី និងលោកស្រីជានាយករដ្ឋមន្ត្រី។ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០០៧ លោកស្រីប៊ូតូ បានប្រកាសថាលោកមូសារ៉ាហ្វ គួរលាឈប់ពីមេបញ្ជាការកងទ័ព។ នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០០៧ លោកស្រីបានប្ដេជ្ញាថានឹងត្រឡប់ចូលប្រទេសប៉ាគីស្ថានក្នុងពេលឆាប់ៗខាងមុខ ដោយមិនខ្វល់ខ្វាយថាតើត្រូវចែកអំណាចជាមួយលោកមូសារ៉ាហ្វ ឬក៏អត់នោះឡើយ។
នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០០៧ លោកស្រីប៊ូតូ បានចោទប្រកាន់សម្ពន្ធភាពលោកមូសារ៉ាហ្វថាបានធ្វើឲ្យប្រទេសប៉ាគីស្ថានធ្លាក់ចូលទៅក្នុងវិបត្តិ ដោយសារការបដិសេធរបស់របស់ពួកគេចំពោះការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងការចែករំលែកអំណាច។ លោកស្រីប៊ូតូ បានមានប្រសាសន៍ថា គណបក្សរបស់លោកស្រីអាចចូលរួមជាមួយគណបក្សប្រឆាំងផ្សេងទៀត ជាពិសេសជាមួយគណបក្សរបស់លោកណាវ៉ា សារីហ្វ។ លោកអគ្គមេធាវី Malik Mohammed Qayyum បានមានប្រសាសន៍ថាគណៈកម្មាធិការរៀបចំការបោះឆ្នោតមានការស្ទាក់ស្ទើរក្នុងការកំណត់កាលបរិច្ឆេទសម្រាប់បោះឆ្នោតប្រធានាធិបតី។ លោក Farhatullah Babar មកពីគណបក្សរបស់លោកស្រីប៊ូតូ បាននិយាយថា រដ្ឋធម្មនុញ្ញប៉ាគីស្ថានអាចរារាំងលោក មូសារ៉ាហ្វមិនឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបាន ព្រោះលោកជាមេបញ្ជាការកងទ័ពរួចទៅហើយ ខណៈដែលលោកមូសារ៉ាហ្វ ត្រូវបានរារាំងមិនឲ្យប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតី គាត់បានបញ្ជាឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតរំលោភ និងជាន់ឈ្លីរដ្ឋធម្មនុញ្ញនៃប្រទេសប៉ាគីស្ថាន។
លោកមូសារ៉ាហ្វ បានត្រៀមខ្លួនដើម្បីកាន់តួនាទីស៊ីវិលវិញ ដោយលាលែងពីមេបញ្ជាការកងទ័ព។ គាត់នៅតែប្រឈមមុខនឹងឧបសគ្គចំពោះដំណើរការបោះឆ្នោតឡើងវិញ។ នៅថ្ងៃទី ០២ តុលា ២០០៧ លោកមូសារ៉ាហ្វ បានដាក់ឈ្មោះលោកឧត្ដមសេនីយ៍ Ashfaq Kayani ដែលជាមេបញ្ជាការរងកងទ័ព ជាអ្នកស្នងតំណែងពីរូបលោកចាប់ពីថ្ងៃទី ០៨ តុលា ២០០៧ តទៅ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត។ នៅថ្ងៃទី ០៥ តុលា ២០០៧ លោកមូសារ៉ាហ្វ បានចុះហត្ថលេខាលើច្បាប់ស្ដីអំពីការផ្សះផ្សាជាតិ ដែលផ្ដល់ការលើកលែងទោសដល់លោកស្រីប៊ូតូ និងមេដឹកនាំនយោបាយដទៃទៀត លើកលែងតែអតីតនាយករដ្ឋមន្ត្រីកំពុងនិរទេសលោក ណាវ៉ា សារីហ្វ។ ច្បាប់នេះបានចេញមួយថ្ងៃមុនលោកមូសារ៉ាហ្វ ត្រូវប្រឈមមុខនឹងការបោះឆ្នោតប្រធានាធិបតីដ៏លំបាក។ ទាំងគណបក្សប្រឆាំង PPP របស់លោកស្រីប៊ូតូ និងគណបក្សកាន់អំណាច PML-Q របស់លោកមូសារ៉ាហ្វ បានពាក់ព័ន្ធនឹងការចរចាទុកជាមុនអំពីការបែងចែកអំណាច។ នៅក្នុងដំណើរវិលត្រឡប់មកមាតុប្រទេសវិញ លោកស្រីប៊ូតូ និងគណបក្សប្រជាជនប៉ាគីស្ថាន បានយល់ព្រមមិនធ្វើពហិការបោះឆ្នោតប្រធានាធិបតីទេ។ នៅថ្ងៃទី ០៦ តុលា ២០០៧ លោកមូសារ៉ាហ្វ បានឈ្នះឆ្នោតដោយសភាសម្រាប់តំណែងប្រធានាធិបតី។ ទោះជាយ៉ាងណាក៏ដោយ តុលាការកំពូល បានកំណត់ថាគ្មានអ្នកឈ្នះណាម្នាក់អាចត្រូវបានប្រកាសជាផ្លូវការទេរហូតដល់ពេលមានសេចក្ដីសម្រេចជាចុងក្រោយថាតើ ជ័យជម្នះរបស់លោកមូសារ៉ាហ្វជាការស្របច្បាប់ដែរឬទេ ខណៈដែលលោកនៅកាន់តំណែងជាមេបញ្ជាការកងទ័ពនៅឡើយ។ គណបក្សប្រជាជនប៉ាគីស្ថានរបស់លោកស្រីប៊ូតូ មិនបានចូលរួមធ្វើពហិការជាមួយគណបក្សប្រឆាំងដទៃទៀតទេ ប៉ុន្តែបានបោះឆ្នោតអនុបវាទ។ ក្រោយមកលោកស្រីប៊ូតូ បានទាមទារការធានាសុវត្ថិភាពពីប្រធានាធិបតី។ លោកស្រីក៏បានទិញកិច្ចសន្យាពីភ្នាក់ងារសន្តិសុខបរទេសសម្រាប់ការពារសុវត្ថិភាពរបស់គាត់ផងដែរ។
ការធ្វើមាតុភូមិនិវត្តន៍
[កែប្រែ]លោកស្រីប៊ូតូ បានដឹងយ៉ាងច្បាស់ពីគ្រោះថ្នាក់ដល់ជីវិត ដែលបណ្ដាលមកពីការធ្វើមាតុភូមិនិវត្តន៍ចូលមាតុប្រទេស ដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់តួនាទីជាអ្នកដឹកនាំរបស់លោកស្រី។ នៅក្នុងបទសម្ភាសកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០០៧ ជាមួយលោក Wolf Blitzer អ្នកយកព័ត៌មានរបស់ CNN លោកស្រីបានដឹងរួចជាស្រេចអំពីលទ្ធភាពនៃការវាយប្រហារលើរូបគាត់។
ក្រោយរយៈពេល ០៨ ឆ្នាំ នៃការនិរទេសនៅទីក្រុងឌូបៃ និងទីក្រុងឡុងដ៍ លោកស្រីប៊ូតូ បានត្រឡប់ទៅទីក្រុងការ៉ាជី នៅថ្ងៃទី ១៨ តុលា ២០០៧ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០០៨។
នៅក្នុងការជួបជុំមួយដើម្បីទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់លោកស្រីប៊ូតូ នៅទីក្រុងការ៉ាជី នាថ្ងៃទី ១៨ តុលា ២០០៧ មានការវាយប្រហារគ្រាប់បែកពីរប្រកិតៗគ្នា ក្រោយពីការមកដល់ និងចាកចេញពីប្រលានយន្តហោះអន្តរជាតិជីនណាហ៍ (Jinnah International Airport) របស់លោកស្រី។ លោកស្រីមិនបានរងរបួសក្នុងការផ្ទុះគ្រាប់បែកនោះទេ ប៉ុន្តែក្រោយមកគេបានដឹងថាមានមនុស្ស ១៣៦ នាក់បានបាត់បង់ជីវិត និងយ៉ាងហោច ៤៥០ នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារអត្តឃាតមួយ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានយ៉ាងហោចណាស់ កងការពារ ៥០ នាក់មកពីគណបក្សប្រជាជនប៉ាគីស្ថាន និងភ្នាក់ងារប៉ូលិស ០៦ នាក់ផងដែរ។
ក្រោយមក លោកស្រីប៊ូតូ បានបញ្ជាក់ថា លោកស្រីបានព្រមានរដ្ឋាភិបាលប៉ាគីស្ថាន ថាការវាយប្រហារគ្រាប់បែកអត្តឃាតនេះអាចសំដៅមកលើការវិលត្រឡប់របស់លោកស្រី ហើយថារដ្ឋាភិបាលបានបរាជ័យចំពោះសកម្មភាពនេះ។ លោកស្រីមានការប្រយ័ត្នប្រយែងមិនស្ដីបន្ទោសលោកពែរវេ មូសារ៉ាហ្វ ចំពោះការវាយប្រហារនេះទេ ជំនួសដោយការចោទប្រកាន់ថា ពិតជាមានបុគ្គលខ្លះនៅក្នុងរដ្ឋាភិបាល ដែលបានបំពានចំពោះតួនាទី និងអំណាចរបស់ពួកគេ។ ក្រោយពីការប៉ុនប៉ងធ្វើឃាតលើរូបលោកស្រីភ្លាម លោកស្រីប៊ូតូ បានសរសេរលិខិតមួយជូនលោកមូសារ៉ាហ្វ ដោយកំណត់ឈ្មោះមនុស្ស ០៤ នាក់ដែលសង្ស័យនៅពីក្រោយការវាយប្រហារនេះ។ មនុស្សទាំងនោះមាន លោក Chaudhry Pervaiz ជាប្រមុខខេត្តប៉ានចាប លោក Hamid Gul អតីតនាយកនៃ Inter-Services Intelligence, លោក Ijaz Shah ជាអគ្គនាយកនៃ Intelligence Bureau និងម្នាក់ទៀតជាភ្នាក់ងារជំនាញរបស់ប្រទេស។ ជនទាំងអស់នោះសុទ្ធតែជាមនុស្សជំនិតរបស់លោកឧត្ដមសេនីយ៍ មូសារ៉ាហ្វ ។
ពីរបីថ្ងៃក្រោយមក មេធាវីរបស់លោកស្រីប៊ូតូ Farooq H. Naik បានមានប្រសាសន៍ថាគាត់បានទទួលសំបុត្រមួយច្បាប់ដែលគំរាមសម្លាប់កូនក្ដីរបស់គាត់។ សំបុត្រនោះបានបញ្ជាក់ថាមានពាក់ព័ន្ធនឹងពួកអាល់កៃដាដែលដឹកនាំដោយអូសាម៉ា ប៊ិនឡាឌិន (Osama bin Laden) ។
រដ្ឋក្នុងភាពអាសន្ន ឆ្នាំ ២០០៧ និងការឆ្លើយតប
[កែប្រែ]នៅថ្ងៃទី ០៣ វិច្ឆិកា ២០០៧ លោកប្រធានាធិបតី ពែរវេ មូសារ៉ាហ្វ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ នៅពេលដឹងថាប្រទេសប៉ាគីស្ថានត្រូវប្រឈមនឹងវិបត្តិនយោបាយហើយ លោកស្រីបានកំណត់ថាការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរបស់លោកមូសារ៉ាហ្វ នឹងបង្កការលំបាកដល់ការធ្វើឲ្យមានការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ណាស់ ប្រសិនបើមិនដកវាចេញទេ។ លោកស្រីបានមានប្រសាសន៍ថា ពួកបះបោរត្រូវការអំណាចផ្ដាច់ការ ហើយអំណាចផ្ដាច់ការត្រូវការពួកបះបោរ។
នៅថ្ងៃទី ០៨ វិច្ឆិកា ២០០៧ លោកស្រីប៊ូតូ ត្រូវជាប់ឃុំខ្លួននៅក្នុងផ្ទះ តែពីរបីម៉ោងមុននេះ លោកស្រីបានដឹកនាំ និងនិយាយទៅកាន់ការប្រជុំមួយប្រឆាំងនឹងការដាក់ប្រទេសក្នុងភាពអាសន្ន។
ក្នុងពេលសម្ភាសតាមទូរស័ព្ទជាមួយវិទ្យុជាតិសាធារណៈ (National Public Radio) នៃសហរដ្ឋអាមេរិក លោកស្រីប៊ូតូ បាននិយាយថា ខ្ញុំមានសេរីភាពដើរហើរនៅក្នុងផ្ទះតែប៉ុណ្ណោះ។ ខ្ញុំពុំមានសេរីភាពដើរហើរនៅក្រៅផ្ទះឡើយ។ ពួកគេបានដាក់កម្លាំងប៉ូលិសយ៉ាងច្រើន ហើយយើងមានកម្លាំងប៉ូលិស ៤០០០ នាក់នៅជុំវិញជញ្ជាំងផ្ទះទាំងបួនរបស់ខ្ញុំ គឺ ១០០០ នាក់ក្នុងមួយជ្រុង។
ពីរបីថ្ងៃក្រោយមក រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសថាការឃាត់ខ្លួនលោកស្រីប៊ូតូត្រូវបានដកចេញ ហើយលោកស្រីអាចមានសេរីភាពក្នុងការធ្វើដំណើរ និងបង្ហាញខ្លួនជាសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ក៏មេដឹកនាំគណបក្សនយោបាយប្រឆាំងដទៃទៀតនៅតែត្រូវគេហាមឃាត់មិនឲ្យនិយាយស្ដីជាសាធារណៈដដែល។
ការធ្វើឃាត
[កែប្រែ]នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ លោកស្រីប៊ូតូ ត្រូវបានគេធ្វើឃាតក្រោយពីចាកចេញពីកន្លែងជួបជុំនៃគណបក្សប្រជាជនប៉ាគីស្ថានរបស់គាត់នៅឯ Liaquat National Bagh ជាកន្លែងដែលគាត់បានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សរបស់គាត់យ៉ាងក្លាហាន នៅក្នុងយុទ្ធនាការឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតសភាដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០០៨។ ក្រោយការមកដល់នៃរថយន្តការពារគ្រាប់របស់គាត់ លោកស្រីប៊ូតូ បានក្រោកឈរផុតដំបូល ដើម្បីបក់ដៃទៅកាន់ហ្វូងមហាជន។ នៅខណៈនោះ ខ្មាន់កាំភ្លើងម្នាក់បានបាញ់តម្រង់ទៅកាន់គាត់ ហើយបន្ទាប់មកទៀត គ្រាប់បែកត្រូវបានគេធ្វើឲ្យផ្ទុះនៅជិតរថយន្តរបស់គាត់ ដែលបានសម្លាប់មនុស្សប្រមាណ ២០ នាក់។ លោកស្រីប៊ូតូ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Rawalpindi General Hospital ។ គាត់ត្រូវបានគ្រូពេទ្យធ្វើការវះកាត់នៅម៉ោង ១៧ និង៣៥ នាទី ម៉ោងនៅក្នុងស្រុក ហើយបានស្លាប់នៅម៉ោង ១៨ និង១៦ នាទី ថ្ងៃដដែល។
សាកសពរបស់លោកស្រីប៊ូតូ ត្រូវបានគេដឹកតាមយន្តហោះយោធាមួយគ្រឿងទៅកាន់ស្រុកកំណើតរបស់គាត់នៅ Garhi Khuda Bakhsh ស្រុក Larkana District ខេត្ត Sindh ហើយលោកអាស៊ីហ្វ ហ្សាដារី ស្វាមីរបស់លោកស្រីប៊ូតូ និងកូនរបស់គាត់ ៣ នាក់រួមទាំងមេដឹកនាំថ្នាក់ខ្ពស់ខ្លះ នៃគណបក្សប្រជាជនប៉ាគីស្ថានរបស់លោកស្រីក៏បានធ្វើដំណើរតាមយន្តហោះដឹកសពនោះដែរ។ សាកសពរបស់គាត់ ត្រូវបានគេបញ្ចុះបន្ទាប់ពីឪពុកនៅក្នុងផ្នូរសពគ្រួសារនៅក្នុងពិធីបុណ្យមួយ ដែលមានការចូលរួមពីអ្នកកាន់ទុក្ខរាប់ម៉ឺននាក់។
មានការខ្វែងគំនិតគ្នាខ្លះអំពីមូលហេតុនៃការស្លាប់របស់លោកស្រីប៊ូតូ។ ស្វាមីលោកស្រី បានបដិសេធពុំអនុញ្ញាតឲ្យគាស់សពដើម្បីធ្វើការវះកាត់ពិនិត្យសាកសពឡើយ។ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០៨ ក្រសួងមហាផ្ទៃប៉ាគីស្ថាន បានអះអាងថាលោកស្រីបានស្លាប់ដោយសារការបោកក្បាលនឹងរថយន្ត ហើយនៅពេលដែលគាត់បក់ដៃទៅកាន់ហ្វូងមនុស្ស កម្លាំងផ្ទុះបានធ្វើឲ្យក្បាលរបស់គាត់បោកទៅនឹងដងដែលបានចងភ្ជាប់នឹងដំបូលរថយន្ត ដែលបណ្ដាលឲ្យបែកប្រេះលលាដ៍ក្បាល។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរពេទ្យ បានអះអាងជាដំបូងថា លោកស្រីបានរងរបួសដោយសារអំបែងនៃគ្រាប់បែក ដែលធ្វើឲ្យក្បាលរបស់គាត់មានរបួសជាទម្ងន់ ដែលជាមូលហេតុនៃមរណភាពរបស់លោកស្រី។ អង្គរក្សរបស់លោកស្រីប៊ូតូ ក៏បានច្រានចោលការពន្យល់របស់ក្រសួងមហាផ្ទៃផងដែរ។
មេបញ្ជាការអាល់កៃដា (Al-Qaeda) Mustafa Abu al-Yazid បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលធ្លាប់បាននិយាយថាលោកស្រីប៊ូតូ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អាមេរិក។ រដ្ឋាភិបាលប៉ាគីស្ថាន ក៏បានអះអាងផងដែរថាខ្លួនមានភស្តុតាងដែលអាចបញ្ជាក់ថា ពួកអាល់កៃដាស្ថិតនៅពីក្រោយការវាយប្រហារនេះ។ តាមរបាយការណ៍របស់ CNN ថា ដំបូងឡើយក្រសួងមហាផ្ទៃ បានប្រាប់ដល់ទូរទស្សន៍ Geo TV របស់ប៉ាគីស្ថានថា អ្នកវាយប្រហារគ្រាប់បែកអត្តឃាតគឺ Lashkar i Jhangvi ដែលជាជនអាល់កៃដា ដែលមានទំនាក់ទំនងទៅនឹងក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានរដ្ឋាភិបាលស្ដីបន្ទោសពីបទសម្លាប់មនុស្សរាប់ពាន់នាក់។ រដ្ឋាភិបាលប៉ាគីស្ថាន បាននិយាយថា Baitullah Mehsud គឺជាមេខ្លោងដែលស្ថិតនៅពីក្រោយការធ្វើឃាតនេះ។ Lashkar i Jhangvi គឺជាសមាជិកអង្គការមូស្លីមបះបោរ Wahabi ដែលមានទំនាក់ទំនងជាមួយអាល់កៃដា ក៏ធ្លាប់បានប៉ុនប៉ងធ្វើឃាតទៅលើរូបលោកអតីតនាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ ដែលនិយាយឲ្យខ្លី គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់លោកស្រីប៊ូតូ ដែលមានអាយុ ៥៤ ឆ្នាំ ព្រមទាំងមនុស្សប្រមាណ ២០ នាក់ទៀតដែលស្ថិតនៅក្នុងហេតុការណ៍នោះ បើទោះជាមានការជំទាស់យ៉ាងខ្លាំងក្លា ពីសំណាក់គ្រួសារលោកស្រីប៊ូតូ ពីគណបក្សប្រជាជនប៉ាគីស្ថាន និងពី Baitullah Mehsud ។ នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០០៨ លោកប្រធានាធិបតី ពែរវេ មូសារ៉ាហ្វ បានអញ្ជើញប៉ូលិសអង់គ្លេសស្កុតឡែនយ៉ាត ឲ្យជួយធ្វើការស៊ើបអង្កេតករណីធ្វើឃាតលោកស្រីបេណាហ្សៀរ ប៊ូតូ ដោយលោកមិនសប្បាយចិត្ត ចំពោះការស៊ើបអង្កេតរបស់មនុស្សរបស់លោកឡើយ។
ករណីឃាតកម្មលើរូបលោកស្រី បេណាហ្សៀរ ប៊ូតូ ក៏ត្រូវបានស្ដីបន្ទោសផងដែរចំពោះភ្នាក់ងារជំនាញបរទេសជាច្រើន ដែលមានពាក់ព័ន្ធទៅនឹងអស្ថិរភាពនៅក្នុងប្រទេសប៉ាគីស្ថាន។
ប្រតិកម្មក្នុងប្រទេសប៉ាគីស្ថាន
[កែប្រែ]ក្រោយពីព្រឹត្តិការណ៍ឃាតកម្មលើរូបលោកស្រីប៊ូតូមក មានកុប្បកម្មជាច្រើនបានកើតឡើង ជាលទ្ធផលមនុស្សប្រមាណជា ២០ បានបាត់បង់ជីវិត ដែលក្នុងនោះមាន ៣ នាក់ជាមន្ត្រីប៉ូលិស។ រថយន្តប្រមាណ ២៥០ គ្រឿងត្រូវបានឆេះ។ អ្នកគាំទ្រដែលខឹងសម្បា និងអាក់អន់ចិត្តចំពោះការធ្វើឃាតលោកស្រីប៊ូតូ បានចោលដុំថ្មនៅខាងក្រៅមន្ទីរពេទ្យដែលគាត់បានសម្រាក។ រហូតដល់ថ្ងៃទី ២៩ ធ្នូ ២០០៧ រដ្ឋាភិបាលប៉ាគីស្ថាន បាននិយាយថាកុប្បករបានបំផ្លាញ ការិយាល័យបោះឆ្នោតចំនួន ៩, ធនាគារ ១៧៦, ស្ថានីយឥន្ធនៈ ៣៤, តួរថភ្លើង ៧២, ផ្លូវដែក ១៨ ខ្សែ, ក្រៅពីនេះនៅមាន រថយន្ត និង ហាងទំនិញ រាប់រយផ្សេងទៀត។
មេដឹកនាំគណបក្សប្រឆាំងម្នាក់ទៀតលោក ណាវ៉ា សារីហ្វ នៃគណបក្ស Pakistan Muslim League (N) បាននិយាយថា នេះគឺជាសោកនាដកម្មសម្រាប់គណបក្សរបស់លោកស្រីប៊ូតូ ហើយក៏ជាសោកនាដកម្មសម្រាប់គណបក្សរបស់យើង និងប្រទេសជាតិទាំងមូល។ លោកបានបន្ថែមទៀតថា នេះពុំមែនជាថ្ងៃក្រៀមក្រំទេ តែវាជាថ្ងៃដ៏ខ្មៅងងឹត ខ្មៅជាទីបំផុត សង្វេគជាទីបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។ អ្វីដែលពុំអាចគិតដល់ វាបានកើតឡើង។ អ្វីដែលមិនអាចនឹកស្មានដល់ ដែលមិនអាចគិតដល់ បានកើតឡើងហើយ។ លោកប្រធានាធិបតី ពែរវេ ម៊ូសារ៉ាហ្វ បានប្រកាសឲ្យមានការកាន់ទុក្ខរយៈពេលបីថ្ងៃ ហើយអំពាវនាវសូមឲ្យប្រជាជាតិទាំងមូលរក្សាភាពស្ងៀមស្ងាត់ និងបង្ហាញនូវភាពអត់ធ្មត់។
នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៧ មានព័ត៌មានពីការប្រជុំមួយរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនប៉ាគីស្ថាន ស្វាមីពោះម៉ាយរបស់គាត់ អាស៊ីហ្វ អាលី ហ្សាដារី និងកូនប្រុសរបស់គាត់ ប៊ីឡាវ៉ាល់ ប៊ូតូ ហ្សាដារី បានប្រកាសថា ប៊ីឡាវ៉ាល់ ប៊ូតូ ហ្សាដារី ដែលមានអាយុ ១៩ ឆ្នាំជាអ្នកបន្តតំណែងពីម្ដាយរបស់ខ្លួនជាប្រធានគណបក្សប្រជាជនប៉ាគីស្ថាន ដែលមានឪពុកជាអ្នកដឹកនាំគណបក្សនេះ រហូតដល់ពេលណាដែលកូនប្រុសរបស់គាត់បញ្ចប់ការសិក្សានៅ Christ Church, Oxford ។ ប៊ីឡាវ៉ាល់ បាននិយាយថា៖ "នៅពេលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងដឹកនាំគណបក្សនេះឲ្យដូចនូវអ្វីដែលម្ដាយរបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើ។ គណបក្សប្រជាជនប៉ាគីស្ថាន បានប្រកាសថានឹងចូលរួមការបោះឆ្នោតសភា នៅថ្ងៃទី ០៨ មករា ២០០៨ ខាងមុខនេះ ហើយលោក អាស៊ីហ្វ អាលី ហ្សាដារី បាននិយាយថាអនុប្រធានគណបក្សលោក Makhdoom Amin Fahim ទំនងជាក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សរបស់គាត់ ដោយហេតុថា ប៊ីឡាវ៉ាល់ពុំទាន់មានអាយុគ្រប់គ្រាន់សម្រាប់ឈរឈ្មោះជាសមាជិកសភាទេ។
នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៧ នោះដែរ គណបក្សប្រជាជនប៉ាគីស្ថានរបស់លោកស្រីប៊ូតូ បានស្នើឲ្យរដ្ឋាភិបាលអង់គ្លេស និងអង្គការសហប្រជាជាតិ ជួយធ្វើការស៊ើបអង្កេតលើករណីការស្លាប់របស់លោកស្រីប៊ូតូ។ ប៊ីឡាវ៉ាល់ ហ្សាដារី ប៊ូតូ ត្រូវបានជ្រើសតាំងជាប្រធានគណបក្សប្រឆាំងនៅក្នុងប្រទេសប៉ាគីស្ថានមួយនេះក្រោយមរណភាពរបស់ម្ដាយគាត់។ គណបក្សប្រជាជនប៉ាគីស្ថាន បានបញ្ចេញឲ្យដឹងនូវសំបុត្រមួយរបស់លោកស្រីប៊ូតូ ដែលគាត់បានសរសេរតែពីរសប្ដាហ៍ប៉ុណ្ណោះមុនពេលវិលត្រឡប់មកប្រទេសប៉ាគីស្ថានវិញ និងតែ ១២ សប្ដាហ៍ប៉ុណ្ណោះមុនគាត់ត្រូវបានគេធ្វើឃាត ដែលបានសរសេរសូមឲ្យស្វាមីរបស់លោកស្រីគឺលោក អាស៊ីហ្វ អាលី ហ្សាដារី បន្តតំណែងដឹកនាំគណបក្សរបស់លោកស្រី រហូតដល់ពេលណាដែលប្រធានថ្មីត្រូវបានជ្រើសតាំង។
ប្រតិកម្មពីអន្តរជាតិ
[កែប្រែ]មេដឹកនាំពិភពលោកបានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងក្លា ចំពោះការធ្វើឃាតមេដឹកនាំគណបក្សប្រឆាំងនៃប្រទេសប៉ាគីស្ថានគឺ លោកស្រី បេណាហ្សៀរ ប៊ូតូ កាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ កន្លងទៅនេះ ដោយបានហៅការសម្លាប់នោះថាជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យ នៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ។
- អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បានគីម៊ូន បានហៅការធ្វើឃាតនេះថា ជាឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ ដោយលោកបន្ថែមថា វាបង្ហាញឱ្យឃើញពីការវាយប្រហារទៅលើស្ថិរភាពនៅក្នុងប្រទេសប៉ាគីស្ថាន និងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះនៅមុនពេលបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០០៨។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការកោះប្រជុំជាបន្ទាន់មួយដោយបានចាត់ទុកការធ្វើឃាតនេះថាជាអំពើភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម។
- ប្រធានាធិបតីអាមេរិក លោក ចច ដាប៊ិលយូ ប៊ូស បានហៅការសម្លាប់នោះថាជាការកំសាក និងបានទូរស័ព្ទទៅកាន់លោកប្រធានាធិបតីប៉ាគីស្ថាន លោក ពែរវេ ម៊ូសារ៉ាហ្វ។ លោកប៊ូសថ្លែងថា “សហរដ្ឋអាមេរិកសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើដ៏កំសាក ដែលធ្វើឡើងដោយពួកនិយមជ្រុលដ៏កំណាចដែលកំពុងតែព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប៉ាគីស្ថាន“។
- នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ានម៉ូហាន ស៊ីង្ហ បាននិយាយថាគាត់មានការតក់ស្លុត និងរន្ធត់ជាពន់ពេកដែលបានទទួលដំណឹងពីការធ្វើឃាតដ៏គួរឲ្យស្អប់ខ្ពើមទៅលើរូបលោកស្រីប៊ូតូ ហើយសូមសំដែងនូវការចូលរួមរំលែកទុក្ខអស់ពីដួងចិត្តរបស់ខ្ញុំ ចំពោះគ្រួសាររបស់លោកស្រី និងប្រជាជនប៉ាគីស្ថានដែលបានរងគ្រោះនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ។
- ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកហាមីតកាហ្សៃ ដែលបានជួបលោកស្រីប៊ូតូ តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលលោកស្រី បានទទួលមរណភាពនោះបានហៅសកម្មភាពនេះថាជាអំពើដ៏សាហាវប្រឆាំងនឹងស្ត្រីដ៏ឆ្នើមម្នាក់នៃពិភពឥស្លាម។
- នាយករដ្ឋមន្ត្រីអង់គ្លេស លោក ហ្គ័រដុន ប្រោន បានថ្លែងថា លោកស្រីប៊ូតូត្រូវបានធ្វើឃាត ដោយពួកមនុស្សកំសាក ដែលខ្លាចលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែពួកភេរវករមិនអាចសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសប៉ាគីស្ថានបានឡើយ ហើយអំពើដ៏កំណាចនេះ បានបញ្ជាក់នូវដំណោះស្រាយរបស់យើងថានឹងមិនបណ្ដោយឲ្យពួកភេរវជនទទួលជ័យជម្នះនៅទីនោះ ក៏ដូចជានៅទីនេះ ឬក៏ទីកន្លែងផ្សេងទៀតនៅលើពិភពលោកឡើយ។ យើងនឹងធ្វើការជាមួយសហគមន៍ប៉ាគីស្ថានទាំងអស់នៅក្នុងប្រទេសអង់គ្លេស និងនៅកន្លែងផ្សេងទៀតនៅលើពិភពលោក ដូច្នេះយើងនឹងអាចនាំមកនូវសន្តិភាព សុវត្ថិភាព និងប្រជាធិបតេយ្យដល់ប្រទេសប៉ាគីស្ថាន ។
- អធិការបតីអាល្លឺម៉ង់ លោកស្រីអ៊ែនចឺឡា ម៊ែរកែល បានហៅការធ្វើឃាតនោះថាជាការវាយប្រហារភេរវកម្មដ៏កំសាកក្នុងបំណងធ្វើឲ្យប្រទេសប៉ាគីស្ថានអស្ថិរភាព។
- ប្រធានាធិបតីបារាំង លោកនីកូឡាស សាកូហ្ស៊ី បានមានប្រសាសន៍ថា ខ្ញុំសូមថ្កោលទោសយ៉ាងដាច់ខាតចំពោះអំពើដ៏គួរឲ្យស្អប់ខ្ពើមនេះ។ ភេរវនិយម និងអំពើហិង្សា មិនមានកន្លែងនៅក្នុងការការពិភាក្សាតាមបែបប្រជាធិបតេយ្យ និងនៅក្នុងការតស៊ូមតិ និងកម្មវិធីនយោបាយឡើយ។
- ប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀ ពូទីន និយាយថា លោកសង្ឃឹមថា ពួកអ្នករៀបចំអំពើឧក្រិដ្ឋនេះនឹងត្រូវរកឃើញ ហើយយកមកផ្ដន្ទាទោស។ វាត្រូវបានធ្វើឡើងដោយពួកភេរវនិយមប្រឆាំងនឹងប្រទេសប៉ាគីស្ថាន តែវាក៏ប្រឆាំងទៅនឹងសហគមន៍អន្តរជាតិផងដែរ។
- ប្រធានាធិបតីអ៊ីស្រាអែល Shimon Peres បាននិយាយថា លោកស្រី បេណាហ្សៀរ ប៊ូតូ គឺជាស្ត្រីដ៏ក្លាហាន ដែលមិនចេះបិទបាំងនូវទស្សនៈរបស់គាត់ឡើយ មិនដែលស្គាល់ភាពភ័យខ្លាច និងបម្រើប្រទេសប្រទេសជាតិរបស់គាត់ដោយសេចក្ដីអង់អាចក្លាហានបំផុត។
- ប្រធានគណៈកម្មការអឺរ៉ុប លោក ចូសេ ម៉ានូអែល បារ៉ូសូ (Jose Manuel Barroso) បានចាត់ទុកថានេះគឺជាការវាយប្រហារប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងប្រទេសប៉ាគីស្ថាន។ យើងសង្ឃឹមថាប៉ាគីស្ថាន នឹងនៅតែមានជំហររឹងប៉ឹងក្នុងការនាំយករបបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យស៊ីវិលមកវិញ។
- អគ្គលេខាធិការសម្ពន្ធអារ៉ាប់ Amr Moussa និយាយថា "យើងសូមថ្កោលទោសចំពោះការធ្វើឃាតនេះ និងជាអំពើភេរវកម្ម ហើយសូមឲ្យព្រះជាម្ចាស់ប្រទានពរដល់ព្រលឹងរបស់លោកស្រី"។
- អ្នកនាំពាក្យនៃបុរីវ៉ាទីកង់លោក Frederico Lombardi និយាយថា ការវាយប្រហារនេះបង្ហាញនូវផ្លូវដ៏លំបាកបំផុតក្នុងការនាំយកសន្តិភាពមកឲ្យ ប្រជាជាតិមួយ ដែលញាំញីទៅដោយអំពើហិង្សា។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយប្រជាជនប៉ាគីស្ថានទាំងអស់។
- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Qin Gang បាននិយាយថាប្រទេសចិនមានសេចក្ដីតក់ស្លុតជាខ្លាំងចំពោះការធ្វើឃាតប្រមុខបក្សប្រឆាំងប៉ាគីស្ថាន លោកស្រី បេណាហ្សៀរ ប៊ូតូ និងសូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ។
- អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ មហាម៉ាត់ អាលី ហូស្សេនី និយាយថា រដ្ឋាភិបាលប៉ាគីស្ថាន គួរតែប្រើប្រាស់ឲ្យអស់គ្រប់វិធីសាស្ត្រ ដើម្បីបង្ហាញអត្តសញ្ញាណក្រុមភេរវករដែលបានបង្កគ្រោះថ្នាក់នេះ និងផ្ដន្ទាទោសពួកនេះបង្ការកុំឲ្យពួកភេរវករមានឱកាសធ្វើការវាយប្រហារជាថ្មីទៀតបានឲ្យសោះ។
ការស៊ើបអង្កេតរបស់ប៉ូលិសស្កុតឡែនយ៉ាត
[កែប្រែ]កាសែតញូវយ៉ក ថែមស៍ រាយការណ៍នៅថ្ងៃសុក្រ ទី ០៨ កុម្ភៈ ២០០៨ នេះថា ប៉ូលិសអង់គ្លេសស្កុតឡែនយ៉ាតបានធ្វើការសន្និដ្ឋានថា លោកស្រី បេណាហ្សៀរ ប៊ូតូ មេដឹកនាំគណបក្សប្រឆាំងប៉ាគីស្ថាន បានស្លាប់ដោយសារតែកម្លាំងផ្ទុះនៃគ្រាប់បែកអត្តឃាត មិនមែនស្លាប់ដោយគ្រាប់កាំភ្លើងរបស់ឃាតកទេ។
ការរកឃើញនេះប្រសិនបើជាការពិតនោះ នឹងគាំទ្រចំពោះការពន្យល់របស់រដ្ឋាភិបាលប៉ាគីស្ថានជុំវិញមរណភាពរបស់លោកស្រីប៊ូតូ។ ប៉ូលិសទីក្រុងឡុងដែលបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតរបស់ខ្លួនទៅស្រាវជ្រាវមរណភាពនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នោះទេ។
អ្នកនាំពាក្យប៉ូលិសម្នាក់និយាយថា កងកម្លាំងប៉ូលិសនឹងមិននិយាយអំពីការរកឃើញរបស់ខ្លួនទេរហូតទាល់តែរបាយការណ៍នោះត្រូវបានចេញផ្សាយជាសាធារណៈ។
មានរឿងដ៏ចម្រូងចម្រាស បានកើតឡើងក្នុងប្រទេសប៉ាគីស្ថានស្ដីអំពីថាតើអ្នកនយោបាយដ៏មានប្រជាប្រិយភាពនេះបានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង ឬក៏ ដោយសារមុខរបួសដែលបណ្ដាលមកពីគ្រាប់បែក ដែលបានផ្ទុះឡើងបន្ទាប់ពីការបាញ់កាំភ្លើងមកលើលោកស្រីពីចម្ងាយយ៉ាងជិតបំផុត។
ក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងដោយក្រុម Gallup Pakistan បានឱ្យដឹងថា ប្រជាជនប៉ាគីស្ថានជិតពាក់កណ្ដាលជឿថាភ្នាក់ងាររដ្ឋាភិបាល ឬអ្នកនយោបាយដែលចងសម្ពន្ធភាពជាមួយលោកមូសារ៉ាហ្វមានជាប់ទាក់ទងក្នុងការធ្វើឃាតនេះ។
របាយការណ៍របស់ប៉ូលិសអង់គ្លេស ដែលនឹងត្រូវគេយកទៅប្រគល់ជូនរដ្ឋាភិបាលប៉ាគីស្ថាននិងគ្រួសាររបស់លោកស្រីប៊ូតូនៅថ្ងៃទី ០៨ កុម្ភៈ ២០០៨ នេះបាននិយាយថា លោកស្រីប៊ូតូស្លាប់បន្ទាប់ពីគ្រាប់បែកអត្តឃាតបានផ្ទុះឡើង ហើយកម្លាំងផ្ទុះបោកមកលើក្បាលរបស់លោកស្រី។ បើតាមកាសែតញូវយ៉ក ថែមស៍ បានឱ្យដឹងថា ការស៊ើបអង្កេតនោះបានកំណត់ថា មានខ្មាន់កាំភ្លើងតែម្នាក់ទេដែលរូបភាពរបស់ជននេះ ត្រូវគេថតបាននៅកន្លែងកើតហេតុគឺជាអ្នកបំផ្ទុះគ្រាប់បែកឡើង។ មុននេះមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា មានជនវាយប្រហារ ២ នាក់។