ហ្វារ័វ
ហ្វារ័វ ဝါရီရူး | |||||
---|---|---|---|---|---|
ក្សត្រនៃហង្សាវត្តី | |||||
រជ្ជកាល | ៤ មេសា ១២៨៧ – មករា ១៣០៧ | ||||
រាជាភិសេក | ១៩ មករា ១២៨៨ | ||||
អង្គមុន | គ្មាន | ||||
អង្គក្រោយ | ឃុនល | ||||
ប្រសូត | ២០ មីនា ១២៥៣ ថ្ងៃអង្គារ ៤ រោជ ចុងតាហ្គូ ៦១៤ ស.ម.[កំណត់ ១] សុធម្ម | ||||
សុគត | មករា ១៣០៧ (ព្រះជន្ម ៥៣) ថ្ងៃសៅរ៍ តាបូដវេ ស.ម. ៦៦៨[កំណត់ ២] មុំហ៍ | ||||
ជាយា | ម្នាងសយដាវ | ||||
| |||||
វង្ស | ហ្វារ្យូ | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
ហ្វារ័វ រឺ វារីរូៈ (ភូមា: ဝါရီရူး, បញ្ចេញសំឡេង [wàɹíjú]; ១២៥៣–១៣០៧) ជាស្ថាបនិកនៃនគររាមញ្ញមានទីតាំងស្ថិតនៅភូមាភាគខាងក្រោមសព្វថ្ងៃនេះ (មីយ៉ាន់ម៉ា)។ នគរត្រូវបានគេស្គាល់ជាទូទៅថា នគរហង្សាវត្តីបាគូ រឺ ជាធម្មតាថា បាគូ បើទោះជារាជធានីដំបូងគេនៅមុំហ៍ក៏ដោយ។ ដោយប្រើប្រាស់ជំនាញខាងការទូតនិងយោធា សាមញ្ញជនដែលជាបច្ឆាញាតិនៃពួកឝាន និងមន បានឆ្លាក់ចេញជារូបរាងនូវនគរមួយឱ្យជនជាតិមននៅភូមាក្រោមបន្តបន្ទាប់ពីការស្រុតចុះនៃចក្រភពបាកាននៅឆ្នាំ១២៨៧។ ហ្វារ្យូធ្លាប់ជាសាមន្តរាជនៃព្រះបិតាក្មេករបស់ទ្រង់ដែលមានតែឈ្មោះ បិតាក្មេកទ្រង់មានព្រះនាមថា រាមកំហែងនៅសុខោទ័យ និង ក៏ជាសាមន្តរាជរបស់ពួកម៉ុងហ្គោលដែរ ហើយទ្រង់ក៏បានវាយរុញច្រានការវាយប្រហារពីបងប្អូនឝានទាំងបីនៃម្យិនហ្សែនដោយទទួលបានជោគជ័យនៅឆ្នាំ១២៨៧ និង ១២៩៤។
ព្រះហ្វារ្យូត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់នៅខែមករា ១៣០៧ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ឃុនល។ សមិទ្ធិផលដ៏ធំបំផុតក្នុងរាជ្យព្រះអង្គគឺព្រះតំរិះផ្ដួចផ្ដើមចាត់តាំងឱ្យមានគណៈកម្មាការដើម្បីចងក្រងធម្មសាស្ត្រ ក្រមច្បាប់ដែលមានគង់វង្សនៅភូមា;[១]:២១០ និងការស្ថាបនានគរមនឱ្យបានរុងរឿងថ្កុងថ្កើងអស់រយៈពេលពីរសតវត្សកន្លះតទៅមុខទៀត។
ព្រះនាម
[កែប្រែ]ព្រះនាមមនរបស់ទ្រង់គឺ ម៉ាហ្កាឌូ (ថៃ: มะกะโท, ព.ប.ប.ស.ថ: Makatho, ការបញ្ចេញសំឡេងសៀម: [mä˥.kä˩.tʰoː˧]) ខ្មែរ (មគទោ) និង គោរម្យងារជាភាសាឝានត្រូវបានគេកត់ត្រាថា វ៉ារ៉ូ /waraʊ/; ថៃ: วาโร, ព.ប.ប.ស.ថ: Waro, ការបញ្ចេញសំឡេងសៀម: [wäː˧.roː˧]) ដោយសារតែគោរម្យងារនេះទើបព្រះនាមនេះបានវិវត្តជាព្រះនាម ហ្វារ្យូ។ [២]
ព្រះនាមទ្រង់ត្រូវបានកត់ត្រាជាភាសាសៀមថា ចៅហ៊្វារួ (เจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [t͡ɕäːw˥˩ fäː˥.ruːä˥˩]) រឺ ព្រះចៅហ៊្វារួ (พระเจ้าฟ้ารั่ว, ការបញ្ចេញសំឡេងសៀម: [pʰrä˥.t͡ɕäːw˥˩ fäː˥.ruːä˥˩])។[៣][១]:២០៥-២០៦ ឯកសារប្រវត្តិសាស្ត្រសៀមពោលថា ព្រះបាទរាមកំហែងបានប្រទានព្រះនាម ហ៊្វារួ ដែលមានន័យថា "ធ្លាក់ពីលើមេឃ" ពីព្រោះទ្រង់មានគុណបំណាច់ធំធេងហាក់បីដូចជាលេចចេញពី រឺ ចុះពីលើមេឃ។[៤][៥]
ទ្រង់ត្រូវបានគេកត់ត្រាជាភាសាឝានថា សៅផា (អ.ស.អ.: /saʊpa/) ដែលត្រូវគ្នានឹងគោរម្យងារសៀម ចៅហ៊្វា (เจ้าฟ้า, "ម្ចាស់មេឃ")។ [ត្រូវការអំណះអំណាង] សៅ និង ចៅ ពាក្យទាំងពីរក្លាយចេញមកខុសប្លែកពីគ្នាតែមានឫសគល់ចេញពីភាសាចិនថា ម្ចាស់ ដូចគ្នា។[ត្រូវការអំណះអំណាង]
ព្រះរាជជីវភាពពីដំបូង
[កែប្រែ]មគទោបានប្រសូតនៅក្បែរសុធម្មដែលមានបិតាជាតិជាឝាន និងមាតាជាមន។[៦] ទ្រង់ជាបុត្រច្បង និងមានតែព្រះភាតាពីរអង្គ និងព្រះភគិនីមួយអង្គ។ ជាយុវរាជមួយអង្គ ព្រះមគទោបានក្លាយជាពាណិជ្ជករមួយរូបដែលធ្វើដំណើររវាងមុំហ៍ និង សុខោទ័យ។ នៅទសវត្សឆ្នាំ១២៧០ ព្រះអង្គបានចូលទៅធ្វើខ្ញុំរាជការនៃស្ដេចសុខោទ័យ រាមកំហែង (រ. ១២៧៨-១២៩៨) នៅរោងដំរី[កំណត់ ៣] ហើយបានឡើងតំណែងក្លាយជាមេកងអង្គរក្សរាជវាំង។ នៅឆ្នាំ១២៨០ ទ្រង់បានលួចរៀបអភិសេកជាមួយបុត្រីរបស់ស្ដេចសុខោទ័យ ម្នាងសយដាវ (ថៃ: แม่นางสร้อยดาว, ព.ប.ប.ស.ថ: Mae-nang Soidao) និងបានភៀសព្រះកាយចេញពីសុខោទ័យមកជាមួយរាជបរិពារម្ភៃសាមសិបនាក់។[៦][៧]
ការចំរើនអំណាច (១២៨១–១២៨៧)
[កែប្រែ]ត្រឡប់មកមុំហ៍វិញ ព្រះហ្វារ្យូបានរៀបផែនការដើម្បីដណ្ដើមតំណែងចៅហ្វាយខេត្តនៅទីនោះ។ តាមរយៈពង្សាវតារភូមា ព្រះហ្វារ្យូបានធ្វើជាព្រះរាជទានព្រះភគិនីដ៏ស្រស់សោភាទ្រង់ នីអ៊ូយ៉ាញ ឱ្យរើសទីស្រង់ព្រះគង្គានៅក្នុងទន្លេត្រង់កន្លែងដែលអាឡេម៉្មាអាចមើលឃើញព្រះនាង។ អាឡេម៉្មាបានសុំព្រះនាងរៀបអភិសេក។ នៅក្នុងពិធីរៀបអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយខេត្ត រួចមកក៏បានក្លាយជាម្ចាស់នៃមុំហ៍។[៨] ឆ្នាំបះបោរគឺឆ្នាំ ១២៨១ តាមរយៈកំណត់ត្រារបស់មន ប៉ុន្តែត្រូវនឹងឆ្នាំ១២៨៦ បើតាមរយៈកំណត់ត្រាភូមា។[១]:២០៥-២០៦[៩] យ៉ាងណាមិញ ចក្រភពបាកាន កំពុងកាន់កាប់ស្របពេលជាមួយការលុកលុយរបស់ពួកម៉ុងហ្គោល គឺជាដំណាក់កាលឈរជើងចុងក្រោយរបស់ចក្រភពនេះ ដែលជាចក្រភពលែងមានឥទ្ធិពលតទៅទៀតហើយ។
នៅឆ្នាំ១២៨៧ ពួកម៉ុងហ្គោលឈ្លានពានបានលួចប្លន់បំផ្លិចបំផ្លាញបាកាន ហើយអំណាចកណ្ដាលរបស់ចក្រភពនេះបានធ្លាក់ស្រុតចុះទូទាំងព្រះនគរ។ ពួកចៅហ្វាយខេត្តភាគច្រើនជាពិសេសពួកចៅហ្វាយខេត្តនៅតំបន់ឆ្ងាយៗក្នុងចក្រភព កំពុងបានគ្រប់គ្រងទឹកដីហាក់បីដូចជាក្សត្រមានអធិបតេយ្យរួចជាស្រេចទៅហើយ ពួកគេបានរើបំរះខ្លួនដោយបើកចំហ។ ព្រះហ្វារ្យូត្រៀមកិច្ចកលក្នុងការបះបោរតាំងពីឆ្នាំ១២៨១ (រឺ ១២៨៦) ដើម្បីដណ្ដើមយកមុំហ៍ដោយសំលាប់ចៅហ្វាយខេត្តដែលបានតែងតាំងដោយរាជការបាកាន។ ព្រះហ្វារ្យូបានបង្កើតសម្ពន្ធភាពជាមួយតារ៉ាប្យ៉ា ចៅហ្វាយស្រុកខេត្តបាគូ ដោយរៀបអភិសេកនឹងបុត្រីគ្នាទៅវិញទៅមក។[៨] កងពលភាគខាងត្បូងរបស់ពួកគេទាំងអស់គ្នាបានបង្ក្រាបកងពលភាគខាងជើងដែលដឹកនាំដោយរាជសិង្យន ដែលលោកក្រោយមកក្លាយជាសហស្ថាបនិកម្នាក់នៃនគរម្យិនហ្សែន និងបានចាត់វិធានការសញ្ជ័យភូមាភាគខាងក្រោមទាំងមូល។ បន្ទាប់មកទៀតមេបះបោរទាំងពីរមានជំលោះនឹងគ្នា ហើយនៅក្នុងការប្រយុទ្ធប្រទាញប្រទង់គ្នាមួយ តារ៉ាប្យ៉ាត្រូវបានចាប់ខ្លួន ហើយត្រូវគេប្រហារជីវិតចោល។[៦]
ព្រះហ្វារ្យូបានប្រកាសខ្លួនជាព្រះមហាក្សត្រនៅថ្ងៃ ៤ មេសា ១២៨៧ តាមរយៈកំណត់ត្រាមន (រឺ ១៨ មករា ១២៨៨ ក្នុងកំណត់ត្រាភូមាខ្លះ)។[កំណត់ ៤]
រជ្ជកាល (១២៨៧–១៣០៧)
[កែប្រែ]ព្រះហ្វារ្យូជាកូនកាត់ឝានបានខិតខំធ្វើឱ្យខ្លួនព្រះអង្គមានគុណតំលៃជាអ្នកស្នងរាជ្យបន្តពីស្ដេចមនអង្គមុនៗដែលបានសោយរាជ្យនៅភូមាក្រោម មុនពេលនគរត្រូវបានលេបត្របាក់ដោយចក្រភពបាកាន។ ព្រះអង្គបានប្រកាសព្រះនាមព្រះនគរព្រះអង្គថា រាមញ្ញទេឝ (ស្រុកពួករាមញ្ញ (មន)) ដែលមានមុំហ៍ជារាជធានី។ ទោះបីជាយ៉ាងណា ទ្រង់ទើបតែបានកំរាបកងទ័ពពួកភាគខាងជើងរួចទេ ហើយអធិរាជាណាចក្របាកានបានបិទបញ្ចប់វត្តមានរបស់ខ្លួន ព្រះបាទហ្វារ្យូ ទ្រង់នៅតែព្រួយព្រះទ័យចំពោះការលុកលុយពីភាគខាងជើងពេញមួយរជ្ជកាលរបស់ទ្រង់។
ក្នុងកិច្ចរៀបចំ ព្រះអង្គបានរៀបចំផ្លូវក្រោយរបស់នគរព្រះអង្គឱ្យមានសុខសន្តិភាពដោយបញ្ជូនសួយសារអាករជាធម្មតាមួយទៅកាន់ព្រះវររាជបិតាក្មេករបស់ព្រះអង្គ ព្រះបាទរាមកំហែង ព្រះរាជានៃសុខោទ័យ។ នៅឆ្នាំ១២៩៣ ទ្រង់បានទទួលពីសុខោទ័យមកវិញ ទាំងការទទួលស្គាល់ទ្រង់ជាក្សត្រ និង ការព្រះរាជទានដំរីសមួយក្បាលផងដែរ។ ពិតមែនហើយ ព្រះរាជដំណឹងនៃការចុះចូលបានធ្វើឱ្យមានការឆ្លើយតបមកវិញពីបងប្អូនឝានបីនាក់នៃម្យិនហ្សែន ដែលពួកគេបានបញ្ជូនកងទ័ព ៨០០០ នាក់ទៅទន្ទ្រានមុំហ៍នៅចុងឆ្នាំ១២៩៣។[១០] ដោយសារតែមានមូលដ្ឋានទ័ពមាំមួន ព្រះហ្វារ្យូបានរុញច្រានកងកំលាំងលុកលុយឈ្លានពានទៅវិញដោយជោគជ័យនៅដើមឆ្នាំ១២៩៤ ហើយក៏មិនមានការវាយប្រហារដែលបន្សល់ក្នុងរជ្ជកាលទ្រង់តទៅទៀតឡើយ។[៦][១១] ទោះបីជាមាននាមជានគរចំណុះនៃសុខោទ័យក៏ពិតមែន ក៏ព្រះហ្វារ្យូនៅតែមានការព្រួយព្រះរាជហឫទ័យចំពោះឧបាយកលរបស់សុខោទ័យលើទឹកដីឆ្នេរតនាវស្រីជាដដែល។ ដើម្បីពង្រឹងរាជបល្លង្ករបស់ទ្រង់ នៅឆ្នាំ១២៩៨ ទ្រង់បានស្វែងរក និងទទួលបានការទទួលស្គាល់ពីពួកម៉ុងហ្គោល ហើយក្លាយជាសាមន្តរដ្ឋចំណុះចិនដោយផ្ទាល់ ស្របនឹងសុខោទ័យក៏ជាសាមន្តរដ្ឋរបស់ម៉ុងហ្គោលផងដែរ។[៦][៨]
ថ្ងៃសៅរ៍មួយ ក្នុងខែមករា ១៣០៧ ព្រះហ្វារ្យូ ត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់ បុត្ររបស់តារ៉ាប្យ៉ា។ ក្សត្រដែលត្រូវបានសោយរាជ្យបន្តពីទ្រង់គឺព្រះភាតារបស់ទ្រង់ ឃុនល។[៨]
ព្រះកេរ្តិ៍
[កែប្រែ]តាមរយៈសិល្ប៍វិធីរបស់ទ្រង់ខាងការទូត និង ព្រះកិត្តិនាមរបស់ទ្រង់ជាអ្នកចំបាំងអង់អាចក្លាហាន ព្រះមហាក្សត្រអង្គនេះបានឆ្លាក់ចេញនូវនគរឯកភាពមួយយ៉ាងជោគជ័យនៅភូមាក្រោមដែលបន្តទៅមុខបានពីរសតវត្សកន្លះតទៅទៀត។ ថ្វីត្បិតយ៉ាងនេះ ក៏ទ្រង់នៅតែត្រូវបានមើលឃើញថាជាអ្នកជ្រែករាជ្យជាតិឝានដោយអាណាប្រជានុរាស្ត្ររបស់ទ្រង់ដដែល ពួកគេបែរជាមានសេចក្ដីត្រេកអរទៅវិញនៅពេលទ្រង់ត្រូវបានគេធ្វើគត់។[៦] ព្រះហ្វារ្យូចេះធម្មសាស្ត្រយ៉ាងប៉ិនប្រសប់ (ក៏ត្រូវបានគេស្គាល់ថាជាក្រមហ្វារ្យូ) ដែលជាក្បួនច្បាប់គង់វង្សដំបូងគេបង្អស់នៅភូមា។[១២] ព្រះបាទហ្វារ្យូបានរិះរកវិធីដើម្បីធ្វើឱ្យក្បួនច្បាប់របស់បាកានកាន់តែរីកចំរើន ដែលជាច្បាប់ចងក្រងដោយព្រះឝិនធម្មវិល្ស ហើយបានបង្កើតរាជគណៈកម្មាការដើម្បីចងក្រងអភិប្រាយច្បាប់ពេញលេញថ្មីបន្ថែមទៀត។ គណៈកម្មាការបានធ្វើឱ្យក្រមហ្វារ្យូ ក្លាយជាមូលដ្ឋានគ្រឹះនៃច្បាប់ទំនៀមរបស់ភូមា។[៦][៨] សាស្ត្រាចារ្យរ៉ូប៊ែរ្ត៍-ឡាំងហ្គាំតបានអធិប្បាយថាអយុធ្យាធ្លាប់ជានគរអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានអភិវឌ្ឍក្រមច្បាប់រដ្ឋប្បវេណី ហើយនេះក៏ជាលទ្ធផលចេញពីស្នាដៃបន្តបន្ទាប់គ្នា ហៅថា ធម្មសាស្ត្រ ដែលបានតាក់តែងឡើងដោយពួកមនពុទ្ធសាសនិក ជាក្បួនច្បាប់មួយក្នុងចំណោមក្បួនច្បាប់មានឥទ្ធិពលបំផុត ដែលនៅក្នុងនោះត្រូវបានគេសន្និដ្ឋានថាកើតចេញពីព្រះតំរិះផ្ដួចផ្ដើមរបស់ព្រះបាទវ៉ាហ្ការូ រឺ ហ្វារ្យូ (សៀម:ចៅផ្វារួ)។[៣][កំណត់ ៥] ក្បួនច្បាប់នេះបានបន្តក្លាយជាឯកសារសរសេររហូតដល់ការបង្កើតក្រមព្រហ្មទណ្ឌសៀមនៅឆ្នាំ១៩០៨។[១៣]
កំណត់
[កែប្រែ]អាគតដ្ឋាន
[កែប្រែ]- ↑ ១,០ ១,១ ១,២ Coedès, George (1968). Walter F. Vella. រៀ. The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ល.ស.ប.អ. 978-0-8248-0368-1.
- ↑ South 2003: 69
- ↑ ៣,០ ៣,១ Griswold-Prasert 1969: 110
- ↑ Chaophraya Phra Khlang (Hon), 2013: 28–30.
- ↑ Prachum Phongsawadan..., 1999: 186–187.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ ៦,៤ ៦,៥ ៦,៦ Htin Aung 1967: 78–80
- ↑ South 2003: 69
- ↑ ៨,០ ៨,១ ៨,២ ៨,៣ ៨,៤ Harvey 1925: 110–111
- ↑ Pan Hla 2004: 23
- ↑ Pan Hla 2004: 35
- ↑ Phayre 1967: 65
- ↑ Hall 1960: 34
- ↑ T. Masao 1908 1–10
ឯកសារយោង
[កែប្រែ]- Coedes, George (1968). The Indianized states of Southeast Asia (3 រ.រ.).
- Hall, D.G.E. (1961). Historians of South East Asia. Oxford University Press.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- South, Ashley (2003). Mon nationalism and civil war in Burma: the golden sheldrake. Routledge. ល.ស.ប.អ. 9780700716098.
- T. Masao, (Toshiki Masao) (1908). "The New Penal Code of Siam". Journal of the Siam Society 5 (2): 1–23. Retrieved on February 20, 2013.
- Lingat, R. (1950). "Evolution of the Conception of Law in Burma and Siam". Journal of the Siam Society 38 (1): pp. 13–24. Retrieved on February 20, 2013.
- (1969). "Epigraphic and Historical Studies No. 4: A Law Promulgated By the King of Ayudhyā in 1397 A.D". Journal of the Siam Society 57 (1): pp. 109–148. Retrieved on February 20, 2013.
- (1983). "Ahom and the study of early Tai society". Journal of the Siam Society 71. Retrieved on February 25, 2013.
- Chaophraya Phra Khlang (Hon) (2013) (ជាThai). Rachathirat. Bangkok: Thai Quality Books (2006) Publishing. ល.ស.ប.អ. 9786165144315.
- (ជាThai) Prachum Phongsawadan Chabap Kanchanaphisek Lem Nueng. Bangkok: Fine Arts Department of Thailand. 1999. ល.ស.ប.អ. 9744192151.
ហ្វារ័វ ប្រសូត/កើត: ២០ មីនា ១២៥៣ សុគត/ស្លាប់: មករា ១៣០៧
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ នគរកកើត |
ក្សត្រនៃហង្សាវត្តី ៤ មេសា ១២៨៧ – មករា ១៣០៧ |
តដោយ ឃុនល |
ព្រះរាជគោរម្យងារ | ||
មុនដោយ អាឡេម៉្មា |
អ្នកគ្រប់គ្រងមុំហ៍ ១២៨១–១២៨៧ |
តដោយ |
|
Cite error: <ref>
tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/>
tag was found
- Pages with script errors
- អត្ថបទ with short description
- Short description is different from Wikidata
- Articles containing Thai-language text
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែកញ្ញា ២០១៥
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែមិថុនា ២០១៥
- ក្សត្រភូមា
- រាជវង្សហង្សាវត្តី
- អ្នកភូមាដើមកំណើតមន
- អ្នកភូមាដើមកំណើតឝាន
- Pages with reference errors