ចាកាតា
ចាកាតា Daerah Khusus Ibukota Jakarta |
|||
ដែនដីរដ្ឋធានីពិសេសនៃចាកាតា | |||
ជើងមេឃពេលយប់នៅចាកាតា | |||
|
|||
ឈ្មោះហៅក្រៅ: ធុរេនធំ | |||
បាវចនា: Jaya Raya (ភាសាខ្មែរ): "វិបុលភាពនិងមហិមា" |
|||
ទីតាំងចាការតានៅឥណ្ឌូនេស៊ី | |||
កូអដោនេ: 6°16′0″S 106°48′0″E / 6.26667°S 106.80000°E | |||
---|---|---|---|
ប្រទេស | ឥណ្ឌូនេស៊ី | ||
ខេត្ត | ចាការតា | ||
រដ្ឋបាល | |||
- ប្រភេទ | តំបន់រដ្ឋបាលពិសេស | ||
- អភិបាលក្រុង | អានីសបាវីដាន (Anies Baswedan) | ||
ក្រលាផ្ទៃ | |||
- ក្រុង | ៧៤០,២៨ km² (Expression error: Unrecognized punctuation character "៧". sq mi) | ||
- Land | ៦៦២,៣៣ km² (Expression error: Unrecognized punctuation character "៦". sq mi) | ||
- Water | ៦ ៩៧៧,៥ km² (Expression error: Unrecognized punctuation character "៦". sq mi) | ||
រយៈកំពស់ | ៧ ម (២៣ បត) | ||
ប្រជាជន (២០១០) | |||
- ក្រុង | ៩ ៥៨០ ០០០ | ||
- ដង់ស៊ីតេ | ១៤ ៤៦៤,០៨/km² (Expression error: Unrecognized punctuation character "១"./sq mi) | ||
- មេត្រូ | ២៦ ៦០០ ០០០ | ||
ល្វែងម៉ោង | WIB (ម.ស.ស.+7) | ||
កូដតំបន់ | +6221 | ||
គេហទំព័រ: www.jakarta.go.id |
ហ្សាការតា (ឥណ្ឌូណេស៊ី: Daerah Khusus Ibukota Jakarta (DKI Jakarta, Jakarta Raya)) ជារដ្ឋធានីនិងជាទីក្រុងធំជាងគេនៅប្រទេសឥណ្ឌូណេស៊ី។ វាក៏ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ និងលំដាប់ទី១២លើពិភពលោក។ វាមានឈ្មោះពីមុនៗដូចជា ស៊ុនដា កេឡាប៉ា(Sunda Kelapa) (ពីឆ្នាំ៣៩៧ដល់១៥២៧) ចាយ៉ាការតា(Jayakarta) (ពីឆ្នាំ១៥២៧ដល់១៦១៩) បាតាវីយ៉ា(Batavia) (ពីឆ្នាំ១៩១៦ដល់១៩៤២) និង ដ្ចាការតា(Djakarta) (ពីឆ្នាំ១៩៤២ដល់១៩៧២)។ ទីក្រុងនេះមានទីតាំងនៅប៉ែកពាយ័ព្យកោះជ្វា និងមានផ្ទៃក្រលា ៦៦១,៥២គ.ម២ និងមានប្រជាជនប្រហែល៩.៦លាននាក់នៅឆ្នាំ២០១០។ ចាការតាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌និងនយោបាយរបស់ឥណ្ឌូនេស៊ី។
ភូមិវិទ្យា
[កែប្រែ]ចាការតាមានទីតាំងស្ថិតនៅឆ្នេរពាយ័ព្យកោះជ្វា នៅត្រង់កន្លែងស្ទឹងស៊ីលីវូងហូរចូលឆកសមុទ្រហ្សាការតា។ ផ្នែកខាងជើងនៅហ្សាការតាជាខ្ពង់រាបមួយដែលមានកំពស់ប្រហែល៨ម៉ែត្រពីផ្ទៃសមុទ្រ ចំនែកផ្នែកខាងត្បូងជាតំបន់កូនភ្នំ។ មានស្ទឹងទាំងអស់១៣ហូរកាត់ហ្សាការតា ដែលភាគច្រើនហូរពីតំបន់កូនភ្នំនៅខាងត្បូងឆ្ពោះទៅខាងជើង ចូលទៅក្នុងសមុទ្រជ្វា។ ខាងកើតក្រុងហ្សាការតាគឺ ខេត្តជ្វាខាងលិច និងនៅខាងលិចជា ខេត្តបានតេន។ កោះចំនួន១០៥នៅក្នុងឆកសមុទ្រចាការតា ស្ថិតនៅក្រោមរដ្ឋបាលក្រុងហ្សាការតា។
អាកាសធាតុ
[កែប្រែ]ក្រុងហ្សាការតាមានអាកាសធាតុត្រូពិចអេក្វាទ័រ (ក្ដៅសើម)។ កំពស់ទឹកភ្លៀងនៅហ្សាការតានៅរដូវវស្សាមាន ៣៥០មម (អតិបរមានៅខែមករា) និងនៅរដូវប្រាំងមាន ៦០មម (អប្បបរមានៅខែសីហា)។ ទីក្រុងនេះមានសំនើមពេញមួយឆ្នាំដោយមានសីតុណ្ហភាពប្រែប្រួលក្នុងចន្លោះពី ២៥°C ទៅ ៣៨°C។
ប្រវត្តិ
[កែប្រែ]ឈ្មោះបុរាណរបស់ហ្សាការតាគឺស៊ុនដា កេឡាប៉ា។ កំណត់ត្រាចាស់ជាងគេមួយបានពណ៌នាតំបន់នេះថាជារាជធានីរបស់រាជាណាចក្រតារូម៉ាណាហ្គារ៉ានៅសតវត្សរ៍ទី៤។ នៅឆ្នាំ៣៩ ព្រះរាជា ពួណៈវរ្ម័ន(Purnawarman) បានបង្កើតរាជធានីថ្មីមួយនៅ ស៊ុនដាបុរៈ(Sunda Pura) ស្ថិតនៅផ្នែកខាងកើតកោះជ្វា។ ពួណៈវរ្ម័ន បានបន្សល់ទុកនូវសិលាចារឹក៧ផ្ទាំងដែលមានចារព្រះនាមរបស់ព្រះអង្គ ដែលគេបានរកឃើញនៅតំបន់នោះ។
បន្ទាប់ពីរាជាណាចក្រតារូម៉ាណាហ្គារ៉ាចុះខ្សោយអំណាច ដែនដីរបស់វាទាំងអស់រួមទាំងស៊ុនដាបុរៈ បានធ្លាក់ក្រោមកណ្ដាប់ដៃរាជាណាចក្រស៊ុនដា។ តំបន់កំពង់ផែត្រូវបានប្ដូរឈ្មោះជាស៊ុនដា កេឡាប៉ា និងបានក្លាយជាកំពង់ផែជំនួញដ៏សំខាន់របស់រាជាចក្រនេះនៅសតវត្សរ៍ទី១៤។ ក្រុមនាវាអឺរ៉ុបដែលមកដល់ដំបូងគេគឺ នាវា៤ព័រទុយហ្គាល់គ្រឿងពីម៉ាឡាកា ដែលបានចូលចតនៅឆ្នាំ១៥១៣ ក្នុងសម័យព័រទុយហ្គាល់រុករកផ្លូវគ្រឿងទេស។
រាជាណាចក្រស៊ុនដាបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយព័រទុយហ្គាល់ ដោយបានអនុញ្ញាតអោយព័រទុយហ្គាល់សាងសង់កំពង់ផែមួយនៅឆ្នាំ១៥២២ ដើម្បីការពារតទល់នឹងរាជាណាចក្រស៊ុលតង់នៃដេម៉ាកដែលកំពុងមានឥទ្ធិពលខ្លាំងនៅភាគកណ្ដាលកោះជ្វា។ នៅឆ្នាំ១៥២៧ មេទ័ពហ្វាតាហ៊ីលឡា (Fatahillah) របស់រាជាណាចក្រស៊ុលតង់នៃដេម៉ាក បានវាយប្រហាររាជាណាចក្រស៊ុនដា និងចូលកាន់កាប់កំពង់ផែនោះដោយជោគជ័យនៅថ្ងៃទី២២ កក្កដា ១៥២៧។ ចាប់ពីពេលនោះមក ស៊ុនដា កេឡាប៉ា បានប្ដូរឈ្មោះជា ចាយ៉ាការតា។
តាមរយៈទំនាក់ទំនងជាមួយស្ដេច ចាយ៉ាវិការតានៃរាជាណាចក្រស៊ុលតង់នៃបានតេន នាវាហុល្លង់ បានចូលចតនៅចាយ៉ាការតានៅឆ្នាំ១៥៩៦។ នៅឆ្នាំ១៦០២ នាវារបស់ British East India Company បានមកដល់អាសេ និងបានបន្តដំនើរមកដល់បានតេន រួចពួកគេក៏បានបោះទីតាំងជំនួយមួយនៅទីនោះ។ កន្លែងនោះក្លាយជាមជ្ឍមណ្ឌលជំនួញរបស់អង់គ្លេសនៅឥណ្ឌូណេស៊ីរហូតដល់ឆ្នាំ១៦៨២។
ស្ដេចចាយ៉ាវិការតាហាក់ដូចជាមានទំនាក់ទំនងផ្នែកជំនួញជាមួយពាណិជ្ជករអង់គ្លេសដែលជាគូប្រជែងជាមួយហុល្លង់ផងដែរ ដោយគេឃើញពួកអង់គ្លេសមានសិទ្ធិសង់ផ្ទះតភ្ជាប់ពីអាគារនានារបស់ហុល្លង់នៅឆ្នាំ១៦១៥។ ពេលដែលទំនាក់ទំនងរបស់ស្ដេចនោះជាមួយហុល្លង់បែកបាក់ កងទ័ពព្រះអង្គបានវាយបកលើបន្ទាយរបស់ហុល្លង់ ដោយមានជំនួយគាំទ្រពីនាវាអង់គ្លេស១៥គ្រឿង ប៉ុន្តែត្រូវបរាជ័យ។ ផ្ទុយទៅវិញពួកហុល្លង់បានដុតបន្ទាយអង់គ្លេសចោល និងបានបង្ខំនាវាអង់គ្លេសអោយចាកចេញ។ តាមរយៈជ័យជំនះនេះ អំនាចរបស់ហុល្លង់នៅក្នុងតំបន់នេះកាន់តែខ្លាំងក្លា។ ពួកគេបានប្ដូរឈ្មោះក្រុងចាយ៉ាការតាទៅជា បាតាវីយ៉ា។
នៅក្នុងកំផែងបាតាវីយ៉ា អភិជនហុល្លង់បានសាងសង់ផ្ទះខ្ពស់ៗនិងព្រែកជីកខ្វាត់ខ្វែង។ ភាពអំនោយផលដល់ជំនួញបានទាក់ទាញជនចំនូលស្រុកជនជាតិឥណ្ឌូណេស៊ីនិងចិន ដែលកំនើនពួកនេះបានបង្កបញ្ហាដល់ក្រុង។ ភាពតានតឹងកើនឡើងពេលដែលរដ្ឋាភិបាលអាណានិគមព្យាយាមដាក់កំហិតការហូរចូលជនជាតិចិន តាមរយៈការធ្វើបត្យាប័នអោយត្រលប់ទៅវិញ។ នៅថ្ងៃទី៩ តុលា ១៧៤០ ជនជាតិចិនចំនួន៥ពាន់នាក់ត្រូវគេសំលាប់យ៉ាងរង្គាល ហើយនៅឆ្នាំបន្ទាប់អ្នកតាំងទីលំនៅជនជាតិចិនទាំងអស់ត្រូវគេបណ្ដេញចេញពីកំផែង។
ទីក្រុងនេះបានប្ដូរឈ្មោះជាហ្សាការតាដោយកងទ័ពជប៉ុន ពេលដែលពួកគេបានចូលមកកាន់កាប់ឥណ្ឌូណេស៊ីនៅកំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ពួកឥណ្ឌូណេស៊ីសាធារណរដ្ឋបានចាកចេញពីហ្សាការតាដែលពេលនោះកាន់កាប់ដោយពួកសម្ព័ន្ធមិត្ត ទៅបង្កើតរដ្ឋធានីថ្មីនៅយុហ្គយ៉ាការតា ក្នុងបេសសកកម្មប្រយុទ្ធដើម្បីឯករាជ្យឥណ្ឌូណេស៊ី។ នៅឆ្នាំ១៩៥០ ពេលដែលឯករាជ្យត្រូវបានធានា ហ្សាការតាបានក្លាយជារដ្ឋធានីជាថ្មីម្ដងទៀត។ ក្នុងគោលបំនងប្រែក្លាយហ្សាការតាជាទីក្រុងអន្តរជាតិ ប្រធានាធិបតីដំបូងគេ លោក ស៊ូការណូ បានផ្ដួចផ្ដើមនូវគំរោងស្ថាបត្យកម្មទំនើបៗនិងមានលក្ខណៈស្នេហាជាតិ ដែលមានការឧបត្ថម្ភដោយរដ្ឋាភិបាល។ គំរោងទាំងនោះមានការស្ថាបនាផ្លូវហាយវេយមានដើមដូងចែមនៅសងខាង មហាវិថី រមណីយដ្ឋាន សណ្ឋាគារធំៗ និងអាគាររដ្ឋសភាថ្មី។
នៅឆ្នាំ១៩៦៦ ហ្សាការតាត្រូវគេប្រកាសជា សង្កាត់រដ្ឋធានីពិសេស (ជាភាសាអង់គ្លេស៖special capital city district, ជាភាសាឥណ្ឌូណេស៊ី៖daerah khusus ibukota) ដែលមានឋានៈប្រហាក់ប្រហែលនឹងរដ្ឋឬខេត្តមួយដែរ។ ឧត្តមសេនីយឯក អាលី សាឌីគីន បានធ្វើជាអភិបាលក្រុងតាំងពីពេលនោះរហូតដល់ឆ្នាំ១៩៧៧។ គាត់បានជួសជុលផ្លូវ ស្ពាន សាងសង់មន្ទីរពេទ្យនិងសាលារៀនជាច្រើន។ គាត់បានព្យាយាមលុបបំបាត់រទេះអូស(ឆៃកែវ) និងអ្នកលក់ដូរតាមដងផ្លូវហាមឃាត់។ គាត់ក៏បានគ្រប់គ្រងការធ្វើចំនូលស្រុក ដើម្បីការពារកំនើនប្រជាជនច្រើនពេកនិងភាពក្រីក្រ។ ការរៀបចំដីធ្លីឡើងវិញ ការកែលំអចនាសំព័ន្ធ និងវិនិយោគទុនពីបរទេសបានបំផុសបំផុលការជួញដូរអចលនវត្ថុ ដែលបានផ្លាស់ប្ដូរមុខមាត់ទីក្រុង។ ការរីកលូតលាស់នេះបានបញ្ចប់ដោយវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ ដែលបានធ្វើអោយហ្សាការតាក្លាយជាកន្លែងប្រកបដោយអំពើហឹង្សា ការតវ៉ាប្រឆាំង និងឆាកប្រយុទ្ធនយោបាយ។ ប្រធានាធិបតីស៊ូហារតូដែលកាន់អំនាចយ៉ាងយូរ ចាប់ផ្ដើមអស់អំនាចចាប់ពីពេលនោះ។ ភាពតានតឹងបានឡើងដល់កំពូលនៅក្នុង កុបកម្មខែឧសភាឆ្នាំ១៩៩៨នៅហ្សាការតា ដែលក្នុងនោះនិស្សិត៤នាក់ត្រូវកំលាំងរក្សាសន្ដិសុខបាញ់ស្លាប់នៅសាកលវិទ្យាល័យទ្រីសាក់ទី។ រយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ មានមនុស្សប្រមាណ១២០០នាក់ស្លាប់ និងអាគារ៦០០០ ត្រូវបានបំផ្លាញ ក្នុងកុបកម្មនិងអំពើហឹង្សានេះ។ ស៊ូហារតូបានចុះចេញពីតំណែង ប៉ុន្តែហ្សាការតានៅតែជាទីតាំងសំខាន់សំរាប់កំនែទំរង់ប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ី។
រដ្ឋបាល
[កែប្រែ]និយាយជាផ្លូវការ ហ្សាការតាមិនមែនជាទីក្រុងទេ ប៉ុន្តែជាខេត្តមួយដែលមានឋានានុក្រមពិសេសជារដ្ឋធានីរបស់ឥណ្ឌូណេស៊ី។ វាមានរចនាសម្ព័ន្ធគ្រប់គ្រងដូចទៅនឹងខេត្តផ្សេងៗទៀតនៅឥណ្ឌូណេស៊ីដែរ ដោយវាមានអភិបាលក្រុងម្នាក់(ឋានៈដូចអភិបាលខេត្ត) នឹងចែកជាអនុតំបន់រដ្ឋបាលតូចៗជាច្រើន។ ហ្សាការតាចែកចេញជា ៥ កូតា (kota ស្មើនឹងសង្កាត់របស់ខ្មែរ) និង ១ កាប៊ូប៉ាតិន (kabupaten)។ នៅខែសីហា ២០០៧ ចាការតាបានរៀបចំការបោះឆ្នោតជ្រើសរើសអភិបាលក្រុង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន ដែលពីមុន អភិបាលក្រុងត្រូវជ្រើសតាំងដោយរដ្ឋាភិបាល។ ការបោះឆ្នោតនេះជាផ្នែកមួយនៃយុទ្ធនាការជំរុញវិមជ្ឍការនៅទូទាំងប្រទេស។
កូតា ទាំង៥នៅចាការតាមាន៖
- ចាការតាកណ្ដាល (Jakarta Pusat)
- ចាការតាខាងកើត (Jakarta Timur)
- ចាការតាខាងជើង (Jakarta Utara)
- ចាការតាខាងត្បូង (Jakarta Selatan)
- ចាការតាខាងលិច (Jakarta Barat)
កាប៊ូប៉ាតិន៖
- កោះមួយពាន់ (Kepulauan Seribu)៖ ពីមុនជាអនុស្រុករបស់ចាការតាខាងជើង។
វប្បធម៌
[កែប្រែ]ដោយសារតែចាការតាជារដ្ឋធានីសេដ្ឋកិច្ចនិងនយោបាយរបស់ឥណ្ឌូនេស៊ី វាបានទាក់ទាញអ្នកចំនូលស្រុកពីបរទេសក៏ដូចជាក្នុងស្រុក។ ហេតុនេះ ចាការតាមានវប្បធម៌ចំរុះជាតិសាសន៍។ អ្នកចំនូលស្រុកភាគច្រើនមកពីតំបន់ផ្សេងៗនៅលើកោះជ្វា ដោយពួកគេបាននាំមកជាមួយនូវល្បាយគ្រាមភាសាក្នុងអំបូរភាសាជ្វានិងភាសាស៊ុនដា ក៏ដូចជាម្ហូបអាហារនិងទំនាមទំលាប់ប្រពៃណីផងដែរ។
បេតាវី ជាពាក្យសំរាប់ហៅកូនចៅរបស់អ្នកដែលរស់នៅជុំវិញបាតាវីយ៉ា (ឈ្មោះរបស់ចាការតានៅសម័យហុល្លង់កាន់កាប់) និងត្រូវបានគេទទួលស្គាល់ថាជាកុលសម្ព័ន្ធមួយពីស.វទី១៨។ ជនជាតិបេតាវីមានខ្សែស្រលាយពីក្រុមជនជាតិភាគតិចផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដែលបានមកធ្វើការនៅបាតាវីយ៉ា។ ភាសានិងវប្បធម៌របស់ពួកនេះខុសប្លែកពីជនជាតិស៊ុនដានិងជនជាតិជ្វា។ ភាសាពួកនេះមានលក្ខណៈជាគ្រាមភាសាម៉ាឡេខាងកើត ដែលសំបូរពាក្យកម្ចីពីភាសាជ្វា ចិន និងអារ៉ាប់។
គេឃើញមានសហគមន៍ចិនចំបងមួយនៅចាការតាតាំងពីច្រើនសតវត្សរ៍។ ពួកនេះមានចំនួន៦% នៃប្រជាជនចាការតា។
ចាការតាមានមជ្ឍមណ្ឌលសំដែងសិល្បៈច្រើនកន្លែង ដូចជាមជ្ឍមណ្ឌលសិណាយ៉ាន់ (Senayan center) ជាដើម។ គេឃើញមានការសំដែងតន្ត្រីបុរាណដូចជា ភ្លេងវ៉ាយ៉ាង(wayang) និង ភ្លេងហ្គាមេឡាន(gamelan) នៅសណ្ឋាគារលំដាប់ខ្ពស់ៗ។ ចាការតាទាក់ទាញអ្នកមានទេពកោសល្យសិល្បៈពីក្នុងនិងក្រៅប្រទេស ដែលមានបំនងរកជោគជ័យក្នុងសិល្បៈ។
គួរអោយចំលែក ដែលគេកំរឃើញមានសិល្បៈរបស់ពួកបេតាវី នៅចាការតាណាស់ ដោយសារតែភាពមិនសូវល្បី និងការធ្វើចំនាកទៅកាន់ជាយក្រុងបណ្ដាលមកពីរលកអន្តោរប្រវេសន៍។ គេអាចរកឃើញពិធីមង្គលការបែបជ្វាដោយងាយ ជាងពិធីមង្គលការបែបបេតាវី។ គេអាចរកស្ដាប់ភ្លេងហ្គាមេឡានជ្វា(Javanese Gamelan) បានដោយងាយ ជាងភ្លេងហ្គាំបាង ក្រូម៉ុង(Gambang Kromong) (ល្បាយរវាងតន្ត្រីបេតាវីនិងចិន) ឬក៏ភ្លេងតានជីដរ(Tanjidor) (ល្បាយរវាងតន្ត្រីបេតាវីនិងព័រទុយហ្គាល់) ឬក៏ភ្លេងម៉ារ៉ាវីស(Marawis) (ល្បាយរវាងតន្ត្រីបេតាវីនិងយ៉ាម៉ាន់)។ ទោះជាយ៉ាងណាក៏ដោយ គេឃើញមានបុណ្យទានខ្លះៗដូចជាបុណ្យចាឡាន់ ចាក់សា(Jalan Jaksa Festival) ឬ បុណ្យកេម៉ាង(Kemang Festival) ដែលព្យាយាមរក្សាសិល្បៈវប្បធម៌បេតាវី តាមរយៈការអញ្ជើញសិល្បៈករអោយសំដែងសិល្បៈផ្សេងៗ។
គមនាគមន៍
[កែប្រែ]ចាការតាដែលជាទីក្រុងមួយដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ឈឺក្បាលខ្លាំងដោយបញ្ហាគមនាគមន៍។ នៅឥណ្ឌូនេស៊ី មធ្យោបាយធ្វើដំនើរសាធារណៈជិតៗគឺ បេម៉ូ (កូនឡានក្រុងដែលដំនើរការដោយក្រុមហ៊ុនឯកជន)។
ផ្លូវថ្នល់
[កែប្រែ]ទោះជាចាការតាមានផ្លូវទូលាយច្រើនក៏ដោយ ក៏វានៅតែមានការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជនពាណិជ្ជកម្មសំខាន់ៗ ដោយសារយានយន្តច្រើន។ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ តាំងពីឆ្នាំ១៩៩២ ក្រុងបានដាក់អោយប្រើច្បាប់បីនាក់ក្នុងឡានមួយ នៅម៉ោងដែលមានចរាចរណ៍មមាញឹក ដោយហាមប្រាមមិនអោយឡានដែលមានអ្នកជិះតិចជាង៣នាក់ធ្វើដំនើរវិថីមួយចំនួន។
វិថីនៅចាការតាល្បីខាងសំបូរអ្នកបើកបរគ្មានវិន័យ ដែលតែងតែប្រព្រឹត្តល្មើសច្បា់ចរាចរណ៍ប៉ុន្តែគ្មានការផាកពិន័យ និងការស៊ីសំនូករបស់ប៉ូលីសចរាចរណ៍នៅគ្រប់ទីកន្លែង។ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវគ្មានន័យឡើយ ដោយគេតែងឃើញមានយានយន្ត៤ទៅ៥ធ្វើដំនើរស្របគ្នាលើផ្លូវដែលចែកសំរាប់តែយានយន្ត២គ្រឿងប៉ុណ្ណោះ។ វាមិនមែនជារឿងចំលែកទេ ក្នុងការឃើញយានយន្តធ្វើដំនើរបញ្ច្រស់ទិសចរាចរណ៍។ ជាងនេះទៅទៀត នាពេលថ្មីៗនេះ ចំនួនម៉ូតូនៅលើដងផ្លូវបានកើនឡើងយ៉ាងគំហុក។ ម៉ូតូ១០០ទៅ២០០cc ដ៏មហាសាលកំពុងតែបំពុលខ្យល់និងសំលេង នៅចាការតា។
បាត់ចាយ(bajaj៖ ម៉ូតូរ៉ឺម៉កកង់៣) ជាមធ្យោបាយធ្វើដំនើរតាមកូនផ្លូវតូចៗនៃទីក្រុង។ បាត់ចាយជាមធ្យោបាយធ្វើដំនើរក្នុងស្រុកទូទៅតាំងពីដើមទសវត្សរ៍ឆ្នាំ៤០ដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៦៦ មានបាត់ចាយប្រមាណ ១៦០ ០០០គ្រឿងដំនើរការនៅចាការតា ហើយអ្នកបើកបរបាត់ចាយមានចំនួន១៥%នៃកំលាំងពលកម្មសរុបនៅចាការតា។ នៅឆ្នាំ១៩៧១ រដ្ឋបានហាមប្រាមបាត់ចាយមិនអោយបើកបរលើផ្លូវធំៗ ដែលបានធ្វើអោយចំនួនបាត់ចាយចុះថយយ៉ាងខ្លាំង។ យុទ្ធនាការពិសេសមួយក្នុងការលុបបំបាត់បាត់ចាយបានសំរេចនៅឆ្នាំ១៩៩០និង១៩៩១ ប៉ុន្តែក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ១៩៩៨ បាត់ចាយបានលេចមុខឡើងវិញ ដោយសាររដ្ឋខ្វះសមត្ថភាពគ្រប់គ្រងវាអោយមានប្រសិទ្ធភាព។
សេវាកម្មត្រានចាការតាបានចាប់ដំនើរការនៅលើផ្លូវពិសេសសំរាប់ឡានក្រុង តាមផ្លូវដែលមានចរាចរណ៍មមាញឹក។
ផ្លូវដែកនិងផ្លូវទឹក
[កែប្រែ]ផ្លូវអាកាស
[កែប្រែ]វិស័យអប់រំ
[កែប្រែ]ចាការតាជាទីតាំងរបស់មហាវិទ្យាល័យជាច្រើន។ សាកលវិទ្យាល័យដែលចំនាស់ជាងគេគឺសាកលវិទ្យាល័យឥណ្ឌូនេស៊ីរបស់រដ្ឋ និងសាកលវិទ្យាល័យណាស្យូណាល់របស់ឯកជន។ សាកលវិទ្យាល័យឯកជនធំៗមានសាកលវិទ្យាល័យទ្រីសាក់ទីនិងសាកលវិទ្យាល័យតារូម៉ាណាហ្គារ៉ា ។ និស្សិតជាច្រើនមកពីតំបន់ផ្សេងៗរបស់ឥណ្ឌូនេស៊ីមករៀននិងស្នាក់នៅតាមអន្តេរវិសិកដ្ឋាននិងបុរីនិស្សិត។ ដូចគ្នានឹងទីក្រុងនៅប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីដែរ ចាការតាមានសាលាហ្វឹកហ្វឺនជំនាញជាច្រើន។ ចំពោះការអប់រំគ្រឹះ មានសាលាបឋមសិក្សានិងមធ្យមសិក្សា ដែលមានផ្លាកជា សាធារណៈ(រដ្ឋ) ឯកជន(និងទ្វេភាសា) និងអន្តរជាតិ។ សាលាអន្តរជាតិធំៗ២នៅចាការតាគឺសាលាអន្តរជាតិចាការតានិងសាលាអន្តរជាតិអនុស្សាវរីយ៍គន្ធី។
វិស័យកីឡា
[កែប្រែ]តាំងពីសម័យស៊ូការណូ ចាការតាតែងត្រូវបានគេជ្រើសរើសធ្វើជាកន្លែងប្រកួតកីឡាអន្តរជាតិផ្សេងៗ។ ចាការតាធ្លាប់ធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេមឆ្នាំ១៩៦២ ពានរង្វាន់បាល់ទាត់អាស៊ីឆ្នាំ២០០៧ និង ស៊ីហ្គេមជាច្រើនលើក។ ចាការតាក៏ជាទីតាំងរបស់ក្រុមបាល់ទាត់អាជីពផងដែរ ដូចជាក្រុមបាល់ទាត់ពែរស៊ីចា(Persija) ក្រុមបាល់ទាតពែរស៊ីតារ៉ា(Persitara) ក្រុមបាល់ទាត់វ៉ារណា អាហ្គុង(Warna Agung) និងក្រុមបាល់ទាត់ចាយ៉ាការតា(Jayakarta ) ជាដើម។ ពហុកីឡាដ្ឋានធំជាងគេនៅចាការតាគឺពហុកីឡាដ្ឋានប៊ុងការណូ ដែលមានចំនុះ១សែនកៅអី។ ចំពោះកីឡាបាល់បោះ គេមាន Kelapa Gading Sport Mall ដែលមានចំនុះ៧ពាន់កៅអី ជាទីលានប្រកួតសំរាប់ក្រុមបាល់បោះជំរើសជាតិ។ បរិវេណកីឡាសេនេយ៉ាង ប្រជុំដោយអាគារកីឡាជាច្រើនមាន ទីលានបាល់ទាត់ប៊ុងការណូ ពហុកីឡាដ្ឋានម៉ាត់យ៉ា Istora Senayan ទីលានបាញ់កាំភ្លើង ទីលានតិននីស និងទីលានវាយកូនហ្គោល។
បណ្ដាញពត៌មាន
[កែប្រែ]សារពត៌មាន
[កែប្រែ]ចាការតាមានកាសែតប្រចាំថ្ងៃជាច្រើនដូចជា Bisnis Indonesia, Investor Daily, The Jakarta Post, Indo Pos, Seputar Indonesia, Kompas, Media Indonesia, [http://en.wikipedia.org/wiki/Republika_(Indonesian_newspaper) Republika], Pos Kota, Warta Kota, Lampu Merah និង Suara Pembaruan។
ទូរទស្សន៍
[កែប្រែ]ស្ថានីយ៍ទូរទស្សន៍រដ្ឋ៖ TVRI
ស្ថានីយ៍ទូរទស្សន៍ជាតិឯកជន៖ TPI, RCTI, Metro TV, Indosiar, StarANTV, SCTV, Trans TV, TV ONE, Trans 7, និងGlobal TV
ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក៖ Jak-TV, O-Channel, និង Space-Toon
ស្ថានីយ៍ទូរទស្សន៍ខ្សែកាប៖First Media, TelkomVision(ទូរទស្សន៍ផ្កាយរណប), Indovision, Astro Nusantara, TelkomVision, Aora TV
វិទ្យុ
[កែប្រែ]បញ្ហាផ្សេងៗ
[កែប្រែ]កំនើនប្រជាជនលើសពីហេដ្ឋារចនាសំព័ន្ឋ
[កែប្រែ]ដូចទីក្រុងនៅប្រទេសកំពុងអភិវឌ្ឍដទៃទៀតដែរ ចាការតាទទួលរងនូវបញ្ហារៀបចំក្រុងចំបងៗជាច្រើន។ ចំនួនប្រជាជនបានកើនឡើងយ៉ាងខ្លាំងក្លាពី ១,២លាននាក់នៅឆ្នាំ១៩៦០ ដល់ ៨,៨លាននាក់នៅឆ្នាំ២០០៤ (គិតត្រឹមតែអ្នករស់នៅស្របច្បាប់)។ បើបូកបញ្ចូលទាំងប្រជាជនរស់នៅក្បែរៗចាការតាទៀតនោះ ចំនួនឡើងដល់២៣លាននាក់ ធ្វើអោយវាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេទី៤លើលោក។ កំនើនប្រជាជនដ៏លឿននេះ ហួសពីសមត្ថភាពរដ្ឋាភិបាលក្នុងការផ្ដល់នូវតំរូវការមូលដ្ឋានសំរាប់ប្រជាជនទាំងអស់។ ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចល្អ ចាការតាទាក់ទាញមនុស្សមកធ្វើការយ៉ាងច្រើន រហូតដល់មានមនុស្សនៅថ្ងៃធ្វើការ២ដងច្រើនជាងថ្ងៃចុងសប្ដាហ៍។ ដោយសាររដ្ឋាភិបាលអសមត្ថភាពក្នុងការផ្ដល់មធ្យោបាយដឹកជញ្ជូនសមរម្យសំរាប់ប្រជាជនដ៏ច្រើនសំបើមនេះ ចាការតាបានប្រឈមមុខនឹងការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរស្ទើររាល់ថ្ងៃ។ ការបំពុលបរិយាកាសនិងការគ្រប់គ្រងកាកសំនល់ក៏ជាបញ្ហាធ្ងនធ្ងរផងដែរ។ គេប្រមាណថាប្រជាជនចាការតាអាចកើនឡើងដល់២៤,៩លាននាក់នៅឆ្នាំ២០២៥។
អនាម័យ
[កែប្រែ]ការសិក្សាបានបង្ហាញថា តិចជាង១ភាគ៤នៃប្រជាជនចាការតាមានទឹកបណ្ដាញប្រើប្រាស់គ្រប់គ្រាន់។ ក្រៅពីនេះប្រើប្រាស់ទឹកផ្ទាល់ពីទន្លេនិងបឹង ឬក៏ទិញទឹកពីឯកជន។ មនុស្ស៧,២លាននាក់គ្មានទឹកស្អាតប្រើប្រាស់ទេ។
ទឹកជំនន់
[កែប្រែ]នៅរដូវវស្សា ចាការតាទទួលរងគ្រោះទឹកជំនន់ដែលបណ្ដាលមកពីការកកស្ទះបណ្ដាញបង្ហូរទឹកស្អុយ ការកាប់បំផ្លាញព្រៃឈើ និងលក្ខណៈសណ្ឋានដី(៤០%នៃផ្ទៃដីរបស់វាស្ថិតនៅក្រោមកំពស់ទឹកសមុទ្រ)។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០០៧បានបំផ្លាញហេដ្ឋារចនាសំព័ន្ធនិងអាគាររដ្ឋ នានាដែលគិតជាទឹកប្រាក់ចំនួន ៥,២លានលានរូព្យាស (ប្រហែល ៥៧២លានដុល្លាអាមេរិក) និងសំលាប់ប្រជាជនយ៉ាងហោច៨៥នាក់ និងបង្ខំអោយប្រជាជន៣៥ម៉ឺននាក់ចាកចោលទីលំនៅ។ ប្រហែលជា៧០%ទៅ៧៥%នៃផ្ទៃដីចាការតាសរុបត្រូវលិចលង់ក្នុងកំពស់ទឹកដល់ទៅ៤ម៉ែត្រ។
បញ្ហាផ្សេងទៀត
[កែប្រែ]នៅខែកញ្ញាឆ្នាំ២០០៧ ច្បាប់ថ្មីមួយត្រូវបានប្រកាសដាក់អោយប្រើដើម្បីរៀបចមសណ្ឋាប់ធ្នាប់សាធារណៈ។ ច្បាប់នេះហាមប្រាមមិនអោយ ផ្ដល់ប្រាក់កាសដល់អ្នកសុំទាន ហាមមិនអោយមានការដើរលក់ឥវ៉ាន់ ហាមមិនអោយសាងសង់កន្លែងស្នាក់នៅតាមមាត់ស្ទឹងនិងផ្លូវហាយវេយ និងហាមមិនអោយខាកស្ដោះឬជក់បារីនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ។ ជនទាំងឡាយណាដែលលាងកញ្ចក់ឡាននិងធ្វើការបញ្ជាចរាចរណ៍នៅផ្លូវកាត់ទទឹងដែលមមាញឹក ដោយគ្មានការអនុញ្ញាតត្រឹមត្រូវនឹងត្រូវផាកពិន័យ។ ច្បាប់នេះទទួលរងនូវការរិះគន់ថាពិបាកនឹងពង្រឹងសុពលភាព និងបានមើលរំលងភាពក្រីក្ររបស់ប្រជាជនក្រុងយ៉ាងច្រើននោះ។
ទីក្រុងជាបងប្អូន
[កែប្រែ]ចាការតាមានទំនាក់ទំនងជាទីក្រុងបងប្អូនជាមួយទីក្រុងនិងតំបន់មួយចំនួននៅលើពិភពលោកដូចជា៖
- ចិតដាស់, អារ៉ាប៊ីសាអូឌីត
- ប៉េកាំង, ចិន
- ប៊ែរលីន, អាល្លឺម៉ង់
- អ៊ីស្តង់ប៊ុល, តួរគី
- ឡូស អាន់ជឺឡែស, សហរដ្ឋអាមេរិក
- ប៉ារីស, បារាំង
- រ៉ុតធើរដាំ, ហុល្លង់
- មែនឆេស្ទើរ, រាជាណាចក្ររួម
- សេអ៊ូល, កូរ៉េខាងត្បូង
- តូក្យូ, ជប៉ុន
- រដ្ឋញូសៅវេល, អូស្ត្រាលី
- មុំបៃថ្មី, ឥណ្ឌា
តំនភ្ជាប់ក្រៅ
[កែប្រែ]- វិបសាយផ្លូវការ Archived 2007-02-14 at the វេយប៊ែខ ម៉ាស៊ីន.
- ដំនើរកំសាន្តទៅកាន់ចាការតា Archived 2005-12-17 at the វេយប៊ែខ ម៉ាស៊ីន.
- Indonesia Business Directory Archived 2020-04-27 at the វេយប៊ែខ ម៉ាស៊ីន.
- អំពីចាការតា Archived 2008-10-24 at the វេយប៊ែខ ម៉ាស៊ីន.