ការពិភាក្សា:ចន្ទរាជា
ព្រះបាទចន្ទរាជា(安赞一世 ) (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។
គ្រិស្តសករាជ ១៥០៤ សម្ដេចព្រះធម្មរាជាសោយទិវង្គត សម្ដេចព្រះស្រីសុគន្ធបទបានឡើងសោយរាជ្យ ហើយក្រោយមកសម្ថេចពញាចន្ទដែលត្រូវជាអនុជ ក៏ត្រូវសម្ដេចព្រះរៀមតែងតាំងជាសម្ដេចឧបរាជ គ្រប់គ្រងនាដែនដីចតុមុខ នាវេលាដែលសម្តេចព្រះរាជា ទ្រង់ផ្លាស់រាជធានីទៅតាំងនាទួលបាសាណវិញ។
ក្រោយមក ដោយស្ថានការនយោបាយក្នុងប្រទេសចាប់ផ្ដើមចលាចល សម្ដេចព្រះពញាចន្ទក៏បានភៀសព្រះកាយទៅគង់នាក្រុងអយុធ្យា ហើយប្រកបកិច្ចការនាក្នុងរោងដំរីនៃរាជវាំងមហាក្សត្រអយុធ្យា។
នៅក្នុងឱកាសដែលស្ដេចកនធ្វើគតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ១៥១២នោះ ព្រះអង្គចន្ទរាជា កំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមកសងសឹក និងស្ថារពញរះរាជវង្សរបស់ទ្រង់ឡើងវិញ។នៅក្នុងពេលដែលមានការផ្អាកការប្រយុទ្ធគា្ននោះ នាយទាហានទាំងឡាយរួមជាមួយព្រះរាជវង្សានុវង្សផង បានឯកភាពគ្នាស្នើសុំអោយព្រះអង្គច័ន្ទរាជា ឡើងសោយរាជ្យជាព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានយល់ព្រមទទួលតាម ប៉ុន្តែទ្រង់បានសម្រេចព្រះទ័យថាទ្រង់នឹងទទួលយកការអភិសេកលុះណាតែទ្រង់ដណ្តើមបានជ័យជម្នះលើនាយកក្បត់រួចសិន។ គេបានរៀបចំសង់ព្រះសន្លាផ្សេងៗ សម្រាប់ធ្វើការប្រកាសតែងតាំងព្រះរាជានេះ រួមមានព្រះរាជបល្ល័ង្គបាំងទៅដោយក្លស់រួត៥ជាន់ ព្រះអង្គបានឱ្យសង់៥ជាន់សិន (មិនទាន់ទទួលយកក្លស់៩ជាន់ភ្លាមទេ គ្រឿងប្រដាប់បំពាក់អោយសេះ ដែលអូសព្រះរាជរថ គ្រឿងប្រដាប់បំពាក់ឱ្យដំរីពេលយាងចេញធ្វើសង្គ្រាម គ្រឿងប្រដាប់បំពាក់ឱ្យសេះចម្បាំង និងគ្រឿងប្រដាប់លម្អព្រះរាជទីនាំងនាវា។
ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា។
រហូតដល់ឆ្នាំ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។
ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។
ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះរាជាបានតែងតាំងរដ្ឋមន្រ្តី សេនាបតី ព្រះសង្ឃរាជនៃព្រះវិហារពុទ្ធសាសនាទាំង៧នាយក្រុម ព្រះរាជវង្សានុវង្ស២អង្គ ព្រះឥសីផាត ជាមេក្រុមបារគូទទួលបន្ទុកថែរក្សាអាវុធស័ក្តិសិទ្ធិ និងរៀបចំពិធីតាមព្រហ្មញ្ញសាសនាផ្សេងៗ នាម៉ឺនតូចធំ អាស្រ័យទៅតាមគុណូបការៈ ដែលពួកគេបានបំពេញកន្លងមក។ គេបាននិយាយថា ព្រះរាជាក៏បានចាត់ឱ្យគេសាងសង់វត្តមួយនៅនឹងកន្លែង ដែលគេលើកឱ្យព្រះអង្គសោយរាជ្យនោះ។ គឺនៅពេលនោះហើយ ដែលទីរួមខែត្រអម្រិតបុរៈ បានដូរឈ្មោះមកជា បរិបូណ៍វិញ រហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រលែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ស្នាព្រះហស្តដ៏ល្បីល្បាញរបស់ព្រះអង្គ ក្រៅពីវិស័យអក្សរសាស្រ្តជាតិ ការរំដោះទឹកដី ទ្រង់ក៏ជាអ្នកស្ថាបនិកនូវយុគសម៏័យលង្វែក ដែលមានបន្ទាយលង្វែកជារាជធានីដ៏រឹងមាំ ល្បីថាមានដើមឬស្សីព័ទ្ធជុំវិញ ដែលជាយុទ្ធសាស្រ្តសង្រ្គាមដ៏ខ្លាំងក្លារបស់ខ្មែរនាសម័យនោះ។
ប៉ុន្តែនៅឆ្នាំ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
Start a discussion about ចន្ទរាជា
Talk pages are where people discuss how to make content on វិគីភីឌា the best that it can be. You can use this page to start a discussion with others about how to improve ចន្ទរាជា.