ចន្ទរាជា

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទចន្ទរាជា)
Jump to navigation Jump to search
ចន្ទរាជា
ព្រះរាជឱង្ការធំ (រាស្ត្រហៅ)
បរមខត្តិយាមហាចន្ទរាជា (ស្មេរពង្សាវតារ)
ព្រះបាទសម្ដេច
រជ្ជកាល គ.ស ១៥១៦-១៥៦៦
រាជ្យមុន ស្រីជេដ្ឋា
រាជ្យបន្ត បរមិន្ទរាជា
ស្វាមី/មហេសី ​សម្ដេចព្រះភគវតីសិរីចក្រពត្តិ អ្នកម្នាងបទុមបុប្ផា
បុត្រ

សម្ដេចព្រះរាមាធិបតី

សម្ដេចព្រះបរមិន្ទរាជា សម្ដេចព្រះមហាទេវីក្សត្រីយ៍
ព្រះនាមពេញ
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមរាមា មហាចន្ទរាជាធិរាជ រាមាធិបតី សិរីយសោធរ បវរវង្សកូល កំពូលកម្ពុជា មហាឥន្ទបត្ត បុរីរម្យ ឧត្តមកុរុរដ្ឋ រាជធានី រឺ បើតាមសិលាចារឹក ព្រះបាទសម្ដេចព្រះរាជឱង្ការ បរមរាជាធិរាជ រាមាធិបតី បរមចក្រពត្ត៌ិរាជ
វង្ស ធម្មរាជា
សន្តតិវង្ស អង្គជ័យ
បិតា ធម្មរាជាទី១
មាតា ព្រះមែយ្យទេពបុប្ផា
ប្រសូត ១៤៩៦
ខែត្រភ្នំពេញ (ស្រីសន្ធរ)
សុគត ១៥៦៦
ខែត្រលង្វែក
ព្រះសុសាន ១៥៦៧
ភ្នំសន្ទុក

ព្រះបាទសម្ដេច ចន្ទរាជា រឺ អង្គចន្ទទី១ រឺ បរមខត្តិយាចន្ទរាជា (គ.ស.១៤៩៦-១៥៦៧) រជ្ជកាល (១៥១៦-១៥៦៧) ព្រះអង្គជាមហាក្សត្រនៃអាណាចក្រទិសខាងលិចក្រុងមានជ័យ បន្ទាប់ពីបង្ក្រាបអាណាចក្រទិសខាងកើតស្រឡប់ដូនតីពិជ័យព្រៃនគរ ដែលមានស្ដេចកនជាក្សត្រសោយរាជ្យបានហើយ ទ្រង់ក៏បានឡើងសោយរាជ្យក្រុងកម្ពុជាធិបតីទាំងមូលដោយរើរាជធានីពីបន្ទាយមានជ័យ ខែត្រពោធិ៍សាត់មកក្រុងលង្វែក ខែត្រលង្វែកវិញ ក្រុងនេះបានហ៊ុំព័ទ្ធទៅដោយឫស្សីយ៉ាងក្រាស់ មិនងាយវាយលុកចូលបានឡើយ។

តាមសិលាចារឹក K.៨២ B ជាភាសាខ្មែរថា សម្តេចឱកញាយស្យឝ្រីឝៅគន្ធបទ បានស្ថាបនាចៃតិយបញ្ចុះព្រះមហាសារីរិកធាតុ ធ្វើព្រះវិហារចន្លោះគោបុរៈខាងកើតនិងតួប៉មកណ្តាលនៃប្រាសាទ វត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលពេលនោះហៅថា នគរជយវីរសក្តិ និងធ្វើសន្លឹកសីមាវធិបញ្ចុះព័ទ្ធជុំវិញវិហារនេះ ហើយវេរប្រគេនព្រះអរិយសង្ឃនាម មហានាគសេនបពិត្រ នៅវេលាពីរស្រមោលពេលព្រឹក ថ្ងៃច័ន្ទ ទី ១៤រោជ ខែអាសាឍ ឆ្នាំខាល នក្សត្រត្រូវនឹង គ.ស. ១៥៦៦។ ចំណែកអត្ថបទខាងភាសាបាលី K.៨២ A នៅបន្ទាត់ទី១-២ ថា អធិនាម សិរីសោគន្ធបទ គឺជាអតីតព្រះមហាក្សត្រ ឬអ្នកដែលបានទទួលឋានៈដូចព្រះមហាក្សត្រ។ នាមទាំងពីរនេះ ត្រូវអ្នកឯកទេសភាសាសំស្ក្រឹត និងបាលីថា ត្រូវនឹងពាក្យសំរួលរបស់ខ្មែរថា «ស្រីសុគន្ធបទ»។ ដូច្នេះបានន័យថា ព្រះបាទឝ្រីឝៅគន្ធបទ ដែលក្នុងពង្សាវតារសតវត្សរ៍ទី១៩ សរសេរថា ព្រះអង្គត្រូវស្តេចកន ប្រើល្បិចកលសំលាប់ចោលនៅកំពង់ធំនាឆ្នាំគ.ស. ១៥១២ នោះ គឺជារឿងមិនពិតទេ។ ចំណុចនេះ ឆ្លើយត្រូវគ្នានឹងកំណត់ត្រារបស់លោក ហ្គាស្ប៉ាដាគ្រុស ដែលបានកត់ត្រាទុក នៅពេលលោកស្នាក់នៅលង្វែកពីឆ្នាំ១៥៥៥-១៥៥៧ ថាព្រះមហាក្សត្រនៅពេលនោះបានឡើងសោយរាជ្យដោយសារតែមានការបះបោរដ៏ធំមួយរបស់ប្រជាជន ដែលបានបង្ខំឲ្យព្រះជេដ្ឋារបស់ព្រះអង្គជាព្រះមហាក្សត្រពេលនោះចុះចេញពីរាជបល្លង្ក។ បន្ទាប់ពីព្រះអង្គបង្រ្កាបការបះបោរបានដោយជោគជ័យ ទើបព្រះជេដ្ឋាព្រះអង្គប្រគល់ព្រះរាជាណាចក្រនេះឲ្យព្រះអង្គគ្រប់គ្រងជំនួសវិញ។ ម្ល៉ោះហើយ ព្រះបាទឝ្រីឝៅគន្ធបទ នៅមានព្រះជន្មនៅឡើយ បន្ទាប់ពីព្រះអនុជចន្ទរាជាបង្ក្រាបការបះបោរ ដែលគេជឿថាដឹកនាំដោយស្តេចកននោះរួច។ ត្រង់នេះមានសរសេរនៅក្នុងនិក្ខេបបទបណ្ឌិតរបស់លោក ម៉ៃឃើល-វិកឃើរី (១៩៧៧)។

ព្រះអង្គទ្រង់ក៏បានសំរិតសំរាំងអ្នកមានថ្វីដៃខាងផ្នែកយោធាផងដែរសំរាប់ការពារមាតុភូមិជាពិសេសព្រះអង្គជាពុទ្ធសាសនិកមួយដ៏មោះមុតព្រះបាទចន្ទរាជាបានសាងសង់ព្រះវិហារជាច្រើននៅពោធិ៍សាត់ ឧដុង្គ បរិបូរណ៍ និងនៅលង្វែកជាច្រើន។ ព្រះអង្គបានលើកស្ទួយការកសាងវប្បធម៌ជាតិផងដែរ គឺព្រះអង្គបានចាត់ឲ្យបណ្តុះបណ្តាលខាងផ្នែកល្ខោនប្រុសល្ខោនស្រីភ្លេងចំរៀងតូរ្យតន្ត្រីជាច្រើនទៀតផង។ ចំណែកឯសិលាចារឹកដែលខ្មែរលែងបានកសាងចាប់តាំងពីសម័យអង្គរមកគឺត្រូវចាប់ផ្តើមសាងសង់វិញក្នុងរាជ្យព្រះអង្គផងដែរ។

ដូច្នេះហើយបានជាអ្នកប្រវត្តិវិទូចាត់ទុកថាសម័យកាលរបស់ព្រះអង្គ (សម័យលង្វែក) ជាសម័យកាលដ៏រុងរឿងបំផុតរបស់ខ្មែរក្រោយសម័យអង្គរ។ ព្រះបាទចន្ទរាជានេះហើយដែលជាព្រះរាជាខ្មែរដែលបានកសាងបន្ទាយលង្វែកហើយព្រះអង្គបានប្រែក្លាយនគរកម្ពុជាដែលជាប្រទេសទន់ខ្សោយមួយក្រោយសម័យអង្គរឲ្យក្លាយទៅជាមហាអាណាចក្រខ្មែរជាលើកទី២ឡើងវិញ។ ក្នុងរាជ្យរបស់ព្រះអង្គប្រជានុរាស្ត្រនិងព្រះពុទ្ធសាសនារស់នៅដោយសុខសាន្តព្រមទាំងមានការរីកចំរើនផងដែរ។ ទ្រង់ជាព្រះមហាក្សត្រសឹកដ៏អង់អាចក្លាហាន និងមានមហិទ្ធិឫទ្ធិខ្លាំងពូកែជាងគេបំផុតក្នុងចំណោមព្រះមហាក្សត្រខ្មែរទាំងឡាយក្រោយសម័យអង្គរ។ ក្នុងរាជ្យរបស់ព្រះអង្គទ្រង់បានធ្វើសឹកសង្គ្រាមជាច្រើនលើកច្រើនសាជាមួយនគរសៀម

មាតិកា

ការប្រសូត និង ព្រះនាម[កែប្រែ]

ឆ្នាំរោង អដ្ឋស័ក ព.ស. ២០៤០, គ.ស. ១៤៩៦ ព្រះបាទស្រីធម្មរាជាទី១ សោយរាជ្យបាន ១៩ឆ្នាំ ព្រះមែយ្យ (ពាក្យសៀម ពាក្យសំរាប់ហៅព្រះអគ្គមហេសី ឬ ស្នំឯក) ទេពបុប្ផាជាព្រះស្នំឯកសម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលាចន្ទ្រគ្រាស ដូច្នេះ ក្រុមបារគូ បុរោហិត ហោរាចារ្យ ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ព្រះចន្ទរាជា ស្ដេចបានជំទាវវារ (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយាចៅពញាយមរាជ ពិភ័ក្ដិរក្សាព្រះអង្គទំនុកបំរុងជាសុខរៀងមក។

ព្រះរាជជីវប្បវត្តិ[កែប្រែ]

តែងតាំងជា សម្ដេចព្រះបរមរាជា មហាឧបរាជ រាជាធិរាជ[កែប្រែ]

ឆ្នាំថោះ នព្វស័ក ព.ស. ២០៥១, គ.ស. ១៥០៧, ម.ស. ១៤២៨, ច.ស. ៨៦៨ ព្រះបរមបពិត្រស្ដេចទ្រង់ព្រះតំរិះ អំពីកិច្ចការរាជការផងទាំងពួង ទ្រង់ឃើញថាប្រទេសកម្ពុជាត្រើយខាងលិចនោះឆ្ងាយណាស់ឆ្ងាយអំពីកិច្ចការត្រួតត្រា គួរជាទីរងាអស់អាណាប្រជានុរាស្ត្រ។ ទ្រង់ព្រះពិចារណាឃើញថា: ចៅពញាចន្ទរាជា ជាព្រះអនុជនោះ មានតំរិះប្រាជ្ញា ល្មមជាទីកក់ក្ដៅរបស់រាស្ត្រត្រើយខាងលិចបាន ទើបទ្រង់តាំងឲ្យចៅពញាចន្ទរាជាឡើងយសជាសម្ដេចព្រះបរមរាជា មហាឧបរាជរាជាធិរាជ ហើយព្រះបរមបពិត្រជាអម្ចាស់ស្ដេចឲ្យចេញទៅគង់នៅក្នុងក្រុងចតុម្មុខ មង្គលស្រុកភ្នំពេញឲ្យបានជាទីកោតក្រែងអ្នកត្រើយខាងលិច។ សម្ដេចព្រះអនុជចន្ទរាជាធិរាជ ថ្វាយបង្គំទទួលព្រះរាជឱង្ការហើយ ក៏លាចេញមក នាំបណ្ដារាស្ត្រជាខ្ញុំក្នុងព្រះអង្គចេញទៅគង់ចតុម្មុខមង្គល (រាជធានីភ្នំពេញយើងសព្វថ្ងៃនេះ) ដើម្បីទំនុកបំរុង អ្នកស្រុកត្រើយខាងលិចឲ្យបានក្សេមក្សាន្តឥតមានកលិយុគរៀងមកឡើយ។

សម្ដេចព្រះឝ្រីឝៅគន្ធបទរាជាជាអម្ចាស់ជីវិតលើត្បូង កាលសម្ដេចព្រះអនុជថ្វាយបង្គំលាទៅហើយ ក្រោយនោះទ្រង់ព្រះតំរិះយល់ថា: ព្រះរូបរបស់អញ អញក៏បានសាងទុកជាព្រះកេរ្តិ៍ ជាព្រះយសរួចហើយ ខាងរាជការទៀត ត្រើយខាងកើតមានខ្លួនអញជាអ្នកត្រួតត្រារក្សាមាំមួន ហើយត្រើយខាងលិច អញក៏បានចាត់សម្ដេចព្រះអនុជចន្ទរាជាធិរាជឲ្យទៅត្រួតត្រាមាំមួនជ្រះស្រឡះហើយដែរ។

ប្រផ្នូល និង ហេតុភេទក្នុងរាជ្យព្រះជេដ្ឋា[កែប្រែ]

ឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២០៥២, គ.ស. ១៥០៨, ម.ស.១៤៣០, ច.ស.៨៧០ ក្នុងខែចែត្រចូលមហាសង្ក្រាន្ត នៅថ្ងៃនក្ខត្តឫក្សនោះ អស់មហាជនសឹងជួបជុំធ្វើបុណ្យសក្ការៈបូជាទាំងទេពនិករអមរមេឃ សូមមង្គលសួស្ដី ចូលឆ្នាំថ្មីតទៅ។ ខណៈនោះ ព្រះបាទឝ្រីឝៅគន្ធបទជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការៈបូជា ថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិសទសស្រេចហើយ ស្ដេចចូលក្រឡាព្រះបន្ទំ បរមសេយ្យាសន៍ (ឬសយ្យាសន៍ប្រែជាទីដេក ឬទីងងុយ) ជាសុខស្កល់។ ទ្រង់ព្រះសុបិននិមិត្តឃើញថា: មាននាគមួយធំមានឫទ្ធិមហិមា មកដេញព្រះអង្គ និង មនុស្សម្នាឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះក្ដៅពន់ប្រមាណណាស់ឃើញហាក់ដូចជានាគនោះស្ទុះចូលមកខាំពាំស្វេតច្ឆ័ត្រនាំទៅកាន់ទិសបូព៌។ លុះល្មមព្រឹកឡើងព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្ដេចព្រួយព្រះទ័យ នឹងព្រះសុបិនប្លែកនោះ ពន់ប្រមាណណាស់។ លុះស្ដេចស្រង់ ទ្រង់គ្រឿងស្រេច ស្ដេចចេញព្រះរាជរោងរម្យគង់លើព្រះសុវណ្ណទែនទិព្វអាសនៈ។ សម្ដេចព្រះអនុជចន្ទរាជាធិរាជ និង សម្ដេចឱរសាធិរាជព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូបមាលាជាទីតបស្នងឆ្លងព្រះតេជគុណ តាមព្រះរាជប្រវេណី។ ក្នុងវេលានោះ គ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុង ទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូបមាលា ពុំមានសេសសល់ដល់ម្នាក់ឡើយ។ ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលសូរសីហនាថព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្ដេចទតព្រះនេត្រទៅ អស់ព្រះបរមវង្សា និង ខ្ញុំរាជការរៀងទៅដល់ឃុនហ្លួងព្រះស្ដេចធិបតី។ ខណៈនោះ ស្ដេចទតឃើញមានតួនាគពីរព័ទ្ធព័ន្ធលើឃុនហ្លួងព្រះស្ដេចហើយងើបក្បាលឆ្វេងស្ដាំ ទន្ទឹមគ្នានឹងសិរសាឃុនហ្លួងព្រះស្ដេចកន។ រូបនាគនោះ ដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិននិមិត្ត។ កិរិយានាគនោះហាក់ដូចជានឹងស្ទុះទៅខាំព្រះអង្គ ព្រះអង្គទ្រង់ភ្ញាក់ព្រះទ័យត្រាស់ឲ្យមន្ត្រីមើល មន្ត្រីមើលពុំឃើញតាមព្រះរាជបញ្ជាសោះ។ ដូច្នោះហើយ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់។

ក្នុងពេលទ្រង់ធ្វើសវនការ ចៅពញាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបង បានបកសំបុត្រប្ដឹងមកថា: ស្រះទឹកសំរាប់ព្រះមហាក្សត្រ ដែលនៅក្នុងគុហាភ្នំបាណន់នោះ ចេញជាឈាមដាលក្រហមដូចទឹកល័ខ។ ព្រះចៅអធិការ វត្តព្រះវិហារសួគ៌ ក៏មានសង្ឃដីកាបកចូលមកថា: ព្រះជ្រែប្រផ្នូលនោះ បាក់មែកចេញជាឈាម។ ថាព្រះឥសូរ ព្រះនរាយណ៍ ប្រេះព្រះឱរាចេញជាឈាមដែរ។ ព្រះរាជគ្រូបុរោហិត ក៏ថ្វាយសេចក្ដីថា: ព្រះខឌ្ដជ័យមង្គលនោះមានស្នឹមច្រាលក្រហមពីត្រីសូល៍ដល់គល់។ ចៅហ្វាយស្រុកពោធិ៍សាត់ បកសំបុត្រប្ដឹងមកថា: ព្រះកាំបិតស្ដាំរង្គោះផ្លែពីដង។ ថាមានផែះនៅក្នុងស្រោមកាំបិតនោះ។ ចៅហ្វាយស្រុកបាភ្នំបកសំបុត្រចូលមកថា ព្រះពុទ្ធរូបក្នុងទីបាភ្នំហូរទឹកនេត្រមកជាឈាម ក្រហមដូចល័ខ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រួយព្រះទ័យណាស់។ លុះផុតវេលា ក្រាបបង្គំគាល់ហើយ ព្រះអនុជអង្គចន្ទរាជាធិបតី ស្ដេចយាងត្រឡប់ទៅភ្នំពេញវិញ។ ខ្ញុំរាជការទាំងពួង ក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗរៀងខ្លួន។ ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្លង្ក តាំងប្រថាប់នៅមុខស្វេត្រច្ឆ័ត្រទើបត្រាស់ព្រះឥសីភ័ទ្ទ មហារាជគ្រូ និង រាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងទីស្ងាត់។

ខណៈនោះ ទ្រង់ប្រឹក្សាការណ៍ថា:

"ការផែនដីពេលនេះ មានហេតុគ្រប់ប្រការ ដូច្នេះអស់អ្នកយល់ថាដូចម្ដេច?"

សម្ដេចព្រះឥសីភ័ទ្ទ យកសេចក្ដីក្រាបបង្គំទូលថា:

"ព្រះខឌ្ដជ័យមង្គល ដែលមានហេតុស្នឹមដល់គល់យ៉ាងនេះ តាមសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ទំនាយទុកនោះថា មុខជានឹងកើតហេតុធំពុំខានឡើយ។"

ព្រះរាជហោរាធិបតីយកសេចក្ដីក្រាបបង្គំទូលថា:

"តាមហេតុនេះ ផែនដី កើតកោលាហលដល់អស្ចារ្យ។ ផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់។"

លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា:

"រាជសត្រូវនោះ មកពីក្នុង ឬ ក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល?"

ហោរា តាំងលេខតំរាគន់គូបូកហត្ថទៅទៀត ដឹងច្បាស់ក្នុងតំរាហើយក្រាបទូលថា:

"រាជសត្រូវនោះ នៅក្នុងព្រះនគរ។ វាកើតឆ្នាំរោង ពង្សនាគ។ ទំនាយនេះ ឃើញចំត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់។ ទំនាយថា បើកើតកលិយុគម្ដងនេះ គឺកើតមកពីឃុនហ្លួនព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំនាគ។ នាគដើមឆ្នាំនេះ កំពុងក្លាហានណាស់ សូមទ្រង់ជ្រាប។ សូមព្រះអង្គ ស្ដេចកុំប្រហែសព្រះអង្គឡើយ។"

ព្រះបរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិមិត្ត ដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយ ទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា:

"អញក៏ឃើញពិត ដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះ មុខជានឹងមានពាក្យគេនិន្ទាជាមិនខាន។ មួយវិញទៀតបងវាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង។ បើបងវាដឹងក្រែងនឹងញុះញង់កូនវាឲ្យចេញជាសត្រូវនឹងអញ។ អញនឹងកើតសត្រូវចំបាំងព្រោះកូនឯងនាំឲ្យលំបាករាស្ត្រ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះ គឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឲ្យជាប់ទាំងដៃទាំងជើង វានឹងឡើងក៏មិនរួច ហែលក៏មិនបាន។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅសេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ។ តើអ្នករាល់គ្នាយល់ដូចម្ដេច?"

ព្រះឥសីភ័ទ្ទ និង រាជហោរាឆ្លើយថាយល់តាមព្រះរាជបរិហារគ្រប់គ្នា។ ឯព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ត្រីប្រឹក្សាការផែនដីនោះលបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំច្បាស់។ អ្នកព្រះម្នាង ឮ តែចុងពាក្យថា: ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់ តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្ដាប់បានប៉ុណ្ណេះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ។

ការភៀសព្រះកាយ[កែប្រែ]

ព្រះស្ដេចកនបានធ្វើឧបាយសំបុត្រប្រកាសប្រាប់ក្រមការ និងរាស្ត្រឲ្យដឹងគ្រប់គ្នាថា:

"ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើងឲ្យយើងចេញមកជាមេកងធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជបំរើឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសំលាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយពុំដឹងឧបាយក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។"

រាស្ត្រទាំងនោះស្រដីតៗគ្នាថា:

"ហ្លួងព្រះស្ដេចកន ទៅបង្កើតទ័ពលើកទៅលុកសម្ដេចព្រះអនុជនេះឃើញថាពិតមែនហើយ ព្រោះមានបំរើទៅមកតឿនការរាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី។"

សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំមមី ឯកស័កត្រូវបានព្រះជន្មវស្សា ២៤ ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយ ទើបទ្រង់ព្រះចិន្តាថា: ពាក្យដែលឮនេះប្រហែលជាមែន បានជាសម្ដេចព្រះជេដ្ឋាធិរាជធ្វើព្រងើយកន្តើយឲ្យបំរើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះបើព្រោះតែយើងមួយ យើងនឹងនៅឲ្យគេទើសទាល់រវល់ថ្វី ទើបស្ដេចនាំអស់បណ្ដាជាខ្ញុំ ៥០ នាក់ដោះរត់ជើងគោកទាំងរាត្រីនោះពីក្រុងចតុម្មុខ​ស្រូតរូតចូលទៅក្រុងទេពបុរីទៅ។ ឧបាយកលស្ដេចកនបានសំរេចហើយ ហ្លួងព្រះស្ដេចក៏ចាប់ផ្ដើមរៀបចំផែនការវាយដណ្ដើមទឹកដីត្រួតត្រាតទល់នឹងព្រះឝ្រីឝៅគន្ធបទដែលជាព្រះជេដ្ឋា។

លុះស្ដេចទៅដល់ខែត្រពោធិ៍សាត់ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលទៅសំណាក់អាស្រ័យនៅផ្ទះតាមឿង (ក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថា តាមឿងនេះមិនមែនឈ្មោះមឿង ឬ ឈ្មោះឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជា ពេជ ដូច្នេះទៅវិញ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅ ទៅកើតជាអ្នកតាចាស់ស្រុក ដែលសៀមហៅអ្នកតាចាស់ស្រុកតាមពាក្យ វាថា "ខ្លាងមឿង" ហើយខ្មែរយើងហៅតាមវាយារៗ មកជាឃ្លាំងមឿងដូច្នេះទេឬ?) មេស្មឹងភ្នំក្រវាញ។ តាមឿងឃើញស្ដេចយាងទៅដល់ហើយក៏អរណាស់ ចុះមកអញ្ជើញស្ដេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយាស្ងោយ ថ្វាយសោយតាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី ៨, ​សេះ ១០ និងកូនប្រុស ៤នាក់ជាខ្ញុំតាមហែស្ដេចទៅក្រុងទេព។ ព្រះចៅចន្ទរាជាបានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្ដេចលាតាមឿង ឡើងដំរីលើកចេញទៅតាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឲ្យមន្ត្រីសៀម នាំឡើងក្រាបបង្គំទូល ព្រះចៅចក្រពត្តិតាមដំណើរគ្រប់ប្រការ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: យើងនឹងជួយទំនុកបំរុងដល់អ្នក ហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរ គ្រឿងឧបភោគបរិភោគ សំរាប់យសស័ក្ដិ និង វាំងដំណាក់ ឲ្យស្ដេចគង់ខាងវត្តប្រណែងធឿនជាសុខរៀងមក។

ការវិភាគរបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ[កែប្រែ]

ឯកសារ​ពង្សាវតារ​ខ្មែរ​បាន​និយាយ​អំពី​បុណ្យ​បារមី​ព្រះស្ដេច​កន​ដែល​ ព្រះឝ្រីឝៅគន្ធបទ​រៀប​ចំ​ល្បិច​កល​ដើម្បី​សំលាប់ព្រះស្ដេច​កន។ ឯកសារ​ទាំងនោះ​បញ្ជាក់​ថា មន្ត្រីរាជា​ជាច្រើន​បាន​ច្រណែន​ស្អប់​ព្រះអង្គ ហើយ​បាន​បន្ត​ទៀតថា ព្រះអង្គ​ចន្ទរាជា​បាន​រត់​ភៀស​ខ្លួន​ចាក​ចេញ​ចោល​ទីក្រុង​ភ្នំពេញ​ទាំង​យប់ ​ដោយសារ​តែ​អន់​ចិត្ត​នឹង​ព្រះឝ្រីឝៅគន្ធបទ​ជា​បង និង​ខ្លាច​ព្រះស្ដេច​កន​លើក​ទ័ព​មក​វាយ​ប្រហារ​តាម​បញ្ជា​របស់​ស្ដេច។

ការលើក​យក​ល្បិចកល​របស់​ព្រះមហាក្សត្រ​មក​បក​ស្រាយ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ ព្រះស្ដេច​កន និង​ការ​រត់​ចោល​ស្រុក​របស់​ព្រះអង្គ​ចន្ទរាជា មើល​ទៅ​ហាក់​ដូចជា​ងាយ​ពេក (រាក់កំផែល) ហើយ​មិន​សម​ហេតុ​សម​ផល​ទៀត។ ព្រះអង្គ​ចន្ទរាជា​គង់​នៅ​ទីក្រុង​ភ្នំពេញ​ជិត​ទួលបាសាន្ត ចំណែក​ឯ​ព្រះស្ដេច​កន​បោះ​ជំរំ​ប្រមូល​កេណ្ឌ​ទ័ព​នៅ​បាភ្នំក្នុង​ខែត្រ​ព្រៃវែង។ ដូច្នេះ​ព្រះអង្គ​ចន្ទរាជា​មាន​លទ្ធភាពនឹង​ទាក់ទង​ទូល​ថ្វាយ និង​សួរ​ព្រះរាជា​ឆាប់​រហ័ស​គ្រប់​ពេល​វេលា។ ហេតុ​ដូចម្ដេច​ក៏​ព្រះអង្គ​មិន​ទាក់ទង​ឆ្លង​ឆ្លើយ ហើយ​បែរ​ជា​នាំ​គ្នា​រត់​គ្មាន​ទាំង​ផ្ទុះ​អាវុធ​ប្រយុទ្ធ​គ្នា​ផង? ត្រង់​នេះ​ហើយ​ដែល​យើង​និយាយ​ថា ប្រវត្តិសាស្ត្រ​មាន​លាក់​អាថ៌កំបាំង​មិន​លើក​យក​មក​កត់​ទុក​បង្ហាញ​ជា​ឯកសារ និង​សក្ខីភាព

ព្រឹត្តិការណ៍​នេះ​ អាច​បញ្ជាក់​ថាស្ដេច​ជា​បងប្អូន​ទាំង​ពីរ​អង្គ​អាក់អន់​ចិត្ត​នឹង​គ្នា​រហូត​ឈប់​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ម្យ៉ាងវិញ​ទៀត ប្រហែល​ជា​កងទ័ព​ព្រះអង្គ​ចន្ទរាជា និង​កងទ័ព​ព្រះមហាក្សត្រ​ព្រះឝ្រីឝៅគន្ធបទធ្លាប់​ប៉ះទង្គិច​គ្នា ហើយ​កងទ័ព​ព្រះអង្គ​ចន្ទរាជា​ត្រូវ​បរាជ័យអាច​មាន​បញ្ហា​ចោទ​ដល់​ជីវិត ទើប​ព្រះអង្គ​នាំ​មន្ត្រីពលសេនា​តែ​បន្តិច​បន្តួចលួច​រត់​ជន្លៀស​ភៀស​ខ្លួន​សំដៅ​ទៅ​ស្រុក​សៀម។

ក្នុង​វគ្គ​នេះ អ្នកប្រាជ្ញ​បារាំង អាឌេម៉ារ-ឡឺក្លែរបាន​កត់ត្រា​ក្នុង​ស្នាដៃ​របស់​លោក​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជាមាន​ការ​ឈ្លោះ​ទាស់ទែង​ខ្វែង​គំនិត​បែក​សាមគ្គី​រវាង​ព្រះឧបរាជ​អង្គ​ចន្ទរាជា និង​ព្រះឝ្រីឝៅគន្ធបទ​ជា​បង។ លោក​បាន​សរសេរ​បន្ត​ទៀត​ថា៖

«នៅ​ក្នុង​ពេល​នោះ ព្រះអនុជ​ព្រះអង្គ ចៅពញា​ចន្ទរាជា ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្រទានដោយសារ​ព្រះអង្គ​បាន​ប្រសូត​នៅ​ថ្ងៃ​មាន​ចន្ទគ្រាសមិន​សប្បាយ​ចិត្ត​នឹង​ការ​ជ្រើសរើស​របស់​ក្រុម​មន្ត្រី​ធំៗបាន​ដក​ថយ​មក​បោះ​ទីតាំង​នៅ​ចតុមុខ បន្ទាប់​មកកេណ្ឌ​លើក​កងទ័ពពលទាហានចេញ​មុខ​ប្រឆាំង​នឹង​ព្រះមហាក្សត្រ»។

ដូច្នេះ ​ការ​រត់​ភៀស​ខ្លួន​របស់​ព្រះអង្គ​ចន្ទរាជា មិន​មែន​ដោយសារ​តែ​ឮ​សូរ​ពាក្យ​ចចាម​អារ៉ាមនាំ​ទៅ​មក​ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​ភ័យ​ខ្លាច​នោះ​ទេ។

ក្នុងព្រឹត្តិការណ៍​នេះ បើ​យើង​ពិចារណា​ឲ្យ​ឆ្ងាយ​បន្តិច យើង​មាន​ទស្សនៈ​ប្លែក​ថ្មី​ខុស​បន្តិច​ពី​ឯកសារ​ប្រវត្តិសាស្ត្រ។ បើ​យើង​ផ្លាស់​ប្ដូរ​ហេតុការណ៍​ខ្លះ​ពី​មុខ​ទៅ​ក្រោយ ពី​ក្រោយ​ទៅ​មុខ ហើយ​បន្ថែម​សេចក្ដី​កត់ត្រា​របស់​លោក​អាឌេម៉ារ-ឡឺក្លែរ យើង​នឹង​ឃើញ​មាន​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ព្រះស្ដេច​កន។

យើង​អាច​ពិចារណាថាមនុស្ស​កើត​ក្នុង​ឆ្នាំ​រោងមាន​ពង្ស​នាគ​ដូច​ព្រះស្ដេច​កន​ច្រើន​ណាស់​ក្នុង​នគរ ហេតុ​ដូចម្ដេច​ហោរា​ចង្អុល​ថារាជ​សត្រូវ​នោះ​ជា​ព្រះស្ដេច​កន។ មួយ​ចំណែក​ទៀត យោង​តាម​ឯកសារ​ពង្សាវតារ​ទាំង​នោះ ព្រះអង្គ​មិន​ទាន់​មាន​ឈ្មោះ​ល្បីល្បាញ​អំណាច​យសស័ក្តិ​អ្វី​ដែល​នាំ​មក​នូវ​គ្រោះថ្នាក់​ដណ្ដើម​រាជ្យ​ស្ដេច​ឡើយ។

ប៉ុន្តែ​អ្វី​ដែល​ចំឡែក​អស្ចារ្យ​នោះ​គឺ​នៅ​ពេល​រត់​គេច​ផុត​ពី​ការ​ប៉ុនប៉ង​សំលាប់​របស់​ព្រះឝ្រីឝៅគន្ធបទ​ភ្លាម ព្រះស្ដេច​កន​មាន​លទ្ធភាព​អាច​កេណ្ឌ​ទ័ព​បាន​ជា​ច្រើន ហើយ​ត្រួតត្រា​ខែត្រ​ខាងត្បូង​មួយ​ចំនួន​ទៀត។ ទោះបី​ជា​ព្រះអង្គ​យក​ឈ្មោះ​ព្រះមហាក្សត្រ​ទៅ​លាត​ត្រដាង​បញ្ចុះបញ្ចូល​ក៏​ដោយ ជោគជ័យ​នេះ​បើ​យើង​ពិចារណា​ទៅ​គឺ​បាន​មក​អំពី​ប្រជាប្រិយភាព​របស់​ព្រះស្ដេចកន​ដែល​ធ្លាប់​បញ្ចេញ​ស្នាដៃ​គ្រប់​ទិសទីជាពិសេស​ក្នុង​ការ​តតាំង​ជាមួយ​ព្រះអង្គ​ចន្ទរាជា។

អាថ៌កំបាំងព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ប្រហែល​ក្រោយ​ពេល​ព្រះឝ្រីឝៅគន្ធបទ និង​ព្រះអង្គ​ចន្ទរាជា​ឈ្លោះ​ប្រកែក​បែក​បាក់​គ្នាមាន​ផ្ទុះ​សង្គ្រាម​រាំងជល​រវាង​ស្ដេច​ទាំង​ពីរ​ដែល​ជា​បងប្អូន​បង្កើត។ ក្នុង​គ្រានោះ ព្រះឝ្រីឝៅគន្ធបទ ព្រះមហាក្សត្រ​ខ្មែរបាន​បង្គាប់​ឲ្យ​ព្រះស្ដេច​កន​ទៅ​កេណ្ឌ​ទ័ព​នៅ​បាភ្នំ​ដើម្បី​ចេញ​ទៅ​វាយ​ផ្ទប់​ព្រះអង្គ​ចន្ទរាជា​ពី​ផ្នែក​ទិស​ខាងត្បូង។ ព្រះស្ដេច​កន​បាន​ទទួល​ជោគជ័យ​លើ​ព្រះអង្គ​ចន្ទរាជាធ្វើ​ឲ្យ​ព្រះអង្គ​បាក់ទ័ព​រត់​ចោល​នគរ ដែល​ជា​ហេតុ​ព្រះអង្គ​ល្បី​ឈ្មោះមាន​ប្រជាប្រិយភាព​ខ្លាំង​ក្លា​ជាង​បណ្ដា​មេទ័ព​មន្ត្រី​ធំៗ។

ប្រហែលជា​ភាព​លេច​ធ្លោ និង​កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ​នេះ​ហើយធ្វើ​ឲ្យ​ស្ដេច​ខ្មែរ​មាន​ការ​ព្រួយបារម្ភខ្លាច​ព្រះអង្គ​ដណ្ដើម​យក​រាជសម្បត្តិ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះឝ្រីឝៅគន្ធបទបាន​រៀបចំ​គំរោង​ល្បិចកល​ដើម្បី​លួចសំលាប់​ព្រះស្ដេច​កន។ គឺ​ប្រជាប្រិយភាព​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជានុរាស្ត្រ ព្រះសង្ឃ និង​កងទ័ព

ព្រះជេដ្ឋាសុគត[កែប្រែ]

នៅវេលាយប់មួយនោះ សម្ដេចព្រះឝ្រីឝៅគន្ធបទជាអម្ចាស់ផែនដី ស្ដេចចូលក្រឡាព្រះបន្ទំ ទ្រង់សុបិននិមិត្តឃើញថា: ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយមកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា ឥតមានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះស្ដេចឃើញ ដូចជាសម្ដេចព្រះវររាជបិតាមកដាស់ហៅព្រះអង្គថាឯងទៅនៅនឹងអញថាស្ដេចនាគរាជ (ស្ដេចកនកើតឆ្នាំរោង) នោះកុំឲ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទ (ចន្ទរាជាកើតថ្ងៃចន្ទគ្រាស) រះមកពីទិសខាងលិចកាលណា វាក៏រលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណោះហើយ ក៏តើនចាកក្រឡាបព្រះបន្ទំ។ លុះដឹងព្រះអង្គស្រេច ស្ដេចចេញទៅខាងក្រៅ ត្រាស់ហៅព្រះបុរោហិត និង ហោរាមកថ្វាយព្យាករណ៍។ ព្រះហោរាធិបតីថ្វាយព្យាករណ៍ថា: ការណ៍ដែលព្រះអង្គនិមិត្តឃើញនាគខាំពាំព្រះអង្គនាំទៅក្នុងទឹកស្ទឹងសែននោះត្រូវត្រង់ស្ដេចកននាំអ្នកជាមកប្រមាថព្រះអង្គបាន។ ថាត្រង់ដែលឃើញសម្ដេចព្រះវររាជបិតា មកស្រែកហៅព្រះអង្គនោះទំនាយថា ព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើចៅពញាឧទ័យធិរាជឲ្យរៀបព្រះទីនាំងឲ្យថយទៅខែត្រពោធិ៍សាត់នោះ ឃើញថាត្រូវណាស់សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែលព្រះចន្ទរះមកពីទិសខាងលិចនឹងរលាយរូបនាគនោះទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូលនឹងចេញមកពីទិសបស្ចិមមកប្រាមប្រាបឲ្យរលាយព្រះស្ដេចកននេះពុំខានឡើយ។ កាលដែលហោរាទំនាយថ្វាយនោះ ត្រូវជាថ្ងៃ ១៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស.២០៥៦ គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤។ បើគិតពីត្រឹមកាលដែលព្រះអង្គ ព្រះឝ្រីឝៅគន្ធបទស្ដេចសោយរាជ្យជាសុខនោះបាន​ ៥ ឆ្នាំ ស្ដេចធ្វើសង្គ្រាមបាន ៤ ឆ្នាំបូករួមទៅត្រូវជា ៩ ឆ្នាំ ព្រះជន្មវស្សា ៣៤ ឆ្នាំ។ ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកម៉ឺនសូរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ័ក្សសោមមួយនាំទាហានទាំងពីររយនាក់ចូលទៅស្រែកថាមានការណ៍ធំណាស់សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គទាហានទាំងពីរកាយនេះកាប់ត្រូវព្រះអង្គជាទំងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅកូនទាហានទាំងពីររយនាក់នោះទទួលកាប់ចាក់គ្នាជាឱឡារិក ឮសូរសន្ធឹកនេះដល់ទៅចៅពញាយមរាជ ដែលជាបិតាលៀងនៃចៅពញាយសរាជាជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់​ ៣០​ នាក់ស្លាប់ខាងទ័ពហ្លួងជាង ១០០ នាក់។

ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា: ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវ រត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាសត្រូវកន តែច្បាំងពុំបាន ក៏នាំចៅពញាយសរាជា ចុះទូកចែវរត់ទៅ។ លុះដល់ខែត្រមហានគរហើយ ចៅពញាយមរាជ ក៏សុំយកដំរីសេះ ពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជ លុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញចៅពញាយសរាជាចូលទៅក្រុងទេព។

ចំណែកឯ ចៅពញាយសរាជាជាព្រះរាជបុត្រព្រះឝ្រីឝៅគន្ធបទនោះព្រមទាំងបណ្ដាជាខ្ញុំ ក្រុមមហាតលិក នាំព្រះអង្គរត់ទៅដល់ស្រុកសៀមហើយ ក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជាជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួល ទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយក្លែងឧបាយក្បត់ផែនដី។ សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេច ដែលវាចេញក្បត់ផែនដី ទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ព្រះមហាចក្រពត្តិស្ដេចសៀម ទ្រង់ប្រារព្ធនឹងក្រស័ត្រទាំងពីរព្រះអង្គ ហាក់ដូចជាឈឺឆ្អាលណាស់ ថាចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។

ឧបាយចូលស្រុកខ្មែរវិញ[កែប្រែ]

ព្រះចន្ទរាជា ស្ដេចចង់តែត្រឡប់មកក្រុងកម្ពុជាវិញ ស្ដេចទន្ទឹងចាំថា ព្រះចៅចក្រពត្តិ បានព្រមទទួលថានឹងជួយទំនុកបំរុងព្រះអង្គថ្វាយទ័ពដល់ព្រះអង្គនាំទៅក្រុងកម្ពុជាវិញ ក៏មិនឃើញចាត់កងទ័ពមកថ្វាយសោះ។ តាំងពីថ្ងៃនោះមក សម្ដេចចៅពញាចន្ទរាជាក៏រកតែកលនឹងដោះមកក្រុងកម្ពុជាវិញ តែរកពុំបាននៅឡើយ។

បើគិតពីត្រឹមតែ ស្ដេចចៅពញាចន្ទរាជាទៅគង់នៅស្រុកសៀមពីឆ្នាំម្សាញ់ ឯកស័ក ព.ស.២០៥៣, គ.ស. ១៥០៩, ម.ស. ១៤៣១, ច.ស. ៨៧១ ឆ្នាំជូត នព្វស័ក មកដល់ ព.ស.២០៥៩, គ.ស.១៥១៥, ម.ស. ១៤៣៧, ច.ស. ៨៧៧ ឆ្នាំកុរ សប្តស័កនេះត្រូវជា ៧ ឆ្នាំហើយ។ ឆ្នាំនោះ មានដំរីមួយ កំពស់ ៤ ហត្ថ នៅស្រុកកញ្ចនបុរី។ មានហ្មសៀមម្នាក់ឈ្មោះពាមនាំស្ម័គ្របក្សពួកទៅចោមទាក់ដំរីនោះតែទាក់ពុំបាន។ ដំណឹងនេះជ្រាបដល់ព្រះចៅចក្រពត្តិ (ស្ដេចសៀម) ទ្រង់ចង់បានដំរីសនោះណាស់ តែនឹងរកអ្នកណាជាទំនុកទុកព្រះទ័យ ឲ្យចេញទៅធ្វើការនេះថ្វាយពុំបាន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជាក្រាបទូលសុំអាសាទៅទាក់ដំរីនោះយកមកថ្វាយ។ ព្រះចៅចក្រពត្តិមានព្រះទ័យត្រេកអរណាស់ ទ្រង់ត្រាស់បង្គាប់ឲ្យកេណ្ឌយកធ្នាក់យកហ្មទៅទាក់ដំរីសនោះ ឲ្យបាន។ សម្ដេចចៅពញាចន្ទរាជាទាក់បានដំរីនោះនាំមកថ្វាយព្រះចៅចក្រពត្តិ ព្រះអង្គទ្រង់ព្រះអំណរណាស់ទ្រង់ត្រាស់សរសើរឫទ្ធីចំណេះផ្សេងៗហើយទ្រង់ព្រះរាជទានរង្វាន់ជាច្រើនដល់សម្ដេចចៅពញាចន្ទរាជា ទើបទ្រង់ប្រទាននាមដំរីសនោះជាព្រះគជេន្ទ្រនរោត្តម

សម្ដេចព្រះមហាឧបរាជចៅពញាចន្ទរាជា កាលទាក់ដំរីបាននោះយល់ថាបានឱកាសហើយក៏ក្រាបទូលថាសូមបង្គំលាសម្ដេចព្រះចៅចក្រពត្តិទៅបង្ក្រាបអាស្ដេចកន ដែលក្បត់ញាំញីព្រះពុទ្ធសាសនានូវព្រះបរមរាជវង្សានុវង្ស បណ្ដាលឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់ ថាបើនឹងបង្អង់យូរទៅឃើញថាពុំបានឡើយ។ សម្ដេចព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយទ្រង់ត្រាស់ថា: កុំឲ្យក្មួយរួសរាន់ពេកចាំដល់ឆ្នាំក្រោយៗមានឹងឲ្យជូនទៅជាមិនខាន។ ទ្រង់ត្រាស់តែម៉្លោះហើយព្រះចៅចក្រពត្តិស្ដេចក៏ចូលទៅខាងក្នុងព្រះក្រឡាបន្ទំទៅ។

ចៅពញាចន្ទរាជាបានឮព្រះក្រសែដូច្នោះកាលណាក៏យល់ថា: ព្រះចៅចក្រពត្តិមិនព្រមបើកឲ្យព្រះអង្គទៅឆាប់ឡើយ។ លុះទ្រង់ត្រឡប់ពីគាល់ដល់ទៅដំណាក់វិញ ស្ដេចទ្រង់ព្រះចិន្តាថា: បើអញនឹងចាំលាដោយស្រួលនោះមុខជាស្ដេចសៀម មិនបើកឲ្យអញទៅទេ។ ដូច្នេះមានតែអញគិតឧបាយកលយ៉ាងណាមួយ ទើបអញបានទៅស្រុកវិញឆាប់។ ទ្រង់ព្រះចិន្តាយល់ដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់បណ្ដាពួកក្រុមជាខ្ញុំ​ ១៥​ នាក់ (ច្បាប់ខ្លះថា ១៤ នាក់) ឲ្យយកឈើឆ្លាក់ ធ្វើជាជើងដំរីយ៉ាងធំៗ ៤ ហើយយកទៅលបសង្កត់ដីឲ្យមានជាស្នាមដូចជាជើងដំរីមែនទែនរួចឲ្យយកលាមកដំរីញាត់ក្នុងជាល យកទៅរលាក់ចេញពីជាលច្រើនដុំ ហើយយកទៅទំលាក់រាយចោលឲ្យប្រកបនឹងដានជើងធំនោះ ឲ្យដូចជាដំរីទាំងពួងជុះ។ ទ្រង់ផ្ដាំថា បើដល់ដើមឈើណាណាល្មមជាដំរីឈរស្រប់បាន(ពាក្យសម្រាប់និយាយថា ដំរីឈរជ្រកម្លប់ឈើ) ឲ្យពួកបណ្ដាជាខ្ញុំទាំងនោះយកដីភក់ទៅលាប ហើយឲ្យយករោមចៀមពីរបីសរសៃសៀតនឹងសំបកឈើធ្វើឲ្យដូចជារោមដំរីត្រដុសនឹងដើមឈើមែនៗ។ ទ្រង់បញ្ជាថា បើធ្វើដូច្នេះរួចហើយឲ្យពួកក្រុមបណ្ដាជាខ្ញុំទាំងនោះដើរបង្ហួសកន្លងដានទៅទិសឦសាន ដល់ទៅខែត្រនាងរង ស្រុកនគររាជ ហើយខ្លួនឯងទាំង ១៥ នាក់ស្រូតរូតទៅបញ្ចុះបញ្ចូលប្រជារាស្ត្រ នៅស្រុកនាងរង នាងផ្អែក ចុងកាល់ (ចុងកល្ប) ស្រុកទំនប់ ទុងកែ ទឹកជោរ មង្គលបូរី នគររាជសីមា (ត្រង់នេះសាស្ត្រាខ្លះថាសៀមរាប) បាត់ដំបងឲ្យបានមកជួបជុំចាំអញនៅទីបន្ទាយ។ ទ្រង់ផ្ដាំទៀតថា: បើកាលណាដើរតាមផ្លូវនោះទៅ ហើយមានគេសួរឯងអំពីដំណើរនោះ ឯងត្រូវប្រាប់គេថាឯងបានឃើញដំរីសមួយដូចសំឡីកំពស់ប្រហែលជាង ១០ ហត្ថបានជាដើរតាមរកមើលឲ្យច្បាស់ទីលំនៅវា។

អស់បណ្ដាជាខ្ញុំទាំង ១៥ នាក់ក៏ចេញទៅធ្វើការតាមត្រាប់បង្គាប់គ្រប់ប្រការ។ លុះកន្លងមកគ្រប់មួយខែអស់ចៅមឿង (ចៅហ្វាយស្រុកមេឃុំ) ចៅបាន (ម្ចាស់ស្រុក) ក្នុងដែនសៀមទិសខាងកើត បានដំណឹងថា មានដំរីសក៏អរណាស់ ទើបនាំគ្នាចូលព្រៃទៅពិនិត្យមើល តែមើលឃើញតែដានជើង និង លាមកវា ធំក្រៃលែងនឹងដំរីទាំងពួង មើលទៅលើដើមឈើខ្លះ ក៏ឃើញមានរោមសសុទ្ធសដូចជាសំឡីជាប់នៅលើដើមឈើនោះច្រើនអន្លើមែន។ ចៅមឿង ចៅបានទាំងអស់នោះ ក៏ប្រញាប់ប្រញាល់ធ្វើសំបុត្របកប្ដឹងចូលទៅសេនាបតី សេនាបតី យកសេចក្ដីក្រាបទូលព្រះចៅចក្រពត្តិ ព្រះចៅចក្រពត្តិទ្រង់ជ្រាបហើយទ្រង់ព្រះអំណរណាស់។ ថ្ងៃមួយ ស្ដេចចេញគង់ព្រះរាជរោងរម្យ ជួបជុំព្រះរាជបុត្រាធម៌ គឺចៅពញាអុង ដែលត្រូវជាព្រះរាជបុត្រានៃព្រះស្រីរាជា (ខ្មែរ) និងព្រះវង្សា សេនាបតី មន្ត្រីទាំងពួង ក្រាបបង្គំគាល់ត្រៀបត្រា ទើបស្ដេចត្រាស់សួរថាឈ្មោះណានឹងទទួលអាសាទៅតាមទាក់ដំរីប្លែកនោះបាន?

អស់រាជសេវកាមាត្យសៀមក្រាបទូលថា: ទូលព្រះបង្គំយើងខ្ញុំទាំងឡាយឃើញតែចៅពញាចន្ទរាជាមួយប៉ុណ្ណោះ ដែលជាអ្នកក្លាហានមានតំរិះខាងទាក់ដំរីនោះជាងគេ។ ម្យ៉ាងវិញទៀត ចៅពញាចន្ទរាជានេះក៏បានធ្វើការទាក់ដំរីថ្វាយរៀងមកហើយផង។ សម្ដេចចន្ទរាជា ឮទីប្រជុំឆ្លើយដូច្នោះ ក៏យល់ថាបានដូចគំនិតព្រះអង្គហើយទើបក្រាបទូលថា:

តាមសំបុត្រច្រើនច្បាប់ ដែលចៅហ្វាយស្រុកច្រើនស្រុកប្ដឹងចូលមកនោះថា: ដំរីនោះ ធំខ្ពស់ទៅ ១០ ហត្ថ ហើយបើតាមដំណឹងក្រៅសំបុត្រទៀតថា: ដំរីនោះមានបរិវារ គោតស្ដ (គោត គឺដំរីឥតភ្លុកឥតចែ, ស្ដ = ដំរីឈ្មោលឥតភ្លុកមានតែចែ) នៅថែរក្សាជាច្រើនលើសដំរីទាំងពួង ទាំងសំបុរ និង កំពស់ទៀត ក៏ល្អគួរឲ្យចេតនា គួរតែទូលព្រះបង្គំយកចិត្តទុកដាក់គិតយកដំរីនោះ មកទុកជាមង្គលព្រះនគរថ្វាយឲ្យបាន។ ការណ៍ ដែលខ្ញុំព្រះរាជការទាំងឡាយ ជំនុំយល់ព្រមថា យកទូលព្រះបង្គំជាខ្ញុំឲ្យទទួលអាសានឹងទៅទាក់យកដំរីនោះមកថ្វាយឲ្យបានទៀត ក៏ជាការគួរសមណាស់ហើយ ក៏ប៉ុន្តែដំរីសនោះមានបរិវារធំ ច្រើនលើសដំរីមុនណាស់ ហេតុដូច្នេះ សូមសម្ដេចស្ដេចព្រះរាជទានពល​ ៥០០០ នាក់ ដំរី ១០០ និង កាំភ្លើង ធ្នូ ស្នា សស្ត្រាវុធក សំរាប់បាញ់បង្អើលដំរីកាចៗ ដែលនៅរក្សាដំរីសនោះ ច្រើនណាស់ឲ្យវាខ្លាចហើយចៀសចេញទៅ ៖

ម្យ៉ាងវិញទៀត ដោយឃើញថា ការទាក់ដំរីនោះ មុខជាធ្វើអស់ពេលវេលាជាច្រើនផងក្រែងរេហ៍ពលពុំគ្រប់គ្រាន់ស្បៀងអាហារនឹងកើតចលាចល ការណ៍ក៏ពុំបានសំរេចហេតុដូច្នេះ ទូលព្រះបង្គំសូមព្រះរាជទាន ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ផង សូមព្រះរាជទាន ព្រះរាជអាជ្ញាឲ្យបានមាំមួនទៀត ទើបទៅធ្វើការណ៍នោះបានសំរេច។

ព្រះចៅចក្រពត្តិបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់ទើបព្រះរាជទានព្រះសែង (គឺដាវស្រោមមាស អ្នកកាន់ដាវនេះ មានអំណាចកាប់សំលាប់បានតាមចិត្ត) ហើយត្រាស់បង្គាប់ឲ្យចៅពញាចក្រីកេណ្ឌពលពាហនៈថ្វាយតាមសុំកុំបីខាន។ ឧកញ៉ាចក្រីក៏ចាត់ការថ្វាយ ព្រះចៅចន្ទរាជាតាមព្រះរាជបង្គាប់នៃព្រះចៅមហាចក្រពត្តិគ្រប់ប្រការ។

ចៅពញាចន្ទរាជា កាលបានពល និង ស្បៀងអាហារ ​ព្រមទាំងព្រះរាជអាជ្ញា ព្រះសែងអាជ្ញាសឹកគ្រប់អស់ហើយ ក៏ថ្វាយបង្គំលាចេញមកក្រៅ។ ក្នុងគ្រានោះ ព្រះអង្គសួគ៌លោកស្ដេចចូលទៅក្នុងក្រុងស្រីអយុធ្យានោះ ទើបសម្ដេចចៅពញាចន្ទរាជា ស្ដេចយាងទៅថ្វាយបង្គំ ព្រះអង្គសួគ៌លោកគឺពញាអុងរាជា ដែលត្រូវជាព្រះរៀម ព្រះអយ្យកោមួយនឹងព្រះអង្គ សម្ដេចចៅពញាចន្ទរាជា ស្ដេចក្រាបទូលសួរថា: អ្នកបងលែងគិតស្រុកហើយឬ ក៏បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូច្នេះ? ទ្រង់ពុំស្ដាយវង្សព្រះមហាក្សត្រ និងគ្រងព្រះមហានគរទេឬ? ព្រះអង្គសួគ៌លោក ទ្រង់ឆ្លើយថា:

"អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅ ស្ដេចពុំយកទោសបង ស្ដេចប្រោសបង ឲ្យបងគ្រងស្រុកសួគ៌លោកនេះជាខែត្រធំស្មើនឹងខែត្រព្រះរាជបុត្រទៅហើយ បានប៉ុណ្ណេះហើយ បងក៏បានសុខណាស់ហើយ បើបានសុខដូច្នេះហើយនឹងគិតរកសុខអ្វីទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករលឹកអាល័យហើយតាមតែអ្នកអូនគិតគូចុះ"។

សម្ដេចចៅពញាចន្ទរាជា ស្ដេចដឹងព្រះរាជហឫទ័យយ៉ាងនេះហើយ ទ្រង់មិនហ៊ានត្រាស់សួរតទៅទៀតក្រែងរឿងនេះពុំបាត់ស្ងាត់នឹងនាំឲ្យខូចការណ៍។ ដូច្នេះហើយ ទ្រង់ពុំបានត្រាស់តបទៅវិញឡើយ! ទ្រង់គង់ក្រសាលបន្តិច ក៏ថ្វាយបង្គំលា វិលមកដំណាក់វិញ។ មកដល់ដំណាក់ ទ្រង់នឹកតែក្នុងព្រះទ័យថា: ឱអ្នកបងអុងអើយ បានសុខហើយ ត្រឡប់ជាភ្លេចស្រុកទេសអស់។

លុះមកដល់ថ្ងៃ ១០រោច ខែផល្គុន ឆ្នាំជូត ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស.៨៧៨ នោះចៅពញាចន្ទរាជា មានព្រះជន្មវស្សា ៣៦ ឆ្នាំទ្រង់រៀបចំចាត់ចែង ព្រះរាជដំណើរស្រេច ស្ដេចនាំចៅពញាយសរាជា និង បណ្ដាជាខ្ញុំ លើកពលសៀមស្រូតរូត តាមស្នាមជើងដំរី ទាំងយប់ទាំងថ្ងៃពុំមានឈប់ឈរសោះ។ លុះលើកទៅបាន ៧ ថ្ងៃជិតដែនស្រុកខ្មែរហើយទ្រង់ព្រះរាជចិន្តាថា: អញមកដល់នេះហើយ បើទុកជាព្រះចៅចក្រពត្តិបានដឹងថា អញរត់ហើយលើកទ័ពតាមមកក៏ពុំទាន់ដែរ។ ទើបទ្រង់ឲ្យធ្វើសំបុត្របកដាក់ទាំងរោមចៀមដាក់ទាំងរោមចោមរឹស ដែលជាប់នៅដើមឈើគូរទាំងស្នាមជើង លាមក និង កំពស់ដំរីនោះឲ្យបំរើសៀមនាំវិលទៅថ្វាយព្រះចៅ រួចហើយព្រះអង្គក៏លើកទ័ពចេញមកទៀត។

ព្រះចៅចក្រពត្រាធិរាជកំពុងទ្រង់បារម្ភ ពីរឿងទាក់ដំរីនោះ លុះបំរើនាំសំបុត្រទៅដល់ហើយ ទ្រង់ត្រាស់សួរថា : ឥឡូវទៅដល់ណាហើយ?

បំរើក្រាបទូលថា: ទៅជិតដែនកម្ពុជាហើយ។

កាលទ្រង់ព្រះសណ្ដាប់ចំលើយ ដែលបំរើក្រាបទូលឆ្លងហើយ ព្រះចៅចក្រពត្តិនឹងគ្នាន់ក្នុងព្រះទ័យណាស់ ទើបត្រាស់សួរព្រះអង្គសួគ៌លោកថា: ចៅពញាចន្ទរាជាទៅទាក់ដំរីសនេះ ហេតុអ្វីក៏ស្រូតរូតម៉្លេះអញសង្ស័យណាស់។

ព្រះអង្គសួគ៌លោកក្រាបទូលថា:

ចៅពញាចន្ទរាជានេះ មានចិត្តមានះណាស់ មានស្មារតីរឹងប៉ឹង ហើយចិត្តក៏រឹងរូស កាន់វង្សត្រកូលណាស់ទៀត។ តាំងពីចៅពញាយសរាជាមកប្រាប់ថា: អាព្រះស្ដេចកនសំលាប់បិតាយកព្រះនគរហើយនោះ ទូលព្រះបង្គំឃើញកិរិយារបស់ចៅពញាចន្ទរាជាខឹងក្ដៅនឹងអាកនខ្លាំងណាស់។ ការដែលទៅហើយស្រូតរូតយ៉ាងនេះ ទូលព្រះបង្គំក៏យល់ឃើញថា ចៅពញាចន្ទរាជាលើកទ័ពទៅវាយអាព្រះស្ដេចកនពុំខានឡើយ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់ប្រើម៉ឺនពេជ្រដាវិចិត្រឲ្យនាំទាហាន សេះ ៣០ នាក់លើកទៅតាមសម្ដេចចៅពញាចន្ទរាជា ហើយទ្រង់ផ្ដាំថា: បើចៅពញាចន្ទរាជាពុំព្រមត្រឡប់មកទេឲ្យឯងប្រាប់ពលទាំង ៥០០០ នាក់នោះឲ្យខាងតែបានមក។

ម៉ឺនពេជ្រដាវិចិត្របានទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំទាហានសេះទាំង ៣០ នាក់លើកតាមទៅ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្រូតរូតមកដល់ដែនខែត្រ ប្រទេសខ្មែរហើយក៏ទ្រង់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ តាំងពីប្រទល់ដែនរៀងមកបានពល ១៨០០ នាក់ហើយលើកមកដល់ខែត្រទឹកជោរ ដូចជាបណ្ដាជាខ្ញុំដែលប្រើមុនគេនោះ។ បណ្ដាជាខ្ញុំទាំងនោះបានរេហ៍ពល ២០០ នាក់ផ្សំគ្នាជា ២០០០ នាក់ ហើយស្ដេចលើកកងទ័ពខ្មែរសៀមចូលវាយបន្ទាយបានខែត្រនគរសៀមរាបបានរេហ៍ពលថែមទៀតរួមទាំងទ័ព ៨០០០ នាក់ផងត្រូវជា ១០០០០ នាក់ហើយលើកចូលទៅក្នុងបន្ទាយមហានគរ

ខណៈនោះ ម៉ឺនពេជ្រដាវិចិត្រ នាំទាហានសេះ ៣០ នាក់ដល់មកជិតមហានគរហើយ ហើយសួរគេឯងតាមផ្លូវទៅបានដំណឹងថា: ចៅពញាចន្ទរាជានាំរេហ៍ពលខ្មែរសៀមចូលមកតាំងក្នុងមហានគរ ៣ ថ្ងៃហើយ។ ម៉ឺនពេជ្រដាវិចិត្រ ក៏នាំទាហានទាំង ៣០ នាក់នោះចូលទៅមហានគរ ហើយបានឃើញសម្ដេចចន្ទរាជាប្រថាប់លើផែនសិលាជាមួយនឹងសេនាទាហានសៀមខ្មែរ ដែលកំពុងអង្គុយគាល់ត្រៀមត្រា។ មួយរំពេចនោះ ម៉ឺនពេជ្រដាវិចិត្រទូលថា: ព្រះពុទ្ធិចៅត្រាស់ប្រើទូលព្រះបង្គន់ឲ្យមកតាមទ្រង់ឲ្យទ្រង់លើកពលត្រលប់ទៅវិញឲ្យឆាប់។

សម្ដេចចៅពញាចន្ទរាជាដឹងកលយល់ការណ៍ថា: សៀមលើកតាមមកហើយក៏ហូតព្រះសែងអាជ្ញាសឹក ដែលព្រះចៅចក្រពត្តិ ព្រះរាជទានមកនោះ ហើយមានព្រះមធុរសវាចាសន្ធាប់ថា: នេះគឺជាអាជ្ញាសឹក ព្រះចៅប្រទានមកឲ្យអញពេញអំណាចឲ្យអញធ្វើនាទីពីរយ៉ាងគឺមួយឲ្យតាមទាក់ដំរីស ម្យ៉ាងទៀតឲ្យអញទៅកាប់អាព្រះស្ដេចកនថ្វាយព្រះអង្គ។ ខ្លួនឯងនេះឬ មានអំណាចលើសដាវអាជ្ញាសឹកនេះ? ដែលឯងថា ព្រះចៅឲ្យឯងមក តាមអញនោះគឺព្រះរាជឱង្ការ ឬ ចុតហ្មាយឯងនៅឯណាយកមកឲ្យអញមើល? បើឯងមិនយកមកឲ្យអញទេ អញទុកឯងជាក្លែងព្រះរាជឱង្ការទុកជាបង្ខូចបង្ខានរាជចារផែនដី ហើយអញត្រូវកាត់ក្បាលផងដោតជាបំរាម ព្រះទាំងគូកនផង។

ម៉ឺនពេជ្រដាវិចិត្រ និង កូនទាហានជំនិះ ៣០ នាក់ដែលខ្លួនមកនោះ គ្មានព្រះរាជឱង្ការរបស់ព្រះចៅជាទីអាងទេ។ លុះឃើញព្រះសែងអាជ្ញាសឹកហើយទាហានសៀមទាំង ៣០ នាក់ និង ៥០០០ នាក់ដែលមកតាមសម្ដេចចៅពញាចន្ទរាជានោះ ក៏ភិតភ័យតក់ស្លុត លុតជង្គង់សូមព្រះរាជទានទោស។ សម្ដេចចៅពញាចន្ទរាជា យល់ឃើញថាត្រូវព្រះទ័យហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់ថា: អស់ឯងរាល់គ្នាវិញទៅវិញចុះទៅក្រាបទូលព្រះចៅថា: ដែលទ្រង់ប្រោសលៀងរក្សាអញជាង ៧ ឆ្នាំនេះជាព្រះគុណលើអញខ្លាំងណាស់រកអ្វីមកប្រៀបផ្ទឹមពុំបានទេ។ មិនតែប៉ុណ្ណោះសោតកាលអញត្រឡប់មកស្រុកនេះ ទ្រង់ឲ្យរេហ៍ពល ៥០០០ នាក់ ដំរីធ្នាក់ ១០០ រយជូនមកទៀតនេះក៏ជាព្រះគុណធ្ងន់លើសលែងទៅទៀត។ ប៉ុន្តែឥឡូវនេះ អញនៅក្រណាស់ អញនឹងរកអ្វីថ្វាយទៅវិញឲ្យបានសមគួរនឹងព្រះគុណនោះគ្មានទេ។ សុំកុំឲ្យព្រះចៅ ទ្រង់ពិរោធឡើយ។ ថាបើដល់អញបានឈ្នះហើយចាប់អាព្រះស្ដេចកនបាន បានទាំងផែនដីមកវិញកាលណា អញនឹងនាំពលសៀម ដែលទ្រង់ប្រទានមកនេះ និង សួយសារមកក្រាបបង្គំទូលថ្វាយ តាមសំដីដែលអញបានក្រាបបង្គំទូលទុកជាសំងាត់ស្រាប់។

ពួកពលទាំង ៥០០០ នាក់បានឮព្រះរាជបរិហារហើយខ្សឹបគ្នាថា: ចៅពញាចន្ទរាជានេះបានសញ្ញាថ្វាយព្រះចៅយើងស្រេចហើយបានជាទ្រង់ត្រាស់ឲ្យយើងទាំង ៥០០០ នាក់នេះមក ឯម៉ឺនពេជ្រដាវិចិត្រ ដែលមកស្រដីមាត់ទទេនោះ ប្រហែលជាក្លែងក្លាយទេ យើងនឹងជឿស្ដាប់ផងមិនបានទេ។

ម៉ឺនពេជ្រដាវិចិត្រ ​​ក៏រឹតតែកោតខ្លាចពលទាហានដែលមកនោះ ក៏គិតពិនិត្យទៅ ឃើញចិត្តរេហ៍ពលសៀមដែលហែមកមុននោះ ជឿខាងចៅពញាចន្ទរាជាច្រើនជាជាងខ្លួននឹងគិតធ្វើតាមព្រះចៅទ្រង់ព្រះបណ្ដាំនោះមិនកើត។ ដូច្នេះ ម៉ឺនពេជ្រដាវិចិត្រ ក៏នាំទាហានជំនិះ ៣០ នាក់នោះត្រឡប់ទៅក្រុងទេពវិញទៅ។

ក្រោយទាហានសេះត្រឡប់ទៅវិញ សម្ដេចចៅពញាចន្ទរាជា ទ្រង់លើកកងទ័ពទៅដល់ស្រុកបាត់ដំបងហើយ ទ្រង់ក៏ចាត់ឲ្យនាយកងទ័ព ដើរបញ្ចុះបញ្ចូលរាស្ត្រក្នុងខែត្រ។ ខណៈនោះ ពញាមនោមេត្រីចៅហ្វាយស្រុកបាត់ដំបង បានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្ដេចខ្មែរត្រឡប់មកដល់ហើយ ក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល ១០០០០ នាក់ និង ស្បៀងអាហារ ១០០០ រទេះទៀត។ សម្ដេចចៅពញាចន្ទរាជាស្ដេចទ្រង់ព្រះអំណរណាស់ ស្ដេចគង់សំរាកកំលាំង រេហ៍ពលនៅក្នុងខែត្រនោះបីថ្ងៃ ហើយក៏លើកឆ្លងទៅតាំងបន្ទាយនៅខែត្រពោធិ៍សាត់

ចំណែកឯសម្ដេចចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្ដេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះហើយ ក៏កេណ្ឌពលបាន ៤០០០០ នាក់ឲ្យរក្សានាទីភាគបន្ទាយរាយល្បាតតាមច្រកផ្លូវស្រេច ទើបបកសំបុត្រប្ដឹងចូលមកសេនាបតីក្នុងក្រុងសន្លប់ពិជ័យព្រៃនគរ

រីឯចៅពញាពេជ្រវិញ លុះបានដឹងថា ​ចៅពញាចន្ទរាជា ស្ដេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ អ្នកក៏ដើរបញ្ចុះបញ្ចូល បានស្ម័គ្របក្សពួកចូលក្នុងកងទ័ពចៅពញាសួគ៌ាលោកជាច្រើននាក់។ កាលឃើញថាចៅពញាសួគ៌ាលោក ជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្ដេចចៅពញាចន្ទរាជាទេ ពញាពេជ្រ លុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្រប័ក្សពួក ចូលលុក (គឺចូលទៅប្រហារមិនឲ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ាលោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រមការបណ្ដារាស្ត្រថា:

សម្ដេចចៅពញាចន្ទរាជានេះ ពេញជាព្រះរាជត្រកូលនៃសម្ដេចព្រះធម្មរាជា ដែលជាស្ដេចទ្រង់ធម៌ហើយ។ ឯស្ដេចកនជាចៅហ្វាយ ចៅពញាសួគ៌ាលោកនេះខាងម្ដាយជាពលព្រះស្រីរតនត្រ័យសុទ្ធ។ អស់អ្នករាល់គ្នានឹងសំពះព្រះ ក៏ចង់ថ្វាយបង្គំបាយ៉ាប (បាយ៉ាប គឺអារ័ក្សទឹកសំរាប់ពួកនេសាទមច្ឆជាតិគោរព)។ ថាបើ អស់អ្នកពេញចិត្តថ្វាយបង្គំព្រះស្រីរតនត្រ័យនោះ ចូរអ្នកថ្វាយបង្គំចៅពញាចន្ទរាជា ដ្បិតស្ដេចយាងមកដល់ហើយ ត្រូវយើងចេញទៅថ្វាយបង្គំទទួលព្រះអង្គចុះ។ ថាបើអស់អ្នកចូលចិត្ត ចង់សំពះបាយ៉ាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយាទៅថ្វាយបង្គំព្រះស្ដេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅវណ្ណៈច្រើននៅឡើយ វណ្ណៈពលជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យឯបន្ទាយស្រឡប់ពិជ័យព្រៃនគរឲ្យឆាប់ចុះ។

អស់ក្រមការបណ្ដារាស្ត្រក្នុងកងទ័ពទាំង ៤០០០ នាក់ប្លាយ លុះឮពញាពេជ្រប្រកាសចេញព្រះនាម សម្ដេចចៅពញាចន្ទរាជា ដូច្នោះហើយ ហេតុតែជាបុណ្យបារមីនៃព្រះអង្គ ក៏បណ្ដាលចិត្តគ្រប់កងទ័ពទាំងអស់ ឲ្យនឹកស្រឡាញ់អាល័យ ដល់សម្ដេចចៅពញាចន្ទរាជាពន់ប្រមាណ ហើយក៏ស្រែកតបប្រកាសថា :

យើងរាល់គ្នាចូលចិត្តទៅថ្វាយបង្គំព្រះមិនព្រមទៅថ្វាយបង្គំបាយ៉ាបទេ។ ហេតុនេះហើយបានជាមានពាក្យថា: មិនចង់សំពះព្រះ មិនចង់ថ្វាយបង្គំព្រះ ទៅសំពះឯបាយ៉ាបទៅវិញតាំងពីថ្ងៃនោះមក។

ចៅពញាពេជ្រ លុះឮរាស្ត្រប្រកាសវាយបកដូច្នោះ ល្មមពេលព្រឹកស្រាងៗ ហើយក៏នាំអស់ក្រមការ និង អស់អ្នកមុខអ្នកការ បណ្ដារាស្ត្រចេញទៅអញ្ជើញស្ដេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ក្នុងបន្ទាយស្រុក។ សម្ដេចចៅពញាចន្ទរាជា ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់សួរសេចក្ដីដើមទងគ្រប់ប្រការ។ លុះទ្រង់ជ្រាបហើយ ស្ដេចឲ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្ដេចហាមកងទ័ពទាំងខ្មែរ ទាំងសៀមមិនឲ្យទៅកំហែងកំហល់រាស្ត្រប្រជា ក្នុងស្រុកឲ្យសោះដើម្បីកុំឲ្យរាស្ត្រប្រជាមានសេចក្ដីក្ដៅក្រហាយ។ ទ្រង់ដាក់អាយ័តថា "បើឈ្មោះណាពុំស្ដាប់ ព្រះរាជឱង្ការនេះទេ ស្ដេចនឹងយកទោសដល់ប្រហារជីវិត"។ ខណៈនេះ អស់រាស្ត្រប្រជាក៏បានសេចក្ដីសុខសាន្ត ឥតមានទុក្ខភ័យ អំពីពួកពលទាហាន សរសើរព្រះបារមី ​ព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា។

ដណ្ដើមអាណាខែត្រភាគខាងលិច[កែប្រែ]

====សមរភូមិក្រគរ គ.ស.១៥១៦

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាពេជ្រ (មឿង) មេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាពេជ្រទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូងតាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកពេជ្រ។ ចៅពញសួគ៌ាលោកពេជ្រយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី

ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជនិង ចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ។

កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោមេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកពេជ្រកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាពេជ្រ ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាពេជ្រទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។

ចំណែកឯ ចៅពញាសួគ៌ាលោកពេជ្រ ចៅពញារាជតេជៈសុខកូនទី៤ របស់តាពេជ្រ កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកពេជ្រ បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។

ខណៈនោះ ពញាសួគ៌ាលោកពេជ្រ យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។

ចៅពញាសួគ៌ាលោកពេជ្រ និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាពេជ្រផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។

សមរភូមិពោធិ៍សាត់ គ.ស. ១៥១៦[កែប្រែ]

លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ព តាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖

១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០ នាក់ជាមេទ័ពមុខ (ទ័ពស្រួច)។

២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញឃុំពល ២០០០០ នាក់ជាមេកងទ័ព ប៉ែកឆ្វេង។

៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១៥០០នាក់ជាប៉ែកស្ដាំ។

៤. ឲ្យចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ។ ឬអម្រិន្ទបូរ គឺស្រុកបរិបូណ៌ឃុំពល ១៦០០០ នាក់ជាទ័ពក្រោយ។

៥. ឯខ្លួនសម្ដេចចៅហ៊្វាកៅ ឯងឃុំពល ៤០០០០ នាក់ជាមេទ័ពធំ។

សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកពេជ្រ ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកពេជ្របានចូលទៅក្នុងបន្ទាយអស់ទៅហើយ។

សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ"ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញា ចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។

សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។

សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។

ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា:

"បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេ មានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។

សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។

ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកពេជ្រ ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។

ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។

រឿងពញាពេជ្រ នេះមានក្នុងព្រះរបាក្សត្រថា: ពញាពេជ្រនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១ កែ ១(៣) ទេព ១ សុខ ១។ ពញាពេជ្រ មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌៧ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ

សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាពេជ្រនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។

សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។

ពញាពេជ្រកេណ្ឌទ័ពខ្មោច[កែប្រែ]

ខណៈនោះ ពញាពេជ្រ កាលឲ្យពលជីករណ្ដៅជំរៅហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។ មុននឹងទៅកេណ្ឌបិសាចនោះពញាពេជ្របានផ្ដាំនឹងពញាចន្ទជាសំឡាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយមួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។

ឯអ្នកម្នាងខៀវ កាលឮថា "ពញាពេជ្រសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។ កាលឃើញពញាពេជ្រចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកពេជ្រ ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។ ព្រះបរមបពិត្រ និង បណ្ដាជាខ្ញុំ ក្រុមរាជការជួយឃាត់ផង ក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាពេជ្រ ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង៤នាក់ រួចហើយនោះគឺ៖

១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"

២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"

៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"

៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។

កូនទាំង ៤ នាក់នោះកាលឃើញបិតា លោតសំឡាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។ តែខណៈនោះ ខ្ញុំរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីនាក់មកវិញ គឺចៅពញាវិបុលរាជ ទេព១ ចៅពញារាជតេជៈសុខ ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅ រួមជា ៤ នាក់។ (ខ្មោចទាំង ៤ នាក់នោះបានកើតឡើងជាដំបូកឃ្លាំងពេជ្រ ដល់សព្វថ្ងៃនេះ)។

លុះដល់ ព្រះចន្ទចរត្រង់ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និង នៅក្នុងដី នាំឲ្យភិតភ័យតក្កមាក្រៃលែង ហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។ ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូល សម្ដេចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកពេជ្រដែលបានផ្ដាំនោះ។ សម្ដេចចៅពញា ចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារលើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ដូច្នោះក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិត តែសព្វខ្លួន។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារសេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។

ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា : "ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នងទីដែលមានដំបូកទាំង ៣។

អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាពេជ្រកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកពេជ្រ នោះកើតជាដំបូកមួយនៅខាងលិច។

កាលពញាពេជ្រ ពញាវង្សាអគ្គរាជកែវ ពញាបរទេសរាជកែ អ្នកម្នាងខៀវលោតចុះទៅក្នុងរណ្ដៅ ហើយអស់ពួកតូរ្យតន្ត្រី តាំងប្រគុំរងំខ្ទរខ្ទារ ទាំង ៨ ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា។ ព្រះបរមបពិត្រ ទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សកូលធ្វើបុណ្យសង្គាយនា ៣ ថ្ងៃ ៣ យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជទេព ជា "ចៅពញាសួគ៌ាលោក" ជាជំនួសពញាពេជ្រ។ ចៅពញាតេជៈសុខ ជាកូនពញាពេជ្រ ទ្រង់ឱ្យគ្រងងារជា "ចៅពញាសង្គ្រាម" ជាចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ (ឬអម្រិន្ទបូរ) សក្ដិ ១០ ហ៊ូពាន់ដូចគ្នា។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាមសុខចាត់ពលនឹងលើកទៅតាមកំចាត់សឹកសត្រូវ។

ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាពេជ្រ នោះក្នុងពេលព្រឹក មានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ហត្ថ ១២ ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរី សេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥ សេះ ៣០។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទាន រង្វាន់ជាមាសប្រាក់ និង យសសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។

សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។

ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេចរត់រួច។

ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ

សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។

ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។

ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើងកងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរីសេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឱ្យទៅឈរប្រមូលស្បៀងអាហារអំពីរាស្ត្រប្រជាទុកនៅក្នុងខែត្រក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនកងទ័ពមកដល់ខែត្រក្រង ទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះ ទ្រង់ត្រាស់ឱ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកឱ្យបានច្រើនសំរាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្របភូមិប្រាសាទ កាលសម្ដេចដែលទ្រង់បកព្រះសុភ័គពីព្រះអង្គយកទៅឃ្លុំបូជាព្រះពុទ្ធរូបរួចទ្រង់អធិស្ថានបន់ឱ្យបានឈ្នះសឹកសង្គ្រាម។ ហេតុនេះហើយ បានជាជាប់មានពាក្យរាស្ត្រហៅវត្តនោះថា "វត្តព្រះជីវលួងបន់" នៅខែត្រខ្លុងរៀងមកដល់សព្វថ្ងៃនេះ។

លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខែត្រខ្លុងលើកសំដៅទៅខែត្រអម្រិន្ទបូរ (ឬ អមរគិរិន្ទបូរ) ទៀត។

កាលនោះ អស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរពុំព្រមកំណែនចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងដង្វាយនាំទៅថ្វាយ សម្ដេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ ឃើញរាស្ត្រតំអឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ខ្លួនហើយទៅក្រាបទូលស្ដេចដូច្នោះក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ

សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនោះចំនួន ៣ ថ្ងៃ។ ក្រោយពីនោះមក ព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីមួយអន្លើជាឯត្បូងចុងខែត្រអម្រិន្ទបូរ។

កាលស្ដេចយាងដល់ទីនោះ ទ្រង់ទតឃើញស្ថានដីមួយអន្លើដែលមានទីរាបទាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឱ្យលើកបោះបង់ចោលបន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដីដែលមានជ័យភូមិវិញព្រោះនៅទីនោះជាទីឧត្តមធំទូលាយមាំមួន។ លុះទ្រង់ធ្វើបន្ទាយនោះហើយ ព្រះអង្គលើកយោធាទៅប្រថាប់ក្នុងបន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់នោះថា "បន្ទាយចាស់" រៀងមក។

ក្នុងពេល ដែលសម្ដេចចៅពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះនាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា:

សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយ ឆ្ងាយពីព្រៃចំងាយ ៦ សិន ប្លាយ។ ដល់ខែប្រាំងរាំងរឹះ ត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃ ទៅបោចសារាយ ត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅ អាចក្ដីក៏នាំសិស្សានុសិស្ស ទៅកាប់ចាំងឈើនោះ ធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅ អាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរអាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួង ជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ។

សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុន ឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។

លំដាប់នោះសម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤ នាក់អុំទៅមហានគរវត្តល្បងមើល។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនោះនៅក្ដៅហុយៗ នៅឡើយ ដូចព្រះថេរដីកានៃចៅអធិការនោះ ថ្វាយព្រះពរមែន។

សមរភូមិវាលសាបអង្កាម[កែប្រែ]

សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំង ខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោង ដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ព ចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាង ច្បាំងគ្នា ជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ៊្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខ ពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។

ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជាឃើញដូច្នោះ ក៏តាមដេញទ័ពសម្ដេចចៅហ៊្វាកៅទៅទៀត។ លុះកងទ័ពនេះទាន់ ឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ៊្វាកៅក៏រា-តនឹងសេនាទាហានសម្ដេចចៅពញាចន្ទរាជា។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ៊្វាកៅ។ លុះប្រយុទ្ធគ្នាមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ៊្វាកៅមួយអន្លើ ចៅហ៊្វាកៅមានពិការជាទំងន់។ សេនាទាហានខាងសម្ដេចចៅហ៊្វាកៅជួយការពារនាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលសម្ដេចចៅហ៊្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែ គោ ក្របី ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ ក្នុងខែត្ររលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃនេះ)។

ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀរខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុងសម្ដេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកកូនជញ្ជូនចៅរត់តាមសម្ដេចហ៊្វាកៅ។ លុះរត់ទៅពុំទាន់ចៅហ៊្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញហើយស្លាប់ក្នុងទីនោះ។

សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា: "ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀររត់ទៅហើយ" ទ្រង់ក៏បានជ្រើសរើសយកហ្លួងរាជាភឹមឱ្យធ្វើជាចៅហ្វាយស្រុកឡើង។ ទ្រង់ឱ្យប្រមូលរាស្ត្រប្រជា ស្បៀងអាហារសស្ត្រាវុធទុកជាកំលាំងសឹកសង្គ្រាមសំរាប់ស្រុកនោះ។

ចៅពញាស្រែន្យសេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែកកាលដឹងដើមទងថា "សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗ ទ្រង់បានទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់បានសំលាប់ចក្រីកែវដេញទាំងទ័ពចៅហ៊្វាកៅទៀត" ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការយកទៅថ្វាយសម្ដេចចៅពញាចន្ទរាជាថ្វាយទាំងខ្លួនចូលទៅធ្វើរាជការជាច្រើននាក់។

ការពារការវាយបករបស់ស្ដេចកន[កែប្រែ]

សមរភូមិលង្វែក គ.ស. ១៥១៦[កែប្រែ]

នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំជូត អដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផងមិនតែប៉ុណ្ណោះទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត ១២០០០០ នាក់ ហើយទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជនាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុកខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មីខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។

ព្រះស្រីជេដ្ឋាទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖

១. ផ្លូវទី១

២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖

ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។

ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។

សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យូហយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។

លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញាយមរាជព្រាបជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​ ៤៥០០០​ នាក់លើក​ទៅ​ចោម​វាយ​បន្ទាយ​ខែត្រ​លង្វែក។ ចៅហ្វាយស្រុក​ខែត្រ​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខែត្រលង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បំរើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព ​៤៥០០០​ នាក់ស្រូតរូត​ទៅ​ជួយ​ចៅ​ស្រុក​ខែត្រ​លង្វែក។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បំរើសេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខ ក្រោយ ឆ្វេងស្ដាំ​ ៥​ កងខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កំរើកកងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យនាំ​សេនាទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សំលាប់​កងទ័ព​សត្រូវ​ពីក្រោយដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង ​៣០០០ ​នាក់ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​ ១០​ នាក់​ទៀត។

ផ្អាកសង្គ្រាមលើកទី១[កែប្រែ]

សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​កាត់​ក្បាល​ចៅពញា​យមរាជ និង​មេទ័ព​ ១០ ​នាក់ ហើយ​ឲ្យ​ចៀរ​ស្លឹកត្រចៀក​មេកង​ដែល​ចាប់​បាន​ទាំង​រស់​ ១០ ​នាក់​ទៀត។ ទ្រង់មាន​ព្រះ​បន្ទូល​ថា “អាឯង​ទាំង​ ១០ ​នាក់​នេះចូល​នាំ​ក្បាល​គូកន​ឯង​ទាំង ​១១ ​នាក់​នេះ​ទៅ​ឲ្យ​អា​ព្រះស្ដេច​កន​ចុះ ហើយ​ឲ្យ​ប្រាប់​អា​កន​ថា បើ​វា​អាង​ពល​ច្រើន​ឲ្យ​លើក​មក​ទៀត ឬ​បើ​យល់​ថា​ភ្លៀង​ធ្លាក់​មក ហើយ​ជិត​ដល់​ល្មម​នឹង​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចំការ ហើយនឹង​ចង់​ឈប់​ច្បាំង​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចំការ​សិន​ក៏​តាម​ចិត្តចុះ”។ ទ្រង់​ត្រាស់​ផ្ដាំ​រួច​ស្រេច​ហើយ ព្រះ​អង្គ​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខែត្រ​រលាប្អៀរ​វិញ។ ទ្រង់​បំរើ​ចេញ​ទៅ​ស៊ើបការណ៍​ក្នុង​កងទ័ព​សត្រូវ។ បំរើដឹង​ការណ៍​ហើយ​ក៏​វិល​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ពុំ​មាន​ ហ៊ាន​ធ្វេសប្រហែស​ឡើយ។ នេះ​នឹង​ស្រដី​អំពី​បំរើ ១០ ​នាក់​ដែល​រែក​យួរ​ក្បាល ​១១ ​នាក់​នោះ​ទៅ​ដល់​ ស្ទឹង​ក្រាំងពន្លៃ ហើយ​ក៏​ចូល​ទៅ​ថ្វាយបង្គំ​យំ​ក្រាប​ម្ចាស់​របស់​ខ្លួន​សព្វគ្រប់​តាម​ដំណើរ។ ព្រះ​ស្រីជេដ្ឋា ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ទ្រង់​បាន​ជ្រាប​ហើយ ទ្រង់​ញ័រ​ភ័យ​ខ្លាច​ព្រះ​បារមី ថ្វី​ព្រះ​ហស្ថ​នៃ​សម្ដេចចៅពញា​ចន្ទរាជា។ លុះដល់​ភ្ញាក់ស្មារតី​យ៉ាងនេះ ព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា “យើង​នឹង​ខ្លាច​អ្វី​ថ្វីដៃ​ចៅពញា​ចន្ទរាជា​នោះ ប៉ុន្ដែ​ឥឡូវនេះ គេ​សុំ​យើង​ឲ្យ​កងទ័ព​យើង​ធ្វើស្រែ​សិន យើង​ក៏​គួរ​ឈប់​តាម​សណ្ដាប់​ព្រះ​នគរ បើ​យើង​នឹង​រឹងទទឹង​ទៅ ក៏​ឃើញ​ថាការណ៍​នេះ​មិន​ត្រឹមត្រូវ​ដែរ យើង​ត្រូវ​តែ​ព្រម​តាម​គេ​ចុះ”។ ទើប​ទ្រង់​ត្រាស់​ឲ្យ​តែង​ព្រះ​រាជសារ​បោះត្រា​សំរាប់​ផែនដី​ទៅ​ឲ្យ​ពញា​មហាមន្ដ្រី​ជា​រាជទូត​ឲ្យ​ពញា​មន្ដ្រី​ជា​រាជទូត​ឲ្យ​ពញា​ឫទ្ធាធិបតី ជា​ឧបទូតឲ្យ​ឧកញ៉ាជុំ​ជិត​ជំនិត​ទឡ្ហៈ​ជា​ត្រី​ទូតនាំ​ពានមាស​មួយតំកល់​ព្រះរាជសារ​នោះ និង​ព្រែ​ផ្កាមាស​ ១០ ​កី ព្រែ​ញ័រ​ ១០ ព្រំ​យ៉ាង​ធំ ​២​ ក្បាល​ជា​គ្រឿង​បណ្ណាការ។ លុះ​រាជទូត​ ឧបទូត ត្រី​ទូត នាំ​ទៅ​ដល់​ខែត្រ​រលាប្អៀរ ហើយ​អស់​នាយកង​ទាហាន​ខាង​សម្ដេចចៅពញា​ចន្ទរាជា​ក៏​ឃុំខ្លួននាំ​ទៅ​ក្រាបថ្វាយបង្គំ​គាល់​សម្ដេចចៅពញា​ចន្ទរាជា។ ខណៈនោះ​ស្ដេច​ចេញ​ជួប​មុខមន្ដ្រី សេនា​យោធា​កងទ័ព​ក្រាប​បង្គំ​គាល់​តាម​បណ្ដា​ស័ក្ដិធំ​តូច ហើយ​ស្ដេច​ឲ្យ​អាល័ក្ស​ថ្លែង​ព្រះរាជសារ​ថ្វាយ។ ឯ​ព្រះរាជសារ​នោះ​មាន​សេចក្ដី​ដូច​ខាងក្រោម​នេះ៖

«ព្រះរាជសារ ​សម្ដេចព្រះ​ស្រីជេដ្ឋាធិរាជ​រាមាធិបតី​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង​ ក្រុង​កម្ពុជា​ធិបតី​សិរី​យសោធរ​បវរ​ឥន្ទ​កុរុរដ្ឋ​រាជធានី ដែល​រាស្ដ្រ និង​ព្រះរាជ​វង្សានុវង្ស​ស្រឡាញ់​ស្ម័គ្រចិត្ដ​លើក​ឡើង​ឲ្យ​សោយរាជ​សម្បត្ដិក្នុង​មហា​ស្រឡប់​ពិជ័យ​ព្រៃនគរ​បវរ​បូព៌ា​ទិសា។ សូម​ចំរើន ​ព្រះរាជ​មេត្រី​មក​សម្ដេចព្រះ​អនុជាធិរាជ គឺ​សម្ដេចចៅពញា​ចន្ទរាជា​បាន​ទ្រង់​ជ្រាប។ ដ្បិត​អ្នក​អូន​លើក​ចតុរង្គ​សេនាទាហានរេហ៍ពល​មក​ធ្វើសង្គ្រាម​នេះ យើង​មានចិត្ដ​អំណរ​ណាស់ដោយហេតុ​ថាយើង​នឹង​បាន​ទត​នូវ​សេនា​ទាហាន​ច្បាំង​ប្រកាប់​គ្នា​ដោយ​អាវុធ​វែង​ខ្លី លើ​ខ្នង​សេះ ដំរី ជា​សិរី​សួស្ដីនៃ​ចក្ខុ​ទាំង​សងខាង។

ប៉ុន្ដែឥឡូវនេះ ជិត​ដល់​វស្សា​រដូវ​ហើយ រាស្ដ្រ​ត្រូវ​ធ្វើស្រែ ដូច្នេះ​យើង​សូម​ឲ្យ​ឈប់​ធ្វើសង្គ្រាម​នឹង​គ្នា​ក្នុង​មួយ​រដូវ​នេះ​ចុះ តែ​សុំ​ឲ្យ​ចាំ​ពាក្យ​ដែល​សន្មត​សញ្ញាកុំឲ្យ​លប​លួច​វាយ​យក​ខែត្រ​គ្នា​ដូច​ជា​កងទ័ព​ចោរ​នោះ​ឡើយ។ បើ​ដល់​រាស្ដ្រ​ធ្វើស្រែ​ចំការ​រួច​ហើយ មុន​នឹង​ធ្វើសង្គ្រាម​នឹង​គ្នា​កាលណា​ឲ្យ​មាន​រាជសារ​ចារ​ជា​ព្រះរាជ​កំណត់​ទៅ​មកទើប​គួរ​សមជា​ឧត្ដម​មហាក្សត្រ​ធិរាជ»។ លុះ​អាល័ក្ស​ថ្លែង​ព្រះរាជសារ​ចប់​ហើយ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ពិរោធ​ខ្លាំង​ណាស់ ទ្រង់​ត្រាស់​ថាអា​រាជទូត​ឯង​វិល​ទៅ​ប្រាប់​ម្ចាស់​ឯង​ចុះ​ថា​អញ​ព្រម​សំរាក​ឲ្យ​រាស្ដ្រធ្វើស្រែ​ហើយ តែ​ថា​អញ​សុំ​កុំឲ្យ​ម្ចាស់​ឯង​ហៅ​អញ​ថាជា​បង​ជា​ប្អូន​ឡើយ ដ្បិត​ម្ចាស់​ឯង និង​អញ​នេះ​មាន​ជាតិ​ត្រកូល​ឆ្ងាយ​ពី​គ្នា​ណាស់”។ ទ្រង់​ត្រាស់​ហើយ ទ្រង់​ព្រះ​រាជទាន​មាស​ដួង​មួយ​ជញ្ជីង​សៀម ប្រាក់ដួង​ពីរ​ជញ្ជីង​ដែល​បាន​មក​ពី​ក្រុង​ស្រី​អយុធ្យា​នោះ ហើយ​ប្រទាន​ឲ្យ​ជា​រង្វាន់​រាជទូត​ជា​គ្រឿង​ឧបរាជ​បណ្ណាការរួច​ទ្រង់​បណ្ដេញ​ឲ្យទៅ​ជា​ប្រញាប់។ លុះ​រាជទូត​ចេញ​ផុត​ទៅ​នោះ អស់​នាយ​កងទ័ព​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា៖

យើង​ធ្វើសង្គ្រាម​កំពុង​មាន​ជ័យ​ជំនះ ហើយ​ហេតុ​អ្វី​ក៏​ទ្រង់​ទទួល​សញ្ញា​ឲ្យ​ឈប់​សង្គ្រាម​ដូច្នេះ មួយទៀត ខែត្រខាង​សត្រូវ​នៅ​ច្រើន​ជាង​យើង​ដែរ គឺថា​បាន​ទៅ​គេ​នោះ​ជាង​ ១០​ សួន បាន​មក​យើង​មិន​ទាន់​បាន​ ១​ សួន​ទេ។ បើ​ខាង​សត្រូវ​ឲ្យ​កេណ្ឌ​បណ្ដារាស្ដ្រ​តាំងពី​ខែត្រ​ខាងជើង​ទល់​នឹង​ស្រុក​លាវខាងត្បូង​ទល់​នឹង​សមុទ្រខាងកើត​ទល់​នឹង​នគរ​ចាមបាន​មក​ទាំងអស់​ប្រហែល​ជាង ​១០០០០០០ (ដប់​សែន​នាក់) ទៅ​ហើយ។ ឯខាង​យើង​ទើបតែ​វាយ​បាន ​៦-៧ ​ខែត្រ គឺ​ខែត្រ​មហានគរ​ដែល​សម្ដេចព្រះ​បរម​រាជ​ពញាយ៉ាត​វាយ​ដណ្ដើម​បាន​ពី​សៀម​មក​វិញ ហើយ​ឲ្យឈ្មោះ​ថា សៀមរាបនេះ​មួយ ខែត្របាត់ដំបង​មួយ និង​ខែត្រ​តូចៗ​១២ ឬ​១៣​នេះ​មួយ។ ម្យ៉ាងទៀត​ខេត្ដ​នេះ កាលបើ​បែក​ព្រះ​មហានគរ​កម្ពុជា​ហើយ សៀម​កៀរ​គ្រួ​យក​ទៅ​អស់ នៅ​តែ​ពីរ​ឬ​បី​ពាន់​នាក់​ប៉ុណ្ណោះ បើ​ដូច្នេះ តើ​យើង​ធ្វើ​ដូច​ម្ដេច​នឹង​ទទួល​ជ័យ​ពី​សត្រូវ​បាន បើ​សត្រូវ​កេណ្ឌ​ពល​ពី​ក្រុង​ខែត្រ​ទាំងអស់​លើក​មក​យើង​នឹង​មិន​បង់​ការណ៍​ ទេ​ឬអ្វី ? ។ ទូលព្រះបង្គំ​យល់​ថា យើង​នឹង​រក្សាខ្លួន​ពិបាក​ណាស់”។

សម្ដេចចៅពញាចន្ទរាជា ជាអម្ចាស់ទ្រង់ត្រាស់ថា : ការណ៍នេះ យើងបានគិតស្រេចហើយបានជាយើងព្រមឈប់ច្បាំងសិន ព្រោះយើងឃើញប្រយោជន៍ ៧ ប្រការ គឺ៖

  • ប្រការ១: មានសុភាបុរាណថា : "ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ" បើយើងខំតែធ្វើសង្គ្រាមទៅ កូនប្រពន្ធរបស់ឈ្មោះ ដែលមកចុះកំណែននោះ នឹងដាច់ពោះស្លាប់ បើកូនប្រពន្ធវានោះអត់បាយហើយ វាក៏ពុំយកចិត្តទុកដាក់ ក្នុងការធ្វើរាជការនឹងយើងឡើយ។
  • ប្រការ២: យើងបានខែត្រតូចធំ ចំនួន ១២ ឬ ១៣ ខែត្រនេះ ល្មមទុកជាទីសំណាក់បានហើយ បើយើងមិនទាន់ឱ្យទៅបញ្ចុះបញ្ចូលខែត្រផ្សេងៗទេ ហើយស្រាប់តែលើកទ័ពទៅវាយគេតែម្ដងនោះនឹងខ្ចេចខ្ចាំរកាំចិត្ត នៃអាណាប្រជានុរាស្ត្រជាមិនខាន។ លុះតែយើងទៅបញ្ចុះបញ្ចូលលួងចិត្តចៅហ្វាយស្រុក និងបណ្ដារាស្ត្រ ជាមុនសិន ឱ្យចូលចិត្តនឹងយើង ដែលជាព្រះរាជត្រកូល ឬ បើគេមិនចូលចិត្តនឹងយើងទេ គេបែរជាចូលចិត្តទៅខាងពួកក្បត់ ដែលតាំងខ្លួនជាស្ដេចនោះ ចាំយើងបានចំណាប់កាលណាសុំលើកទ័ពទៅបង្ក្រាប ពួកដែលរឹងទទឹងនោះ ធ្វើឱ្យបានសម្រេចការណ៍ ក្នុងកាលខាងក្រោយ។
  • ប្រការ៣: ខែត្រអាសន្នទុក ជាខែត្រធំមានអាណាខែត្រឡើងក៏ច្រើន ចៅពញាឧទ័យធិរាជប្រាង្គជាចៅហ្វាយស្រុកនៃខែត្រនេះគាត់មានថ្វីដៃ និង តម្រិះប្រាជ្ញាមាំមួនណាស់ ប្រសិនបើយើងខំធ្វើចំបាំងរហូតទៅមិនឈប់ ហើយពញាប្រាង្គ គេលើកទ័ពមកព័ទ្ធយើងពីក្រោយ យើងនឹងនៅជាកណ្ដាលចំណោមគេ នោះយើងពិបាកនឹងរក្សាខ្លួនណាស់។ ហេតុនេះហើយបានជាយើងព្រមបង្អង់ច្បាំង ចាំប្រាប់ប្រាមនូវខែត្រធំៗនេះ និងខែត្រតូចៗត្រើយខាងកើត ទិសខាងជើងនោះ ឱ្យបានមកជារបស់យើងសិន។
  • ប្រការ៤: ខាងព្រះស្ដេចកន ដែលវាតាំងខ្លួនជាស្ដេចនោះ តែវាចេញច្បាំងកាលណា វាបាំងស្វេតច្ឆត្រ និង ចាម៉រ បាយមន់ សែនត្វាន់ តាមទំនៀមព្រះមហាក្សត្រ។ ឯខាងយើង ដែលពេញជាព្រះរាជត្រកូលនោះ យើងគ្មានអ្វីសោះ យើងចេញច្បាំងកាលណា ឥស្សរិយយសយើង ជាទ័ពថោកជាងវា។ ទោះបី ឈ្នះប៉ុន្មានដងក្ដី ឥស្សរិយយសយើងនោះក៏នៅតែថោកទាបជាងវា។
  • ប្រការ៥: កាលដែលបម្រើនៃព្រះស្ដេចកននាំព្រះរាជសារមក ហើយទៅវិញនោះយើងបានផ្ដាំថា បើនឹងចង់ឈប់សង្គ្រាម ឱ្យរាស្ត្រធ្វើស្រែ ក៏ឈប់តាមចិត្តចុះ។ បើរាស្ត្រកំពុងមានចិត្តត្រេកអរព្រោះបានទៅប្រមូលកូនប្រពន្ធផង ត្រេកអរនឹងយើងជាដើមគំនិតនេះផង ហើយបើយើងត្រឡប់ជាប្រែសំដីវិញ រាស្ត្រកំពុងបាក់ចិត្តស្រលាញ់យើងនោះ ក៏នឹងប្រែចិត្តស្អប់យើង ព្រោះយើងមានវាចាពុំទៀងទាត់។
  • ប្រការ៦: សេនាទាហានខាងយើង មានថ្វីដៃក៏ច្រើននាក់ តែយើងពុំបានឱ្យប្រឡងថ្វីដៃ ឱ្យឃើញជាក់ច្បាស់នៅឡើយ។
  • ប្រការ៧: ខាងយើងពិតជាព្រះរាជត្រកូលមែន តែទើបតាំងខ្លួនថ្មី ពុំទាន់មានទូកចំបាំងដល់មួយសោះ។ ឯខាងព្រះស្ដេចកនវិញ គេពិតជាក្រៅព្រះរាជត្រកូល តែគេតាំងខ្លួនមកយូរហើយ គេមានទូកចំបាំងក៏ច្រើន។ បើគេលើកទ័ពជើងទឹក មកព័ទ្ធចោមយើងកាលណាយើងគ្មានអ្វីតទល់នឹងគេឡើយ។ ហេតុនេះហើយ បានជាយើងព្រមតាមស្ដេចកន សុំដែលសមតាមគំនិតរបស់យើង។

ឯមន្ត្រី ខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មានបានថ្លែងកោតសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា។ សម្ដេចចៅពញា ចន្ទរាជាជាអម្ចាស់ កាលទ្រង់បានយល់ចិត្តនៃមន្ត្រី ខ្ញុំរាជការ ដែលទុកចិត្តជឿ ចំពោះព្រះតម្រិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំង ចៅពញាសួគ៌ាលោកទេព ជាកូនទី៣របស់ពញាមឿង ឱ្យសម្រេចរាជការ លើចៅហ្វាយស្រុកខែត្ររលាប្អៀរ ខែត្រលង្វែក ហើយព្រះអង្គលើកទ័ពទៅប្រថាប់ នៅបន្ទាយអមរិន្ទបូរវិញ។ ឯព្រះស្រីជេដ្ឋា អម្ចាស់ផែនដីខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រ ជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ ទៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ។

ការរៀបចំអាណាចក្រមានជ័យ[កែប្រែ]

ព្រះទីនាំង[កែប្រែ]

ព្រះអង្គមានបុណ្យបានរបស់ត្រកាលពីរយ៉ាងគឺ:"

  • ១. ទ្រង់មានព្រះពិជ័យគជេន្ទ្រសសុទ្ធមួយកាលដែលទើបនឹងបានកំពស់តែ ៦ ហត្ថមកដល់ ឥឡូវនេះកំពស់របស់វា ៧ ហត្ថប្លាយ ដំរីនេះមានដំណឹង (ការចេះដឹង) ច្រើនចំពូកណាស់ គឺ ចំពូកមួយ វាចេះកាន់អាវុធចាក់កាប់ ដូចមនុស្សជើងទាំង ៤ ចេះធាក់ផងរងអាវុធបានផង។ ចំពូកពីរ បើមានជំងឺតំកាត់នៅទីណាក្នុងព្រះនគរ ព្រះករុណាជាអម្ចាស់យើងឱ្យហ្មថៅពិធីសុំទឹកយកទៅជះបាចសាចនៅទីណាដែលមានជំងឺនោះ ជំងឺក្នុងទិសនោះសឹងតែស្ងប់ស្ងាត់បាត់ទៅ។ ចំពូកបី បើរដូវវស្សាហើយរាំងភ្លៀងព្រះអង្គជាអម្ចាស់យើងឱ្យហ្មថៅនាំទៅធ្វើពិធីក្នុងទីនោះ ៣ ឬ ៧ថ្ងៃប៉ុណ្ណោះ ភ្លៀងក៏ធ្លាក់បរិបូណ៍។ ចំពូកបួន បើព្រះអង្គជាអម្ចាស់យើងឡើងគង់នឹងធ្វើសង្គ្រាមយុទ្ធកាលណា បើវាស្រែកឱ្យឮសំឡេងក្រអៅហើយនោះឱ្យសង្ឃឹមទុកចិត្តចុះថាមុខជាមានជ័យជំនះឈ្នះបានដំរីមកជាបរិវារច្រើនជាមិនខានឡើយ។
  • ២. ព្រះអង្គទ្រង់បានទូក-ង ឈ្មោះសារាយអណ្ដែតមកជាព្រះទីនាំងចក្រពត្តិនោះ ក៏មានបុញ្ញាធិការច្រើនចំពូក គឺចំពូកមួយ បើទូកធម្មតាទៅនគរវត្តនោះ មិនមានខ្យល់រលកទេកំណត់បីបួនថ្ងៃ ទើបទៅដល់បើខ្យល់រលកផង ទូកធម្មតាទៅនគរវត្តត្រូវប្រើវេលាអស់ ១០ ឬ ១៥ ថ្ងៃ ឯព្រះទីនាំងចក្រពត្តិនោះ ព្រះអង្គទៅបិណ្ឌបាតនៅនគរវត្តត្រឡប់មកដល់វត្តយើងវិញកំណត់តែបាយចង្ហាន់ហុយៗ នៅឡើយព្រោះលឿន បីដូចជាទូកទិព្វ។ ចំពូកពីរ បើសេនាទាហាននឹងឡើងជិះធ្វើសង្គ្រាមចំណុះទូក ១២៥ នាក់នោះទោះកាំភ្លើង ធ្នូ ស្នា ច្រើនប៉ុន្មានក្ដី ក៏ពុំដែលមកជិតចំណុះទូកនោះឡើយ។ ចំពូកបី បើនឹងលើកទ័ពចេញទៅ ហើយ គេត្រូវលេងភ្លេងពិធីអូសចេញពីបង្គងនោះ លុះលេងរួចហើយឱ្យពិនិត្យមើលពងមាន់ ១២៥ ដែលតាំងថ្វាយទូកនោះ បើបិសាចដែលរក្សាទូកនោះ ឮសូរគាំហ៊ោជាត្រេកត្រអាលនោះអ្នកស្នែងអាចសែងតែ ១៦ នាក់រួចយ៉ាងស្រួល ហើយឱ្យសង្ឃឹមថាមុខតែមានជ័យ, បើពងមាន់នោះមិនបាត់ មាត់ក៏ឮហ៊ោក្រេវទេ ទូកដែលចេញទៅនោះមុខជាពុំប្រទះច្បាំងនឹងសត្រូវសោះឡើយ។
សង្គ្រាមាភិសេក[កែប្រែ]

របស់វិសេសទាំងពីរប្រការនេះ អស់អាត្មាភាព និង យើងខ្ញុំទាំងឡាយយល់ថា ចូលជារបស់ចុល្លចក្រ មហាចក្រទៅធ្វើការឯណាក៏នឹងមានជ័យជំនះ ហើយយើងខ្ញុំទាំងអស់គ្នាមកនៅស្ងៀមពុំបានធ្វើព្រះរាជពិធីអភិសេកឱ្យបានរុងរឿងឥស្សរិយយសខ្ពស់ជាឯកព្រះមហាក្សត្រឱ្យបានថ្កុំថ្កើងជាងរាជសត្រូវនោះពុំបានឡើយ។ លុះគិតព្រមគ្នាហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូលសូមអញ្ជើញព្រះអង្គ សោយរាជសម្បត្តិតាមសេចក្ដីពិភាក្សា ហើយយល់ព្រមគ្នាជាឯកច្ឆន្ទ។

ទើបសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ទ្រង់ត្រាស់ថា: ព្រះនគរក៏ពុំទាន់បានរាបទាបទាំងព្រះខ័នក៏ពុំទាន់រកឃើញ បើនឹងរៀបអភិសេកក្រែងពុំគួរទេដឹង។ ពេលនោះ អស់ព្រះសង្ឃ និងព្រះបុរោហិត ព្រះវង្សានុវង្ស មន្ត្រីចាស់ទុំ ខ្ញុំព្រះរាជការក្រាបបង្គំទូលថាសូមព្រះរាជទាននឹងរៀបព្រះរាជពិធីជាសង្គ្រាមាភិសេកថ្វាយជាសុវត្ថិមង្គលគ្រាន់នឹងគ្រប់គ្រងរាស្ត្រប្រជាជាបណ្ដោះអាសន្នសិនប៉ុណ្ណោះទេ បើទ្រង់ច្បាំងឈ្នះបានព្រះនគរស្រេចកាលណានឹងសូមថ្វាយប្រាប្ដាភិសេកក្នុងកាលនោះ ខណៈនោះ សម្ដេចព្រះបរមបពិត្រទ្រង់ព្រះរាជានុកូលចូលព្រះហឫទ័យផង ហើយទ្រង់ត្រាស់ថា បើព្រមគ្នាយល់ថាត្រូវតែឱ្យយើងទទួលអភិសេកហើយ ក៏ឱ្យគិតសំរេចធ្វើតាមក្បួនសង្គ្រាមាភិសេកនោះឱ្យបានត្រឹមត្រូវតាមប្រពៃណីចុះ។ មួយរំពេចនោះ ព្រះសង្ឃ និងខ្ញុំរាជការទាំងឡាយត្រេកអរសោមនស្សណាស់ ហើយក៏ចេញមកចាត់ចែង កេណ្ឌកងកំណែនឱ្យចាំងដីជំរះស្មៅជាឯលិចបន្ទាយដែលគង់ឱ្យសង់រោងរាជពិធី តាមពុទ្ធសាសន៍ សេយ្យសាសន៍ ព្រះរាជវ័តិ ឆត្រ ទ្រង់ធ្វើភ្នំមហាបណ្ឌមធ្វើព្រះបុស្បកមានព្រះស្វេតច្ឆត្រគ្រឿងរាជអភិរមសព្វសារពើ។ ចំណែកឯព្រះស្វេច្ឆត្រនោះ សម្ដេចចៅពញាចន្ទរាជាទ្រង់ពុំឱ្យធ្វើគ្រប់ ៩ ជាន់ទេ ទ្រង់ឱ្យធ្វើតែ ៥ ជាន់ ហើយទ្រង់ឱ្យធ្វើគ្រឿងព្រះទីនាំងគជេន្ទ្រយុទ្ធ គ្រឿងព្រះទីនាំងអស្សតរ ព្រះទីនាំងពីជ័យរិទ្ធិគ្រឿងឧសភរាជ គ្រឿងព្រះទីនាំងរាជ និង គ្រឿងសេនាទាហានឱ្យមានស្លាកពាក់ តែងខ្លួនឱ្យប្រពៃបំរុងកាន់ទង់ជាតិដើរហែចូលទៅក្នុងរោងព្រះរាជពិធី។ ឯបណ្ដារាស្ត្រជិតឆ្ងាយ ឮថា ព្រះបរមបពិត្រ ទ្រង់រៀបសង្គ្រាមាភិសេកហើយ ត្រេកអរណាស់ ក៏នាំគ្នាយកគោ ក្របី ដំរី សេះ រទេះ ទូក មាស ប្រាក់ សំពត់ អាវ សាវស្បៃ តាមដែលខ្លួនមាននោះមកក្រាបទូលថ្វាយច្រើនជាអនេក។

លុះមកដល់ថ្ងៃទី៩ កើត ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ព.ស.២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចៅពញា ចន្ទរាជា ព្រះអង្គទ្រង់គ្រឿង មហាខត្តិយាធិបឌិន ទ្រង់ធ្វើព្រះរាជដំណើរចូលក្នុងរោងរាជពិធី។ ព្រះរាជគ្រូ ថ្វាយមហាស្វេតច្ឆត្រ ស្ដេចឋិតនៅនាបូព៌ាភិមុខស្វេតច្ឆត្រ ទើបព្រះរាជវង្សានុវង្ស សេនាមុខមន្ត្រី ក្រាបថ្វាយព្រះរាជមង្គល ព្រះពិធីពរជ័យ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឡើងគ្រងរាជសម្បត្តិ ទ្រង់ព្រះនាមជា សម្ដេចព្រះបរមរាជា ចន្ទរាជា គ្រងក្រុងកម្ពុជាធិបតី

តែងតាំងទ្រទូងរត្នទាំង៧[កែប្រែ]

លុះរួចពិធីហើយ ព្រះអង្គតាំងព្រះសង្ឃ និងមន្ត្រី តាមមានគុណបំណាច់ និង ចំណេះវិជ្ជាដូចតទៅនេះ:

លំដាប់មក ទ្រង់តាំងព្រះរាជាគណៈសំរាប់ ទោ ត្រី ចត្វា តទៅទៀត។

មន្ត្រីរត្នទាំង៧[កែប្រែ]

លុះតាំងទ្រទូងរត្នទាំង ៧ គ្រប់ទាំង ៤ សំរាប់នោះរួចហើយ ទ្រង់តាំងមន្ត្រីរត្នទាំង៧ទៀត ហើយទ្រង់បញ្ញត្តិទុកថា តាំងពីថ្ងៃនេះតទៅ បើនឹងតាំងសេនាបតីមន្ត្រីក្នុងក្រៅ ឱ្យតាំងដោយរបៀបដូច្នេះ:

សេនាបតី និងចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្តពលពាលោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ ១០ ហ៊ូពាន់ ក៏មាន ៩ ហ៊ូពាន់ ក៏មានដល់មកផែនដី ព្រះបាទធនញ្ជ័យកោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និងមន្ត្រីសក្ដិ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ននោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំង៤ សំរាប់បើតាំងឡើង ឱ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឱ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឱ្យតាំងជាទី "ពញា"។


គ្មានយសសក្ដិទេឱ្យហៅថា ............................................................. នាយ

តែងតាំងព្រះភីលៀងព្រះអង្គ[កែប្រែ]

តមក ទ្រង់តាំងព្រះភីលៀង ខាងព្រះអង្គ ទាំង ៥ នាក់គឺ៖

តែងតាំងព្រះភីលៀងព្រះភាគិនេយ្យោយសរាជា[កែប្រែ]

ទ្រង់តាំងខ្ញុំរាជការ ដែលជាកំសត់ជំនិត និងព្រះអង្គ ទាំង ៥០ នាក់នោះ ជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់គ្នា។ ទ្រង់តាំងចៅពញាយសរាជា ជាទី សម្ដេចព្រះភាគិនេយ្យោយសរាជា។ ទ្រង់តាំងព្រះភីលៀង សម្ដេចព្រះភាគិនេយ្យោ:

ឯមន្ត្រីក្នុងសេនាទាហាន ក្រៅពីនេះ ទ្រង់តាំង:

តែងតាំងចៅហ្វាយស្រុកធំ[កែប្រែ]

ចំពោះមន្ត្រី ក្នុងសេនាទាហាន ក្រៅពីនេះទៅទៀត ព្រះបាទសម្ដេចព្រះចន្ទរាជាទ្រង់តាំងឱ្យធ្វើជាចៅហ្វាយស្រុកខ្លះ ជាក្រុមព្រះតំរួតខ្លះ ជាក្រុមវាំងខ្លះ ជានាយទាហានខ្លះ គ្រប់មន្ត្រីដែលមានគុណបំណាច់ក្នុងការធ្វើចំបាំងគ្មានខ្វះចន្លោះ អ្នកណាម្នាក់ឡើយ។ ទ្រង់រាប់រៀបសរសើរពីគុណបំណាច់ នៃចៅហ្វាយស្រុក ចៅពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយ កូន ៤ នាក់ក្នុងគ្រាដែលព្រះអង្គទ័លសម្បត្តិ ទាំងគ្មាន ពលសោះ ហើយរត់ទៅក្រុងទេព និងកាលទ័ពសត្រូវ ចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង (នូវ) ប្ដូរជីវិតស្លាប់ ទៅកេណ្ឌបិសាច យកមកជួយ ឱ្យឈ្នះសង្គ្រាមច្រើនគ្រានោះថា: ទ្រង់តាំងកូនពីរនាក់ឱ្យធ្វើជាសួគ៌ាលោកមួយ សេនាសង្គ្រាមមួយ នោះឃើញថា ពុំទាន់ធួនល្មម នឹងកំលាំងបំណាច់ទើបទ្រង់តាំងចៅពញាសួគ៌ាលោកទេព ទី៣ ជាសម្ដេចចៅពញាយោធានរិន្ទ តាំងចៅពញាសេនាសង្គ្រាម សុខ កូនទី ៤ ជាឧកញ៉ាសួគ៌ាលោក ឱ្យមានអាណាខែត្រឡើង (ខែត្រឡើង គឺ ខែត្រជាចំណុះ) គឺខែត្រក្រគរមួយ ក្រងមួយ ខ្លុងមួយ។ តមក ទ្រង់គិតដល់គុណបំណាច់ នៃពញាមនោមេត្រី គល់ ជាចៅមឿង ស្រុកបាត់ដំបង ដែលកាលសម្ដេចត្រឡប់ពីស្រុកសៀមមកដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី ៥ និង សេះ ១៥ ព្រមទាំងថ្វាយ ស្បៀងអាហារ ១០០០ រទេះ។ ទ្រង់មានបន្ទូលថា : ចៅមឿងនេះ មានសក្ដិស្មើនឹងសក្ដិ ៦ ហ៊ូពាន់ តែពញាមឿង មានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះ ទ្រង់លើកឡើងជា ចៅហ្វាយស្រុកធំ មានសក្ដិ ៩ ហ៊ូពាន់ ហើយឱ្យមានចៅមឿង ឡើងស្ដាប់បង្គាប់ ៥ ស្រុក គឺស្រុកមង្គលបូរីទឹកជោរបរត្បូងពាមសីមាមោងឫស្សី១ ស្រុកខាងលើទាំង៥ នេះឱ្យឡើងស្ដាប់បង្គាប់នៃចៅមនោមេត្រី ទាំងអស់។

ព្រះកិត្តិនាម[កែប្រែ]

សេចក្ដីសារស័ព្ទ អំពីព្រះកិត្តិយស ពីរោះខ្ពស់ប្រសើរនោះ ផ្សាយចេញទៅដល់ខែត្រនានាថា: ទ្រង់ពុំដែលបកសក្ដិខ្ញុំរាជការ នេះមួយថាទ្រង់ពុំអួតអាងថាមានថ្វីដៃនេះមួយ ថាបើអ្នកមានប្រាជ្ញា ស្មារតី មានវោហារ ចេះអធិប្បាយធម៌អាថ៌ នេះមួយ អ្នកប្រាជ្ញរាជបណ្ឌិតដែលចេះដឹងគម្ពីរបាលី ក្បួនតំរានេះមួយ ទ្រង់ឱ្យស៊ើបរកយកខ្លួនមកតាំងចិញ្ចឹមជានាម៉ឺនតាមប្រាជ្ញា ស្មារតី​របស់ខ្លួនទាំងអស់។ ម៉្លោះហើយ អ្នកប្រាជ្ញរាជបណ្ឌិត អ្នកចេះដឹងនាំគ្នាមកជ្រកក្រោមម្លប់បុណ្យ ព្រះបារមីនៃព្រះអង្គច្រើនក្រៃពេក។ ក្នុងថ្ងៃមួយនោះ ព្រះបាទសម្ដេច ព្រះចន្ទរាជា ទ្រង់ព្រះតំរិះថា "តាំងពីយើងបានមកនៅក្នុងខែត្រអម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗ ក៏បានសំរេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ត្រ ក៏មិត្តមូលចូលមកយកយើងជាទីពុំនាក់សំបូរទាំងមនុស្សទាំងសម្បត្តិជាស្ថាននាំឱ្យបានរបស់ចំឡែកអស្ចារ្យ ទាំងសេនាទាហាន ក៏មានបរិបូណ៍"។ លុះទ្រង់ព្រះតំរិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះ អមរគីរិន្ទបូរ អម្រិន្ទបូរនោះ ឱ្យឈ្មោះជា "ខែត្របរិបូណ៍" វិញតាំងពីថ្ងៃនោះរៀងមក។ ក្នុងពេលដែលទ្រង់កំពុងតែតែងតាំង នាម៉ឺនមុខមន្ត្រីនោះ ថ្ងៃរះភ្លឺច្បាស់គ្មានភ្លៀងសោះ ក៏ស្រាប់តែមានឥន្ទធនូ ៧ ពណ៌ ចុះពាសពេញទាំងអាកាសទាល់តែព្រះអង្គទ្រង់តាំងមន្ត្រីនាម៉ឺនរួច ទើបស្ងប់ស្ងាត់បាត់ទៅវិញ។

ខណៈនោះព្រះបរមបពិត្រ និងសេនាបតី មន្ត្រីធំតូច ខ្ញុំព្រះរាជការ សង្ស័យណាស់ក៏ទ្រង់ត្រាស់សួរហោរាសុំឱ្យទំនាយថ្វាយ។ ហោរាពិនិត្យយល់ឃើញស្រេច ទើបថ្វាយព្យាការណ៍ថា : សូមទ្រង់ព្រះមេត្តាប្រោស! អព្ភូតហេតុដ៏អស្ចារ្យនេះប្រាប់ឱ្យដឹងថា ព្រះអង្គនឹងមានបុណ្យបារមីជាឱកាសព្រះនគរទាំងព្រះខ័នជ័យ និង ទេវរូប ក៏នឹងបានមកជារបស់សំរាប់ផែនដីវិញមិនខាន។ ព្រះបរមបពិត្រ ទ្រង់ត្រាស់សួរបញ្ជាក់ហោរាថែមទៀតថា: ហេតុអ្វីបានហោរាទាយដូច្នេះ? តើឃើញហេតុដូចម្ដេចខ្លះ? ហោរាក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំបានពិនិត្យសង្កេតមើលក្នុងហោរាសាស្ត្រទៅ ឃើញមានហេតុ ៧ ប្រការគឺ:

  • ប្រការ ១: កាលព្រះអង្គចាប់បដិសន្ធិនោះ សម្ដេចព្រះកន្លោង (សម្ដេចព្រះមាតា) ទ្រង់ព្រះសុបិនឃើញចន្ទគ្រាសក្នុងថ្ងៃពេញបូណ៌មី
  • ប្រការ ២: ដល់ព្រះអង្គប្រសូត្រមកទៀតនោះ ក៏ប្រសូតក្នុងពេញបូណ៌មី ថ្ងៃនោះក៏មានចន្ទគ្រាសទៀត។
  • ប្រការ ៣: ទ្រង់មានព្រះនាមទៀត ក៏ហៅថា ព្រះចន្ទ។
  • ប្រការ ៤: កាលសម្ដេចព្រះជេដ្ឋានៃព្រះអង្គគង់ព្រះជន្មនៅឡើយ ទ្រង់បានព្រះសុបិននិមិត្តឃើញថា ព្រះវររាជបិតានៃទ្រង់ មកហៅព្រះអង្គទៅកុំឱ្យព្រះអង្គនៅតស៊ូនឹងនាគ។ ថានាគនេះ លុះតែព្រះចន្ទពីទិសខាងលិចមកក្នុងថ្ងៃណា ទើបវានោះនឹងរលាយបាត់បង់ទៅវិញ។ ឥឡូវនេះ ព្រះអង្គក៏ស្ដេចមកពីប្រទេសសៀមជានគរនៅទិសខាងលិចនៃនគរកម្ពុជានេះ គឺត្រូវនឹងសុបិននិមិត្តនោះមែន។
  • ប្រការ ៥: ព្រះអង្គទ្រង់ព្រះនាមថា ព្រះចន្ទនេះ ជានិមិត្តរូបនៃទីត្រជាក់របស់អាណាប្រជានុរាស្ត្រ។
  • ប្រការ ៦: ឥឡូវនេះ ឃើញថាតាំងពីព្រះស្ដេចចូលមកជាន់ផែនដី ក្រុងកម្ពុជាថ្ងៃណាអាណាប្រជានុរាស្ត្រ ក៏ក្សេមក្សាន្តក្នុងចិត្តណាស់។
  • ប្រការ ៧: ព្រះនគរនេះ សម្ដេចអម្រិន្ទ្រាធិរាជ ទ្រង់បានឧបត្ថម្ភជួយទំនុកបំរុងឱ្យកើតជាមហានគរមក។ ដល់ទ្រង់ព្រះករុណាពិសេសបានគ្រប់គ្រងនគរទំនុកបំរុងព្រះពុទ្ធសាសនា ក៏ធ្វើដោយបុណ្យ ដោយឫទិ្ធទាំងតែងតាំងមន្ត្រីខ្ញុំរាជការ ក៏ត្រឹមត្រូវតាមដំណើរនៃអ្នកមានគុណបំណាច់។ ហេតុនេះហើយ ទើបសម្ដេចអម្រិន្ទ្រាធិរាជ ទ្រង់បណ្ដាលជាឥន្ទធនូ ៧ ពណ៌ ពាសពេញទាំងអាកាសក្នុងវេលាដែលទ្រង់តាំងមន្ត្រីនោះ។ បានសេចក្ដីថា ព្រះឥន្ទ្រាធិរាជ ទ្រង់ប្រទានសព្ទសាធុការពរថ្វាយព្រះអង្គឱ្យបានជាកំពូលភពជាម្លប់កម្ពុជានេះ ហើយកុំឱ្យរាស្ត្រស្ដាប់មនុស្សក្រៅពីព្រះរាជត្រកូលឡើយ។

ព្រះបាទសម្ដេចព្រះចន្ទរាជា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ឃើញថា ហោរាទាយនេះ មានលក្ខណៈមានគោលចារឹកគ្រប់គ្រាន់ល្មមជឿបាន ទើបទ្រង់មានព្រះអំណរណាស់។ ទ្រង់បានចំណាយព្រះរាជទ្រព្យប្រទានដល់ហោរានោះ ហើយទ្រង់ចំណាយព្រះរាជទ្រព្យដល់កងទ័ព ដែលកាប់ឈើធ្វើព្រះវិហារនៅជំរំ ដែលធ្វើរោងរាជពិធីនៅមាត់ស្ទឹងនោះ។

លុះថ្ងៃក្រោយមក សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា "ទឹកស្ទឹងនេះ រីងហួតអស់" ទ្រង់សង្ស័យក្នុងព្រះហឫទ័យណាស់ទើបស្ដេចឡើងគង់លើព្រះរាជទីនាំងអស្សតរព្រមទាំងពួកនិករចេញទៅទតដល់ក្បាលស្ទឹង។ ទ្រង់ឃើញទឹកស្ទឹងនោះ ហូរច្រោះដីរូងហូរទៅទិសខាងជើង មានឈើ មានថ្មរលើងរលំ ត្រង់មាត់ស្ទឹងខាងត្បូង។ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាវង្សាធិបតីសម ក្រុមព្រះសុរិយោដីឱ្យប្រមូលរាស្ត្រឱ្យបួងសួងអ្នកតាធ្វើពិធីលើកដីបិទផ្ទៃស្ទឹងនោះមិនឱ្យហូរទៅទិសខាងជើង។ ទឹកនោះក៏ហូរតាមប្រឡាយ ដែលជីកថ្មី ហើយហូរចុះទៅស្ទឹងធំដូចដើមវិញ ហើយក៏ស្ដេចព្រះរាជដំណើរមកបន្ទាយវិញ។ ក្រោយពីនោះមានស្រីពីរនាក់ មួយឈ្មោះឯម មួយទៀតឈ្មោះអាំ មានប្ដីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្ដី។ នាងឯម សាហាយ និងចៅកៅ ចាក់ចៅលួសជាប្ដីស្លាប់។ នាងអាំ សាហាយនិងចៅគាំកាប់ចៅសោមជាប្ដីស្លាប់។ ពេលនោះ ទីទំនប់ស្ទឹង ក៏ហូរធ្លាយចេញ ចុះទិសខាងជើង ដូចជាន់មុនទៀត។ ចៅហ្វាយស្រុកក្រមការ ខែត្របរិបូណ៌ចាប់បានអាចោរមេចោរទាំងប្រុសស្រីនាំខ្លួនយកទៅក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ត្រាស់ថាអញបិទទំនប់នេះ ព្រោះត្រូវការឱ្យទឹកហូរចេញ ចុះមកក្នុងស្ទឹងដើម្បីឱ្យអ្នកស្រុកធ្វើរហាត់ទឹក យកទឹកដាក់ស្រែយកស្រូវឱ្យបរិបូណ៌ ពុំគួរឡើយអាចោមមេចោរទាំងពីរ ៤ នាក់នេះទៅបំផ្លាញពិធីទំនប់ទឹកនេះឡើយ។ បើដូច្នោះត្រូវមានទោស ៣ ស្ថានគឺ:

  • ១. ត្រូវថាវាទាំង២ នាក់លួចប្រពន្ធគេ
  • ២. ត្រូវវាទាំង ៤ នាក់មានទោស ព្រោះបានសំលាប់មនុស្សពីរនាក់
  • ៣. វាទាំង ៤ នាក់ត្រូវមានទោស ថាបង្អត់បាយគេ ទូទៅទាំងខែត្រ។

ទើបទ្រង់បង្គាប់មន្ត្រីក្រុមព្រះនគរបាល និង ក្រុមព្រះសុរិយោដីឱ្យយកអាចោរ មេចោរទាំង ៤ នាក់នេះ ទៅដាក់ក្នុងទំនប់នោះ។ មន្ត្រីក្រុមទាំងពីរ ក៏ថ្វាយបង្គំលានាំមនុស្សចោរទាំង ៤ នាក់នោះទៅធ្វើពលិការបួងសួងអាកាសទេវតា អារក្ខទេវតា ហើយសំរេចទោស អាមេទាំង ៤ នាក់ រួចលើកដីលប់ទៅ។ បិសាចខ្មោច អា មេ ទាំង ៤នាក់និងកូនក្នុងពោះពីរនាក់ ជា៦នាក់ ក៏នៅឃុំរក្សាទំនប់នោះ ទំបន់នោះក៏ជិតជាប់រៀងមកដល់ឥឡូវនេះ។ អស់បណ្ដាអ្នកស្រុក ធ្វើស្រែដោយហេតុទំនប់នេះចំរើនផលស្រូវជាសព្វឆ្នាំ។ ទឹកស្ទឹងនេះហូរខ្លាំងមក ប្រែះដីនោះជ្រៅ ធំទូលាយ អាចឱ្យចេញចូលទូកបាន អ្នកឈ្មួញ ជួញលក់ ចេញចូលទៅនៅរកស៊ីតាំងជាផ្ទះផ្សារជាច្រើន។ ហេតុនោះហើយបានជាហៅថា "ផ្សារបរិបូណ៌" តមកដល់សព្វថ្ងៃនេះ។ ឯដីចុងស្ទឹងនោះទ្រង់ត្រាស់ឱ្យកងទ័ព និង អ្នកស្រុកធ្វើស្រែសឹងតែបានចំរើនផលជាច្រើនសូមប្រកបនឹងមានខែត្របរិបូណ៌ ដែលទ្រង់ប្រែឈ្មោះនោះ។

លុះមកដល់ឆ្នាំឆ្លូវ នពស័ក ព.ស ២០៦១, គ.ស. ១៥១៧, ម.ស. ១៤៣៩, ច.ស. ៨៧៩ នោះព្រះបរមបពិត្រទ្រង់ត្រាស់ឱ្យរំសាយរេហ៍ពលឱ្យធ្វើស្រែគ្រប់ខែត្រ ហើយត្រាស់ឱ្យធ្វើព្រះរាជបន្ទូល ព្រះរាជប្រកាសឱ្យមន្ត្រីប្រើបំរើឱ្យលបយកទៅបិទគ្រប់ខែត្រត្រើយខាងលិច។ សេចក្ដីប្រកាសនោះថា បើខែត្រណាមានចិត្តសុចរិតស្មោះត្រង់នឹងសម្ដេចព្រះឧបរាជដែលជាព្រះរាជត្រកូលពុំចូលនឹងពួកអាព្រះស្ដេចកនជាអ្នកងារពលព្រះទេ ក៏ចូលទៅសារពិភ័ក្ដីតាំងពីឥឡូវនេះឱ្យហើយទៅ។ តែទុកឱ្យយូរទៅដរាបដល់បានរាបទាបក្នុងព្រះនគរនោះ ព្រះអង្គនឹងយកទោសចាត់ទុកជាក្បត់ផែនដីដូចពួកអាស្ដេចកនជាប្រាកដពុំលែងឡើយ។ កាលនោះ ដោយហេតុតែបុណ្យបារមីរបស់ស្ដេចចៅពញា ចន្ទរាជាអស់បណ្ដារាស្ត្រទាសកម្មករគ្រប់ភាសាក្នុងក្រុងកម្ពុជា ក៏កើតមានគំនិតប្រាជ្ញា ស្នេហាមេត្រីនឹងព្រះបរមបពិត្ររាល់រូបកាយពុំមានខាន។ បណ្ដារាស្ត្រទាសកម្មទាំងនោះ ក៏នាំគ្នាចូលមកថ្វាយបង្គំសុំសារពិភ័ក្ដិច្រើនស្រុកច្រើនខែត្រ។

សមរភូមិទន្លេសាប[កែប្រែ]

ចៅហ្វាយស្រុកខែត្រអាសន្ទុក​លុះ​ដឹង​ថា “សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខែត្រ​រលាប្អៀរ លង្វែក ហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់​ខែត្រ​ដែល​ឡើង​ខែត្រ​អាសន្ទុក​នោះគឺ​ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង​ ២៥ ​នេះ​កេណ្ឌ​បាន​ពល​ ៨០០០០ នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រសំរាប់ចំលង​​កងទ័ព​ឆ្លង​ទៅ​ខែត្រ​ក្រគរដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​រត់គេច​ខ្លួន​បាន។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​បរិបូរណ៍ (អម្រិន្ទបូរី)។ ក្នុង​​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា “កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ឲ្យ​កងទ័ព​ឆ្លងទន្លេ​សាប​មក​ខែត្រ​ក្រគរ​ហើយ” ទ្រង់​ឈ្វេងយល់​គ្រប់​ប្រការ​ស្រេច ទើប​ស្ដេច​ត្រាស់​បង្គាប់បំរើសេះ​ឲ្យទៅ​ទូល​ចៅពញា​យសរាជាដែល​នៅ​រក្សា​ខែត្រ​ពោធិ៍សាត់​ថា ឲ្យ​លើក​កងទ័ព​ទៅ​ស្ទាក់​ចាំ​នៅ​កំពង់​ដៃទន្លេ​សាបកុំ​ឲ្យ​កងទ័ព​សត្រូវ​ឡើងគោក​រួច។ ឯ​ចៅពញា​យសរាជា​ជា​ស្ដេច​ព្រះ​ភាគិនេយ្យោ (របស់​ព្រះ​ចន្ទរាជា) ទ្រង់​ជ្រាប​ហើយ​ទ្រង់​ឲ្យ​នាយកង​ទ័ព​នាំ​រេហ៍ពល ​១០០០០ ​នាក់កាន់​កាំភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​នៅ​មាត់ព្រៃ​ទន្លេសាប​ពីរ​អន្លើ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន។ ទ្រង់​ត្រាស់​កំណត់​ថាបើ​កងទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ត្រូវ​ឲ្យ​តាម​បាញ់​តាម​ចាប់​យកជ័យ​ជំនះ​ឲ្យ​បាន។ សម្ដេចចៅពញា​ចន្ទរាជា កាល​ឲ្យ​បំរើ​ទៅ​ទូល​សម្ដេចព្រះ​ភាគិនេយ្យោ​ចៅពញា​យសរាជា​រួច​ហើយ ស្ដេច​ត្រាស់​បង្គាប់​ចៅពញា​អធិបតីសេនាពេជ្រ និង​ចៅពញា​យោធាសង្គ្រាមពៅឲ្យ​នាំ​រេហ៍ពល​ ២០០០០ ​នាក់​ទៅ​បង្កប់​ចាំ​នៅ​មាត់​ព្រែក​ទន្លេសាប​ត្រើយ​ខាងកើត ហើយ​ទ្រង់​ផ្ដាំ​ថា “បើ​ឮ​កាំភ្លើង​សន្យា​ទ័ព​ហើយឲ្យ​លើក​កងទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សំរេច​ចុះ” ។ ចៅពញា​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ថ្វាយ​លា​ចេញ​ទៅ​តាម​ព្រះរាជ​បញ្ជា។ ឯ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​ចក្រពត្ដិគឺ​ទូក​-ង​សារាយអណ្ដែត​នោះ ព្រម​ដោយ​ទូក-​ង​ផ្សេងៗ​ ២៥ ​ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​មាត់​ព្រែក​ទន្លេសាបចាំ​ទ័ព​សត្រូវ។ ចៅពញា​ឧទ័យធិរាជ​ ចៅហ្វាយស្រុក​ខែត្រអាសន្ទុក (ខាង​ស្ដេច​កន) កាល​បាន​ទូក និង​ទ័ព​មក​ជួបជុំ​ហើយ​ក៏​ដេញ​ពល​ឲ្យ​ចុះទូក​ទៅ​ដល់​ជិត​ព្រៃ​ត្រើយ​ ខាងលិច។ ខណៈនោះ​កងទ័ព​ចៅពញា​យសរាជា​ដែល​បង្កប់ខ្លួន​នោះ​ក៏​តាំង​ហ៊ោរ​បាញ់កាំភ្លើង​ ធំ​តូច​រំពង​ឡើង។ កងទ័ព​ចៅពញា​ឧទ័យធិរាជ​ជិះទូក​កំណែន គ្មាន​ចំណាប់​នឹង​បាញ់ ក៏​បែក​កងទ័ព​រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយអន្លើ​ក្នុង​ខែត្របរិបូរណ៍។ នៅ​ទីនោះ​កងទ័ព​ចៅពញា​ឧទ័យធិរាជ​ទាំងនោះ​រត់ទៅ​ជួបនឹង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម។ ខាង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​កាប់​ចាក់​កងទ័ព​សត្រូវ​ឥត​ត្រា​ប្រណី​ឡើយធ្វើ​ឲ្យ​កងទ័ព​សត្រូវ​ទ្រាំ​មិន​បាន​ក៏​រត់​ឆ្លង​ទៅ​ត្រើយ​ខាងកើត​វិញ។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់ទឹក​ទន្លេសាប​នោះ​ប្រមាណ​ជា​ពីរ​ ឬ​ បី​ពាន់​នាក់។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ដែល​បង្កប់​ក្នុង​ព្រៃ លុះ​ឮ​សូរកាំភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅពញា​ឧទ័យធិរាជ​រារង់​ថយ​មក​នោះ ទ្រង់​ក៏​ឲ្យ​ទូក​ង​ទាំង​ ២៥ និង​ទូក​ព្រះ​ទីនាំង​ព្រះ​ចក្រពត្ដិ​អុំ​សំរុកចូល​ទៅ​ចាប់ ហើយ​ចាប់​បាន​ទាំង​ពល​ទាំង​ពញា​ឧទ័យធិរាជ និង​ចៅ​មឿង​ ១០ ​នាក់​ទៀត។ ឯ​ចៅ​មឿង ​១១ ​នាក់​ទៀត​លោត​រត់​ដោះ​ខ្លួន​ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើតជា​មុន។ ឯ​ចៅពញា​អធិបតី​សេនា និង​ចៅពញា​យោធា​សង្គ្រាម​ដែល​នៅ​បង្កប់ទ័ព​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​នោះ លុះ​ឃើញ​ចៅ​មឿង​ទាំង​ ១១​ នាក់​រត់ទៅ​ដល់​ហើយ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញចាប់​បាន​ទាំងអស់ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំការ​ទំរាំ​ស្ដេច​យាង​ទៅ​ដល់។ លុះដល់​ថ្ងៃរសៀល​សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ចេញ​ព្រះរាជ​ដំណើរ​ទៅ​ដល់​ព្រះ​ពន្លា​នៅ​ត្រើយ​ខាងកើត​នោះ​ហើយ ចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅនាំ​ចៅហ្វាយស្រុក​ចៅ​មឿង​ទាំង​ ២២​ នាក់ និង​ឈ្លើយ​ទាំង ​៦០០០០​ នាក់​ដែល​ចាប់​បាន​នោះនាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ។ ខណៈនោះ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន សេនា​ទាហាន ឯក ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍ពល​ ៦០០០០​ នាក់ក៏​កោតខ្លាច​អំណាច​បុណ្យ​បារមី​នៃ​សម្ដេចចៅពញា​ចន្ទរាជា ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជការ​ត្រា​អស់​មួយ​ជីវិត។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​តាម​សុំ។ តែ​ក្នុង​គ្រានោះ​ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​នូវ​ក្រុម​ព្រះ​បុរោហិត​នៅឡើយនឹង​ឲ្យធ្វើ​សច្ចាប្រណិធាន​តាម​ច្បាប់​ប្រពៃណី​ពុំ​កើត ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ទាំងនេះ​ទទួល​ថា​តាម​ព្រះ​អង្គ ​៣ ​ដង​ម្នាក់ៗ ហើយ​ឲ្យ​ក្រុម​ទាំងនោះ​ទទួលទាន​ទឹកពិភទ្ទសច្ចា​ទុកជា​ការ​ស្រេច។

យកបានអាណាខែត្រខាងកើត និង ឦសាន[កែប្រែ]

លុះ​ពល​ទាំងនោះ​សុំ​ចុះចូល​អស់ហើយ ព្រះ​អង្គ​ត្រាស់​បង្គាប់​ទៅ​ពញា​ឧទ័យធិរាជ​ជា​ចៅហ្វាយ​ស្រុកខែត្រ​អាសន្ទុក​ដែល​ទើបនឹង​សុំ​ចុះចូល​ឲ្យ​នាំ​មឿង​ទាំង​ ២២ ​ស្រុក និង​រេហ៍ពល ​៦០០០០​ នាក់​ដែល​សល់​ពី​ស្លាប់​នោះ​ឲ្យ​លើកទ័ព​ទៅ​វាយបន្ទាយ​ខែត្រ​កំពង់សៀម បន្ទាយ​ខែត្រជើងព្រៃ និង​ស្ទឹងត្រង់ ទាំង ​៣​ ខែត្រ​នេះ​ឲ្យ​បាន។ ចៅហ្វាយស្រុក​ទាំង ​៣ ​ខែត្រ​នេះ​ធ្លាប់​ខ្លាច​ថ្វីដៃ​ចៅពញា​ឧទ័យធិរាជ​ស្រាប់លុះ​ឃើញ​កងទ័ព​ពញា​ឧទ័យធិរាជ​ចាត់​សេនា​ទាហាន​ឲ្យ​នៅ​រក្សា​ខែត្រ​ទាំង ​៣​ នោះ​ហើយក៏​លើកទ័ព​មក​ក្រាប​បង្គំ​ទូល​ស្ដេច​ចៅពញា​ចន្ទរាជា​អំពី​ជ័យ​ជំនះ​ ដែល​ខ្លួន​យក​បាន​គ្រប់​ប្រការ។ ស្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ព្រះ​រាជទាន​មាស ប្រាក់ យសស័ក្ដិ​ដល់​សេនា​ទាហាន​ទាំងនោះ​ឲ្យ​ឡើង​ទីទៃៗ​ពី​គ្នា​តាម​សមគួរ​ហើយ ទ្រង់​ផ្ដាំ​នឹង​ចៅពញា​ឧទ័យធិរាជ​ឲ្យ​ការពារ​សឹក​សង្គ្រាម​ត្រើយ​ខាងកើត ទិស​ខាងជើង​នេះ​ឲ្យ​ជាប់​នៅ​នឹង​បា​ឯងឲ្យ​បា​ឯង​ខំ​រក្សា​អាណាខេត្ដ ព្រមទាំង​បញ្ចុះ​បញ្ចូល​ចៅហ្វាយស្រុក ចៅ​មឿង​ទីទៃៗ​ឲ្យ​បាន​មក​ជា​ចំណែក​ខាងយើង​ទាំងអស់។ ចៅពញាឧទ័យធិរាជប្រាង្គ និង​ចៅ​មឿង ​២១​ ខែត្រក៏​ថ្វាយបង្គំ​ទូល​ថ្វាយ​ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ខែត្រទីទៃៗ​រៀងខ្លួន។ ចៅពញា​ឧទ័យធិរាជ​ទៅ​ដល់​ខែត្រ​ហើយ ក៏​ឲ្យ​កេណ្ឌ​សេនា​ទាហាន និង​អ្នកមាន​ប្រាជ្ញា​ស្មារតី​មាន​ថ្វីមាត់​ចេញ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ ចៅហ្វាយស្រុក​ចៅ​មឿង​ដែល​នៅ​ទិស​ខាងកើត​ ប៉ែក​ខាងលិច​នោះ​ទាំងអស់។ សេនា​ទាហាន និង​អ្នក​មាន​ប្រាជ្ញា​ស្មារតី​ថ្វីមាត់​ទាំងនោះ​ទៅ​បញ្ចុះបញ្ចូល​បាន​ ចៅហ្វាយស្រុក​មហានគរ ចៅ​មឿង​សូទ្រ​និគម ចៅ​មឿង​ពួក ចៅ​មឿង​ក្រឡាញ់ ចៅ​មឿង​ចុងកាល់ និង​រហូត​រៀង​ទៅ​ដល់​ចុងផែន​បានជា​ច្រើន​នៅ​ទិស​ខាងលិច​ជា​ស្រេច​ដាច់ខាត​មកខាង​ស្ដេច​ពញា​ចន្ទរាជា​ទាំងអស់។ ចៅពញា​ឧទ័យធិរាជ​ជោគជ័យ​ដូច្នោះ​ហើយ ក៏​ធ្វើ​សំបុត្រ​ក្រាប​បង្គំ​ទូល​ចូល​មក​ព្រះបាទ​ចន្ទរាជា​ជា​ម្ចាស់​តាម​ដំណើរ។ ព្រះបាទ​អ្នក​អង្គ​ម្ចាស់​ទ្រង់​ជ្រាប​ហើយ ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទើប​ព្រះ​អង្គ​ថយ​ទ័ព​ត្រឡប់​មក​ខេត្ដ​អម្រិន្ទបូរ​វិញ។ ក្នុង​ឆ្នាំជូតអដ្ឋស័ក​នោះ ព្រះ​សង្ឃរាជ​រាជាគណៈ ​ឋានានុក្រម និង​ព្រះ​បុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជ​វង្សានុវង្ស​ដែល​រត់​ខ្ចាត់​ភ្លាត់​ចេញពី​ក្រុងភ្នំពេញ និង​ពី​ក្រុង​បាសាន្ត​នោះ​ដឹង​ថា “សម្ដេច​ព្រះអនុជ (ព្រះ​ចន្ទរាជា) ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ហើយ” ក៏​ចេញពី​ព្រៃ​ដែល​ពួន​ជ្រក​នោះ​មក​ជួបជុំ​នាយកង​នាយ​ទ័ពសុំ​ឲ្យ​នាំ​ខ្លួន​យក​ទៅ​ថ្វាយ​ជា​ខ្ញុំ​រាជការ ហើយ​ប្រឹក្សា​គ្នា​ថា “ទ្រង់​ព្រះករុណា​ពិសេស​ជា​អម្ចាស់​យើង​នេះ​ពេញ​ជា​ព្រះរាជ​បុត្រា​បង្កើត​នៃ​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ ព្រះ​ធម្មរាជា​ដែល​ជា​ព្រះមហាក្សត្រ​ទ្រង់ធម៌ ទ្រង់​ប្រាថ្នា​ជា​ពុទ្ធភូមិ វិរិយោធិក ព្រះ​អង្គ​ម្ចាស់​យើង​នេះ​ពេញ​ជា​មាន​សតិបញ្ញា​ឈ្លាសវៃ​ណាស់ ព្រះ​អង្គ​ឈម​ព្រះ​ភ័ក្ដ្រ​ទៅ​ធ្វើសង្គ្រាម​ទិស​ណា ក៏​វាយ​ទិស​នោះ​បាក់បប​ខ្លបខ្លាច​ទាំងអស់ ពុំដែល​ទើស​ទាក់ និង​ព្រះ​រាជានុភាព​បាន​ឡើយ។

រារាំងការវាយរុលមកខែត្របរិបូរណ៍-ពោធិ៍សាត់[កែប្រែ]

លុះដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខែត្រថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខែត្របរិបូរណ៍-​ពោធិ៍សាត់​វិញ​ឲ្យ​បាន។

សមរភូមិសំរោងទង គស.១៥១៧[កែប្រែ]

សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បានឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០ ​នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព ​២០០០០ ​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទងឲ្យ​សម្ដេចចៅហ៊្វាកៅឃុំ​ពល ​៣០០០០ ​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ

ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើសេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ាវង្សាអគ្គរាជកែន (កែ) ឲ្យ​ឃុំ​ពល ​២០០០០ ​នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យោយសរាជានៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ ៣០០០០​ នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌នៅ​ខេត្ដ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ាវង្សាអគ្គរាជកែ (កែន) លើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក​ព្រះរាជា​នុកូលទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ចំនួន​ដំរី​សឹក​ ១៤០​ នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាលទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។

សមរភូមិបាទី-ទ្រាំង[កែប្រែ]

មេទ័ព​នៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខែត្របាទី ខែត្រទ្រាំង​មួយ ចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាស​មួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅ​មឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោង​មួយ ចៅ​មឿង​ជើងកញ្ជុំ​មួយនាំ​មក​ក្រាបទូល​ថ្វាយ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខែត្រ​ដូច​ដើម​វិញ។ ចៅពញាពិស្ណុលោកឯក ជា​ចៅហ្វាយស្រុក​ខេត្ដ​ទ្រាំងក្នុង​ពេល​នោះ​រត់​រួច ហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនស​មួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខេត្ដ​នោះ។ ដល់​រដូវ​ទ្វារទសមាសអកអំបុក​នោះ អស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជាជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ ឈើ ប្រក់​ស្បូវ នៅ​កំពង់​ខែត្រ​លង្វែក។ លុះដល់​សំរេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូក​ ប្រទីបថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែលតំកល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ទាថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តំកល់​ព្រះ​ចង្កូម​កែវ​នៅ​ឋាន​ត្រៃត្រិង្ស ​៣​ ថ្ងៃ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ហៅ​ថា “ភូមិ​សូរវង្ស”។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​ កំពង់ប្រាសាទ​រៀង​មក។

សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨[កែប្រែ]

លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខែត្រ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វាកៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយគ្មាន​ស្រូវវេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។ លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខែត្រ​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាមជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ាវិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ៊្វាទឡ្ហៈ​ទេព ជា​កូន​ទី​ ៣​ ចៅពញា​មឿង ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញាពេជ្រ​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន្ត។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បានខែត្រ​ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោម។ ចៅ​មឿង​ដែល​ឡើង​ខែត្រ​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខែត្រ​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។

ឧបាយធ្វើគតព្រះអង្គ[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​ម្ចាស់ផែនដី​ដែល​ឡើង​ខែត្រ​ត្រើយ​ខាងកើត ទ្រង់​ជ្រាប​អំពី​បរាជ័យ​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា ចៅពញា​ចន្ទ​នេះ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ឧបាយកល​គេ ខូច​រេហ៍ពល​ច្រើន​ដងមិន​គិត​សងសឹក​វិញ​ឲ្យ​បាន​សោះ។ ទើប​ទ្រង់​គិត​ឧបាយកល​រើស​សេនា​ទាហាន​ដែល​មាន​ទំនុកចិត្ដទុក​ព្រះ​ទ័យ​បាន​ ១០០ ​នាក់ ហើយ​ត្រាស់​បង្គាប់​ថា “ឲ្យ​ក្លែង​រត់​ចូល​ទៅ​នៅ​នឹង​សម្ដេចចៅពញា​ចន្ទរាជា កាលបើ​ល្បង​ឲ្យ​ទុក​ព្រះ​ទ័យ​បាន​កាលណា​ហើយ​ឲ្យ​ទាហាន​ទាំងនោះ​នាំ​គ្នា​លុក ​សំលាប់​ឲ្យ​បាន បើ​អ្នក​ទាំងឡាយ​ធ្វើ​បាន​យើង​នឹង​ឲ្យ​អ្នក​ឡើង​យសស័ក្ដិ​ឲ្យទ្រព្យសម្បត្ដិ​ឲ្យ​ពេញចិត្ដ”។ សេនា​ទាំង ​១០០​ នាក់​នោះ​ថ្វាយបង្គំ​សុំ​ទទួល​អាសា​ថា “ទូលព្រះបង្គំ​ទាំងឡាយ​នឹង​ធ្វើ​ឲ្យ​បាន​តាម​ព្រះរាជ​ហឫទ័យ” ។ ព្រះ​ស្រីជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ឮ​ថា​សេនា​ទាហាន​ព្រមព្រៀង​ហើយ​ទ្រង់​ ព្រះ​អំណរ​ណាស់ ទើប​ទ្រង់​តាំង​ឲ្យ​ហ្លួង​ជ័យ​ជា​ក្មួយ​មេ​បាន (ម្ដាយ​ព្រះស្ដេច​កន) ឲ្យធ្វើ​ជា​ចៅពញា​មន្ដ្រី​តេជៈ (មេទ័ព) ឃុំ​ពល​ទាហាន​ទាំង​ ១០០ ​នាក់​នោះ​ឲ្យទៅ​ចាត់ការ​ឲ្យ​បាន​សំរេច។

លុះទៅ​ដល់​បន្ទាយ​ផែនដី​ទិស​ខាងលិច ទាហាន​ទាំង​ ១០១ ​នាក់​នោះ​ ក៏​ចូល​ទៅ​រក​សេនាបតី​ឲ្យ​នាំ​ចូល​ទៅ​ថ្វាយខ្លួន​ នៅ​ជា​ខ្ញុំ​រាជការ​ទ្រង់​ព្រះករុណា​ពិសេស។ លុះដល់​ខ្នើត ខែ​ពិសាខ ព.ស​ ២០៦៣, គ.ស​ ១៥១៩, ម.ស ​១៤៤១, ច.ស​ ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះ​ចន្ទរាជាជា​អម្ចាស់ជីវិតលើត្បូង ព្រះ​អង្គ​ស្រង់​ក្នុង​ទឹកស្ទឹង​ខែត្រ​បរិបូណ៌​នោះ ព្រមទាំង​សេនា​ទាហាន​ស្និទព្រះ​អង្គជា​ច្រើន​សុទ្ធតែ​ដៃទទេ​គ្មាន​ សាស្ត្រាវុធ​សោះ។ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ទាំងនោះ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​ចុះ​ងូតទឹក​គ្រប់​គ្នា។ មន្ដ្រី​សេនា​ទាហាន​ស្និទព្រះ​អង្គ​ទាំងអស់​ក៏​ផ្លាស់សំពត់​ងូតទឹក​តាម​ ព្រះរាជ​អធ្យាស្រ័យ។ ឯ​ពញា​មន្ដ្រី​តេជៈ និង​ទាហាន​ ១០០​ នាក់​ដែល​ព្រះ​ស្រីជេដ្ឋា​ប្រើ​ទៅ​នោះ ងូតទឹក​ទាំង​សំពត់​ស្លៀក ពុំ​ហ៊ាន​ផ្លាស់​ព្រោះ​ក្រែង​គេ​មើលឃើញ​កាំបិត​ដែល​ខ្លួន​ចង​ជាប់​នៅ​ភ្លៅ​ នោះ ។ សម្ដេច​បរមបពិត្រ​ទ្រង់​យល់​ដូច្នេះ​ហើយ ទ្រង់​មានការ​សង្ស័យ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ក៏​ត្រាស់​តឿន​ឲ្យ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​អស់​គ្រប់​គ្នា។ ពួក​ក្បត់​ទាំង​១០១​នាក់​នោះ​យល់​ថា មុខជា​ពុំ​រួចខ្លួន​ទេ​ក៏​ថ្លោះទឹកមុខ​គ្រប់ៗ​គ្នា។ ទ្រង់​យល់​ពិរុទ្ធ​ដូច្នោះ​ហើយ ហេតុតែ​បុណ្យ​បារមី ទ្រង់​រឹតតែ​សង្ស័យ​ក្នុង​ព្រះរាជ​ហឫទ័យ ក៏​ស្ទុះ​ឡើង​ពី​ក្នុង​ស្ទឹង​ទៅ​ប្រថាប់​ក្រោម​ម្លប់ឈើ​មួយ។ ទ្រង់​ចាប់​បាន​ព្រះស្ដែង​ដាវ​ទាំង​ស្រោម ឯ​ពួក​ក្បត់​ទាំងនោះ​គិត​ថា ការណ៍​ម្ដងនេះ​បើ​មិន​ធ្វើ​ឲ្យ​ហើយ​ទេ មុខជា​មិន​រួចខ្លួន​ឡើយ ទើប​ពួក​វា​ទាំងនោះ​ក្លែង​ថា សូម​ចូល​ទៅ​ក្រាបទូល​ត្បិត​ថា​វា​មាន​ការណ៍​ជា​សំងាត់​នឹង​ត្រូវ​ក្រាបទូល។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាយកល ហើយ​ក៏​កាន់​ព្រះរាជ​អាវុធ​ជាប់​នឹង​ព្រះ​ហត្ថា ហើយ​ព្រះ​អង្គ​ក៏​ក្លា​នៅ​គុន​អាវុធ​ផង។ លុះ​ពួក​ក្បត់​ហូត​កាំបិត​ចូល​មក​ប្រហារ​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​ត​នឹង​អាវុធ​ដាវ​នោះ ដោយ​កាប់​ត្រូវ​អា​មន្ដ្រី​តេជៈ​ជា​មុនគេ ហើយ​ទ្រង់​ស្ទុះ​ទៅ​ត​នឹង​អា​ក្បត់​ ១០០​ នាក់​ទៀត។ ឯ​អស់​ខ្ញុំ​រាជការ​ដែល​តាម​ហែ​ក៏​ផ្អើល​ឆោឡោ​ឡើង ខ្លះ​ចូលចាប់​ដោយ​ដៃទទេ តែ​ត្រូវ​ពួក​អា​ក្បត់​ចាក់​ត្រូវ​ស្លាប់ និង​ពិការ​ជា​ច្រើន។ ខ្ញុំ​រាជការ​ខ្លះ​ទៀត​ស្ទុះ​ទៅ​ដក​បាន​បង្គោលរបង​ចូល​ត​នឹង​ពួក​អា​ក្បត់​ យ៉ាង​អង់អាច។ ពួក​អា​ក្បត់​ស្លាប់ និង​ចាប់​បាន​ ៣៥ ​នាក់ក្រៅពី​នោះ​រត់​រួច​ទាំងអស់ ឯ​ពួក​អា​ក្បត់​ដែល​ស្លាប់ និង​ត្រូវ​ចាប់​បាន​នោះ ទ្រង់​ត្រាស់​សុំ​ឲ្យ​កាត់​ក្បាល​ដោត​ជាបំរាម ហើយ​ស្ដេច​ព្រះរាជ​ដំណើរ​ត្រឡប់​ចូល​ទៅ​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព។ ក្រោយ​ពី​នោះ​មក​ទ្រង់​ព្រះ​តំរិះ​យល់​ថា ការ​ធ្វើសឹក​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ណាស់​ទៅ​ទៀត ឯមុខ​ដំរី​សឹក​ក៏​នៅ​តិច ទូក​ចំបាំង គ្រឿងសាស្ដ្រាវុធ​ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់ ទើប​ទ្រង់​ត្រាស់​បង្គាប់​ក្រុម​ហ្ម​ថៅ ហ្ម​ទាំងពួង​ឲ្យ​ចេញ​ទៅ​ទាក់ដំរី ទ្រង់​បង្គាប់​ជាង​ទូក ឲ្យ​រកមក​ធ្វើ​ទូក​ចំបាំង​ឲ្យ​ច្រើន ទ្រង់​បង្គាប់​ជាងដែក​ឲ្យ​សិត​កាំភ្លើង និង​លំពែង ​ដាវ ផ្គាក់​ឲ្យ​បាន​ច្រើន ទ្រង់​បង្គាប់​ក្រុម​សេះ​ឲ្យ​ទិញ​សេះ​មក​បន្ថែម​ទៀត។ ទ្រង់​បង្គាប់​ភ្នាក់ងារ​ដំរី​ថា ការ​ណ៍ដែល​រង់ចាំ​ឲ្យ​ហ្មទៅ​ទាក់ដំរី​នោះ​ឃើញ​ថា យឺតយូរ​ពុំ​ទាន់​ការណ៍​ទេ យើង​ត្រូវតែ​ឲ្យ​ទិញ​ដំរី​ពី​ស្រុក​លាវ​យក​មក​បង្ហាត់​ឲ្យ​បានជា​ដំរី​សឹក​ឲ្យ​ស្ទាត់ទាំង​ព្រេចទាំង​ជាន់ទាំង​ជល់​ឲ្យ​បាន​ជា​ច្រើន។ លុះ​ចូល​ដល់​រដូវភ្លៀង ទ្រង់​បើក​កងទ័ព​ឲ្យ​ទៅ​ធ្វើស្រែ​ចំការ​ដាក់​ឲ្យ​មាន​នាយត្រួត​ត្រា​ធ្វើ​ឲ្យ​បាន​ច្រើន។ ស្រូវ​ក្នុង​ឆ្នាំ​នោះ​បង្កើត​ផលចំរើន​ឡើង​បាន​ ១ ​ជា ​៥ ​ជា​ ៦ ​ភាគ កាត់​យក​ជា​ពន្ធ​ដាក់​ឃ្លាំង​សំរាប់​សេនា ទាហាន មិន​ឲ្យ​អត់ឃ្លាន។ លុះ​ចេញ​វស្សា​រដូវ​រួច​ដល់​ខែ​មិគសិរ ឆ្នាំថោះ​នោះ ព្រះ​អង្គ​យក​ព្រះ​ក្សត្រី ព្រះ​វង្ស​ធំ លើក​ឡើងជា​ព្រះ​អគ្គមហេសី ទ្រង់​ព្រះ​នាម​សម្ដេចព្រះភគវតីសិរីចក្រពត្តិ ហើយ​ព្រះ​អង្គ​តែងតាំង​ឲ្យ​មាន​ព្រះ​ស្នំ​ឯក ទោ ត្រី ចត្វាឲ្យ​មាន​យស​ស័ក្ដិធំ​តូច​តាម​លំដាប់។

សមរភូមិកំពង់សៀម គស.១៥១៩[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខែត្រ​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញាវាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖

  • ឈ្មោះព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ”
  • ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង”
  • ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម”
  • ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី”

ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់ខែត្រ​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មានកេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន ​៨០០០០​ នាក់មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ។ ខណៈនោះ​ព្រះស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វា​កៅជា​មាឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនិង​ចៅពញា​វាំងចាត់​ចៅពញា​វៀង (ព្រំ) និង​សេនា​ទាហាន​រេហ៍ពល ​១៥០០០​ នាក់ជា​ទ័ព​មុខចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល​១០០០០​ នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញាយោធាធិបតីនួនឃុំ​រេហ៍ពល ​១០០០០ ​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញាមហាសេនាទន់ ឃុំ​រេហ៍ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រោយ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមនសែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​ ២០០០០ ​នាក់លើក​ចេញ​ជា​ទ័ព​ហ្លួង។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជឃុំ​រេហ៍ពល​ ២០០០០ ​នាក់​ចុះ​ទូកចំបាំង​ ​៣០០ ​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខែត្រ​ត្បូងឃ្មុំ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើតក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំងឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខែត្រ​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជាជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខែត្រពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួងចំលង​រេហ៍ពល​ ៥០០០០ ​នាក់ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ៖

  • ឧកញ៉ា​វិបុលរាជជា​ទ័ព​មុខឃុំ​ទូកចំបាំង ១០០ មាន​រេហ៍ពល​ ១០០០ ​នាក់។
  • ឧកញ៉ា​បរទេសរាជជា​ប៉ែក​ឆ្វេងឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់។
  • ឧកញ៉ា​រាជា​បវេរ​រាជឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់​ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ាត្រាចឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០​ នាក់​ជា​ទ័ព​ក្រោយ។
  • ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួងឃុំ​ទូក​ចំបាំង ​១០០ មាន​រេហ៍ពល​ ១០០០​ នាក់។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោកតទៅ​ទៀត៖

  • ឧកញ៉ា​ចក្រីឃុំ​រេហ៍ពល ​១០០០០ ​នាក់លើក​ទៅ​ជា​ទ័ព​មុខ។
  • ឧកញ៉ា​វង្សាអគ្គរាជឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ឆ្វេង។
  • ឧកញ៉ា​នរិន្ទ្រាធិបតីឃុំ​ពល ៦០០០​ នាក់ជា​ទ័ព​ក្រោយ។

ព្រះ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួងនាំ​រេហ៍ពល​ ២០០០​ នាក់ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា។ ឲ្យ​ឧកញ៉ា​យមរាជជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​ ១០០០០ ​នាក់លើក​ទៅ​ព័ទ្ធ​ដី​ព្រៃចំការលើ​ចុះ​មក។ សម្ដេចចៅពញាយោធា​នរិន្ទឃុំ​ពល ​១០០០០​ នាក់លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខែត្រកំពង់សៀម។ ឯ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រព្រម​ដោយ​សេនា​ទាហាននាយកង​ទ័ព​មុខក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ។ តែ ​ដោយហេតុ​ថាផ្លូវ​នោះ​មានទឹក​ច្រើន​ពេករេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខែត្រ​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​នោះ​មួយ​ថ្ងៃមុន។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការ​ខែត្រកំពង់សៀម​ចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព ​៤០០០០ ​នាក់មក​ចោម​វាយ​បន្ទាយ​នោះ​ ១៦ ​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេកកងទ័ព​ក្នុង​បន្ទាយ​តែ ​១០០០០​ នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ។ ព្រះបាទ​បរមនាថ​ បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ណ៍ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខែត្រ​ធ្វេសប្រហែស​ទេ គឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញចូល​កុំ​បារម្ភ​ឡើយ។

ចៅពញាមន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ណាស់។ លុះ​ព្រឹក​ឡើង​ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បំរើសេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទ​មួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​បង្គាប់។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ។ ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​-មកត​វិញ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង​ខាងលិច។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កំលាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​ ៣៥ ​សិន។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថាព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះបរម​បពិត្រ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​បំរាម។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បំរើ​ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថានឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង។

ឯព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ។ នៅ​ទីនោះ​ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ​រាជការ​ទាំងអស់​គ្នា។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញាវិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជជា​សេនាបតី​សំរាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម។ ខណៈនោះ ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សម្រេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម។ លុះ​ឃើញ​ទូក​ចំបាំងខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល ​៥​ ឬ​ ៦ ​នាក់​នៅ​រក្សា។ ក្នុង​ ១៥០ ​ទូក​នោះ​មាន​រេហ៍ពល​តែ ​១៥០០​ នាក់ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចំបាំងង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វីដៃ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចំបាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជចាប់​បាន​សត្រូវ​ចំនួន ​៨០០​ នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជរាយការណ៍​តាម​ដំណើរ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់។

ឯកងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។

ផ្អាកសឹកសង្គ្រាមលើកទី២[កែប្រែ]

លុះដល់​ខែ​ជេស្ឋជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ ស្ដេច​ពិជ័យ​នគរ ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​ ៣ ​នោះ​ចូល​ទៅសំរាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តំរិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង ។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តំកល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញាសង្គ្រាមកែវជា​រាជទូត​ ពញារក្សាសម្បត្តិឯម ជា​ឧបទូត ព្រះជំនាញអាវុធគាមជា​ត្រី​ទូតឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​ ៣​ លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា។ រាជទូត ឧបទូត ឆ្លង​មក​ដល់​ដែន​កំពង់សៀមប៉ង​នឹង​ឡើងគោក​ដើម្បី​យក​ព្រះរាជសារ​ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិយាមហា​ ចន្ទរាជាធិរាជ ខណៈនោះ​ម៉ឺន​ជំនិតសទ្រង់សួរជា​ព្រះ​ញាតិ​ដែល​នាំ​រេហ៍ពល​ ៣០០ ​នាក់​ដើរ​ល្បាត​ដូច​សព្វដង កាល​ឃើញ​រាជទូត​ទាំង​ ៣​ ដែល​យក​ព្រះរាជសារ​មក​ហើយ​ក៏​ស្រែក​ឲ្យ​ពល​ចូលចាប់។ រាជទូត​ទាំង ​៣ ​នាក់​ក៏​ប្រយុទ្ធ​គ្នា​នឹង​ទ័ព​ល្បាតធ្វើ​ឲ្យ​ធ្លាក់​បំពង់​ព្រះរាជសារ និង​ព្រះ​ពានមាស​នោះ​ទៅ​ក្នុង​ទឹក។ ទ័ព​ល្បាត​ចាប់​យក​បាន តែ​រាជទូត ឧបទូត ត្រី​ទូត ទាំង​បី​នាក់ និង​ពល​ ១០០​ នាក់ ចំណុះ​ទូក​ទាំង​ ៣​ នោះនាំ​ទៅ​ក្រាបទូល​ថ្វាយ​រាយ​សេចក្ដី​គ្រប់​ប្រការ។ សម្ដេចព្រះ​បរម​ក្សត្រ​មហា​ចន្ទរាជា​ ទ្រង់​ព្រះ​វិនិច្ឆ័យ​ទោស​ឧកម៉ឺន​ជំនិត​សទ្រង់​សួរ ​ថា “ដែល​ឧកម៉ឺន​ចាប់​បំរើ​សត្រូវ​ដែល​មក​ជា​រាជទូត ឧបទូត ត្រី​ទូត​នេះ ទាស់​នឹង​ព្រះ​ច្បាប់​សំរាប់​ស្រុក​អំពី​បុរាណ​រាជ​ប្រវេណី​ហើយ​ត្រូវ​តែ​មានទោស ទើប​ទ្រង់​ប្រោស​ឲ្យ​ចុះ​ព្រះរាជអាជ្ញា (ឲ្យ​វាយ​ខ្នង) ២៤​ ខ្វាត់​ម្នាក់ឲ្យ​ដាក់​ឃ្នាង​បណ្ដើរ​អាក្រោស​ឧកញ៉ាម៉ឺន​ជំនិត “ស” ទ្រង់ “សួ” ៣​ ជុំ​បន្ទាយទ័ព។ លុះ​ធ្វើ​ទោស​រួច​ស្រេច​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរ​ទៅ​ទូត​ទាំង​ ៣​ ថា ឯង​មកនេះ​តើ​ដោយ​ប្រការ​ម្ដេច? រាជទូត​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា ទូលព្រះបង្គំ​ជា​រាជបំរើ​ព្រះករុណា​ត្រើយ​ខាងកើត​ស្ដេច​ឲ្យ​នាំ​ព្រះរាជសារមក​ថ្វាយ​ល្អងធូលី​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច ប៉ុន្ដែ​ឥឡូវនេះ​ព្រះរាជសារ​នោះ​ធ្លាក់ទឹក​បាត់​ក្នុង​គ្រា​ដែល​ចោមចាប់​នោះអស់​ទៅ​ហើយ តែ​នៅ​ចាំ​សេចក្ដី​ខ្លះៗ បើ​នឹង​ក្រាបទូល​ទៅ​ក្រែង​សេចក្ដី​នោះ​ពុំ​សព្វគ្រប់។ ហេតុនេះ​សូម​ទ្រង់​ព្រះ​រាជទាន​ទោស។ សម្ដេចព្រះ​ចន្ទរាជា​ស្ដេច​ទ្រង់​ប្រោស​ឲ្យ​ទូត​ទាំងនោះ​ទូល​ព្រះ​អង្គ​តាម​ចាំ​រៀងខ្លួន​ចុះ។ រាជទូត​ត្រើយ​ខាងកើត​ ក៏​ទូល​ថា ដ្បិត​ហ្លួង​ជា​ម្ចាស់​លើ​ត្បូង ​ទូលព្រះបង្គំជាខ្ញុំ​មាន​ព្រះ​ហឫទ័យ​ប្រណី​រាស្ដ្រ​ដែល​វិនាសស្លាប់បាត់បង់​ជា​ច្រើន​ក្នុង​សង្គ្រាម​ដែល​បាន​ធ្វើ​មក​ជា​ច្រើន​ឆ្នាំ​នោះ។ ឥឡូវនេះ​ ហ្លួង​ជា​ម្ចាស់​លើ​ត្បូង​​ទូលព្រះបង្គំ​ជាខ្ញុំ​ស្ដេច​មាន​ព្រះ​ ហឫទ័យ​ចង់​បញ្ឈប់​សង្គ្រាមសុំ​ចង​ជា​ព្រះរាជ​មេត្រី​ចែក​ផែនដី និង​ម្ចាស់​ត្រើយ​ខាង​លិច​ឲ្យ​ស្មើគ្នា។ បើ​ទ្រង់​ព្រះករុណា​វិសេស​ជា​អម្ចាស់​លើ​ត្បូង​ខាង​នេះ​ទ្រង់​យល់ព្រម​ល្មម​ផង​នោះ ព្រះពុទ្ធ​សាសនា និង​អាណាប្រជានុរាស្ដ្រ​នឹង​បាន​សុខក្សេមក្សាន្ដ​តទៅដោយសារ​ព្រះ​សតិ​ប្រាជ្ញា ទ្រង់​ព្រះករុណា​ពិសេស​ទាំង​ពីរ​អង្គ​បំរុង​រាស្ដ្រ​ឲ្យ​សុខ​ជា​ព្រះ​កិត្ដិយស​ប្រសើរ។ សម្ដេចព្រះ​បរម​រាជ ​បរមបពិត្រ​ជា​អម្ចាស់​ត្រាស់​ថា ក្រុង​កម្ពុជា​រាជធានី​នេះ​ជា​ព្រះរាជ​សម្បត្ដិ​អំពី​ព្រះ​បរម​រាជ​អយ្យកោ អយ្យិកា​យើង​រៀង​មក។ ឯ​ព្រះស្ដេច​កន អម្ចាស់​ឯង​នោះ​ប្រៀប​ដូច​ជា​ចោរមក​លួច​ផែនដី​យើង ហើយ​មក​សុំ​ចែក​សម្បត្ដិ​នឹង​ម្ចាស់ទ្រព្យ​នេះ ​តើ​ឯង​ឃើញ​ថា​គប្បី​ហើយ​ ឬ? ប៉ុន្ដែ​ឥឡូវនេះ បើ​ម្ចាស់​ឯង​ចង់​ឈប់​សង្គ្រាម​ក៏​ឈប់​តាម​ចិត្ដ​ចុះ។ តែ​ថា​ឲ្យ​ម្ចាស់​ឯង​ថយ​ទៅ​ជា​មុន​ចុះចាំ​អញ​ថយ​ទៅ​ជា​ក្រោយ។ មាន​ព្រះ​បន្ទូល​ចប់​ហើយ ស្ដេច​ព្រះ​រាជទាន​ពាន​មួយ​ជា​ជំនួស​ ព្រះ​ពានមាស​ដែល​ធ្លាក់ទឹក​នោះ​ទៅ​ទូត​ទាំង ​៣ ​នាក់​វិញ។ រាជទូត​ត្រើយ​ខាងកើត​ទាំង ​៣ ​នាក់​ក្រាប​បង្គំ​លា​ចេញ​ទៅ​ចុះទូក​ងឲ្យ​ពួក​ស៊ី​ផាយ​អុំ​ឆ្លង​ទៅ​ក្រាប​បង្គំ​ទូល​អម្ចាស់​ខ្លួន​សព្វ​ សេចក្ដី។ សម្ដេចព្រះ​ស្រីជេដ្ឋា​ក្រុង​ពិជ័យ​នគរ (ស្ដេច​កន) ទ្រង់​ជ្រាប​ហើយ​ឃើញ​ថាពុំ​សមប្រកប​តាម​ព្រះ​ហឫទ័យ​ដែល​ទ្រង់​ប្រាថ្នា​ទេ ទ្រង់​ព្រះ​ពិរោធ​ណាស់តែ​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​សំរួល​ហើយ​ត្រាស់​ថា ចៅពញា​ចន្ទរាជា​ដែល​លួច​មក​វាយ​ស្រុកខែត្រខាងលិច​នេះ តែ​ត្រូវជា​ចោរ​ដែរ ឬ​ពុំ​មែន​ជា​ចោរ​ទេ? ព្រះ​រាជទូត​ទាំង ​៣ ​ក្រាប​បង្គំ​ទូល​ថាទូលព្រះបង្គំ​ទាំងឡាយ​នឹកឃើញ​ថានឹង​តប​ទូល​ទៅ​វិញ​ដែរ តែបើ​នឹង​ទូល​តបត​សេចក្ដី​ទៅ​វិញ ដូច្នេះពុំ​ហ៊ាន​ដ្បិត​នៅ​គ្នា​តិច​ពេក ហើយ​ទូលព្រះបង្គំ​ទាំងឡាយ​បាន​រួចខ្លួន​មក​នេះ ក៏​ព្រោះតែ​បុណ្យ​បារមី​សម្ដេច​ជា​អម្ចាស់​គ្រប់គ្រង​ហើយ​ទើបបាន​រួច​មកនេះ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​សព្វគ្រប់​ហើយ ព្រះ​អង្គ​ចាត់​ចៅហ្វាយស្រុក និង​កងទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​មាត់​ឃ្មុងបន្ទាយស្រី​សឈរ ហើយ​ព្រះ​អង្គ​លើកទ័ព​ត្រឡប់​ទៅ​ក្រុង​ពិជ័យ​នគរ​វិញ។ សម្ដេចព្រះ​បរមបពិត្រ​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច​ទ្រង់​ជ្រាប​ថា ព្រះស្ដេច​កន​លើកទ័ព​ត្រឡប់​ទៅ​មុន ហើយ​ទើប​ព្រះ​អង្គ​បង្គាប់​ចៅហ្វាយស្រុក​ឲ្យ​នៅ​រក្សា​បន្ទាយ​កំពង់សៀម បារាយណ៍ ជើងព្រៃ រួច​ស្ដេច​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខែត្រ​បរិបូណ៌​វិញ។ ព្រះ​អង្គ​លើក​ហួស​ទៅ​ខែត្រ​ពោធិ៍សាត់​ទៀត ហើយ​ត្រាស់​ឲ្យ​ពល​ធ្វើ​ដំណាក់​តូច​ធំ ប្រក់​ស្លឹកមាន​សន្ធិយា​ចុង​រោង​ទី​ក្រៅ​ក្នុង។

ការធ្វើគតស្ដេចកនលើកទី១[កែប្រែ]

រួច​ស្រេច​ស្ដេច​ចូល​គង់ ទ្រង់​មាន​ព្រះរាជ​បន្ទូល​នឹង​អស់​សព្វ​មុខមន្ដ្រី​ថា ទំនៀមទំលាប់​ពី​បុរាណ​រៀង​មក​ដល់​រដូវ​មហាសង្ក្រាន្ដចូល​ឆ្នាំ​ថ្មី ហើយ​ព្រះមហាក្សត្រា​ធិរាជ ស្ដេច​តែង​ចេញ​ទតព្រះនេត្រ​អស់​សេនា​ទាហាន និងអាណា​ប្រជានុរាស្ដ្រ​ក្នុង​​ខែត្រ​ដែល​បាន​ហាត់​ក្បួន​គុន​ដាវ​អាវុធ​មក​ ប្រជុំ​ថ្វាយ​ថ្វីដៃ។ បើ​គូ​ណា​ដៃ​ជា​ទ្រង់​តែង​ប្រោស​ព្រះ​រាជទាន​រង្វាន់ និង​ចិញ្ចឹម​ឲ្យ​ជា​រេហ៍ពល​តទៅ​ទៀត។ ៣​ ឆ្នាំ​មក​ហើយ​យើង​បាន​ឃើញ​ថា មនុស្ស​ដែល​ចូល​មក​ប្រឡង​យក​ថ្វីដៃ​តិច​ណាស់ យើង​នឹង​រើស​ដាក់​ជា​ទាហាន​ក៏​ពុំ​គ្រប់គ្រាន់ពុំ​ធួន​នឹង​រាជការ​ដែល​ត្រូវការ។

ឥឡូវនេះ ​ជិត​ចូល​ឆ្នាំ​ថ្មី​ហើយគប្បី​ឲ្យ​អស់​សេនាបតី​ប្រកាស​ឲ្យ​គ្រប់​​ខែត្រ​បានដឹង​ថា បើ​ឈ្មោះ​ណា​បាញ់​កាំភ្លើង ធ្នូ ស្នា​ត្រង់ ច្បាំង​លើ​ខ្នង​ដំរី​ឈ្នះ​គេ ​៣ ​ថ្ងៃយើង​នឹង​ទុកជា​លេខ​១ ហើយនឹង​ប្រោស​ព្រះ​រាជទាន​ឲ្យ​មាន​យសស័ក្ដិ​ ៥​ ហ៊ូពាន់ព្រមទាំង​ព្រះរាជទាន​រង្វាន់​មាស ប្រាក់ដីស្រែចំការច្បារ​ដំណាំ ភូមិឋានឲ្យ​មាន​សមគួរ។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​លើ​ខ្នង​សេះ​ឈ្នះ​គេ​ ៣ ​ថ្ងៃ យើង​ទុកជា​លេខ​ ២ ហើយ​នឹង​ព្រះ​រាជទាន​យសស័ក្ដិ​ជា ​៤ ​ហ៊ូពាន់ និង​រង្វាន់​មាស​ប្រាក់ភូមិឋាន​ឲ្យ​តាម​សមគួរ។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​ឈ្នះ​គេ​នៅ​លើ​ដី ​៣ ​ថ្ងៃទុកជា​លេខ​៣ ហើយនឹង​ប្រោស​ព្រះ​រាជទាន​យសស័ក្ដិ​ ​៣​ ហ៊ូពាន់ និង​រង្វាន់​មាសប្រាក់​តាម​សមគួរ។ បើ​គូ​ណា​មាន​ថ្វីដៃ​ចុះ​ជា​រណ្ដាប់​ក្រៅពី​នោះ​ យើង​នឹង​ព្រះ​រាជទាន​ជា​ ឧកញ៉ាម៉ឺន ជា​ម៉ឺន ជា​នាយ​រាល់​រូប។ អស់​សេនាបតី​ក្រាប​បង្គំ​ទទួល​ព្រះរាជ​បន្ទូល​ថ្លៃ​វិសេស​ហើយ​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ធ្វើ​សំបុត្រ​ប្រកាស​ប្រាប់​ទៅ​ចៅហ្វាយស្រុក​ឲ្យ​ប្រាប់​អស់​អ្នកមុខ​អ្នកការបណ្ដារាស្ដ្រ​ឲ្យ​ដឹង​គ្រប់​គ្នា​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​អស់​មនុស្ស​ដែល​មាន​ចំណេះ​វិជ្ជាការ​ខំ​ហ្វឹកហ្វឺន​ហាត់រៀន​រាល់គ្នា។ លុះ​ចូល​សង្ក្រាន្ដ​ថ្មី ឆ្នាំរោង ទោស័ក​សេនា​ទាហាន អាណា​ប្រជានុរាស្ដ្រ​ចូល​មក​រក​នាយ​ចៅហ្វាយ​ទីទៃៗដើម្បី​រង់ចាំ​ដល់​ថ្ងៃ​ចូល​ប្រឡង​ចំណេះ​វិជ្ជាការ​ថ្វាយ​ថ្វីដៃ​គ្រប់ៗ​គ្នា។ ការ​ប្រឡង​ជាន់​នោះ​រើស​បាន​សេនា​ទាហាន​ច្រើន​លើស​ឆ្នាំ​មុនៗ ​១០​ សួន។ ព.ស ​២០៦៤, គ.ស​ ១៥២០, ម.ស​ ១៤៤២, ច.ស ​៨៨២ ឆ្នាំរោង ​ទោស័ក សិរី​រាជសម្បត្ដិ​ស្ដេច​គ្រប់គ្រង​នគរ​នៅ​​ខែត្រ​ខាងលិច​បាន​ ៥ ​ព្រះ​វស្សា សម្ដេចព្រះ​អគ្គមហេសី​សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ ទ្រង់​ព្រះ​នាម​ព្រះ​រាមាធិបតី​នោះ សម្ដេចព្រះ​បិតុរង្គាធិរាជជា​អម្ចាស់​ត្រាស់​ឲ្យ​ព្រះរាជ​គ្រូ​បុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀប​ទទួល​តាម​ព្រះ​សិរី​យស សម្ដេចព្រះ​ឱរសាធិរាជ​ឯក​តាម​ទំនៀម។ លុះ​បាន​មួយ​ខែ​ក្រោយមក​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ធ្វើ​ព្រះរាជ​ពិធី ​ចំរើន​ព្រះកេសា​ព្រៃ។ លុះ​ធ្វើ​ស្រេច​ហើយ អស់​សេនាបតី មន្ដ្រី​មុខងារ​ទាំងពួង​នាំ​កូនប្រុស​ស្រី និង​ទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញ​ហែ​សុវណ្ណមាលា​ថ្វាយ​ភួង​ព្រះ​ហស្ថ​រាល់ៗ​គ្នា។ ឯ​សម្ដេចព្រះ​វររាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជទាន​សួយសារអាករ​ក្នុង​​ខែត្របាត់ដំបង​ជា​ចំណង​ព្រះ​ហស្ថ​នៃ​សម្ដេចព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ​២០៦៥, គ.ស​ ១៥២១, ម.ស ​១៤៥៣, ច.ស ​៨៨៣ នោះ អ្នក​ម្នាង​បទុមបុប្ផាជា​ព្រះ​ស្នំ​ឯក សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ​ទ្រង់​ប្រោស​ព្រះ​នាម​ជា​ព្រះ​អង្គ​បរមិន្ទ​រាជា។ សម្ដេច​ព្រះ​វររាជ​បិតា ​ទ្រង់​ពេញ​ព្រះ​ស្នេហា​ទាំង​ពីរ​អង្គ​ដូច​គ្នា។

នេះ​នឹង​និយាយ​អំពី​ឧកញ៉ា​មន្ដ្រី​កែវ សេនាបតី​ភូសំរេច​រាជការ​ផ្នែក​កងទ័ពជើងគោកខាង​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទិស​ខាងលិច​នោះ កាល​ជិត​ដល់​ចូល​ឆ្នាំ​ម្សាញ់ ត្រី​ស័ក ឧកញ៉ា​ក៏​គិត​ថាពី​មុន​ព្រះស្ដេច​កន​បានឲ្យ​ពល​ ១០០ ​នាក់​មក​ក្លែង​កល​ប៉ង​នឹង​ធ្វើ​អន្ដរាយ​អម្ចាស់​យើង យើង​ពុំ​ទាន់​បាន​សងកល​វា​ម្ដង​នៅឡើយ​ទេ។ ឥឡូវនេះ​ជិត​ចូល​ឆ្នាំ​ថ្មី ហើយ​ព្រះស្ដេច​កន​មុខជា​នឹង​ប្រមូល​សេនា​ទាហាន​ឲ្យ​ល្បង​ថ្វីដៃ​ជា​មិន​ខាន។ ដូច្នោះ នរណា​ហ្ន៎! បណ្ដា​អ្នក​អាច​នឹង​ទទួល​អាសា​ទៅ​ប្លម​ធ្វើ​ជា​ពួក​របស់​ពួក​វា ហើយ​បាញ់​វាសំលាប់​ចេញ​បាន​សោះនឹង​នឿយ​ព្រួយ​រវល់​ច្បាំង​តទៅ​ទៀត​ថា បើ​ឯង​រាល់គ្នា​សំរេចការ​នេះ​ឲ្យ​បាន​ដូច​ប្រាថ្នា យើង​នឹង​ក្រាបទូល​សុំ​ឲ្យ​ឡើង​យសស័ក្ដិ​ឲ្យ​បានជា​ធំ។ ខណៈនោះ​សេនា​៤​ នាក់​ដែល​មាន​ថ្វីដៃ​ត្រង់​ខាង​បាញ់​កាំភ្លើង​គឺ​ឈ្មោះ​ប្រាច នៅ​ខែត្រ​ទ្រាំង ឈ្មោះ​ ក្ដាន់ នៅ​​ខែត្រ​កំពត ឈ្មោះ​តោ នៅ​​ខែត្របន្ទាយមាស ឈ្មោះ​ជ័យ នៅ​​ខែត្រ​សំរោងទង បាន​ចូល​មក​នៅ​ជា​ខ្ញុំ​រាជការ ហើយ​ចង​ជា​សំឡាញ់​នឹង​គ្នា​គិត​គ្នា​ថា យើង​ចូល​មក​នៅ​ជា​ខ្ញុំ​រាជការ​នេះ​ប្រាថ្នា​ស្វែងរក​គុណ​បំណាច់ បើ​បាន​កល​ហើយ​ត្រូវ​ទទួលយក​អាសា​អម្ចាស់​ផែនដី។ លុះ​យល់ព្រម​គ្នា​ហើយ​សេនា​ទាំង​ ៤ ​នាក់​ក៏​ឆ្លើយ​ថា យើង​ខ្ញុំប្របាទ​ទាំង​ ៤​ នាក់​នេះ​សុំ​ទទួលយក​អាសា​ធ្វើ​ការ​ថ្វាយ​ព្រះ​បរមបពិត្រ​ថា ហើយ​សេនា​ទាំង ​៤ ​នាក់​នោះ​ក៏​សំពះ​ជំរាបលា​ចេញ​ទៅ។ លុះ​មក​ដល់​កំពង់​ហ្លួង​ក្នុង​​ខែត្រសំរោងទង​ទាំង ​៤ ​នាក់ ក៏​សុំ​ដោយសារ​ទូក​គេ​ឆ្លងកាត់​ទៅ​ដល់​​ខែត្របាសាន ហើយ​កាត់​ទៅ​ដល់​ក្រុង​ស្រឡប់​ពិជ័យ​នគរ។ ពេល​ទៅ​ដល់​ក្រុង​នេះ​ពីរ​ថ្ងៃ សេនា​ទាំងនោះ​បាន​សំគាល់​ឃើញ​ថា មាន​មនុស្សម្នា​កាន់​កាំភ្លើង​គ្រឿង​អាវុធ​ចូល​ទៅ​ទី​រាំង​ព្រ័ត្រ​នៅ​វាល​ មុខ​ព្រះ​ពន្លា​ជា​ច្រើន ឃើញ​រាស្ដ្រប្រជា​នាំ​គ្នា​មើល​ពិធី​នោះ​រាប់​ម៉ឺន​នាក់។ លុះដល់​ថ្ងៃរសៀល​ម៉ោង ​២ សេនា​ទាំង​ ៤​ នាក់​ក៏​ចូល​ទៅ​បន្លំ​អែប​នឹង​អ្នកស្រុក​ដែល​ឈរ​មើល​នោះ។ ក្នុង​វេលា​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​តើន​ចាក​ក្រឡាព្រះបន្ទំ ហើយ​ចូល​ស្រង់​ ទ្រង់គ្រឿង​សំរាប់​ព្រះមហាក្សត្ររួច ​ទ្រង់​នាំ​អស់​ស្នំ​ធំ​តូច​ចេញ​ទៅ​គង់នៅ​ព្រះ​ពន្លា​ខ្ពស់​ចំពោះ​មុខ​ សេនា​ទាហាន​ធំ​តូច​ដែល​មក​ជួបជុំ រួច​ទ្រង់​ផ្គូ​មនុស្ស​ជិះសេះ ជិះ​ដំរី​ចូល​ប្រកាប់​គ្នា។ អស់​ភ្នាក់ងារ​ក៏​វាយ​ស្គរ​ជ្វា​តាម​ទំនង​ចូល​សង្គ្រាម។ ការ​ប្រឡង​យក​ថ្វីដៃ​លុះ​បាន​ឈ្នះ​ចាញ់​ហើយ ចៅពញា​មហា​សេនា​យោធា​សង្គ្រាម​ក៏​នាំ​មនុស្ស​ដែល​ខាង​ឈ្នះ​នោះ​ចូល​ទៅ​ថ្វាយបង្គំ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ប្រទាន​ប្រាក់​មួយ​ជញ្ជីង ហើយ​ឲ្យ​ជា​នាយពល​រេហ៍ រួច​ទ្រង់​ឲ្យ​លើក​វង់​ចង​ឲ្យ​ខ្ពស់​ស្មើ​ក្បាល។ វង់​នោះ​គូស​ខ្សែ​ក្រៅ​ពណ៌​ខ្មៅ ខ្សែបន្ទាប់​ពណ៌​ក្រហម ចំណុច​ខាងក្នុង​វង់​នោះ លាប​ពណ៌​សរួច​ឲ្យ​មនុស្ស​បាញ់​ម្នាក់​ម្ដង​គ្រប់ៗ​គ្នា។ មនុស្ស​ដែល​បាន​បាញ់​ពេល​នោះ​ដល់​ទៅ ​២៣ ​នាក់តែ​បាញ់​ពុំ​ត្រូវ​ក្នុង​វង់ ​៣ ​ជាន់​នោះ​ឡើយ។ អស់អ្នក​កាន់​ធ្នូ​ខ្លះ​បាញ់​ដល់ ខ្លះ​បាញ់​ពុំ​ដល់។ អ្នក​កាន់​ស្នា​បាញ់​ពុំ​ដល់​សោះ។ អ្នក​កាន់​កាំភ្លើង​បាញ់​ដល់​តែ​មិន​ត្រូវ។ ទើប​ព្រះ​អង្គ​បែរ​ព្រះ​ភ័ក្ដ្រ​ទៅ​ត្រាស់​នឹង​ស្នំ​ឯក ទោ ត្រី ចត្វា ថា អា​ចោលម្សៀត​ទាំង​អស់នេះ​មាន​ថ្វីដៃ​យ៉ាងនេះ ស្រី​ណា​នឹង​ដោយ​កើត។ ខណៈនោះ ពួក​ព្រះ​ស្នំ​ក្រមការ​ឮ​ហើយ​ក៏​សើច​ទ្រហឹងអឺងកង។ ខ្លះ​ទូល​ថា ក្រែង​វង់​នោះ​នៅ​ឆ្ងាយ​ណាស់​ដឹង​ឬ? ទើប​ព្រះ​អង្គ​ថា ឆ្ងាយ​ប៉ុណ្ណឹង​ក៏​អញ​បាញ់​ត្រូវ​ដែរ បើ​អញ​បាញ់​ត្រូវ​ឲ្យ​អញ​ធ្វើ​ម្ដេច? ពួក​ព្រះ​ស្នំ​ថា បើ​ទ្រង់​បាញ់​ត្រូវ​នឹង​ក្រងផ្កា​ថ្វាយ។ ខ្លះ​ថាបើ​ទ្រង់​បាញ់​ត្រូវ​នឹង​ថ្វាយ​ព្រះ​ស្នំ​យ៉ាង​ក្រអូប ​៥ ។ ខ្លះ​ថា ឲ្យ​ដក​រោម​ភ្នែក។ ខ្លះ​ថា បើ​ទ្រង់​បាញ់​ត្រូវ​ខ្ញុំម្ចាស់​ទទួល​កោត។ លុះ​អស់អ្នក​ព្រះ​ស្នំ​ទូល​ថ្វាយ​កំសាន្ដ​ចប់​ហើយ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ត្រូវ​ព្រះ​ទ័យ​ណាស់ ទើប​ទ្រង់​ស្ទុះ​ចេញ​មក​ក្រៅ​កន្ត្រាក់​យក​ព្រះ​កៅទណ្ឌ​ចុះ​ទៅ​រានហាល ហើយ​ព្រះ​អង្គ​ឡើងឈរ​លើ​ព្រះ​កើយ ព្រះ​ហស្ថស្ដាំ​ចាប់​ព្រួញ​ទាំង ​៥ ​គង​ឡើង​ហើយ​ទ្រង់​ត្រាស់​ប្រាប់​នាម៉ឺន​មុខមន្ដ្រី ស្រីស្នំ ក្រមការ​ដែល​ជួបជុំ​ក្នុង​ទីនោះ​ទាំង​ប៉ុន្មាន​ថាឲ្យ​ចាំ​មើល​យើងៗ​នឹង​បាញ់​ឲ្យ​ត្រូវ​វង់ស។ ទ្រង់​ថ្លែង​កៅទណ្ឌនោះ​ទៅ​សរ​ក៏​ត្រូវ​វង់​ស​មែន។ លុះ​ទ្រង់​ថ្លែង​ព្រួញ​មួយទៀត ព្រួញ​នេះ​ក៏​ត្រូវ​បញ្ជូន​ព្រួញ​ចាស់​រហូត​ទៅ​ព្រួញ​ថ្មី​ជាប់​នៅ​ទីនោះ។ លុះ​បាញ់​ព្រួញ​ជាប់​គំរប់ ​៣ ​ទៀត ព្រួញ​គំរប់ ​៣ ​នេះ​ទៅ​ត្រូវ​ព្រួញ​គំរប់ ​២ ​រហូត​ទៅ​ត្រូវ​ជាប់​នឹង​ព្រួញ​គំរប់​មួយ។ កាលនោះ អស់​ព្រះ​ស្នំក្រុម​ការ និង​សេនាបតី​មន្ដ្រី​ធំ​តូច​ឃើញ​ដូច្នោះ​ក៏​ស្រែក​ហ៊ោ​គឹកកង។ ភ្នាក់ងារ​តូរ្យតន្ដ្រី​ក៏​តាំង​វាយ​ស្គរ​ថ្វាយ​សព្ទសាធុការពរ​ខ្ទរខ្ទារ​នៅទីនោះ។ ឯ​បំរើ​ទាំង ​៤ ​នាក់​ដែល​ឧកញ៉ា​ចក្រីកែវប្រើ​ទៅ​ទីនោះ ឃើញ​វឹកវរ​ដូច្នោះ​ហើយ​ក៏​លើក​កាំភ្លើង​ឡើង​តំរង់​ចំ​ទៅ​ឆ្អឹងជំនីរ​ ព្រះស្ដេច​កន​ខាងឆ្វេង។ តែ​ដោយ​តេជៈ​ព្រះស្ដេច​កន​ពុំ​ទាន់​អស់បុណ្យ គ្រាប់​នោះ​បាញ់​ខុស​មួយ​ទះដៃ និង​បាញ់​ថែម​ទៀត​ក៏​ពុំ​ទាន់។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​កំពុង​ឈរ​មាន​នៅ​ជាប់​ព្រួញ​ពីរ​នៅ​ព្រះ​ហស្ថនោះ លុះ​ឮ​សូរកាំភ្លើង​បាញ់​ខាងឆ្វេង​ហើយ ក៏​ក្រលេក​ប្រែ​ព្រះ​ភក្ដ្រ​បាញ់​តាម​ផ្សែង​រំសេវ​នោះ​ទៅ ព្រួញ​ក៏​ត្រូវ​ប្រជុំ​ចិញ្ចើម​អ្នក​បាញ់​ព្រះ​អង្គ​ស្លាប់​នៅ​ទីនោះ​មួយ​រំពេច។

ទ្រង់​ទត​ទៅ​ឃើញ​ម្នាក់​លូកដៃ​ទៅ​គ្រាហ៍​គ្នា​វា​នោះ​ក៏​បាញ់​មួយ​ព្រួញ​ទៅ​ទៀត ត្រូវ​ត្រង់​សៀតផ្កា​អ្នក​ដែល​លូកដៃ​ទៅ​គ្រាហ៍​នោះស្លាប់​មួយ​រំពេច​ទៀត។ អស់​សេនាបតី មន្ដ្រី នាយកង​ទ័ព និង​ប្រជានុរាស្ដ្រ ក៏​ភ្ញាក់ផ្អើល​វឹកវរ​ជា​កោលាហល​រចល់​រក​ចាប់​ពួក​អា​ក្បត់ តែ​ពួក​ក្បត់​ក៏​រត់​រួច។ ព្រះស្ដេច​កន​ក៏​បញ្ជា​ឲ្យ​កាត់​ក្បាល​អ្នក​ដែល​ស្លាប់​ទាំង​ពីរ​នាក់​នោះ​ដោត​ជា​បំរាមរួច​ស្ដេច​ត្រឡប់​ចូល​ព្រះរាជវាំង​វិញ។

ឯបំរើ​ឧកញ៉ា​ចក្រី​ដែល​ទៅ​លុក​នោះ នៅ​រស់​ពីរ​នាក់ លុះ​ត្រឡប់​ឆ្លងទន្លេ​ដើរ​ទៅ​ដល់​​ខែត្រ​ពោធិ៍សាត់​ហើយ ក៏​ចូល​ទៅ​ប្រណិប័តន៍​ប្ដឹង​អ្នកឧកញ៉ា​ចក្រី​តាម​ដំណើរ​សេចក្ដី​គ្រប់​ប្រការ។ ឧកញ៉ា​ចក្រី​ក៏​នាំ​ហេតុ​ដំណើរ​នោះ​ឡើង​ក្រាប​បង្គំ​ទូល​ក្រោម​ល្អងធូលី​ព្រះបាទ​តាម​ដំណើរ​សេចក្ដី ទើប​ព្រះ​បរម​ចក្រ​មហា​ចន្ទរាជា​ធិរាជ​បរម​រាមា​ជា​អម្ចាស់​ទ្រង់​ត្រាស់​ នឹង​អស់​ខ្ញុំ​ព្រះ​រាជការ​សេនា​ទាំងឡាយ​ថា ឧកញ៉ា​ចក្រី​គិត​ធ្វើ​ដូច្នេះ​ពុំគួរ​ទេ ដ្បិត​ដើម​នោះ​អា​ស្ដេច​កន​វា​ជា​ស្ដេច​ព្រៃ វា​ឲ្យ​មនុស្ស​មក​លុក​យើង​មុន វា​ខុសច្បាប់ខុស​ទំនៀម​ទ័ព​ទៅ​ហើយ។ កាលដែល​ឧកញ៉ា​ចក្រី​ឲ្យ​មនុស្ស​ទៅ​លប​លុក​វា​វិញនឹង​នាំ​ឲ្យ​ខូច​ព្រះ​កិត្ដិយស​ដែរ។ ប៉ុន្ដែ​គ្រានោះ ​យើង​អភ័យទោស​ឲ្យ​ម្ដង​ចុះ ហើយ​ទ្រង់​ត្រាស់​ប្រដៅ​ថា វិស័យ​សឹក​ក្រស័ត្រ បើ​ថា​នឹង​គិត​ជា​ឧបាយកល​បែប​ណាៗ​នោះ លុះត្រាតែ​កុំ​ប្រទល់​ប្រទះ​ទ័ព​គ្នា។ ឥឡូវនេះ​គេ​នឹង​យើង​វិល​មក​លំនៅ​រាល់ខ្លួន​ហើយ ហើយ​យើង​ប្រើ​មនុស្ស​ឲ្យ​ទៅ​លប​លុក​គេ​នោះ ពាក្យ​បុរាណ​លោក​ហៅ​ថា ចោរ​សង្គ្រាមពុំប្រសើរ​ឡើយ។ ទ្រង់​ត្រាស់​ហើយ ស្ដេច​យាង​ចូល​ទៅ​ទី​ខាងក្នុង​ព្រះរាជ​រោង​រម​វិញ​ទៅ។ តាំង​តែ​ពី​ខែ​នោះ​រៀង​មក ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ទ្រង់​សំរាក​ឈប់​ធ្វើសង្គ្រាម​នឹង​គ្នារាស្ដ្រប្រជា​ក៏​បាន​សុខ​បន្ដិច។ តែបើ​អ្នក​ឈ្មួញ លក់​រទេះ ទូក​នោះ ស្ដេច​ឲ្យ​មាន​កងទ័ព​នៅ​ត្រួតត្រា​មើល។ បើ​ឃើញ​រទេះ​ណា ទូក​ណា​មាន​គ្រឿងសាស្ដ្រាវុធ​ត្រូវ​ដកហូត​ចេញ​ពុំ​ឲ្យ​មាន​ឡើយ។ ពេល​នោះ​ឈ្មួញ​ទៅ​មក​ជួប​ទាំង​នគរ​ខាងកើត ខាងលិច​លក់ដូរ​ទំនិញ​ជា​សុខ​ទាំង​សងខាង។ កងទ័ព​របស់​សម្ដេច​ត្រើយ​ខាងលិច​ខាងកើត​ប្រកាន់​ច្បាប់​តែ​សព្វ​ខ្លួន​ឥត​ខុសឆ្គង​ឡើយ។

រើសអ្នកមានសមត្ថភាព[កែប្រែ]

ព.ស ​២០៦៥, គ.ស​ ១៥២១, ម.ស​ ១៤៤៣, ច.ស ​៨៨៣ ឆ្នាំម្សាញ់ ​ត្រី​ស័ក ក្នុង​វេលា​ចូល​ឆ្នាំ​ថ្មី ​៣ ​ថ្ងៃ​នោះអស់​អាណា​ប្រជានុរាស្ដ្រ​ក្នុង​បស្ចិមទិស​អាណាចក្រ​ចូល​មក​ប្រឡង​យក​ថ្វីដៃ គុន​ដាវ គុន​អាវុធ​គ្រប់​ធុនច្រើន​អស្ចារ្យ អាណា​ប្រជានុរាស្ដ្រ​ចូល​មក​ក្រាប​បង្គំ​សុំ​ជ្រក​ក្រោម​ព្រះ​បារមី​ច្រើន​លើស​ឆ្នាំ​មុន។ សម្ដេច​ព្រះ​បរមបពិត្រ​ចន្ទរាជាធិរាជ​ទ្រង់​ក៏​ប្រោស​ប្រទាន​យសស័ក្ដិ​តាម​ ថ្វីដៃ​រាល់​រូប​កាយ។ នាយកង នាយ​ទ័ព ក៏​កាន់តែ​មាន​ចំនួន​ច្រើន​នាក់​មួយ​ជា​ពីរ។ ក្នុង​ឆ្នាំ​បញ្ចប់​សង្គ្រាម​នោះ ទ្រង់​ព្រះករុណា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច ស្ដេច​ព្រះរាជ​ដំណើរ​ចេញ​ពី​បន្ទាយ​​ខែត្រ​ពោធិ៍សាត់​ទៅ​ប្រពាត​ព្រៃ​ ទាក់ដំរី ទ្រង់​ឲ្យ​តាំង​បន្ទាយ​ចោម​ដេញ​បញ្ចូល​ចាប់​បាន​ដំរី​ភ្លុក​ស្ដ​ញី​ក្នុង​​ខែត្រ​ពោធិ៍សាត់ ​៤០ ហើយ​ទ្រង់​ត្រាស់​បង្គាប់​ហ្ម​ថែម​ទៀត​ថា ឲ្យ​ឡើង​ទៅ​ទាក់ដំរី​នោះ​តាំង​ពី​​ខែត្រ​ពោធិ៍សាត់​រហូត​ដល់​​ខែត្រ​សំរោងទង និង​​ខែត្រ​​ថ្ពង កំពង់សោម បាន​ដំរី ​៣៥​ ទៀត រួម​ទាំងអស់​បាន​ដំរី​ ៧៥។ ស្រេច​ហើយ​ស្ដេច​នាំ​ត្រឡប់​វិញ​មក​បន្ទាយ​ទ័ព​ហ្លួង​នៅ​​ខែត្រ​ពោធិ៍សាត់​វិញ។ លុះ​ចូល​ឆ្នាំ​ថ្មី ព.ស​ ២០៦៦, គ.ស​ ១៥២២, ម.ស ​១៤៤៤, ច.ស​ ៨៨៤ ឆ្នាំមមី ចត្វា​ស័កទាហាន​ដែល​ចូល​មក​ប្រឡង​ថ្វាយ​ថ្វីដៃ​ហើយ​រើស​សំរាំងបាន​ជាប់​លេខ ១, ២, ៣ ច្រើន​ជាង​មុន​មួយ​ភាគ​ទ្រង់​ប្រោស​ព្រះ​រាជទាន​យសស័ក្ដិ និង​ប្រាក់​មាស​តាម​សមគួរ។ ខណៈនោះ​សេនាបតី មន្ដ្រី​ខ្ញុំ​រាជការ ក្រាប​បង្គំ​ទូល​ថា ក្រុម​ទាហាន​ក៏​មាន​សមគួរ និង​ធ្វើការ​ហើយនៅ​ឡើយ​ជា​ខ្ញុំ​រាជការ​ក្នុងស្រុក​នោះ​មាន​ចំនួន​តិច​ពុំដែល​ដេញ​ប្រយោគ​ វិជ្ជាការ​របស់​អ្នករៀន​លេខ និង​អក្សរ​សោះ ព្រោះ​លោក​ទាំងនោះ​សម្គាល់​ថា កាល​នៅ​បួស​ជា​សាមណេរ​នោះ មាន​ដេញប្រយោគ​សាស្ដ្រា​បាលី រួច​ហើយ​បើ​លោក​ធ្វេសប្រហែស​ពុំ​បាន​សិក្សា​ឲ្យ​បាន​ស្ទាត់​ជំនាញ​ខាង​លេខ​ នោះ​ឡើយ។ បុរាណ​រៀង​មក​ឈ្មោះ​ណា​ដេញ​បាន​ប៉ុន្មាន​ប្រយោគ​ដល់​ស័ក​មក​លោក​បញ្ជូន​ ឈ្មោះ​នោះ​ជា​ក្រុមព្រះ​រាជបណ្ឌិត​សំរាប់តែងតាំង​ជា​មន្ត្រី​ក្នុងស្រុក។ ក្នុង​ឆ្នាំ​នោះ​គួរតែ​ពួក​សង្ឃការី​និមន្ដ​ព្រះ​សង្ឃរាជ ព្រះ​រាជាគណៈ​ឋានានុក្រម និង​គ្រឹហាវាស​ទៅ​ប្រជុំ​ដេញ​សាស្ដ្រា ដេញ​លេខនព្វន្ដ​គុន​ហា ក្នុង​​ខែត្រ​បរិបូណ៌​ឲ្យ​បាន​ច្រើន។ ខណៈនោះ​ព្រះ​បរមបពិត្រ​ពិនិត្យ​តាម​ពាក្យ​មន្ដ្រី​យក​សេចក្ដី​ក្រាប​បង្គំ​ ទូល​នោះ​ទៅ​ឃើញ​ថា ពេញ​ព្រះរាជហឫទ័យ​ណាស់ ទើប​ស្ដេច​ព្រះរាជ​ដំណើរ​នាំ​ព្រះរាជ​បុរោហិត បណ្ឌិត​កវី ស្រី​ព្រះ​ស្នំ ក្រមការ និង​ពួក​សេវកា​មហាមាត្រ មាត្រា​ចាក​និគម​បរម​និវេសន៍ បន្ទាយ​ពោធិ៍សាត់​មក​ដល់​​ខែត្រ​បរិបូណ៌។ ព្រះ​អង្គ​ចូល​គង់​ក្នុង​ព្រះ​ពន្លាជ័យ​ក្នុង​បន្ទាយ​ចាស់ ហើយ​ទ្រង់​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ថ្វាយ​ព្រះសង្ឃ និង​ព្រះ​រាជទាន​រង្វាន់​ឲ្យ​អស់អ្នក​ដែល​ដេញ​សាស្ដ្រា បាលី ប្រយោគ។ ខាង​ព្រះសង្ឃ​ដេញប្រយោគ​បាន​លេខ ទ្រង់​នឹង​តាំង​ជា​បាឡាត់​សមុហ៍​បៃដីកា។ បើ​ខាង​គ្រឹហាវាស​វិញ ទ្រង់​ព្រះ​រាជទាន​ជា​មន្ត្រី​ខ្ញុំ​រាជការ ក្រុម​ស្រុក​តាម​គុណ​វិជ្ជាការ ហើយ​ត្រាស់​បង្គាប់​ចាងហ្វាង​មហោស្រព​ឲ្យ​តាំង​ហាត់​ល្ខោន​ប្រុស​ស្រី ភ្លេង​តូរ្យតន្ដ្រី​ជា​សំរាប់ ព្រះ​ឥស្សរិយយស

ទិញសព្វាវុធ[កែប្រែ]

ក្រោយមក​ក្នុង​ឆ្នាំ​ដដែល ព្រះ​បរមខត្តិយា​ចន្ទរាជា ព្រះ​អង្គ​ឲ្យ​តែង​សំពៅ​ពីរ​ផ្ទុកទំនិញ​ទៅ​ស្រុក​ជ្វា​ម៉ាឡាយូ ហើយ​ទិញ​បាន​កាំភ្លើង​ធំ​ ១០០ កាំភ្លើង​តូច​ ១០០០​ ដើមថែម​លើ​កាំភ្លើង​ចាស់​ទុក​រក្សា​ព្រះ​នគរ។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត​កាល​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​ទិញ​កាំភ្លើង​បាន​ជាច្រើន​មក​ទុកសំរាប់​ព្រះ​នគរ​ ហើយព្រះ​អង្គ​ក៏​ឲ្យធ្វើ​សំពៅ​ពីរ​ផ្ទុកទំនិញ​ទៅ​លក់​ឯ​ស្រុក​ម៉ាឡាយូ​ដែរ ហើយ​ទិញ​បាន​កាំភ្លើង​ធំ ​១៥០ កាំភ្លើង​តូច ​៣០០០​ ដើម។ លុះ​សំពៅ​នោះ​វិល​មក​វិញខ្យល់​ផាត់​សំពៅ​មួយ​ទៅ​ជាប់​ពាម “ប្រហែលជា​ពាម​មាត់ជ្រូក” សំពៅ​មួយទៀត​ជាប់​នៅ​ស្រុក​កំពត។ ពេល​នោះ​នាយកង​ស្រុក​ពាម ស្រុក​កំពតចាប់​បាន​សំពៅ​មួយ​យក​បាន​កាំភ្លើង​ធំ​ ១៥០ កាំភ្លើង​តូច ​៣០០០​ ដាក់​ទុក​ក្នុង​រទេះ​ឲ្យ​មេឃុំ​នាំ​ទៅ​ថ្វាយ​ព្រះបាទ​ អ្នក​អម្ចាស់​នៅ​ខែត្រ​បរិបូណ៌។ ព្រះបាទ​ជា​អម្ចាស់​ត្រើយ​ខាងលិច កាល​ទ្រង់​ទត​ឃើញ​បំរើនាំ​គ្រប់សព្វ​សាស្ត្រាវុធ​មក​ក្រាប​បង្គំ​ទូល​ ថ្វាយ​ហើយ​ទ្រង់​ព្រះ​អំណរ​ណាស់។ ទ្រង់​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​មេទ័ព​មេកង​នោះ​ជា​ច្រើន។

សមរភូមិលង្វែក គ.ស. ១៥២៣[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខែត្រ​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិសារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុទត្ត​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខែត្រ​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខែត្រ​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែកហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​សទ្រង់ ​ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខែត្រ​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤[កែប្រែ]

សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជា ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើនកង

  • ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​សំរោងទង​ជា​មេទ័ព​មុខកាន់​ពល ​២០០០០ ​នាក់ជា​ទ័ពស្រួច
  • ឲ្យ​ឧកញ៉ា​មនោមេត្រីកាន់​ពល ១០០០០ ​នាក់ជា​មេទ័ព​ស្ដាំ។
  • ឲ្យ​ឧកញ៉ា​រាជា​មេត្រី ជា​មេទ័ព​ឆ្វេងកាន់​ពល ​១០០០០ ​នាក់។
  • ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” កូនចៅពញា​មឿង កាន់​ពល​៣០០០០ ​នាក់​ជា​ទ័ព​មុខ។
  • ឲ្យ​សម្ដេចចៅពញា​យសរាជាជា​ព្រះរាជ​ភគិនេយ្យោជា​មេទ័ព​ហ្លួងឃុំ​ពល ​៥០០០០ ​នាក់ឆ្លង​ទៅ​ព័ទ្ធ​ពី​ខែត្រព្រៃវែងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅហ៊្វា​កៅ​មក​សួរ​គ្នា​បាន។ ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖
  • ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុកជា​មេទ័ព​មុខ
  • ចៅពញា​ពេជ​តេជោ ជា​មេទ័ព​ឆ្វេង។
  • ចៅពញា​ស្រែន្យ​ខាំងហ្វាជា​មេកង​ទ័ព​ស្ដាំ។
  • ចៅពញា​មន្ដ្រី​ភក្ដីជា​កងទ័ព​ក្រោយ។

ទាំង ​៤​ កងឃុំ​ពល ​៥០០០០ ​នាក់​លើក​ជា​ទ័ពជើងគោក​ទៅ​ ខែត្រ​កំពង់សៀមឆ្លង​ទៅ​មាត់​ឃ្មុង និង​ភ្នំ​ពានជាំងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅពញា​កំហែងជា​ឪពុកក្មេក​ ព្រះស្ដេច​កនលើក​ទៅ​ជួយ​ព្រះស្ដេច​កន​បាន។ ទើប​ព្រះ​អង្គ​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖

  • ឧកញ៉ា​ចក្រី​“ទេព” កូន​ទី​៣ ​ពញា​មឿង ឃុំ​ពល​ ២០០០០​ នាក់ជា​មេកង​ទ័ព​មុខ។
  • ឧកញ៉ា​យមរាជឃុំ​ពល​ ១០០០០ ​នាក់​ជា​ទ័ព​ឆ្វេង។
  • ឧកញ៉ា​ក្រឡាហោម​ ឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ស្ដាំ។
  • ព្រះ​អង្គ​ឯង​ទ្រង់​ពល​ ៤០០០០ ​នាក់ជា​ទ័ព​ហ្លួង។

ឧកញ៉ា​មហាមន្ដ្រី ឃុំ​ពល ​៥០០០​ នាក់ជា​ទ័ព​បង្កប់ ហើយ​ទ្រង់​ត្រាស់​ផ្ដាំ​ឲ្យ​ធ្វើ​តាម​គ្រប់​ប្រការ។ ព.ស ​២០៦៨, គ.ស​ ១៥២៤, ម.ស​ ១៤៤៦, ច.ស ​៨៨៦ ឆ្នាំវក ​ឆស័ក សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ ស្ដេច​ចូល​ស្រង់​ទ្រង់គ្រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិសុទ្ធ​នូវ​គ្រឿង​កកុធភ័ណ្ឌ ព្រះ​ហោរា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះរាជ​គ្រូ​បុរោហិត ថ្វាយ​ទឹក​ស័ង្ខ ទឹក​កុណ្ឌី ទឹក​ក្លស់ ផ្លុំ​ត្រៃ​ស័ង្ខ ក្រុម​សុរិយា​តូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រ​ខ្ទារ ទាំង​ក្រឡា​ប្រឹថពី ស្ដេច​គង់​ព្រះ​រាជយានព្រម​ដោយនូវ​ស្វេតច្ឆត្រ​ស​ ៩ ​ជាន់ និង​ចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រ​លឿង ខៀវ ព្រាតឆ្លុះ​ស​សែង ព្រះ​សុរិយា​ស្ដេច​យាង​គង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត។ ឯ​អស់​មន្ដ្រី​សេនារេហ៍ពល​សឹង​ជិះទូក​ហ៊ោ​ទូក-​ង មួង យោង​ពីមុខនៅ​ពីក្រោយតាម​អណ្ដាប់​អណ្ដោយលើក​ចេញ​ទៅ​ប្រថាប់​ទ័ព​នៅ​ព្រះ​ប្រសប់ឈប់​ចាំ​ស្ដាប់​សូរសព្ទ​គ្រប់​កង​ដែល​លើក​ទៅ។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​ទៅ​ជួយ​ខាង​នោះ។

រីឯ​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់​ត្រើយ​ខាងកើតដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​ ១០០០០ ​នាក់នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខែត្រ​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង ​៣​ មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ! ពញា​ចន្ទរាជាអញ​ស្មានថាបាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដី ដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​លើក​យោធា​ទាហាន​តាម​មក​ទៀត។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង ​៤ ​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​ ១០០០០ ​នាក់ទ្រង់​យល់​ថានឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខែត្រ​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទំលាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កនឃុំ​ពល​ ៥០០​ នាក់​នៅ​ក្រៅ​បន្ទាយលុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយនាំ​ពល​ ៥០០​ នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជំរាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរតាម​ហេតុ​គ្រប់​ប្រការ។ សម្ដេច​ចៅហ៊្វា​កៅលុះ​បានដឹង​ហើយក៏​និយាយ​នឹង​សម្ដេច​ចៅពញា​ហែងជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រីជា​មា​ព្រះស្ដេច​កន​ ពញា​ស្នងធ្នឹម​ព្រះ​នគរ​“ផាលង់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថាឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស។ កាល​មន្ដ្រី​ទាំង​ ​៣ ​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​ ៥០០០០​ នាក់​លើក​ស្រូត​ទៅ​ជួយ​ព្រះស្ដេច​កន។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ចូល​មកអរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​​ ៣​ ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថា មេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន ​៣ ​ថ្ងៃ​ហើយ​ពុំ​បែកចាប់ខ្លួន​ពុំ​បានពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទ ​ខែត្រ​ត្បូងឃ្មុំ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល ​១០០០០ ​នាក់​ឲ្យ​លើក​ទ័ព​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មកឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វាចាប់​វា​ឲ្យ​បានកុំឲ្យ​អា​ខ្មាំង​រត់​រួច។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច​ ២៥០ ​នាក់​ឲ្យទៅ​បង្កប់​ចាំមើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថាឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​មហាទេព​ឲ្យ​ឃុំ​ពល ​៤០០​ នាក់​ទៅ​ពួន​ចាំ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្មទំលាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ឲ្យ​បាន។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់។ ចៅពញាតេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ។ ឯ​ព្រះស្ដេច​កនយល់​ឃើញ​ដូច្នោះ​ហើយ ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​ទៅ​បាន។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សំលាប់​ពល​ខ្មាំងសត្រូវ​អស់​ជាង ​១០០០០ ​នាក់។ ស្ដេច​កន និង​ចៅហ៊្វា​កៅខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់តំរង់​ទៅក្រុង​ពិជ័យ​ព្រៃនគរ។ ពេល​នោះ​ សម្ដេចចៅពញាបែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​រំពេច។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កំលាំង​ក៏​បរសេះ​រត់ទៅ​តាម​ព្រះស្ដេច​កនកំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម។ ទ័ព​ខ្មាំង​នឹង​វាយទំលាយ​ទៅ​ក៏​ពុំ​រួចនឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់សុំ​ក្មួយ​ស្លាប់​តាម។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ​ចៅហ៊្វា​កៅ​ក៏​បោល​សេះទំលាយ​ចេញ​ទៅ។ ឯ​ព្រះ​សុទត្តយល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពល​កាំភ្លើង ​២៥០ ​នាក់​ទៅ​ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់​គ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នាចូល​វាយ​ទំលាយ​ទ័ព​មុខ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស ​៥០០០​ នាក់ក្រៅពី​នោះ​ស្លាប់​អស់។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំងអស់កំលាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នាត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅព្រមទាំង​ពល​ទាហាន ​៥០០០​ នាក់នាំ​គ្នារត់ទៅ​ទៀត។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​ ៥ ​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ប្រការ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា៖ សម្ដេចចៅពញា​បែន​ស្លាប់ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ាយមរាជព្រំ (សួស) ឃុំ​ពល​ ២០០០០ ​នាក់ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំងឃុំ​ពល​ ២០០០០​ នាក់ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភគិយ្យោ​យសរាជាជា​កែវ​នាយក​មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​មាន​ធ្វេសប្រហែស​ឡើយ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ពឃើញ​តែ​បី​កង)។

សម្ដេចចៅហ៊្វា​កៅ​ដែល​ នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរជាលន់នឹង​ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំងតាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវអត់​មាន​បង្អែបង្អង់​ឡើយ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែង បាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្មទំលាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិចបណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បានត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់។

លបធ្វើគតព្រះស្ដេចកនលើកទី២[កែប្រែ]

ក្នុង​ថ្ងៃមួយ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ហត្ថា​ម្ខាង​កៅទណ្ឌ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ធ្នូ ​២៥ ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ជាលែង និង​ព្រះ​ស្នំ​ក្រមការយាង​ព្រះបាទា​តាម​ផ្លូវថ្នល់​ទៅ​ថ្វាយបង្គំ​ព្រះអរហន្ដ​ធាតុ​នៅ​វត្ដ​ព្រះ​ធាតុ​តាម​សព្វដង។ ព្រះរាជកិច្ច​នោះ​ដឹង​ដល់​ឧកញ៉ា​យមរាជ​សួស (ព្រំ)ជា​មេទ័ព​ហ្លួង​ខាងលិច ទើប​មេទ័ព​នេះ​ក៏​ចាត់​កងទ័ព​កាំភ្លើង​តូច​ ១០០ ​នាក់​ឲ្យទៅ​បង្កប់​ចាំ​ក្នុងព្រៃ​ដើម្បី​លប​លុក​ព្រះស្ដេច​កន។ លុះ​ព្រះ​ស្រីជេដ្ឋា​ទៅ​ដល់​ទាហាន​កាំភ្លើង​ដែល​ឧកញ៉ា​យមរាជ​សួស (ព្រំ)​ ចាត់​ទៅ​នោះក៏​បាញ់​ត្រូវ​ដាច់​ព្រះ​ពស្ដ្រ​សម្ដេចព្រះ​ស្រីជេដ្ឋា​ ៥ ​គ្រាប់។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ទាញ​កៅទណ្ឌ​បាញ់​ទៅ​វិញបាញ់​ម្ដង​ចេញ​ទៅ​ ៥ ​ព្រួញបាញ់ ​៥ ​ដង​ត្រូវជា​ ២៥​ ព្រួញបណ្ដាល​ឲ្យ​ស្លាប់​ពល​ឧកញ៉ា​យមរាជ​សួស​ (ព្រំ) ២៥​ នាក់ ទ័ព​សល់​ពី​នោះ​មិន​ហ៊ាន​តទៅ​ទៀត ក៏​បែក​រត់ទៅ​ប្ដឹង​ឧកញ៉ា​សួស​វិញតាម​ដំណើរ​គ្រប់​ប្រការ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ក៏​នាំ​ព្រះ​ស្នំ​ក្រមការ​ត្រឡប់​ទៅ​បន្ទាយ​ពិជ័យ​ព្រៃនគរ​វិញ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ ហើយ​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ទេព​ឲ្យ​អញ្ជើញ​ព្រះរាជសារ​នោះ​ទៅ​ថ្វាយ​ព្រះ​បរមខត្តិយា​មហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប។ រាជទូត​ក៏​ក្រាបថ្វាយបង្គំ​លា​អញ្ជើញ​ព្រះរាជសារ​ទៅ​ដល់​សេនាបតី សេនាបតី​នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ។ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​អាល័ក្ស​ថ្លែង​សេចក្ដី​តាម​ព្រះរាជសារ​ថា យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​មាន​ព្រះរាជសារ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ដើម្បី​រាស្ដ្រ​ធ្វើស្រែ ម្ចាស់ផែនដី​ខាងលិច​ក៏​ព្រម​ហើយ។ ឥឡូវនេះ​ហេតុ​អ្វី​ម្ចាស់ផែនដី​ទិស​ខាងលិច​ដែល​ធ្វើ​ជា​ព្រះមហាក្សត្រ​ធំ ហើយ​ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យ​សោះគឺថា​ឲ្យ​ពល​ទាហាន​ទៅ​លប​បាញ់​យើង ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ? ព្រះបាទ​ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា ទ្រង់​ពិរោធ​នឹង​កងទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ពន់ប្រមាណ។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រកមុខ​ទៅ​ឃើញ​ថា ឧកញ៉ា​យមរាជ​សួស​ (ព្រំ) ឲ្យ​កងទ័ព​ទៅ​លប​បាញ់ ទើប​សេនា​ទាហាន​ក្រុម​រក្សាព្រះអង្គ​ចាប់​យក​ឧកញ៉ា​យមរាជ​សួស (ព្រំ) ​ទៅសំលាប់​ភ្លាម។ ឧកញ៉ា​យមរាជ​ស្លាប់ ហើយ​គ្មាន​នរណា​ហ៊ាន​កប់​សោះលុះ​ខ្មោច​យមរាជ​ហើម​ស្អុយ ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ប្រោស​អនុញ្ញាត​ឲ្យ​ញាតិសន្ដាន​យក​ខ្មោច​នោះ​ទៅ​ធ្វើបុណ្យ រួច​ត្រាស់​បង្គាប់​ឲ្យ​បញ្ជូន​កងទ័ព​ដែល​នៅ​សេសសល់​ ៧៥ ​នាក់​នោះ​ជា​ពល​រក្សា​ផ្នូរខ្មោច​ឧកញ៉ា​យមរាជ ហេតុនេះ​ហើយ​បាន​ជា​ជាប់​មាន​ពល​សំរាប់​ងារ​យមរាជ​នោះ​រៀង​មក។ ឯ​ទី​ដែល​ឧកញ៉ា​យមរាជ​ស្លាប់​ហើម​នោះ អ្នកស្រុក​ហៅ​ថា ភូមិ​យមរាជ​ហើម តែ​យូរៗ​មក​ក៏​ហៅ​ភូមិ​ហើម​រៀង​មក​ទល់​សព្វ​ថ្ងៃនេះ។ ឯ​ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា គ្រា​ដែល​ឈប់​សង្គ្រាម​នោះ ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល មាន​រេហ៍ពល​សំរាប់​ការពារ​បន្ទាយ​ ១០០០០​ នាក់ ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេចព្រះ​ភាគិនេយ្យ​យស​រាជា​ កែវ​នាយក​ និង​សេនា​ទាហាន ​៤០០០ ​នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ។ ឯ​ព្រះ​អង្គ​ និង​រេហ៍ពល ​៦០០០​ នាក់យាង​ត្រឡប់​ទៅ​ខែត្រ​ពោធិ៍សាត់​វិញ ហើយ​ព្រះ​អង្គ​ឲ្យឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ហៅ​ថា បន្ទាយ​មានជ័យ វិញ។

ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)[កែប្រែ]

និយាយ​អំពី​សម្ដេច​ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ​នោះ​វិញ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន ​១៥០០០​ នាក់​មក​សម​ហាត់​ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ (ពោធិ៍សាត់) សំរេចផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់គ្រាន់​តាម​ព្រះ​បន្ទូល​ពិសេស។ សេចក្ដី​ដែល​កេណ្ឌ​រេហ៍ពល​មក​សមហាត់​នេះ​ឮ​សូរសព្ទ​ទៅ​ដល់​សម្ដេចព្រះ​ភាគិនេយ្យោ​យសរាជា​ជា​កែវ​នាយក​ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​នឹង​ឧកញ៉ា​ចក្រី​ទេព ឧកញ៉ាសួគ៌ាលោកសុខ កូន​ពញា​មឿង និងសម្ដេចចៅពញាកែវ ចៅពញា​ឧទ័យធិរាជ ចៅពញា​តេជោ​នោះអស់​នាយ​កងទ័ព​ថា ពល​គេ​ដល់​ទៅ​១៥០០០០ ​នាក់ ​ពល​យើង​មាន​តែ ​៤០០០​ នាក់ដូច្នោះ​នឹង​គិត​ដូច​ម្ដេច​កើត។ វេលា​នោះ​ ឧកញ៉ា​ចក្រី​ ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង​យក​សេចក្ដី​ក្រាប​ទូល​ពល​យើង​សម្ដេចព្រះ​បរមបពិត្រ​ជា​អម្ចាស់​ ទ្រង់​ឲ្យ​បន្ថយ​អស់​ទៅ​ហើយ បើ​យើង​នឹង​ទៅ​កេណ្ឌ​ថែម​ទៀត ក្រែង​ពុំ​ទាន់ តែ​កាល​បិតា​ទូលព្រះបង្គំ​លោត​អន្លង់​សំលាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច​ឲ្យ​ជួយ​ធ្វើការ​នោះ បាន​ផ្ដាំ​ទុក​នឹង​ចៅពញា​ចន្ទ មេ​ស្មឹង​ជាភឿន​ថា បើ​ម្ចាស់ផែនដី​មាន​សេចក្ដី​ទ័ល​ធុរៈ​ដូច​ម្ដេច កុំឲ្យ​ស្ដេច​មាន​បន្ទូល​ផ្ទាល់​ថាឲ្យ​មេ​ស្មឹង​និយាយ​ឆ្លង​ព្រះ​បន្ទូល លោក​នឹង​កេណ្ឌ​ទ័ព​បិសាច​មក​ជួយ​ឲ្យ​បានសំរេច។ ឥឡូវ​ការណ៍​យើង​ក៏​ប្រទាល​ខ្លួន​ណាស់​ហើយ គួរ​យើង​ធ្វើ​តាម​បណ្ដាំ​នោះ​ល្បងមើល សម្ដេចព្រះ​ភគិនេយ្យោ​យសរាជា​ជា​កែវ​នាយក​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​ចន្ទ មេ​ស្មឹង ចូល​មក​ត្រាស់​ប្រាប់​ដូន​កូន​ពញា​មឿង​ពីរ​នាក់​យក​សេចក្ដី​ក្រាប​បង្គំ​ទូល។ ខណៈនោះ ពញា​ចន្ទ ​មេ​ស្មឹងទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និង​ឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថាសុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សំរេច​ដូច​ជួយ​ការណ៍​ក្នុង​ខែត្រ​ ពោធិ៍សាត់។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថាឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោបាញ់​កាំភ្លើង​ពី​ចំងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​សំរេច។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្សរួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះយក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នាចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី។ សម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ ​១៥ ​រាត្រី។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នា នឹង​ជិត​អស់ទាំង​គ្រាប់រំសេវលុះដល់​យប់​គំរប់ ​១៥ ​នោះស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅ​ខែត្ររោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ជួយ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញកងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខែត្រ​រោងដំរី​នោះ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់នាំអ្នកម្នាងជាលែងរត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសានដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ

លុះ​ទៅ​ដល់​ព្រៃ​មួយអន្លើ​ឲ្យ​បោះទ័ព​បង្អង់​នៅ​ទីនោះ យូរ​ទៅ​ជាប់​ឈ្មោះ​បង្អង់​យារៗ​មក ហៅ​ហូរ​ជើង​វាំង។ ទីនោះ​ជា​ព្រៃ​គគីរ​មាន​ដើម​គគីរ​ជា​ច្រើន ព្រះស្ដេច​កន​ឃើញ​ដើម​គគីរ​មួយ​ធំ​ក្រៃ​លែងឲ្យ​បាំង​ស្រមោល​វាស់​ល​មើលឃើញ​ ២៤ ​ព្យាម សំណុំ​ ៩​ ព្យាម ទើប​ព្រះស្ដេច​កន​ប្រឹក្សា​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មានទូកសារាយអណ្ដែតវែង​តែ​ ១៨ ​ព្យាម ទើប​ព្រះស្ដេច​កន​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨​ ព្យាម។ ដូច្នោះ​គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ធ្វើ​ទូក​ឲ្យ​បានជា​ស្រេច ហើយនឹង​ឲ្យ​រាជសារ​ទៅ​បបួល​ចៅពញា​ចន្ទរាជា​អុំ​ភ្នាល់​ដាក់​ព្រះ​នគរ។ បើ​មិន​ភ្នាល់ យើង​នឹង​ឲ្យ​រេហ៍ពល​តាំង​ហ៊ោ​ចំអកចំអន់​ឲ្យ​ឈឺចិត្ដ។ បើ​ហ៊ាន​អុំ​ភ្នាល់ទូក​យើង​វែង​ជាង​ដល់​ទៅ​ ៧ ​ព្យាម​នោះគង់​មាន​ជ័យជំនះ​ដោយ​ងាយ​បាន។ គិត​ព្រមព្រៀង​គ្នា​ហើយ ស្ដេច​កន​ក៏​ឲ្យ​រេហ៍ពល​កាប់​ដើម​គគីរ​នោះ​ចាំង​លុង​បានជា​ទូក-ង​មួយ​វែង ​២៥​ ព្យាម ទទឹង ​១២​ ហត្ថទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ហៅ​ថា ព្រៃ​គគីរ​រៀង​មក។ ឯ​ទូក​ដែល​កាប់​បាន​នោះ​សិត​ពុំ​ទាន់​រួច ហើយ​ស្ដេច​កន​ឲ្យ​អូស​យក​ទៅ​ធ្វើ​នៅ​ឯ​បន្ទាយ​សង់រោង និង​សិត​ទូក​នោះ ហើយ​ឲ្យ​សាង​ព្រះចេតិយ​មួយ​គិត​នឹង​យក​បន្ទាយ​សាង​ថ្មី​នេះ​ជា​មហានគរ។ កំពុង​តែ​សាង​ព្រះ​ចេតិយ​ធ្វើ​បន្ទាយ នឹង​សិត​ទូក​នោះ កងទ័ព​បិសាច​ក៏​តាម​ទៅ​សំដែង​ឫទ្ធិ​តាំង​ហ៊ោ​ឮ​សូរសព្ទ​ដូច​ជា​ស្គរ​រន្ទះ​ទាំង​ផែន​ប្រឹថពី។ ស្ដេច​កន ចៅហ៊្វា​កៅ និង​អស់​នាយ​កងទ័ព​មើល​មិនឃើញច្បាំង​ពុំ​កើត ឃើញ​ប្លែក​អស្ចារ្យ​ណាស់ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទីនោះ​ទៅ​ទៀត។ ស្ដេច​កន សម្ដេច​កៅ សម្ដេចចៅពញា​ហែង​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាង ឯ​អ្នក​ម្នាង​ជាលែង និងចក្រីនីរត់​បែកផ្លូវ​ទៅ​ទិស​ខាងត្បូង​ទៅ​ដល់​ភូមិ​គោក​ស្រុក ហើយ​ទី​ដែល​បែកផ្លូវ​នោះជាប់​ហៅ​ភូមិ​នាង​ឃ្វាងផ្លូវ​យារៗ​មក​ហៅ​ថា​ភូមិ​ស៊ាងឃ្វាង។ ក្រោយមក​អ្នក​ម្នាង​ជាលែង​រត់ទៅ​ទៀតចូល​ព្រៃ​លេច​វាល​គិត​ថា ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ក៏​កាត់សក់​ចង​នឹង​មែកឈើ​នោះ​ប្រាថ្នាឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ដល់​សព្វ​ថ្ងៃនេះ។ ត​មក​ទៀត​នាង​ដើរ​ហួស​ទៅ​ទៀត​ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ខណៈ​នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូងចំកាង​ស្លាប ហើរ​បាំង​ពីលើ​មិន​ឲ្យ​ក្ដៅ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ក៏​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​បង្ហើរខ្លែង។ នាង​ដើរ​ហួស​ទៅ​ទៀត ឃើញ​ត្រពាំង​មួយ​ទឹកថ្លា​ល្អ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទីនោះ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​បាន​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​ស្រែ​កក់​រៀង​មក។ នាង​ដើរទៅ​ទៀត​មាន​អូរ​មួយ​នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នកតា​បង់បត់សុំ​ឲ្យ​មាន​ទូក​ឆ្លង ពេល​នោះ​អ្នកតា​បង់បត់​តំណែង​ជា​ក្រពើ​មួយ​ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅក្រពើ​នោះ​ប្រែ​ក្លាយទៅជា​ក្រពើ​ថ្ម​រហូត​ដល់​សព្វ​ថ្ងៃនេះ គេ​ហៅ​ថា​ភូមិភាគ​ក្រពើ​រៀង​មក។ នាង​ដើរ​ហួស​ទៅ​ទៀត​រោយ​ជើង​ដើរ​ពុំ​រួចអស់​កងទ័ព​សុំ​ពរ​នាង​នៅ​ទួល​នោះ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ថា​ ទួល​សុំ​ពរ។ លុះ​ដើរទៅ​ទៀត នាង​សួស​ជា​មាតា​នាង​ជាលែង រោយ​ជើង​ដើរ​មិន​រួច ចៅពញា​ចក្រី​នីឲ្យ​យក​សំពត់​ធ្វើ​អង្រឹង ហើយ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វថ្ងៃ​នេះ​ជាប់​ឈ្មោះ​ហៅ​ថា ព្រែក​ដង​ផ្គាក់។ តពី​នេះទៅ​ទៀត​ដល់​វាល​មួយ​អន្លើ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹងបានជា​ជាប់​ឈ្មោះ​ហៅ​ថា វាល​ជ្រុះ​ខ្នើយ។ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ ចោល​ស្នែង​ដែល​សែង​នាង​សួស​នោះ​ទៅ​ក្នុង​អូរ​នោះ​សព្វថ្ងៃ​គេ​ហៅ​ថា អូរ​ចោល​ស្នែង។ ក្នុង​ស្រុក​ត្បូងឃ្មុំ​នោះ​មាន​អុង​ម៉ុង​ពីរ (ដូច​ដែល​យើង​បាន​ពណ៌នា​រួច​មក​ហើយ​ក្នុង​ដើម​នេះ) អ្នកស្រុក​សន្មត​ហៅ​ថា អុង​ម៉ុង​ព្រះ​មហោសថ។ អុង​ម៉ុង​តូច​នោះ​មាន​ទំហំ​ ៧ ​ហត្ថ​បួន​ជ្រុង អុង​ម៉ុង​ធំ​នោះ មាន​ទំហំ​ ១៣ ​ហត្ថ​បួន​ជ្រុង។ ទឹក​ដែល​ហូរ​លើ​អុង​ម៉ុង​នោះធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​ឆ្ពោះ​ត្រង់​ទៅ​ស្រុក​យួន។ លុះ​ពេល​សែង​នាង​ទៅ​ដល់​អុង​ម៉ុង​នោះ​សំរាកមួយសន្ទុះ នាង​ទៅ​ពួន​ក្នុង​ហោង​តូច សព្វ​ថ្ងៃនេះ​គេ​ហៅ អុង​ម៉ុង​តូច​នោះ​ថា ហោង​ពល​សែង។ លុះ​ឃើញ​ថា​ស្ងប់ស្ងាត់​គ្មាន​កងទ័ព​លើក​តាម​ទេ នាង​នាំ​បក្សពួក​ទៅ​ដល់​ហោង​អុង​ម៉ុង​ធំ​នោះ នាង​សួស​ទាំង​កូន និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុង​អុង​ម៉ុង​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ហោង​ពួន។ ពួក​នេះ​ហួស​ទៅ​ខាងកើត​បាន​ជួបជុំ​ព្រះស្ដេច​កន សម្ដេច​កៅ។ ស្ដេច​កន​ជំនុំ​គ្នា​នឹង​ធ្វើ​បន្ទាយ​ទៀត តែ​ធ្វើ​មិន​កើត លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ជាប់​ឈ្មោះ​ថា​ភូមិ​ស្រែ​បន្ទាយ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​វាល​មួយ​វែង​បណ្ដោយ​ទៅ​ខាងកើត ក្រោយមក​មាន​គេ​ទៅ​នៅ​ស្រែ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ឈ្មោះ​ភូមិ​ស្រែ​វែង។ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោជា​គេច​ទៅ​ឦសាន​ព្រៃ​ដែល​មក។ ក្រោយមក​មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃនេះ​ហៅ​ថា ភូមិ​រលា ​រៀង​មក។ បក្សពួក​ស្ដេច​កន​នាំ​គ្នារត់ទៅ​ទិស​ខាងកើត​ទៀត​ជួបនឹង​ស្វា​ស​មួយ ​ស្វា​នោះ ​ក៏​បេះ​ផល្លានុផល​ទំលាក់​មក​ឲ្យ​ក្រោយមក​គេ​ទៅ​រានភូមិ​នៅ​សព្វ​ថ្ងៃនេះ​ជាប់​ជា​ភូមិ​ស្វា​ស។ រត់​ទៅ​ឯកើត​ទៅ​ទៀត ដល់ចំការពោត​មួយអន្លើ ម្ចាស់​ចំការ​ឈ្មោះ​ថៅកែ យក​ពោត​មក​ថ្វាយ​ស្ដេច​កន ហើយ​ស្ដេច​កន​ឲ្យ​ពរ​ថាឲ្យ​រកស៊ី​កើត​កាល​វាលគុម្ព។ លុះ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា ភូមិ​ជីកែ ​រៀង​មក។ រត់​ទៅ​ទិស​ខាងកើត​ស្ដេច​នឹង​នាង​អស់កំលាំង​ណាស់ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​ចាំង​ធ្វើ​ជា​គ្រែ បណ្ដោយ​ ៦​ ហត្ថ កំពស់ ​១​ ហត្ថ ទទឹង ​៣ ​ហត្ថ​ថ្វាយ​ស្ដេចផ្ទុំ​លុះ​ក្រោយមក​មាន​គេ​ទៅ​រាន ភូមិ​នៅ​គេ​ហៅ​ ភូមិ​ថ្ម​គ្រែ។ ឯ​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ចៅពញា​វៀង ចៅពញា​វាំង​ ៤​ នាយ​នេះ​កាល​ភ័យ​ពេក​ក៏​រត់​បែក​គ្នា ចូល​ទៅ​ខែត្រ​បាភ្នំ មឿងរមាសហែក​មាន​ស្ម័គ្របក្សពួក​ ២០០​ នាក់។ វេលា​នោះ​កងទ័ព​នាយ​ទាំង​ ៤ ​បាន​ប្រទះ​នឹង​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង កងទ័ព​ទៅ​ដេញរត់ទៅ​ទៀត។ ឯ​ស្ដេច​កន​ឃ្លានបាយ​ណាស់ ក៏​ឈប់​ឲ្យ​ដាំបាយ តែ​ដាំ​ពុំ​ទាន់​ឆ្អិន ទ័ព​គេ​ទៅ​ដល់​ក៏​រត់​ទៅ​ចោល​បាយ​នៅ​ទីនោះ​ទាំង​បាយ​ឆៅ​ផង។ លុះ​កងទ័ព​ចៅពញា​សួគ៌ាលោក​ទៅ​ដល់​ក៏​យក​បាយ​ឆៅ​នោះ​ស៊ី ក្រោយមក​ទៀត​មាន​គេ​ទៅ​រានភូមិ​នៅ​គេ ហៅ​ ភូមិ​បាយ​ឆៅ​រៀង​មក។ ឯនាយ​កងទ័ព​ខ្មាំង​ទាំង ​៤​ នាក់​ឃើញ​ត្រឡាច​ផ្លែ​ក្នុង​ព្រៃ​ក៏​បបួល​គ្នា​បេះ។ កំពុង​តែ​បេះ​នោះ​ទ័ព​គេ​ទៅ​ដល់​ចាក់​កាប់សំលាប់ចៅពញា​វៀង ចៅពញា​វាំង ហើយ​ទ័ព​ដែល​នៅ​សល់​ក៏​បែក​រត់​ទៅ​ទៀត។ ក្រោយ​ដែល​បេះ​ត្រឡាច​នោះ​មក​មាន​គេ​ទៅ​នៅ​ក៏​ជាប់​ហៅ​ថា​ ភូមិ​ត្រឡាច ​រៀង​មក។ ឯ​សម្ដេចចៅហ៊្វា​កៅ និង​ចក្រី​នី នាំ​ស្ម័គ្របក្សពួក​រត់ទៅ​ដល់​ព្រៃ​មួយ​អន្លើ​មានទឹក​ត្រពាំង​ល្មម​ពេល​ដាំ​បាយ​ស្ល​ស៊ី​ក៏​ឈប់​កាប់​ត្រី​ធ្វើ​ម្ហូប។ លុះ​កងទ័ព​គេ​ទៅ​ដល់​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ប្រថុយ​ជីវិត​ចូល​មក​តដៃ​ក៏​កំពប់​ត្រី​ពី​ចាន​បានជា​ជាប់​ហៅ​ថា ភូមិ​ចាន​ត្រី​រៀង​មក។ ឯ​ចៅហ៊្វា​កៅ ចក្រី​នី​នាំ​ស្ម័គ្រ​បក្សពួក​រត់ទៅ​ទៀត ចៅពញា​សួគ៌ាលោក​ក៏​ដេញ​តាម​ទៅ​បន្ដិច ចៅពញា​តេជោ​លើកទ័ព​ទៅ​ដល់​ក៏​ចូល​ប្រកាប់​គ្នា ចក្រី​នី​នឹង​ចៅពញា​សួគ៌ាលោក សម្ដេច​កៅ​ត​នឹង​ចៅពញា​តេជោ អ្នក​ទាំងនោះ​ស្ទាត់​ក្នុង​ការ​កាន់​អាវុធ​ចិត្ដមុត​ដូច​គ្នា។ ប្រយុទ្ធ​គ្នា​ពី​ថ្ងៃត្រង់​ដល់​រសៀល បិសាច​ពញា​មឿង​បណ្ដាល​ឲ្យ​ចៅហ៊្វា​កៅ ចក្រី​នី ឮ​សូរដូច​គេ​ស្រែក​សន្ធាប់​នាំ​ឲ្យ​ធ្លាក់​អាវុធ​ពី​ដៃ។ ខណៈនោះ​ចៅពញា​សួគ៌ាលោក ចៅពញា​តេជោ​សំលាប់​បាន ហើយ​កាត់​ក្បាល​នាំ​មក​ថ្វាយ​សម្ដេចព្រះ​ភគិនេយ្យា​យស​រាជ​ជា​កែវ​នាយក​ ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​ប្រោស​រង្វាន់​តាម​សមគួរ។ ឯ​សម្ដេចចៅពញា​ហែង នាង​ជាលែង ចៅពញា​ស្រាល ចៅពញា​លំពាំង​នោះ​នៅ​ជាមួយ​នឹង​ព្រះស្ដេច​កន​ធ្វើ​បន្ទាយ​រាយ​ល្បាត​យាម​ក្នុង​ព្រៃ​នោះ តែ​ជិត​កើតជា​បន្ទាយ​កាលណា​ក៏​ចេះ​តែ​ឮ​សូរដូច​ជា​កងទ័ព​គេ​លើក​ទៅ​ចោម។ ដូច្នោះ​ហើយ​ស្ដេច​កន​ក៏​នាំ​គ្នា​ជិះ​ដំរី​ទៅ​ជ្រក​ក្នុង​ព្រៃ​មួយ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ ​ភូមិ​ដំរី​ជ្រាប។ រត់​ពី​នោះ​ទៅ​ទៀត​ស្ដេច​កន​ជួប​មេមត់​ម្នាក់​ល្បី​ថា​ឆុត​ណាស់ ស្ដេច​កន​ឲ្យ​បញ្ជាន់​សួរ​ពី​សុខ​ឬ​មិន​សុខ។ មេមត់​នោះ​ឆ្លើយ​ថា ពុំ​សុខ​ទេ បើ​ចង់​សុខ​ឲ្យ​ទៅ​សុំ​ទោស​ហ្លួង​ខាងលិច ក្រោយមក​នោះ​មាន​គេ​ទៅ​នៅ​ទីនោះ​ក៏​ជាប់​ហៅ​ថា ភូមិ​មេមត់​ រៀង​មក។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​ព្រៃ​មួយអន្លើ ពួក​យាម​គ្មាន​ឫស្សី​ធ្វើ​ត្រដោក តែ​ឃើញ​ផ្ទាំង​ថ្ម​មួយ​មាន​រូង​ពួក​យាម​ក៏​វាយ​ថ្ម​នោះ​ខ្ទ័រ​ដូច​ស្គរ​ដូច​ ត្រដោក។ ក្រោយមក​មាន​គេ​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា ភូមិ​ត្រដោក។ រត់​ទៅ​ទៀត​ស្ដេច​កន​ឃើញ​ទន្លេ​ចាម​មាន​ទឹក​ហូរ​ចុះ​ទៅ​ស្រុក​ព្រៃ ក៏​ឈប់​ទ័ព​នៅ​ទីនោះ។ មាន​កំពង់​ចុះ​ងូត​ដងទឹក​នោះ​ដោយ​ខ្លួន មាន​ឈ្មោះ​កំពង់​នាង​ជាលែង កំពង់ហ្លួង កំពង់​សម្ដេចចៅពញា​ហែង​រៀង​មក។

លុះ ​នៅ​ទីនោះ​យូរ​ទៅ​សម្ដេចចៅពញា​ហែង ជំទាវសួសក៏​មាន​ជំងឺ​ហើយ​អនិច្ចកម្ម​ទៅ នៅ​តែម​ន្ដ្រី​សេនា​ទាហាន​ជាន់​តូចៗ និង​រេហ៍ពល​ប្រាំ ឬ​ប្រាំមួយ​រយ​នាក់ ទើប​ព្រះ​ស្រីជេដ្ឋា​ជំនុំ​នឹង​រេហ៍ពល​ទាំងឡាយ​ថា យើង​រត់​មក​នោះ​ឆ្ងាយ​ណាស់ ស្បៀងអាហារ​ក៏​តិច​ណាស់ កេណ្ឌ​រេហ៍ពល​ថែម​ទៀត​ក៏​ពុំ​បាន។ យើង​យល់​ថា ព្រះ​ចន្ទរាជា​ទៅ​ខែត្រ​ពោធិ៍សាត់​ទៅ​ហើយ នៅ​តែ​ពញា​យសរាជា​នោះ​ជា​ក្មួយ​អញ​បង្កើត ដូច្នោះ​បើ​ទុក​ជា​ម្ដេច​ម្ដា ក៏​ចៅពញា​យសរាជា​មិន​យកទោស​អញ​ទេ ទ្រង់​ឲ្យ​អញ​ធ្វើ​ជា​សម្ដេចជា​សម្ដេច​ចៅហ៊្វា​ដែរ ហើយ​ពួក​ឯង​រាល់គ្នា​គង់​បាន​សេចក្ដីសុខ​ដែរ។ ការណ៍​ដែល​ឯង​មាន​គុណ​គាប់​នឹង​អញ អញ​និង​ទំនុក​បំរុង​បាន​ដោយ​ងាយ។ អញ​យល់​ថា យើង​ចាក់ចោល​គ្រាប់រំសេវ​ឲ្យ​អស់ ហើយ​សុំ​ចុះចូល​វិញ​ឃើញ​ថាបាន​សេចក្ដីសុខ​ប្រសើរ​ជាង។ អស់​ពល​ក៏​យល់​ព្រម​តាម សព្វថ្ងៃ​ទីនោះ​ហៅ​ថា ភូមិ​ជំនុំ​ រៀង​មក។ ព.ស​ ២០៦៩, គ.ស ​១៥២៥, ម.ស​ ១៤៤៧, ច.ស ​៨៨៧ ឆ្នាំរកា​ សប្ដស័ក សម្ដេចព្រះ​ស្រីជេដ្ឋាគឺ​ព្រះស្ដេច​កនបាន​ចាក់ចោល​គ្រាប់រំសេវ ហើយ​ក៏​នាំ​រេហ៍ពល​មក​ដល់​វត្ដ​គរ​ដែល​ព្រះ​នាង​ជាលែង​សាង​នោះ។ នៅ​ទីនោះ​ស្ដេច​កន​ឲ្យ​រេហ៍ពល​ជីក​ស្រះ​មួយ​នៅ​ផ្នែកខាង​កើត​ព្រះ​វិហារ​ទុក​ ជាទី​សំរាប់​វត្ដ។ ក្រោយមក​ស្ដេច​កន​នាំ​រេហ៍ពល​ទៅ​ទិស​ខាងជើង ដល់​វត្ដ​មួយ​ដែល​សម្ដេច​ចៅពញា​ហែង បិតា​ព្រះ​ម្នាង​ជាលែង​សាង​នោះ​ឲ្យឈ្មោះ​ជាប់​នឹង​វត្ដ​ដែល​សាង​នោះ​ហៅ​ថា វត្ដ​គរ​ការ​ទួល​តា​ហែង តាម​នាម​សម្ដេច​ហែង។ រួច​ចេញ​ទៅ​ខាងលិច​ភូមិ​ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​បណ្ដោយ​ប្រវែង​ ៥០​ ព្យាម ទទឹង​ ២៥ ព្យាម ហើយ​សាង​វត្ដ​មួយ​សាង​ព្រះពុទ្ធរូប និង​ដើម​រកា ​៥ ​ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ហៅ​ថា វត្ដ​ភូមិ​រកា​ព្រះ​ប្រាំ​ រៀង​មក។

ចូលទិវង្គត[កែប្រែ]

ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាជាកែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ោ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខែត្រត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។

គិតពីស្ដេចកន សោយរាជ្យជាសុខ ជាសម្ដេចព្រះស្រីជេដ្ឋាមកដល់ ព.ស. ២០៦០ គ.ស. ​១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័ក ត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទ ពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀត ត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំ សុវណ្ណគុតដោយអាវុធ។

  • ១. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ព ទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តម្រិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទម្លាយចូលកាប់សម្លាប់អាក្បត់​ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សម្លាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទម្លាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង​ ត្រូវដើមដៃស្ដេចកន ដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។" ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសម្លាប់ស្ដេច កនបាននោះនៅក្នុងឆ្នាំរកាសប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជ្យសម្បត្តិស្ដេចកន បាន១៤ឆ្នាំ ព្រះជន្ម ៤២ឆ្នាំសុគត។
  • ២. "សាស្ត្រាដទៃទៀត ក៏និយាយថា : ស្ដេចកន បរាជ័យ ដោយសារចាញ់សង្គ្រាមរបស់ព្រះអង្គចន្ទរាជា ប៉ុន្តែជាឧបាយកល ប្លែកពីខាងលើនេះទៅទៀត"។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជា ជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុក ឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យាតាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា២៩ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។
  • ៣. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យោនេះ មានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នពស័ក ព.ស. ២០៧១, គ.ស.១៥២៧។ ចំណែកឯសាស្ត្រាវត្តសិទ្ធបូរ និងវត្តកោកាក មិនបាននិយាយដល់ ព្រះអង្គយសរាជានេះទេ។
  • ៤. ប៉ុន្តែមានសៀវភៅមួយទៀត របស់លោកតាឌុច លោកយាយពិន ដែលជាបិតា មាតាលោកឌុចស៊ីឌឹម និយាយថា : ព្រះយសរាជា ស្ដេចសុវណ្ណគតក្នុងសង្គ្រាម ក្នុងពេលដែលព្រះអង្គ ស្ទាក់វាយចៅហ្វា កៅ"។ សម្ដេចព្រះរាជបិតុលា ស្ដេចទ្រង់ស្ដាយពន់ប្រមាណណាស់ ទ្រង់ត្រាស់ឱ្យលើកព្រះសព តម្កល់ ក្នុងព្រះកោដ្ឋ ហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេចព្រះឝ្រីឝៅគន្ធបទ អំពីស្រុកសំរោងសែន ខែត្រអាសន្ទុកមកហើយ ទ្រង់ត្រាស់ឱ្យសាងព្រះមេរុថ្វាយព្រះភ្លើង រំលាយព្រះបរមសពតាមរាជប្រវេណី។

[១]

រើរាជធានី[កែប្រែ]

សម្ដេច ព្រះឧត្តមបរមខត្តិយា មហាចន្ទរាជា កាលចុល្លសករាជ ៨៨៧ ឆ្នាំវក ឆស័ក ដែលព្រះអង្គត្រឡប់ពីធ្វើសង្គ្រាមក្នុងខែត្រត្បូងឃ្មុំនឹងព្រះស្ដេចកន ហើយយាងទៅដល់បន្ទាយមានជ័យវិញ នោះទ្រង់ត្រាស់បង្គ្រាប់ឱ្យឧកញ៉ាពិភ័ក្ដិឥស្សរា១ ឧកញ៉ារក្សាឥស្សរោ២ ជាមេការ ឧកញ៉ាពិភ័ក្ដិទិព្វរាជ្យ១ ឧកញ៉ាស្រីសុមេធរាជធិបតីបែន ក្រុមព្រះសុរិយោដី១ កេណ្ឌរាស្ត្រទៅកាប់ឈើ ឱ្យមេការទៅសាងព្រះរាជវាំងលង្វែកឱ្យធ្វើឱ្យមាំមួនកុំធ្វេសប្រហែស។

នោះក្រុមព្រះសុរិយោដី ក៏ចេញទៅកេណ្ឌរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម ប្រគល់ឱ្យក្រុមមេការ ក្រុមមេការក៏តាំងកេណ្ឌជាងឱ្យទៅសាងព្រះរាជវាំង និងបន្ទាយរាជសីមា។ នោះក្រុមមេការឱ្យជីកបុកឫសរៀបថ្ម ៦ ហត្ថ ជុំវិញបន្ទាយជា ៣ ជ្រុង ហើយលើកដីច្រុះក្ដារធ្វើជាបន្ទាយខាងលើនោះតំកល់ ១៧ ហត្ថ កំរាស់លិច ១០ ហត្ថ ជើងទេរក្រោម ២២ ហត្ថ ជុំវិញទាំង ៣ ជ្រុង " ព្រោះជ្រុងទី៤ នោះគឺទន្លេ តាមយល់របស់អ្នកនិពន្ធ " ៥ ជាន់ហើយមានទ្វារធំ ៨។ ទ្វារមួយៗ មានសើនមួយ។ ទាំង ៨ សើននោះ កំពស់ ២២ ហត្ថ សំរាប់ដាក់កាំភ្លើងធំ។ ចំជ្រុងទាំង ៤ កំពស់ ២៥ ហត្ថ សំរាប់ដាក់កាំភ្លើងធំដូចគ្នា។ ឯលើភាគបន្ទាយជុំវិញនោះទ្រង់ឱ្យដាក់សុទ្ធតែកាំភ្លើងបាញ់ច្រូងជុំវិញទាំង ៥ ជាន់។ ខាងមុខកំពែង ជាន់ទី១ ស្ដេចឱ្យធ្វើរោងដំរី រោងសេះ។ ក្នុងកំពែងជាន់ទី១ នេះធ្វើដាក់សុទ្ធតែទាហានកាំភ្លើងធំ។ ខាងកំពែងជាន់ទី២ តាំងថែវ ដាក់សុទ្ធតែទាហានកាំភ្លើងតូច និងធ្វើសាលាជំនុំដាក់សាលាដំបូងខាងឆ្វេង សាលឧទ្ធរណ៍ខាងស្ដាំ។ ខាងក្នុងកំពែងទី៣ តាំងថែវដាក់សុទ្ធតែទាហានដាវ ផ្គាក់ជាទាហានអាវុធខ្លី។ ខាងកំពែងជាន់ទី៤ តាំងថែវដាក់ទាហានរក្សាព្រះអង្គ រោងល្ខោន និង ព្រះពន្លាទតល្ខោន។ ខាងក្នុងកំពែងទី៥ តាំងរោងព្រះបញ្ចក្សេត្រ និងដំណាក់សំរឹទ្ធិ ពិមានសំរាន្តភិរម្យ ក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅក្នុងកំពែងជាន់ទី៥ នៅទ្វារយាម ព្រលប់នោះតាំងថែវឱ្យកំបាំងកំពូល ៥ ត្រឡែងកែវមានជហ្វាដងក្ដារ សុទ្ធតែលាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស ឱភាសសោភាភ្លឺផ្លេកពន់ប្រមាណ ហើយធ្វើប្រាង្គមហាប្រាសាទមួយកំពូល ៥ ជាប្រាសាទសំរាប់ព្រះមហាក្សត្រាធិរាជផ្ទំ សាងព្រះរាជមន្ទីរធំមួយសំរាប់ព្រះស្នំក្រមការប្រចាំយាម ហើយធ្វើប្រាសាទមួយ កំពូល ៣ ជាន់ ជាសំរាប់ព្រះរាជបុត្រី ហើយឱ្យធ្វើព្រះដំណាក់ ៥ ខ្នងសំរាប់ព្រះមង្គល និងព្រះស្នំទាំង ៥ ឱ្យធ្វើព្រះដំណាក់ ៥ ខ្នងទៀតជាសំរាប់ព្រះម្នាងទាំង ៥ ឱ្យធ្វើព្រះដំណាក់ ២ ខ្នងទៀតជាសំរាប់អស់អ្នកចេញឈ្មោះ ហើយខាងក្រោយកំពែងនោះ ឱ្យតាំងឃ្លាំងស្រូវអង្ករ និងឃ្លាំងអំបិល ត្រី ១៥ ខ្នងខាងត្បូង និងខាងជើងកំពែងនោះ តាំងឃ្លាំងគ្រាប់រំសេវ ១០ ខ្នងខាងឦសានព្រះរាជវាំងឱ្យតាំងខ្លាងមឿងទុកខាងមុខ។ ប្រាសាទ ព្រះរាជមន្ទីរតូចធំសុទ្ធសឹងចំលួយចំលាក់ ឆ្លាក់ឆ្លៅ លាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស ឱភាសឆ្អិនឆ្អៅ ដាំនូវកញ្ចក់ ឆ្លូកឆ្លុះ ចាំងសែងព្រះសុរិយា ថ្លាថ្លៃ ក្រៃពេកណាស់។ ហើយស្ដេចឱ្យជីកស្រះស្រង់រងថ្លា សួនច្បារផ្កា ដំណាំ ក្រអូប ល្វឹងល្វើយ ល្អជាអនេក ប្លែកត្រកាលក្នុងព្រះនគរ។ ព.ស. ២០៧១, គ.ស. ១៥២៧, ម.ស. ១៤៤៩, ច.ស. ៨៨៩ ឆ្នាំកុរ នព្វស័ក នោះក្រុមជាង ក្រុមព្រះសុរិយោដី ដែលទៅសាងនគរលង្វែកនោះ សាងព្រះនគរ តាំងពី ច.ស. ៨៨៧ ឆ្នាំរកា សប្តស័ក ដល់ ច.ស. ៨៨៩ ឆ្នាំកុរ នព្វស័ក ត្រូវជា ៣ ឆ្នាំរួចស្រេចសព្វគ្រប់ហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរសោមនស្សណាស់។ ព.ស. ២០៧២, គ.ស. ១៥២៨, ម.ស. ១៤៥០, ច.ស.៩០០ ឆ្នាំជូត ឯកស័ក ព្រះបាទបរមនាថ បរមខត្តិយា មហាចន្ទរាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំក្រមការ និងព្រះបរមវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំខ្ញុំព្រះរាជការលើកព្យូហយាត្រា ទាំងជើងទឹក ជើងគោក ចេញចាក ព្រះបរមនិវេសន៍ បន្ទាយមានជ័យ ខែត្រពោធិ៍សាត់ទៅគង់នៅព្រះរាជនិវេសន៍ បន្ទាយលង្វែកជាឯកមហាក្រស័ត្រ។

ទំនាយនគរ[កែប្រែ]

នៅក្នុងឆ្នាំជូត សំរឹទ្ធិស័កនោះ ព្រះបាទបរមខត្តិយា មហាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាចក្រី ឧកញ៉ារាជតេជៈ ក៏ថ្វាយបង្គំលាចេញ ត្រៀមដំរី សេះ រទេះ ហើយចាត់មន្ត្រីគ្រប់ក្រុម ខ្ញុំព្រះរាជាការឱ្យតាមហែស្ដេចទៅប្រពាតព្រៃ។ ចាត់ស្រេចហើយ មន្ត្រីទាំងពីរនាក់ក៏នាំយកទៅត្រៀមទុក នៅមុខព្រះលាន ព្រះបរមរាជវាំង។ ដល់ថ្ងៃ ៥ កើត ខែចែត្រ ឆ្នាំជូត វេលាព្រឹក សម្ដេចព្រះបរមនាថបពិត្រជាអម្ចាស់ជីវិតលើត្បូងនាំព្រះអគ្គមហេសី ស្រីព្រះស្នំក្រមការចេញអំពីព្រះបរមរាជវាំងឡើងគង់ព្រះទីនាំងកញ្ចោងគជេន្ទ្រា។ ឯព្រះស្នំ ក្រុមបរិវារក៏ឡើងជិះជំនិះតាមចំណាំសព្វខ្លួនទីទៃៗ ស្រេចហើយក៏លើកព្យូហយាត្រា ប្រពាតព្រៃចេញទៅ។ សូរសព្ទរទេះ សេះ ដំរី នោះសន្ធោសន្ធឹក ពន់ប្រមាណ។ លុះដល់មុខភ្នំត្រៀល ក្នុងខែត្រលង្វែកនោះទ្រង់ត្រាស់បង្គាប់ឱ្យឈប់ធ្វើព្រះសុវណ្ណព្រះពន្លាជ័យឡើង គង់ប្រថាប់កំសាន្ត ព្រះចិន្តា។ ខណៈនោះ ព្រះទីនាំងគង់ភក្ដី ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធឈឺ ដួលមួយរំពេច។ អស់ហ្មប្រកបថ្នាំ ពុំស្បើយ ទ្រង់ជ្រាបដល់ក្រោមល្អងធូលីព្រះបាទ ទ្រង់ព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: ព្រះពិជ័យគជេន្ទ្រយុទ្ធនេះ ធ្លាប់ជិះធ្វើសង្គ្រាមមានជ័យច្រើនគ្នា លុះត្រាតែបានសំរេចផែនដី។ ឥឡូវមកមានជំងឺដូច្នេះ បើនរណាមើលជាអញនឹងឱ្យប្រាក់មួយហាប និង គ្រឿងឧបភោគបរិភោគឱ្យបរិបូរណ៍ ហើយនឹងឱ្យមានយសសក្ដិជាចៅហ្វាយខែត្រនេះផង។ ខណៈនោះមានតាចាស់ម្នាក់ជាមនុស្សកាន់សីល ឈ្មោះពញាដែកជាមេស្រុកចាស់ ក្រោយមកលាចេញពីរាជការមកកាន់រក្សាបង់បត់នៅភ្នំត្រៀលទូលថា: ព្រះទីនាំងគជេន្ទ្រនោះ ប្រហែលជាដើរកាត់មុខអ្នកតាហើយ បានជាមានជំងឺឈឺនេះ។ ឯអ្នកតា និងបង់បត់នោះកាលផែនដីព្រះបរមរាជា ពញាយ៉ាត ស្ដេចមកសាងព្រះនគរនៅចតុមុខនោះ ព្រះអង្គសាងរូបព្រះទសមុខ ៤ និង ព្រះឥសូរ ព្រះនារាយណ៍ និងព្រះយាយទេព ច្រើនព្រះអង្គ ទ្រង់ប្រតិស្ឋានទុកនៅភ្នំត្រៀល ១ ភ្នំស្រង់ ១ ទុកជាទ្វារព្រះនគរ បង្ការសឹកសង្គ្រាមសៀម លាវ ពីទិសខាងលិច ខាងជើងប្រតិស្ឋាន នៅវត្តស្លាកែតព្រែកអំពិលព្រះវិហារសួគ៌១ ទុកជាទ្វារព្រះនគរ បង្ការសឹកសត្រូវខាងយួន ចាម ទៅទិសខាងត្បូង ខាងកើត។ ក្នុងមួយឆ្នាំ ព្រះអង្គតែងតែនាំអង្គព្រះកឋិន និង គ្រឿងសក្ការបូជានោះ អស់ទៅហើយ ព្រះទីនាំងក៏ពានមកលើទីនេះផង បានជាព្រះទីនាំងនោះពុំស្រួល។ សម្ដេចព្រះបរមខត្តិយា មហាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះរាជឱង្ការត្រាស់ថា: បើដូច្នោះ ចូរតាឯងយកទៀនធូបទៅបន់ស្រន់ជាប្រញាប់ បើចំពិតដូចសំដីតាឯងនិយាយមែន យើងនឹងឱ្យរង្វាន់ឱ្យពេញចិត្ត។ ខណៈដែលពញាដែក ទទួលទៀនធូបទៅកាលណា ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធនោះ ក៏សះជាមួយរំពេច ទើបអស់ព្រះបរមវង្សានុវង្ស និង អគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងឡាយ ក៏ត្រេកអរលើកហត្ថទៅលើ ហើយសរសើរព្រមគ្នាថា: តាចាស់នេះទាយចំពិតជាត្រូវណាស់។ សេចក្ដីនេះ ជ្រាបដល់ព្រះបរមបពិត្រ ទ្រង់មានព្រះសោមនស្សណាស់ ទើបទ្រង់ប្រែនាមភ្នំត្រៀលនោះ ឱ្យឈ្មោះភ្នំចំពិតវិញ ហើយតាំងពញាដែកនោះ ឱ្យធ្វើជាចៅហ្វាយស្រុក និងព្រះរាជទានប្រាក់មួយហាប សំពត់ អាវ ១០០ មួយមុខ។ ឯពញាដែក ទទួលហើយ ក្រាបបង្គំទូលថ្វាយថារបស់អស់ទាំងនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយដាក់ក្នុងព្រះឃ្លាំងជាសំរាប់ចែកចាយសេនាទាហានចុះ ដ្បិតពីរឆ្នាំទៀត សៀមនឹងលើកទ័ពមកចោមព្រះនគរហើយ។ ថាដែលព្រះអង្គស្ដេចព្រះដំណើរមកក្រសាលព្រៃនេះ ទំនាយថា: ព្រះអង្គនឹងបានរបស់ល្អទៅទុកក្នុងព្រះនគរ។ ព្រះបាទបរមនាថ បរមបពិត្រត្រាស់ថា: ម្ដេចក៏តាដែកឯងដឹង ហ៊ានទាយដូច្នេះ។ ទើបពញាដែក ក្រាបទូលថា: ដឹងដោយទេវតាដែលរក្សាភ្នំនេះ ឱ្យនិមិត្តប្រាប់ ហើយទូលថា: តាមទេវតាប្រាប់ហេតុនោះ ទូលព្រះបង្គំជាខ្ញុំ ត្រូវអស់ជីវិតក្នុងគ្រានេះហើយ ហើយត្រូវទៅនៅរក្សាភ្នំត្រៀល ដែលទ្រង់ប្រែឈ្មោះចំពិតនោះ។ លុះក្រាបទូល ចប់សេចក្ដីនោះហើយ ពញាដែកក៏អស់ជីវិត ក្បែរព្រះទីនាំងក្នុងមួយរំពេចនោះទៅ។ ព្រះបាទបរមបពិត្រយល់អស្ចារ្យណាស់ ទ្រង់ត្រាស់ឱ្យធ្វើបុណ្យរំលាយសពពញាដែកហើយឱ្យប៉ានរូបពញាដែកធ្វើអាស្រមទុកនៅភ្នំនោះបានជាក្នុងភ្នំនោះជាប់ហៅថា អ្នកតាដំបងដែករៀងមកសព្វថ្ងៃនេះ។ ឯព្រះបាទបរមបពិត្រ តាំងតែពីថ្ងៃនោះរៀងមក ទ្រង់បញ្ញត្តិលើក្រមព្រះរាជក្រឹត្យសង្ឃការីថា: ក្នុងមួយឆ្នាំៗត្រូវរៀបគ្រឿងព្រះកឋិន ចំនួនតាមព្រះជន្មព្រះអង្គនាំទៅថតគ្រប់វត្ត ដែលមានទេពទេវរុក្ខ ជាទ្វារព្រះនគរ និងវត្តនានា ដែលមានសិទ្ធិស័ក្ដិនោះរាល់ឆ្នាំ ហើយត្រាស់ថា: ឱ្យលើកព្យូហយាត្រាបាត្រាតទៅទៀត។ ដល់ទៅភូមិឈើទាលប្រឱប ជាព្រំខែត្រសំរោងទង និងខែត្រលង្វែកនោះទ្រង់ឱ្យឈប់ ព្រះទីនាំងតាំងព្រះពន្លា។ លុះដល់ថ្ងៃរសៀលត្រជាក់ ស្ដេចយាងព្រះបាទា ទតទៅយល់ដើមឈើទាលមួយ ធំខ្ពស់ក្រៃលែងនឹងប្រមាណ ហើយមានផែនថ្មមួយផ្ទាំងជាប់នៅ លើបង្កៀបមែកឈើទាលនោះ កំរាស់ ២ ហត្ថ ទំហំ ៥ ហត្ថ ៤ ជ្រុង។ ទ្រង់សង្ស័យណាស់ ទើបត្រាស់សួរអស់អ្នកស្រុកចាស់ទុំ។ អ្នកស្រុកក្រាបទូលថា : "ទូលព្រះបង្គំជាខ្ញុំរាល់គ្នា កើតពុំទាន់ដែរ តែឮដោយដូនតានិយាយតមកថា : ថ្មនោះតាំងពីកាលផែនដី ព្រះបាទសម្ដេចព្រះបរមព្រហ្ម ដែលហៅថា តាព្រហ្ម" ជាឈ្មួញគោ កាលពុំទាន់បានសោយរាជសម្បត្តិនោះ ព្រះអង្គនាំកូនឈ្មួញទៅផ្ទំឃ្វាលគោ ក្រោមដើមឈើទាលនោះ។ វេលានោះមានសត្វត្រកួតមួយ មកជុះដាក់ព្រះអង្គ ព្រះអង្គទ្រង់ព្រះពិរោធណាស់ក៏ចាប់យកថ្មនោះចោលទៅ ត្រូវសត្វត្រកួតមួយ មកជុះដាក់ព្រះអង្គ ព្រះអង្គទ្រង់ព្រះពិរោធណាស់ក៏ចាប់យកថ្មនោះចោលទៅ ត្រូវសត្វត្រកួតនោះស្លាប់ ធ្លាក់មកដល់ដី។ ឯថ្មនោះក៏នៅជាប់លើមែកឈើទាលនោះ។ សព្វថ្ងៃ តែដល់ថ្ងៃ ៥ កើត ៥ រោច, ថ្ងៃ ៨ កើត ៨ រោច និង ថ្ងៃ ១៥ កើត និង ១៥ រោច កាលណា មានគោមទៅអុជលើដើមឈើទាលនោះ។ ព្រះបរមនាថបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយ ទ្រង់ឃើញអស្ចារ្យក្នុងព្រះរាជហឫទ័យពន់ប្រមាណ ទើបទ្រង់នឹកពីពាក្យ ពញាដែក ក្រាបបង្គំទូលថា: ទ្រង់នឹងបានរបស់វិសេសនោះ ប្រហែលជាថ្ម និងឈើនេះឯងហើយ។ ទ្រង់ត្រាស់បង្គាប់មេស្មឹលឱ្យធ្វើពិធីសុំថ្ម និង ឈើនោះ ៣ ថ្ងៃ ហើយបង្គាប់ឱ្យរំលំដើមឈើទាលនោះធ្លាក់ទៅក្នុងទឹកស្ទឹងទើបព្រះអង្គឱ្យស្រង់យកថ្ម និងឈើនោះ នាំយកទៅដល់ក្នុងបន្ទាយព្រះនគរទ្រង់ឱ្យធ្លាក់ជាព្រះបាទព្រះ ៨ ព្រះបាទា ឱ្យយកដើមឈើទាលនោះឆ្លាក់ធ្វើជាព្រះរូបព្រះ ពុទ្ធអង្គចតុទិស ឈមព្រះភ័ក្ត្រ និងព្រះបាទ បែរចេញទៅចតុទិស កំពស់ ១៨ ហត្ថ។ ឯព្រះបិដ្ឋិទល់គ្នា។ រួចស្រេច ស្ដេច ប្រតិស្ឋានក្នុងព្រះវិហារលួង ឱ្យឈ្មោះហៅថា ព្រះអារាមត្រឡែងកែង ហើយទ្រង់ឱ្យសាង ទេព្រ័ក្សឃ្លាំងមឿង ហើយឱ្យសាងព្រះរាជវាំង ស្ដេចគ្រប់ព្រះអង្គ រាជវាំងបុត្រាច្បងគឺសម្ដេចព្រះរាមាធិបតីនោះ ឱ្យសាងនៅទួលលាប វាំងព្រះរាជបុត្រពៅគឺសម្ដេចព្រះបរមិន្ទរាជាឱ្យសាងនៅក្នុងព្រះបរមរាជវាំង។ ឯវាំងព្រះរាជវង្សានុវង្សតូចៗ ក្រៅអំពីនោះ ទ្រង់ឱ្យសាងក្នុងបន្ទាយ។ ឯក្នុងកំពែងដំណាក់ប្រាសាទទាំងប៉ុន្មាននោះ សឹងឱ្យឆ្លាក់លាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាសតាមបណ្ដាសក្ដិធំតូច ពុំឱ្យច្រឡូកច្រឡំតាមសក្ដិ។ ខាងមុខព្រះនគរដែលគ្មានភាគបន្ទាយជាន់ខាងក្រៅនេះ ស្ដេចឱ្យសង់រោងព្រះទីនាំងនាវា។ នៅនាកំពង់ទឹកនោះទ្រង់ឱ្យយកថ្មឥដ្ឋ រៀបជាព្រះលាន សំរាប់នាំដំរី សេះ ចំបាំងចុះលាងទឹក និងឱ្យធ្វើព្រះដំណាក់សំរាប់ស្ដេចចុះលយកន្ទោង ធំ តូច ជារុងរឿងប្រពៃ។ ខាងក្រៅបន្ទាយ ក្រៅស្នាមភ្លោះនោះ ទ្រង់ឱ្យដាំឫស្សីកំរាស់ពីរសិនពីស្នាមភ្លោះទៅ ទាំង ៣ ជ្រុង ជិតស្និទណាស់ ពុំឱ្យនរណាទៅកាប់កាច់ឫស្សីបានឡើយ។

រដ្ឋបាល[កែប្រែ]

ទ្រង់សាងព្រះនគរមាំមួនដូច្នេះជាសូរេចហើយទើបទ្រង់មានព្រះរាជតំរាស់ថា: កាលព្រះមហាក្សត្រ សោយរាជ្យនៅនគរធំនោះ ត្រាស់ឱ្យធ្វើស្រែវាលពល ក្នុងស្រែមួយកំណត់ពល ១០០០០០ នាក់ ដល់បច្ចុប្បន្នឥឡូវនេះ អាណាប្រជានុរាស្ត្រ តិចជាងពីដើម ឱ្យធ្វើស្រែវាលពលនោះ កំណត់តែចុះពល ១០០០០ នាក់ជាកំណត់។ លុះស្រេចការ សាងព្រះនគរ បវរនិវេសន៍ មហាឋាន នោះរួចស្រេច ព.ស ២០៨២, គ.ស ១៥៣៨, ម.ស ១៤៦០, ច.ស ៩០០ ឆ្នាំ សំរឹទ្ធិស័ក ទើបស្ដេចមានព្រះតំរាស់ត្រាស់បង្គាប់ឱ្យអស់ខ្ញុំ ក្រុមរាជការ ក្រោមល្អងធូលីព្រះបាទទាំងធំ ទាំងតូច តាំងព្រះរាជពិធីសម្ពោធ ព្រះបរមរាជវាំង ស្រេចហើយ ស្ដេចឡើងប្រាសាទ ព្រះរាជមន្ទីរ ដំណាក់មានទាំងល្បែងរបាំមហោស្រព ថ្វាយទេយ្យទានព្រះសង្ឃ ទ្រង់បរិច្ចាគព្រះរាជទ្រព្យឱ្យជាទានដល់ស្មូមយាចកគំរប់ ៧ ថ្ងៃរួចឱ្យឆ្លងទាំងព្រះវិហារវត្តត្រឡែងកែង នៅមុខព្រះបរមនិវេសន៍ ៣ ថ្ងៃ បញ្ចុះសីមា អភិសេកព្រះពុទ្ធរូប ចតុទ្ទិស និងព្រះពុទ្ធរូបដែលសាងដោយមាស ប្រាក់ ទង់ហ៊្វា ស្ពាន់ សំរឹទ្ធិ ១០ ទៀតកាលនោះ ដាច់ព្រះរាជទ្រព្យ ដោយធ្វើបុណ្យទាន ជាច្រើនអនេកឯកមហោឡារិក មហាសប្បាយណាស់។ ព្រះអង្គឡើងគង់ក្នុងព្រះបរមរាជវាំង ហើយត្រាស់តាំង សម្ដេចព្រះសុគន្ធាមហាសង្ឃ រាជាគណាធិបតី និង ទទូងរដ្ឋទាំង ៧ និង មន្ត្រីរដ្ឋទាំង ៤ (ឯក, ទោ, ត្រី, ចត្វា) សំរាប់ និង មន្ត្រីក្រៅតំណែងតែងតាំងឱ្យមានក្រុមគ្រប់ក្រសួងមុខងារ ជើងទឹក ជើងគោក ទាំងក្រៅក្នុង ឱ្យសង់ផ្ទះនៅ ឱ្យមានទទឹងមុខក្រោយភ្លោះ ១.២.៣ ក្ដីសុទ្ធតែមានសំគាល់រាល់រូបកាយតាមបណ្ដាសក្ដិមានកំណត់ដោយខ្លួនទីទៃមិនឱ្យច្រឡូកច្រឡំគ្នា។ ទ្រង់តាំងស្ដេចត្រាញ់ទាំង ៥ :

តែងតាំងរួចហើយ សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម ជួបជុំព្រះបរមវង្សានុវង្ស អង្គអគ្គសេវកាមហាមាត្រ បុរោហិត បណ្ឌិតកវី មន្ត្រីតូចធំ ទើបមានព្រះរាជបន្ទូលមង្គលទិព្វពិសេសត្រាស់ថា: ទំនៀមព្រះមហាក្សត្រខត្តិយាវង្ស អំពីបូរាណរាជរៀងមកតែង ទ្រង់គ្រឿងអលង្ការ កកុធភ័ណ្ឌ ចេញឱ្យមន្ត្រីក្រាបបង្គំគាល់ជាប្រក្រតី នោះឃើញលំបាកណាស់ ទើបត្រាស់ឱ្យធ្វើព្រះសភ័គ ប្រវែង ៨ ហត្ថ ឱ្យពិចិត្ររចនាដោយសុវណ្ណបុប្ផាដាំជរ ជាសំរាប់ព្រះអង្គទ្រង់ជាប្រក្រតីវិញហើយទ្រង់ប្រញប្ដិ ខាងរបៀបក្សត្រីនោះ ព្រះរាជវង្សានុវង្ស ជំទាវខុនណាង តូចធំឱ្យដណ្ដប់ស្បៃប្រវែង ៨ ហត្ថ មានផ្កាភ្ញីជរ ដោយខ័ណ្ឌ ដោយសែសយ តិចច្រើនតាមបណ្ដាស័ក្ដិ ធំតូច។ ក្នុងមួយខ្លួន ឱ្យមានជា ៣ យ៉ាង ឬ ៣ សំរាប់ សំរាប់ស្លៀកដណ្ដប់ដោយមានការណ៍ធំតូច។ វេលាកាលចូលគាល់ ឱ្យដណ្ដប់ស្បៃដែលបញ្ញត្តិ។ ឱ្យសេនាទាហាន កាន់ផ្លិតស្លឹកត្នោត ឯផ្លិតនោះ ឱ្យបិទមាសរាយផ្កាយជាជរប៉ាន់ប៉ាក់។ វេលាណាចូលគាល់ ឱ្យចូលគាល់រាល់ខ្លួនតាមស័ក្ដិ។ ព្រះបរមវង្សានុវង្សខាងក្សត្រាឱ្យបាំងព្រះក្លស់ គង់ព្រះរាជយានបិទមាស ព្រះវង្សា ដែលមានយសជាធំ ឱ្យបាំងសប្បធមជិះគ្រែក្រញូង មនុស្សសែង ៤ នាក់ បាំងតាំងយូក្រអែ រាយផ្កាយបិទមាស រំយោលមាសយ៉ាងច្រើន។ មន្ត្រីធំ តូច ឱ្យបាំងតាំងយូក្រអែ លាបម្រ័ក្សណ៍ លាបប្រាក់ និង ជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើន។ មន្ត្រីធំ តូច ឱ្យបាំងតាំងយូ ក្រអែ លាបម្រ័ក្សណ៍ លាបប្រាក់ និងជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើនតិច ចុះមកតាមបណ្ដាស័ក្ដិធំតូច។ ឯតាំងយូក្រអែនោះ ធ្វើនឹងស្លឹកត្នោត តែតំលោះពុំបាន ហើយទ្រង់ព្រះករុណា ឱ្យចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្ទុក ខ្នងពស់១ ឱ្យចៅពញាពិស្ណុលោកខែត្រទ្រាំង ១ ឱ្យចៅពញាធម្មាតេជោ ខែត្របាភ្នំ ១ ឱ្យចៅពញាអរជូន ស្រុកត្បូងឃ្មុំ ១ ឱ្យចៅពញាសួគ៌ាលោក ជាចៅហ្វាយស្រុកខ្នងពស់ ខែត្រពោធិ៍សាត់ ១ ជើងគ្រុសទាំង ៥ នេះ ឱ្យមានដំរី សេះ និង រោងពល សំរាប់ចាំទ្វារ សំរាប់សែងបំរើ ដោយចំនួនតិចច្រើន និង តាមស័ក្ដិធំតូច។

ព.ស ២០៨៣, គ.ស. ១៥៣៩, ម.ស. ១៤៦១, ច.ស. ៩០១ ឆ្នាំកុរ ឯកស័ក អស់មុខមន្ត្រីយល់ ស្ងប់ស្ងាត់សឹកសង្គ្រាមហើយ ក៏យកសេចក្ដីក្រាបបង្គំទូលការរាជការ សំរេចគ្រប់យ៉ាង ហើយល្មមនឹងរៀបប្រាប្ដាភិសេកយ៉ាងធំឱ្យឮព្រះនាមទូរទ័រទៅនានាប្រទេស។ ទើបព្រះបរមបពិត្រត្រាស់តបវិញថាអស់មុខមន្ត្រីយល់នេះ ក៏គួរណាស់ហើយ តែព្រះខឌ្ដរាជ្យសំរាប់ផែនដី រកពុំទាន់ឃើញ នឹងប្រាប្ដាភិសេកយ៉ាងធំពុំទាន់បាន។ ខណៈនោះពញាពិជ័យសង្គ្រាមសុខ គាល់នៅទីនោះ ក្រាបបង្គំថា : ព្រះខឌ្ដជ័យមង្គលសំរាប់ផែនដីនោះ សំរេចនៅសម្ដេចឥសីភ័ទ្ទសួស។ កាលបែកព្រះនគរនឹងព្រះស្ដេចកន នោះសម្ដេចព្រះឥសីភ័ទ្ទនាំយកទៅលាក់បំពួនក្នុងព្រៃណាមិនប្រាកដ តែសម្ដេចព្រះឥសីភ័ទ្ទនោះ ស្រុកកំណើតនៅខែត្របាទី ទីសំណាក់នៅខាងត្បូងវត្តភ្នំពេញ តែសម្ដេចព្រះឥសីភ័ទ្ទសួសនោះអនិច្ចកម្មទៅហើយ ហើយទីនឹងលាក់ព្រះខឌ្ដនោះ មានតែលាក់ក្នុងព្រៃទាំងពីរអន្លើនេះ គួរចាត់បំរើឱ្យស្វែងព្រៃដើររកព្រះខឌ្ដ និង ព្រះបញ្ចក្សេត្រក្នុងតំបន់ទាំងពីរអន្លើ។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ពញាពិជ័យសង្គ្រាមសុខ យកសេចក្ដីក្រាបបង្គំទូលហើយ ក៏បណ្ដាលក្នុងព្រះរាជហឫទ័យឱ្យគិតអំពីព្រះខឌ្ដនោះពន់ប្រមាណ ទើបទ្រង់ត្រាស់បង្គាប់ ចៅពញាពិជ័យសង្គ្រាមសុខថាបើដូច្នោះ ចូរឯងយកចិត្តទុកដាក់ នាំរេហ៍ពល ៥០០ នាក់ ឱ្យមានគ្រឿងកាប់ឆ្ការព្រៃនោះ ទៅរកក្នុងព្រៃទាំងពីរអន្លើនោះកុំឱ្យខាន។ ទើបពញាពិជ័យសង្គ្រាម ក្រាបថ្វាយបង្គំលា ម្នីម្នានាំរេហ៍ពល ៥០០ នាក់ចុះទូកមកដល់ខាងត្បូងភ្នំពេញ ឃើញព្រៃស៊ុបទ្រុប ស្បាតបន្លាច្រើនណាស់ មន្ទិលក្នុងចិត្តហើយក៏ឱ្យរេហ៍ពលកាប់ឆ្ការទៅ តែពុំឃើញព្រះខឌ្ដនោះឡើយ ឃើញតែប្រាសាទថ្មមួយ នៅទីនោះមានចារឹកអក្សរថា : ព្រះចេតិយ ព្រះឧណ្ណាលោម។ ពញាពិជ័យសង្គ្រាម ក្រឡេកមើលទៅខាងលើ ឃើញកំពូលមុខព្រហ្មឧត្តមប្រសើរណាស់ ហើយគិតថា: ក្រែងសម្ដេចព្រះឥសីភ័ទ្ទសួសយកព្រះខឌ្ដ និងព្រះបញ្ចក្សេត្រនោះទៅកប់ក្នុងព្រះចេតិយនោះ លុះបើកទ្វារនោះចូលទៅទៀតក៏ពុំឃើញ តែក្នុងចិត្តពញាគិតថាទីនេះជាទីវិសេសណាស់ចាំត្រឡប់ទៅវិញ និង ក្រាបបង្គំទូល ឱ្យបានទ្រង់ជ្រាប។ គិតហើយ ពញាក៏នាំរេហ៍ពលទៅខែត្របាទីប្រកាសប្រាប់អ្នកស្រុកថា : បើនរណាដឹងឃើញព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះហ្លួងនឹងព្រះរាជទានជាសម្ដេចចៅហ្វាទឡ្ហៈ សំរេចរាជការផែនដី។

រកឃើញព្រះខឌ្ដរាជ្យ[កែប្រែ]

និយាយអំពី ក្រឡាពាស "សួស" នារាត្រីមួយនោះយល់សប្តិថា ឃើញតាចាស់ម្នាក់មកប្រាប់ថា: ឱ្យទៅយកព្រះខឌ្ដ និង គ្យងព្រះបញ្ចក្សេត្រនៅរូងដើមចំបក់យកទៅថ្វាយហ្លួងនឹងបានជាធំ។ លុះព្រឹកភ្ញាក់ឡើងក្រឡាពាស "សួស" ក៏និយាយប្រាប់សប្ដិឱ្យនាងរៀបជាម្ដាយស្ដាប់, ម្ដាយស្រាយនិមិត្តថា យល់សប្តិទៀបព្រឹកនេះ ចំណាំតែឆុតណាស់ដូច្នេះ ឱ្យកូនទៅឡើងមើលក្នុងរូងចំបក់ធំនោះឱ្យច្បាស់មើល។ ក្រឡាពាសសួសទៅដល់ហើយឡើងមើលនៅរូងដើមចំបក់នោះឃើញព្រះខាន់នឹងគ្រឿងព្រះបញ្ចក្សេត្រនោះមែន ក៏អរណាស់ឃ្មាតខ្មីតំរង់ទៅបន្ទាយលង្វែក។ មកដល់កណ្ដាលផ្លូវឃើញពញាពិជ័យសង្គ្រាមនាំពល ៥០០ នាក់ ទៅស៊ើបសួររកព្រះខាន់នោះហើយ ថាបើនរណារកឃើញ ហ្លួងនឹងឱ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈផង ទើបក្រឡាពាសសួស ថ្លែងប្រាប់ពញាពិជ័យសង្គ្រាមតាមដំណើរសេចក្ដីគ្រប់ប្រការ។ ទើបពញាពិជ័យសង្គ្រាមនាំក្រឡាពាសសួសត្រឡប់មកព្រះបរមរាជវាំងយកសេចក្ដីមកក្រាបបង្គំទូល ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរណាស់ ត្រាស់ចាត់សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការឱ្យរៀបគ្រឿងហែមានដំរី សេះ រេហ៍ពលអភិរម្យសែនត្វាន់ ទៅដង្ហែយកព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះមក។ ព្រះអង្គចេញទៅទទួលដល់ក្រៅព្រះនគរ យកមកតំកល់ក្នុងហោបញ្ចក្សេត្រ។ ទ្រង់ទតទស្សនាឃើញគ្រឿងព្រះបញ្ចក្សេត្រនោះ ទេវរូប ១៣ ព្រះអង្គបាត់ ១២ ព្រះអង្គ ហើយព្រះអង្គទ្រង់តាំងសម្ដេចព្រះធម្មរឹទ្ធិជ័យ ជាសម្ដេចព្រះឥសីភ័ទ្ទ ហើយឱ្យប្រជុំរាជាគណៈបារគូ ស្ដេចមាឃ មកធ្វើពិធីសាងទេវរូប ១២ ព្រះអង្គបង្គ្រប់ជា ២៥ ព្រះអង្គឡើងវិញទុកឱ្យសម្ដេចព្រះឥសីភ័ទ្ទ និង ក្រុមបុរោហិតរក្សាទុកក្នុងហោព្រះបញ្ចក្សេត្រ ហើយព្រះអង្គយាងទៅតាក់តែង ព្រះចេតិយ ព្រះឧណ្ណាលោម នោះជាព្រះអារាមតាំងចៅអធិការ បញ្ចុះសីមា រួចចាត់ឱ្យមានរេហ៍ពលសំរាប់វត្ត ឱ្យនៅថែរក្សាហើយ ព្រះអង្គត្រឡប់មក ព្រះបរមរាជវាំងវិញ។

របៀបកាត់ក្ដី[កែប្រែ]

​សម្ដេចព្រះ​ស្រីជេដ្ឋាអម្ចាស់​ផែនដី​នគរ​ខាងកើត​នោះ​ឃើញ​ការ​សង្គ្រាម​ស្ងាត់​ហើយ ក៏​ធ្វេសប្រហែស​ពុំ​សូវ​យក​ព្រះ​ទ័យ​ទុកដាក់​នឹង​រាជការ​ផែនដី។ ទ្រង់សំរាន្ត​ព្រះរាជ​ហឫទ័យ​តែ​នឹង​អស់​អ្នក​ស្នំ​ក្រមកា