Jump to content

ខ្មែរឥស្សរៈ

ពីវិគីភីឌា
ខ្មែរឥស្សរៈ
Khmer Isarak
Leaderនរោត្តមចន្ទរង្សី
បង្កើត១៩៤៥; Error: first parameter cannot be parsed as a date or time. (១៩៤៥)
ទីស្នាក់ការកណ្ដាលThai-khmer borders
មនោគមវិជ្ជាជាតិខ្មែរនិយម
កុម្មុយនិស្តនិយម
សង្គមនិយម
នយោបាយនៅCambodia
គណបក្សនយោបាយ
ការបោះឆ្នោត

តាមរយៈ​អ្នកនិពន្ធ​កន្លងមក ដូចជា​លោក ប៊ុណ្ណ ចន្ទម៉ុល ហាក់​ព្យាយាម​ពន្យល់ “គាត់​ជា​ប្រធាន ឬ​ប្រមុខ​នៃ​ចលនា​ខ្មែរឥស្សរៈ​ដំបូង​គេ” នៅ​បាត់ដំបង​តែប៉ុណ្ណោះ​។ តែ​តាមការពិត​កំណកំណើត​របស់ ចលនា​ខ្មែរឥស្សរៈ បើសិន​យើង​ធ្វើ​ការពិភាក្សា វែកញែក ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ឯកសារ​ពិគ្រោះ ដទៃ​ទៀត ក៏ដូចជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ការសាកសួរ​លោក នី វ៉ាន់ធី គឺ​មានដំណើរ​ដូច​ខាងក្រោម​៖

កំណកំណើត

[កែប្រែ]

ចលនាតស៊ូ​ដំបូង​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​បច្ឆាជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​អភ័យ ធីបេស “បែន” ឈ្មោះ ប៉ុក គុណ ឬ ប៉ុក ផល្គុណ ហៅ​តាត្រឡាច​។ គាត់ និង​បក្សពួក​បាន​ដាក់ឈ្មោះ​ថា “ចលនា​ខ្មែរឥស្សរៈ” មាន​មូលដ្ឋាន​បង្អែក​នៅ​ខេត្ត​បាត់ដំបង ដែល​កាលនោះ​ជា​ដែនដី​ស្ថិតនៅ​ក្រោមការ ត្រួតត្រា​របស់​ថៃ មួយរយៈពេល​ខ្លី ឆ្លៀតពេល​ដែល​បារាំង​ចាញ់​ដៃ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ និង​ត្រូវ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​អំណាច​យោធា​ជប៉ុន​។ ចលនា​នេះ មាន​ទីស្នាក់ការ​ធំ​នៅផ្ទះ​អ្នក ល៉្មាយ ដែល ជា​កូនស្រី​ម្នាក់​នៃ​ត្រកូល “កថាថន” ដែល​ជា​បច្ឆាជន​របស់​អភ័យធីបេស “បែន” ដែរ​។ តា ត្រឡាច បាន​តាំង​មេដឹកនាំ​ផ្ទាល់ ដែល​ជា​អតីត​គ្រូបង្រៀន​ម្នាក់ ឈ្មោះ រស់ យឿន និង​ភូឈួយ​របស់​គាត់ ឈ្មោះ បូរិន​។ ចលនា​ខ្មែរឥស្សរៈ​បាន​ធ្វើ​ប្រតិបត្តិការ​តែ​នៅ​ក្នុង​តំបន់​ទីរួមខេត្ត និង​ជាយ​ទីក្រុង​បាត់ដំបង ពិសេស នៅ​ម្ដុំ វត្តក្តាំងងារ វត្តលៀប និង​វត្តពិភិទ្ឋរង្សី ហៅ​វត្តកំភិត​។

នៅ​ក្នុង​ស្នាដៃ “ចរិតខ្មែរ” របស់​គាត់, លោក ប៊ុណ្ណ ចន្ទម៊ុល ពិតជា​មិន​បាន​បង្ហាញ​កំណើត​ដើមទង របស់​ខ្មែរឥស្សរៈ​ឱ្យ​បាន​ជាក់ច្បាស់​នោះ​ទេ ហេតុដូច្នេះហើយ ទើប​មាន​អ្នកអាន​ជាច្រើន​យល់ថា រូប​គាត់ តែម្នាក់ ដែល​ជា​មេ​ផ្ដួចផ្ដើម​បង្កើត​ចលនា​ឥស្សរៈ​ដំបូងៗ​នោះ​។ ម៉្យាងទៀត ទាក់ទិន​នឹង​បញ្ហា វាក្យសព្ទ “ឥស្សរៈ” នេះ គាត់​បាន​ឱ្យ​និយមន័យ​ថា “ធំ, មិន​កញ្ជះ​គេ, ជា​អ្នកជា​។ ដូច្នេះ ខ្មែរឥស្សរៈ គឺជា​ក្រុម​ខ្មែរ ដែល​ជា​ម្ចាស់​លើ​ខ្លួនឯង គ្មាន​នៅ​ក្រោម​អំណាច​នរណា, ជា​ខ្មែរ​មាន​ឯករាជ្យ, មាន​សេរីភាព, មាន​សិទ្ធិ គ្រប់គ្រាន់​ជា​ខ្មែរ”​។ តើ​ដោយសារ ខ្មែរឥស្សរៈ ជា​ខ្មែរ​មិន​កញ្ជះ ឬ នៅ​ក្រោម​បង្គាប់​គេ​ដូច្នេះ​ហើយ​ឬ ដែល​បណ្តាល​ឱ្យ​ពួក​មេដឹកនាំ​ខ្មែរឥស្សរៈ​មិន​រវល់​ទៅ​ពឹងពាក់​កម្លាំង ឬ​ជំនួយ​ពី​បរទេស ដែល​អាច​នាំ​ឱ្យ ពួកគេ​ធ្លាក់​ក្នុង​អន្លង់ ឬ​នឹម​ត្រួតត្រា​របស់​បរទេស​នោះ​? ម៉្លោះហើយ ដើម្បី​ជំនួស​ជំនួយបរទេស តើ​ពួកគេ ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើការ​តស៊ូ​បាន​?

សមាជិក និង​ការ​រីក​លូតលាស់

[កែប្រែ]

មាន​ហេតុផល​ជាច្រើន​ដែល​ផ្ដល់​ឱកាស​ឱ្យ​ចលនា​ខ្មែរឥស្សរៈ​រីក​ធំធាត់ និង​ប្រមូល​បាន​កា​រគាំទ្រ យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​។ មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ​បំផុត គឺ​ដោយសារ​ការ គាបសង្កត់​ពី​សំណាក់​បារាំង​។ ដូច​ដែល​គេ​បាន​ដឹង មាន​មន្ត្រី​ អាណានិគម​បារាំង​មួយចំនួនធំ តែង​ធ្វើការ គាបសង្កត់ ទារ​ពន្ធដារ​ធ្ងន់ធ្ងរ​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ​។ ដូច្នេះ​ហើយ ទើប​មាន​ការ​តស៊ូ​វាយ​បារាំង​ឆ្នាំ ១៩៨៤-១៩៨៦ ព្រឹត្តិការណ៍​១៩១៦ ព្រឹត្តិការណ៍​សម្លាប់​លោក​បារដេស​ឆ្នាំ១៩២៥ និង​បាតុកម្ម​ឆត្រ របស់​ព្រះសង្ឃ​ឆ្នាំ​១៩៤២​ជាដើម​។ ទាំងនេះ អាច​ជា​មូលហេតុ​សមរម្យ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ក្រោកឈរ​ឡើង ប្រឆាំង​បារាំង​។

លើសពីនេះ​ទៅទៀត ក្រោយ​ការ​ចាប់ខ្លួន​របស់​អាចារ្យ ហែម ចៀវ នៅ​ឆ្នាំ​១៩៤២​ក៏​បាន​ជំរុញ​ឱ្យ ព្រះសង្ឃខ្មែរ​ជាច្រើន រត់​ចូលរួម​ជាមួយ​ចលនា​នេះ​ដែរ​។ ការ​ភ័យខ្លាច​បណ្ដាលមកពី​ការ​មាន​ការ​រំលោភបំពាន​ពីសំណាក់​បារាំង ដូចជា​គំរូ​ក្នុង​ការ​តាម​ចាប់ខ្លួន​ជន​ស្នេហាជាតិ ប៉ាច ឈឺន និង​ចុងក្រោយ​ការ​ចាប់ខ្លួន​លោក ស៊ឺង ង៉ុកថាញ់ នា​ឆ្នាំ​១៩៤៥ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត នា​ពេល​បារាំង​វិល​មក​កម្ពុជា ជា លើកទី២ បាន​បង្ខំ​ឱ្យ​កូនចៅ បក្សពួក​របស់​គាត់ រត់​ទៅ​ខេត្ត​បាត់ដំបង និង ចូលព្រៃ​រួបរួម ជា​ចលនា​តស៊ូ​ឥស្សរៈ ដើម្បី​ជា​ការ​ដោះ​គេចខ្លួន និង​បុព្វហេតុ​ដ៏​សមស្រប​មួយ គឺ​តស៊ូ​ដណ្ដើម​ឯករាជ្យជាតិ នោះ​សម្រាប់ ពួក​អ្នកចេះដឹង​។ ដូច្នេះ​មធ្យោបាយ ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ គឺ​ចាប់កាន់​អាវុធ​ប្រឆាំង​បារាំង​។

ប៉ុន្តែ​បើ​តាម​លោក វ.ម. រេឌ្ឌី (V.M. Reddi) យល់ថា ការ​ចុះសន្ធិសញ្ញា ម៉ូឌុស វីវ៉ង់ឌី (Modus Vivendi) (កិច្ច​សន្យា​បណ្តោះ​អាសន្ន) ដែល​ទទួលស្គាល់​កា​វិលត្រឡប់​របស់​បារាំង មកកាន់​ប្រទេស​កម្ពុជា នា​ខែ​មករា​ឆ្នាំ​១៩៤៦ នោះ បាន​បញ្ឆេះ​អ្នក​មិន​ពេញចិត្ត​នឹង​រដ្ឋការ​បារាំង ឱ្យ​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង នាំគ្នា​ប្រឆាំង​បារាំង ជាមួយ​ខ្មែរឥស្សរៈ​ដែរ​។ ប៉ុន្តែ បើ​តាម​លោក ចន កូស (Jonh Coast) លើកឡើង​ថា “ខ្មែរឥស្សរៈ មិន​អាច​ធំធាត់ និង​អាច​ទាក់ទាញ​ការ ចាប់ អារម្មណ៍​ពីសំណាក់​បារាំង និង​រដ្ឋាភិបាល​ខ្មែរ​បានទេ បើ​សិន​គ្មាន ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​ពីសំណាក់​បញ្ញវន្ត និង ជនជាតិ​ថៃ​ដែល​មាន​ចិត្ត​ស្អប់​បារាំង និង​លោភលន់​ចង់បាន​ទឹកដី​ខ្មែរ​នៅ​តំបន់​អង្គរ​។ ដូច្នេះ តើ​មតិយោបល់​របស់ លោកអ្នក​ប្រាជ្ញ​ណា​ម្នាក់​ដែល​ត្រឹមត្រូវ​ជាង​? ឬ មួយ​មាន​ហេតុផល​អ្វី​ផ្សេង​? ហើយ​នរណា​អាច​ជួយ​ផ្ដល់​ចម្លើយ​សមស្រប និង​ជាក់ស្ដែង​តាម​ព្រឹត្តិការណ៍ នៅ​ក្នុងកំលុង​ពេល​នោះ​?

ទោះជាយ៉ាងណាក៏ដោយ រហូតដល់​ឆ្នាំ​១៩៤៥ ចលនា​ខ្មែរឥស្សរៈ​មាន​អ្នកគាំទ្រ​ដែល​មាន​សមានចិត្ត​ទាំង​ប្រុស​ទាំង​ស្រី​ប្រហែល ៣០០០​នាក់ និង​មាន​កងទ័ព​ប្រហែល ១០០០​នាក់​នៅ​ឆ្នាំ​១៩៤៦ ដែល​អ្នក ទាំងអស់​នោះ ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការវាយប្រហារ​ដំបូង នៅក្រុងសៀមរាប​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​១៩៤៦​។

សកម្មភាព

[កែប្រែ]

ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន ក្រុម​ខ្មែរឥស្សរៈ​បាន​អនុវត្ត​នូវ​សកម្មភាព​ជាច្រើន​គួរឲ្យ​កត់ សំគាល់ និង​ភ័យខ្លាច​សម្រាប់​ អាណានិគម​បារាំង​។ ពួកគេ​បាន​កំណត់​ថា ធ្វើ​យ៉ាងណា ដើម្បី​រំខាន​អាជ្ញាធរ​បារាំង ឱ្យ​មាន​ការពិបាក​គ្រប់គ្រង​ស្រុកទេស ដូចជា ការ​ធ្វើ​សង្គ្រាម​ទ័ពព្រៃ ការ​វាយឆ្មក់ និង​ការ​ពួនស្ទាក់ ដើម្បី​វាយ​យក​ភស្តុភារ និង​សម្ភារៈ​ផ្សេងៗ​ដែល​ពួក​បារាំង​ដឹកជញ្ជូន​តាម​ផ្លូវ​ជាដើម​។ ម៉្យាងវិញទៀត ពួកគេ​ក៏​តែង​បាន​បិទ​ផ្លូវ​ទំនាក់ទំនង​របស់​បារាំង ដែល​នាំ​ឱ្យ​បារាំង​ពិបាក​ទាក់ទង​គ្នា​ធ្វើការ​ត្រួតត្រា ឬ​បង្ក្រាប ក្រុម​បះបោរ​។ ខ្មែរឥស្សរៈ កម្ចាត់​ចោល​នូវ​ជនជាតិ​ខ្មែរ​ទាំងឡាយ ដែល​និយម​ចូលចិត្ត និង​ធ្វើ​គិញ​បារាំង ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​កំហឹង​របស់​ខ្មែរឥស្សរៈ​។

ជា​ការ​ល្អ​ប្រសើរ​ដែរ​សម្រាប់​ការសិក្សា​ប្រវត្តិសាស្ត្រ ដែល​កន្លងមក លោក ប៊ុណ្ណ ចន្ទម៉ុល បាន រៀបរាប់​ឱ្យ​យើង​ដឹង​ពី​អំពើ​ឃោរឃៅ​មួយ​ចំនួន​របស់​ឥស្សរៈ ដូចជា​ការ​សម្លាប់​គិញ​បារាំង​ឈ្មោះ ប៊ុន ចាន់ និង​ការ​ធ្វើទារុណកម្ម​គិញ​ដទៃ​ទៀត បែប​ស្រងែ​ពែន​។ លើសពីនេះទៀត គាត់​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​ព្រឹត្តិការណ៍​វាយប្រហារ​លើកដំបូង​របស់​ខ្មែរឥស្សរៈ​នៅ​ទីក្រុង​សៀមរាប នៅ​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ ១៩៤៦​។

ពួក​កងឯកភាព​រួម​របស់​ខ្មែរឥស្សរៈ ជា​អ្នក​បាន​ចាប់ផ្ដើម​ចេញ​ប្រតិបត្តិការ​វាយប្រហារ​នេះ​។ ពួកគេ​បាន​បែងចែក​គ្នា​ជា​ប្រាំ​ក្រុម ទីមួយ​គឺ​ក្រុម​ដឹកនាំ​ដោយ ហែម សាវ៉ាង និង ហែម សាវ៉ាត (ជា​បងប្អូនបង្កើត​នឹងគ្នា) ដែល​មាន​ទិសដៅ​វាយ​សណ្ឋាគារ​ខេត្ត​។ ក្រុម​ទីពីរ គឺ​ក្រុម​សម្រាប់​វាយ​បន្ទាយទាហាន​ជើង​ខ្មៅ​។ ក្រុម​ទីបី​គឺ ក្រុម​មាន​គោលដៅ​វាយ​ប៉ុស្តិ៍​ប្រៃសណីយ៍ និង​ផ្ដាច់​វិទ្យុ​។ ក្រុម​ទីបួន វាយ​ពន្ធនាគារ រំដោះ​អ្នកទោស​។ ក្រុម​ទីប្រាំ ដឹកនាំ​ដោយ​ដាបឈួន មាន​គោលដៅ​វាយ តម្រួត​ខេត្ត និង​ផ្ទះគយ​។ តែ​បើ​តាម​ការស្រាវជ្រាវ​របស់​ប្រវត្តិវិទូ​អូស្ត្រាលី ចន ទូលី (Jonh Tully) បាន​អះអាង​ថា ក្នុង​ការវាយប្រហារ​នេះ ប្រទេស​ថៃ​ត្រូវ​បាន​បារាំង​បន្ទោស និង​ចោទប្រកាន់​ថា បាន​ផ្សំ​គំនិត​រៀបចំ​ផែនការ និង​បញ្ជា​លើ​ការវាយប្រហារ​នេះ​។ តែ​តាម លោក ប៊ុណ្ណ ចន្ទម៊ុល អះអាង​ថា គឺ​ពួក​ថៃ​ក៏​មិន​បាន​ចូលរួម ឬ ដឹង​គម្រោងការណ៍​នេះ​ឡើយ​។ ពួក​ខ្មែរឥស្សរៈ​ផ្ទាល់​តែ​ម្ដង ដែល​រៀបចំ​ការវាយប្រហារ​ដូច​ខាងលើ​។

កងទ័ព​ខ្មែរឥស្សរៈ​បាន​វាយលុក​ក្រុង​បាន​រយៈពេល ៤​ម៉ោង តែ​ព្រឹក​ឡើង​ត្រូវ​ទ័ព​បារាំង​ដេញ​វាយ​វិញ​យ៉ាង​សង្ខុញ​។ ពួកគេ​ប្រមូល​ជ័យភណ្ឌ​បាន​យ៉ាង​ច្រើន ពិសេស​ក្រុម​ប្រតិបត្តិការ​របស់ ដាប ឈួន ដែល​ជាហេតុ​មួយ​ធ្វើ​ឱ្យ​គាត់​មាន​ឈ្មោះ​ល្បី​ឡើង និង​មាន​ថវិកា​ច្រើនជាង​ក្រុម​ដទៃ​ទៀត​។ គាត់​មិន​បាន ត្រឡប់​មក​បាត់ដំបង​វិញ​ទេ ក្រោយ​ការ​វាយ​បក​យ៉ាង​លឿន​របស់​បារាំង​នោះ​។ ជា​លទ្ធផល​នៃ​ការវាយប្រហារ​នេះ មាន​សាកសព​ស្លាប់​នៅកន្លែង ៣០​នាក់ រួមបញ្ចូល​ទាំង​នាយទាហាន​បារាំង​៧​នាក់​ផង​ដែរ​។ ចំណែក​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ភាគី​ទាំង​សង្ខាង​មាន​មនុស្ស​ស្លាប់ និង​របួស​ប្រហែល​ច្រើនជាង​នេះ​។

វា​ហាក់​ដូចជា​ថា អស់​លោក​អ្នក​តស៊ូ និង​អ្នក​ស្រាវជ្រាវ​ទាំងអស់​នេះ​អាច​ផ្ដល់​ព័ត៌មាន​បាន​ល្អ និង​ច្បាស់​ជាង​គ្នា​ដោយអន្លើ ហើយ​អាច​បង្គ្រប់​គ្នា​ទៅ វិញទៅមក បង្កើត​បានជា​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​មួយ​នៃ ចលនា​ខ្មែរឥស្សរៈ​។ តែ​ការពិត ខ្ញុំ​យល់ថា អស់លោក​ទាំងអស់ នៅ​មិន​ទាន់​បាន​លាតត្រដាង​ប្រវត្តិសាស្ត្រ​ពិត​នៃ​ចលនា​នេះ​ទេ​។ ទីមួយ លោកម៊ុល ដូច​ដែល​គាត់​បាន​បញ្ជាក់ គឺ​គាត់​បាន​ដក​ខ្លួន​ចេញ​ពី​ចលនា​ខ្មែរឥស្សរៈ តាំងពី​ភាគ​ដំបូង​នៃ​ចលនា​តស៊ូ​នេះ​ម៉្លេះ​។ ម៉្លោះហើយ មាន​អាថ៌កំបាំង​ជាច្រើន​ទៀត ពិសេស ជីវភាព និង​របត់​នៃ​កម្លាំង​តស៊ូ​របស់​ខ្មែរឥស្សរៈ​របស់​ទ្រង់ ចន្ទរង្សី (នា​ពេលក្រោយ) ដែល​គាត់​មិន​អាច​ដឹង ឬ​មិន​បាន​សរសេរ​។

ទីពីរ ទាំង​ប្រវត្តិវិទូ​ឥណ្ឌា វ. ម. រេឌ្ឌី ទាំង​ប្រវត្តិវិទូ​អូស្ត្រាលី ចន ទូលី ក៏​ដូចជា​អ្នកស្រាវជ្រាវ មួយ​ចំនួន​ទៀត ពិតជា​មិន​បាន​សិក្សា​លំអិត​ពី​ចលនា​តស៊ូ​នេះ​ទេ​។ ជាក់ស្ដែង នៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា“ប្រវត្តិសាស្ត្រ​នៃ​ចលនា(ទាមទារ)ឯករាជ្យ​កម្ពុជា” លោក រេឌ្ឌី បាន​ត្រឹមតែ​រៀបរាប់ ខ្លះ​តែ​ប៉ុណ្ណោះ​អំពី​ចលនា​ខ្មែរឥស្សរៈ​។ ម៉្យាងទៀត គាត់​បាន​ត្រឹមតែ​បញ្ជក់​ពី​រូបភាព​ទូទៅ​នៃ​ចលនា​នេះ ដោយ​គាត់​ចំណាយ​ពេល​វែង ថ្លាថ្លែង​ពី​ការ​ទាមទារ​ឯករាជ្យ​របស់​ក្រុម​តស៊ូ​ដោយ​វិធី​ការទូត​នៅ​ក្នុង​ស្រុក​។ ចលនា​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​ស្រុក​នេះ​រួមមាន ក្រុម​អភិរក្សនិយម (the Conservatives) ដែល​មាន សម្ដេច នរោត្ដម សីហនុ ជា​ប្រមុខ, ក្រុម​មជ្ឈន្តិកជន (the Moderators) ដែល​មាន​ពួក​បញ្ញវន្ត​សម័យ​ទំនើប​ជាគោល, ហើយ​គាត់​បាន​បន្ត​ចាត់​ទុក​ពួក​ខ្មែរឥស្សរៈ​សេរីនិយម ជា​ផ្នែក​មួយ​នៃ​ក្រុម​ក្រោយនេះ​។ ឯ​ក្រុម​ទីបី គឺ​ពួក​ឧទ្ទាម​ព្រៃ (the Radicals) ដូចជា​ពួក​ខ្មែរ​វៀតមិញ​។ ទោះជា​គាត់​បាន​បែងចែក យ៉ាង​ច្បាស់​ដូចនេះ​ហើយ​ក្ដី​តែ​គាត់​មិន​បាន​ថ្លឹងថ្លែង​ស្រាវជ្រាវ​ពី​ជំពូក​អ្នក​តស៊ូ​ទាំង​បី​ក្រុម​នោះ ឱ្យ​ស្មើគ្នា​ទេ​។ ទន្ទឹម​នឹង​នេះ​ចលនា​ខ្មែរឥស្សរៈ​ត្រូវ​បាន​លោក ចន ទូលី ពិភាក្សា​និង​ចំណាយ​ត្រឹមតែ​មួយ​ជំពូក​តូច នៃ​សៀវភៅ “ប្រវត្តិ​អាណាព្យាបាល​បារាំង នៅ​កម្ពុជា” របស់​លោក ដែល​មាន​ជាង ៥០០​ទំព័រ ឯណោះ​។

ក្រៅពីនេះ អ្នកនិពន្ធ​ដទៃ​ទៀត ហាក់​ដូចជា​មិន​មាន​ការស្រាវជ្រាវ​ផ្ទាល់​ខ្លួន​ឱ្យ​ច្បាស់​អំពី​ចលនា តស៊ូ​បែប​នេះ​ទេ គឺ​ពួកគេ​បាន​ត្រឹមតែ​ដកស្រង់ និង​យោង​លើ​ឯកសារ​ចាស់​របស់​គេ​ប៉ុណ្ណោះ​។

ការ​គំរាមកំហែង​ចំពោះ​រដ្ឋអំណាច

[កែប្រែ]

លោក ប៊ុណ្ណ ចន្ទម៉ុល បាន​យល់ថា“ការវាយប្រហារ​លើ​ក្រុងសៀមរាប​នេះ មិន​សន្មត​ថា ជោគជ័យ ឬ បរាជ័យ​អ្វី​ទេ​។ ប៉ុន្តែ​ជា​ស្រមោល​តស៊ូ​មួយ ដែល​ធ្វើ​ឱ្យ​ពួក​បារាំង​ភ័យផ្អែមមាត់​មួយ​គ្រា​ដ៏​ធំ​ទៅ​ដែរ ហើយ​វា​អាច​បណ្ដុះ​ទឹកចិត្ត​ខ្មែរ​ឯទៀត ឱ្យ​ភ្ញាក់​រលឹក​ឡើង​ផង​។” នេះ​គ្រាន់តែ​ជា​ការព្រមាន​មួយ​របស់​ខ្មែរឥស្សរៈ​ទៅលើ​ អាណានិគម​បារាំង​​។ ឯ​ការពិត​នោះ គឺ​ចាប់តាំងពី​ពេល​នោះ​មក​រហូតដល់​ពេល​បារាំង សម្រេចចិត្ត​ប្រគល់​ឯករាជ្យ​ពេញ​បរិបូណ៌ ដល់​ប្រទេស​កម្ពុជា​នោះ ចលនា​ខ្មែរឥស្សរៈ​បាន​បង្ក​បញ្ហា​ច្រើន​ណាស់​ដល់​អាជ្ញាធរ​បារាំង​។

បើ​តាម​ការ​អួតអាង​របស់​អតីត​ខ្មែរឥស្សរៈ​ម្នាក់​ឈ្មោះ ក្រុត ធាម បាន​ប្រាប់​ទៅ​លោក ប៊ិន ឃៀនិន ថា​ប្រសិនបើ​បារាំង​មិន​បាន​ផ្ដល់​ឯករាជ្យ​ពេញ​បរិបូរណ៍​ដល់​សម្ដេច​ សីហនុ​នោះ​ទេ ម៉្លេះ​ទ្រង់​ពិតជា​ប្រឈមមុខនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​មិនខាន ព្រោះ​នា​ពេលនោះ​ដែនដី​កម្ពុជា​មួយភាគបី​ត្រូវ​បាន​ត្រួតត្រា​ដោយ​ខ្មែរឥស្សរៈ​។ ឆ្លើយតប​នឹង​ការ​អួតអាង​នេះ សម្ដេច សីហនុ ផ្ទាល់​បាន​សារភាព​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ថៃ ថាបើ​គ្មាន​ព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​បារាំង​ទេ ប្រទេស​កម្ពុជា​ប្រហែល​មាន​ផ្ទុះឡើង​នូវ​ការ​បះបោរ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​បារាំង និង​ប្រឆាំង​រាជានិយម​ផ្ទាល់​តែម្តង​។ ប្រសិនបើ​ព្រះអង្គ​មិន​ប្រញាប់ប្រញាល់ ទាមទារ​ឯករាជ្យ​ពេញ​បរិបូណ៌​ទេ​នោះ ប្រជាជន​កម្ពុជា​មុខតែ​នឹង​ងាក​ទៅ​សង្ឃឹម​លើ​លោក ស៊ឺង ង៉ុកថាញ់ និង ខ្មែរឥស្សរៈ​ជា​ពុំខាន ព្រោះ​ពួកគេ​ប្រាថ្នា​ចង់បាន​តែ​ឯករាជ្យ​ពេញ​បរិបូរណ៍ ដោយ​មិន​ពេញចិត្ត​នឹង​អ្វី​ដែល ព្រះអង្គ​ពី​មុន​បាន​ហៅថា “ឯករាជ្យ​៥០​ភាគរយ” នោះ​ទេ​។

ដូច្នេះ​ចង់ ឬ​មិន​ចង់ ទាំង​បារាំង ទាំង​សម្ដេច​ សីហនុ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីក​ឡើង​នូវ​ឥទ្ធិពល របស់​ពួក​ខ្មែរឥស្សរៈ និង​ដឹង​នូវ​តួនាទី​សំខាន់​របស់​ខ្មែរឥស្សរៈ ក្នុង​ការ​ទាមទារ​ឯករាជ្យ​សម្រាប់​ជាតិ មាតុភូមិ​កម្ពុជា​។ ដូច្នេះ សម្ដេច សីហនុ ត្រូវ​ស្រូតរូត​ផ្ដើម​យុទ្ធនាការ​ទាមទារ​ឯករាជ្យ​ឱ្យ​បាន​មុន​ការ​គំរាមកំហែង​ចំពោះ​ព្រះអង្គ​ដែល​អាច​កើតឡើង ហើយ​ដើម្បី​ជម្នះ​លើ​ការ​គំរាមកំហែង​នេះ ព្រះអង្គ​ត្រូវ​ឈានទៅមុខ មុន​ពួក​ជាតិ​និយម​ឥស្សរៈ និង​ពួក​កុម្មុយនិស្ត​វៀតមិញ​។ តែទោះជាយ៉ាងណាក៏ដោយ ចាប់ពី ឆ្នាំ ១៩៤៨ ចលនា​ខ្មែរឥស្សរៈ ក៏​កាន់តែ​រីក​ធំ តាម​ការដឹកនាំ​របស់​មេ​ផ្ទាល់​របស់​ពួកគេ​តែ​រៀងៗ​ខ្លួន ដូចជា ខ្មែរឥស្សរៈ ក្រោម​ការ​ដឹកនាំ​របស់ ដាប ឈួន, ពុយ ឆាយ លាវ កែវមុនី មាន​ទីតាំងនៅ ភ្នំដងរែក, កៅ តក់ និង​ក្រុម ខ្មែរឥស្សរៈ​របស់​ទ្រង់​នរោត្តម​ចន្ទរង្សី ដែល​កំពុង​បោះ​ទីតាំងនៅ​តានៀវ នៃ​ខេត្តកំពង់ស្ពឺ​។

ដើមកំណើត​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា


មុននឹង​ក្លាយទៅជា​បក្ស​មួយឯករាជ្យ ចលនា​កុម្មុយនីស្ត​ខ្មែរ​គឺជា​សាខា​មួយ​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​រួមមាន​ វៀតណាម កម្ពុជា និង​ឡាវ។ ក្រោយពី​បំបែក​ខ្លួន​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ចលនាកុម្មុយនីស្ត​ខ្មែរ​បាន​ទៅបង្កើត​បក្ស​កុម្មុយនីស្ត​ឯករាជ្យមួយ ដោយ​ដាក់​ឈ្មោះថា បក្សប្រជាជន​បដិវត្តន៍ខ្មែរ។


បក្ស​កុម្មុយនិស្ត​ឥណ្ឌូ​ចិន

លទ្ធិកុម្មុយនិស្ត​បាន​រីកសាយ​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ចរន្ត​ប្រឆាំង​នឹង​អាណានិគម​ នៅ​ក្រោយ​សង្រ្គាមលោក​លើកទីពីរ។ នៅ​ឥណ្ឌូចិន រួម​មាន​ប្រទេសកម្ពុជា វៀតណាម និងឡាវ ដែល​ស្ថិត​ក្រោម​អាណានិគម​​បារាំង​ ក៏​មាន​ចលនា​កុម្មុយនីស្ត​មួយ​ដែរ គឺ បក្សកុម្មុយនីស្ត​ឥណ្ឌូចិន ដែល​បង្កើត​​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០ ហើយ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មក​ពី​ប្រទេស​ទាំងបី​នៅឥណ្ឌូចិន​នេះ។

​នៅកម្ពុជា សាខា​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ត្រូវ​បាន​បង្កើត​ឡើង ​នៅឆ្នាំ​១៩៤២ ដោយអាចារ្យ​មៀន ហៅ សឺនង៉ុកមិញ។ យោង​តាម​អ្នកស្រី អេលីសាបិធ បេកឺរ (Elizabeth Becker) ឈ្មោះ សឺនង៉ុកមិញ នេះ គឺ​ជា​ការច្របាច់​បញ្ចូលគ្នា​រវាង​សឺនង៉ុកថាញ់ និងហូជីមិញ។ ការធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​​ចំនេញ​ពី​ប្រជាប្រិយភាព​របស់​សឺនង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺនង៉ុកថាញ់​ មិនមែន​ជា​ជន​កុម្មុយនិស្តនោះទេ។

បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ

នៅឆ្នាំ ១៩៥១ សឺនង៉ុកមិញ ថែម​ទាំង​បាន​បង្កើត​ចលនា​ប្រដាប់​អាវុធ​​មួយ ដោយ​ដាក់​ឈ្មោះ​ថា សមាគមខ្មែរឥស្សរៈ ទៀត​ផង ដែល​ជាហេតុ​នាំ​ឲ្យ​មាន​ការភ័ន្តច្រលំ មិន​ដឹង​មួយណា​ជា​ខ្មែរឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅ​ឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​និមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ខ្លួន ដោយ​ដាក់​​ឈ្មោះ​ថា បក្សប្រជាជន​បដិវត្តន៍ខ្មែរ។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​បណ្តោះអាសន្ន​មួយដែលមាន សឺនង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង​សៀវ ហេង ជា​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូត​ដល់​​ឆ្នាំ១៩៦០ ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​មិន​បាន​​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជាផ្លូវការ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​បក្ស​ប្រជាជន​​បដិវត្តន៍ខ្មែរ​មិន​មាន​ភាពឯករាជ្យ​​ដាច់​ស្រឡះ​​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសា​ខ្មែរ។ ទោះ​ជា​យ៉ាងនេះ​​ក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​​នៅ​កម្ពុជា បាន​កំណត់​យក​​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ថា​ជា​ប្រភព​ដើម​របស់​ខ្លួន ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ថា​ជា​ថ្ងៃ​កំណើត​បក្ស។

ក្រោយ​ពី​សន្និសីទ​ក្រុង​ហ្សឺណែវ ខែកក្កដា ឆ្នាំ១៩៥៤ ដែល​មាន​ចុះ​កិច្ច​ព្រមព្រៀង​​​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់​អាវុធ​​នៅ​លើ​ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍ខ្មែរ​ក៏​បែក​ខ្ញែក​គ្នា​​ជា​បី​ក្រុម។ មួយក្រុម ដែល​រួមមាន សឺនង៉ុកមិញ កែវ មុន្នី ម៉ី ផូ រ័ត្ន សាមឿន ប៉ែន សុវណ្ណ ជាដើម​​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។ ក្រុម​ទីពីរ រួមមាន ទូ សាមុត សៀវ ហេង នួន ជា សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ក្រុម​ទីបី ដែល​រួម​មាន កែវ មាស នន សួន ប៉ែន យុទ្ធ ជាដើម​បាន​បង្កើត​ជា​គណបក្ស​ស្រប​ច្បាប់​មួយ ដាក់​ឈ្មោះ​ថា ប្រជាជន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅ​តែ​បន្ត​ទាក់ទង​គ្នា​ជា​ប្រចាំ។

បក្ស​ពលករ​កម្ពុជា

រហូត​ដល់​ខែកញ្ញា ឆ្នាំ១៩៦០ ទើប​បក្ស​ប្រជាជន​បដិវត្តន៍ខ្មែរ​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​មួយ​ផ្ទាល់​របស់​កម្ពុជា ​ប៉ុន្តែបាន​ប្តូរ​ឈ្មោះ​បក្ស​ទៅ​ជា បក្សពលករកម្ពុជា វិញ។ បក្ស​ថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្សថ្មី​នេះ​ដែរ។ សម្រាប់​ក្រុម​ខ្មែរក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែកញ្ញា ឆ្នាំ១៩៦០នេះ ទើប​ជា​ការ​ចាប់ផ្តើម​ពិត​ប្រាកដ​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មាន​កំណើត​ចេញ​ពី​បក្សប្រជាជន​បដិវត្តន៍​ខ្មែរ​នោះ​ទេ។ ពួក​ខ្មែរក្រហម​ធ្វើ​បែបនេះ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់​ស្រឡះ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំ​ឲ្យ​មាន​ជាប់​ជំពាក់​វាក់វិន​ជាមួយ​ប្រទេស​វៀតណាម។ តាមពិត ការ​មិន​ចុះ​សម្រុង​គ្នា និងការ​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​ពាក់កណ្តាល​រត់​ទៅ​ប្រទេស​វៀតណាម និង​ពាក់កណ្តាល​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជាដូចនេះ​ហើយ ដែល​នាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅ​កំឡុង​ឆ្នាំ១៩៧៥ ដល់​​១៩៧៩ រហូត​ដល់​ខ្មែរ​កុម្មុយនិស្ត​មួយ​ក្រុម​រត់​ភៀសខ្លួន​ទៅ​វៀតណាម​ ហើយ​នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុង​ស្រុក ដែល​ជា​អតីត​សហការី។

បក្ស​កុម្មុយនិស្ត​កម្ពុជា

នៅ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ "បក្ស​កុម្មុយនិស្ត​កម្ពុជា" វិញ។

ត្រលប់​មក​និយាយ​អំពី​បក្ស​ពលករ​កម្ពុជា​វិញ បើ​ទោះជា​បាន​បង្កើត​ជាផ្លូវការ​ហើយ​ក៏​ដោយ ក៏​បក្ស​នេះ​ស្ថិត​នៅ​ជា​សម្ងាត់​ដដែល ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ។ ពួក​កុម្មុយនិស្ត​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ ជាពិសេស ចូលរួម​ក្នុងការបោះឆ្នោតជាតិ ដោយ​ប្រើ​ឈ្មោះ​គណបក្ស​ប្រជាជន​ដដែល៕

ឯកសារ​យោង

[កែប្រែ]
  • (ស្រង់ពី​សារណា​បញ្ចប់​បរិញ្ញាបត្រ​ប្រវត្តិវិទ្យា ស្ដីពី​ប្រធានបទ "ស្វែងយល់​ពីចលនា​ខ្មែរឥស្សរៈ ករណី​សិក្សា​អំពី​អតីត​អ្នកតស៊ូ​ខ្មែរឥស្សរៈ នី វ៉ាន់ធី" របស់​លោក "ថា លាងអាង"​។)