Jump to content

គរុធម៌ ៨

ពីវិគីភីឌា

គរុធម៌ (ធម៌​ធ្ងន់ ឬ​ ភារៈ​ធ្ងន់​) ទាំង​ ៨ ប្រការ គឺ​ជា​​លក្ខខណ្ឌ​ ដែល​ព្រះ​ពុទ្ធ​ និង ក្រុម​សាវ័ក​របស់​ព្រះ​អង្គ​បាន​ដាក់​ចំពោះ​ស្ត្រី​ជំនាន់​ព្រះ​អង្គ​ ដែល​ចង់​ចេញ​បួស​ក្នុង​សំណាក់​ព្រះ​ធម្មវិន័យ​របស់​ព្រះ​អង្គ។ លក្ខខណ្ឌ​ទាំង​នោះ​​គឺ​ជា ​វិធី​ "ធ្វើ​នង្គ័ល​កុំ​ឲ្យ​ទាល់​ជើង​គោ" ដើម្បី​ដេញ​ជើង​ស្ត្រី​ ដែល​ចេះ​តែ​ទទូច​អង្វរ​ចង់​បួស ដូច​បុរស​ដែរ។ *បច្ចុប្បន្ន ដោយ​សារ​មាន​ចលនា​ទាមទារ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​ និង ​ស្ត្រី (យេនឌ័រ) លក្ខខណ្ឌ​ទាំង​នេះ​ក្លាយ​ទៅ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​ការ​រិះ​គន់​ ពី​សំណាក់​មហាជន ជា​ពិសេស​ស្ត្រី​ ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅជ្រះ ។​ អ្នក​ខ្លះ​គិត​ថា​ វា​មិន​មែន​ជា​ពាក្យ​របស់​ព្រះ​ពុទ្ធ​ទេ ព្រោះ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សារជាតិ​រើសអើងស្ត្រី ​របស់​មនុស្ស​វណ្ណៈ​ព្រាហ្មណ៍​នៅ​ក្នុង​​ចំណុច​ទាំង​ ៨ នោះ ។

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​អះអាង​ថា គរុធម៌ ៨ ប្រការ​នេះ ​ជា​លក្ខខណ្ឌ​ដែល​ពួក​អដ្ឋកថាចារ្យ (អ្នក​រៀបរៀង និង អធិប្បាយ ​​គម្ពីរ​​ព្រះត្រៃបិដក) សម័យ​ក្រោយ ដែល​ភាគ​ច្រើន​ជា​មនុស្ស​មក​ពី​វណ្ណៈ​ព្រាហ្មណ៍​ ដែល​​ប្រកាន់​ទំនៀម​ទម្លាប់​តឹងរឹង​ មិន​ឲ្យ​តម្លៃ​ស្ត្រី បាន​​​សរសេរ​បញ្ចូល​បន្ថែម​នូវ​គរុធម៌ ៨ ប្រការ​នេះ ​ដើម្បី​កុំ​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​បុរស ឬ​ កុំ​ឲ្យ​ភិក្ខុនី​មាន​សិទ្ធិ​ស្មើ​ភិក្ខុ ។ រហូត​មក​ដល់​សព្វ​ថ្ងៃ ការ​ចោទ​ឆ្លើយ ដេញ​ដោល​រក​ខុស​ត្រូវ និង ប្រភព​នៃ​ការ​បង្កើត​គរុធម៌ ៨ ប្រការ​ ​នៅ​បន្ត​មិន​ទាន់​ចប់ ។ ភិក្ខុ​សង្ឃ​ ដែល​ប្រកាន់​មាំ​ថា​គ្រប់​ពាក្យ​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ជា​របស់​ព្រះ​ពុទ្ធ នៅ​តែ​បន្ត​ការពារ​គរុធម៌ ៨ ប្រការ​ ថា​ជា​លក្ខខណ្ឌ​មិន​អាច​កែ​ប្រែ​បាន ។ ចំណែក​​ក្រុម​​ភិក្ខុ និងភិក្ខុនី​​ ដែល​ការពារ​សិទ្ធិ​របស់​ស្ត្រី នៅ​តែ​បន្ត​ប្រកែក​បដិសេធ​ថា មិន​មែន​គ្រប់​ពាក្យ​ទាំង​អស់​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​ជា​របស់​ព្រះ​ពុទ្ធ​ទេ ប៉ុន្តែ​មនុស្ស​ជំនាន់​​ក្រោយ​រាប់​ពាន់​នាក់​​បាន​សរសេរ ដោយ​ច្របាច់​បញ្ចូល​នូវ​រឿងរ៉ាវ​ដែល​ពួក​គេ​បាន​ឮ​តៗ​គ្នា​ថា ​ព្រះ​ពុទ្ធ​បាន​បង្រៀន យ៉ាង​នេះ ឬ យ៉ាង​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ម្នាក់​អាច​អះអាង​ ១០០ ភាគ​រយ​ថា ពាក្យ​នេះ ឬ ពាក្យ​នោះ​ជា​របស់​ព្រះ​ពុទ្ធ​​ទេ ព្រោះ​គម្ពីរ​ទាំង​អស់​នៅ​ក្នុង​ព្រះ​ត្រៃបិដក ត្រូវ​បាន​កត់ត្រា​ទុក​​ក្នុង​សៀវភៅ​ ក្រោយ​ពេល​ដែល​ព្រះ​ពុទ្ធ​​បាន​បរិនិព្វាន​ ជាង ៤០០ ឆ្នាំ​​ទៅហើយ ។ ជា​អភ័ព្វ​ទៀត​នោះ ច្បាប់​ដើម​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ ឬ បាត់បង់​អស់​ ពេល​អ្នក​បួស​ទាំង​ឡាយ​ព្យាយាម​រត់​គេច​ពី​ការ​កាប់​សម្លាប់​របស់​ពួក​អ្នក​កាន់​សាសនា​ព្រាហ្មណ៍ និង សាសនា​ឥស្លាម​សម័យ​ក្រោយ ។ រីឯ​ព្រះត្រៃបិដក​ ដែល​យើង​ឃើញ​ក្នុង​ទម្រង់​សព្វ​ថ្ងៃ​នេះ គឺ​ត្រូវ​បាន​​រៀបចំ​ឡើង​នៅ​ប្រទេស ស្រីលង្កា ក្នុង​សតវត្សរ៍ ​ទី ១ មុន​គ្រិស្តសករាជ (ឆ្នាំ​ ទី ២៩) គឺ​នៅ​ក្នុង​សម័យ​ប្រជុំ (សង្គាយនា) លើក​ទី ៤ ។ មក​ដល់​បច្ចុប្បន្ន ព្រះត្រៃបិដក​​របស់​និកាយ​ថេរវាទ បាន​ទទួល​ការពិនិត្យ​ និង កែប្រែ​ចំនួន ៦ លើក​រួច​ហើយ ។ បើ​ប្រៀបធៀប​ជា​មួយ​នឹង​គម្ពីរ​ទាំង​ឡាយ​របស់​និកាយ​មហាយាន គឺ​វា​មាន​ការ​ខុស​ប្លែក​គ្នា​​​ស្ទើរតែ​​គ្មាន​ចំណុច​រួម​ ។ វិធីសាស្ត្រ​សម្រាប់​ចងចាំ​​ និងបញ្ជូន​ចំណេះដឹង របស់​មនុស្ស​ជំនាន់​ព្រះ​ពុទ្ធ និង សម័យ​ក្រោយ​ៗ គឺ​​ការ​រៀបចំ​ជា​កំណាព្យ​ដើម្បី​ងាយចងចាំ​ និង ​ចែក​គ្នា​សូត្រ​បន្ត​​រាប់​រយ​ឆ្នាំ ។ វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខួរក្បាល​មនុស្ស​ជា​ម៉ាស៊ី​ន​ដ៏​អន់​​សម្រាប់​កត់ត្រា​ចំណេះ​វិជ្ជា​ទុកបន្ត​ទៅ​ជំនាន់​ក្រោយ ព្រោះ​វា​ងាយ​នឹង​រលុប​បាត់ ឬ មាន​ភាព​លំអៀង​ច្រើន ខុស​​ឆ្ងាយ​ពី​ភាព​ដើម ។ ដូច្នេះ​ទើប​គេប្រើ​ការ​កត់ត្រា​ទុក​លើ​​ថ្ម, លើ​សម្បក​ឈើ, លើ​ដី​ឥដ្ឋ​ដុត, លើ​ក្រដាស ឬ ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​​​វិញ ។ មនុស្ស​ខ្លះ​បាន​ការពារ​វិធីទន្ទេញ​ចាំ​មាត់​ថា​ជា​វិធី​ដ៏​សុក្រឹត​សម្រាប់​រក្សា​ទុក និងបញ្ជូន​ព័ត៌មាន ។ ការពិត​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ថា​មនុស្ស​សម័យ​ទំនើប​ជ្រើស​រើស​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​កត់ត្រា​ចំណេះ​ដឹង និងបច្ចេកវិទ្យា​​សព្វយ៉ាង ព្រោះ​វា​​អាច​រក្សា​ទុក​ព័ត៌មានបាន​ចំនួន​​​ច្រើន​ជាង​សមត្ថភាព​​ចងចាំ​នៃ​ខួរ​ក្បាល​មនុស្ស, វាងាយស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​និង​ផ្ទៀងផ្ទាត់, វា​ងាយស្រួល​​​​​ផ្សព្វផ្សាយ​ និង ងាយ​បញ្ជូន​​​ព័ត៌មាន​ទាំង​នោះ​ទៅ​​មនុស្ស​ជំនាន់​ក្រោយ​​ ។

ប្រសិន​បើ​​ពិចារណា​តាម​​ជ្រុង​ជ្រោយ​មនុស្ស​ធម៌, យុត្តិធម៌ និងសមធម៌ មនុស្ស​ទាំង​អស់​​គួរ​តែ​ព្រមព្រៀង​គ្នា​ ​​បោះ​ចោល​នូវ​ទស្សនៈ ឬ គំនិត​អន់ថយ​មួយ​ចំនួន​ ដែល​មនុស្ស​ជំនាន់​ដើម​បាន​​បង្រៀន ឬ សរសេរ​ទុក​ក្នុង​គម្ពីរ​សាសនា​ទាំងឡាយ ហើយ​​​ស្រង់​យក​តែ​ចំណុច​ល្អ​ៗ​ ​​ដែល​ផ្តល់​​ប្រយោជន៍​​ដល់​​មនុស្ស​គ្រប់​គ្នា​ មក​អនុវត្ត​ ទើប​ជា​ការ​ប្រសើរ ។ ប៉ុន្តែ​ ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង មនុស្ស​មួយ​ក្រុម​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​​បោកបញ្ឆោត និង កេង​យក​ប្រយោជន៍​ពី​មនុស្ស​មួយ​ក្រុម​ទៀត ។ ប្រសិន​បើ​ពួក​គេ​ពិត​ជា​អនុវត្ត​តាម​ការបង្រៀន​ពិត​ប្រាកដ​របស់​ព្រះ​ពុទ្ធ​មែន ពួក​គេ​មិន​ខ្លាច​នឹង​បោះ​ចោល​គំនិត​អន់ថយ​ ​ដែល​បម្រើ​តែ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​នោះ​ឡើយ ។ ដោយសារ​តែ​ច្បាប់​សាសនា​មិន​អាច​ចាប់​បង្ខំ​​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើ​អំពើ​យុត្តិធម៌​ និង គោរព​សិទ្ធិ​​ស្មើ​គ្នា​របស់​ពលរដ្ឋ​គ្រប់​រូប ទើប​រដ្ឋាភិបាល​​​បាន​ និង កំពុង​តាក់តែង​​ច្បាប់​ច្រើន​សន្ធឹកសន្ធាប់​​ និង មន្ទីរពន្ធនាគារ​ច្រើន​កន្លែង ដើម្បី​ចាប់​បង្ខំ​មនុស្ស​ឲ្យ​គោរព​​សិទ្ធិ​របស់​មនុស្ស​ដទៃ ពោល​គឺ​សិទ្ធិ​របស់​​មនុស្ស​គ្រប់​វ័យ, គ្រប់​ភេទ និង គ្រប់ជំនឿ​សាសនា រាប់​ទាំង​មនុស្ស​ដែល​ជ្រើស​រើស​មិន​ជឿ​តាម​សាសនា​ណា​មួយ​ផង​ដែរ ។ សូម្បី​ប្រទេស​មាន​ច្បាប់​រដ្ឋ​​​ហើយ​ក៏​ដោយ ក៏​មនុស្ស​​មួយ​ក្តាប់​តូច ​ដែល​ធ្លាប់​តែ​បាន​ប្រយោជន៍​ពី​ច្បាប់​សាសនា​របស់​ពួក​គេ នៅ​តែ​បន្តលបលួច​ប្រើ​​ច្បាប់​សាសនា ដែល​មាន​លក្ខណៈ​រឹង​ត្អឹង ខ្វះ​ការ​បត់បែន​តាម​សម័យ​កាល​ នោះ​ទៀត ។ នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន ពុទ្ធសាសនិក​​បាន​ធ្វើ​វិសោធនកម្ម (កែប្រែ) ច្បាប់​គរុធម៌​នេះ​​ដើម្បី​ទាក់​ទាញ​ស្ត្រី​​ឲ្យ​ចូល​បួស ព្រម​ទាំង​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ថា​ ពួក​គេ​​មាន​​គំនិត​ទាន់​សម័យ​ផង​ដែរ ។ សូម​ពិចារណា​គរុធម៌​ទាំង ៨ ប្រការ​ ដូច​ខាង​ក្រោម​ និង ធ្វើ​ការ​សន្និដ្ឋាន​​តាម​ការ​គួរ  ។

ដរាបណា​ស្ត្រី​នៅ​ក្នុង​ភេទ​ជា​ភិក្ខុនី ពួក​គេ​ត្រូវ​កាន់​តាម​វិន័យ ៣១១ ប្រការ រួម​ទាំង គរុធម៌ ៨ នេះ អស់​មួយ​ជីវិត

  1. ភិក្ខុនីបួស ១០០ ព្រះវស្សាក៏ត្រូវធ្វើវន្ទនកិច្ច(គោរព) ​ចំពោះភិក្ខុ ដែលទើបនឹងបួស សូម្បីតែមួយថ្ងៃក៏ដោយ ។
  2. ភិក្ខុនីមិនត្រូវចាំវស្សាក្នុងអាវាស (វត្ត​អារាម) ដែលគ្មានភិក្ខុឡើយ។
  3. ភិក្ខុនីត្រូវរក្សាឧបោសថ និង ស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃ រៀងរាល់កន្លះខែ ។
  4. ភិក្ខុនី បើចាំវស្សារួចហើយ ត្រូវបវារណា​ (សុំ​ចេញ​វស្សា) ក្នុងសំណាក់ សង្ឃទាំងពីរពួក ប្រកបដោយធម៌ ៣ ប្រការ ៖ ដោយឃើញ, ដោយឮ, ឬ ដោយរង្កៀស ។
  5. បើភិក្ខុនីត្រូវគរុកាបត្តិហើយ ត្រូវប្រព្រឹត្តបក្ខមានត្តក្នុង សំណាក់សង្ឃទាំងពីរពួក ។ (សុំខមាទោស​ឲ្យ​អស់​ ១៥​ ថ្ងៃ)។
  6. ត្រូវ​រៀន​ និង ប្រតិបត្តិ​សិក្ខាបទ ៦ ក្នុង​ចំណោម​សិក្ខាបទ ១០ ឲ្យ​បាន​ ២ ឆ្នាំ​សិន (ធ្វើ​ជា​សិក្ខាមានា) មុន​នឹង​អាច​សុំ​ឧបសម្បទា (បំពេញ​សិទ្ធិ​ជា) ​ភិក្ខុនី
  7. ភិក្ខុនី មិនត្រូវជេរប្រទេច សម្លុតកំហែង ភិក្ខុណាមួយឡើយ។
  8. ភិក្ខុនីស្តាប់បង្គាប់ភិក្ខុ ចាប់តាំងពីថ្ងៃបានឧបសម្បទាទៅ ឯភិក្ខុ មិនត្រូវស្តាប់ភិក្ខុនីទេ ។

ឯកសារយោង

[កែប្រែ]
  1. គរុធម៌ ៨ ប្រការ​សម្រាប់​ភិក្ខុនី (អង់គ្លេស)
  2. គម្ពីរភិក្ខុនី​វិភង្គ នៃព្រះត្រៃបិដក ភាសា​ខ្មែរ សៀវភៅ​លេខ ១១ ទំព័រ​ទី​ ២៦៦ កថាខណ្ឌ ១៨០
  3. តើ​គម្ពីរព្រះត្រៃបិដក​ត្រូវ​គេ​បាន​សរសេរ​នៅ​ឆ្នាំ​ណា ? (អង់គ្លេស)
  4. ភិក្ខុនីបាតិមោក្ខ (Bhikkhuni Patimokkha) ផ្នែក​បាចិត្តិយ (pacittiya)
  5. វិន័យបិដក មហាវគ្គ (Mahavagga)
  6. វិន័យបិដក ចុល្លវគ្គ​ (Culavagga)
  7. អត្ថបទ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​​អំពី​ការ​បង្កើត​គរុធម៌
  8. ចំណុច​រួម​ជា​មូលដ្ឋាន​រវាង​ពុទ្ធសាសនា​និកាយ​ថេរវាទ និង មហាយាន