Jump to content

ចៃចុងរ័ក្សសោម

ពីវិគីភីឌា
ចៃចុងរ័ក្សសោម
ចៈម៉ឺនចៃចុងរ័ក្សនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
១៥១២–សតវត្សទី១៦
ព្រះមហាក្សត្រស្រីជេដ្ឋា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
សោម

ចៈម៉ឺនចៃចុងរ័ក្សសោម (រជ្ជកាលព្រះស្ដេចកន) លោកជាមន្ត្រីបំរើខាងព្រះស្រីជេដ្ឋា។ លោក និងឱកម៉ឺនសូរិន្ទកែវជាក្លើនឹងគ្នា ដែលបានប្រឡូកក្នុងកលយុទ្ធព្រះស្ដេចកនដើម្បីផ្ដួលរំលំព្រះឝ្រីឝៅគន្ធបទ

ប្រវត្តិ និង ការងារ

[កែប្រែ]

មហាឧបរាជកន យល់ឃើញថាបានការហើយ ក៏លើកទ័ពទាំងពីរផ្លូវត្រូវជាបីផ្លូវនឹងទ័ពខ្លួនឯងផង ចេញទៅដល់ចុងខេត្តអាសន្ទុក ហើយឲ្យឈប់ទ័ពតាំងបន្ទាយប្រជុំនាយកងទ័ពមកប្រឹក្សាការសង្គ្រាមថា: ទ័ពយើងដែលលើកទៅនេះបានពិជ័យឫក្សល្អណាស់។ បើយើងនឹងលើកទៅវាយយកជ័យជំនះកាលណាប្រាកដជាយើងនឹងបានដោយងាយក្នុងកាលនោះ តែស្លាប់រេហ៍ពលទាំងសងខាងខ្លះពុំខានឡើយ។ បើយើងមានជ័យជំនះកាលណាប្រាកដជាហ្លួងឲ្យសំលាប់ម្ដាយយើង និង ញាតិសន្តានយើង ស្លាប់អស់ឥតប្រយោជន៍។ ​​​​​​​​​ដូច្នេះ យើងយល់ថាយើងត្រូវគិតឧបាយកល យកម្ដាយ និង ញាតិសន្តានយើងឲ្យបាន ហើយឲ្យមានជ័យជំនះផង។ ដូច្នេះតើអស់កងសេនាទាហានយើងនេះ នរណានឹងអាចទទួលអាសាយើងយកកេរ្តិ៍ឈ្មោះទុកតទៅ។ អស់នាយកងទ័ពសួរថា: ឧបាយកល មហាឧបរាជនោះ ដូចម្ដេច? មហាឧបរាជ ថ្លែងប្រាប់ថា: កាលផែនដី សម្ដេចព្រះបរមរាជាពញាយ៉ាតនោះ ព្រះអង្គតែងប្រើឧបាយ មនុស្សដប់ពីរនាក់ ឲ្យចូលទៅលុកព្រះឥន្ទកុមាររាជា (ស្ដេចសៀម)។ ឧបាយនោះ ក៏នៅជាពុំសូវជ្រៅជ្រះណាស់នៅឡើយដែរ។ ថាបើនរណាទទួលអាសាយើង យើងនឹងឲ្យរង្វាន់ឲ្យយសសក្ដិឲ្យពេញចិត្ត ហើយយើងនឹងចិញ្ចឹមកូនចៅ ផៅសន្តានតទៅ ៧ ជួរគោត្រ។ ខណៈនោះ មានម្នាក់ឈ្មោះ ឱកម៉ឺនសូរិន្ទកែវ ជាកូនរបស់ចៅពញាយោធាសង្គ្រាម ដែលមានចិត្តឃោរឃៅខឹងនឹង សម្ដេចព្រះឝ្រីឝៅគន្ធបទថា ទ្រង់ប្រើចៅពញាយោធាសង្គ្រាម ជាបិតាខ្លួនទៅឲ្យមហាឧបរាជកន កាលនៅជាឃុនហ្លួងព្រះស្ដេចធិបតីបាញ់សំលាប់ ហើយមិនបានតាំងចិញ្ចឹមកូនចៅឲ្យកាន់នាទីបិតាតទៅ ក៏រត់ពីសម្ដេចព្រះឝ្រីឝៅគន្ធបទទៅនៅពឹងបុណ្យមហាឧបរាជកន បំណងប៉ងតែនឹងសងសឹកឈាមបិតាវិញតែប៉ុណ្ណោះ។ លុះឮប្រកាស មហាឧបរាជដូច្នោះហើយ ឱកម៉ឺនកែវ ក៏វារចូលទៅសំពះហើយនិយាយថា: ខ្ញុំប្របាទម្ចាស់ទទួលអាសាមហាឧបរាជឲ្យបានសំរេច។ មហាឧបរាជកន កាលបានស្ដាប់ឱកម៉ឺនកែវសុំខ្លួនហើយ ក៏យល់ថាបានការទើបហៅឱកម៉ឺសូរិន្ទកែវឲ្យទៅទីស្ងាត់រួចខ្សឹបប្រាប់ឧបាយកលគ្រប់ប្រការ។ ឱកម៉ឺនសូរិន្ទកែវសំពះគំនាប់ហើយថាឧបាយរបស់មហាឧបរាជនេះខ្ញុំប្របាទម្ចាស់នឹង​​ធ្វើឲ្យបានសំរេចតែទាហានពីររយនាក់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំប្របាទម្ចាស់ សុំយកខ្លួន ចៈម៉ឺនចៃចុងរ័ក្សសោមជាក្រុមរបស់ខ្ញុំប្របាទម្ចាស់ ឲ្យឃុំទាហានក្រុមខ្ញុំប្របាទនោះទៅផងដ្បិតមនុស្សនេះជាទំនុកទុកចិត្តរបស់ខ្ញុំប្របាទម្ចាស់។ មួយរំពេចនោះ មហាឧបរាជកន ក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ ៤០ ជញ្ជីង ប្រគល់ឲ្យទៅឱកម៉ឺនសូរិន្ទកែវឲ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឱកម៉ឺនសូរិន្ទកែវឲ្យគ្រងទីយមរាជ។ ស្ដេចកនប្រាប់ថែមទៀតថា: បើឱកម៉ឺនសូរិន្ទកែវទៅហើយធ្វើបានដូចប្រាថ្នានោះ ខ្លួនឧបរាជកននឹងឲ្យឱកម៉ឺនសូរិន្ទកែវឡើងស៊ប់ក្នុងទីយមរាជ ហើយនឹងឲ្យរង្វាន់ឲ្យពេញចិត្តទៀតកុំឲ្យថប់បារម្ភអ្វីថាឯទាហានពីររយនាក់ដែលឯងបានរើសព្រមទាំង ចៈម៉ឺនចៃចុងរ័ក្ស ជាទាហានរួមចិត្តរបស់ឯងទៅនោះ ក៏ឲ្យយកតាមចិត្តចុះ។ ស្ដេចកននិយាយចប់ត្រឹមនេះហើយ ក៏ស្ទុះទៅយកមាស ២០០ ជញ្ជីង និងប្រាក់ ៤០០ ជញ្ជីង ឲ្យទៅឱកម៉ឺនសូរិន្ទកែវទៀត។ ហើយផ្ដាំថា ឲ្យយកមាស និងប្រាក់នោះ ទៅចែកចៈម៉ឺនចៃចុងរ័ក្សសោមជាសំឡាញ់ឯង និង កូនទាហានពីររយនាក់នោះ ទុកជាស្បៀងតាមផ្លូវចុះ។ ឱកម៉ឺនសូរិន្ទកែវទទួលរង្វាន់ និងបណ្ដាំសព្វគ្រប់ហើយក៏សំពះលាថយទៅទីសំចតរបស់ខ្លួនរួចហើយឱកម៉ឺនសូរិន្ទកែវ ក៏ហៅចៈម៉ឺនចៃចុងរ័ក្ស និងកូនទាហានរួមចិត្តចូលទៅក្នុងព្រៃស្ងាត់ ចែកមាស ចែកប្រាក់នោះ រួចទើបប្រាប់ឧបាយតាមមហាឧបរាជកនផ្ដាំមកគ្រប់ប្រការ។ ចៈម៉ឺនចៃចុងរ័ក្ស និង ទាហានទាំងពីររយនាក់ បានទទួលរង្វាន់ហើយ ក៏និយាយថា : យើងតាំងចិត្តថា នឹងធ្វើរាជការ ពុំស្ដាយជីវិតទាំងម៉្លេះ ក៏ព្រោះតែប្រយោជន៍ និង គុណ ទុកតកេរ្តិ៍ ឲ្យកូនចៅ។ គ្រានោះ យើងបានដូចប្រាថ្នា ហើយត្រូវយើងប្រុងប្រៀបខ្លួន រាល់ខ្លួនធ្វើការឲ្យបានសំរេចការតាមបង្គាប់របស់លោកមហាឧបរាជ។ ចៈម៉ឺនចៃចុងរ័ក្ស និង ប័ក្សពួកយល់ព្រមគ្នាទាំងអស់ហើយ ក៏ចូលទៅដេកដំណាក់តាមនាទីរបស់ខ្លួន។ ព្រឹកឡើងមហាឧបរាជកន ធ្វើជាដើរត្រួតកងទាហានគ្រប់នាទីទាំងអស់។ លុះដល់ទៅនាទីម៉ឺនសូរិន្ទកែវ មហាឧបរាជកន ឃើញឈ្មោះនេះដេករាល់ថ្ងៃចោលនាទីបន្ទាយរបស់ខ្លួនពុំបានត្រួតត្រាឲ្យបានដិតដល់។ ខណៈនោះ មហាឧបរាជកន បង្គាប់ឲ្យភូឃុំចាប់យកខ្លួនឧកម៉ឺនសូរិន្ទកែវគ្រងងារយមរាជនោះ ដាក់ក្ដីវាយខ្នង ៣០ ខ្វាប់ឲ្យបណ្ដើរអាក្រោសឲ្យគ្រប់ ៣ ថ្ងៃ ហើយឲ្យសំលាប់ចោលក្នុងពេលនោះ។ ក្នុងគ្រានោះ មហាឧបរាជកន និង ចៅពញាឧទ័យធិរាជបោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា។ លុះភូឃុំ បណ្ដើរអាក្រោសឱកម៉ឺនសូរិន្ទកែវទៅមុខបន្ទាយចៅពញាឧទ័យធិរាជហើយ ក៏បោះឈើបំណងនឹងសំលាប់ឱកម៉ឺនសូរិន្ទកែវហើយបង្គាប់ឲ្យឱកម៉ឺនសូរិន្ទកែវភាវនា។ ខណៈនោះ ចៈម៉ឺនចៃចុងរ័ក្សសោម និងទាហានរួមចិត្តពីររយនាក់ឃើញថាដល់សន្មតហើយក៏តាំងហ៊ោចេញពីក្នុងព្រៃមក ដេញពួកភូឃុំដែលបណ្ដើរឱកម៉ឺនសូរិន្ទកែវនោះ ហើយដោះក្ដីឱកម៉ឺនសូរិន្ទកែវចេញពីបង្គោលរួចនាំគ្នារត់ទៅរកបន្ទាយចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជក្រឡេកឃើញហើយសាកសួរទៅឱកម៉ឺនសូរិន្ទកែវ និង ចៈម៉ឺនចៃចុងរ័ក្សសោមព្រមទាំងទាហានទាំងពីររយនាក់ដោយចង់ដឹង។ មនុស្សទាំងនេះ ក៏ឆ្លើយត្រូវសេចក្ដីគ្នាថាខ្លួនដើរយាមល្បាតរាល់ថ្ងៃរាល់យប់។ ថាយប់ម្សិលមិញនេះ ឱកម៉ឺនសូរិន្ទកែវ ទទួលទានដំណេកទាល់ថ្ងៃ ក៏ព្រះស្ដេចកនដែលតាំងខ្លួនជាឧបរាជភូសំរេចរាជការ មហាក្រស័ត្រសឹកនោះចេញមកដើរត្រួតត្រាបន្ទាយឃើញក៏ចាប់ទោសឲ្យយកមកសំលាប់ ហេតុនេះហើយបានជា ពួកខ្ញុំប្របាទម្ចាស់ទាំងពីររយនាក់នេះអាណិតអាសូរវេទនាដល់ជាតិត្រកូលឱកម៉ឺនសូរិន្ទកែវដែលជាកូនចៅពញាយោធាសង្គ្រាមស្លាប់ដោយមានគុណបំណាច់នឹងផែនដីនោះផង។ ខ្ញុំប្របាទទាំងអស់គ្នាខំដណ្ដើមយកខ្លួនឱកម៉ឺនសូរិន្ទកែវមកសុំជ្រកបុណ្យអំណាចព្រះតេជគុណសូមធ្វើរាជការសងសឹកបិតាក្នុងបុណ្យព្រះតេជគុណតទៅ។ ចៅពញាឧទ័យធិរាជសួរថា: ចៅពញាយោធាសង្គ្រាម ដែលអាព្រះស្ដេចកនបាញ់ធ្លាក់ពីក្បាលដំរីនោះ ឬ ជាបិតារបស់ឯង។ ឱកម៉ឺនឆ្លើយថា: បាទនុះឯងហើយ វាបាញ់បិតាខ្ញុំប្របាទស្លាប់ហើយវាចាប់យកខ្លួនខ្ញុំប្របាទយកទៅរាប់អានបញ្ចុះបញ្ចូល រួចក៏ឲ្យចូលទៅធ្វើរាជការនឹងវា។ ឥឡូវនេះខ្ញុំប្របាទម្ចាស់បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះ សូមផ្ញើរអាយុជីវិតធ្វើរាជការក្នុងព្រះតេជគុណដើម្បីគិតសំលាប់ ព្រះស្ដេចកនសងឈាមបិតាខ្ញុំប្របាទឲ្យបានវិញ។ ចៅពញាឧទ័យធិរាជបានស្ដាប់ចំលើយអស់ទាំងពីររយនាក់នោះហើយ ឃើញថាឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនានឹងទៅដល់ចៅពញាយោធាសង្គ្រាម ដ្បិតជាភ្នាក់ងារខ្ញុំព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្តថា: សំដីបោកប្រាស់នេះជាសំដីពិតប្រាកដណាស់ទើបមានប្រសាសន៍ថា: ការណ៍នេះ បើអ្នកស្លូតត្រង់ស្មោះចំពោះនឹងព្រះបរមបពិត្រជាម្ចាស់មែន យើងនឹងជួយទំនុកបំរុងក្រាបបង្គំទូលព្រះអង្គឲ្យបានសេចក្ដីគាប់ទៅជាខាងក្រោយ ប៉ុន្តែជាន់នេះតាមច្បាប់អាជ្ញាសឹកនឹងខានដាក់ក្ដី នាំខ្លួនឯងទាំងអស់គ្នាទៅថ្វាយព្រះអង្គពុំបានឡើយ។ ចៅពញាឧទ័យធិរាជថាហើយក៏បង្គាប់នាយកងនាយទ័ពឲ្យដាក់ឈ្មោះទាំង ២០២ នាក់ហើយចាត់បំរើឲ្យនាំខ្លួនទាំង ២០២ នាក់នោះទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រដែលស្ដេចគង់នៅក្នុងបន្ទាយស្ទឹងសែន។ ទាហានទាំង ២០២ នាក់ បានទៅដល់ព្រះអង្គហើយក៏ក្លែងធ្វើជាក្រាបយំអណ្ដឺតអណ្ដករអាក់រអួលពន់ប្រមាណ។ សម្ដេចព្រះឝ្រីឝៅគន្ធបទរាជា ពេលនោះព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យជួបជុំអស់នាម៉ឺនសេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការ នៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបំរើ ចៅពញាឧទ័យធិរាជ ថ្វាយសំបុត្រចំលើយទាហានទាំង ២០២ នាក់នោះទ្រង់ក៏ត្រាស់បង្គាប់មន្ត្រីខាងទាហានក្រុមមឿង ទាហានរក្សាព្រះអង្គ និង ក្រុមមហាផ្ទៃឲ្យពិចារណាសួរកត់យកចំលើយ ហើយឲ្យយកទៅសូត្ររាយការណ៍ថ្វាយទ្រង់ព្រះសណ្ដាប់។ មន្ត្រីទាំង ៣ ក្រុមក៏ធ្វើតាមព្រះរាជបង្គាប់។ លុះឃើញថាចំលើយរបស់ទាហានទាំង ២០២ នាក់នោះត្រូវដូចចំលើយក្នុងសំបុត្រ ចៅពញាឧទ័យធិរាជហើយទ្រង់ព្រះអាសូរដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏ឲ្យលើកទោសដោះក្ដី ទាហានទាំង ២០២ នាក់នោះចេញ។ ទ្រង់ទុកអ្នកទាំងនោះជាមន្ត្រីក្នុងទាហានរក្សាព្រះអង្គតទៅ។ បន្ទាប់មក ទ្រង់ព្រះរាជទានប្រាក់ ឱកម៉ឺនសូរិន្ទកែវ ៥ ជញ្ជីង ឲ្យចៈម៉ឺនចៃចុងរ័ក្សសោម ៤ ជញ្ជីង ឲ្យទាហានទាំង ២០០ នាក់ ៥ តម្លឹងៗម្នាក់។ មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលឱកម៉ឺនសូរិន្ទកែវគ្រងងារជាយមរាជរត់ចេញទៅហើយនោះ ក៏លើកកងទ័ពទៅចោមវាយបន្ទាយចៅពញាឧទ័យធិរាជយ៉ាងសាហាវ។ ចៅពញា ឧទ័យធិរាជ ក៏ឲ្យកងទ័ពទទួលតតាំងច្បាំងតាំងពីព្រឹកលុះដល់ថ្ងៃរសៀលជិតព្រលប់ទើបឈប់។ កងទ័ពខាងចៅពញាឧទ័យធិរាជស្លាប់អស់ជាច្រើន។ ចៅពញាឧទ័យធិរាជយល់ថានឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ ក៏នាំកងទ័ពដោះថយទៅស្ទឹងសែនហើយឲ្យរៀបព្រះទីនាំងនាវា ទូកចំណុះ និង ទូកចំលងត្រៀមទុកដើម្បីនឹងអញ្ជើញព្រះបរមបពិត្រឲ្យស្ដេចនាំគ្រប់គ្រួទៅគង់ទៅនៅឯខែត្រពោធិ៍សាត់វិញ។

ឯកសារយោង

[កែប្រែ]
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ចៈម៉ឺនចៃចុងរ័ក្សនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
១៥១២-សតវត្សទី១៦
តដោយ
មិនស្គាល់