ស្រឡប់ដូនតីពិជ័យព្រៃនគរ
អាណាចក្រទិសខាងកើត រឺ ស្រឡប់ដូនតីពិជ័យព្រៃនគរ (គ.ស ១៥១៤-១៥២៩) និង ស្រីសន្ធរ (គ.ស ១៥១២-១៥១៤ ) គឺជាអាណាចក្រទិសខាងកើតរបស់ព្រះស្រីជេដ្ឋាទី២ក្រោយពីវាយបំបែកទ័ពទាំង២ កងរបស់ព្រះរាជារួចហើយ ហើយចៅពញាយសរាជាគេចខ្លួនបាត់ទៅនៅជាមួយព្រះបិតុលាចន្ទរាជានៅក្រុងទេពមហានគរ។ ស្ដេចកនគិតថា មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលនៅជាម្ចាស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រលប់មកនៅឯស្រីសន្ធរវិញ។ ស្ដេចកនបានចាត់ឱ្យចៅហ៊្វាកៅជាឪពុកមា ចេញបង្ក្រាបអាណាខែត្រដែលមិនទាល់ទទួលស្គាល់អំណាចរបស់ខ្លួន ថ្វីបើមានខ្លះមិនប្រឆាំងនឹងខ្លួនក៏ដោយ។ មិនយូរប៉ុន្មានបណ្ដាអាណាខែត្រទាំងអស់ទូទាំងប្រទេសមានចៅហ្វាយ និងនាម៉ឺនត្រួតត្រាដែលតែងតាំងដោយស្ដេចកន។ ប៉ុន្ដែស្ដេចកនគ្មានព្រះខ័នរាជ្យដែលជានិមិត្ដសញ្ញារាជានិយមទេ ក៏បានផ្សព្វផ្សាយថានឹងឱ្យរង្វាន់ជាមាស ៥០០ តម្លឹង (ប្រហែល១៨គីឡូក្រាម) ដល់ជនណាដែលរកព្រះខ័នរាជ្យឃើញយកមកប្រគល់ឱ្យខ្លួន។ ស្ដេចកនក៏បានឱ្យគេធ្វើព្រះខ័នរាជ្យមួយទៀតដែលខ្លួនកាន់នៅពេលបង្ហាញខ្លួននៅមុខសាធារណជន។
ដោយប្រើប្រាស់ព្រះខ័នរាជ្យក្លែងក្លាយនេះ ស្ដេចកនបានចាត់ឱ្យគេរៀបចំអភិសេកខ្លួនជាព្រះរាជានៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះនាមថា «សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី» ជាព្រះរាជាសោយរាជសម្បត្ដិនៅក្រុងស្រីសន្ធរបវរបាសាន្ត។
ស្ដេចកនបានលើកឪពុកមាឈ្មោះ កៅ ជាប្អូនរបស់ម្ដាយឱ្យឡើងជាទីចៅហ៊្វាគឺរដ្ឋមន្ដ្រីទី១ ត្រួតត្រាលើសមាជិករាជវង្ស និងពលព្រះស្រីរតនត្រៃទាំងអស់។ អនុលោមទៅតាមទំលាប់នៅក្នុងព្រះរាជាណាចក្រ ស្ដេចកនបានលើកលែងឱ្យប្រជានុរាស្ដ្រទាំងអស់រួចពន្ធចំនួន១ឆ្នាំនៅក្នុងឱកាសអភិសេកខ្លួននេះ ហើយរាជពង្សាវតារនិយាយថាប្រជារាស្ដ្រពេលនោះបានសុខសប្បាយខ្លាំងណាស់។
បន្ទាប់មក ស្ដេចកនបានសំរេចចិត្ដផ្លាស់រាជធានីឱ្យរាជាណាចក្រដែលខ្លួនដណ្ដើមបានដោយជ្រើសរើសកន្លែងមួយស្ថិតនៅលើព្រំប្រទល់ខែត្រត្បូងឃ្មុំ និងបាភ្នំ ត្រង់កន្លែងមួយមានឈ្មោះថា «ស្រឡប់» ហើយមកគង់នៅចាប់ពីឆ្នាំ១៥១៤ រហូតមក។ គេត្រូវប្រើពេលអស់ ២ ឆ្នាំដើម្បីសាងសង់រាជវាំង កំពែងរាជធានី ប៉មសំរាប់ការពារដំណាក់រាជមន្ទីរ និងត្រឡែងកែងរោងរបាំសួនច្បារ ។ ហើយដោយរាជធានីខ្វះខាតទឹក ស្ដេចកនបានចាត់ឧកញ៉ាវៀង វាំង លំពាង និងស្នល់ ឱ្យជីកស្រះទឹកធំមួយរាងការ៉េហើយជ្រុងមួយៗមានឈ្មោះតាមអ្នកទាំងបួន។ ស្រះទឹកនេះនៅមានរហូតដល់សព្វថ្ងៃ។ និយាយអំពីរាជធានីថ្មី គេបានដាក់ឈ្មោះឱ្យថា «ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានី»។ បីឆ្នាំក្រោយមក រាជធានីនេះមានមនុស្សរស់នៅច្រើនរាជធានីមុន ២ដង ហើយមានជនបរទេសចេញចូលជាច្រើន។ ព្រះរាជាណាចក្រមានសុខសន្ដិភាពដូចពីមុនឡើងវិញ ហើយប្រជានុរាស្ដ្របានសុខសំបូរសប្បាយក្រោមរាជ្យស្ដេចកននេះជាងស្ដេចមុនៗទាំងអស់។
ស្ដេចកនជាព្រះរាជាកម្ពុជាមុនគេដែលបានចាត់ឱ្យបោះពុម្ពប្រាក់សំរាប់ចាយវាយជាប្រាក់ស្លឹងធ្វើពីមាសមានរូបនាគម្ខាង។
រាជធានីត្រូវបានគេវាយបែកខ្ចាត់ខ្ចាយនៅឆ្នាំគ.ស ១៥២៩។ ព្រះស្ដេចកន និងព្រះម្នាងត្រូវបានគេចាប់បានកាត់ក្បាលបញ្ជូនតាមជាលទៅឱ្យ សម្ដេចចៅពញាយសរាជា ព្រះភាគិនេយ្យោ ព្រះចន្ទរាជា និងព្រះស្រីជេដ្ឋាទី២។
ទីតាំង និង ការស្រាវជ្រាវ
[កែប្រែ]«ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានីស្ថិតនៅទិសខាងកើត និង មានចំងាយប្រមាណជា ២២ គីឡូម៉ែត្រពីលំនៅស្ថានចៅហ្វាយខែត្រព្រៃវែងនៅលើខ្ពង់រាបខ្ពស់មួយ។»
- ដំណាក់កាលទី១: យើង សំអាង និងមានជំនឿទៅលើការកត់ត្រារបស់លោក អាឌេម៉ារ ឡឺក្លែរ ដោយបានទៅសិក្សាធ្វើការស៊ើបអង្កេតនៅលើទឹកដីខែត្រព្រៃវែងអស់រយៈ ពេលយូរជាច្រើនដង យើងនៅតែរកមិនឃើញតាមឯកសារខាងលើ ។
- ដំណាក់កាលទី២: យើងប្រមូលយកឯកសារប្រវត្តិសាស្ត្រខ្មែរ ជាពិសេស ពង្សាវតារគណៈកម្មការសម្ដេចវាំងជួន ពង្សាវតារវត្តទឹកវិល ស្រុកស្អាង ខែត្រកណ្ដាល ឯកសារមហាបុរសខ្មែរដែលរៀបរៀងដោយលោកអេង-សុត និង ឯកសារបរទេសមួយចំនួន ជាពិសេស ស្នាដៃនិពន្ធរបស់លោកអាដេម៉ាដ៍ ឡឺក្លែរ ដើម្បីយកមកសិក្សាពិនិត្យប្រៀបធៀបមួយម្ដងៗ រកអ្វីដែលមានលក្ខណៈប្រាកដនិយមអាចបង្ហាញប្រាប់អំពីទីតាំងភូមិសាស្ត្រពិតប្រាកដនៃព្រះរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគររបស់ ព្រះបាទស្រីជេដ្ឋាព្រះស្ដេចកន ព្រះមហាក្សត្រខ្មែរទី៣៩។
- ដំណាក់កាលទី៣: យើង ស្រង់យកឈ្មោះមនុស្ស និងភូមិសាស្ត្រដែលមានទាំងប៉ុន្មានក្នុងឯកសារប្រវត្តិសាស្ត្រមក ជ្រើសរើស ហើយយកទៅផ្ទៀងផ្ទាត់ប្រៀបផ្ទឹមជាមួយឈ្មោះ ខែត្រ ស្រុក ឃុំ ភូមិ និងទីតាំងផ្សេងៗដែលមាននៅលើផែនទីខេត្តកំពង់ចាម ជាពិសេសស្រុកត្បូងឃ្មុំតែម្ដង។ ខណៈនោះហើយដែលធ្វើឲ្យមានការចាប់អារម្មណ៍ទៅលើចំណុចភូមិសាស្ត្រ ភូមិស្រឡប់ ភូមិដូនតី ភូមិព្រៃនគរក្នុង ភូមិព្រៃនគរក្រៅ និងឈ្មោះទីតាំងផ្សេងៗទៀតនៅជិតគ្នានោះដែលមានលក្ខណៈសមស្របឆ្លើយឆ្លងស៊ីគ្នា។ មិនតែប៉ុណ្ណោះ រូបភាពកំពែងដីរាង៤ជ្រុងលើផែនទីដែលលើកឡើងចំកណ្ដាលភូមិទាំងបី ខាងលើជំរុញឲ្យយើងយល់ដឹង និងដាក់ជាទស្សនទានថា កន្លែងនេះពិតជារាជធានីព្រះស្រីជេដ្ឋាព្រះស្ដេចកន។
- ដំណាក់កាលទី៤: យើងបានចុះទៅដល់ទឹកដីខេត្តត្បូងឃ្មុំ ឬស្រុកត្បូងឃ្មុំដើម្បីធ្វើការស្រាវជ្រាវ ធ្វើការសាកសួរសម្ភាសដោយផ្ទាល់ជាមួយអ្នកស្រុក អ្នកភូមិ ព្រះសង្ឃ ស្វែងរកវត្ថុតឹកតាង និងភ័ស្តុតាងទាំងឡាយណាដែលអាចយកមកធ្វើជាគោលសំរាប់សំគាល់ ទ្រង់ទ្រាយព្រះរាជធានី។
បន្ទាយព្រៃនគរដែលមានកំពែងដីក្រាស់ខ្ពស់រាង៤ជ្រុងដែលយើងបានឃើញនៅ មុខទ្វារមានភិនភាគដូចបេះបិទនឹងការពិពណ៌នាក្នុងឯកសារ ប្រវត្តិសាស្ត្រខ្មែរ ។
នេះគឺពិតជាព្រះរាជធានីព្រះស្រីជេដ្ឋាព្រះស្ដេចកន (ស្រឡប់ដូនតីពិជ័យព្រៃនគរ) ដែលយើងបានរកឃើញនៅចុងឆ្នាំ២០០០។
ដើម្បីធ្វើដំណើរពីភ្នំពេញទៅរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ គេត្រូវបើកបរយកផ្លូវជាតិលេខ៧ឆ្ពោះទៅទីក្រុងខេត្តកំពង់ចាមឆ្លងទន្លេធំទៅដល់ទីប្រជុំជនសួងរួចហើយបន្តទៅភូមិត្រពាំងខ្នា។ មកដល់ភូមិត្រពាំងខ្នា យើងបត់ទៅស្នាំ ធ្វើដំណើរតាមផ្លូវលំមួយសំដៅទៅទិសខាងត្បូង។ ១០ គីឡូម៉ែត្រ ក្រោយមកយើងទៅដល់ទីតាំងមួយដែលមានកំពែងដីខ្ពស់វែង ដេកស្តូកស្ដឹងសណ្ដូកជើងពីកើតទៅលិចបាំងបិទភ្ជិតភ្ជាប់ជើងមេឃ ប្រមាណ ៣០ គីឡូម៉ែត្រ និងកំពស់ប្រហែលជាជាង ៤ ម៉ែត្រ។ នៅជិតជុំវិញរាជធានីមានគូទឹកដែលមានទទឹងប្រហែលជា១០០ម៉ែត្រ ។ គូទឹកមួយចំនួនដែលស្ថិតនៅទិសខាងកើត ខាងត្បូង និងខាងលិច ត្រូវគោករាក់ដោយអន្លើ នេះគឺដោយសារដីកំពែងបានបាក់ហូរចាក់ច្រោះអស់រយៈពេលជាង ៤០០ ឆ្នាំមកហើយ។
រាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរមានទ្វារចេញចូល ១២ ដោយជ្រុងនីមួយៗនៃរាជធានីមានទ្វារ ៣ ដូចដែលមានកំណត់ក្នុងឯកសារប្រវត្តិសាស្ត្រមែន។ យើងសូមរំឭកថាទ្វារទាំង ១២ មានឈ្មោះ៖
ទ្វារទិសខាងកើត (រាប់ពីជើងទៅត្បូង): ទ្វារចក្រឯក ទ្វារនាងជីលែង និង ទ្វារអន្ទាក់។ ទ្វារទិសខាងត្បូង (រាប់ពីកើតទៅលិច): ទ្វាររៀម ទ្វារចចកខាំ និង ទ្វារទំនប់តាដី។ ទ្វារខាងលិច (រាប់ពីត្បូងទៅជើង): ទា្វរចែនកែ ទ្វារពោធិ៍ធំ និង ទ្វារភ្លុក។ ទ្វារខាងជើង (រាប់ពីលិចទៅកើត): ទ្វារមាស ទ្វារប្រាជ្ញ និង ទ្វារត្នោតកល្ប។ ក្នុងចំណោមច្រកទ្វារទាំង១២មានតែ៤ ទេដែលប្រជាពលរដ្ឋប្រើប្រាស់ មានផ្លូវចេញចូលទាក់ទងគ្នា គឺមានទ្វារ២ផ្នែកកំពែងខាងជើង (ខាងលិច និងកណ្ដាល) មួយផ្នែកខាងកើតទ្វារចំកណ្ដាល និងមួយទៀតផ្នែកទ្វារកណ្ដាលដែលតភ្ជាប់ទៅឃុំដូនតី ចំណែកឯទ្វារប៉ែកខាងត្បូង គេពុំបានប្រើប្រាស់ ឬមានផ្លូវតភ្ជាប់ឡើយ ។ កន្លែងដែលយើងទៅដល់ ដោយចូលតាមភូមិត្រពាំងខ្នា ស្ថិតនៅចំទ្វារទិសខាងជើងនៃរាជធានី ។ ទ្វារនេះឈ្មោះ ទ្វារមាស ។ កាលណាយើងចូលទៅក្នុងបន្ទាយតាមផ្លូវទ្វារមាស យើងឃើញស្រះ ឬត្រពាំងមួយនៅឆ្វេងដៃ។ ស្រះនេះមានទទឹងប្រហែលជា ៥០ ម៉ែត្រ និងបណ្ដោយប្រហែលជា១០០ម៉ែត្រ ។ ស្រះនោះឈ្មោះ បឹងប្រាក់ ។ គេមានជំនឿថា ដើមឡើយស្រះនេះជាកន្លែងស័ក្តិសិទ្ធិដែលគេតែងតែមកសុំខ្ចីចាន ឆ្នាំង និងរបស់របរផ្សេងទៀតសំរាប់យកទៅរៀបចំពិធីបុណ្យ។ ជារៀងរាល់លើកអ្នកសច្ចំ អ្នកត្រង់បារមី ឬអ្នកល្ងិតនៅទីនោះតែងតែឲ្យខ្ចីជានិច្ចកាល។ គេដំណាលទៀតថា ជារៀងរាល់ថ្ងៃសីលនៅទីនោះ គេមានឮសូរសំឡេងភ្លេងពិណពាទ្យប្រគំរងំជាប្រចាំ។ ស្រះនេះអាចជាស្រះដែលព្រះស្ដេចកនបានធ្លាប់ត្រាស់បង្គាប់ឲ្យមន្ត្រីចតុស្ដម្ភនាំគ្នាជីកសំរាប់ជាប្រយោជន៍ដល់ប្រជានុរាស្ត្រ។ ក្រៅអំពីនេះ នៅហូរហែជាប់នោះដែរ គេកត់សំគាល់ឃើញមាន ត្រពាំងដូនទាវ ត្រពាំងភ្ញារ ត្រពាំងកូនដំរី ត្រពាំងស្នង ត្រពាំងតាងឹន។
យើងបន្តដំណើរពីបឹងប្រាក់ទៅមុខបានប្រមាណជា ៣០ ម៉ែត្រ ទៀត យើងទៅដល់ផ្លូវមួយទាល់។ បន្ទាប់មកយើងបត់ឆ្វេងតំរង់ទៅទិសខាងកើត លុះឆ្ងាយបន្តិចនៅខាងត្បូងផ្លូវ ឬនៅស្ដាំដៃ យើងនឹងឃើញវត្តព្រៃនគរក្នុងឬ វត្តប្រាសាទ ឬវត្តខ្មៅ ដែលមានសរសេរកំណត់ទុកក្នុងឯកសារប្រវត្តិសាស្ត្រខ្មែរ។ វត្តនេះសាងសង់នៅចំកណ្ដាលព្រះរាជធានីព្រះស្ដេចកន។ ក្នុងឆ្នាំ២០០០ វត្តព្រៃនគរក្នុងមានព្រះសង្ឃ ៧ អង្គគង់ចាំព្រះវស្សា។ ព្រះគ្រូចៅអធិការធ្លាប់បានទទួលស្គាល់ដឹងឮថាមានព្រះអង្គខ្មៅមែនតែត្រូវក្រុមចោរលួចបាត់ជាយូរមកហើយ។
វត្តប្រាសាទ ឬវត្តព្រៃនគរក្នុងមានបរិវេណធំស្អាតស្រឡះល្អមានព្រះវិហារថ្មីមួយដែលសាងសង់នៅលើខឿនព្រះវិហារចាស់។ នៅក្រោយព្រះវិហារមានប្រាសាទបុរាណពីរសង់ដោយឥដ្ឋ បែរមុខទៅខាងកើតមានខ្លោងទ្វារ ផ្ដែរធ្វើអំពីថ្មភក់ និងសសរពេជ្រសំរាប់លំអរចនា។ ទន្ទឹមគ្នានេះដែរ នៅផ្នែកខាងជើង គេកត់សំគាល់ឃើញមានប្រាសាទបុរាណមួយទៀតធ្វើអំពីឥដ្ឋដែលបន្សល់ ទុកតែខឿនគ្រឹះក្រោមតែប៉ុណ្ណោះ។ ជញ្ជាំងដំបូលត្រូវរលំបាក់បែកអស់ជាយូរយារមកហើយ។ ប្រាសាទឥដ្ឋទាំងបី យើងសង្កេតឃើញមានលក្ខណៈជាប្រាសាទសាងសង់ទៅតាមបែបបទព្រហ្មញ្ញ សាសនាដែលមានរចនាបថដូចជាប្រាសាទឥដ្ឋឯទៀតនៅភូមិជើងអង្គ ស្រុកដំបែ ខេត្តកំពង់ចាម ឬនៅប្រាសាទធំ (ឬប្រាសាទក្រហម) ក្នុងក្រុមប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ។ រចនាបថនេះធ្វើឲ្យយើងប៉ាន់ស្មានសន្និដ្ឋានថា ប្រាសាទឥដ្ឋទាំងបីនៅវត្តព្រៃនគរក្នុងប្រហែលសាងសង់ក្នុងសតវត្សទី ១០‑១១ ។ ក្នុងចំណោមប្រាសាទទាំងបី ប្រាសាទនៅខាងត្បូងគេបង្អស់ដែលមើលទៅមានលក្ខណៈដូចប្រាសាទស្រី ត្រូវគេនិយមហៅថា ប្រាសាទស្រីគ្រប់លក្ខណ៍។ នៅលើជញ្ជាំងផ្នែកខាងជើង គេឃើញមានផ្ទាំងថ្មមួយវែង មានទ្រង់ទ្រាយឆ្លាក់ជាចង្អូរទឹកចេញមកក្រៅ។ រូបភាពនេះធ្វើឲ្យយើងសន្និដ្ឋានថា ប្រាសាទស្រីគ្រប់លក្ខណ៍ជាកន្លែងសំរាប់ធ្វើសក្ការៈបូជាសុំទឹកមន្តមកស្រោចស្រពសុំជោគជ័យសេរីមង្គល។ ដូចនេះនៅក្នុងប្រាសាទត្រូវមានសិវលិង្គដែលគេត្រូវស្រោចទឹកលើ ហើយបង្ហូរតាមទ ឬចង្អូរថ្មខាងលើ។ ទឹកមន្តហូរធ្លាក់មកលើយោនីជាតំរងរួចស្រេចហើយ ទើបគេដួសយកមកមុជស្រោចស្រព ឬផឹកជាក្រោយ។ យោនីតំរងនេះពុំឃើញនៅក្រោមចង្អូរថ្មនោះទេ តែត្រូវបានព្រះសង្ឃលើកយកទៅដាក់លំអនៅកាំជណ្ដើរសាលាឆាន់វិញ។ នៅខាងមុខព្រះវិហារ មានស្រះមួយធំ យើងសន្និដ្ឋានបានថា ជាស្រះថ្មីដែលគេជីកយកដីក្នុងពេលថ្មីៗសំរាប់យកដីមកបំពេញខឿនវិហារ។ ឆ្ងាយអំពីនេះទៅមុខទិសខាងកើត ចំងាយប្រមាណជាង២០០ ម៉ែត្រ យើងឃើញប្រាសាទតូចៗធ្វើអំពីឥដ្ឋចំនួន ៧ ដែលបែកបាក់ខូចខាងអស់ជាច្រើន។ ប្រាសាទតូចៗទាំងនេះប្រហែលជាចេតិយដែលគេសាងសង់ក្នុងសម័យរាជ្យ ព្រះស្រីជេដ្ឋាព្រះស្ដេចកន។
នៅក្នុងបរិវេណក្នុងស្រឡប់ដូនតីពិជ័យព្រៃនគរដដែលនៅជ្រុងខាងជើងឆៀង ខាងកើត ចំងាយប្រមាណជា ២៥០ ម៉ែត្រពីវត្តប្រាសាទ ឬព្រៃនគរក្នុង គេឃើញនៅសេសសល់ស្នាមគ្រឹះប្រាសាទបីទៀតដែលសង់អំពីឥដ្ឋ ហើយដែលត្រូវពួកជនទុច្ចរិតនាំគ្នាមកគាស់បំផ្លិចបំផ្លាញ។ នៅទីនោះ គេឃើញឥដ្ឋប្រាសាទរាយប៉ាយពាសពេញគ្រប់ទិសទី។ ឥដ្ឋមួយផ្នែកធំត្រូវបានអ្នកភូមិប្រមូលរើសយកទៅប្រើការ ក្រាលនៅតាមផ្ទះភូមិដ្ឋានរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ យើងកត់សំគាល់ឃើញមានអណ្ដូងទឹកបុរាណមួយ នៅខាងជើងវត្តក្នុងដីភូមិអ្នកស្រុកម្នាក់។ អណ្ដូងនោះមិនសូវជ្រៅប៉ុន្មានទេ មានមាត់ជាប់ស្មើនឹងដី គ្មានលើកឲ្យខ្ពស់សម្រាប់ការពារឡើយ។ ឯផ្នែកខាងក្នុងអណ្ដូងចាស់បុរាណ លោកបានយកឥដ្ឋមករៀបតម្រៀបលើគ្នាដើម្បីទប់ដីកុំឲ្យបាក់។ ទិដ្ឋភាពជាទូទៅដែលយើងបានរៀបរាប់មកពីខាងលើ អ្នកស្រុក អ្នកភូមិនៅភូមិព្រៃនគរក្នុង ព្រៃនគរក្រៅ ឃុំដូនតី និងផ្សេងទៀត សុទ្ធតែបានដឹងបានស្គាល់ទាំងអស់តែពួកគាត់មិនបានដឹងអំពីប្រវត្តិ ជាពិសេសប្រវត្តិព្រឹត្តិការណ៍ដែលជាប់ទាក់ទងទៅនឹងព្រះមហាក្សត្រ ព្រះស្រីជេដ្ឋាឡើយ ។ ដូច្នេះ គេពុំអាចស្វែងរកព័ត៌មានអ្វីឲ្យបានច្បាស់លាស់អំពីប្រវត្តិភូមិ ប្រវត្តិរាជធានី ឬប្រវត្តិព្រះស្ដេចកននោះទេ។ នៅរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ សម្បត្តិវប្បធម៌ដែលយើងអាចកត់សំគាល់មានជាអាទិ៍ ប្រាសាទដែលសាងសង់ឡើងដោយឥដ្ឋ។ ប្រាសាទទាំងនោះអាចចែកចេញជាពីរក្រុមខុសគ្នា៖ ប្រាសាទសម័យមុនអង្គរ និង ប្រាសាទ ឬចេតិយក្រោយអង្គរ។
ប្រាសាទដែលអាចចាត់បញ្ចូលទៅក្នុងជំពូកប្រាសាទឥដ្ឋសម័យមុនអង្គរមាន ប្រាសាទទាំងបីស្ថិតនៅក្រោយព្រះវិហារវត្តព្រៃនគរក្នុង និងខឿនប្រាសាទដែលសេសសល់នៅជ្រុងខាងជើងឆៀងខាងកើត ផ្នែកខងក្នុងអតីតរាជធានី។
ប្រាសាទដែលយើងអាចលើកយកមកសិក្សាគឺមានប្រាសាទតែពីរប៉ុណ្ណោះនៅរក្សា ទ្រង់ទ្រាយចាស់មាំល្អ ។ ប្រាសាទទាំងពីរមានរចនាបថដូចប្រាសាទនៅសម្បូណ៌ព្រៃគុក ត្រូវបានសាងសង់ឡើងក្នុងសម័យកាលក្រោយទេ គឺក្នុងសម័យអង្គរ ហើយប្រហែលជាក្នុងសតវត្សទី១០‑១១ ។ មូលហេតុដែលនាំឲ្យយើងធ្វើការសន្និដ្ឋានដូចនេះគឺដោយសារ៖ នៅក្នុងតំបន់ស្រុកត្បូងឃ្មុំ យើងសង្កេតឃើញក្នុងការសាងសង់ប្រាសាទ គេធ្វើអំពីឥដ្ឋ គេមិនសង់ប្រាសាទតែមួយទោលទេ គឺគេសង់ម្ដងប្រាសាទបីនៅជាប់គ្នាលើដីរាប ហើយប្រាសាទដែលស្ថិតនៅកណ្ដាលជាប្រាសាទធំល្អ ហើយសំខាន់ជាងគេ។ ប្រាសាទដែលសាងសង់មានលក្ខណៈបីជាប់គ្នាដូចនេះ យើងឃើញមាននៅវត្តព្រៃនគរក្នុងទួលព្រៃគីរ (ភូមិអណ្ដោត) ជើងអង្គ (ភូមិជើងអង្គ) និងប្រាសាទខ្លះទៀតក្នុងក្រុមប្រាសាទកោះកេរ្តិ៍។ សិលាចារឹកប្រាសាទជើងអង្គ (K៩៩) ដែលចារនៅលើខ្លោងទ្វារខាងជើង និងខាងត្បូងប្រាសាទធំកណ្ដាលបានបញ្ជាក់ថា ប្រាសាទនេះត្រូវបានកសាងឡើងដោយមានការត្រាស់បង្គាប់បញ្ជាពី ព្រះបាទជយវម៌្មទី៥ (គ.ស ៩២៨‑៩៤១)។ សិលាចារឹក K៩៩ មានពីរផ្ទាំង។ សិលាចារឹកនេះមានការខូចខាតដោយអន្លើ តែអក្សរចារនៅមានសភាពល្អច្បាស់។ ផ្ទាំងអក្សរលើទ្វារផ្នែកខាងត្បូងមាន ៣២ បន្ទាត់សរសេរចារជាភាសាខ្មែរ និង១បន្ទាត់កន្លះទៀតជាភាសាសំស្ក្រឹត។ ផ្ទាំងទ្វារផ្នែកខាងជើងមាន ២៧ បន្ទាត់ចារជាអក្សរខ្មែរ។ ប្រាសាទជើងអង្គកសាងក្នុងសតវត្សទី១០។ ប្រាសាទនៅវត្តព្រៃនគរក្នុងពុំមានទំហំធំសំបើមមានក្បាច់រចនាឆ្លាក់អស្ចារ្យទេគឺជាប្រាសាទតូចល្មម មានសសរពេជ្រ ផ្ដែរ ធ្វើអំពីថ្មភក់រចនាបថប្រហាក់ប្រហែលនឹងប្រាសាទក្នុងសម័យកាលនោះ។ ជាទូទៅប្រាសាទក្នុងរចនាបថនេះ មានរាងបួនជ្រុងស្មើ ប្រហែលជា ៣ ម៉ែត្រគុណនឹង៣ម៉ែត្រ និងមានកំពស់ប្រហែលពី ៥ ទៅ ៦ ម៉ែត្រ។ ក្នុងរចនាបថនេះ ប្រាសាទមានទ្វារចូលតែមួយគត់នៅទិសខាងកើត។ ចំណែកនៅតាមជញ្ជាំងទាំងបីទៀតដែលបែរទៅរកទិសផ្សេងៗ គេឃើញមានរចនាជាទ្វារបញ្ឆោត ។
ប្រាសាទទាំងនោះសុទ្ធតែមានប្រាង្គប្រាសាទដែលកសាងឡើងសំរាប់ឧទ្ទិសថ្វាយទៅដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនាជាពិសេសថ្វាយចំពោះព្រះសិវៈ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ចោទជាសំណួរគឺ៖ តើហេតុអ្វីនៅភូមិអណ្ដោត ស្រុកត្បូងឃ្មុំ អ្នកស្រុកទាំងក្មេងទាំងចាស់ហៅប្រាសាទនៅទួលព្រៃគគីរ (ព្រៃគីរ) ថា ចេតិយព្រៃគីរទៅវិញ? តើប្រាសាទដែលសង់ទាំងប៉ុន្មាននោះ ជាចេតិយ ឬក៏ជាប្រាសាទសំរាប់ប្រារព្ធធ្វើសក្ការៈបូជាថ្វាយចំពោះអាទិទេព? ពីព្រោះក្នុងបញ្ហានេះ អ្នកប្រាជ្ញបារាំងជាពិសេសលោកហ្សក-សឺដេសបានចោទសួរដែរថា តើប្រាសាទខ្មែរជាកន្លែងធ្វើសក្ការៈបូជាថ្វាយព្រះអាទិទេព ឬជាកន្លែងកប់សពព្រះមហាក្សត្រខ្មែរ? ម្យ៉ាងវិញទៀតអ្នកស្រាវជ្រាវបារាំងលុយណេ-ឌឺ-ឡាស្ហុងតីជែរ (Lunet de LAJONQUIERE) បានកត់សំគាល់ឈ្មោះប្រាសាទទាំងបីនេះថា ព្រះធាតុធំ។
ទស្សនៈនេះ និងភាពជាក់ស្ដែងដែលយើងបានទៅសាកសួរប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំធ្វើឲ្យយើងហ៊ានសន្និដ្ឋានថាប្រាសាទទាំងអស់ដែលស្ថិតនៅក្រោយព្រះវិហារវត្តព្រៃនគរក្នុង ជាចេតិយដែលគេយកអដ្ឋិធាតុព្រះស្រីជេដ្ឋាព្រះស្ដេចកន និងអ្នកម្នាងស្នំឯកជីលែងទៅបញ្ចុះទីនោះ។ ពីព្រោះពង្សាវតារវត្តទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលបានសរសេរកត់ត្រាយ៉ាងច្បាស់ថា ៖ សម្ដេចព្រះយសរាជាជាកែវនាយក ព្រះអង្គយល់ឃើញហើយឲ្យយកក្បាលព្រះស្ដេចកន និងអ្នកម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្តប្រាសាទព្រៃនគរក្នុងដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ។ ម្យ៉ាងវិញទៀត ក៏ស័ក្តិសមដែរដែលព្រះអដ្ឋិធាតុព្រះស្រីជេដ្ឋាព្រះស្ដេចកន និង អ្នកម្នាងជាលែងត្រូវបានយកទីបញ្ចុះក្នុងប្រាសាទនោះលើខឿនតែ មួយជាមួយនឹងព្រះវិហារ ពីព្រោះព្រះអង្គជាអ្នកមានបុណ្យជាព្រះមហាក្សត្រមួយអង្គរបស់ប្រទេសខ្មែរ ទោះបីជាព្រះអង្គកើតចេញពីគ្រួសារអ្នកក្រីក្រជាពលរតនត្រ័យក៏ដោយ។ ប្រហែលជាក្នុងន័យដូចនេះហើយ ទើបបានជាខ្មែរអ្នកភូមិព្រៃនគរក្នុងបានហៅប្រាសាទខាងត្បូងថា ប្រាសាទស្រីគ្រប់លក្ខណ៍ជារៀងរហូតមកពីជំនាន់មួយទៅជំនាន់មួយដោយមិនដឹងខ្លួនថាកំពុងតែគោរពបូជាអ្នកម្នាងជីលែងដែលគេចាត់ទុកជាស្រីគ្រប់លក្ខណ៍។ ឯកសារវត្តទឹកវិលបានបញ្ជាក់អំពីអព្ភូតហេតុជាច្រើនដែលជាប់ទាក់ទងនឹងអ្នកម្នាងក្នុងពេលរត់ភៀសខ្លួន ក្រោយបែកបន្ទាយស្រឡប់ដូនតីពីជ័យព្រៃនគរ។ ចំណោទដដែលខាងលើ ក៏ចោទចំពោះប្រាសាទ ឬចេតិយទាំងប្រាំពីរនៅទិសខាងកើតព្រះវិហារវត្តព្រៃនគរក្នុងដែរ។ សំណង់ទាំងប្រាំពីរធ្វើអំពីឥដ្ឋ មានទំហំតូចល្មម តំរៀបជាជួរ មានទ្រង់ទ្រាយពុំដូចជាប្រាសាទឡើយ។ តែបើយើងសង្កេតឲ្យបានដិតដល់ យើងឃើញថារចនាបថសំណង់ទាំងនោះមានលំនាំដូចជាចេតិយជាង។ ម្យ៉ាងវិញទៀត ឥដ្ឋដែលយកមកប្រើសំរាប់សាងសង់ ក៏មានលក្ខណៈធំជាងឥដ្ឋសម័យអង្គរដែរ។ ឯក្បាច់ចំលាក់តាមទ្វារ សសរ ឬផ្ដែរក៏គ្មានដែរ។ ប៉ុន្តែនៅលើទួលនោះ យើងសង្កេតឃើញមានសេសសល់នូវបំណែកតំរងលិង្គព្រះសិវៈធ្វើអំពី ថ្មភក់ដែលជាកត្តាធ្វើឲ្យយើងគិតស្មានថា កន្លែងនោះជាទីតាំងចាស់របស់ព្រហ្មញ្ញសាសនាដែលគេទៅសាងសង់ចេតិយពីលើ។ ដូច្នេះហើយបានជាហ៊ានសន្និដ្ឋានថា សំណង់ឥដ្ឋទាំងនោះសង់ក្រោយសម័យអង្គរទៅតាមលំនាំចេតិយ និងផ្នែកព្រះពុទ្ធសាសនា។ កាលបរិច្ឆេទនៃការសាងសង់នោះអាចនៅក្នុងសម័យកាលព្រះស្ដេចកន ឬក្រោយនោះបន្តិចបន្តួច។ ចេតិយទាំងនោះប្រហែលជាចេតិយរបស់ព្រះញាតិវង្សព្រះស្រីជេដ្ឋាព្រះស្ដេចកន ឬមន្ត្រីមេទ័ពធំៗរបស់ព្រះអង្គដែលលោកលុយណេ-ឌឺ-ឡាស្ហុងតីជែរកត់ត្រាឈ្មោះជាព្រះធាតុតូច។ រចនាបថចេតិយទាំងប្រាំពីរមានលក្ខណៈល្អម្យ៉ាងហើយ តែខុសប្លែកពីរចនាបថចេតិយផ្សេងឯទៀតដែលយើងធ្លាប់ឃើញក្នុងសម័យកាលក្រោយអង្គរ។ លក្ខណៈបុរាណភាពរបស់អតីតរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរមិនមែនមានតែ ប្រាសាទប៉ុណ្ណោះទេ នៅក្នុងរាជធានីនេះក៏មានសិលាចារឹកសម័យមុនអង្គរដែរដែលគេស្គាល់ ក្រោមលេខសារពើភណ្ឌ K៩៨។ នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ លោក អេទីជែន អាយម៉ូនីញ៉េរ (Etienne AYMONIER) បានសរសេរចុះផ្សព្វផ្សាយថា ក្នុងព្រះវិហារថ្មីនៅបន្ទាយព្រៃនគរមានថ្មខ្មៅមួយចិតដុសខាត់ស្អាតដូចជា តុមានរាងសំប៉ែត៤ជ្រុងស្មើ ពុំមានប្រហោងចោះទេដែលជ្រុងនីមួយៗមានប្រវែង ០,៤០ មាត្រ និងកំពស់០,០៦ មាត្រ។ នៅលើគែមថ្មនោះមានអក្សរសម័យមុនអង្គរ ៧ តួបានចារនៅលើនោះយ៉ាងច្បាស់។
ក្រោយមកនៅដើមសតវត្សទី ២០ ដដែល លោកលុយណេ-ឌឺ-ឡាស្ហុងគែជែរបានសរសេរបញ្ជាក់ប្រាប់ថា លោកបានទៅរកមើលថ្មខ្មៅនោះ តែលោករកមិនឃើញ។ បច្ចុប្បន្ន អ្វីដែលនៅសេសសល់ពីសិលាចារឹក K៩៨ ថ្មខ្មៅនោះគឺមានតែស្លាកស្នាមក្រដាសផ្ដាមរបស់លោកអាយម៉ូនីញេរ ដែលគេរក្សាទុកនៅបណ្ណាល័យជាតិនៃប្រទេសបារាំង ចុះលេខ K២២៨។ សិលាចារឹកនេះមានអក្សរច្បាស់ងាយស្រួលក្នុងការអាន និងយល់ តែបញ្ហាដែលចោទគឺស្ថិតនៅលើពាក្យទី៣ ដែលមានរូបរាងចំលែកមិនអាចអាន ឬយល់បាន។ លោកសឺដេសបានកត់ត្រាក្នុងស្នាដៃរបស់លោកដូចតទៅនេះ៖
“gui neh…….ndāna tā´n añ”
“Ceci est le…..de Tā´n añ”
“នេះគឺជា…….របស់តាងអញ”
ដែលយើងអាចសរសេរជាភាសាខ្មែរបុរាណ ៖
“នេះគឺ……ន្ទាន តាងអញ”
លោកសឺដេសបានសរសេរបញ្ជាក់តួអក្សរទី៣ មានរូបរាងចំលែកគឺសំដៅទៅលើតុថ្មខ្មៅនោះដែលស្ត្រីម្នាក់ជាតាងអញមាន ឬបានទទួល។ ទោះបីជាសិលាចារឹកត្រូវបាត់បង់ ហើយសល់តែអក្សរផ្ដាមដែលគេរក្សាទុកនៅប្រទេសបារាំងក៏ដោយ ក៏យើងអាចកត់សំគាល់បានដែរថា សម័យមុនអង្គរគឺសតវត្សទី៩នៅលើទឹកដីព្រៃនគរក្នុង ឬស្រុកត្បូងឃ្មុំមានមនុស្សរស់នៅមានការជឿនលឿនមានការចងចាំ ចេះចារអក្សររក្សាទុករួចមកហើយ។ នេះក៏ជាសក្ខីភាពដែលបញ្ជាក់ថា ទឹកដីនេះមានចំណាស់ចាត់ជាយូរឆ្នាំមកហើយ ហើយព្រះមហាក្សត្រ និងនាម៉ឺនមុខមន្ត្រីទាំងជិតឆ្ងាយសុទ្ធតែបានយកចិត្តទុកដាក់នឹងតំបន់នេះ។ ភស្តុតាងជាក់ស្ដែងគឺសិលាចារឹកនៅប្រាសាទជើងអង្គរបស់ព្រះបាទជយវម៌្មទី៥។ ឯការជ្រើសរើសយកជ័យភូមិមកសាងសង់ព្រះរាជធានីនៅស្រឡប់ដូនតីពិជ័យ ព្រៃនគររបស់ព្រះមហាក្សត្រព្រះបាទស្រីជេដ្ឋាព្រះស្ដេចកនមិនមែនជាការចៃដន្យ ឬជាព្រឹត្តិការណ៍ជំរុញដោយសុបិននិមិត្តទាំងស្រុងនោះទេគឺផ្អែកទៅលើធនធានមនុស្ស ធនធានធម្មជាតិ ទឹកដី និងចំណុចយុទ្ធសាស្ត្រ។ គុណសម្បត្តិ រាជធានីព្រះស្ដេចកនដែលយើងលើកយកមកខាងលើមិនត្រូវបានព្រះមហាក្សត្រខ្មែរក្រោយៗឲ្យតំលៃឡើយ។ ក្រោយដែលព្រះបាទស្រីជេដ្ឋាព្រះស្ដេចកនចូលទិវង្គត ទីក្រុងនេះត្រូវគេបោះបង់បំភ្លេចចោល ភ្លេចរហូតដល់ទៅឈ្មោះ និងទីតាំងរហូតមកដល់ចុងសតវត្សទី២០ ដើមសតវត្សទី២១។ ប៉ុន្តែតាមការពិតជាក់ស្ដែង ទឹកដីខ្មែរត្រើយខាងកើតតែងតែមានសក្ដានុពលគ្រប់បែបយ៉ាងដែលជំរុញព្រឹត្តិការណ៍វិវត្ត និងអភិវឌ្ឍរបស់សង្គមជាតិខ្មែរតាំងតែពីអតីតកាលមកទល់បច្ចុប្បន្ន៕
ឯកសារយោង
[កែប្រែ]- ↑ "ឈូកខ្មែរ". Archived from the original on 2015-07-29. Retrieved 2015-07-26.