ណូសហ្វើរ៉ាតុ
ណូសហ្វើរ៉ាតុ៖ និមិត្តសញ្ញានៃភាពរន្ធត់ | |
---|---|
ដឹកនាំដោយ | អេហ្វ. ដាប៊ិលយូ. ម័រនូវ |
សរសេរដោយ | ប្រលោមលោក: ប្រាម ស្ទូឃើរ ស្គ្រីនផ្លេយ៍: ហេនរីគ ហ្គាលីន |
តួសម្ដែង | ម៉ាកស៍ ស្រីក |
ពេលចេញផ្សាយ | 4 មីនា គ.ស 1922 (នៅអាល្លឺម៉ង់) 3 មិថុនា គ.ស 1929 (នៅសហរដ្ឋអាមេរិក) |
រយៈពេល (នាទី) | 94 នាទី |
ប្រទេស | អាល្លឺម៉ង់ |
ភាសា | គ្មានសម្លេង |
ណូសហ្វើរ៉ាតុ៖ និមិត្តសញ្ញានៃភាពរន្ធត់ ឬត្រូវបានស្គាល់ថា ណូសហ្វើរ៉ាតុ (អង់គ្លេស: Nosferatu: A Symphony of Horror, អាល្លឺម៉ង់៖ Nosferatu, eine Symphonie des Grauens) ភាពយន្តភ័យរន្ធត់ អាល្លឺម៉ង់ ដែលបានចេញផ្សាយនៅឆ្នាំ ១៩២២ វាគឺជា ខ្សែភាពយន្តគ្មានសម្លេង ស-ខ្មៅ។
ពាក្យ ណូសហ្វើរ៉ាតុ មានន័យថា បិសាចជញ្ជក់ឈាម ឬ វេមផាយ ក្នុងភាសា រ៉ូម៉ានី
ណូសហ្វើរ៉ាតុ បានកែសម្រួលពីរឿងប្រលោមលោករបស់អ្នកនិពន្ធជនជាតិអៀរឡង់ គឺលោក ប្រាម ស្ទូឃើរ នៃភាពយន្ត ដ្រាគូឡា (Dracula) ដោយរក្សាខ្លឹមសារដើមវាទាំងអស់។ មានតែឈ្មោះតួអង្គ និងឈ្មោះទីកន្លែងប៉ុណ្ណោះត្រូវបានប្តូរទៅជាភាសាអាល្លឺម៉ង់។ ឧទាហរណ៍ដូចជា ខោនត៍ ដ្រាគូឡា (Count Dracula) ក្លាយទៅជា ខោនត៍ អរ៍ឡក (Count Orlok), ចូណាថាន់ ហេកហ្គើរ (Jonathan Hagger) បានប្តូរទៅជា ថូម៉ាស ហាត់តើរ (Thomas Hutter) ហើយទីកន្លែងនៃឧបទ្ទវហេតុត្រូវបានប្តូរពីទីក្រុងឡុងដ៍ (London) ទៅជា វីប៊ឺគ (Wiesborg) ជំនួសវិញ។
ណូសហ្វើរ៉ាតុ ដឹកនាំដោយ អេហ្វ. ដាប៊ិលយូ. ម័រនូវ គឺអ្នកដឹកនាំរឿង ជនជាតិអាឡឺម៉ង់ ដែលមានឥទ្ធិពលខ្លាំងលើ សិល្បៈ និង វប្បធម៌ អាល្លឺម៉ង់ក្នុង ទសវត្សរ៍ឆ្នាំ 1920 រហូតដល់ ទសវត្សរ៍ឆ្នាំ 1930 ជាពិសេស ខ្សែភាពយន្តបែបអេចប្រេស៊ិនីសត៍ (Expressionist) របស់អាល្លឺម៉ង់។
តួសម្តែង ខោនត៍ អរ៍ឡក គឺសម្ដែងដោយ ម៉ាកស៍ ស្រីក (Max Schreck) ដែលដើរតួបានយ៉ាងអស្ចារ្យ។ ជាពិសេស ការតុបតែងខ្លួន និងការបង្ហាញខ្លួនមើលទៅដូចជា វេមផាយ ពិតៗ ដោយមានខ្នងកោង និងក្រចកដៃវែងមុតស្រួចគួរឲ្យរន្ធត់។
នៅពេលខ្សែភាពយន្តនេះបញ្ចាំង វាត្រូវបានប្តឹងពីច្បាប់រក្សាសិទ្ធិដោយអតីតភរិយារបស់ ស្ទូឃើរ ជាលទ្ធផលលោក ម័រនូវ បានចាញ់ក្ដី ហើយខ្សែភាពយន្តនេះត្រូវបានបំផ្លាញ ប៉ុន្តែនៅតែមានច្បាប់ចម្លងដែលបាននៅសេសសល់។ មូលហេតុចម្បង ព្រោះលោក ម័រនូវ បានចម្លងស្ទើរតែទាំងអស់ពីប្រលោកលោក ខោនត៍ ដ្រាគូឡា (Count Dracula) ជាមួយបញ្ហារក្សាសិទ្ធិដែលពួកគេមិនយល់ព្រមគ្នាមុនពេលថត។
ទោះជាយ៉ាងណាក៏ដោយ ណូសហ្វើរ៉ាតុ គឺជាខ្សែភាពយន្តដែលត្រូវបាននិយាយតៗគ្នានៅក្នុងពិភពខ្សែភាពយន្តលើ គេហទំព័រ IMDb វាបានវាយតម្លៃខ្សែភាពយន្តនេះ 8.1 ក្នុងចំណោម 10 ហើយបានក្លាយជាការលើកទឹកចិត្តដល់អ្នកដឹកនាំជនជាតិអាឡឺម៉ង់ម្នាក់ទៀតនៅក្នុងសម័យនេះគឺ វើនើរ ហើរហ្ស៊ក (Werner Herzog) ដែលត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំរឿងដែលមានស្នាដៃល្អក្នុងការផលិតរបស់ខ្លួន បានធ្វើរឿងមួយទៀតក្នុងឆ្នាំ ១៩៧៩ បានដាក់ឈ្មោះថា Nosferatu the Vampyre និងខ្សែភាពយន្តអាមេរិកមួយបែបខ្នាតតូច (Independent film) ក្នុងឆ្នាំ1999 ត្រូវបានគេហៅថា Shadow of the Vampire ដែលជារឿងនិយាយពីការថតរឿង ណូសហ្វើរ៉ាតុ របស់ ម័រនូវ។