Jump to content

តូ ឡឹម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី តូ ឡាំ)

តូ ឡឹម (ភាសាវៀតណាម៖ Tô Lâm; កើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧) គឺជាអ្នកនយោបាយ និងជាមន្ត្រីនគរបាលវៀតណាមម្នាក់ ដែលសព្វថ្ងៃកំពុងបម្រើការជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម[១] និងធ្លាប់ជាប្រធានាធិបតីប្រទេសវៀតណាមពីខែឧសភា ឆ្នាំ២០២៤​ ដល់ខែតុលា ឆ្នាំ២០២៤។[២] មុនឡើងកាន់អំណាចនយោបាយកំពូល លោកបានប្រកបអាជីពជាមន្ត្រីនៅក្នុងកងកម្លាំងសន្តិសុខសាធារណៈអស់រយៈពេលជាង ៤០ ឆ្នាំ ដោយធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចាប់ពីឆ្នាំ២០១៦ រហូតដល់ពេលដែលត្រូវគេបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។

លោក តូ ឡឹម នៅឆ្នាំ២០២៤

ក្នុងនាមជា​សមាជិក​ការិយាល័យ​នយោបាយ​នៃបក្សកុម្មុយនីស្តវៀតណាម លោកឡឺំមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់អតីតអគ្គលេខាធិការបក្សង្វៀន ហ៊្វូចុង ដែលនាំឱ្យកើតការបោសសម្អាតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនយោបាយវៀតណាម។​[៣] បន្ទាប់ពីលោកចុងបានទទួលមរណភាពនៅក្នុងខែកក្កដា ឆ្នាំ២០២៤ លោកឡឺមក៏បានក្លាយជា​ប្រមុខនៃគណៈកម្មាធិការមជ្ឈិមប្រឆាំងអំពើពុករលួយ គណៈកម្មាធិការមជ្ឈិមយោធា និងក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិ។

មានដើមកំណើតពីខេត្តហ៊ឹងអៀន លោកបានក្លាយ​ជា​សមាជិកបក្សកុម្មុយនីស្តវៀតណាម ​នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ១៩៨១។ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាមជ្ឈិមនគរបាល និងបណ្ឌិតសភាសន្តិសុខប្រជាជនវៀតណាម លោកបានប្រកបអាជីពនៅក្នុងកងកម្លាំងនគរបាលស្ទើរមួយជីវិតរបស់លោក​ ដោយសព្វថ្ងៃលោក​កំពុងកាន់​ឋានៈ​ជាឧត្តមសេនីយ៍ផ្កាយ​បួននៅ​ក្នុងសន្តិសុខសាធារណៈប្រជាជនវៀតណាម។ ពីមុន លោកធ្លាប់បានកាន់តំណែងជាប្រធានគណៈកម្មាធិការដឹកនាំតំបន់ខ្ពង់រាបកណ្តាល អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខទីមួយនៃក្រសួងសន្តិសុខសាធារណៈ។ លោកក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមចាប់តាំងពីឆ្នាំ២០១១ និងជាសមាជិកការិយាល័យនយោបាយចាប់តាំងពីឆ្នាំ២០១៦។[៤] ដោយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ និងកាន់សញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ លោក​ត្រូវ​បានគេ​តែងតាំង​ជា​សាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​សន្តិសុខនៅក្នុង​ឆ្នាំ២០១៥។ ក្នុងនាមជាមន្ត្រីសន្តិសុខកំពូលម្នាក់ លោកត្រូវបាន​គេ​ចាត់ទុក​ថា​ជាបុគ្គលនាំមុខនៅក្នុង​យុទ្ធនាការ​បង្ក្រាបអ្នក​ប្រឆាំងនយោបាយ ​គាប​សង្កត់​លើអង្គការ​សង្គម​ស៊ីវិល រឹត​បន្តឹងពិរុទ្ធភាពលើបណ្ដាញ​អ៊ីនធឺណិត និង​ពាក់ព័ន្ធ​នឹង​រឿង​ចម្រូងចម្រាស​ផ្សេងៗទៀត។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សតែងតាំងជាប្រធានាធិបតីទី១៣ នៃប្រទេសវៀតណាមបន្តពីលោកវ៉ូ វ៉ាន់ធឿង បន្ទាប់ពីអតីតប្រធានាធិបតីវៀតណាមម្នាក់នេះបានលាលែងពីតំណែងកាលពីខែមីនា ឆ្នាំ២០២៤ ដោយជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។[៥] រដ្ឋសភា​វៀតណាមបាន​ដក​តូ ឡឺមចេញពីតួនាទី​រដ្ឋមន្ត្រី​ទាំងប៉ុន្មានដែលលោកបានកាន់ពីំមុន​មក មុននឹងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីបានចាប់ផ្ដើម។[៦][៧]

នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2024 បន្ទាប់ពីមរណភាពរបស់លោកង្វៀន ហ៊្វូចុង លោកតូ ឡឹមក៏ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី​ 13 ជ្រើសរើសជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមយោធា ដែលនាំឱ្យលោកក្លាយជាមេដឹកនាំកំពូលបច្ចុប្បន្ននៃប្រទេសវៀតណាម។[១]

ឯកសារយោង

[កែប្រែ]
  1. 1 2 VnExpress. "President To Lam becomes Vietnam's Party General Secretary - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam. Retrieved 2024-09-19.
  2. ↑ VnExpress. "Public security minister To Lam recommended to be Vietnam's new president - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam. Retrieved 2024-05-18.
  3. ↑ "Party Congress announces CPVCC Politburo members". Government of the Socialist Republic of Vietnam. 19 January 2011. Retrieved 25 June 2012.
  4. ↑ "Tóm tắt tiểu sử Bộ trưởng Bộ Công an Tô Lâm". Chính phủ Việt Nam. Archived from the original on 2020-11-15. Retrieved 15 November 2020. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. ↑ VnExpress. "Public security minister To Lam recommended to be Vietnam's new president - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam (in អង់គ្លេស). Retrieved 2024-05-18.
  6. ↑ "National Assembly to dismiss To Lam as public security minister ahead of presidential vote - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam. Retrieved 2024-05-21.
  7. ↑ "NA to relieve To Lam from post of Minister of Public Security for election to State President". Vietnam+ (VietnamPlus). 2024-05-21. Retrieved 2024-05-21.