បក្សកុម្មុយនីស្តវៀតណាម

ពីវិគីភីឌា
បក្សកុម្មុយនីស្តវៀតណាម
Đảng Cộng sản Việt Nam
ស្ថាបនិកហូ ជីមិញ
អគ្គលេខាធិការង្វៀន ហ៊្វូចុង
លេខាធិការប្រតិបត្តិវ៉ូ វ៉ាន់ធឿង
បង្កើត៣ កុម្ភៈ ១៩៣០
បញ្ចូលគ្នា
ទីស្នាក់ការកណ្ដាល១A, វិថីហ៊ុងវឿង, បាដិញ, ហាណូយ
សារព័តមានញ៉ានសាន
ស្លាបនិស្សិតសមាគមនិស្សិតវៀតណាម
ស្លាបយុវជនសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ
អង្គការនិគមជនអង្គការយុវនិគមជនហូជីមិញ
សមាជិកភាព  (២០២១)៥,៣០០,០០០
មនោគមវិជ្ជា
ទំនាក់ទំនងជាតិរណសិរ្សមាតុភូមិវៀតណាម
ទំនាក់ទំនងអន្តរជាតិIMCWP
រដ្ឋសភា
៤៨៥ / ៤៩៩
គេហទំព័រ
en.dangcongsan.vn
ទង់គណបក្ស
នយោបាយនៅវៀតណាម
គណបក្សនយោបាយ
ការបោះឆ្នោត

បក្សកុម្មុយនីស្តវៀតណាម ឬអាចហៅ/សរសេរកាត់ថា ប.ក.វ. (ភាសាវៀតណាម៖ Đảng Cộng sản Việt Nam) គឺជាគណបក្សស្ថាបនិក និងស្របច្បាប់តែមួយគត់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣០ ដោយលោកហូ ជីមិញ បក្សកុម្មុយនីស្តវៀតណាមបានក្លាយជាគណបក្សកាន់អំណាចនៃវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ ហើយបន្ទាប់មកបានគ្រប់គ្រងលើប្រទេសវៀតណាមទាំងមូលក្រោយការដួលរលំនៃរដ្ឋាភិបាលវៀតណាមខាងត្បូងនៅក្នុងឆ្នាំ១៩៧៥។ ថ្វីត្បិតតែវាមានអត្ថិភាពស្របគ្នាជាមួយរណសិរ្សមាតុភូមិវៀតណាមក៏ដោយក្ដី បក្សនេះបានរក្សាអំណាចលើរដ្ឋាភិបាល និងមានអំណាចមជ្ឈការគ្រប់គ្រងលើកងកម្លាំងយោធា និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានា។ ឧត្តមភាពនៃបក្សកុម្មុយនីស្តវៀតណាមត្រូវបានកត់ត្រានៅក្នុងមាត្រា ៤ នៃរដ្ឋធម្មនុញ្ញប្រទេស។ សាធារណជនវៀតណាមជាទូទៅបានសម្ដៅទៅលើបក្សកុម្មុយនីស្តវៀតណាមថា "គណបក្ស" (Đảng) ឬ "គណបក្សយើង" (Đảng ta)។

បក្សកុម្មុយនីស្តវៀតណាមត្រូវ​បាន​រៀបចំ​ចាត់ចែងឡើង​ដោយ​ផ្អែក​លើគោលជំហរនៃមជ្ឈិមនិយមប្រជាធិប​តេយ្យ ពោលជា​គោលការណ៍​មួយ​ដែល​បាន​បំផុសឡើង​ដោយ​អ្នកបដិវត្ត​ន៍ម៉ាក្ស​និយមជនជាតិរុស្ស៊ីម្នាក់ឈ្មោះ វ្ល៉ាឌីមៀរ លេនីន។ ស្ថាប័នខ្ពស់បំផុតនៃបក្សកុម្មុយនីស្តវៀតណាមគឺ សមាជជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្ស និងមានគោលដៅជ្រើសតាំងគណៈកម្មាធិការមជ្ឈិមនៃបក្ស។ គណៈកម្មាធិការមជ្ឈិមបក្ស គឺជាស្ថាប័នកំពូលមួយដែលមានតួនាទីត្រួតមើលកិច្ចការងារគណបក្សនៅចន្លោះសម័យប្រជុំនៃសមាជបក្សនីមួយៗ។ ក្រោយសម័យប្រជុំសមាជបក្ស គណៈកម្មាធិការមជ្ឈិមនឹងត្រូវជ្រើសតាំងបុគ្គលចូលទៅក្នុងការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ហើយតែងតាំងលេខាទីមួយដែលជាតំណែងខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនឹងក្លាយជាស្ថាប័នកំពូលរ៉ាប់រងលើកិច្ចការងារបក្សវិញ។ ក៏ប៉ុន្តែ វាអាចអនុវត្តបានតែសេចក្ដីសម្រេចដោយផ្អែកលើគោលនយោបាយដែលត្រូវបានអនុម័តជាមុនមកដោយគណៈកម្មាធិការមជ្ឈិម ឬសមាជជាតិរបស់បក្សប៉ុណ្ណោះ។ គិតត្រឹមឆ្នាំ២០១៧ ការិយាល័យនយោបាយទី១២ មានសមាជិកចំនួន ១៩ រូប។ មេដឹកនាំបក្សបច្ចុប្បន្នគឺលោក ង្វៀន ហ៊្វូចុង ដែលលោកកំពុងតែកាន់តំណែងជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិម

បក្សកុម្មុយនីស្តវៀតណាមគឺប្តេជ្ញាប្រកាន់ខ្ជាប់នូវលទ្ធិកុម្មុយនីស្ត ហើយតែងចូលរួមនៅក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្ត និងពលករអន្តរជាតិជារៀងរាល់ឆ្នាំ។ គណបក្សនេះត្រូវបានគេស្គាល់ផងដែរតាមរយៈមតិការពារ និងគាំទ្ររបស់ខ្លួនចំពោះ "សេដ្ឋកិច្ចទីផ្សារតាមបែបសង្គមនិយម" ក៏ដូចជា គោលគំនិតហូជីមិញ ដែលជាទស្សនៈប្របាច់បញ្ចូលនូវលទ្ធិម៉ាក្ស–លេនីន ទស្សនៈវៀតណាម គំនិតខ្លះៗពីបដិវត្តន៍បារាំង និងជំនឿផ្ទាល់ខ្លួនរបស់លោកហូ ជីមិញ។ ប.ក.វ. ធ្លាប់បានអនុវត្តសេដ្ឋកិច្ចបញ្ជានៅវៀតណាមមុនពេលដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ចដែលគេនិយមស្គាល់ថា "ដូយមុឺយ" នៅក្នុងឆ្នាំ១៩៨៦។ គណបក្សនេះផងដែរធ្លាប់បានដើរតម្រឹមជាមួយសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់គេក្នុងអំឡុងសង្គ្រាមត្រជាក់

ប្រវត្តិសាស្ត្រ[កែប្រែ]

ឯកសារយោង[កែប្រែ]