ធម៌ផ្សាយមេត្តា
ធម៌ផ្សាយមេត្តា
[កែប្រែ]- សព្វេ បុរត្ថិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
- សព្វេ បុរត្ថិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
- សព្វេ ទក្ខិណាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
- សព្វេ ទក្ខិណាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
- សាប់ពេ បច្ឆិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
- សព្វេ បច្ឆិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
- សព្វេ ឧត្តរាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
- សព្វេ ឧត្តរាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
- សព្វេ ឧបរិមាយ ទិសាយ សត្តា អវេរា សុខី ហោន្តុ
- សព្វេ ហិដ្ឋិមាយ អនុទិសាយ សត្តា អវេរា សុខី ហោន្តុ ។
- សព្វេ សត្តា អវេរា ហោន្តុ សុខិតា ហោន្តុ និទ្ទុក្ខា ហោន្តុ
- អព្យាបជ្ឈា ហោន្តុ អនិឃា ហោន្តុ ទិឃាយុកា ហោន្តុ
- អរោគា ហោន្តុ សម្បត្តីហិ សមិជ្ឈន្តុ សុខី អត្តានំ បរិហរន្តុ ។
- ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា
- ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។
- ប្រែៈ
ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចឹម ទិសពាយព្យ ទិសឧត្តរ ទិសឦសាន ទិសខាងក្រោម ទិសខាងលើ
សូមឲ្យជាសត្វមិនមានពៀរនឹងគ្នា សូមឲ្យមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមឲ្យបានតែសេចក្តីសុខ ឲ្យប្រាសចាកទុក្ខ
កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឲ្យមានអាយុវែង កុំឲ្យមានរោគ សូមឲ្យបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួនឲ្យជាសុខរៀងទៅ ។
សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលកំពុងដល់
នូវសេចក្តីសោក សូមឲ្យជាសត្វ បាត់សេចក្តីសោកទៅហោង ។
- (គិហិបតិបត្តិពិសេស)ជីវិតគឺជាវត្ថុបំណងដ៏សំខាន់បំផុតសម្រាប់សត្វលោកគ្រប់ៗរូប ទោះជាសត្វនោះកើតមកមានលក្ខណៈល្អក្ដី អាក្រក់ក្ដី ពាលក្ដី បណ្ឌិតក្ដី ក្មេងក្ដី ចាស់ក្ដី ជាអ្នកស្ដុកស្ដម្ភក្ដី កំសត់ទុគ៌ត ជាអ្នកមានអវយវៈគ្រប់គ្រាន់ក្ដី ឬក៏ដល់នូវសភាពជាអ្នកពិការយ៉ាងណាក្ដីក៏នៅតែត្រូវការជីវិត ព្រោះជីវិតគឺជាវត្ថុដ៏សំខាន់មានតែមួយគត់សម្រាប់សត្វលោកគ្រប់ៗរូប។ សត្វលោកគ្រប់ៗរូប គេស្រលាញ់ជីវិតរបស់គេណាស់ គ្មានអ្នកណាចង់ស្លាប់ទេ គេសុខចិត្តលះបង់ទ្រព្យសម្បត្តិដើម្បីការពារអវយវៈ គេលះបង់អវយវៈដើម្បីការពារជីវិត នៅពេលដែលការពារជីវិតមិនបាន គេសែនសោកស្ដាយនិងតក់ស្លុតយ៉ាងខ្លាំងក្រៃលែង ដូច្នេះជីវិតជារបស់ប្រសើរកាត់ថ្លៃពុំបាន គ្មានទីផ្សារដាក់លក់ទេ មហាសេដ្ឋី មហាមូលធន ក៏មិនអាចយកប្រាក់ទិញបានដែរ បើអាចទិញបានគេមិនព្រមស្លាប់ងាយៗនោះទេ។
អ្នកដែលត្រូវគេសម្លាប់ រមែងព្រាត់ប្រាស់ចោលរបស់ជាទីស្រលាញ់ ជាទីគាប់ចិត្ត ស្លាប់ទៅ ទាំងសេចក្ដីភិតភ័យតក់ស្លុត ចំណែកញាតិមិត្ត បងប្អូនសាច់សាលោហិតជិតស្និទ្ធរបស់គេ ជ្រួលច្របល់ យំយែកទួញសោកបោកប្រាណ ព្រោះហេតុតែបុគ្គលជាទីស្រលាញ់ ត្រូវបាត់បង់ជីវិតដោយសារការសម្លាប់នោះ ដូច្នេះយើងមានឈ្មោះថាជាមនុស្សម្នាក់ ត្រូវតែមានប្រាជ្ញាស្មារតីឧស្សាហ៍ពិចារណាឲ្យបានជារឿយៗថា បើយើងស្រលាញ់ជីវិតរបស់យើងយ៉ាងណា អ្នកដទៃគេក៏ស្រលាញ់ជីវិតរបស់គេ យ៉ាងនោះដែរបើយើងចង់រស់ នោះអ្នកដទៃគេក៏ចង់រស់ដូចយើងដែរ កាលបើយើងឧស្សាហ៍ពិចារណាយ៉ាងនេះអោយបានរឿយៗ នោះយើងមានសេចក្ដីអនុគ្រោះ ឲ្យនូវអភ័យដល់សត្វទាំងអស់ក្នុងលោក ដូចជា ព្រៃធំតែងផ្ដល់ នូវភាពកក់ក្ដៅដល់ម្រឹគីម្រឹគា ដូចជាអាកាសវាហាដ៏ធំទូលាយតែងផ្ដល់នូវការសប្បាយដល់បក្សី សត្វ ឬដូចជា មហាសមុទ្រតែងផ្ដល់ជម្រកដ៏សុខសាន្តដល់មច្ឆាទាំងឡាយ យើងត្រូវតែជាមនុស្សមានចិត្តទូលាយដូចផែនដី ត្រូវឧស្សាហ៍ស្ដាប់នូវធម៌របស់សប្បុរស អប់រំចិត្តអោយបានល្អ រហូតទាល់តែចិត្តយើង បានជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រហ្មវិហារធម៌គឺ មេត្តា។
ការដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ ពុំមែនពឹងពាក់ចំពោះតែទ្រព្យសម្បត្តិ កិត្តិយសប៉ុណ្ណោះទេ យើងពិតជាត្រូវការធម៌មេត្តាការរាប់អាន ការអោយអភ័យពីអ្នកដទៃ ជាចាំបាច់ណាស់ព្រោះថាបើអ្នកដទៃគ្រប់ៗរូបប្រាសចាកធម៌មេត្តា ក្លាយជាមនុស្សឃោរឃៅគ្មានត្រាប្រណីហើយ នោះយើងក៏មិនអាចរស់នៅបានសុខឡើយ សូមឲ្យមនុស្សគ្រប់ៗគ្នាចងចាំថា ដែលយើងនៅរស់ព្រោះអ្នកដទៃគេមិនសម្លាប់យើង តើហេតុអ្វីបានជាគេមិនសម្លាប់យើង? គឺបានមកអំពីការដែល គេតាំងចិត្តថា អាត្មាអញមិនបៀតបៀន មិនសម្លាប់សត្វដទៃនោះឯង ដូច្នេះជីវិតពិតជាត្រូវការមេត្តាធម៌ បើប្រាសចាកមេត្តាធម៌ហើយ សកលលោកនេះនឹងក្លាយទៅជាថ្លុកឈាម ព្រោះតែការ កាប់សម្លាប់គ្នាពុំខាន។
ដឹងថាជីវិតពិតមានតម្លៃ គួរខំកែខៃរួសរាន់សាងល្អ លះក្ដីប្រមាទសង្វាតធម៌ស ធ្វើជាមនុស្សល្អរបស់សង្គម។ (លីវលីហ៊ួ)