Jump to content

បុណ្យឯករាជ្យជាតិកម្ពុជា

ពីវិគីភីឌា

បុណ្យឯករាជ្យជាតិកម្ពុជា

វិមានឯករាជ្យកម្ពុជា
ប្រារព្ធដោយ ជនជាតិខ្មែរ
តំណាងជាតិ ប្រទេសកម្ពុជា
ប្រភេទបុណ្យ បុណ្យឯករាជ្យជាតិ
បង្កើតដោយ នរោត្តមសីហនុ
កាលបរិច្ឆេទ ៩ វិច្ឆិកា ១៩៥៣
ថ្ងៃកំណត់ ថ្ងៃ៩ រៀងរាល់ខែវិច្ឆិកា
កំណើតទ័ពកម្ពុជា កងយោធពលខេមរៈភូមិន្ទ
ចំនួនកងទ័ព 380,000 នាក់
ក្រោមស្ថាប័ន
  • ក្រសួងការពារជាតិ
  • ក្រសួងមហាផ្ទៃ

បុណ្យឯករាជ្យជាតិកម្ពុជា (បារាំង: Fête de l'indépendance du Cambodge) (អង់គ្លេស: Independence Day of Cambodia) គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់កាលបរិច្ឆេទរៀងរាល់ថ្ងៃទី 9 ខែវិច្ឆិកា ដែលធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា រដ្ឋការកម្ពុជាទាំងអស់ត្រូវធ្វើការរំលឹកខួបជារៀងរាល់ឆ្នាំ រំំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 ។ នៅថ្ងៃរំលឹកខួបបុណ្យឯករាជ្យជាតិនេះ មន្ត្រីរាជការ និង មន្ត្រីរដ្ឋការកម្ពុជាទាំងអស់ត្រូវបានឈប់សំរាកចំនួន ១ថ្ងៃផងដែរ ។[]

ប្រវត្តិ

[កែប្រែ]

History

បុណ្យឯករាជ្យជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពី ប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ប្រទេសកម្ពុជាទាំងមូលបានស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល ៩០ឆ្នាំ ដែលរាប់ចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ។ បារាំងបានដាក់អណានិគមលើ ប្រទេសកម្ពុជាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ ក្នុងរាជព្រះបាទ នរោត្តម (French colony on Cambodia 1863 -1866) ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 - 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។ ក្នុងឆ្នាំ ១៨៨៧ បារាំងបានសំរេចដាក់កម្ពុជាចូលក្នុងឧបសម្ព័នឥណ្ឌូចិន (French Indochina union) ដែលមានន័យថា កម្ពុជាស្ថិតក្នុងសម្ព័នយោធាត្រីភាគី រាល់ប្រទេសណាមួយដែលឈ្លានពាន ប្រទេសណាមួយដែលជារដ្ឋសមាជិកឥណ្ឌូចិន នោះកងទ័ពសម្ព័នមិត្តនិងចូលមកជួយ រហូតដល់ឆ្នាំ ១៩៤១ អំឡុងពេលផ្ទុះឡើងនៃ សង្គ្រាមលោកលើកទី២ (World War 2) វត្តមាននៃកងទ័ព ជប៉ុន បានកំចាត់បារាំងចេញពីឧបទ្វីបឥណ្ឌូចិន ។ ក្រោយចប់សង្គ្រាមលោកលើកទី២ ឆ្នាំ ១៩៤៥ បារាំងបានវិលត្រឡប់មកដាក់អណានិគមលើកម្ពុជាម្ដងទៀត ការវិលត្រឡប់មកវិញរបស់បារាំងគឺមិនមែនជារឿងល្អនោះទេ បារាំងបានដាក់ចេញនូវគោលនោយបាយជំរិតទារពន្ធអាករ លើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាមានការលំបាកជាខ្លាំង ក្នុងម្នាក់តម្រូវឱ្យបង់ពន្ធជាប្រាក់ ១៥ណែន ដោយស្មើនិង ១តម្លឹង ២ជី បើមិនមានប្រាក់បង់ពន្ធត្រូវបង់ជាសត្វចិញ្ចឹមដែលខ្លួនមានជំនួសវិញ ឬ ត្រូវបង់ជារបស់របរប្រើប្រាសដែលខ្លួនមាន ការជំរិតទារពន្ធហួសប្រមាណរបស់ទេសាភិបាលបារាំង បានធ្វើឱ្យប្រជាជនកម្ពុជា ងើបឡើងបះបោរលួចសម្លាប់ពួកបារាំងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ១៩៤៨ ចលនាប្រឆាំងអណានិគមបារាំងនៅកម្ពុជា បានផ្ទុះឡើងពាសពេញផ្ទៃប្រទេស ។ ចលនាតស៊ូដើម្បីទាមទារឯករាជ្យជាតិ បានចែកចេញជា ៣ផ្សេងគ្នា ទី១ ចលនាតស៊ូដោយពួក ​ខ្មែរ​ឥស្សរៈ (Khmer Issarak) មានមូលដ្ឋាននៅ ខេត្តបាត់ដំបង ដែលមានការគាំទ្រពី ប្រទេសថៃ និង ក្រោយមកគាំទ្រ ដោយពួកវៀតមិញ ទី២ ចលនាតស៊ូ ដោយពួកខ្មែរសេរី ដឹកនាំដោយ សមសារី ផ្ដោតទៅលើកិច្ចចរចារនយោបាយការទូត និង ទី៣ ចលនាតស៊ូ ខ្មែរបង្រួបបង្រួមជាតិ ដឹកនាំដោយព្រះបាទ នរោត្តមសីហនុ ដែលមានមូលដ្ឋាននៅ ខេត្តកំពង់ឆ្នាំង[]

សកម្មភាព

[កែប្រែ]

Activities

សកម្មភាពទាមទារឯករាជ្យពីបារាំងបានឈានដល់ការផ្ទុះប្រដាប់វុធ ដោយចលនារបស់ពួកខ្មែរឥស្សរៈ បានវាយដណ្ដើមមូលដ្ឋានទ័ពបារាំងនៅ ខេត្តបាត់ដំបង នៅអំឡុងខែកុម្ភៈឆ្នាំ ១៩៤៨ ដោយចលនារបស់ពួកខ្មែរឥស្សរៈ ដែលមានការចូលរួមគាំទ្រដោយពួកវៀតមិញ បានពង្រីកផ្ទៃដីកាន់កាប់របស់ខ្លួនគឺ ១/៣ នៃផ្ទៃប្រទេសទាំងមូល ។ ចំណែកឯចលនាបង្រួបបង្រួមជាតិ បង្កើតឡើងដោយព្រះបាទ នរោត្តមសីហនុ នៅ ខេត្តកំពង់ឆ្នាំង មិនមានសញ្ញវុធទំនើបសម្រាប់ច្បាំងនិងបារាំងនោះទេ ដោយមានត្រឹមកាំភ្លើងឈើប៉ុនណោះ ដូចនេះហើយព្រះបាទ នរោត្តមសីហនុ បានសម្រេចបង្កើតក្រុមចលនាមួយទៀតមានឈ្មោះថា ចលនានារីក្លាហាន ដែលមានស្ត្រីចូលបម្រើជាកងកម្លាំងប្រមាណជា ២០,០០០ (២មុឺននាក់) ។ នៅដើមឆ្នាំ ១៩៤៩ កងកម្លាំងរបស់ព្រះបាទ នរោត្តមសីហនុ បានវាយដណ្ដើមមូលដ្ឋានទ័ពបារាំងនៅខេត្តកំពង់ឆ្នាំង ចលនាទាមឯករាជ្យរបស់ប្រជាជនខ្មែរ និង កងកម្លាំងបារាំង បានឈានដល់ការប្រឈមុខដាក់គ្នា ក្នុងការត្រៀមប្រើកម្លាំងកងទ័ព ភាគីបារាំងដោយមើលឃើញថា ប្រជាជនបារាំងជាច្រើនបានស្លាប់ក្នុងជម្លោះទាមទារឯករាជ្យពីបារាំងនេះ ដូចនេះហើយបារាំងបានបើកកិច្ចចរចារជាមួយព្រះបាទនរោត្តមសីហនុនៅក្នុងសភាជាតិកម្ពុជា ហើយព្រះបាទនរោត្តសីហនុ បានទាមទារឱ្យប្រទេសបារាំងលុបចោលនូវសន្ធិសញ្ញានៃការដាក់អណានិគម ក្នុងឆ្នាំ ១៨៦៣ និង លុបចោលនូវ សន្ធិសញ្ញាអណាព្យាបាលដែលធ្វើឡើងនៅឆ្នាំ ១៨៦៧ ហើយបារាំងបានយល់ព្រមនូវសំណើរនេះដោយធ្វើការចុះនូវហត្ថលេខាជាផ្លូវការណ៍ផងដែរ ប៉ុន្តែទោះជាយ៉ាងណា បារាំងមិនទាន់យល់ព្រមប្រគល់អធិបតេយ្យភាព និង មិនទាន់ឱ្យកម្ពុជាមានកងទ័ពជាតិនោះទេ ។ ដោយបារាំងមិនព្រមប្រគល់អធិបតេយ្យភាពឱ្យមកកម្ពុជាវិញ ពោលគឺ នៅខែកញ្ញា ឆ្នាំ ១៩៤៩ ព្រះបាទនរោត្តមសីហនុ បានសំរេចរំលាយសភាកម្ពុជា ដោយរំលាយនៅសភាជាន់ខ្ពស់បារាំងដែលមានតំណែងក្នុងស្ថាប័នជាតិកម្ពុជាមួយនេះផងដែរ ការទុកកៅអីអសនៈសភា បានអូសបន្លាយអស់រយៈពេល ២ឆ្នាំ ទើបព្រះបាទនរោត្តមបង្កើតឱ្យមានសមាជិកសភាថ្មីទាំងអស់ឡើងវិញដែលប្រកាសឡើងនៅខែកញ្ញា ឆ្នាំ ១៩៥១ ហើយមួយខែបន្ទាប់ទើបទ្រង់ប្រកាសអសនៈសភា ដែលធ្វើឡើងនៅខែតុលា ដោយនេះជាការជម្រុះចោលទាំងស្រុង នូវសមាជិកសភាកម្ពុជាដែលជាជនជាតិបារាំង ។ នៅខែមិថុនា ឆ្នាំ ១៩៥២ ព្រះបាទនរោត្តមសីហនុ បានប្រកាសចេញនូវការសន្មត់មួយថា ទ្រង់និងបង្កើតឱ្យមានរដ្ឋាភិបាលជាតិឡើងវិញ ជាមួយនិងការរក្សានៅសុខសុវត្ថិភាពជាតិ ។ នៅដើមឆ្នាំ ១៩៥៣ ព្រះបាទនរោត្តសីហនុ បានទាមទារឱ្យបារាំងលុបចោលនូវសន្ធិសញ្ញាការពារប្រទេសកម្ពុជា ក្នុងការដោះដូរជាមួយនិងសេដ្ឋកិច្ចជាតិកម្ពុជា ដែលមានន័យថាបារាំងត្រូវប្រគល់ការគ្រប់គ្រងសេដ្ឋកិច្ចជាតិកម្ពុជា មកឱ្យព្រះមហាក្សត្រកម្ពុជាវិញ ។ នៅខែមីនា ឆ្នាំ ១៩៥៣ ព្រះបាទ នរោត្តមសីហនុ បានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អុឺរ៉ុប កាណាដា និង សហរដ្ឋអាមេរិក ដើម្បីប្រកាសចេញនូវការទាមទារឯករាជ្យភាពរបស់កម្ពុជាពីប្រទេសបារាំង រហូតដល់ខែមិថុនា ឆ្នាំ ១៩៥៣ ទើបព្រះបាទនរោត្តមសីហនុ បានវិលត្រឡប់មកដល់កម្ពុជាវិញ ។ នៅខែសីហា ឆ្នាំ ១៩៥៣ បារាំងបានយល់ព្រមចុះហត្ថលេខាប្រគល់នូវ កងកម្លាំងនគរបាលជាតិ និង ស្ថាប័នតុលាការ ឱ្យមកកម្ពុជាវិញ តាមការទាមទារ របស់ព្រះបាទ នរោត្តមសីហនុ ។ នៅពាក់កណ្ដាលខែតុលា ឆ្នាំ ១៩៥៣ កងកម្លាំងរបស់កម្ពុជា បានបើកការវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកបារាំងនៅតាមដង ទន្លេមេគង្គ និងបង្ខំឱ្យបារាំងដកទ័ពចេញពីកម្ពុជា បារាំងបានសំរេចយល់ព្រមចុះហត្ថលេខាបើកផ្លូវឱ្យកម្ពុជាមានកងទ័ពជាតិឡើងវិញ តាមការទាមទារ របស់ព្រះបាទ នរោត្តមសីហនុ ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ១៩៥៣ កងកម្លាំងកម្ពុជា បានចាប់បដិសន្ធិឡើងក្នុងនាមជាកងទ័ពជាតិផ្លូវការណ៍ ដោយមានឈ្មោះថា "កងយោធពលខេមរៈភូមិន្ទ" ។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ `១៩៥៣ បារាំងបានយល់ព្រមប្រគល់អធិបតេយ្យភាពមកឱ្យកម្ពុជា មួយថ្ងៃបន្ទាប់ពីបារាំងចេញសេចក្ដីប្រកាសផ្លូវការណ៍ នូវការប្រគល់ឯករាជ្យមកឱ្យប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅក្នុងក្រសែរភ្នែករបស់ប្រជាជនកម្ពុជា ព្រះបាទនរោត្តមសីហនុ ត្រូវបានចាត់ទុកជាវីរៈបុរសជាតិ ដែលបានទាមទារឯករាជ្យជូនកម្ពុជាយ៉ាងពេញបរិបូរណ៍ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលឈររឹងមាំជាប្រទេសមួយដែលមានអធិបតេយ្យភាពជារបស់ខ្លួនមកដល់បច្ចុប្បន្ននេះ ។[] []

ឯកសារយោង

[កែប្រែ]
  1. John Bowman (2000) Columbia Chronologies of Asian History and Culture, Publisher: Columbia University Press p.512 ISBN: 9780231500043, 0231500041
  2. Frederick P. Munson (1968) Area Handbook for Cambodia, Contributor: American University (Washington, D.C.). Foreign Area Studies, Publisher: U.S. Government Printing Office, Original from the University of Virginia p.364
  3. Frederick P. Munson (1971) Area Handbook for Cambodia, Publisher: U.S. Government Printing Office, Original from the University of California p.365
  4. Donald P. Whitaker (1973) Area Handbook for the Khmer Republic (Cambodia), Contributors: American University (Washington, D.C.). Foreign Area Studies, United States. Department of the Army, Publisher: U.S. Government Printing Office Original from University of Illinois at Urbana-Champaign p.389