ប្រាសាទច្រាប
ប្រាសាទច្រាប | |
---|---|
ឈ្មោះ: | ប្រាសាទច្រាប |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថកោះកែ |
ទីតាំង: | ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ |
ប្រវត្តិប្រាសាទ
[កែប្រែ]ច្រាបមានន័យថាអំណាយភ័យ(ឧទាហរណ៍ច្រាបជាន់)ដីប្រៃ(ដីច្រាប) និងជាផ្សិតដែលដុះនៅលើដីប្រៃ(ផ្សិតច្រាប)។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ រហូតពេលលោក អេជែន លុយណេដឺឡាហ៊្សុងគែ មកស្រាវជ្រាវនិងចុះបញ្ជីសារពើភណ្ឌនោះ មិនបានចុះលេេខនិងឈ្មោះដែរ។ ទើបអ្នកស្រាវជ្រាវសម័យក្រោយមកនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហៅថាប្រាសាទច្រាបជាផ្លូវការជារៀងរហូតមកដល់បច្ចុប្បន្ននេះ ដោយមានចុះលេខ CISARK.685។ សព្វថ្ងៃប្រាសាទនេះស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រទិសអាគ្នេយ៍ភូមិកោះកេរ ៤០០ម៉ែត្រខាងកើតឆៀងខាងត្បូងបន្តិចពីជ្រុងអាគ្នេយ៍នៃរហាល និង ៤០០ម៉ែត្រទិសអាគ្នេយ៍នៃ ប្រាសាទចម្រេះ។ គេឃើញថាវាមានកំពែងការពារព័ន្ធជុំវិញចំនួនពីរជាន់ធ្វើអំពីថ្មបាយក្រៀមដូចគ្នា ដោយកំពែងទី១ឬកំពែងខាងក្នុងរត់ជួរជើងទៅត្បូង បែរមុខទៅរកទិសខាងលិចតាមស៊ុមទ្វារអំពីថ្មភក់។ ប្រាសាទនេះមានតួប៉មបី ធ្វើអំពីថ្មបាយក្រៀមត្រូវរលុះអស់ពាក់កណ្តាលផ្នែកខាងលិច ជាទិសដែលប្រាសាទបែរមុខរក តួប៉មទាំងនេះលំអដោយទ្វារបញ្ឆោតពីខាងជើង កើត និងត្បូង សង់លើខឿនថ្មបាយក្រៀមតែមួយដោយមានជណ្តើរបីចូលខាងលិចមុខប្រាសាទតែម្តង។ បដិមាព្រះសិវមួយអង្គត្រូវបានដឹកចេញពីប្រាសាទនេះតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញសព្វថ្ងៃ។ ក្នុងធ្លានៃកំពែងទីមួយ មានហោត្រៃពីរមានប្លង់រាងចតុកោណដោយបណ្ណាល័យខាងជើងស្ថាបនាឡើងដោយថ្មបានក្រៀម ចំណែកបណ្ណាល័យខាងត្បូងធ្វើអំពីឥដ្ឋតាន់បែរមុខទៅរកទិសខាងលិចដូចប្រាសាទដែរ ក៏ប៉ុន្តែត្រូវរលំទាំងស្រុងលើដី។ កំពែងទី២ឬកំពែងខាងក្រៅបង្អស់សង់អំពីថ្មបាយក្រៀម ដោយមានគោបុរៈពីរគឺទិសខាងលិចមានប្លង់រាងកាកបាទ និងច្រកខាងកើតដែររលុះទាំងស្រុង[១]។
ឯកសារយោង
[កែប្រែ]- ↑ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី៣២ដល់៣៣។