ប្រាសាទតាក្របី
ឈ្មោះ: | |
---|---|
អ្នកកសាង: | |
កាលបរិច្ឆេទកសាង: | សតវត្សទី១១ |
ឧទ្ទិសថ្វាយ: | ព្រះឥសូរ ព្រះវិស្ណុ |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទតាក្របី ឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២។ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ ប្រាសាទមានទីតាំងស្ថិតនៅ ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះ។ប្រាសាទតាក្របី មានចម្ងាយប្រមាណ៨៥គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវក្រួសក្រហម ចេញពីទីប្រជុំជន ក្រុងសំរោងតាមទិសខាងលិច។នៅតាមផ្លូវមានព្រៃឈើ ដែលកន្លែងខ្លះនៅក្រាស់ កន្លែងខ្លះឡើងស្ដើង ដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវកន្លងមក។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។នៅលើប្រាសាទតាក្របី មានទាហានថៃចំនួន២នាក់អង្គុយនៅក្បែរប្រាសាទ។ចំណែកនៅក្បែរនោះដែរ មានទាហានខ្មែរចំនួន៣នាក់ ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរ។ទាហានខ្មែរ និងថៃទាំង៥នាក់នោះ មិនឲ្យមានកាន់អាវុធឡើយ។ ទាហានខ្មែរមួយរូប ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា ការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំង ២ប្រទេសនេះ គឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នា និងមានភាពតានតឹងរវាងគ្នា និងគ្នា។ ប្រភពទាហានខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចចូលទៅមើលប្រាសាទ តាក្របីនោះបាន ដោយមានទាហានជូនដំណើរ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ខ្មែរ។
លោក សំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្រ បានមានប្រសាសន៍ថា តាមប្រវត្តិសាស្ត្រ ប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី១១ និង ១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ។លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះទស្សនៈ នៃការកសាងប្រាសាទ ជាទូទៅប្រាសាទទាំងអស់កសាងឡើងដើម្បីគោរពចំពោះអាទិទេព។ បើអាទិទេពជាព្រះឥសូរ គឺគេឲ្យតម្លៃទៅលើព្រះឥសូរ បើគេគោរពព្រះវិស្ណុ គេឲ្យតម្លៃទៅលើព្រះវិស្ណុ។ ក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំ ប្រាសាទនេះ គឺឧទ្ទិសថ្វាយចំពោះ ព្រះឥសូរច្រើនជាង។ប្រាសាទតាក្របីមានឈ្មោះពិត តាមទស្សនៈខ្មែរឈ្មោះ ប្រាសាទព្រះដង្វាយ»។
លោក ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ។ លោកបានមានប្រសាសន៍ថា មិនមានគោលការណ៍យាមល្បាតរួមគ្នារវាងទាហានខ្មែរ ជាមួយទាហានថៃ នៅតំបន់ប្រាសាទតាក្របី និងតាមាន់នោះឡើយ។លោក ឈុំ សុជាត៖ «នៅប្រាសាទតាក្របីនោះ វានៅកៀកព្រំដែន។ ប្រាសាទនោះមានចម្ងាយ១៤ ឬ១៥ម៉ែត្រពីព្រំដែនប៉ុណ្ណោះ ហើយថៃគេមកត្រឹមព្រំដែនគេ ហើយយើងនៅត្រឹមព្រំដែនយើងហ្នឹង។ ការជួបជុំនោះ ជួនកាលជាមនោសញ្ចេតនា ទៅហូបបាយហូបទឹកអីជាមួយគ្នាហ្នឹងណា។ អត់មានយាមកាមអីជុំគ្នាទេ»។
លោក ហុក សុវិទ្យា ជាអនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ឲ្យដឹងថា ប្រាសាទតាក្របីនេះ អាចមានលទ្ធភាពរៀបចំ ជាតំបន់ទេសចរណ៍បាន។ ប៉ុន្តែដោយសារនៅមានទាហានខ្មែរ និងថៃយាមការពារ ក្បែរប្រាសាទនេះ ហើយប្រាសាទនោះនៅក្នុងតំបន់ ដែលអាចមានការប្រយុទ្ធគ្នានោះ ទើបមន្ទីរទេសចរណ៍ខេត្ត មិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅលេងបាននៅឡើយទេនៅបច្ចុប្បន្ននេះ។លោក ហុក សុវិទ្យា៖ «ឥឡូវនេះវានៅក្នុងការការពាររបស់កម្លាំងកងខេមរភូមិន្ទយើង។ ថ្ងៃក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សព្វគ្រប់ហើយអស់។កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ហើយ»។ ប៉ុន្តែលោកបានឲ្យដឹងថា រៀងរាល់ថ្ងៃបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំ តែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះ។ ក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំង២នោះដែរ គ្រាន់តែមានចំនួនតិចតួច ជាពិសេសលោកយាយចាស់ៗ តែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធី បន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះ។បើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសុំកុំភ្លេចខ្ចប់បាយ និងទឹកទៅផង ពីព្រោះ នៅតំបន់ប្រាសាទនេះមិនមានហាងលក់បាយទឹក ដូចតំបន់ទេសចរណ៍នានានោះឡើយ[១]៕
ឯកសារយោង
[កែប្រែ]- ↑ អត្ថបទ៖ RFA Khmer