ប្រាសាទព្រះវិហារ

ដោយវិគីភីឌា
Jump to navigation Jump to search
ប្រាសាទព្រះវិហារ
ភ្នំព្រះវិហារ.jpg
ឈ្មោះ: ប្រាសាទព្រះវិហារ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សទី ១១-១២
ឧទ្ទិសថ្វាយ: ព្រះសិវៈស្រី សិខារិស្វរៈ
ស្ថាបត្យកម្ម: រចនាបថបន្ទាយស្រី
ទីតាំង: ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខ្មែរ ស្រឡាញ់ ខ្មែរ

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ផែនទីប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖

នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់អាជ្ញាធរជាតិព្រះវិហារ

ប្រវត្តិប្រាសាទព្រះវិហារ[កែប្រែ]

សិលាចារឹកប្រាសាទព្រះវិហារ

តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន សរសេរក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារនិងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖

ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖

  • ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។
  • ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។
  • ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
  • ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ អ្នកដែលសរសេរសិលាចារឹកគឺមានឈ្មោះ ហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ បានសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខ រិស្វរៈ មកតាំងមកប្រតិស្ឋនៅទីនេះៗ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅក្រុងឡាអេ

វង់ទស្សនាប្រាសាទព្រះវិហាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំប្រាសាទព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ

ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ[កែប្រែ]

អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបុរៈគឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខ រិស្វរៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គស្រីសិខរិស្វរៈនេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដែលមកប្រតិស្ឋស្ថាន ស្រីសិខរិស្វរៈគឺជាបំណែកមួយ ដែលនៅនឹងលិង្គបុរៈនោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គស្រីសិខរិស្វរៈនេះ។

ស្រះទឹកបុរាណ

ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត[កែប្រែ]

បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារ K- ៣៨១ ដែលចារជាភាសាខ្មែរបុរាណនិងសំស្រ្កឹត បានឱ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសូរ្យវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ។

បើុយតាឌី

ព្រះបាទសូរ្យវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខរិស្វរៈ ដែលធ្វើរួចហើយពីវត្តភូ យកមក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គនេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឱ្យលោកឃើញ ។ ព្រះអង្គមិនមានពេលនឹងទៅធ្វើពិធីគោរពបូជាដល់សិវលិង្គមានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឱ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹនោះ បញ្ជាក់ហើយកញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សទី៩ នៃរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា។ ហេតុនេះព្រះបាទសូរ្យវរ្ម័នទី១ លោកសុំឱ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត នោះទេ។

សម្បថនោះមានអីខ្លះទៅ? គឺថាសម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឱ្យយធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខរិស្វរៈ នៅនឹងភ្នំព្រះវិហារនេះ» ។

បង្គោលសីមា

ស្រីសុកៈរាមា[កែប្រែ]

នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខរិស្វរៈ កាលនោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គររហូតមកដល់ព្រះបាទសូរ្យវរ័្មនទី១នេះ មាន​ទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រីសិខរិស្វរៈ ។ ព្រះបាទសូរ្យវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ។ តែលោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឱ្យគេធ្វើលិង្គចំនួន ០៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ ស្រីសូរ្យវរមេស្វរៈ គឺលិង្គព្រះឥសូរតំណាងឱ្យព្រះបាទសូរ្យវរ្ម័នទី១។ លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួននៅនឹងគ.ស ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទសូរ្យវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។ លិង្គទាំងបួនត្រូវបានដាក់ដម្កល់នៅតាមទីកន្លែងទាំងបួនផ្សេងៗគ្នាមានដូចជា៖

ព្រាហ្មណ៍ទិវាការៈ ឬទិវាក[កែប្រែ]

សិលាចារឹកនៅនឹងភ្នំសន្តក K-១៩៤ នៅភ្នំព្រះវិហារនេះ K-៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទឧទ័យទិត្យវរ័្មនទី២ ដែលលោកកសាងប្រាសាទបាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ ព្រះបាទសូរ្យវរ្ម័នទី២ ហើយលោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងប្រាសាទព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពី ព្រះបាទសូរ្យវរ្ម័នទី២ មកទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខរិស្វរៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខរិស្វរៈ នេះ ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឱ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឱ្យយពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឱ្យអាចបានធ្វើការ យកស្រូវ យកអង្ករយកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពី ព្រះបាទសូរ្យវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខរិស្វរៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខរិស្វរៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឱ្យជាសត្វពាហនៈ មានឱ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ ដូចនេះផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬទិវាការៈ នេះឯង។

ទេសភាពនៃប្រាសាទព្រះវិហារ

គោបុរៈរបស់ប្រាសាទ[កែប្រែ]

គោបុរៈទី៥[កែប្រែ]

គោបុរៈទី៥គឺជាសំណង់ប្រាសាទដែលមានទំហំតូចជាងគោបុរៈដទៃទៀតនៃប្រាសាទព្រះវិហារ។ គោបុរៈនេះសាងសង់ជារាងចតុកោណកែងនៅលើខឿនដែលតម្រៀបថ្មខ្ពស់ផុតពីថ្មធម្មជាតិ ហើយមានជណ្តើរឡើងទៅទ្វារប្រាសាទខាងលើទាំងបួនទិស។ បច្ចុប្បន្ននេះមានតែទ្វារខាងត្បូងមួយគត់ដែលនៅមានរាងពេញលេញ ជារចនាបទសិល្បៈប្រាសាទព្រះវិហារ។  ចំណែកទ្វារផ្សេងទៀតបានរលំបាក់បែកអស់។  គោបុរៈទី៥ ជាប្រាសាទដែលមានទ្វារចំហទាំងបួនទិស (ទ្វារចតុមុខ) ហើយមានដំបូលប្រក់ពីលើអំពីក្បឿងដែលទ្រដោយសសរធំៗប្រវែងប្រមាណ ៣.៥ម៉ែត្រ។    ហើយដែលសព្វថ្ងៃយើងឃើញមានសសរខ្លះនៅឈរនៅឡើយ ប៉ុន្តែចំពោះដំបូលបានរលំបាក់បែកអស់។ នៅខាងកើតគោបុរៈទី៥     មានជណ្តើរបុរាណដែលមានប្រវែងប្រមាណ   ១៥០០ម៉ែត្រឡើងពីជើងភ្នំមកដល់ខាងលើ    ចំណែកនៅខាងជើងមានជណ្តើរថ្មឡើងពីក្រោមមកដល់លើភ្ជាប់តាមស្ពាននាគដែលមាននាគធំៗពីរអមសងខាងដងផ្លូវទើបឡើងមកដល់គោបុរៈទី៥។ យោងតាមសិលាចារឹក មានតែព្រះមហាក្សត្រ  និងបុត្ររបស់ព្រះអង្គតែប៉ុណ្ណោះដែលអាចយាងឆ្លងកាត់តាមខ្លោងទ្វារនេះដោយពាក់គ្រឿងលម្អរបស់ព្រះអង្គបាន។     តែអ្នកផ្សេងទៀត រួមទាំងព្រះគ្រូ  ព្រាហ្មណ៍  ឥសី និងទីប្រឹក្សា អ្នកមុខអ្នកការ ដែលឆ្លងកាត់តាមខ្លោងទ្វារនេះត្រូវដោះគ្រឿងលម្អចេញទាំងអស់។[១]

គោបុរៈទី៥ នៃប្រាសាទព្រះវិហារ

គោបុរៈទី៤[កែប្រែ]

គោបុរៈ៤  តាមផ្លូវសក្ការៈ (វ្រះថ្នល់)   ប្រវែង ២៧៥ម៉ែត្រ    អមដោយបង្គោលមានលម្អជារាងផ្កាឈូក្រពុំចំនួន ១៣៤គឺទៅដល់ល្បាក់ថ្មមួយជាន់ទៀតដែលមានប្រាសាទសង់រាងជាកាកបាទនៅលើខឿនដែលតំរៀបថ្មភក់បន្ទាប់ពីថ្មធម្មជាតិ។  សំណង់គោបុរៈទី៤ មិនមែនមានទ្វារចំហរទាមងបួនទិស (ទ្វារចតុមុខ) ដូចគោបុរៈទី៥ទេ។  សំណង់ប្រាសាទសាងសង់នៅលើខឿនតាមជ្រុងទាមងបួន។ ចំណែកជញ្ជាំងខ័ណ្ឌចំកណ្តាលច្រកចូលពីទិសទាំងបួនប្រៀបដូចជារនាំងបាំងមិនអោយមើលឃើញទៅដល់ប្រាសាទនៅខាងក្នុងទេ។ ក្បាច់ចម្លាក់លើហោជាង   និងផ្តែរតាមច្រកចូលនីមួយៗពិពណ៌នាអំពីអាទិទេពក្នុងព្រហ្មញ្ញសាសនា។   ផ្តែរច្រកចូលពីផ្នែកខាងកើតនិយាយអំពី  ព្រះក្រឹស្ហាកៃវល្យ (នាគមានក្បាលប្រាំមួយ)។   ចំណែកនៅលើហោជាង និងផ្តែរច្រកទ្វារខាងត្បូងនិយាយអំពី ទេវកថា កូសមុទ្រទឹកដោះ និងទេវកថា   ព្រះនារាយណ៍ផ្ទុំលើនាគអនន្តនៅកណ្តាលសាគរដែលជានិមិត្តរូបនៃការបង្កើតពិភពលោកសាជាថ្មី    និងនៅគង់វង្សជាអមតៈ     តាមរយៈទឹកអម្រឹតដែលទទួលបានពីការកូរសមុទ្រទឹកដោះរវាងពួកអសុរា  និងទេវតា[២]

គោបុរៈទី៤នៃប្រាសាទព្រះវិហារ

គោបុរៈទី៣[កែប្រែ]

គោបុរៈទី៣ ឡើងទៅល្បាក់ភ្នំខាងលើតាមវ្រះថ្នល់ប្រវែង១៥០ម៉ែត្រ   ដែលមានបង្គោលអមសងខាងចំនួន៨០ ទើបទៅដល់គោបុរៈទី៣។ គោបុរៈ៣ ជាសំណង់ប្រាសាទដែលធំទូលាយ   សាងសង់សន្ធឹងពីលិចទៅកើត លើខឿនមួយខ្ពស់(នៅផ្នែកខាងកើត)។

គោបុរៈទី៣នៃប្រាសាទព្រះវិហារ

ក្រៅពីសំណង់ប្រាសាទធំនៅកណ្តាលមានប្រាសាទសង់ជារាងថែវវែងពីរទៀតនៅសងខាង។នៅលើខឿនទីធ្លាខាងកើតមានកូនប្រាសាទតូចមួយ  ដែលមានដើមជ្រៃដុះស៊ុបទ្រុបលម្អពីលើ។ ប្រាសាទតូចនេះប្រហែលកសាងឡើងមុនពេលកសាងគោបុរៈផ្សេងៗនៃប្រាសាទព្រះវិហារ។  ចំណែកនៅផ្នែកខាងត្បូងមានសង់បន្ថែមថែវវែងពីរទៀតដែលគេហៅថា រាជវាំង។ តាមរយៈសិលាចារឹកដែលមានចារនៅលើស៊ុមទ្វារថែវខាងកើតហើយថែវទាំងពីរនេះជាអាស្រមរបស់ព្រាហ្ម”វិរ”(Virashrama)   ហើយដែលគេយល់ថាជាកន្លែងព្រះរាជគ្រូរបស់ព្រះមហាក្សត្រសម័យអង្គរ   ឫអ្នកមានឋានៈខ្ពង់ខ្ពស់មកគោរពបូជាដល់  ព្រះសិខរេស្វរៈ នៅប្រាសាទព្រះវិហារ។    សិលាចារឹកបានអោយដឹងទៀតថា​ (Virashrama)​ សាងសង់ក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១[៣]

គោបុរៈទី២[កែប្រែ]

គោបុរៈទី២   មានសភាពទ្រុឌទ្រោមខ្លាំងជាងគោបុរៈផ្សេងៗទៀត។    គោបុរៈនេះបានផ្តល់ជាផ្លូវមួយយ៉ាងធំចូលទៅកាន់ទីលាន និងតួប៉មកណ្តាលដែលជាបូជនីយដ្ឋានធំ  និងជាកន្លែងចុងក្រោយនៃដំណើរធម្មយាត្រាទៅព្រះវិហារ។   ថែវខាងកើត   និងថែវខាងលិចមានជញ្ជាំងផ្ទៃលាត  និងបិទជិតនៅផ្នែកខាងក្រៅ ចំណែកឯផ្នែកខាងក្នុងមានសរសរស្តម្ភចំនួន១០   ដែលមានលក្ខណៈទោល  និងមានតួនាទីសម្រាប់ទ្រដំបូលខាងលើ  ហើយដែលសព្វថ្ងៃនេះបានខូចខាតនិងបាត់បង់អស់ហើយ។នៅក្នុងទីលានកណ្តាលផ្នែកខាងជើងមានបណ្ណាល័យចំនួនពីរ(២)មានរាងបួនជ្រុងទ្រវែងដែលមានទទឹង ៦.៥ម៉ែត្រ  និងបណ្តោយ១១ម៉ែត្រ   ឈរបើកចំហនៅលើអាកាស   ហើយស្ថិតនៅលើអក្សទិសខាងលិច   និងទិសខាងកើត។ នៅក្នុងអាគារកណ្តាលមានសិលាចារឹកដែលចុះកាលបរិច្ឆេទ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ហើយតាមសិលាចារឹកនេះដែរយើងអាចដឹងថា   ព្រះអង្គបានជ្រើសរើសយកប្រាសាទព្រះវិហារជាទីសក្ការៈក្នុងចំណោមទីសក្ការៈបី  ដើម្បីតម្កល់ព្រះសិវលិង្គ  ដ៏មានអានុភាពមួយដែលភ្ជាប់នឹងឈ្មោះព្រះអង្គថា SURYAMESHARA (សូរិយាមិស្វារៈ)  ជាម្ចាស់របស់ព្រះអង្គ។     សិលាចារឹកនេះក៏បានលើកឡើងអំពីក្រុមប្រឆាំងនិងរាជព្រះបាទ  សូរ្យវរ្ម័នទី១  ដែលមានឈ្មោះថាក្រុម បាសខ្មៅ។ នៅគ្រឹស្គសករាជឆ្នាំ១០៣៨ ព្រះបាទសូរ្យវរ្ម័នទី១បានប្រកាសថាព្រះអាទិទេព (Sri Bhadresvara)បានយាងមកប្រាសាទព្រះវិហារ  ហើយបានលើកទឹកចិត្តដល់ប្រជានុរាស្រ្តធ្វើសច្ចាប្រណិធានអោយស្មោះភក្តីដល់ព្រះសិវៈ  ជាអ្នកការពារទឹកដីដែលតំណាងអោយព្រះអង្គផ្ទាល់។   ក្នុងកំឡុងពេលនោះគ្រួសាររបស់អ្នកតវ៉ា ប៉ះបោរក៏ត្រូវបានដោះស្រាយដោយព្រះអង្គផ្ទាល់។[៤]

ហោត្រៃ គោបុរៈទី២នៃប្រាសាទព្រះវិហារ

គោបុរៈទី១[កែប្រែ]

គោបុរៈទី១  ជាសំណង់មានប្លង់រាងចតុកោណកែង ដែលមានបន្ទប់វែង(ថែវ)ប្រវែង២៥ម៉ែត្រនិងទទឹង៥.៥ម៉ែត្រព័ទ្ធជុំវិញនិងមានជញ្ជាំងបិទផ្នែកខាងក្រៅ ប៉ុន្តែនៅចំកណ្តាលមណ្តោយថែវខាងលិច និងខាងកើតមានក្លោងទ្វារចូលពីខាងក្រៅមកវិញ។   ចំណែកទ្វារខាងក្នុងពុំមានទ្វារចេញឫចូលទេ មានតែបង្អួចបើកចំហរទាំងអស់ចំនួន ៤២ និងមានបង្អួចបញ្ឆោតចំនួន នៅផ្នែកខាងត្បូង។  ដោយឡែកនៅជញ្ជាំងខាងត្បូងមានក្លោងទ្វារចូលថែវ  ប៉ុន្តែពុំមានទ្វារចេញទៅក្រៅទេ។

គោបុរៈទី១ ឬប្រាង្គសក្ការៈ

នៅចំកណ្តាលនៃថែវព័ទ្ធជុំវិញ    គឺជាតួប្រាសាទកណ្តាលដែលរលំបាក់បែកមួយចំនួនដែលជាកន្លែងដាក់តម្កល់លិង្គ  សិខរេស្វរៈ  ដែលជាអាទិទេពព្រហ្មញ្ញសាសនា  ដែលព្រះមហាក្សត្រខ្មែរសម័យអង្គរគោរពបូជាយ៉ាងជ្រាលជ្រៅ។  បន្ទាប់ពីប្រាសាទកណ្តាលទៅខាងជើងមាន   បណ្ឌប ដែលមានឆ្លាក់លម្អយ៉ាងវិចិត្រនៃតួប្រាសាទ។   នៅខាងលើនៃទ្វារចូលពីខាងជើងនៃបណ្ឌបនោះមានឆ្លាក់លម្អលើហោជាង   នូវចម្លាក់ព្រះឥសូររាំលើក្បាលដំរី  ជានិមិត្តរូបនៃការបំផ្លាញនូវសភាវអាក្រក់ហើយបង្កើតឡើងវិញនូវសភាវល្អ។  នៅខាងកើត  និងខាងលិចគោបុរៈទី១   មានសំណង់ប្រាសាទពីរទៀតដែលប្រហែលជាសាងសង់នៅពេលក្រោយ  ដែលយើងពុំបានដឹងពិតប្រាកដអំពីតម្រូវការសាងសង់ប្រាសាទទាំងពីនេះនៅឡើយ។[៥]

គោលបំណងនៃការកសាងប្រាសាទព្រះវិហារ[កែប្រែ]

ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាពិសេសព្រះបាទសូរ្យវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ

  • ទី១៖ គឺគេទុកអាទិទេព ស្រីសិខៈរិស្វរៈ ជួនកាលគេសរសេរ ខរៈស្វារៈ ជួនកាលគេសរសេរ សិខៈរិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែរគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
  • ទី២៖ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋនោះទេ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឱ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើពិនិត្យទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ ឬគោបុរៈទី៣ នៅគោបុរៈទី៣ មានសិលាចារឹក K- ៣៨១ នោះ ត្រូវបានសង្ស័យថា នៅត្រង់កន្លែងនោះ គឺជាកន្លែងដែលគេបំបួសឱ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈរិស្វរៈ នោះតទៅទៀត។
រូបគំរូ

ដំណាក់កាលនៃការសាងសង់[កែប្រែ]

គំរូ

ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ

  • ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
  • តែមកដល់រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
  • បន្ទាប់មក គឺក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឱ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សទី១២ ។ ព្រះបាទសូរ្យវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។

លក្ខណៈសំណង់ប្រាសាទព្រះវិហារ[កែប្រែ]

ប្រាសាទព្រះវិហារបែបមុខទៅទិសខាងជើងសង់នៅលើខ្នងភ្នំដងរែក ដែលជាភ្នំធម្មជាតិលើជម្រាលចោទពីត្បូងទៅជើងប្រាសាទព្រះវិហារមានជណ្តើរបុរាណពីរគឺជណ្តើរខាងជើង ឡើងចំគោបុរៈទាំងប្រាំ ដែលគោបុរៈទាំងប្រាំមានជណ្តើរនិងក្លោងទ្វារចូល និងជណ្តើរមួយទៀតឡើងពីខាងកើត(ជណ្តើរបុរាណ)។ ពីគោបុរៈទី៥ទៅគោបុរៈទី៤ និងគោបុរៈទី៤ទៅគោបុរៈទី៣ មានដាំបង្កោល(គោលសីមា) ថ្មភក់អមសងខាងព្រះថ្នល់។ ចំណែកឯពីគោបុរៈទី៣ទៅគោបុរៈទី២មានដាំបង្គោលសីមា និងនាគក្បាលប្រាំពីរបើកពពេរនៅសងខាងជាលំអ។ រីឯនៅកើតផ្លូវចូលនៅចន្លោះពីគោបុរៈទី៥ និងគោបុរៈទី៤មានស្រះទឹកបុរាណធំមួយ និងនៅពីខាងកើតព្រះថ្នល់នៅចន្លោះគោបុរៈទី៤និងគោបុរៈ៣ក៏មានស្រះទឹកបុរាណតូចមួយផងដែរ។ នៅផ្នែកឥសាននៃគោបុរៈទី៣មានសំណងើប្រាសាទទោលមួយធ្វើអំពីថ្មភក់។ នៅចន្លោះនៃគោបុរៈ២ និងគោបុរៈទី១ មានសំណង់ប្រាសាទពីទៀតសង់បញ្ច្រាសពីគ្នាមួយបែរទៅទិសខាងកើត មួយទៀតបែបទៅទិសខាងលិច ដែលអ្នកស្រាវជ្រាវបារាំងយល់ថា ជាហោត្រ័យ ឬហោត្រៃ ឬបណ្ណាល័យ។

ប្រាង្គកណ្តាល ឬប្រាង្គសំខាន់មានតួនាទីសំខាន់ជាងគេ សម្រាប់ជាទីតាំងសក្ការៈគោរពបូជាដ៏ពិសិដ្ឋដែលសម្រាប់តម្កល់លិង្គស្រី សិខរិស្វរៈ។ ប្រាង្គកណ្តាលមានកំផែងជារោងទង (រោងថែវ) ព័ន្ធជុំវិញមានប្រក់ដំបូលធ្វើពីថ្មភក់។ កំផែងរោងទងអាចដើរពីខាងក្នុងបានលើកលែងជ្រុងរោងខាងឥសាន និងពាយ័ព្យខណ្ឌបិទជិតមិនអាចឆ្លងកាត់បាន។ ចំណែករោងទងខាងត្បូងខណ្ឌជាជញ្ជាំងដោយរៀបឥដ្ឋបិទបន្ថែមជិត ដោយយកឥដ្ឋរបស់ប្រាសាទចាស់មកប្រើ។ រោងទងខាងលិច និងរោងទងខាងកើតមានទ្វារមួយសម្រាប់ចេញចូល។ នៃខាងកើតនិងខាងលិចនៃរោងទងប្រាង្គកណ្តាលមានសំណង់ពីទៀតគឺជញ្ជាំងសម្រាប់ដាក់សម្ភារៈប្រើដល់ប្រាសាទ។ បន្តពីរោងទងខាងត្បូងនៃប្រាង្គកណ្តាលដល់ចុងចម្រាក់ភ្នំចុងខាងត្បូងបំផុតគឺជាទីលានមានផ្ទាំងថ្មដែលបន្សល់ទុកជាស្នាមដាប់យកថ្មមកសងប្រាសាទ។ នៅចុងខាងត្បូងបំផុតជាប៉ើយតាឌី។

ជណ្តើរបុរាណខាងកើត

បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ។ មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈរិស្វរៈ ។ ទីមួយពីជើងភ្នំគឺមានចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងធ្វើដំណើរឡើងជណ្តើរមានលក្ខណៈជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រចូលមកខ្លោងទ្វានៃគោបុរៈទី៥ ។

ជណ្តើរខាងជើង

បន្ទាប់ពីធ្វើដំណើរមកដល់ខ្លោងទ្វារនៃគោបុរៈទី៥ គេត្រូវធ្វើដំណើរតាមផ្លូវព្រះថ្នល់ឡើងមកទៀតប្រហែលចម្ងាយ ២៤៤ម៉ែត្រ ។ នៅតាមព្រះថ្នល់ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារនៃគោបុរៈទី៤ ។ នៅខ្លោងទ្វារនៃគោបុរៈទី៤នេះ មានហោជាងឆ្លាក់ពិពណ៌នាពីរឿងទេវកថាគីរឿងកូរសមុទ្រទឹកដោះ គឺជារឿងនៃការបង្កើតសត្វលោក និងនៅខាងក្រោមមានផ្តែរជារូបព្រះវិស្ណុផ្ទំ ។ នៅពេលដែលឡើងជណ្តើរនៅខាងឆ្វេងដៃ មានស្រះបុរាណមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ

ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវដូចមុន ។ នៅខាងឆ្វេងដៃមានតួប្រាសាទទោលតូចមួយ ឡើងមក១៥០ម៉ែត្រ បានមកដល់ខ្លោងទ្វារនៃគោបុរៈទី៣ មានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឱ្យតាំងសីល គេឱ្យរៀនធម៌ នៅទីកន្លែនេះ ចូលផុតពីខ្លោងទ្វារនៃគោបុរៈទី៣មកនេះ ។

នៅចន្លោះពីខ្លោងទ្វារនៃគោបុរៈទី៣ និងខ្លោងទ្វារនៃគោបុរៈទី២ មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជានាគបើកពរពេរ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះផងដែរ ។ យើងដើរតាមផ្លូវនាគមក បានមកដល់ខ្លោងទ្វារនៃគោបុរៈទី២ ។ មកដល់ខ្លោងទ្វារនៃគោបុរៈទី២ ប្រាសាទបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃមានអគារ​មួយ នៅខាងឆ្វេងដៃមិនមានទេ ។ អគារនេះឯងប្រហែលគេទុកឱ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងនេះ» ។

ខ្ញុំមានមោទនភាពដោយបានកើតជាជាតិខ្មែរ

ចម្ងាយពីខ្លោងទ្វារនៃគោបុរៈ២ទៅដល់ខ្លោងទ្វារនៃគោបុរៈទី១នោះ មានប្រមាណពី៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារនៃគោបុរៈទី២ នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈរិស្វរៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឱ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។

ហេតុអ្វីបាជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?[កែប្រែ]

លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។

រូបនាគនៃប្រាសាទព្រះវិហារ

សម្បត្តិវប្បធម៌[កែប្រែ]

តើអ្វីទៅជាសម្បត្តិវប្បធ៌? សម្បត្តិវប្បធម៌គឺសំដៅទៅសម្បត្តិចលនៈ និងអចលនៈដែលមានសារៈសំខាន់បំផុតសម្រាប់បេតិកភណ្ឌវប្បធម៌របស់មនុស្សគ្រប់ជាតិសាសន៍។ ហេតុអ្វីបានជាយើងគួរការពារសម្បត្តិវប្បធម៌? បានជាយើងការពារសម្បត្តិវប្បធម៌ព្រោះការធ្វើឱ្យខូចដល់សម្បត្តិវប្បធម៌ដែលជាកម្មសិទ្ធរបស់មនុស្សជាតិណាក៏ដោយមានន័យថាធ្វើឱ្យខូចដល់បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល[៦]

កាលបរិច្ឆេទសំខាន់ៗ[កែប្រែ]

  • ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
  • ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាកើប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។
  • ថ្ងៃទី១០ខែតុលាឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។
  • ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោកយូនីស្កូប៉ារីស។
  • ថ្ងៃទី២៣-២៩ខែតុលាឆ្នាំ២០០៦៖ បេសកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបនើប្រាសាទព្រះវិហារ។
  • ថ្ងៃទី២១ខែមករាឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។
  • ថ្ងៃទី២៣ខែមិថុនា-ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របសើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅហ្គ្រីសឆឺច(Christchuech) ប្រទេសណូវែលហ្សេឡង់។
ពិធីអបអរសាទរខួបលើកទី៥ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  • Preah Vihear wallpapers រូបភាពប្រាសាទព្រះវិហារ ដែលអាចដាក់លើជញ្ជាំងបាន
Commons-logo.svg
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  • វីដេរូឯកសារ
  • សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ ដោយ មឿង ទុម។

កូអរដោនេ: 14°23′46″N 104°40′49″E / 14.39611°N 104.68028°E / 14.39611; 104.68028

  • ឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំប្រាសាទព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ។
  • ឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំប្រាសាទព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ។
  • ឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំប្រាសាទព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ។
  • ឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំប្រាសាទព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ។
  • ឯកសាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំប្រាសាទព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ។
  • អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤។