ឧទយាទិត្យវម៌្មទី២

ដោយវិគីភីឌា
ឧទយាទិត្យវម៌្មទី២
វ្រះបាទ
រជ្ជកាល គ.ស ១០៤៩-១០៦៦
រាជ្យមុន សូយ៌្យវម៌្មទី១
រាជ្យបន្ត ហឝ៌វម៌្មទី៤
ព្រះនាមពេញ
ធូលីវ្រះបាទធូលីជេង វ្រះកម្រតេង អញឝ្រីឧទយាទិត្យវម៌្មទេវ ឬ ធូលីជេងវ្រះកម្រតេងកំត្វន អញឝ្រីឧទយាទិត្យវម៌្មទេវ
សន្តតិវង្ស កៅណ្ឌិន្យ
បិតា សូយ៌្យវម៌្មទី១
សាសនា ពុទ្ធសាសនា

វ្រះបាទឝ្រីឧទយាទិត្យវម៌្មទេវ (អានថា: ឧ-តី-យា-ទិត-ត្យ៉ាក់-វ-រ្មៈ) រជ្ជកាល (គ.ស ១០៤៩-១០៦៦) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទធូលីជេង វ្រះកម្រតេង អញឝ្រីឧទយាទិត្យវម៌្មទេវធូលីជេងវ្រះកម្រតេងកំត្វន អញឝ្រីឧទយាទិត្យ វម៌្មទេវ។ ព្រះអង្គជាបុត្រវ្រះបាទសូយ៌្យវម៌្មទី១ (ឯកសារវិគីភីឌាអង់គ្លេស ថាទ្រង់ជាបុត្រមានខ្សែស្រឡាយជាប់ចុះមកពីព្រះមហេសីនៃយឝោវម៌្មទី១ទៅវិញ) បានបង្កើតក្រុងអង្គរទី២ ដែលផ្ចិតនគរនៅត្រង់ប្រាសាទបាពួន ដែលជាប្រាសាទទេវរាជរបស់ព្រះអង្គ។ ក្នុងរាជព្រះអង្គមានការបះបោរបីលើក។ ការបះបោរដឹកនាំដោយកំវៅ បានបំផ្លិចបំផ្លាញឝិវលិង្គ បដិមាព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះពុទ្ធ ជននេះត្រូវបានបង្ក្រាបដោយមេទ័ពរបស់ទ្រង់ឈ្មោះ សង្គ្រាម។ ព្រះអង្គស្ថាបនាបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា) ប្រាសាទមេបុណ្យខាងលិច នៅកណ្ដាលបារាយណ៍ ដោយតំកល់ព្រះបដិមាព្រះវិឝ្ណុផ្ទំ ធ្វើអំពីសំរឹទ្ធ។ លោកជីវតាក្វាន់ ដែលបានមកទស្សនាកម្វុជទេឝ នៅឆ្នាំ ១២៩៦ នៃគ.ស ថាព្រះរូបដែលនៅចំកណ្ដាលស្រះនៃប្រាសាទនោះ មានទឹកហូរចេញ ពីផ្ចិតជាអចិន្ត្រៃយ៍។ ព្រះគ្រូរបស់ព្រះអង្គ វ្រះកម្រតេង អញឝ្រី ជយេន្ទ្របណ្ឌិត ដែលត្រូវរាជបុរោហិតនៃបិតាព្រះអង្គ។ ប្រាសាទស្ដុកកក់ធំ បានតាំងនៅក្បែរប្រជុំជនថៃនៅអរណ្យប្រទេឝសព្វថ្ងៃ ត្រូវបានកសាងកំឡុងរាជ្យព្រះអង្គដែរ។ ប្រាសាទនេះប្រហែលជាប្រាសាទល្បីល្បាញបំផុត ជាកន្លែងស្រាវជ្រាវសិលាចារឹកយ៉ាងលំអិតដែលពិពណ៌នាឡើងវិញនូវលំដាប់លំដោយនៃព្រះមហាក្សត្រខ្មែរពីមុនៗ។ ផ្ទាំងសិលាចារឹកជាច្រើនគឺជាបំណែកនៃសមូហកម្មនៃសារមន្ទីរជាតិនៅបាងកកនាពេលបច្ចុប្បន្នកាលនេះ។

ប្រវត្តិវិស្វករសាងប្រាសាទឱ្យទ្រង់[កែប្រែ]

ប្រវត្តិគ្រួសារនេះមាននិយាយពីក្នុងរាជ្យវ្រះបាទសូយ៌្យវម៌្មទី១ តមកដល់រាជ្យវ្រះបាទហឝ៌វម៌្មទី៤។ ដំបូងឡើយ មានត្រកូលមួយ មានបុរសជាស្វាមីមានឋានៈជាអភិបាលស្រុក។ លោកមានភរិយាមានភក្តីភាពមានកិរិយាមារយាទសុជាតិប្រៀបបីដូចទេពធីតាមួយអង្គ។ លោកមានកូនចំនួន ៨ នាក់ ក្នុងនោះ ប្រុស៥នាក់, ស្រី៣នាក់។ កូនទាំងអស់របស់លោកឧទ្យោគនៅក្នុងគុណធម៌ចរិតល្អ មានបវរភក្តីចំពោះព្រះសិវៈ និង ជាទីគាប់ព្រះទ័យជាក់របស់ព្រះមហាក្សត្រខ្មែរ ៣ ព្រះអង្គដែលជាគ្រូគឺ វ្រះបាទសូយ៌្យវម៌្មទី១ ឧទយាទិត្យវម៌្មទី២ និង ហឝ៌វម៌្មទី៤។

បណ្តាកូនប្រុសទាំង ៥ មានកូនប្រុសម្នាក់ប្រៀបដូចជាជលសានៃអលង្ការដែលកើតឡើងសារគុណធម៌ បានសំរេចបំណងរបស់ខ្លួនហើយ ដោយក្លាយខ្លួនជាសិល្បករមួយរូបដូចឪពុករបស់ខ្លួនដែរ។ រីឯវ្រះបាទឧទយាទិត្យវម៌្មទី២ មានព្រះរាជបញ្ញាញាណគួរពណ៌នា បានប្រទានងារដល់កូនប្រុសម្នាក់នេះថាជា វិស្វករ ជាអធិបតីនៃសិល្បករទាំងឡាយ។ រាជវិស្វកររូបនេះមានស្នាដៃថ្កើងថ្កានដោយបានស្ថាបនាបារាយណ៍ខាងកើត និង ប្រាសាទបាពួន ហើយ ក៏មានភារៈធំជាក់ ពោលគឺជាអ្នកត្រួតការងារសាងសង់រាជធានីថែមទៀត។ នាពេលយាងសម្ពោធសមិទ្ធិផល ព្រះមហាក្សត្របានប្រទានដែនដីមួយកន្លែងដែលរួចផុតរលត់ពីការទារពន្ធអាកររបស់ព្រះនគរដល់រាជវិស្វករបវរសម័យអង្គរនេះ។ ដែនដីនោះត្រូវបានគេហៅថា ឧទយាទិត្យបា្រសាទ (ឬ ដីព្រះរាជអំណោយវ្រះបាទឧទយាទិត្យ)។ ដោយមានការចូលរួមជុំរុំធ្វើជាសាក្សីពីសំណាក់ព្រាហ្មណ៍និងព្រះអម្ចាស់ទាំងឡាយ ព្រះរាជាទ្រង់បានប្រទានជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានយាងឆ្ពោះធ្វើជា ព្រះប្រធាននៃរាជសភាក្នុងដំណើរការបោះបង្គោលព្រំដីនៃរាជវិស្វករ។ ប្រកបដោយព្រះរាជតំរិះលើគុណសម្បតិ្តគុណធម៌វិក័តិនៃវិស្វកររូបនេះ ព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាយ៉ាងប្រត្យក្ស ឲ្យដាក់ដែនដីរបស់វិស្វករនេះស្ថិតក្នុងកម្មសិទ្ធិនៃដែនដីរបស់វណ្ណៈហេមករង្ក ដ៏បញ្ចង់ប្រសើរស្ថិតក្នុងស្រុកភីមបុរ។ ដីនេះស្ថិតនៅលើភ្នំមួយមានចំការនិងមានអ្នកចាំដាំដុះ។ វិស្វករជាគុណកររូបនេះបានទទួលគោរម្យងារជាអធិបតីស្តីលើវិចិត្រករទាំងឡាយក្នុងព្រះនគរ។ នៅពេលដែលវ្រះបាទឧទយាទិត្យវម៌្មទី២ ចូលទិវង្គតទៅ នៅមានបន្តចរចូលមករាជ្យវ្រះបាទឝ្រីហឝ៌វម៌្ម ដែលទ្រង់ប្រកាន់សង្កត់កំណត់ជាថ្មីនៃព្រំដីខាងលើ ដោយទ្រង់បានយោងលើគុណធម៌បវររបស់រាជវិស្វករ។

ពេលរាជវិស្វកររូបនេះទទួលអនិច្ចកម្ម ព្រះមហាក្សត្រនិយ័តក្នុងការសន្តោសបានប្រទានពិធីបុណ្យដ៏ស្មោះបរិសុទ្ធជូនគាត់។ មិនតែប៉ុណ្ណោះ ទ្រង់បានអនុញ្ញាតឲ្យក្មួយនៃរាជវិស្វករឈ្មោះ កុមារ ទទួលសិទ្ធិអាស្រ័យផលដែលកើតពីដែនដីឆ្លងកាត់បីរាជ្យនេះ។ កុមារ នេះក៏មានគុណធម៌បវរបរិបូរដែរ។ លោកមានប្រាជ្ញាវាងវៃ។ កុមារ ត្រូវបានព្រះរាជា ប្រទានងារជាអធិបតីនៃដែនដីរបស់ខ្លួន និង ឲ្យបន្តនិងធ្វើឲ្យពូជពង្សវង្សត្រកូលរបស់ខ្លួនកាន់តែរុងរឿងវិរោចន៍ឡើង។ ប្រវត្តិក្រុមគ្រួសារសិល្បករខាងលើត្រូវបានចារក្នុងសិលាចារឹកបាសែត (K.២០៥) ខេត្តបាត់ដំបង[១]


គោរម្យងារសំរាប់រាជ្យ
មុនដោយ
សូយ៌្យវម៌្មទី១
ចក្រវរ្តិននៃកម្វុជទេឝ
១០៥០–១០៦៦
តដោយ
ហឝ៌វម៌្មទី៤


ប្រភព[កែប្រែ]

  • History of Cambodia. [១] Accessed June 7, 2004.