ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
ប្រាសាទនាងខ្មៅ | |
---|---|
ឈ្មោះ: | ប្រាសាទនាងខ្មៅ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថកោះកែរ |
ទីតាំង: | វត្តប្រាសាទនាងខ្មៅ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ |
លក្ខណៈទូទៅ
[កែប្រែ]ប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ ទៅខេត្តតាកែវ។ ប្រាសាទនេះ គឺជាបូជនីយដ្ឋានដ៏ស័ក្តសិទ្ធមួយ ដែលត្រូវបានប្រជាជន អ្នកស្រុកគោរពបូជារហូតដល់បច្ចុប្បន្ន។ ប្រាសាទនាងខ្មៅត្រូវសាង សង់អំពីថ្មភក់ និង ឥដ្ឋ តាមរចនាបទកោះកែ ជាស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី ៤ ក្នុងសតវត្សរ៍ទី ១០ នៃគ្រិស្តសករាជ ( ៩២១ ដល់ ៩៤១ ) ឧទ្ទិសដល់ព្រហ្មញសាសនា ។ ប្រាសាទនេះមានប្រាង្គចំនួនបីសង់ទន្ទឹមគ្នា ។ ប្រាសាទនាងខ្មៅក៏ដូចជាប្រាសាទមួយចំនួនតូចឯទៀតដែរ ដែលត្រូវបានសាងសង់ឡើងដោយឥដ្ឋនាស.វទី១០ ។ ប៉ុន្ដែទំនងជាមានមនុស្សមិនច្រើនទេដែលដឹងថា តើខាងក្នុងប្រាសាទមានអ្វីដែលអស្ចារ្យ? ។ បើតាមការស្រាវជ្រាវពីប្រាសាទខ្មែរដោយសាលាបារំាងចុងបូព៌ានាខែកញ្ញា ឆ្នំា១៩៤០បានឲ្យដឹងថា នៅជញ្ជាំងខាងក្នុងនៃប្រាសាទនេះមានលំអដោយគំនូរពណ៌ពាក់ព័ន្ធទៅនឹងទេវកថាវិទ្យានៃលទ្ធិព្រហ្មញ្ញសាសនា ។ ជាពិសេសប្រាសាទខាងត្បូង ដែលមានបន្សល់គំនូរ រូបភាពត្រឹម៣ផ្ទាំងតែប៉ុណ្ណោះ ។ ជាអកុសល ដោយមិនបានទទួលនូវការអភិរក្សសមស្របទាន់ពេលវេលា សព្វថ្ងៃមរតកវប្បធម៌ទាំងនោះក៏ត្រូវរលុបបាត់បង់អស់ជាបន្ដទៅទៀត ។ តាមរយៈរូបភាពទាំងនោះ យើងឃើញថា ប្រាសាទនាងខ្មៅត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសដល់ព្រហ្មសាសនា វិស្ណុ និកាយ។ ម្លោះហើយ គំនូរទាំងនោះសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ព្រះវិស្ណុទាំងអស់[១]។ សព្វថ្ងៃនេះ មានតែប្រាសាទ២ទេ ដែលនៅសេសសល់ក្នុងចំណោមប្រាសាទទាំងអស់ដែលមានចំនួនប្រាំ ហើយសង់នៅលើខឿនតែមួយ ដែលមានឈឈ្មោះថា បញ្ចារាទ្រៈ។ ប្រាសាទនេះសាងសង់អំពីឥដ្ឋក្នុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងរចនាបថកោះកែរ ដើម្បីឧទ្ទិសដល់ព្រហ្មញសាសនា។ ប្រជាជនហៅប្រាសាទនេះថា ប្រាសាទនាងខ្មៅគឺហៅតាមអ្វីដែលពួកគាត់បានរកឃើញជាក់ស្តែងពិតៗពីព្រោះនៅទីនោះកាលពីមុនមានតម្កល់បដិមាភេទស្រីមួយរូបគ្មានព្រះកេស នៅក្នុងតួប៉មខាងជើងហើយត្រូវបានគេយកទុកឯសារមន្ទីរជាតិភ្នំពេញ។ តួប៉មខាងស្តាំ(ឈរពីមុខ)ដែលយើងសព្វថ្ងៃគឺជាតួប៉មខាងជើង ចំណែកតួប៉មខាងត្បូងខ្ពស់ជាង គឺជាប៉មកណ្តាល។ ឯតួប៉មបន្ទាប់បន្សំផ្សេងៗទៀតត្រូវខូចខាតទាំងអស់គ្មានសល់រូបរាងឡើយ។ ប្រាសាទនេះរាងចតុកោណស្មើជ្រុង ដែលលម្អដោយផ្តែរធ្វើអំពីថ្មភក់រំលេចដោយក្បាច់រូបកាលាដៃកាន់អង្កត់ធ្នូខ្ចាក់កម្រងផ្កា ដែលមានរូបទេពនៅខាងក្រោមកាលា កាលាជាទេពតំណាងឱ្យពេលវេលានិងជាសត្វសម្រាប់ការពារប្រាសាទដែលកសាងឧទ្ទិសដល់អាទិទេព និងមានសត្វមករខ្ជាក់នាគ[២]។ thumb|សិលាចារឹកនៅប្រាសាទនាងខ្មៅ
ឈ្មោះប្រាសាទ
[កែប្រែ]ឈ្មោះប្រាសាទនាងខ្មៅនេះ យោងទៅតាមការហៅរបស់អ្នកស្រុកនៅក្នុងតំបន់នេះ ដោយសារនៅក្នុងតួប៉មប្រាសាទមានតម្កល់រូបបដិមាពីរអង្គដែលមានសម្បូរខ្មៅរលោង រូបបដិមាទាំងពីរនេះបច្ចុប្បន្នតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ។ បដិមាមួយមានខ្លួនជាមនុស្សចំណែកឯក្បាលជារូបសេះ និងបដិមាមួយទៀតមានដងខ្លួនជាភេទស្រី តែត្រូវបាត់ព្រះកេសទៅហើយ[៣]។ ម្យ៉ាងទៀតយោងតាមរឿងព្រេង ដែលទាក់ទងនឹងប្រាសាទភ្នំជីសូរ្យ។
សិលាចារឹក
[កែប្រែ]យើងដឹងពីប្រវត្តិព្រះបាទជ័យវរ្ម័នទី៤ តិចតួចណាស់ ពោលគឺបង្កប់នូវភាពអាថ៌កំបាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវបច្ចុប្បន្ន ថាតើទ្រង់ជានរណា? តាមសិលាចារឹកប្រាសាទនាងខ្មៅលេខ K-៣៥ ចុះកាលបរិច្ឆេទប្រហែលសតវត្សរ៍ទី១០ ក្នុងខេត្តតាកែវនេះបានកត់ត្រាថា ព្រះបាទជ័យវរ្ម័នទី៤ឡើងសោយរាជ្យពេញលេញដោយអំណាចនៅឆ្នាំ៨៥០សករាជ ត្រូវនិងឆ្នាំ៩២៨គ្រិស្តសករាជ។ កាលបរិច្ឆេទជាសញ្ញាបញ្ជាក់ពីទីបញ្ចប់រាជ្យរបស់ព្រះបាទ ឦសានវរ្ម័នទី២ (៩២១-៩២៨នៃគ.ស) ហើយប្រហែលជាឆ្នាំ៩២៨នៃគ្រិស្តសករាជគឺជាឆ្នាំចូលទីវង្គតរបស់ទ្រង់[៤]។ យើងយល់ថាព្រះបាទជ័យវរ្ម័នទី៤គឺជាព្រះអង្គម្ចាស់ស្រី ជ័យសិង្ហវម្ម៌ ដែលបាននិយាយនៅក្នុងសិលាចារឹកវត្តចាក្រិត ឬវត្តវិហារគុក K-៦១ (II) ហើយទ្រង់ជារាជានុសិទ្ធ(រដ្ឋមន្ត្រីថ្នាក់ទី១)មួយអង្គកាលពីទ្រង់នៅជាយុវវ័យ ពេលនោះមានអំណាចតិចតួចនៅឡើយនាបណ្តាឆ្នាំចុងក្រោយនៃរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប៉ុន្តែរឿងនេះយើងមិនទាន់ហ៊ានអំអាងឱ្យពិតប្រាកដឡើងពីពីព្រោះខ្វះព័ត៌មាន[៥]។ សិលាចារឹកប្រាសាទនាខ្មៅត្រូវចារនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ដែលនិយាយពីការធ្វើគ្រឿងតម្វាយដល់ព្រះឥសូររវាង៩២៨ទៅ៩២៩នៃគ.ស ដែលសិលាចារឹកនេះមានភាពល្អប្រសើរខ្លាំង បានបង្ហាញពីព័ត៌មានរបស់ព្រះបាទជ័យវរ្ម័នទី៤ ដែលមានវត្តមាននៅភូមិភាគខាងត្បូង។
រូបភាព
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2018-09-11. Retrieved 2018-08-28.
- ↑ សៀវភៅ មគ្គុទ្ទេសក៍ទេសចរ របស់លោក ស្រី សារឿន ឆ្នាំ២០០៤ ទំព័រទី១៨៨។
- ↑ នាយកដ្ឋានភាពយន្ត នៃក្រសួងវិចិត្រ សិល្បៈ
- ↑ George Coedés, 1968. The Indianized States of Southeast Asia,p.114
- ↑ និស្សិត ប្រាក់ សុវណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤