Jump to content

ប្រាសាទភ្នំបាសិទ្ធ

ពីវិគីភីឌា
ប្រាសាទស្រីគ្រប់លក្ខណ៍

ឈ្មោះ: ប្រាសាទស្រីគ្រប់លក្ខណ៍
អ្នកកសាង: ព្រះបាទឥសានវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សទី៧
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថសម្បូណ៍
ទីតាំង: ខេត្តកណ្តាល

ប្រាសាទភ្នំបាសិទ្ធ ឬភ្នំប្រសិទ្ធិមានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ប្រាសាទភ្នំបាសិទ្ធ ឬភ្នំប្រសិទ្ធិមានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ ដល់ផ្សារព្រែកព្នៅបត់ឆ្វេងតាមថ្នល់កៅស៊ូដែលនាំយើងរហូតដល់ក្លោងទ្វារវត្តភ្នំប្រសិទ្ធិត្រៃត្រឹង្ស ដែលស្ថិតនៅខាងស្តាំដៃ។ យើងអាចបន្តដំណើរដោយតាមផ្លូវចាក់ស៊ីម៉ង់ទៅដល់វត្តនៅលើកំពូលភ្នំ។ ភ្នំប្រសិទ្ធិមានបណ្តាយ ៣គីឡូម៉ែត្រគុណ ១គីឡូម៉ែត្រ កម្ពស់ប្រមាណ១៣៨ម៉ែត្រ[]។ ពេលលោកអ្នកបន្តដំណើរបានចម្ងាយប្រមាណ ១គីឡូម៉ែត្រលោកអ្នកនិងជួបផ្លូវបំបែកពី រួចបន្តដំណើរតាមផ្លូវឡើងអមដោយបង្កាន់ដៃរូបនាគគឺនាំលោកអ្នកទៅដល់កំពូលត្រៃត្រឹង។ រួចបត់ឆ្វេងដៃ យើងនិងឃើញរោងធំមួយប្រក់សង្កសី ដែលជាកន្លែងព្រះពុទ្ធចូលនិពា្វន។ បដិមាននេះធ្វើអំពីថ្មគឺដាប់ថ្មភ្នំមានបណ្តោយប្រវែង ២៤ម៉ែត្រ។ ព្រះភ័ក្រ្តព្រះអង្គ ត្រូវបែកបាក់នៅសម័យខ្មែរក្រហមហើយត្រូវបានធ្វើសារជាថ្មីឡើងនៅឆ្នាំ១៩៨៦។ នៅផ្នែកខាងកើតត្រង់ព្រះកេសព្រះអង្គ គេបានរៀបថ្មបាយក្រៀមផ្ទប់ទៅនឹងថ្មភ្នំ។ បើយើងមើលពីព្រះពុទ្ធចូលនិព្វានទៅខាងក្រោមចង្កេះភ្នំខាងជើងយើងនិងឃើញប្រាសាទស្រីគ្រប់លក្ខណ៍។ នៅជិតអ្នកតាម្ចាស់ស្រុកប្រមាណ២០ម៉ែត្រយើងឃើញតួប៉មប្រាសាទស្រីគ្រប់លក្ខណ៍ ផ្នែកខាងក្រោមលំអដោយទ្វារបញ្ឆោត ដែលមានការបែកបាក់យ៉ាងដំណំ។

ស្ថាបត្យកម្ម

[កែប្រែ]

តួប៉មប្រាសាទនេះសង់អំពីឥដ្ឋតាន់ដែលមានផ្តែរទ្វារធ្វើអំពីថ្មភក់សាងសង់ឡើងដោយ ព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ក្នុងរចនាបថសម្បូណ៍។ នៅគ្រប់ជ្រុងនៃប្រាសាទមានលំអដោយរូបចម្លាក់ប្រាសាទអណ្តែត ដែលនៅក្នុងប្រាសាទអណ្តែតនោះមានរូបទេវៈបីអង្គគឺព្រះសិវគង់នៅកណ្តាលស្រ្តីពីនាក់គឺ នាងឧមា និងព្រះម៉ែគង្គា។ ទិដ្ឋភាពនៅក្នុងជញ្ជាំងខាងជើងខូចខាតយ៉ាងខ្លាំង ដោយត្រង់ផ្នែកកណ្តាលបាក់បែកស្ទើគ្មានសល់។ ជ្រុងខាងត្បូងបាក់បែកត្រង់ផ្នែកកណ្តាលដូចគ្នានិងជ្រុងខាងជើង។

សិលាចារឹក

[កែប្រែ]

តាមសិលាចារឹកលេខ K-៧១០ ប្រាសាទភ្នំបាសិទ្ធមានឈ្មោះដើមថា សិទ្ធេស្វរៈ ជាភាសាបាលី ឬសំស្រ្តឹតមានន័យថា ទេពប្រកបដោយសេចក្តីសម្រេចគឺជាឈ្មោះរបស់ព្រះសិវៈ ស្ថាបនានៅសតវត្សរ៍ទី៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី១[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ មគ្គុទ្ទេសក៍ទេសចរ ស្រី សារឿន បណ្ណាគារអង្គរ ឆ្នាំ២០០៤ ទំព័រទី១៦៦។
  2. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី៨