ពិជ័យសង្គ្រាមសុខ
ពិជ័យសង្គ្រាមសុខ | |
---|---|
ចៅពញាពិជ័យសង្គ្រាមនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ប្រ.សតវត្សទី១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | សុខ |
ចៅពិជ័យសង្គ្រាមសុខ (ប្រ.សតវត្សទី១៦) ជាមន្ត្រីសម័យលង្វែក ជាអ្នករកព្រះខឌ្ដរាជ្យមកថ្វាយព្រះបាទចន្ទរាជា។
ដំណើររកព្រះខឌ្ដរាជ្យ
[កែប្រែ]ព.ស ២០៨៣, គ.ស. ១៥៣៩, ម.ស. ១៤៦១, ច.ស. ៩០១ ឆ្នាំកុរ ឯកស័ក អស់មុខមន្ត្រីយល់ ស្ងប់ស្ងាត់សឹកសង្គ្រាមហើយ ក៏យកសេចក្ដីក្រាបបង្គំទូលការរាជការ សំរេចគ្រប់យ៉ាង ហើយល្មមនឹងរៀបប្រាប្ដាភិសេកយ៉ាងធំឱ្យឮព្រះនាមទូរទ័រទៅនានាប្រទេស។ ទើបព្រះបរមបពិត្រត្រាស់តបវិញថាអស់មុខមន្ត្រីយល់នេះ ក៏គួរណាស់ហើយ តែព្រះខឌ្ដរាជ្យសំរាប់ផែនដី រកពុំទាន់ឃើញ នឹងប្រាប្ដាភិសេកយ៉ាងធំពុំទាន់បាន។ ខណៈនោះពញាពិជ័យសង្គ្រាមសុខ គាល់នៅទីនោះ ក្រាបបង្គំថា : ព្រះខឌ្ដជ័យមង្គលសំរាប់ផែនដីនោះ សំរេចនៅសម្ដេចឥសីភ័ទ្ទសួស។ កាលបែកព្រះនគរនឹងព្រះស្ដេចកន នោះសម្ដេចព្រះឥសីភ័ទ្ទនាំយកទៅលាក់បំពួនក្នុងព្រៃណាមិនប្រាកដ តែសម្ដេចព្រះឥសីភ័ទ្ទនោះ ស្រុកកំណើតនៅខែត្របាទី ទីសំណាក់នៅខាងត្បូងវត្តភ្នំពេញ តែសម្ដេចព្រះឥសីភ័ទ្ទសួសនោះអនិច្ចកម្មទៅហើយ ហើយទីនឹងលាក់ព្រះខឌ្ដនោះ មានតែលាក់ក្នុងព្រៃទាំងពីរអន្លើនេះ គួរចាត់បំរើឱ្យស្វែងព្រៃដើររកព្រះខឌ្ដ និង ព្រះបញ្ចក្សេត្រក្នុងតំបន់ទាំងពីរអន្លើ។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ពញាពិជ័យសង្គ្រាមសុខ យកសេចក្ដីក្រាបបង្គំទូលហើយ ក៏បណ្ដាលក្នុងព្រះរាជហឫទ័យឱ្យគិតអំពីព្រះខឌ្ដនោះពន់ប្រមាណ ទើបទ្រង់ត្រាស់បង្គាប់ ចៅពញាពិជ័យសង្គ្រាមសុខថាបើដូច្នោះ ចូរឯងយកចិត្តទុកដាក់ នាំរេហ៍ពល ៥០០ នាក់ ឱ្យមានគ្រឿងកាប់ឆ្ការព្រៃនោះ ទៅរកក្នុងព្រៃទាំងពីរអន្លើនោះកុំឱ្យខាន។ ទើបពញាពិជ័យសង្គ្រាម ក្រាបថ្វាយបង្គំលា ម្នីម្នានាំរេហ៍ពល ៥០០ នាក់ចុះទូកមកដល់ខាងត្បូងភ្នំពេញ ឃើញព្រៃស៊ុបទ្រុប ស្បាតបន្លាច្រើនណាស់ មន្ទិលក្នុងចិត្តហើយក៏ឱ្យរេហ៍ពលកាប់ឆ្ការទៅ តែពុំឃើញព្រះខឌ្ដនោះឡើយ ឃើញតែប្រាសាទថ្មមួយ នៅទីនោះមានចារឹកអក្សរថា : ព្រះចេតិយ ព្រះឧណ្ណាលោម។ ពញាពិជ័យសង្គ្រាម ក្រឡេកមើលទៅខាងលើ ឃើញកំពូលមុខព្រហ្មឧត្តមប្រសើរណាស់ ហើយគិតថា: ក្រែងសម្ដេចព្រះឥសីភ័ទ្ទសួសយកព្រះខឌ្ដ និងព្រះបញ្ចក្សេត្រនោះទៅកប់ក្នុងព្រះចេតិយនោះ លុះបើកទ្វារនោះចូលទៅទៀតក៏ពុំឃើញ តែក្នុងចិត្តពញាគិតថាទីនេះជាទីវិសេសណាស់ចាំត្រឡប់ទៅវិញ និង ក្រាបបង្គំទូល ឱ្យបានទ្រង់ជ្រាប។ គិតហើយ ពញាក៏នាំរេហ៍ពលទៅខែត្របាទីប្រកាសប្រាប់អ្នកស្រុកថា : បើនរណាដឹងឃើញព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះហ្លួងនឹងព្រះរាជទានជាសម្ដេចចៅហ្វាទឡ្ហៈ សំរេចរាជការផែនដី។
និយាយអំពី ក្រឡាពាស "សួស" នារាត្រីមួយនោះយល់សប្តិថា ឃើញតាចាស់ម្នាក់មកប្រាប់ថា: ឱ្យទៅយកព្រះខឌ្ដ និង គ្យងព្រះបញ្ចក្សេត្រនៅរូងដើមចំបក់យកទៅថ្វាយហ្លួងនឹងបានជាធំ។ លុះព្រឹកភ្ញាក់ឡើងក្រឡាពាស "សួស" ក៏និយាយប្រាប់សប្ដិឱ្យនាងរៀបជាម្ដាយស្ដាប់, ម្ដាយស្រាយនិមិត្តថា យល់សប្តិទៀបព្រឹកនេះ ចំណាំតែឆុតណាស់ដូច្នេះ ឱ្យកូនទៅឡើងមើលក្នុងរូងចំបក់ធំនោះឱ្យច្បាស់មើល។ ក្រឡាពាសសួសទៅដល់ហើយឡើងមើលនៅរូងដើមចំបក់នោះឃើញព្រះខាន់នឹងគ្រឿងព្រះបញ្ចក្សេត្រនោះមែន ក៏អរណាស់ឃ្មាតខ្មីតំរង់ទៅបន្ទាយលង្វែក។ មកដល់កណ្ដាលផ្លូវឃើញពញាពិជ័យសង្គ្រាមនាំពល ៥០០ នាក់ ទៅស៊ើបសួររកព្រះខាន់នោះហើយ ថាបើនរណារកឃើញ ហ្លួងនឹងឱ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈផង ទើបក្រឡាពាសសួស ថ្លែងប្រាប់ពញាពិជ័យសង្គ្រាមតាមដំណើរសេចក្ដីគ្រប់ប្រការ។ ទើបពញាពិជ័យសង្គ្រាមនាំក្រឡាពាសសួសត្រឡប់មកព្រះបរមរាជវាំងយកសេចក្ដីមកក្រាបបង្គំទូល ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរណាស់ ត្រាស់ចាត់សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការឱ្យរៀបគ្រឿងហែមានដំរី សេះ រេហ៍ពលអភិរម្យសែនត្វាន់ ទៅដង្ហែយកព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះមក។ ព្រះអង្គចេញទៅទទួលដល់ក្រៅព្រះនគរ យកមកតំកល់ក្នុងហោបញ្ចក្សេត្រ។ ទ្រង់ទតទស្សនាឃើញគ្រឿងព្រះបញ្ចក្សេត្រនោះ ទេវរូប ១៣ ព្រះអង្គបាត់ ១២ ព្រះអង្គ ហើយព្រះអង្គទ្រង់តាំងសម្ដេចព្រះធម្មរឹទ្ធិ ជាសម្ដេចព្រះឥសីភ័ទ្ទ ហើយឱ្យប្រជុំរាជាគណៈបារគូ ស្ដេចមាឃ មកធ្វើពិធីសាងទេវរូប ១២ ព្រះអង្គបង្គ្រប់ជា ២៥ ព្រះអង្គឡើងវិញទុកឱ្យសម្ដេចព្រះឥសីភ័ទ្ទ និង ក្រុមបុរោហិតរក្សាទុកក្នុងហោព្រះបញ្ចក្សេត្រ ហើយព្រះអង្គយាងទៅតាក់តែង ព្រះចេតិយ ព្រះឧណ្ណាលោម នោះជាព្រះអារាមតាំងចៅអធិការ បញ្ចុះសីមា រួចចាត់ឱ្យមានរេហ៍ពលសំរាប់វត្ត ឱ្យនៅថែរក្សាហើយ ព្រះអង្គត្រឡប់មក ព្រះបរមរាជវាំងវិញ។
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ចៅពញាពិជ័យសង្គ្រាមនៃកម្ពុជាធិបតី ប្រ.សតវត្សទី១៦ |
តដោយ មិនស្គាល់ |