Jump to content

ឥសីភ័ទ្ទសួស

ពីវិគីភីឌា
ឥសីភ័ទ្ទសួស
សម្ដេចព្រះឥសីភ័ទ្ទនៃក្រុងស្រីសឈរ
ក្នុងការិយាល័យ
សតវត្សទី១៥–សតវត្សទី១៦
ព្រះមហាក្សត្រឝ្រីឝៅគន្ធបទ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
សួស

សម្ដេចព្រះឥសីភ័ទ្ទសួស លោកជាមន្ត្រីរក្សាស្វេត្រច្ឆ័ត្រក្រោមរាជ្យរបស់ព្រះបាទឝ្រីឝៅគន្ធបទ

រៀបចំផែនការសំលាប់ព្រះស្ដេចកន

[កែប្រែ]

កាលដែលនឹងកើតជាហេតុធំ ក្នុងព្រះនគរនោះ ព្រះឝ្រីឝៅគន្ធបទ ទ្រង់ព្រះសុបិននិមិត្តឃើញថា: មាននាគមួយធំមានឫទ្ធិមហិមាមកដេញព្រះអង្គ និង មនុស្សម្នាឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះ ក្ដៅពន់ប្រមាណណាស់ឃើញហាក់ដូចជានាគនោះស្ទុះចូលមកខាំពាំស្វេតច្ឆ័ត្រនាំទៅកាន់ទិសបូព៌។ លុះល្មមព្រឹកឡើង ព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្ដេចព្រួយព្រះទ័យ នឹងព្រះសុបិនប្លែកនោះ ពន់ប្រមាណណាស់។ លុះស្ដេចស្រង់ទ្រង់គ្រឿងស្រេច ស្ដេចចេញព្រះរាជរោងរមគង់លើព្រះសុវណ្ណទែនទិព្វអាសនា។ សម្ដេចព្រះអនុជ ចន្ទរាជាធិរាជ និង សម្ដេចឱរសាធិរាជព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំគាល់គ្រប់តំណែងថ្វាយទៀនធូបមាលាជាទីតបស្នងឆ្លងព្រះតេជគុណតាមព្រះរាជប្រវេណី។ ក្នុងវេលានោះ គ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុង ទាំងខ្ញុំព្រះរាជការក្រៅមកថ្វាយទៀនធូបមាលាពុំមានសេសសល់ដល់ម្នាក់ឡើយ។ ព្រះបាទបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជបន្ទូលសូរសីហនាថព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្ដេចទតព្រះនេត្រទៅអស់ព្រះបរមវង្សា និង ខ្ញុំរាជការរៀងទៅដល់ឃុនហ្លួងព្រះស្ដេចធិបតី។ ខណៈនោះ ស្ដេចទតឃើញមានតួនាគពីរព័ទ្ធព័ន្ធលើឃុនហ្លួងព្រះស្ដេចហើយងើបក្បាលឆ្វេងស្ដាំ ទន្ទឹមគ្នានឹងសិរសាឃុនហ្លួងព្រះស្ដេចកន។ រូបនាគនោះ ដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិននិមិត្ត។ កិរិយានាគនោះ ហាក់ដូចជានឹងស្ទុះទៅខាំព្រះអង្គ ព្រះអង្គទ្រង់ភ្ញាក់ព្រះទ័យត្រាស់ឲ្យមន្ត្រីមើល មន្ត្រីមើលពុំឃើញ តាមព្រះរាជបញ្ជាសោះ។ ដូច្នោះហើយ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់។

ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្លង្កតាំងប្រថាប់នៅមុខស្វេត្រច្ឆ័ត្រទើបត្រាស់ព្រះឥសីភ័ទ្ទ មហារាជគ្រូ និង រាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងទីស្ងាត់។ ខណៈនោះ ទ្រង់ប្រឹក្សាការណ៍ថា: ការផែនដីពេលនេះមានហេតុគ្រប់ប្រការ ដូច្នេះអស់អ្នកយល់ថាដូចម្ដេច? សម្ដេចព្រះឥសីភ័ទ្ទ យកសេចក្ដីក្រាបបង្គំទូលថា: ព្រះខឌ្ដជ័យមង្គលដែលមានហេតុស្នឹមដល់គល់យ៉ាងនេះ តាមសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ទំនាយទុកនោះថា មុខជានឹងកើតហេតុធំពុំខានឡើយ។ ព្រះរាជហោរាធិបតី យកសេចក្ដីក្រាបបង្គំទូលថា: តាមហេតុនេះ ផែនដី កើតកោលាហលដល់អស្ចារ្យ។ ផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់។ លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា: "រាជសត្រូវនោះ មកពីក្នុង ឬ ក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល?" ហោរាតាំងលេខតំរាគន់គូរបូកហត្ថទៅទៀតដឹងច្បាស់ក្នុងតំរាហើយក្រាបទូលថា: " រាជសត្រូវនោះ នៅក្នុងព្រះនគរ"។ វាកើតឆ្នាំរោង ពង្សនាគ។ ទំនាយនេះ ឃើញចំពោះត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់។ ទំនាយថា បើកើតកលិយុគម្ដងនេះគឺកើតមកពីឃុនហ្លួងព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំនាគ។ នាគដើមឆ្នាំនេះកំពុងក្លាហានណាស់ សូមទ្រង់ជ្រាប។ សូមព្រះអង្គ ស្ដេចកុំប្រហែសព្រះអង្គឡើយ។ ព្រះបរមបពិត្រ បានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិមិត្តដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយ ទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា: អញក៏ឃើញពិត ដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះ មុខជានឹងមានពាក្យគេនិន្ទាជាមិនខាន។ មួយវិញទៀតបងវាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង។ បើបងវាដឹង ក្រែងនឹងញុះញង់កូនវាឲ្យចេញជាសត្រូវនឹងអញ។ អញនឹងកើតសត្រូវចំបាំងព្រោះកូនឯងនាំឲ្យលំបាករាស្ត្រ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះគឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឲ្យជាប់ទាំងដៃទាំងជើងវានឹងឡើងក៏មិនរួចហែលក៏មិនបាន។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅ សេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ។ តើអ្នករាល់គ្នាយល់ដូចម្ដេច? ព្រះឥសីភ័ទ្ទ និង រាជហោរាឆ្លើយថា យល់តាមព្រះរាជបរិហារគ្រប់គ្នា។ ឯព្រះម្នាងកេសរបុប្ផាព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ត្រីប្រឹក្សាការផែនដីនោះលបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំច្បាស់។ អ្នកព្រះម្នាង ឮ តែចុងពាក្យថា: ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់ តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្ដាប់បានប៉ុណ្ណេះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ។ ឯមុខមន្ត្រីដែលចូលជំនុំរាជការនោះ លុះទៅដល់មុខព្រះលានក្រៅហើយ ក៏បង្គាប់ឲ្យត្រៀមព្រះរាជយាន និង ព្រះទីនាំងនាវាសំរាប់គង់ប្រពាតមច្ឆា។ អស់ខ្ញុំរាជការទាំងពួងតំរូវឲ្យមានសំណាញ់មួយ ទូកមួយ។ សំណាញ់មួយម្នាក់ប្រចាំហែស្ដេចទៅប្រពាតមច្ឆាក្នុងបឹង ថ្ងៃព្រឹកស្អែកនោះ។ មន្ត្រីគ្រប់ក្រុមខ្ញុំព្រះរាជការ ក៏ទទួលតាមបង្គាប់ព្រៀងព្រមស្ដេចរង់ចាំនៅតាមតំណែងព្រះរាជការ។ លុះព្រឹកព្រាងស្វាងស្រេច ស្ដេចគង់ព្រះរាជយាននាំអស់រាជការខាងក្នុងក្រៅហែចុះព្រះទីនាំងតូចសំរាប់ទ្រង់សំណាញ់នោះ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកងឆ្លងទៅដល់ទំនាបមានម្លប់ព្រឹក្សាទើបស្ដេចត្រាស់ឲ្យឈប់តាំងគ្រឿងសោយ ហើយឲ្យរៀបលៀងភោជនាហារ អស់ខ្ញុំព្រះរាជការទាំងក្នុងទាំងក្រៅពុំរើសមុខជាសុខសប្បាយរាល់គ្នា។ តែអ្នកព្រះស្នំឯកដែលបានដឹងសេចក្ដីនៃការជំនុំប្រឹក្សារាជការនោះមានចិត្តថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្តសោះ។ កាលព្រះបរមបពិត្រ ស្ដេចឲ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះព្រះស្នំឯកបង្គាប់ថាឲ្យថយទូកទៅទីស្ងាត់រួចសឹមបរិភោគគ្រប់គ្នា។ លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯកក៏តាំងសរសេរជាអក្សររាយសេចក្ដីតាមហេតុស្រេចដាក់ក្នុងកញ្ចប់បាយហើយឲ្យទាសីម្នាក់យកទៅឲ្យឃុនហ្លួងព្រះស្ដេចជាប្អូន។ ឃុនហ្លួងព្រះស្ដេចធិបតី កាលឃើញកញ្ចប់បាយនោះហើយក៏គិតថា: បងអញពុំដែលឲ្យបាយកញ្ចប់ដូច្នេះសោះ។​ បងធ្លាប់ឲ្យតែនឹងតុនឹងថាស។ ម្ដងនេះបងឲ្យយ៉ាងដូច្នេះ គួរឲ្យសង្ស័យណាស់។ លុះគិតដូច្នេះ ក៏កាន់បាយកញ្ចប់នោះទៅជ្រកក្នុងព្រៃស៊ុំទ្រុំ។ លុះយល់ថាស្ងាត់ហើយឃុនហ្លួងព្រះស្ដេច ក៏លាកញ្ចប់បាយនោះមើល ហើយឃើញកំណត់មួយច្បាប់មានសេចក្ដីថា "ឲ្យប្អូនប្រយ័ត្នឲ្យមែនទែន គេនឹងសំលាប់ហើយ។ បើហ្លួងប្រើឲ្យមុជទឹកឲ្យប្អូនចេញរត់ទៅឲ្យឆ្ងាយកុំត្រឡប់មកវិញឡើយ" ឃុនហ្លួងព្រះស្ដេចធិបតី ដឹងជាក់សេចក្ដីហើយធ្លាក់ថ្លើមក្ដុកភ័យណាស់ចាប់ដីដាក់លើក្បាលប្រណម្យដៃទាំងពីរ ហើយតាំងសច្ចាថា: "ខ្លួនខ្ញុំនេះ សុចរិតពិតត្រង់ណាស់ ឥតមានបើទាស់ខុសនឹងអ្នកណាសោះឡើយ។ ដូច្នេះ សូមគុណបុណ្យលោកជួយខ្ញុំឲ្យខ្ញុំបានគង់ជីវិតក្នុងគ្រានេះខ្ញុំតាំងទីថ្ងៃនេះទៅប្រាកដជាអស់ទីពឹងហើយ។ លុះសច្ចាចប់ហើយ ក៏ត្រឡប់មកទីប្រជុំមន្ត្រីវិញ។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងកាលសោយស្រេចហើយ ស្ដេចចុះគង់ព្រះទីនាំងសំរាប់បង់សំណាញ់អស់ខ្ញុំរាជការ ក៏ចាប់បង់សំណាញ់ លយតាមជលធីហែទៅ។ តែឃុនហ្លួងព្រះស្ដេចធិបតី ក៏ចុះទូកតូច តាមហែទៅជិតព្រះទីនាំងដែរ អ្នកខាងក្នុង និង ជំទាវនាងឃុនណាងចាស់ទុំប្រជុំគ្នានៅលើគោកមើលហ្លួងទ្រង់សំណាញ់ និង អស់ខ្ញុំរាជការធំតូចបង់សំណាញ់។ អ្នកទាំងអស់បង់ទំនងល្អអាក្រក់ផ្សេងៗគ្នា ខ្លះបានត្រីធំ ខ្លះបានត្រីតូច ខ្លះបានមែកឈើ ខ្លះពានទៅលើត្រឹបចឿនចកអស់អ្នកអស់នាងជំទាវឃុនណាង ដែលនៅលើគោកនោះ ក៏ស្ដីចំអន់ចំអក សើចឡើងតែសព្វខ្លួន។ ចំណែកឯព្រះបរមបពិត្រជាអម្ចាស់ជីវិត ព្រះអង្គទ្រង់បង់សំណាញ់ពាក់ត្រូវមច្ឆាតរៀងៗទៅ។ លុះដល់អន្លង់មួយអន្លើជ្រៅក្រៃលែងជាងអន្លង់ទាំងពួងមានឫសឈើក៏ច្រើន ទើបមន្ត្រីម្នាក់បង់សំណាញ់ចុះទៅក្នុងទីនោះ ហើយក្លែងថា: ជាប់សំណាញ់ហើយ។ ហើយក្រាបទូលថា: ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញលើកឡើងពុំរួចសោះ។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ទ្រង់ជ្រាបកលឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ឲ្យប្រមូលទូកសំណាញ់មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សំរាប់ព្រះហត្ថាចុះទៅក្នុងព្រះគង្គាជាមួយនឹងមន្ត្រីដែលបង់មុននោះ។ ខណៈនោះទ្រង់បង្គាប់ថា: អាកនឯង លោតចុះទៅដោះសំណាញ់ឲ្យអញមួយរំពេច។ ឃុនហ្លួងព្រះស្ដេចធិបតីថ្វាយបង្គំលោតចុះទៅក្នុងទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ។ ទូកមន្ត្រីជាងពីររយចូលព្រួតប្រឹងបង់គ្របប្រកិតច្រើនត្រួតច្រើនជាន់ដោយគិតថាឲ្យស្លាប់កុំឲ្យហែលរត់ចេញអំពីទីនោះរួច។ ឃុនហ្លួងព្រះស្ដេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះ ភ័យណាស់គិតអ្វីក៏ពុំឃើញលុះដល់បាតដីហើយ គាតឮសព្ទសូរសំណាញ់បង់គ្រាំគ្រេងខ្វែងខ្វាត់គឹកកងរំពង ទឹកពីលើខ្លាំងណាស់ ក៏ដកដង្ហើមធំថប់គិតថា: អញមុខជានឹងស្លាប់ប្រាកដណាស់ម្ដងនេះ។ សំណាញ់ទាំងពួង ​​​​​​​​ក៏កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថាជាតេជៈ កុសលដែលគាត់បានសាង ក៏បណ្ដាលឲ្យមាននាគរាជមួយមកព័ទ្ធកណ្ដាលខ្លួននាំហែលរត់យ៉ាងរហ័សផុតពីសំណាញ់រួចអំពីចំណោម ហើយហែលបណ្ដោយបឹងទៅទិសខាងជើងរួចហើយនាគនោះ ក៏ភៀសកាយបាត់ទៅ។ ឃុនហ្លួងព្រះស្ដេចធិបតីក៏ផុសលោតឡើងដើរបន្លុយក្នុងទឹកទៅ។ ហេតុតែជាបុណ្យឲ្យបានសោយរាជ្យ ពេលនោះទើបមានសត្វទាព្រៃហើរពីលើខ្មួលខ្មៅ ហើយចុះទៅទុំលើក្បាលឃុនហ្លួងព្រះស្ដេចប្រមាណជាងពីរឱបមើលពីឆ្ងាយទៅដូចជាគល់ឈើបាំងបាត់ខ្លួនព្រះស្ដេច។ ព្រះស្ដេចខំបន្លុយខ្លួនក្នុងទឹករត់ដោះទៅជ្រកពួនក្នុងត្រឹបច្រើនមួយអន្លើទំរាំយប់នឹងរត់តទៅទៀត។ អាស្រ័យហេតុនេះហើយបានជាបឹងនោះ មានឈ្មោះហៅថា: បឹងទា យូរមកហៅថា បឹងទទាវិញទីបំផុតប្រែក្លាយជាបឹងទទង លុះដល់សព្វថ្ងៃនេះ។ សម្ដេចព្រះបរមបពិត្រ លុះបាត់ព្រះស្ដេចកនយូរពេក ទ្រង់ឲ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំឃើញខ្លួនព្រះស្ដេចកនសោះ។ ស្ដេចឲ្យយកច្បូក សម ចាក់រកគ្រប់រាម ក៏ពុំឃើញទៀត។ ទ្រង់មិនអស់ព្រះទ័យសោះ ទើបទ្រង់ឲ្យមនុស្សពូកែមុជទឹកឲ្យមុជចុះរកទៀតក៏ពុំឃើញ។ ស្ដេចរឹងព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: "អានេះរត់រួចទៅ ដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសងសឹកវិញពុំខានឡើយ"។ ចៅពញាយមរាជ ចៅពញាវង្សាអគ្គរាជក្រាបទូលថា: ចំពោះស្ថានការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ។ ទូលព្រះបង្គំទាំងពីរនាក់ នឹងតាក់តែងទាហានឲ្យចាប់ខ្លួនឃុនហ្លួងព្រះស្ដេចថ្វាយ ស្នងព្រះតេជៈគុណឲ្យបាន ថាហើយក៏ថ្វាយបង្គំលាចេញទៅចាត់ទាហានស្រាលឲ្យទៅល្បាតក្រវែលចាំរកចាប់ខ្លួនឃុនហ្លួងព្រះស្ដេចកនជុំវិញបឹង។ សម្ដេចព្រះបរមបពិត្រ ទ្រង់គិតមកនេះពុំបានសំរេចដូចព្រះចិន្តាទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្ដេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្ដេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅទៀត។ ចំណែកឯ ឃុនហ្លួងព្រះស្ដេចធិបតីកនវិញ កាលខំរត់ឡើងអំពីបឹងហើយ ក៏ខំដើរទាំងយប់ទាំងអធ្រាត្រឥតឈប់ឈរ។ លុះដើរមកបានបន្តិច ក៏ជួបនឹងមនុស្សល្បាត។ មនុស្សល្បាត ឃើញឃុនហ្លួងព្រះស្ដេចកន ហើយក៏ដេញភ្លាមឥតបង្អង់។ ឃុនហ្លួងព្រះស្ដេចកនរត់ជ្រកពួនតាមគុម្ពព្រៃចេញផុតពីចំណោមទៅ ក៏ទៅប្រទះនឹងមនុស្សម្នាក់ទៀតកាន់ដាវវែង។ មនុស្សនេះឃើញហើយក៏ស្រែកថា: នែលោកព្រះស្ដេចទៅណា ហ្លួងត្រាស់ឲ្យចូលទៅគាល់។ ព្រះស្ដេចកន ឮហើយភ័យស្លុតរត់ទៅជល់នឹងដង្គត់ឫស្សីក៏ដួលចុះ។ នាយល្បាតម្នាក់នោះដេញទៅទាន់ងាដាវទៅកាប់ត្រឡប់ជាឃើញនាគមួយធំបើកពពាដេញមក។ នាយភ័យណាស់ធ្លាក់ដាវពីដៃដួលចុះទៅនៅទីនោះ។ ព្រះស្ដេចកនយល់បានការណ៍ហើយក៏ស្ទុះកន្ត្រាក់យកដាវបានហើយកាប់ចៅនោះ ស្លាប់នៅនឹងកន្លែង។

លាក់គ្រឿងបញ្ចក្សេត្រ

[កែប្រែ]

ក្រោយពីកូនចៅព្រះស្ដេចកន ឱកម៉ឺនសូរិន្ទកែវ និង ចៈម៉ឺនចៃចុងរ័ក្សសោមបានបន្លំខ្លួនទៅធ្វើគតព្រះឝ្រីឝៅគន្ធបទហើយនោះ សម្ដេចព្រះឥសីភ័ទ្ទដែលនៅបន្ទាយសំរោងសែនបានបែកបាក់ទ័ពគ្នា ហើយសម្ដេចព្រះឥសីភ័ទ្ទព្រមគ្នានឹងស្ម័គ្របក្សពួកអញ្ជើញយកព្រះខឌ្ដរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ។ នៅទីនោះ គាត់គិតថា: បើអញទ្រាំទៅឲ្យដល់ទៅស្រុកសៀមទៅមុខជាសៀមមិនឲ្យអញត្រលប់មកវិញទេ។ លុះគិតដូច្នេះហើយសម្ដេចឥសីភ័ទ្ទក៏ធ្វើជាចូលទូកទៅបន្ទោបង់ឧច្ចារៈ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅសម្ដេចព្រះឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះ ចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅយកតែព្រះខឌ្ដរាជ្យ និង លំពែងជ័យ ព្រះកៅទណ្ឌសរនោះឲ្យអាសូរជាខ្ញុំវេចស្ពាយរត់ទៅដល់ចុងខេត្តបាទី (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើម ស្រុកកណ្ដាលស្ទឹង ស្អាង សំរោង ភ្នំស្រួច ភ្នំស្រង់ គងពិសី ទាំងអស់នេះ នៅក្នុងខែត្របាទីដែរ)។ នៅទីនោះ សម្ដេចឥសីភ័ទ្ទក៏នាំគ្នានឹងអាសូរជាខ្ញុំពួនពាក់លាក់ខ្លួនមិនឲ្យអ្នកណាដឹងឡើយ។ ឯព្រះខឌ្ដរាជ្យ នឹងព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រនោះ សម្ដេចឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ។

ក្លាយជាបិសាច

[កែប្រែ]

ក្រោយពីសម្ដេចឥសីភ័ទ្ទ នៅលាក់ខ្លួនពួនអាត្មាក្នុងព្រៃជាយូរទៅ អាសូរព្នងជាខ្ញុំ (សម័យពីដើមគេចាប់ព្នងមកលក់ឲ្យធ្វើជាខ្ញុំគេ) ក៏ស្លាប់ទៅទៀត នៅតែម្នាក់ឯង ក្រីក្រលំបាកណាស់។ លុះបានដឹងដំណឹងថា : "ស្ដេចកន បានសោយរាជ្យ ហើយបានប្រកាសឲ្យរកព្រះខឌ្តរាជ្យ និង គ្រឿងបញ្ចក្សេត្រថាបើនរណារកឃើញ ហើយយកទៅថ្វាយស្ដេចកន ព្រះស្ដេចកននឹងប្រទានរង្វាន់ជាមាស ៥០០ តម្លឹង ដូច្នេះឥសីភ័ទ្ទ " ក៏មានចិត្តលោភក្នុងសន្តានអាត្មាដោយគិតថា: បើយើងយកវត្ថុទាំងនេះទៅថ្វាយស្ដេចកនទៅមាសប្រាក់ក៏បាន យសសក្ដិក៏បាននឹងទុកទៅក៏អសារឥតការដែរ កាលណាឡើយ សម្ដេចចៅពញាចន្ទរាជា និង សម្ដេចចៅពញាយសរាជាទាំងពីរព្រះអង្គនឹងបានត្រឡប់មកវិញនោះ។ គិតយល់ដូច្នេះហើយ សម្ដេចឥសីភ័ទ្ទក៏ដើរតែម្នាក់ឯងទៅដល់ដើមចំបក់ធំនោះហើយខំប្រវាបារឡើយបានដល់បង្កៀបមួយរៀបនឹងលូកដៃយកព្រះខឌ្តនោះ ក៏ស្រាប់តែឃើញពស់មួយយ៉ាងធំលូនឡើងទៅលើដើមចំបក់នោះចាំនឹងចឹកសម្ដេចព្រះឥសីភ័ទ្ទ។ សម្ដេចព្រះឥសីភ័ទ្ទឃើញពស់ហើយក៏ភ័យរន្ធត់ភ្លាត់ជើងភ្លាត់ដៃធ្លាក់ចុះមកបាក់កស្លាប់ក្នុងព្រៃនោះ ឥតមានអ្នកឯណាឃើញសោះឡើយ។ ខ្មោចនោះចំណេរមកឯអនាគតក៏ទៅជាបិសាចចាំរក្សាព្រះខាន់នៅទីនោះរៀងមក។

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
សម្ដេចព្រះឥសីភ័ទ្ទនៃក្រុងកម្ពុជាធិបតី
សតវត្សទី១៥-១៦
តដោយ
មិនស្គាល់