Jump to content

ភ្នំគូលែន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភ្នំគូលេន)
ភ្នំគូលែន
ភ្នំគូលែន
ចំណុចខ្ពស់ បំផុត
កំពូល487 ម៉ែត្រs (1,598 ft) Edit this on Wikidata
ភូមិសាស្ត្រ
ភ្នំគូលែន is located in កម្ពុជា<div style="position: absolute; z-index: 2; top: Expression error: Missing operand for *.%; left: -1793%; height: 0; width: 0; margin: 0; padding: 0;">
ភ្នំគូលែន
ប្រទេសកម្ពុជា
ទីតាំងCambodia
តំបន់KH
ភូគព្ភសាស្ត្រ
ប្រភេទភ្នំថ្មភក់
ឡើង
ផ្លូវងាយស្រួលបំផុតDrive

លក្ខណៈទូទៅ

[កែប្រែ]

ភ្នំគូលែនគឺជាជួរភ្នំមួយដែលស្ថិតក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើង និងកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ដោយមានផ្ទៃសរុបចំនួន៣៧៥០០ហិចតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបីមាន ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗមិនត្រឹមតែមានទួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិដ៍សម្បូរបែបមានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្រ្ត និងស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។ កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិ តាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតីទី២ បន្ទាប់ពីឧទ្យានជាតិទី១តំបន់អង្គរ ត្រូវបានការពារនិងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥។

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើ (ប៉ែកខាងកើត និងប៉ែកខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និងស្រុកវ៉ារិន (ប៉ែកខាងលិច) ហើយគ្របដណ្តប់លើឃុំចំនួន២ ឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី។ ម្យ៉ាងទៀតឧទ្យាននេះព័ន្ធជុំវិញដោយឃុំចំនួន៤គឺឃុំបេងមាលា ឃុំកន្ទួត និងឃុំតាសោមនៃស្រុកស្វាយលើ និងឃុំត្បែងនៃស្រុកបន្ទាយស្រី។ ឧទ្យានមានចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលែនគឺជាជួរភ្នំតូចមួយដែលមានកម្ពស់ខ្ពស់ល្មមហើយស្ថិតនៅភាគខាងត្បូងជួរភ្នំដងរែក។ ភ្នំគូលែនលាតសន្ធឹងប្រវែងប្រហែល ៤០គម ពីប៉ែកខាងលិចឈាងខាងជើង ទៅខាងកើតឈាងខាងត្បូង ហើយដែលមានចម្ងាយប្រហែល ៤៨គមនៅខាងជើងក្រុងសៀមរាប។ កំពូលភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នា ដែលមានកម្ពស់ជាមធ្យម ៤០០ម។ កំពូលដែលខ្ពស់បំផុតគឺមានកំពស់ ៤៨៧ម។ តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ហេតុដូច្នេះហើយវាមានសារសំខាន់ជាខ្លាំងក្នុងអាណាចក្រខ្មែរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនក្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។[] ភ្នំគូលែននិយាយាដោយឡែកជាភ្នំដែលមានទំហំធំជាងគេក្នុងចំណោមភ្នំតូចៗដូចបានបញ្ជាក់ខាងលើ។ ធម្មជាតិវិទូបារាំងឈ្មោះហង់រី មូហូត ដែលបានមកដល់ភ្នំគូលែននៅពាក់កណ្តាលសតវត្សរ៍ទី១៩ បានចាត់ទុកភ្នំនេះថាជាខ្ពង់រាប ដោយសារខ្នងភ្នំមានសណ្ឋានជាវាលទំនាប ដែលមានវិសាលភាពធំល្វឹងល្វើយលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងគ្របដណ្តប់ទៅដោយព្រៃក្រាស់ ហើយមានកម្ពស់ប្រែប្រួលពី៣០០ម៉ែត្រទៅ៤០០ម៉ែត្រ និងមានបណ្តោយប្រវែង៣៨គីឡូម៉ែត្រ។ ភ្នំគូលែនជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែងរួមទាំងសហគមន៍មនុស្សផងដែរ។ ម្យ៉ាងទៀតភ្នំនេះបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ ចាប់តាំងពីចុងសតវត្សរ៍ទី១៩មករហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះយើងឃើញមានការសិក្សាស្រាវជ្រាវ និងវិភាគទៅលើសំណង់បុរាណ វត្ថុសិល្បៈ សិលាចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិនានា។ មានប្រាសាទប្រហែល ២០ ត្រូវបានរកឃើញនៅលើភ្នំនេះ។ ភ្នំគូលែនត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាភ្នំសក្ការៈបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងធ្វើធម្មយាត្រាក្នុងចន្នោះពេលចុងសប្តាហ៍ពិធីបុណ្យ។ វាជាកន្លែងដែលមានតួនាទីដ៏សំខាន់ នៅតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ នៅក្បែរនោះដែរមានទឹកធ្លាក់ដែលជាការទាក់ទាញមួយសំរាប់ទេសចរមុជទឹកកំសាន្ត។ នៅជំរាលភ្នំមានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថាទឹកជប់ គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុនោះផុសចេញពីភ្នំសក្ការៈបូជា។

ធនធានធម្មជាតិ

[កែប្រែ]

ឧទ្យានជាតិភ្នំគូលែនជាតំបន់ការពារធម្មជាតិមួយនៅលើភ្នំនេះ។ វាមានឈ្មោះជាផ្លូវការថា "ឧទ្យានជាតិព្រះជ័យវរ្ម័ន​-នរោត្តម​ ភ្នំគូលែន"​ ដែលមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន។ ភ្នំគូលែនគ្របដណ្តប់ដោយព្រៃស្រោង ដែលជាប្រភពធនធានដល់សំខាន់មួយក្នុងការទាក់ទាញទឹកភ្លៀង។ អ្នកស្រាវជ្រាវជនជាតិបារាំងមួយឈ្មោះ ហ្សង ប៊ូបេ ដែលបានសិក្សាអំពីភូមិសាស្រ្តភ្នំគូលែនកាលពីពាក់កណ្តាលសតវត្សរ៍ទី២០ បានបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់នៅតំបន់ភ្នំគូលែនមុនតំបន់វាលរាបនៃខេត្តសៀមរាប ដោយចាប់ផ្តើមនៅរវាងខែមិនា ឬខែមេសា។ ការសិក្សាខាងលើបានបញ្ជាក់ឱ្យយើងឃើញថាតំបន់ភ្នំគូលែនបានទទួលបានទឹកភ្លៀងច្រើនក្នុងមួយឆ្នាំៗ។ ទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំនៅតំបន់ភ្នំគូលែនមាន២០០០មីលីម៉ែត្រ។ ហេតុនេះភ្នំគូលែនជាប្រភពទឹកធម្មជាតិដ៏សំខាន់សំរាប់ចិញ្ចឹមតំបន់វាលរាបខាងក្រោម។ តាមការសិក្សាស្រាវជ្រាវរបស់លោក វ៉ាន់ លីអែរ កាលពីឆ្នាំ២០១២ កន្លងទៅតំបន់ភាគខាងត្បូងនៃខ្នងភ្នំគូលែនមានសណ្ធានជារាងបាទខ្ទះប្រៀបដូចជាអាងស្តុកទឹកដ៏ធំមួយដែលបើកចំហមកទិសពាយព្យ។ ទឹកភ្លៀងត្រូវបានស្ថិតនៅមួយរយៈនៅក្នុងអាងទឹកធម្មជាតិនោះ ដែលអ្នកស្រុកហៅថាអន្លុង់។ បន្ទាប់មកក៏ហូរចុះមកក្រោមតាមប្រព័ន្ធផ្លូវទឹកធម្មជាតិតូចៗជាច្រើននៅលើខ្នងភ្នំ ដែលប្រមូលទឹកមកចាក់បំពេញឱ្យបណ្តាញផ្លូវទឹកធំៗខាងក្រោមមុនហូរចាក់ទៅបឹងទន្លេសាប។ ម្យ៉ាងទៀតទឹកដែលហូរធ្លាក់ពីប្រព័ន្ធផ្លូវទឹកខាងលើនោះ បានប្រមូលផ្តុំបង្កើតជាតំបន់ទឹកធ្លាក់ដ៏សែនមនោរម្យមួយ ដែលទាក់ទាញភ្ញៀវទេសចជាតិ និងអន្តរជាតិ។ ប្រព័ន្ធផ្លូវទឹកធម្មជាតិដែលមានពីភ្នំគូលែនបាននាំមកទឹកហូរធ្លាក់ចុះស្របទៅតាមសណ្ឋានដី ដែលមានលក្ខណៈជម្រាលដោយខ្ពស់ពីទិសឦសាន និងធ្លាក់ចុះទាបនៅទិសនិរតីរហូតដល់បឹងទន្លេសាប ក្នុងនោះមានស្ទឹងសៀមរាប ស្ទឹងពួក និងស្ទឹងរលួស។ ចំណែកនៅតំបន់ប៉ែកខាងក្រោមនៃតំបន់ភ្នំគូលែនគឺជាវាលទំនាបលាតសន្ធឹងល្វឹងល្វើយ ដែលអំណោយផលដល់ការធ្វើកសិកម្ម និងការតាំងទីលំនៅ។ ចាប់តាំងពីសម័យបុរាណរៀងមកប្រជារាស្រ្តខ្មែរបានមកតាំងទីលំនៅយ៉ាងច្រើនកុះករនៅតមាតំបន់វាលទំនាបជិតបឹងទន្លេសាប។ ដោយការពឹងផ្អែកលើប្រព័ន្ធទឹកផ្លូវទឹកទាំងឡាយខាងលើ ដែលមានប្រភពពីភ្នំគូលែន។

សំណើរក្នុងការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក

[កែប្រែ]

ទីតាំងភ្នំគូលែនត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ជាសម្នើក្នុងការបញ្ថូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩២ []

សម័យអង្គរ

[កែប្រែ]

ភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត​ ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ វាជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស

ប្រាសាទបុរាណ

[កែប្រែ]

តាមរយៈការសិក្សាស្រាវជ្រាវ និងរុករកនៅលើភ្នំគូលែនចាប់តាំងពីចុងសតវត្សរ៍ទី១៩មក ប្រាសាទបុរាណជាច្រើនត្រូវបានកត់ត្រា និងចុះក្នុងបញ្ចីរសារពើភណ្ឌប្រាសាទបុរាណ។ ប្រាសាទបុរាណទាំងនោះភាគច្រើនត្រូវបានកសាងក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១៩។ ពិនិត្យជារួមប្រាសាទបុរាណ ដែលត្រូវបានរកឃើញរហូតមកដល់សព្វថ្ងៃ ភាគច្រើនត្រូវបានកសាងឡើងអំពីឥដ្ឋ ជាប្រភេទសំណង់ទោល ដែលមានតួប៉មតែមួយនៅលើខឿនសង់អំពីថ្មបាយក្រៀម និងមានកំពែងសង់អំពីឥដ្ឋ និងប្រាសាទមួយចំនួនទៀតជាប្រភេទសំណង់ ដែលមានតួប៉មច្រើនស្ថិតនៅជាជួរ ព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ចំណែងប្រាសាទក្រោលរមាសជាប្រភេទសំណង់អំពីថ្មបាយក្រៀមទាំងតួប៉ម ថែវ និងកំពែងព័ន្ធជុំវិញ លើកលែងតែគ្រឿងលម្អស្ថាបត្យកម្ម​ ដែលរចនានៅលើថ្មភក់។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១៣។ នៅអំឡុងដើមសតវត្សរ៍ទី២០ ប្រាសាទមួយចំនួនត្រូវបានរកឃើញនៅលើភ្នំគូលែនមានដូចជា ប្រាសាទដំរីក្រាប ប្រាសាទអូផ្អុង ប្រាសាទអ្នកតា ប្រាសាទក្រហមជាដើម។ លុះរហូតមកដល់ឆ្នាំ១៩៣៦ ប្រាសាទបុរាណមួយចំនួនទៀតត្រូវបានរកឃើញមានដូចជា ប្រាសាទបួសនាគ ប្រាសាទរោងចិន ប្រាសាទរោងអារក្ស ប្រាសាទខ្លាឃ្មុំជាដើម។ តាមរយៈសំណង់ស្ថាបត្យកម្មទាំងនោះ អ្នកសិក្សាស្រាវជ្រាវជនជាតិបារាំងឈ្មោះ ហ្វីលីប ស្ទែន បានកំណត់រចនាបទបន្ថែមមួយទៀត ក្នុងចំណោមរចនាបទសិល្បៈខ្មែរសម័យមុនអង្គរគឺរចនាបទគូលែន[]

ឯកសារយោង

[កែប្រែ]
  1. Etienne Aymonier, Le Cambodge. Ernest Leroux, Paris 1904.
  2. Site des Kulen - UNESCO World Heritage Centre
  3. Malen, Dorn. "ភ្នំគូលែនរាជធានីពិសិដ្ឋនៃចក្រភពខ្មែរ | eLibrary of Cambodia" (in American English). Retrieved 2021-11-30.