ភ្នំគូលែន
ភ្នំគូលែន (អង់គ្លេស : Phnom Kulen or Kulen Mountain) គឺជាជួរភ្នំនិងជាផ្នែកមួយនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា។
| ភ្នំគូលែន Phnom Kulen or Kulen Mountain |
|
|
|
|
| ផែនទីនៃភ្នំគូលែន | |
| កូអដោនេ: 13°34′47.28″N 104°12′55.44″E / 13.5798000°N 104.2154000°E | |
|---|---|
| ទីតាំង | ខេត្តសៀមរាប, |
| ប្រភេទភ្នំ | ថ្មភក់ |
| ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+7) |
ប្រវត្តិសាស្ត្រ
[កែប្រែ]ភ្នំគូលែនមានឈ្មោះដើមថាមហេន្ទ្របវ៌តឬមហិន្រ្ទបព៌តដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃសម័យអង្គរ។ភ្នំគូលែនក៏ជាទីកន្លែងដែលព្រះបាទជ័យវម្ម៌ទី ២ ប្រារព្ធធ្វើពិធីទេវរាជនិងប្រកាសឯករាជ្យពីប្រទេសជ្វានៅក្នុងឆ្នាំ ៨០២ និងជាពេលដែលសម័យអង្គរកកើតឡើង។ភ្នំនេះគឺជារាជធានីនៃសម័យអង្គរដំបូងគេជិតកន្លះសតវត្សរ៍មុនពេលប្តូរទៅហរិហរាល័យដែលឥឡូវនេះហៅថារលួសវិញ។[១]
លក្ខណៈភូមិសាស្ត្រ
[កែប្រែ]ភ្នំគូលែនគឺជាជួរភ្នំមួយដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើងនិងកំណត់ដោយព្រះរាជក្រឹត្យចុះនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ដោយមានផ្ទៃដីសរុប ៣៧៥០០ ហិកតាដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួន ០៣ គឺភ្នំហប់ ភ្នំគូលែន និង ភ្នំក្បាលស្ពាន។ភ្នំនីមួយៗមិនត្រឹមតែមានតួនាទីសំខាន់នៅក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរតាមរយៈប្រភពធនធានធម្មជាតិដ៏សម្បូរបែបមានព្រៃឈើ ប្រភពទឹក និង ជីវៈចម្រុះប៉ុណ្ណោះនោះទេប៉ុន្តែវាមានអត្ថន័យយ៉ាងជ្រៅជ្រះនិងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាដោយសារសំណង់ប្រវត្តិសាស្រ្តនិងស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជាឧទ្យានជាតិតាមព្រះរាជក្រឹត្យកាលពីឆ្នាំ ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតីទី ០២ បន្ទាប់ពីឧទ្យានជាតិទី ០១ នៅតំបន់អង្គរដែលត្រូវបានការពារនិងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ ១៩២៥។[២]
តំបន់អភិរក្សនិងការពារ
[កែប្រែ]នៅតំបន់ភ្នំគូលែនមានតំបន់អភិរក្សធម្មជាតិមួយឈ្មោះឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនដែលមានទីតាំងស្ថិតនៅស្រុកស្វាយលើនិងស្រុកវ៉ារិន។គោលបំណងនៃការបង្កើតឧទ្យានជាតិនេះឡើងគឺសម្រាប់ទេសចរណ៍និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីអភិរក្សនិងការពារតំបន់ធម្មជាតិនៃភ្នំគូលែនដូចជាទឹកជ្រោះល្បីៗមួយចំនួន។
ឯកសារយោង
[កែប្រែ]- ↑ "ភ្នំគូលែនជាទីកំណើតនៃអាណាចក្រអង្គរ". Koh Santepheap Daily. 2024-07-18. Retrieved 2026-03-27.
- ↑ "ក្រុងសៀមរាប". krongsiemreap.gov.kh. Retrieved 2026-10-15.